លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការជួយកូនរបស់«ពួកអ្នកប្រទេសដទៃ»

ការជួយកូនរបស់«ពួកអ្នកប្រទេសដទៃ»

«គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតនោះឡើយ»។—យ៉ូហានទី៣ ៤

ចម្រៀងលេខ: ៤១, ១១

១, ២. () តើកូនរបស់ជនអន្ដោប្រវេសន៍ជាច្រើននាក់មានបទពិសោធន៍អ្វី? () តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?

បងប្រុសម្នាក់ឈ្មោះចូស៊ូអានិយាយថា«កាលពីខ្ញុំនៅតូច ទាំងនៅផ្ទះទាំងនៅក្រុមជំនុំ ខ្ញុំបាននិយាយភាសារបស់ពុកម្ដាយខ្ញុំដែលជាជនអន្ដោប្រវេសន៍។ ប៉ុន្ដែ ក្រោយពីខ្ញុំចូលរៀន ខ្ញុំចាប់ផ្ដើមចូលចិត្ដនិយាយភាសាដែលគេនិយាយនៅប្រទេសដែលយើងរស់នៅ ជាជាងភាសាកំណើតរបស់ខ្ញុំ។ ក្រោយប៉ុន្មានឆ្នាំបានកន្លងទៅ ខ្ញុំចេះនិយាយតែភាសាប្រទេសនោះប៉ុណ្ណោះ។ ខ្ញុំមិនអាចយល់កិច្ចប្រជុំ ហើយខ្ញុំមានអារម្មណ៍ថាវប្បធម៌របស់ពុកម្ដាយខ្ញុំមិនមែនជាវប្បធម៌របស់ខ្ញុំទេ»។ បទពិសោធន៍របស់បងចូស៊ូអាមិនមែនចម្លែកទេ។

សព្វថ្ងៃនេះ មនុស្សជាង២៤០លាននាក់មិនរស់នៅក្នុងប្រទេសកំណើតរបស់ពួកគេទេ។ បើអ្នកជាពុកម្ដាយដែលជាជនអន្ដោប្រវេសន៍ តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកយ៉ាងច្រើនបំផុតឲ្យស្រឡាញ់ព្រះយេហូវ៉ានិង«កាន់ខ្ជាប់តាមសេចក្ដីពិត»? (យ៉ូហានទី៣ ៤) ម្យ៉ាងទៀត តើអ្នកទៀតអាចជួយយ៉ាងដូចម្ដេច?

ពុកម្ដាយសូមទុកគំរូល្អ

៣, ៤. () តើពុកម្ដាយអាចទុកគំរូល្អឲ្យកូនយ៉ាងដូចម្ដេច? () តើពុកម្ដាយមិនគួរតម្រូវអ្វីពីកូន?

ពុកម្ដាយ បើអ្នកចង់ឲ្យកូនមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ា ហើយរស់ជារៀងរហូត នោះគំរូរបស់អ្នកគឺសំខាន់ណាស់។ ពេលកូនឃើញអ្នក‹ស្វែងរករាជាណាចក្ររបស់ព្រះជាមុន› ពួកគេរៀនចេះពឹងផ្អែកលើព្រះយេហូវ៉ាសម្រាប់សេចក្ដីត្រូវការប្រចាំថ្ងៃ។ (ម៉ាថាយ ៦:៣៣, ៣៤) សូមចាត់ទុកថាកិច្ចបម្រើព្រះយេហូវ៉ាគឺសំខាន់ជាងការស្វែងរកទ្រព្យសម្បត្ដិកាន់តែច្រើនឡើងៗ។ សូមមានរបៀបរស់នៅសាមញ្ញ ហើយព្យាយាមជៀសវាងពីការជំពាក់បំណុលគេ។ ចូរស្វែងរក«ទ្រព្យវិសេសនៅស្ថានសួគ៌» ពោលគឺការពេញចិត្ដពីព្រះយេហូវ៉ាជាជាងស្វែងរកលុយស្វែងរក«ការសរសើររបស់មនុស្ស»។—សូមអាន ម៉ាកុស ១០:២១, ២២; យ៉ូហាន ១២:៤៣

សូមកុំឲ្យខ្លួនអ្នករវល់ខ្លាំងពេករហូតដល់គ្មានពេលសម្រាប់កូន។ សូមធ្វើឲ្យកូនដឹងថាអ្នកមានមោទនភាពចំពោះពួកគេពេលដែលពួកគេសម្រេចចិត្ដចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតជាជាងស្វែងរកលុយឈ្មោះល្បី មិនថាសម្រាប់ខ្លួនគេសម្រាប់អ្នកក្ដី។ សូមកុំគិតថាកូនគួរទំនុកបម្រុងពុកម្ដាយឲ្យមានជីវិតស្រណុកសុខស្រួល ព្រោះទស្សនៈនោះគឺខុស។ សូមចាំថា«កូនមិនគួរទុកទ្រព្យឲ្យពុកម្ដាយទេ តែពុកម្ដាយគួរទុកឲ្យកូនវិញ»។—កូរិនថូសទី២ ១២:១៤

ពុកម្ដាយសូមព្យាយាមយកឈ្នះបញ្ហាក្នុងការប្រាស្រ័យទាក់ទងដែលមកពីការនិយាយភាសាផ្សេងពីកូន

. ហេតុអ្វីពុកម្ដាយត្រូវនិយាយជារឿយជាមួយនឹងកូនអំពីព្រះយេហូវ៉ា?

ដូចដែលបានត្រូវប្រកាសទុកជាមុន មនុស្ស«ពីភាសាផ្សេង»នៃគ្រប់ជាតិសាសន៍កំពុងចូលក្នុងអង្គការព្រះយេហូវ៉ា។ (សាការី ៨:២៣) ប៉ុន្ដែ បើកូនរបស់អ្នកមិនសូវយល់ភាសារបស់អ្នក នេះអាចធ្វើឲ្យអ្នកពិបាកបង្រៀនសេចក្ដីពិតដល់ពួកគេ។ ពួកគេគឺជាសិស្សគម្ពីរដ៏សំខាន់បំផុតរបស់អ្នក ហើយការ«ស្គាល់»ព្រះយេហូវ៉ានឹងនាំឲ្យពួកគេទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហាន ១៧:៣) ដើម្បីឲ្យកូនរៀននូវសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ា អ្នកត្រូវនិយាយអំពី«សេចក្ដីទាំងនេះ»ជារឿយៗ។—សូមអាន ចោទិយកថា ៦:៦, ៧

កូនរបស់អ្នកគឺជាសិស្សគម្ពីរដ៏សំខាន់បំផុតរបស់អ្នក

. តើកូនរបស់អ្នកអាចទទួលប្រយោជន៍យ៉ាងណាពីការរៀនភាសារបស់អ្នក? (សូមមើលរូបភាពនៅដើមអត្ថបទ)

នៅសាលារៀនកូនអ្នកទំនងជានឹងរៀនភាសារបស់ប្រទេសដែលអ្នករស់នៅ ហើយពួកគេក៏នឹងរៀនភាសានោះពីអ្នកទៀតដែរ។ ប៉ុន្ដែ ពួកគេនឹងរៀនភាសារបស់អ្នកពេលដែលអ្នកនិយាយជាមួយនឹងពួកគេជាញឹកញយ។ ពេលដែលកូនចេះនិយាយភាសារបស់អ្នក ពួកគេស្រួលនិយាយជាមួយនឹងអ្នកជាង ហើយស្រួលប្រាប់អ្នកអំពីអារម្មណ៍របស់ពួកគេ។ ប៉ុន្ដែ នេះក៏មានប្រយោជន៍ផ្សេងទៀតដែរ។ ពេលកូនចេះនិយាយពីរភាសា នេះបង្កើនសមត្ថភាពរិះគិតរបស់ពួកគេ ហើយជួយពួកគេឲ្យយល់ទស្សនៈរបស់អ្នកទៀត។ នេះក៏អាចបើកឱកាសឲ្យពួកគេធ្វើច្រើនជាងក្នុងកិច្ចបម្រើផ្សាយដែរ។ បងស្រីការ៉ូលីណឺដែលមានពុកម្ដាយជាជនអន្ដោប្រវេសន៍បាននិយាយថា«ខ្ញុំចូលចិត្ដនៅក្នុងក្រុមជំនុំដែលនិយាយភាសាបរទេស ហើយខ្ញុំរំភើបចិត្ដដែលខ្ញុំអាចជួយនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង»។

. បើភាសាធ្វើឲ្យមានការពិបាកក្នុងក្រុមគ្រួសាររបស់អ្នក តើអ្នកអាចធ្វើអ្វី?

ប៉ុន្ដែ កាលដែលកូនរបស់ជនអន្ដោប្រវេសន៍រៀនភាសានិងវប្បធម៌របស់ប្រទេសថ្មី ពួកគេខ្លះប្រហែលជានឹងលែងចង់លែងមានសមត្ថភាពប្រាស្រ័យទាក់ទងគ្នាជាភាសារបស់ពុកម្ដាយ។ បើនេះបានកើតឡើងដល់កូនរបស់អ្នក តើអ្នកអាចរៀនយ៉ាងហោចណាស់ពាក្យខ្លះនៃភាសារបស់ប្រទេសដែលអ្នករស់នៅទេ? ការអប់រំកូនឲ្យធំឡើងជាគ្រិស្ដសាសនិកនឹងស្រួលជាង បើអ្នកអាចនិយាយជាមួយនឹងគ្រូបង្រៀនរបស់ពួកគេ អាចយល់ការសន្ទនា ការកម្សាន្ដ និងមេរៀនដែលកូនរៀននៅសាលា។ ពិតមែនថាការរៀនភាសាថ្មីត្រូវការពេលវេលា ការខំព្យាយាម និងចិត្ដរាបទាប តែការធ្វើដូច្នេះគឺមានប្រយោជន៍។ ជាឧទាហរណ៍ បើកូនរបស់អ្នកស្រាប់តែទៅជាថ្លង់ អ្នកប្រាកដជានឹងរៀនភាសាសញ្ញាដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងកូននោះ មែនទេ? កូនដែលចេះនិយាយស្ទាត់នូវភាសាផ្សេងពីភាសារបស់អ្នកក៏សមនឹងទទួលជំនួយដូចគ្នាដែរ មែនទេ?

. តើអ្នកអាចជួយកូនរបស់អ្នកយ៉ាងដូចម្ដេច បើអ្នកមិនសូវចេះនិយាយភាសារបស់ប្រទេសដែលអ្នករស់នៅ?

ពុកម្ដាយដែលជាជនអន្ដោប្រវេសន៍ប្រហែលជាពិបាកចេះភាសាថ្មីរបស់កូនយ៉ាងស្ទាត់។ ហេតុនេះ ឪពុកម្ដាយទាំងនោះប្រហែលជាពិបាកជួយកូនឲ្យយល់«ឯកសារបរិសុទ្ធនានា»។ (ធីម៉ូថេទី២ ៣:១៥) បើអ្នកមានបញ្ហានេះ អ្នកនៅតែអាចជួយកូនរបស់អ្នកឲ្យស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា។ បងហ្សានដែលជាអ្នកចាស់ទុំម្នាក់និយាយថា«ម្ដាយរបស់យើងដែលជាស្ដ្រីមេម៉ាយមិនសូវយល់ភាសាដែលយើងចេះនិយាយស្ទាត់ទេ ហើយខ្ញុំនិងបងប្អូនស្រីរបស់ខ្ញុំក៏មិនសូវចេះនិយាយភាសារបស់គាត់ដែរ។ ប៉ុន្ដែ ពេលយើងឃើញគាត់សិក្សា អធិដ្ឋាន និងខំប្រឹងអស់ពីសមត្ថភាពដើម្បីដឹកនាំការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររាល់សប្ដាហ៍ យើងបានយល់ថាការស្គាល់ព្រះយេហូវ៉ាគឺជាអ្វីដ៏សំខាន់ណាស់»។

. តើតាមរបៀបណាពុកម្ដាយអាចជួយកូនដែលត្រូវរៀនជាភាសាពីរ?

កូនខ្លះប្រហែលជាត្រូវរៀនអំពីព្រះយេហូវ៉ាជាភាសាពីរ។ ហេតុអ្វី? ពីព្រោះពួកគេចេះនិយាយភាសាមួយនៅសាលា ហើយភាសាមួយទៀតនៅផ្ទះ។ ហេតុនេះ ឪពុកម្ដាយខ្លះបង្រៀនកូនពីសៀវភៅ វីដេអូ និងឯកសារសំឡេងដោយប្រើភាសាទាំងពីរនោះ។ ឪពុកម្ដាយដែលជាជនអន្ដោប្រវេសន៍ច្បាស់ជាត្រូវខំប្រឹងច្រើនជាងដើម្បីជួយកូនរបស់ពួកគាត់ឲ្យចូលទៅជិតព្រះយេហូវ៉ា។

តើអ្នកគួរចូលរួមកិច្ចប្រជុំរបស់ក្រុមជំនុំដែលនិយាយភាសាមួយណា?

១០. () តើអ្នកណាត្រូវសម្រេចចិត្ដថាក្រុមគ្រួសារនឹងចូលរួមកិច្ចប្រជុំរបស់ក្រុមជំនុំណាមួយ? () តើប្រមុខគ្រួសារគួរធ្វើអ្វីខ្លះមុនធ្វើការសម្រេចចិត្ដណាមួយ?

១០ ពេល«ពួកអ្នកប្រទេសដទៃ»រស់នៅឆ្ងាយពីសាក្សីទៀតដែលនិយាយភាសារបស់ពួកគេ ពួកគេត្រូវទៅក្រុមជំនុំដែលនិយាយភាសារបស់ប្រទេសដែលពួកគេរស់នៅ។ (ទំនុកតម្កើង ១៤៦:៩) ប៉ុន្ដែ បើពួកគេរស់នៅជិតក្រុមជំនុំមួយដែលនិយាយភាសាកំណើតរបស់ពួកគេ ប្រមុខគ្រួសារត្រូវសម្រេចចិត្ដថាក្រុមជំនុំមួយណាគឺល្អប្រសើរចំពោះក្រុមគ្រួសាររបស់គាត់។ មុនគាត់ធ្វើការសម្រេចចិត្ដនោះ គាត់នឹងអធិដ្ឋាននិងគិតពិចារណាយ៉ាងដិតដល់អំពីរឿងនោះ។ គាត់ក៏នឹងនិយាយជាមួយនឹងប្រពន្ធនិងកូនរបស់គាត់ដែរ។ (កូរិនថូសទី១ ១១:៣) តើគាត់នឹងពិចារណាអំពីអ្វីខ្លះ? តើគោលការណ៍គម្ពីរអ្វីខ្លះអាចជួយគាត់ឲ្យធ្វើការសម្រេចចិត្ដនោះ?

ប្រមុខគ្រួសារត្រូវសម្រេចចិត្ដថាក្រុមជំនុំដែលនិយាយភាសាមួយណាគឺល្អប្រសើរចំពោះក្រុមគ្រួសាររបស់គាត់

១១, ១២. () តើប្រយោជន៍ដែលកូនទទួលពីកិច្ចប្រជុំជាប់ទាក់ទងយ៉ាងណានឹងភាសាដែលបានត្រូវនិយាយនៅកិច្ចប្រជុំនោះ? () ហេតុអ្វីកូនក្មេងខ្លះមិនចង់រៀនភាសារបស់ពុកម្ដាយ?

១១ ពុកម្ដាយត្រូវពិចារណាអំពីសេចក្ដីត្រូវការរបស់កូន។ ដើម្បីយល់សេចក្ដីពិតក្នុងគម្ពីរឲ្យបានច្បាស់ កូនមិនគ្រាន់តែរៀនគម្ពីរនៅកិច្ចប្រជុំតែប៉ុន្មានម៉ោងរាល់សប្ដាហ៍ប៉ុណ្ណោះទេ។ ប៉ុន្ដែ សូមគិតអំពីចំណុចនេះ បើកូនទៅកិច្ចប្រជុំជាភាសាដែលពួកគេយល់ច្បាស់ ពួកគេនឹងទទួលប្រយោជន៍ពីការចូលរួមកិច្ចប្រជុំនោះ ហើយប្រហែលជាប្រយោជន៍នោះគឺច្រើនជាងពុកម្ដាយនឹកស្មានទៅទៀត។ នេះប្រហែលជានឹងមិនកើតឡើងទេ បើកូនមិនសូវចេះភាសានោះ។ (សូមអាន កូរិនថូសទី១ ១៤:៩, ១១) ម្យ៉ាងទៀត ភាសាកំណើតរបស់កូនមិនតែងតែបន្ដជាភាសាដែលមានឥទ្ធិពលទៅលើចិត្ដនិងគំនិតរបស់ពួកគេទេ។ តាមពិត កូនក្មេងខ្លះអាចរៀនឲ្យចេះឆ្លើយ រៀនពាក្យផ្សាយ និងថ្លែងសុន្ទរកថាជាភាសាដែលពុកម្ដាយចេះនិយាយ តែអ្វីដែលកូននោះនិយាយមិនសូវចេញពីចិត្ដរបស់ពួកគេឡើយ។

១២ ម្យ៉ាងទៀត ចិត្ដរបស់កូនមិនគ្រាន់តែទទួលឥទ្ធិពលពីភាសាប៉ុណ្ណោះទេ។ បងចូស៊ូអាដែលបានត្រូវរៀបរាប់ខាងលើធ្លាប់មានបទពិសោធន៍នេះ។ បងអេសធើរដែលជាបងស្រីរបស់គាត់និយាយថា«ចំពោះកូនក្មេង ភាសា វប្បធម៌ និងសាសនារបស់ពុកម្ដាយមើលទៅដូចជាជាប់ទាក់ទងគ្នា»។ បើកូនមិនមានអារម្មណ៍ថាវប្បធម៌របស់ពុកម្ដាយជាវប្បធម៌របស់ពួកគេ នោះពួកគេប្រហែលជាមិនចង់រៀនភាសានិងសាសនារបស់ពុកម្ដាយទេ។ តើពុកម្ដាយដែលជាជនអន្ដោប្រវេសន៍អាចធ្វើអ្វី?

១៣, ១៤. () ហេតុអ្វីប្ដីប្រពន្ធមួយគូដែលជាជនអន្ដោប្រវេសន៍បានរើទៅក្រុមជំនុំដែលនិយាយភាសារបស់ប្រទេសដែលពួកគាត់រស់នៅ? () តើប្ដីប្រពន្ធនោះបានរក្សាចំណងមិត្ដភាពរបស់ពួកគាត់ជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

១៣ ពុកម្ដាយដែលជាគ្រិស្ដសាសនិកចាត់ទុកសេចក្ដីត្រូវការរបស់កូនថាសំខាន់ជាងចំណង់ចំណូលចិត្ដរបស់ខ្លួន។ (កូរិនថូសទី១ ១០:២៤) សាំយូអែលដែលជាពុករបស់បងចូស៊ូអានិងបងអេសធើរនិយាយថា«ខ្ញុំនិងប្រពន្ធខ្ញុំបានសង្កេតមើលកូនរបស់យើងដើម្បីដឹងថាភាសាមួយណានាំឲ្យសេចក្ដីពិតមានឥទ្ធិពលមកលើចិត្ដរបស់ពួកគេជាង ហើយយើងបានអធិដ្ឋានសុំប្រាជ្ញា។ ចម្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើងគឺមិនមែនជាអ្វីដែលស្រួលសម្រាប់យើងទាំងពីរនាក់ទេ។ ប៉ុន្ដែ ពេលយើងឃើញថាកូនយើងមិនសូវបានទទួលប្រយោជន៍ពីកិច្ចប្រជុំជាភាសាយើង យើងបានសម្រេចចិត្ដរើទៅក្រុមជំនុំដែលនិយាយភាសារបស់ប្រទេសដែលយើងរស់នៅ។ យើងបានចូលរួមកិច្ចប្រជុំនិងបានផ្សព្វផ្សាយជាមួយគ្នាជាទៀងទាត់។ យើងក៏បានអញ្ជើញបងប្អូននៅទីនោះឲ្យមកបរិភោគអាហារជាមួយនឹងយើង ហើយដើរលេងជាមួយគ្នា។ អ្វីទាំងនេះបានជួយកូនយើងឲ្យស្គាល់បងប្អូន ហើយស្គាល់ព្រះយេហូវ៉ាមិនគ្រាន់តែជាព្រះរបស់ពួកគេប៉ុណ្ណោះទេ តែជាបិតានិងជាមិត្ដសម្លាញ់របស់ពួកគេ។ យើងយល់ថានេះគឺសំខាន់ជាងការឲ្យពួកគេចេះនិយាយភាសារបស់យើងឲ្យបានស្ទាត់»។

១៤ បងសាំយូអែលបានបន្ថែមថា«ដើម្បីខ្ញុំនិងប្រពន្ធខ្ញុំអាចរក្សាជំនឿរបស់យើងឲ្យមាំមួន យើងក៏បានចូលរួមកិច្ចប្រជុំជាភាសារបស់យើងដែរ។ ជីវិតយើងគឺរវល់ណាស់ ហើយយើងក៏អស់កម្លាំងដែរ។ ប៉ុន្ដែ យើងអរគុណព្រះយេហូវ៉ាដែលលោកបានផ្ដល់ពរទៅលើការខំប្រឹងនិងការលះបង់របស់យើង។ កូនទាំងបីនាក់របស់យើងកំពុងបម្រើព្រះយេហូវ៉ាក្នុងកិច្ចបម្រើពេញពេល»។

តើប្អូនវ័យក្មេងអាចធ្វើអ្វី?

១៥. ហេតុអ្វីបងគ្រីស្ទីណាមានអារម្មណ៍ថាគាត់អាចបម្រើព្រះយេហូវ៉ាច្រើនជាងក្នុងក្រុមជំនុំផ្សេង?

១៥ ពេលកូនធំឡើង ពួកគេប្រហែលជានឹងគិតថាពួកគេអាចបម្រើព្រះយេហូវ៉ាយ៉ាងល្អប្រសើរជាងក្នុងក្រុមជំនុំមួយដែលនិយាយភាសាដែលពួកគេចេះច្រើនជាង។ បើដូច្នេះ ឪពុកម្ដាយមិនគួរមានអារម្មណ៍ថាកូនមិនស្រឡាញ់ពួកគាត់ទេ។ បងស្រីគ្រីស្ទីណារៀបរាប់ថា«ទោះជាខ្ញុំចេះពាក្យសាមញ្ញរបស់ភាសាពុកម្ដាយខ្ញុំក៏ដោយ ពេលបងប្អូននិយាយភាសានោះនៅកិច្ចប្រជុំ ខ្ញុំមិនអាចយល់បានទេ។ ពេលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំបានចូលរួមមហាសន្និបាតជាភាសាដែលខ្ញុំនិយាយនៅសាលា។ នោះជាលើកដំបូងដែលខ្ញុំបានយល់ថាអ្វីដែលខ្ញុំកំពុងស្តាប់គឺជាសេចក្ដីពិត! ចំពោះខ្ញុំ អ្វីដ៏សំខាន់មួយទៀតគឺពេលខ្ញុំបានចាប់ផ្ដើមអធិដ្ឋានជាភាសាដែលខ្ញុំនិយាយនៅសាលា។ ខ្ញុំអាចនិយាយជាមួយនឹងព្រះយេហូវ៉ាអស់ពីចិត្ដបាន!»។ (សកម្មភាព ២:១១, ៤១) ពេលបងគ្រីស្ទីណាមានអាយុ១៨ឆ្នាំ គាត់បានពិភាក្សាជាមួយនឹងពុកម្ដាយរបស់គាត់អំពីរឿងនេះ ហើយបានសម្រេចចិត្ដរើទៅក្រុមជំនុំដែលនិយាយភាសាដែលគាត់និយាយនៅសាលា។ គាត់និយាយថា«ការរៀនអំពីព្រះយេហូវ៉ាជាភាសាដែលខ្ញុំនិយាយនៅសាលាបានជំរុញចិត្ដខ្ញុំ»។ មិនយូរក្រោយមក បងគ្រីស្ទីណាបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល ហើយគាត់សប្បាយចិត្ដយ៉ាងខ្លាំង។

១៦. ហេតុអ្វីបងណាឌីយ៉ាសប្បាយចិត្ដដែលគាត់មិនបានរើចេញពីក្រុមជំនុំដែលនិយាយភាសារបស់ពុកម្ដាយគាត់?

១៦ ប្អូនវ័យក្មេង តើប្អូនគិតថាប្អូននឹងចូលចិត្ដនៅក្រុមជំនុំដែលនិយាយភាសារបស់ប្រទេសដែលប្អូនរស់នៅទេ? បើដូច្នេះ សូមសួរខ្លួនអំពីមូលហេតុដែលប្អូនចង់ធ្វើដូច្នេះ។ តើនេះគឺដោយសារការផ្លាស់ប្ដូរក្រុមជំនុំនឹងជួយប្អូនឲ្យកាន់តែចូលទៅជិតព្រះយេហូវ៉ាទេ? (យ៉ាកុប ៤:៨) ឬតើមូលហេតុដែលប្អូនចង់ផ្លាស់ប្ដូរក្រុមជំនុំគឺដោយសារប្អូនមិនចង់ឲ្យពុកម្ដាយឃើញអ្វីដែលប្អូនធ្វើ ឬដោយសារប្អូនមិនចង់ខំព្យាយាមទេ? បងស្រីណាឌីយ៉ាដែលសព្វថ្ងៃនេះបម្រើនៅបេតអែលនិយាយថា«ពេលខ្ញុំនិងបងប្អូនខ្ញុំនៅវ័យជំទង់ យើងចង់ផ្លាស់ប្ដូរក្រុមជំនុំរបស់យើង ហើយទៅក្រុមជំនុំដែលនិយាយភាសារបស់ប្រទេសដែលយើងរស់នៅ»។ ប៉ុន្ដែ ឪពុកម្ដាយរបស់ពួកគេបានដឹងថាការផ្លាស់ប្ដូរក្រុមជំនុំនោះនឹងមិនមានឥទ្ធិពលល្អទៅលើចំណងមិត្ដភាពរបស់កូនជាមួយនឹងព្រះយេហូវ៉ាទេ។ បងណាឌីយ៉ានិយាយថា«ឥឡូវយើងសប្បាយចិត្ដដែលពុកម្ដាយរបស់យើងបានខំបង្រៀនយើងនូវភាសារបស់ពួកគាត់ ហើយបានឲ្យយើងនៅក្រុមជំនុំដែលនិយាយភាសារបស់ពួកគាត់។ នេះបានធ្វើឲ្យជីវិតយើងមានន័យខ្លឹមសារ ហើយយើងមានឱកាសច្រើនជាងដើម្បីជួយអ្នកទៀតឲ្យស្គាល់ព្រះយេហូវ៉ា»។

របៀបដែលអ្នកទៀតអាចជួយ

១៧. () តើព្រះយេហូវ៉ាបានប្រគល់ភារកិច្ចឲ្យអ្នកណាដើម្បីអប់រំកូន? () តើតាមរបៀបណាពុកម្ដាយអាចទទួលជំនួយដើម្បីបង្រៀនសេចក្ដីពិតដល់កូន?

១៧ ព្រះយេហូវ៉ាបានឲ្យពុកម្ដាយនូវភារកិច្ចបង្រៀនកូនអំពីសេចក្ដីពិត។ លោកមិនបានឲ្យភារកិច្ចនេះដល់យាយតាអ្នកទៀតឡើយ។ (សូមអាន សុភាសិត ១:៨; ៣១:១០, ២៧, ២៨) ប៉ុន្ដែ ឪពុកម្ដាយដែលមិនចេះភាសារបស់ប្រទេសដែលពួកគាត់រស់នៅ ប្រហែលជានឹងត្រូវការជំនួយដើម្បីឲ្យសេចក្ដីពិតចូលក្នុងចិត្ដរបស់កូន។ ពេលពុកម្ដាយសុំជំនួយ នេះមិនមានន័យថាពួកគាត់កំពុងព្យាយាមគេចវេះពីភារកិច្ចអប់រំកូនទេ។ ផ្ទុយទៅវិញ ការធ្វើដូច្នេះអាចជួយពួកគាត់«អប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក»។ (អេភេសូរ ៦:៤) ជាឧទាហរណ៍ ឪពុកម្ដាយអាចសុំយោបល់ពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំអំពីរបៀបដឹកនាំការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនិងរបៀបរកមិត្ដភក្ដិល្អសម្រាប់កូនរបស់ពួកគាត់។

ទាំងពុកម្ដាយទាំងកូនទទួលប្រយោជន៍ពីការសេពគប់ជាមួយនឹងក្រុមជំនុំ (សូមមើលវគ្គ១៨, ១៩)

១៨, ១៩. () តើតាមរបៀបណាគ្រិស្ដសាសនិកទៀតអាចជួយប្អូនវ័យក្មេង? () តើពុកម្ដាយត្រូវបន្ដធ្វើអ្វី?

១៨ ដើម្បីជួយកូន ឪពុកម្ដាយអាចអញ្ជើញក្រុមគ្រួសារទៀតម្ដងម្កាលឲ្យចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាមួយនឹងពួកគាត់។ ម្យ៉ាងទៀត ប្អូនវ័យក្មេងជាច្រើនរៀនពីគ្រិស្ដសាសនិកទៀតពេលពួកគេផ្សព្វផ្សាយនិងធ្វើអ្វីផ្សេងទៀតជាមួយគ្នា។ (សុភាសិត ២៧:១៧) បងហ្សានដែលបានត្រូវរៀបរាប់ខាងលើនិយាយថា«ខ្ញុំចាំច្បាស់អំពីបងប្រុសដែលបានជួយខ្ញុំ។ ពេលដែលពួកគាត់បានជួយខ្ញុំកាលដែលខ្ញុំមានសុន្ទរកថាសម្រាប់កិច្ចប្រជុំ ខ្ញុំតែងតែបានរៀនច្រើនជាង។ ម្យ៉ាងទៀត ខ្ញុំចូលចិត្ដការកម្សាន្ដដែលយើងបានធ្វើជាក្រុម»។

១៩ ពួកអ្នកដែលពុកម្ដាយជ្រើសរើសឲ្យជួយកូនរបស់ពួកគាត់គួរតែលើកទឹកចិត្ដកូននោះឲ្យគោរពពុកម្ដាយ។ អ្នកដែលជួយអាចធ្វើដូច្នេះដោយនិយាយល្អអំពីពុកម្ដាយនោះ ហើយដោយមិនព្យាយាមយកភារកិច្ចរបស់ពុកម្ដាយក្នុងការអប់រំកូន។ ម្យ៉ាងទៀត អ្នកជួយនោះ គួរជៀសវាងពីការប្រព្រឹត្ដណាក៏ដោយដែលបងប្អូននៅក្នុងក្រុមជំនុំមនុស្សនៅក្រៅក្រុមជំនុំអាចយល់ច្រឡំថាមិនត្រឹមត្រូវខាងសីលធម៌។ (ពេត្រុសទី១ ២:១២) ទោះជាពុកម្ដាយប្រហែលជានឹងសុំជំនួយពីអ្នកទៀតក៏ដោយ ពួកគាត់នៅតែមានភារកិច្ចបង្រៀនកូននូវសេចក្ដីពិត។ ពួកគាត់ត្រូវមើលការខុសត្រូវចំពោះជំនួយដែលគ្រិស្ដសាសនិកទៀតផ្ដល់ឲ្យ។

២០. តើពុកម្ដាយអាចជួយកូនឲ្យទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

២០ ពុកម្ដាយ សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ហើយខំព្យាយាមអស់ពីសមត្ថភាព។ (សូមអាន របាក្សត្រទី២ ១៥:៧) សូមចាត់ទុកចំណងមិត្ដភាពរបស់កូនជាមួយនឹងព្រះយេហូវ៉ាថាសំខាន់ជាងចំណង់ចំណូលចិត្ដរបស់អ្នក។ សូមធ្វើអ្វីទាំងអស់ដែលអ្នកអាចធ្វើបានដើម្បីធ្វើឲ្យប្រាកដថាបណ្ដាំរបស់ព្រះមានឥទ្ធិពលលើចិត្ដកូន។ សូមកុំឈប់ជឿជាក់ថាកូនរបស់អ្នកអាចក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា។ ពេលកូនធ្វើតាមបណ្ដាំរបស់ព្រះនិងគំរូល្អរបស់អ្នក អ្នកនឹងមានអារម្មណ៍ដូចសាវ័កយ៉ូហានមានចំពោះពួកអ្នកដែលប្រៀបដូចជាកូនរបស់គាត់។ គាត់បាននិយាយថា«គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតនោះឡើយ»។—យ៉ូហានទី៣ ៤