លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អំណរដែលមកពីការមានរបៀបរស់នៅដ៏សាមញ្ញ

អំណរដែលមកពីការមានរបៀបរស់នៅដ៏សាមញ្ញ

បងដានីយ៉ែលនិងបងមៀរាមបានរៀបការនៅខែកញ្ញា ឆ្នាំ២០០០ ហើយពួកគាត់មានជីវិតដ៏សុខស្រួលនៅក្រុងបាសាឡូណា ប្រទេសអេស្ប៉ាញ។ បងដានីយ៉ែលនិយាយថា«ដោយសារយើងមានការងារល្អ យើងអាចញ៉ាំបាយនៅភោជនីយដ្ឋានដ៏ល្អ ដើរលេងនៅប្រទេសក្រៅ ហើយស្លៀកពាក់សម្លៀកបំពាក់ដែលមានគុណភាពល្អ។ យើងក៏បានចូលរួមជាទៀងទាត់ក្នុងកិច្ចបម្រើផ្សាយដែរ»។ ប៉ុន្ដែ ក្រោយមកមានអ្វីមួយកើតឡើង។

នៅមហាសន្និបាតនាឆ្នាំ២០០៦ បងដានីយ៉ែលបានស្តាប់សុន្ទរកថាមួយដែលលើកឡើងនូវសំណួរមួយថា «តើយើងកំពុងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីជួយពួកអ្នកដែលកំពុងតែ‹ទៅទីសំឡាប់› ឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់ទេ?»។ (សុភាសិត ២៤:១១) សុន្ទរកថានោះបានពន្យល់ថាយើងមានភារកិច្ចផ្សព្វផ្សាយដំណឹងក្នុងគម្ពីរពីព្រោះការធ្វើដូច្នេះជាប់ទាក់ទងនឹងជីវិតរបស់មនុស្ស។ (សកម្មភាព ២០:២៦, ២៧) បងដានីយ៉ែលចាំថា«ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាកំពុងនិយាយមកកាន់ខ្ញុំ»។ សុន្ទរកថានោះក៏បានលើកឡើងថា យើងសប្បាយជាងពេលយើងធ្វើកាន់តែច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ បងដានីយ៉ែលដឹងថានេះជាការពិតដោយសារគាត់បានឃើញថា បងមៀរាមដែលបានចាប់ផ្ដើមត្រួសត្រាយរួចហើយគឺសប្បាយណាស់។

សុន្ទរកថានោះមានឥទ្ធិពលខ្លាំងដល់ម៉្លេះទៅលើបងដានីយ៉ែលបានជាគាត់សម្រេចចិត្ដថាគឺជាពេលត្រឹមត្រូវឲ្យគាត់ផ្លាស់ប្ដូររបៀបរស់នៅរបស់គាត់។ គាត់ចាប់ផ្ដើមធ្វើការតិចជាង រួចចាប់ផ្ដើមត្រួសត្រាយ ហើយបានគិតថាគាត់និងបងមៀរាមនឹងសប្បាយចិត្ដណាស់បើពួកគាត់អាចបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងសម្រាប់អ្នកផ្សាយអំពីរាជាណាចក្រ។

មុនដំបូងមានការពិបាក ក្រោយមកទទួលដំណឹងដែលគួរឲ្យរំភើបចិត្ដ

នៅខែឧសភា ឆ្នាំ២០០៧ បងដានីយ៉ែលនិងបងមៀរាមបានលាឈប់ពីការងាររបស់ពួកគាត់ ហើយបានរើទៅប្រទេសប៉ាណាម៉ា ដែលជាប្រទេសមួយដែលពួកគាត់ធ្លាប់ទៅលេង។ តំបន់ផ្សាយរបស់ពួកគាត់មានកោះខ្លះដែលនៅក្នុងប្រជុំកោះបូកាស ដេល ថុរ៉ូ ដែលនៅសមុទ្រការីប។ មនុស្សភាគច្រើនដែលរស់នៅទីនោះគឺជាជនជាតិភាគតិចអេនកាប៊ី។ បងដានីយ៉ែលនិងបងមៀរាមគិតថាពួកគាត់អាចរស់នៅប្រទេសប៉ាណាម៉ាសម្រាប់រយៈពេលប្រហែលជាខែដោយប្រើលុយដែលពួកគាត់បានសន្សំទុក។

ពួកគាត់បានធ្វើដំណើរដោយជិះទូកនិងជិះកង់។ ពួកគាត់នៅតែនឹកចាំលើកដំបូងដែលពួកគាត់បានជិះកង់ប្រហែលជា៣០គីឡូម៉ែត្រ (២០ម៉ៃល៍) តាមជម្រាលភ្នំ នៅពេលដែលមានអាកាសធាតុក្ដៅយ៉ាងខ្លាំង។ បងដានីយ៉ែលអស់កម្លាំងណាស់រហូតដល់គាត់ជិតសន្លប់។ ប៉ុន្ដែ ក្រុមគ្រួសារជនជាតិអេនកាប៊ីដែលពួកគាត់បានជួបបានទទួលពួកគាត់ដោយរាក់ទាក់ ជាពិសេសក្រោយពីពួកគាត់បានរៀនពាក្យខ្លះជាភាសារបស់ពួកគេ។ មិនយូរក្រោយមកពួកគាត់មានសិស្សគម្ពីរ២៣នាក់។

តើអ្វីបានកើតឡើងក្រោយពីពួកគាត់បានចាយលុយទាំងអស់ដែលពួកគាត់បានសន្សំ? បងដានីយ៉ែលនិយាយថា«យើងចាប់ផ្ដើមគិតទាំងទឹកភ្នែកអំពីការត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ។ យើងពិបាកចិត្ដខ្លាំងណាស់ដែលយើងត្រូវចាកចេញពីសិស្សគម្ពីររបស់យើង»។ ប៉ុន្ដែ មួយខែក្រោយមក ពួកគាត់បានទទួលដំណឹងដែលគួរឲ្យរំភើបចិត្ដ។ បងមៀរាមនិយាយថា«យើងបានទទួលសេចក្ដីអញ្ជើញឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស។ យើងពិតជាមានអំណរណាស់ដែលយើងអាចបន្ដបំពេញភារកិច្ចរបស់យើង!»។

អំណរដ៏ខ្លាំងបំផុតដែលពួកគាត់មាន

ដោយសារមានការផ្លាស់ប្ដូរក្នុងអង្គការរបស់យើង បងដានីយ៉ែលនិងបងមៀរាមត្រូវឈប់បម្រើជាអ្នកត្រួសត្រាយពិសេសនៅឆ្នាំ២០១៥។ តើពួកគាត់បានធ្វើអ្វី? ពួកគាត់បានទុកចិត្ដលើសេចក្ដីសន្យាដែលបានត្រូវកត់ទុកនៅទំនុកតម្កើង ៣៧:៥ ដែលចែងថា«ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្ដដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច»។ ពួកគាត់រកបានការងារដែលធ្វើឲ្យពួកគាត់អាចចិញ្ចឹមជីវិតជាអ្នកត្រួសត្រាយពេញពេល ហើយសព្វថ្ងៃនេះពួកគាត់បម្រើនៅក្រុមជំនុំនាខេត្ដវេរ៉ាក្វាស ប្រទេសប៉ាណាម៉ា។

បងដានីយ៉ែលនិយាយថា«មុនយើងចេញពីប្រទេសអេស្ប៉ាញ យើងមិនដឹងប្រាកដថាយើងអាចមានជីវិតសាមញ្ញបានយ៉ាងណាទេ។ សព្វថ្ងៃ យើងមានជីវិតសាមញ្ញ ហើយយើងមិនខ្វះអ្វីដែលពិតជាសំខាន់ចាំបាច់នោះឡើយ»។ តើអ្វីធ្វើឲ្យពួកគាត់មានអំណរខ្លាំងបំផុត? ពួកគាត់ឆ្លើយថា«យើងមានអំណរដែលគ្មានអ្វីប្រៀបផ្ទឹមបានទេ ពេលយើងជួយមនុស្សដែលមានចិត្ដរាបទាបឲ្យរៀនអំពីព្រះយេហូវ៉ា!»។