លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ទោះជាខ្ញុំជាមនុស្សថ្លង់ក៏ដោយ នេះមិនបានរារាំងខ្ញុំពីការបង្រៀនអ្នកទៀត

ទោះជាខ្ញុំជាមនុស្សថ្លង់ក៏ដោយ នេះមិនបានរារាំងខ្ញុំពីការបង្រៀនអ្នកទៀត

ខ្ញុំបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៤១ ពេលខ្ញុំមានអាយុ១២ឆ្នាំ។ ប៉ុន្ដែ ខ្ញុំមិនបានយល់សេចក្ដីពិតពីគម្ពីរយ៉ាងពេញលេញរហូតដល់ឆ្នាំ១៩៤៦។ ហេតុអ្វី? ខ្ញុំសូមរៀបរាប់អំពីជីវប្រវត្ដិរបស់ខ្ញុំ។

ប្រហែលជានៅឆ្នាំ១៩១០ ឪពុកម្ដាយរបស់ខ្ញុំបានរើពីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ីទៅប្រទេសកាណាដា។ ពួកគាត់បានរស់នៅផ្ទះតូចមួយនៅជនបទជិតភូមិផេលី ខេត្ដសាស្កាតឆេវ៉ាន នៅភាគខាងលិចនៃប្រទេសកាណាដា។ ខ្ញុំបានកើតនៅឆ្នាំ១៩២៨។ ខ្ញុំមានបងប្អូននាក់ ហើយខ្ញុំជាកូនពៅ។ ឪពុករបស់ខ្ញុំបានស្លាប់ខែមុនពេលដែលខ្ញុំកើត ហើយម្ដាយរបស់ខ្ញុំបានស្លាប់ពេលដែលខ្ញុំនៅជាទារកនៅឡើយ។ មិនយូរក្រោយពីនោះ លូស៊ីដែលជាបងស្រីច្បងរបស់ខ្ញុំបានស្លាប់ពេលដែលគាត់មានអាយុ១៧ឆ្នាំ។ ដូច្នេះ ពូរបស់ខ្ញុំឈ្មោះនីកបានមើលថែខ្ញុំនិងបងប្អូនរបស់ខ្ញុំ។

ថ្ងៃមួយពេលដែលខ្ញុំទើបតែចេះដើរ ក្រុមគ្រួសាររបស់ខ្ញុំឃើញខ្ញុំកំពុងចាប់កន្ទុយសេះរបស់យើង។ ពួកគេបានខ្លាចថាសេះនោះនឹងធាក់ខ្ញុំ ដូច្នេះពួកគេស្រែកប្រាប់ខ្ញុំឲ្យឈប់។ ប៉ុន្ដែ ខ្ញុំគ្មានប្រតិកម្មអ្វីឡើយ។ ពួកគេបានស្រែកពីក្រោយខ្នងខ្ញុំ ហើយខ្ញុំមិនបានទេ។ ជាការល្អដែលខ្ញុំមិនបានរងរបួស តែនោះជាថ្ងៃដែលក្រុមគ្រួសាររបស់ខ្ញុំដឹងថាខ្ញុំជាមនុស្សថ្លង់។

មិត្ដភក្ដិម្នាក់របស់ក្រុមគ្រួសារខ្ញុំបាននិយាយថាប្រហែលជាល្អជាងឲ្យខ្ញុំទៅរៀនជាមួយក្មេងដែលជាមនុស្សថ្លង់ដូចគ្នា។ ដូច្នេះ ពូនីកបានចុះឈ្មោះឲ្យខ្ញុំនៅសាលាសម្រាប់មនុស្សថ្លង់នៅក្រុងសាស្កាធូន ខេត្ដសាស្កាតឆេវ៉ាន។ សាលានោះនៅឆ្ងាយពីផ្ទះនិងក្រុមគ្រួសាររបស់ខ្ញុំ ហើយដោយសារខ្ញុំមានអាយុតែប្រាំឆ្នាំ ខ្ញុំមានអារម្មណ៍ភ័យខ្លាច។ ខ្ញុំអាចទៅលេងក្រុមគ្រួសារខ្ញុំនៅរដូវបុណ្យទាននិងក្នុងអំឡុងវិស្សមកាលនៅរដូវក្ដៅប៉ុណ្ណោះ។ យូរទៅ ខ្ញុំបានរៀនភាសាសញ្ញា ហើយសប្បាយលេងជាមួយនឹងក្មេងទៀត។

ការរៀនសេចក្ដីពិតពីគម្ពីរ

នៅឆ្នាំ១៩៣៩ ម៉ារីអិនដែលជាបងស្រីរបស់ខ្ញុំបានរៀបការជាមួយនឹងបងបៀល ដានីយីលឈូក ហើយពួកគាត់បានចាប់ផ្ដើមមើលថែខ្ញុំនិងបងហ្រ្វានស៊ីសដែលជាបងស្រីរបស់ខ្ញុំ។ ពួកគាត់ជាបុគ្គលដំបូងក្នុងក្រុមគ្រួសាររបស់ខ្ញុំដែលបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ក្នុងអំឡុងវិស្សមកាលនៅរដូវក្ដៅ ពួកគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីឲ្យខ្ញុំដឹងនូវអ្វីដែលពួកគាត់កំពុងរៀនពីគម្ពីរ។ ការប្រាស្រ័យទាក់ទងគ្នាគឺមិនស្រួលសម្រាប់យើងទេ ដោយសារពួកគាត់មិនចេះភាសាសញ្ញា។ ប៉ុន្ដែ ពួកគាត់នៅតែអាចឃើញថាខ្ញុំពិតជាចូលចិត្ដអ្វីដែលខ្ញុំកំពុងរៀនអំពីព្រះយេហូវ៉ា។ ខ្ញុំយល់ថាអ្វីដែលពួកគាត់កំពុងធ្វើច្បាស់ជាជាប់ទាក់ទងនឹងអ្វីដែលគម្ពីរចែង ដូច្នេះខ្ញុំបានទៅជាមួយនឹងពួកគាត់ពេលពួកគាត់ទៅផ្សព្វផ្សាយ។ មិនយូរក្រោយពីនោះ ខ្ញុំចង់ទទួលការជ្រមុជទឹក ហើយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៤១ បងបៀលបានជ្រមុជទឹកឲ្យខ្ញុំនៅក្នុងអាងដាក់ទឹកមួយដែលធ្វើពីដែក។ អាងដាក់ទឹកនោះពេញដោយទឹកដែលយកពីអណ្ដូងមួយ ហើយទឹកនោះត្រជាក់ខ្លាំងណាស់!

ខ្ញុំជាមួយក្រុមភាសាសញ្ញានៅមហាសន្និបាតនៅក្រុងគ្លីវឡិន រដ្ឋអូហៃយ៉ូ នៅឆ្នាំ១៩៤៦

នៅឆ្នាំ១៩៤៦ ពេលខ្ញុំបានទៅផ្ទះក្នុងអំឡុងវិស្សមកាលរដូវក្ដៅ យើងបានចូលរួមមហាសន្និបាតនៅក្រុងគ្លីវឡិន រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ នៅថ្ងៃទី១នៃមហាសន្និបាត បងស្រីរបស់ខ្ញុំបានសរសេរកំណត់ឲ្យខ្ញុំដើម្បីខ្ញុំអាចយល់កម្មវិធីក្នុងមហាសន្និបាតនោះ។ ប៉ុន្ដែ នៅថ្ងៃទី២ ខ្ញុំរំភើបចិត្ដជាខ្លាំងដោយដឹងថាមានក្រុមភាសាសញ្ញាដែលមានអ្នកបកប្រែនៅមហាសន្និបាតនោះ។ ខ្ញុំអាចយល់កម្មវិធីនោះ ហើយគឺអស្ចារ្យខ្លាំងណាស់ដែលនៅទីបំផុតខ្ញុំអាចយល់ច្បាស់នូវអ្វីដែលគម្ពីរបង្រៀន!

ការបង្រៀនសេចក្ដីពិត

នៅពេលនោះ សង្គ្រាមលោកលើកទី២ទើបតែបានបញ្ចប់ ហើយមនុស្សចង់បង្ហាញថាពួកគេមានភក្ដីភាពចំពោះប្រទេសរបស់ខ្លួន។ ប៉ុន្ដែ ពេលខ្ញុំត្រឡប់ទៅសាលាវិញក្រោយពីមហាសន្និបាត ខ្ញុំបានតាំងចិត្ដរក្សាចិត្ដស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ដូច្នេះ ខ្ញុំបានឈប់ចូលរួមការគោរពទង់ជាតិ ការច្រៀងចម្រៀងជាតិ និងពិធីបុណ្យផ្សេងៗ។ ខ្ញុំក៏បានឈប់ទៅវិហារជាមួយនឹងសិស្សរួមថ្នាក់របស់ខ្ញុំដែរ។ បុគ្គលិកសាលាមិនសប្បាយចិត្ដទេ ហើយពួកគេព្យាយាមនិយាយកុហកដល់ខ្ញុំនិងបង្ខំខ្ញុំឲ្យផ្លាស់ប្ដូរគំនិត។ សិស្សរួមថ្នាក់របស់ខ្ញុំឃើញអ្វីដែលបានកើតឡើង ហើយដោយសាររឿងនេះ ខ្ញុំមានឱកាសជាច្រើនដើម្បីផ្សព្វផ្សាយដល់ពួកគេ។ នៅទីបំផុត មិត្ដរួមថ្នាក់ខ្លះរបស់ខ្ញុំដែលរួមមានលែរី អាន់ត្រិសូហ្វ ណរម៉ិន ទីតរីក និងអ៊ីមែល ស្នាយឌើ បានទទួលយកសេចក្ដីពិត ហើយពួកគាត់នៅតែបម្រើព្រះយេហូវ៉ា។

ពេលខ្ញុំបានទៅលេងក្រុងផ្សេងទៀត ខ្ញុំតែងតែព្យាយាមផ្សព្វផ្សាយដល់មនុស្សថ្លង់។ ជាឧទាហរណ៍ នៅក្រុងម៉ុងរ៉េអាលខ្ញុំបានទៅកន្លែងដែលមនុស្សថ្លង់នៅតំបន់នោះតែងតែជួបជុំគ្នា។ នៅទីនោះ ខ្ញុំបានផ្សព្វផ្សាយដល់អេឌី ថេហ្កាដែលជាប្អូនប្រុសវ័យក្មេងដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង។ គាត់បានទៅជាសមាជិកក្រុមជំនុំភាសាសញ្ញានៅក្រុងឡាវ៉ាល ខេត្ដកេបិក ហើយនៅក្រុមជំនុំនោះរហូតដល់គាត់បានស្លាប់កាលពីឆ្នាំមុន។ ខ្ញុំក៏បានជួបខ្វាន់ អាដាណាសដែលជាប្អូនប្រុសវ័យក្មេងម្នាក់។ ដូចពួកអ្នកនៅក្រុងបេរៀសម័យបុរាណ ប្អូនខ្វាន់បានធ្វើការស្រាវជ្រាវដើម្បីធ្វើឲ្យប្រាកដថាអ្វីដែលគាត់កំពុងរៀនមានមូលដ្ឋានលើគម្ពីរ។ (សកម្មភាព ១៧:១០, ១១) គាត់ក៏បានចូលក្នុងសេចក្ដីពិតដែរ ហើយគាត់បានបម្រើជាអ្នកចាស់ទុំនៅក្រុងអូតាវ៉ា ខេត្ដអនតារីយ៉ូ រហូតដល់គាត់បានស្លាប់។

ពេលខ្ញុំផ្សព្វផ្សាយតាមផ្លូវនៅដើមសតវត្សរ៍ឆ្នាំ១៩៥០

នៅឆ្នាំ១៩៥០ ខ្ញុំបានរើទៅក្រុងវេនឃូវើ។ ទោះជាខ្ញុំចូលចិត្ដផ្សព្វផ្សាយឲ្យមនុស្សថ្លង់ក៏ដោយ ខ្ញុំមិនដែលភ្លេចបទពិសោធន៍ដែលខ្ញុំមាននៅពេលដែលខ្ញុំផ្សព្វផ្សាយតាមផ្លូវដល់ស្ដ្រីម្នាក់ដែលមិនមែនជាមនុស្សថ្លង់ឈ្មោះគ្រិស្ដ ស្បាយស័រ។ គាត់បានជាវទស្សនាវដ្ដីរបស់យើង ហើយគាត់ចង់ឲ្យខ្ញុំជួបហ្គារីដែលជាប្ដីរបស់គាត់។ ខ្ញុំបានទៅផ្ទះរបស់ពួកគាត់ ហើយយើងបាននិយាយគ្នាយ៉ាងយូរដោយសរសេរកំណត់ទៅវិញទៅមក។ យើងមិនបានជួបគ្នាតាំងពីពេលនោះមករហូតដល់ប៉ុន្មានឆ្នាំក្រោយមក។ នៅពេលដែលពួកគាត់មកជួបខ្ញុំនៅមហាសន្និបាតនាក្រុងតូរ៉ុនតូ ខេត្ដអនតារីយ៉ូខ្ញុំបានភ្ញាក់ផ្អើល។ នៅថ្ងៃនោះបងហ្គារីបានទទួលការជ្រមុជទឹក។ បទពិសោធន៍នោះរំលឹកខ្ញុំថាគឺពិតជាសំខាន់ណាស់ដែលយើងបន្ដផ្សព្វផ្សាយ ដោយសារយើងមិនដឹងថាអ្នកណាម្នាក់ដែលយើងបានជួបនឹងចូលក្នុងសេចក្ដីពិតយ៉ាងណាទេ។

ក្រោយមក ខ្ញុំបានរើទៅក្រុងសាស្កាធូនវិញ។ នៅទីនោះ ខ្ញុំបានជួបស្ដ្រីម្នាក់ដែលបានសុំខ្ញុំឲ្យបង្រៀនគម្ពីរដល់ជីននិងចូន រ៉ូថអិនប៊ឺហ្គ័រដែលជាកូនស្រីភ្លោះរបស់គាត់ដែលជាមនុស្សថ្លង់។ ពួកគេជាសិស្សនៅសាលាសម្រាប់មនុស្សថ្លង់ដែលខ្ញុំធ្លាប់រៀន។ មិនយូរក្រោយមក ក្មេងស្រីទាំងពីរនាក់នោះបានប្រាប់មិត្ដរួមថ្នាក់របស់ពួកគេអំពីអ្វីដែលពួកគេកំពុងរៀន។ នៅទីបំផុត មិត្ដរួមថ្នាក់របស់ពួកគេប្រាំនាក់បានទៅជាសាក្សីព្រះយេហូវ៉ា។ ម្នាក់ក្នុងចំណោមពួកគេគឺយូនឺស ខូលីន។ ខ្ញុំបានជួបយូនឺសលើកដំបូងនៅឆ្នាំចុងក្រោយដែលខ្ញុំបានរៀននៅសាលាសម្រាប់មនុស្សថ្លង់។ នៅពេលនោះ គាត់បានឲ្យស្ករគ្រាប់ខ្ញុំមួយគ្រាប់ ហើយបានសុំខ្ញុំធ្វើជាមិត្ដភក្ដិ។ ក្រោយមក គាត់បានក្លាយទៅជាបុគ្គលដ៏សំខាន់ណាស់ក្នុងជីវិតរបស់ខ្ញុំ។ គាត់បានក្លាយទៅជាប្រពន្ធរបស់ខ្ញុំ!

ខ្ញុំជាមួយយូនឺសនៅឆ្នាំ១៩៦០និងនៅឆ្នាំ១៩៨៩

ពេលម្ដាយរបស់យូនឺសបានដឹងថាយូនឺសកំពុងសិក្សាគម្ពីរ គាត់បានសុំនាយកសាលាជួយធ្វើឲ្យយូនឺសឈប់រៀនគម្ពីរ។ ទោះជានាយកសាលាបានព្យាយាមធ្វើដូច្នេះ ហើយថែមទាំងយកសៀវភៅផ្សេងរបស់គាត់សម្រាប់សិក្សាគម្ពីរក៏ដោយ យូនឺសបានតាំងចិត្ដរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ពេលដែលគាត់ចង់ទទួលការជ្រមុជទឹក ឪពុកម្ដាយរបស់គាត់បានប្រាប់គាត់ថា«បើកូនក្លាយទៅជាសាក្សីព្រះយេហូវ៉ា កូនត្រូវចាកចេញពីផ្ទះរបស់យើង!»។ ដូច្នេះ ពេលយូនឺសមានអាយុ១៧ឆ្នាំ គាត់បានចាកចេញពីផ្ទះ ហើយរើទៅរស់នៅជាមួយនឹងក្រុមគ្រួសារមួយដែលជាសាក្សីព្រះយេហូវ៉ា។ គាត់បានបន្ដសិក្សាគម្ពីរ ហើយក្រោយមកបានទទួលការជ្រមុជទឹក។ ពេលដែលយើងរៀបការនៅឆ្នាំ១៩៦០ ឪពុកម្ដាយរបស់យូនឺសមិនបានមកចូលរួមពិធីមង្គលការរបស់យើងទេ។ ប៉ុន្ដែ ពីមួយឆ្នាំទៅមួយឆ្នាំ ពួកគាត់កោតស្ងើចនឹងយើងកាន់តែច្រើនឡើងដោយសារជំនឿរបស់យើងនិងរបៀបដែលយើងចិញ្ចឹមអប់រំកូនរបស់យើង។

ព្រះយេហូវ៉ាបានថែរក្សាខ្ញុំ

នីកូឡាសដែលជាកូនប្រុសរបស់ខ្ញុំនិងដេបូរ៉ាដែលជាប្រពន្ធរបស់គាត់ បម្រើនៅបេតអែលនាក្រុងឡុងដ៍

ក្នុងនាមជាពុកម្ដាយដែលជាមនុស្សថ្លង់ គឺមិនសូវស្រួលឲ្យយើងចិញ្ចឹមអប់រំកូនប្រុសនាក់ដែលមិនមែនជាមនុស្សថ្លង់ឡើយ។ ប៉ុន្ដែ យើងបានធ្វើឲ្យប្រាកដថាពួកគេចេះភាសាសញ្ញា ដើម្បីយើងអាចប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ ហើយអាចបង្រៀនពួកគេអំពីសេចក្ដីពិត។ បងប្អូននៅក្នុងក្រុមជំនុំបានជួយយើងច្រើនណាស់។ ជាឧទាហរណ៍ ឪពុកម្នាក់បានសរសេរកំណត់មួយឲ្យយើងដើម្បីប្រាប់យើងថាកូនប្រុសម្នាក់របស់យើងបាននិយាយពាក្យមិនល្អនៅសាលប្រជុំ។ ដូច្នេះ យើងអាចដោះស្រាយរឿងនោះភ្លាមៗ។ កូនប្រុសបួននាក់របស់ខ្ញុំគឺ ជេម ចេរី នីកូឡាស និងស្ទីវើនជាអ្នកចាស់ទុំដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ជាមួយនឹងប្រពន្ធនិងក្រុមគ្រួសាររបស់ពួកគេ។ ម្យ៉ាងទៀត នីកូឡាសនិងដេបូរ៉ាដែលជាប្រពន្ធរបស់គាត់បានជួយកិច្ចការបកប្រែភាសាសញ្ញានៅការិយាល័យសាខាប្រទេសអង់គ្លេស ហើយស្ទីវើននិងហ្សាណុនដែលជាប្រពន្ធរបស់គាត់ក៏ជាសមាជិកក្រុមបកប្រែភាសាសញ្ញានៅការិយាល័យសាខាសហរដ្ឋអាម៉េរិកដែរ។

ជេម ចេរី និងស្ទីវើនដែលជាកូនប្រុសរបស់ខ្ញុំនិងប្រពន្ធរបស់ពួកគេគាំទ្រកិច្ចការផ្សព្វផ្សាយជាភាសាសញ្ញាតាមវិធីផ្សេង

គួរឲ្យស្តាយណាស់ មួយខែមុនខួបអាពាហ៍ពិពាហ៍៤០ឆ្នាំរបស់យើង យូនឺសបានស្លាប់ដោយសារជំងឺមហារីក។ ក្នុងអំឡុងពេលដ៏ពិបាកនោះ ជំនឿរបស់គាត់ចំពោះការប្រោសឲ្យរស់ឡើងវិញបានជួយគាត់ឲ្យនៅមានកម្លាំងចិត្ដ។ ខ្ញុំទន្ទឹងរង់ចាំពេលដែលខ្ញុំនឹងជួបគាត់ម្ដងទៀត។

ហ្វេយនិងជេម ចេរីនិងអេវលិន ហ្សាណុននិងស្ទីវើន

នៅខែកុម្ភៈ ឆ្នាំ២០១២ ខ្ញុំបានដួល ហើយបាក់ត្រគាក។ ខ្ញុំបានទទួលស្គាល់ថាខ្ញុំត្រូវការជំនួយ ដូច្នេះខ្ញុំបានរើទៅរស់នៅជាមួយនឹងកូនប្រុសម្នាក់របស់ខ្ញុំនិងប្រពន្ធរបស់គាត់។ ឥឡូវ យើងជាសមាជិកក្រុមជំនុំភាសាសញ្ញានាក្រុងកាល់ហ្គារី ហើយខ្ញុំបន្ដបម្រើជាអ្នកចាស់ទុំនៅទីនោះ។ តាមពិត នេះជាលើកទី១ដែលខ្ញុំទៅជាសមាជិកក្រុមជំនុំភាសាសញ្ញា! ដូច្នេះ តើតាមរបៀបណាខ្ញុំអាចរក្សាចំណងមិត្ដភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ាឲ្យនៅតែមាំមួនក្នុងអំឡុងពេលជាច្រើនឆ្នាំដែលខ្ញុំបាននៅក្រុមជំនុំភាសាអង់គ្លេស? ព្រះយេហូវ៉ាបានជួយខ្ញុំ។ លោកបានធ្វើតាមពាក្យសន្យារបស់លោកដែលថាលោកនឹងថែរក្សាក្មេងកំព្រា។ (ទំនុកតម្កើង ១០:១៤) ខ្ញុំមានអំណរគុណចំពោះបងប្អូនដែលស្ម័គ្រចិត្ដសរសេរកំណត់សម្រាប់ខ្ញុំ រៀនភាសាសញ្ញា និងជួយបកប្រែឲ្យខ្ញុំតាមដែលពួកគាត់អាចធ្វើបាន។

ពេលខ្ញុំមានអាយុ៧៩ឆ្នាំខ្ញុំចូលសាលាសម្រាប់អ្នកត្រួសត្រាយជាភាសាសញ្ញា

មានពេលខ្លះដែលខ្ញុំមិនបានយល់នូវអ្វីដែលគេនិយាយ ឬពេលដែលខ្ញុំមានអារម្មណ៍ថាគ្មានអ្នកណាម្នាក់យល់អំពីរបៀបជួយមនុស្សថ្លង់ទេ។ នៅពេលនោះ ពេលខ្ញុំមានអារម្មណ៍ធុញទ្រាន់និងចង់ឈប់ព្យាយាម ខ្ញុំបានគិតអំពីពាក្យសម្ដីរបស់ពេត្រុសដែលគាត់បាននិយាយទៅកាន់លោកយេស៊ូថា«លោកម្ចាស់ តើយើងនឹងទៅអ្នកណាវិញ? ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូហាន ៦:៦៦-៦៨) ដូចបងប្អូនជាច្រើននាក់ទៀតដែលថ្លង់ដែលបានចូលក្នុងសេចក្ដីពិតអស់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានរៀនឲ្យមានចិត្ដអត់ធ្មត់។ ខ្ញុំបានរៀនទុកចិត្ដលើព្រះយេហូវ៉ានិងអង្គការរបស់លោក ហើយនេះបាននាំឲ្យខ្ញុំទទួលប្រយោជន៍ជាច្រើន។ ឥឡូវនេះមានសៀវភៅផ្សេងជាច្រើនជាភាសារបស់ខ្ញុំ ហើយខ្ញុំសប្បាយចិត្ដដែលខ្ញុំអាចចូលរួមកិច្ចប្រជុំនិងមហាសន្និបាតជាភាសាសញ្ញាអាម៉េរិក។ មែនហើយ ខ្ញុំមានជីវិតដ៏សប្បាយ ហើយបានទទួលពរជាច្រើនពីការបម្រើព្រះយេហូវ៉ាដែលជាព្រះដ៏អស្ចារ្យរបស់យើង។