លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូន​ៗ​វ័យ​ក្មេង ចូរ​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​មេ​កំណាច

ប្អូន​ៗ​វ័យ​ក្មេង ចូរ​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​មេ​កំណាច

​«​ចូរ​ពាក់​គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​កាន់​ជំហរ​មាំ​មួន នៅ​ចំពោះ​មុខ​កលល្បិច​ទាំង​ប៉ុន្មាន​របស់​មេ​កំណាច​»។—អេភេសូរ ៦:១១

ចម្រៀង​លេខ: ៧៩, ១៤០

១, ២. (​ក​) ហេតុ​អ្វី​គ្រិស្ដ​សាសនិក​វ័យ​ក្មេង​កំពុង​ទទួល​ជ័យ​ជម្នះ​ក្នុង​ចម្បាំង​ប្រឆាំង​នឹង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី?

សាវ័ក​ប៉ូល​បាន​ប្រៀប​ប្រដូច​គ្រិស្ដ​សាសនិក​ទៅ​នឹង​ទាហាន។ យើង​កំពុង​នៅ​ក្នុង​ចម្បាំង​មួយ ហើយ​សត្រូវ​របស់​យើង​គឺ​មាន​ពិត​ប្រាកដ! ប៉ុន្ដែ​ក្នុង​ចម្បាំង​នេះ យើង​មិន​ប្រយុទ្ធ​នឹង​មនុស្ស​ទេ តែ​យើង​ប្រយុទ្ធ​នឹង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ ពួក​វា​ជា​អ្នក​ធ្វើ​សឹក​សង្គ្រាម​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ពួក​វា​ពូកែ​ច្បាំង​ណាស់។ ដូច្នេះ នេះ​អាច​មើល​ទៅ​ដូច​ជា​យើង​មិន​អាច​ឈ្នះ​ចម្បាំង​នេះ​បាន​ទេ ជា​ពិសេស​បើ​យើង​ជា​មនុស្ស​វ័យ​ក្មេង។ តើ​មនុស្ស​វ័យ​ក្មេង​អាច​ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​សត្រូវ​ដ៏​ខ្លាំង​ក្លា​បែប​នេះ​ឬ​ទេ? ពួក​គេ​អាច​ឈ្នះ​បាន ហើយ​ពួក​គេ​កំពុង​ឈ្នះ​មែន! ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ទទួល​ឫទ្ធា​នុភាព​ពី​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ដូច​ទាហាន​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​យ៉ាង​ល្អ ពួក​គេ​«​ពាក់​គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ​»​ ដើម្បី​ពួក​គេ​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ច្បាំង​នេះ។—សូម​អាន អេភេសូរ ៦:១០​-​១២

ពេល​ប៉ូល​ប្រើ​ឧទាហរណ៍​នេះ គាត់​ប្រហែល​ជា​បាន​គិត​អំពី​គ្រឿង​ចម្បាំង​ដែល​ទាហានរ៉ូម​បាន​ពាក់។ (​សកម្មភាព ២៨:១៦​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ឧទាហរណ៍​ដ៏​ល្អ​ប្រសើរ​នោះ។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​និយាយ ស្ដី​អំពី​ការ​ពិបាក​និង​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ពាក់​ផ្នែក​នីមួយ​ៗ​នៃ​គ្រឿង​ចម្បាំង​ពី​ព្រះ។

តើ​ប្អូន​កំពុង​ពាក់​ផ្នែក​នីមួយ​ៗនៃ​គ្រឿង​ចម្បាំង​ពី​ព្រះ​ឬ​ទេ?

​«​សេចក្ដី​ពិត​»​ជា​ខ្សែ​ក្រវាត់

៣, ៤. តើ​សេចក្ដី​ពិត​ពី​គម្ពីរ​និង​ខ្សែ​ក្រវាត់​ទាហាន​រ៉ូម​គឺ​ស្រដៀង​គ្នា​យ៉ាង​ណា?

សូម​អាន អេភេសូរ ៦:១៤ខ្សែ​ក្រវាត់​របស់​ទាហាន​រ៉ូម​មាន​បន្ទះ​ដែក​ដើម្បី​ការពារ​ចង្កេះ​របស់​ទាហាន ហើយ​ដើម្បី​ធ្វើ​ឲ្យ​អាវ​ដែល​ការពារ​ដើម​ទ្រូង​របស់​គាត់​តឹង​ជាប់​ខ្លួន​ជា​និច្ច។ ខ្សែ​ក្រវាត់​ខ្លះ​ក៏​មាន​ឃ្នាប​មាំ​ដើម្បី​ដាក់​ដាវ​និង​កាំបិត​ស្នៀត​ជាប់​ខ្លួន។ ដោយ​ក្រវាត់​ខ្សែ​ក្រវាត់​យ៉ាង​តឹង​នៅ​ចង្កេះ ទាហាន​អាច​មាន​ទំនុក​ចិត្ដ​ពេល​គាត់​ចូល​ប្រយុទ្ធ។

សេចក្ដី​ពិត​ដែល​យើង​រៀន​ពី​បណ្ដាំ​របស់​ព្រះ​ការពារ​យើង​ពី​សេចក្ដី​បង្រៀន​មិន​ពិត

ដូច​ខ្សែ​ក្រវាត់ សេចក្ដី​ពិត​ដែល​យើង​រៀន​ពី​បណ្ដាំ​របស់​ព្រះ​ការពារ​យើង​ពី​សេចក្ដី​បង្រៀន​មិន​ពិត។ (​យ៉ូហាន ៨:៣១, ៣២; យ៉ូហាន​ទី១ ៤:១​) ម្យ៉ាង​ទៀត ពេល​យើង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ​កាន់​តែ​ខ្លាំង យើង​កាន់​តែ​ស្រួល​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ ឬ​ពាក់​«​អាវ​ការពារ​ដើម​ទ្រូង​»​របស់​យើង។ (​ទំនុក​តម្កើង ១១១:៧, ៨; យ៉ូហាន​ទី១ ៥:៣​) ម្យ៉ាង​វិញ​ទៀត ពេល​យើង​យល់​សេចក្ដី​ពិត​ទាំង​នេះ​កាន់​តែ​ច្បាស់ យើង​អាច​និយាយ​ការពារ​សេចក្ដី​ពិត​ទាំង​នេះ​នៅ​ចំពោះ​មុខ​សត្រូវ​របស់​យើង។—ពេត្រុស​ទី១ ៣:១៥

៥. ហេតុ​អ្វី​យើង​គួរ​និយាយ​សេចក្ដី​ពិត​ជា​និច្ច?

សេចក្ដី​ពិត​ពី​គម្ពីរ​គឺ​សំខាន់​ចំពោះ​យើង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង ហើយ​និយាយ​ការ​ពិត​ជា​និច្ច។ ការ​កុហក​គឺ​ជា​អាវុធ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​របស់​សាថាន។ ការ​កុហក​ធ្វើ​ឲ្យ​អ្នក​ដែល​កុហក​និង​អ្នក​ដែល​ជឿ​ពាក្យ​កុហក​នោះ​បង់​ប្រយោជន៍។ (​យ៉ូហាន ៨:៤៤​) ដូច្នេះ ទោះ​ជា​យើង​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​ខំ​អស់​ពី​សមត្ថភាព​មិន​និយាយ​កុហក។ (​អេភេសូរ ៤:២៥​) ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​ពិបាក។ ប្អូន​ស្រី​អាបឺហ្គេល​ដែល​មាន​អាយុ​១៨​ឆ្នាំ​និយាយ​ថា​៖ ​«​ជួន​កាល​ការ​និយាយ​សេចក្ដី​ពិត អាច​មើល​ទៅ​ដូច​ជា​មិន​សូវ​មាន​ប្រយោជន៍ ជា​ពិសេស​ពេល​ដែល​ការ​និយាយ​កុហក​អាច​ធ្វើ​ឲ្យ​យើង​រួច​ខ្លួន​ពី​ស្ថានភាព​ពិបាក​ណា​មួយ​»។ ដូច្នេះ ហេតុ​អ្វី​គាត់​ព្យាយាម​និយាយ​សេចក្ដី​ពិត​ជា​និច្ច? គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​និយាយ​ពាក្យ​ពិត នេះ​ជួយ​ខ្ញុំ​មិន​ឲ្យ​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ឪ​ពុក​ម្ដាយ​និង​មិត្ដ​ភក្ដិ​របស់​ខ្ញុំ​ដឹង​ថា​ពួក​គាត់​អាច​ទុក​ចិត្ដ​ខ្ញុំ​បាន​»។ ប្អូន​ស្រី​វិចតូរីយ៉ា​ដែល​មាន​អាយុ​២៣​ឆ្នាំ​និយាយ​ថា​៖ ​«​ពេល​យើង​និយាយ​ការ​ពិត ហើយ​និយាយ​ការពារ​ជំនឿ​របស់​យើង យើង​ប្រហែល​ជា​ត្រូវ​គេ​សម្លុត​ធ្វើ​បាប។ តែ​ការ​ធ្វើ​បែប​នេះ​តែង​តែ​មាន​ប្រយោជន៍​ដូច​ជា យើង​មាន​ទំនុក​ចិត្ដ​កាន់​តែ​ខ្លាំង មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​មនុស្ស​ដែល​ស្រឡាញ់​យើង​នឹង​គោរព​យើង​»។ តើ​ប្អូន​ឃើញ​ឬ​ទេ​អំពី​មូលហេតុ​ដ៏​សំខាន់​ដែល​ប្អូន​គួរ​«​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ​»​នៅ​គ្រប់​ពេល?

សេចក្ដី​ពិត​ជា​ខ្សែ​ក្រវាត់ (​សូម​មើល​វគ្គ​៣​-​៥​)

​«​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង​»​

៦, ៧. ហេតុ​អ្វី​សេចក្ដី​សុចរិត​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​អាវ​ការពារ​ដើម​ទ្រូង?

អាវ​ការពារ​ដើម​ទ្រូង​របស់​ទាហាន​រ៉ូម​ច្រើន​តែ​ធ្វើ​ពី​បន្ទះ​ដែក​មួយ​ចំនួន​ដែល​តម្រៀប​គង​លើ​គ្នា ហើយ​ពត់​ឲ្យ​កោង​ព័ទ្ធ​ជុំ​វិញ​ទ្រូង​របស់​គាត់។ បន្ទះ​ដែក​ទាំង​នោះ​បាន​ត្រូវ​ភ្ជាប់​នឹង​បន្ទះ​ស្បែក​សត្វ​ដោយ​តម្ពក់​និង​កន្លាស់​ដែក។ នៅ​លើ​ស្មា​របស់​គាត់​មាន​បន្ទះ​ដែក​ផ្សេង​ទៀត​ដែល​បាន​ត្រូវ​ភ្ជាប់​នឹង​ស្បែក​សត្វដែរ។ អាវ​ការពារ​ដើម​ទ្រូង​ធ្វើ​ឲ្យ​ចលនា​របស់​គាត់​មាន​កម្រិត ហើយ​ក៏​តម្រូវ​ឲ្យ​គាត់​ពិនិត្យ​មើល​ជា​ទៀង​ទាត់​ថា​បន្ទះ​ដែក​ទាំង​នោះ​នៅ​ត្រូវ​កន្លែង​របស់​វា។ ប៉ុន្ដែ​អាវ​ការពារ​ដើម​ទ្រូង​នោះ​ការពារ​បេះ​ដូង​និង​សេ​រីរាង្គ​ឯ​ទៀត​ពី​មុខ​ដាវ​ឬ​ព្រួញ!

ដើម្បី​ការពារ​ចិត្ដ​របស់​យើង យើង​ត្រូវ​ការ​ប្រាជ្ញា​ដែល​ខ្ពស់​ជាង​ប្រាជ្ញា​របស់​មនុស្ស

ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ដែល​ការពារ​«​ចិត្ដ​»​របស់​យើង គឺ​ស្រដៀង​នឹង​អាវ​ដែល​ការពារ​ដើម​ទ្រូង​នោះ។ (​សុភាសិត ៤:២៣​) ទាហាន​នឹង​មិន​ដែល​ផ្លាស់​ប្ដូរ​អាវ​ការពារ​ដើម​ទ្រូង​ដែល​មាន​ដែក​រឹង​មាំ​ទៅ​នឹង​អាវ​ដែល​មាន​ដែក​ទន់​ជាង​ទេ។ ស្រដៀង​គ្នា​ដែរ យើង​នឹង​មិន​ប្ដូរ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ ទៅ​នឹង​ទស្សនៈ​របស់​យើង​ចំពោះ​អ្វី​ដែល​យើង​គិត​ថា​ត្រឹម​ត្រូវ​ឡើយ។ ដើម្បី​ការពារ​ចិត្ដ​របស់​យើង យើង​ត្រូវ​ការ​ប្រាជ្ញា​ដែល​ខ្ពស់​ជាង​ប្រាជ្ញា​របស់​មនុស្ស។ (​សុភាសិត ៣:៥, ៦​) ហេតុ​នេះ យើង​ត្រូវ​ពិនិត្យ​មើល​ជា​ទៀង​ទាត់​ថា​«​អាវ​ការពារ​ដើម​ទ្រូង​»​របស់​យើង​នៅ​តែ​ការពារ​ចិត្ដ​យើង។

៨. ហេតុ​អ្វី​យើង​គួរ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា?

ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​សេរី​ភាព​ឬ​រា​រាំង​អ្នក​ពី​ការ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឬ​ទេ? ប្អូន​ប្រុស​ដានីយ៉ែល​ដែល​មាន​អាយុ​២១​ឆ្នាំ​និយាយ​ថា​៖ ​«​គ្រូ​បង្រៀន​និង​សិស្ស​រួម​ថ្នាក់​របស់​ខ្ញុំ​បាន​សើច​ចំអក​ខ្ញុំ​ដោយ​សារ​ខ្ញុំ​ធ្វើ​តាម​ខ្នាត​តម្រា​ពី​គម្ពីរ។ អស់​មួយ​រយៈ​ពេល ខ្ញុំ​មិន​សូវ​មាន​ទំនុក​ចិត្ដ ហើយ​ធ្លាក់​ទឹក​ចិត្ដ​»។ ប៉ុន្ដែ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ឥឡូវ​នេះ? គាត់​និយាយ​ថា​៖ ​«​ក្រោយ​មក ខ្ញុំ​បាន​ឃើញ​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ សិស្ស​រួម​ថ្នាក់​ខ្លះ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​គ្រឿង​ញៀន អ្នក​ខ្លះ​ទៀត​បាន​បោះ​បង់​ការ​សិក្សា។ ខ្ញុំ​ស្តាយ​ពេល​ឃើញ​ជីវិត​របស់​ពួក​គេ​ទៅ​ជា​បែប​នេះ។ ព្រះ​យេហូវ៉ា​ពិត​ជា​ការពារ​យើង​»។ ប្អូន​ស្រី​ម៉ាដាសិន​ដែល​មាន​អាយុ​១៥​ឆ្នាំ​និយាយ​ថា​៖ ​«​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​និង​ការ​មិន​ធ្វើ​អ្វី​ដែល​មនុស្ស​ស្រករ​ខ្ញុំ​គិត​ថា​ឡូយ​ឬ​សប្បាយ គឺ​មិន​សូវ​ស្រួល​សម្រាប់​ខ្ញុំ​ប៉ុន្មាន​ទេ​»។ ដូច្នេះ តើ​គាត់​ធ្វើ​អ្វី? គាត់​និយាយ​ទៀត​ថា​៖ ​«​ខ្ញុំ​រំលឹក​ខ្លួន​ឯង​ថា​ខ្ញុំ​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​ការ​ល្បួង​គឺ​ជា​របៀប​មួយ​ដែល​សាថាន​វាយ​ប្រហារ​ខ្ញុំ។ ពេល​ខ្ញុំ​ឈ្នះ​ការ​ល្បួង​ណា​មួយ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​ចំពោះ​ខ្លួន​»។

សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង (​សូម​មើល​វគ្គ​៦​-​៨​)

​«​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ដ​ទុក​ជា​ស្បែក​ជើង​»​

៩​-​១១. (​ក​) ក្នុង​ន័យ​ធៀប តើ​គ្រិស្ដ​សាសនិក​ពាក់​ស្បែក​ជើង​បែប​ណា? (​ខ​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស្រួល​ផ្សព្វ​ផ្សាយ​ជាង?

សូម​អាន អេភេសូរ ៦:១៥ទាហាន​រ៉ូម​មិន​អាច​ចូល​ច្បាំង​ដោយ​មិន​ពាក់​ស្បែក​ជើង​បាន​ឡើយ។ ស្បែក​ជើង​នោះ​ធ្វើ​ពី​ស្បែក​សត្វ​បី​ជាន់ ដូច្នេះ​វា​គឺ​មាំ​ណាស់ ហើយ​ក៏​ស្រួល​ពាក់​ដែរ។ ដូច្នេះ​ទាហាន​អាច​ដើរ​ដោយ​មាន​ទំនុក​ចិត្ដ ហើយ​មិន​រអិល​ដួល។

១០ ស្បែក​ជើង​ដែល​ទាហាន​រ៉ូម​ពាក់​បាន​ជួយ​ពួក​គេ​ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម តែ​ស្បែក​ជើង​ដែល​យើង​ពាក់​ក្នុង​ន័យ​ធៀប​ជួយ​យើង​ឲ្យ​«​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ដ​»។ (​អេសាយ ៥២:៧; រ៉ូម ១០:១៥​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជួន​កាល​យើង​ត្រូវ​មាន​ចិត្ដ​ក្លាហាន​ជា​ខ្លាំង​ដើម្បី​ផ្សព្វ​ផ្សាយ។ ប្អូន​ប្រុស​បូ​ដែល​មាន​អាយុ​២០​ឆ្នាំ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ហ៊ាន​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​រួម​ថ្នាក់​ទេ។ ខ្ញុំ​គិត​ថា​នេះ​គឺ​ដោយ​សារ​នៅ​ពេល​នោះ​ខ្ញុំ​ខ្មាស​គេ។ ពេល​ខ្ញុំ​គិត​ឡើង​វិញ ខ្ញុំ​យល់​ថា​គ្មាន​មូលហេតុ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​ទេ។ ឥឡូវ​ខ្ញុំ​សប្បាយ​ចិត្ដ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ស្រករ​ខ្ញុំ​»។

១១ គ្រិស្ដ​សាសនិក​វ័យ​ក្មេង​ជា​ច្រើន​នាក់​បាន​ឃើញ​ថា​ពួក​គេ​ស្រួល​ផ្សព្វ​ផ្សាយ​ជាង​បើ​ពួក​គេ​រៀប​ចំ​ទុក​ជា​មុន។ តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​រៀប​ចំ? ប្អូន​ស្រី​ជូលា​ដែល​មាន​អាយុ​១៦​ឆ្នាំនិយាយ​ថា​៖ ​«​ខ្ញុំ​ទុក​សៀវភៅ​ខ្លះ​ក្នុង​កាតាប​សិក្សា ហើយ​ខ្ញុំ​ស្តាប់​សិស្ស​រួម​ថ្នាក់​ពេល​ពួក​គេ​និយាយ​អំពី​មតិ​និង​ជំនឿ​របស់​ពួក​គេ។ បន្ទាប់​មក​ខ្ញុំ​អាច​គិត​អំពី​អ្វី​ដែល​នឹង​ជួយ​ពួក​គេ។ ពេល​ខ្ញុំ​រៀប​ចំ​ទុក​ជា​មុន ខ្ញុំ​អាច​និយាយ​ជា​មួយ​នឹង​ពួក​គេ​អំពី​អ្វី​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ​»។ ប្អូន​ស្រី​ម៉ាខេនស៊ី​ដែល​មាន​អាយុ​២៣​ឆ្នាំ​និយាយ​ថា​៖ ​«​បើ​យើង​បង្ហាញ​សេចក្ដី​សប្បុរស​និង​យក​ចិត្ដ​ទុក​ដាក់​ស្តាប់​អ្នក​ឯ​ទៀត យើង​នឹង​យល់​ច្បាស់​ជាង​អំពី​អ្វី​ដែល​មនុស្ស​ស្រករ​យើង​កំពុង​ប្រឈម​មុខ។ ខ្ញុំ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​បាន​អាន​ព័ត៌មាន​ទាំង​អស់​ដែល​អង្គ​ការ​យើង​បាន​ចេញ​ផ្សាយ​សម្រាប់​មនុស្ស​វ័យ​ក្មេង។ ដោយ​ធ្វើ​ដូច្នេះ​ខ្ញុំ​អាច​បង្ហាញ​ពួក​គេ​នូវ​ព័ត៌មាន​ខ្លះ​ក្នុង​គម្ពីរ​ឬ​ក្នុង​គេហទំព័រ​jw.org​ដែល​នឹង​ជួយ​ពួក​គេ​»។ ការ​រៀប​ចំ​យ៉ាង​ល្អ​ដើម្បី​ផ្សព្វ​ផ្សាយ​គឺ​ប្រៀប​ដូច​ជា​ការ​ពាក់​«​ស្បែក​ជើង​»​ដែល​ត្រូវ​នឹង​ជើង។

ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ​ទុក​ជា​ស្បែក​ជើង (​សូម​មើល​វគ្គ​៩​-​១១​)

​«​ខែល​ធំ​នៃ​ជំនឿ​»​

១២, ១៣. តើ​អ្វី​ខ្លះ​ជា​«​ព្រួញ​ឆេះ​»​របស់​សាថាន?

១២ សូម​អាន អេភេសូរ ៦:១៦ទាហាន​រ៉ូម​កាន់​ខែល​ធំ​ដែល​មាន​បួន​ជ្រុង។ វា​បាំង​អ្នក​កាន់​ចាប់​ពី​ស្មា​របស់​គាត់​រហូត​ដល់​ជង្គង់ ហើយ​ការពារ​គាត់​ពី​ដាវ លំពែង និង​ព្រួញ។

១៣ តើ​សាថាន​អាច​បាញ់​«​ព្រួញ​ឆេះ​»​ណា​ខ្លះ​មក​លើ​ប្អូន? ប្រហែល​ជា​វា​វាយ​ប្រហារ​ប្អូន​ដោយ​ប្រើ​ពាក្យ​កុហក​អំពី​ព្រះយេហូវ៉ា។ សាថាន​ចង់​ឲ្យ​ប្អូន​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ប្អូន ហើយ​ថា​គ្មាន​អ្នក​ណា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ប្អូន​ទេ។ ប្អូន​ស្រី​អ៊ីដា​ដែល​មាន​អាយុ​១៩​ឆ្នាំ​និយាយ​ថា​៖ ​«​ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ទេ ហើយ​ថា​លោក​មិន​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​ខ្ញុំ​ឡើយ​»។ តើ​គាត់​ធ្វើ​អ្វី​ពេល​គាត់​មាន​អារម្មណ៍​ដូច្នេះ? គាត់​និយាយ​ថា​៖ ​«​កិច្ច​ប្រជុំ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ខ្លាំង​ណាស់។ ពី​មុន​ខ្ញុំ​គ្រាន់​តែ​អង្គុយ​ស្ងៀម​មិន​លើក​ដៃ​ឆ្លើយ ដោយ​គិត​ថា​គ្មាន​អ្នក​ណា​ចង់​ស្តាប់​ចម្លើយ​របស់​ខ្ញុំ​ទេ។ តែ​ឥឡូវ​ខ្ញុំ​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ ហើយ​ព្យាយាម​ឆ្លើយ​ពីរ​ឬ​បី​ដង។ នេះ​មិន​ស្រួល​សម្រាប់​ខ្ញុំ​ទេ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាង​ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ ហើយ​បង​ប្អូន​ពិត​ជា​លើក​ទឹក​ចិត្ដ​ខ្ញុំ​ណាស់។ ក្រោយ​កិច្ច​ប្រជុំ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ខ្ញុំ​»។

១៤. តើ​យើង​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ប្អូន​អ៊ីដា?

១៤ ខែល​របស់​ទាហាន​តែង​តែ​មាន​ទំហំ​ដដែល។ ប៉ុន្ដែ​ដូច​ដែល​យើង​រៀន​ពី​បទ​ពិសោធន៍​របស់​ប្អូន​អ៊ីដា ជំនឿ​របស់​យើង​គឺ​មិន​តែង​តែ​នៅ​ដដែល​ទេ។ ជំនឿ​របស់​យើង​អាច​រីក​ចម្រើន​ឬ​រួញ​ថយ អាច​ខ្លាំង​ជាង​ឬ​ខ្សោយ​ជាង។ នេះ​អាស្រ័យ​លើ​យើង។ (​ម៉ាថាយ ១៤:៣១; ថែស្សាឡូនិច​ទី២ ១:៣​) ដើម្បី​ឲ្យ‹ខែល​នៃ​ជំនឿ›របស់​យើង​ការពារ​យើង យើង​ត្រូវ​បន្ដ​ធ្វើ​ឲ្យ​ខែល​នោះ​ធំ​ជាង​និង​មាំ​មួន​ជាង!

ខែល​ធំ​នៃ​ជំនឿ (​សូម​មើល​វគ្គ​១២​-​១៤​)

‹សេចក្ដី​សង្គ្រោះ​ជា​មួក​ការពារ​ក្បាល›

១៥, ១៦. តើ​សេចក្ដី​សង្ឃឹម​របស់​យើង​ប្រៀប​ដូច​ជា​មួក​ការពារ​យ៉ាង​ដូច​ម្ដេច?

១៥ សូម​អាន អេភេសូរ ៦:១៧ទាហាន​រ៉ូម​ពាក់​មួក​ដើម្បី​ការពារ​ក្បាល ក និង​មុខ​របស់​គាត់។ ជួន​កាល​មួក​ការពារ​មាន​កន្លែង​ស៊ក​ដៃ​សម្រាប់​ឲ្យ​ទាហាន​យួរ។

១៦ ដូច​មួក​ដែល​ការពារ​ក្បាល​របស់​ទាហាន ​«​សេចក្ដី​សង្ឃឹម​លើ​សេចក្ដី​សង្គ្រោះ​»​ការពារ​គំនិត​យើង។ (​ថែស្សាឡូនិច​ទី១ ៥:៨; សុភាសិត ៣:២១​) សេចក្ដី​សង្ឃឹម​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ ហើយ​មិន​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​បញ្ហា​របស់​យើង។ (​ទំនុក​តម្កើង ២៧:១, ១៤; សកម្មភាព ២៤:១៥​) ប៉ុន្ដែ បើ​យើង​ចង់​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​ការពារ​យើង សេចក្ដី​សង្ឃឹម​នេះ​ត្រូវ​ជា​អ្វី​ដ៏​ពិត​ប្រាកដ​ចំពោះ​យើង។ យើង​ត្រូវ​ពាក់​«​មួក​ការពារ​»​លើ​ក្បាល មិន​មែន​យួរ​វា​ទេ!

១៧, ១៨. (​ក​) តើ​តាម​របៀប​ណា​សាថាន​បោក​បញ្ឆោត​យើង​ឲ្យ​ដោះ​មួក​ការពារ​ចេញ? (​ខ​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មិន​ចាញ់​ការ​បោក​បញ្ឆោត​របស់​សាថាន?

១៧ តើ​តាម​របៀប​ណា​សាថាន​បោក​បញ្ឆោត​យើង​ឲ្យ​ដោះ​មួក​ការពារ​ចេញ? សូម​គិត​អំពី​អ្វី​ដែល​វា​ព្យាយាម​ធ្វើ​ចំពោះ​លោក​យេស៊ូ។ សាថាន​បាន​ដឹង​ថា​លោក​យេស៊ូ​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​លើ​មនុស្សជាតិ។ ប៉ុន្ដែ​មុន​នោះ លោក​យេស៊ូ​ត្រូវ​រង​ទុក្ខ ហើយ​ស្លាប់។ ក្រោយ​មក​លោក​ត្រូវ​រង់​ចាំ​រហូត​ដល់​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​ទើប​លោក​អាច​ទៅ​ជា​ស្ដេច។ ដូច្នេះ សាថាន​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​គ្រប់​គ្រង​ភ្លាម​ៗ។ សាថាន​បាន​សន្យា​ថា​បើ​លោក​យេស៊ូ​ក្រាប​ប្រណិប័តន៍​វា​សូម្បី​តែ​ម្ដង លោក​អាច​ទៅ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​ភ្លាម​ៗ។ (​លូកា ៤:៥​-​៧​) សាថាន​ក៏​ដឹង​ដែរ​ថា​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ដ៏​អស្ចារ្យ​ក្នុង​ពិភព​លោក​ថ្មី។ ប៉ុន្ដែ យើង​ត្រូវ​រង់​ចាំ​ឲ្យ​សេចក្ដី​សន្យា​នេះ​បាន​សម្រេច។ ទម្រាំ​ដល់​ពេល​នោះ​យើង​ប្រហែល​ជា​មាន​បញ្ហា​ជា​ច្រើន។ ដូច្នេះ សាថាន​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​ជីវិត​សុខ​ស្រួល​នៅ​សព្វ​ថ្ងៃ​នេះ។ វា​ចង់​ឲ្យ​យើង​ចាត់​ទុក​ថា​ជីវិត​ស្រណុក​សុខ​ស្រួល​ជា​អ្វី​ដែល​សំខាន់​ជាង​រាជាណាចក្រ​ព្រះ។—ម៉ាថាយ ៦:៣១​-​៣៣

១៨ គ្រិស្ដ​សាសនិក​វ័យ​ក្មេង​ជា​ច្រើន​នាក់​មិន​បាន​ចាញ់​ការ​បោក​បញ្ឆោត​របស់​សាថាន​ទេ។ ជា​ឧទាហរណ៍ ប្អូន​ស្រី​ឃីអាណា​ដែល​មាន​អាយុ​២០​ឆ្នាំ​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​យើង​គឺ​រាជាណាចក្រ​របស់​ព្រះ​»។ តើ​សេចក្ដី​សង្ឃឹម​របស់​គាត់​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​របៀប​គិត​គូរ​និង​របៀប​រស់​នៅ​របស់​គាត់? នេះ​ជួយ​គាត់​ឲ្យ​ចាំ​ថា​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ជា​ជាង​ខំ​ប្រឹង​ឲ្យ​មាន​អាជីព​ល្អ​ក្នុង​របៀប​របប​ពិភព​លោក​នេះ ប្អូន​ឃីអាណា​កំពុង​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​គាត់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។

សេចក្ដី​សង្គ្រោះ​ជា​មួក​ការពារ​ក្បាល (​សូម​មើល​វគ្គ​១៥​-​១៨​)

«​ដាវ​នៃ​សកម្មពល​ពោល​គឺ​បណ្ដាំ​របស់​ព្រះ​»

១៩, ២០. តើ​តាម​របៀប​ណា​យើង​អាច​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​បណ្ដាំ​របស់​ព្រះ?

១៩ ទាហាន​រ៉ូម​ប្រើ​ដាវ​ដែល​មាន​ប្រវែង​ប្រហែល​ជា​៥០​សង់ទីម៉ែត្រ។ ទាហាន​ទាំង​នោះ​ប្រើ​ដាវ​របស់​ពួក​គេ​យ៉ាង​ពូកែ​ដោយ​សារ​ពួក​គេ​បាន​ហាត់​ប្រើ​ដាវ​នោះ​រាល់​ថ្ងៃ។

២០ សាវ័ក​ប៉ូល​បាន​និយាយ​ថា​បណ្ដាំ​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​ដាវ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​បណ្ដាំ​របស់​លោក​ដល់​យើង។ ប៉ុន្ដែ យើង​ត្រូវ​ចេះ​ប្រើ​បណ្ដាំ​នោះ​យ៉ាង​ប៉ិន​ប្រសប់​ដើម្បី​ការពារ​ជំនឿ​របស់​យើង ឬ​ដើម្បី​កែ​តម្រង់​របៀប​គិត​គូរ​របស់​យើង។ (​កូរិនថូស​ទី២ ១០:៤, ៥; ធីម៉ូថេ​ទី២ ២:១៥​) តើ​តាម​របៀប​ណា​ប្អូន​អាច​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​បណ្ដាំ​របស់​ព្រះ? ប្អូន​ប្រុស​ស៊ីបាសស្ទៀន​ដែល​មាន​អាយុ​២១​ឆ្នាំ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​អាន​គម្ពីរ​ផ្ទាល់​ខ្លួន ខ្ញុំ​សរសេរ​ខ​មួយ​ពី​ជំពូក​នីមួយ​ៗ​ដែល​ខ្ញុំ​អាន។ ខ្ញុំ​ធ្វើ​បញ្ជី​មួយ​អំពី​ខ​គម្ពីរ​ដែល​ខ្ញុំ​ចូល​ចិត្ដ​ជាង​គេ​»។ នេះ​ជួយ​គាត់​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា។ ប្អូន​ដានីយ៉ែល​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​អាន​គម្ពីរ​ផ្ទាល់​ខ្លួន ខ្ញុំ​ជ្រើស​រើស​ខ​គម្ពីរ​ដែល​ខ្ញុំ​គិត​ថា​នឹង​ជួយ​មនុស្ស​ដែល​ខ្ញុំ​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ខ្ញុំ​បាន​ឃើញ​ថា​មនុស្ស​មាន​ប្រតិកម្ម​ល្អ​ពេល​ពួក​គេ​ឃើញ​ថា​យើង​ស្រឡាញ់​គម្ពីរ​និង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គេ​»។

ដាវ​នៃ​សកម្មពល (​សូម​មើល​វគ្គ​១៩​-​២០​)

២១. ហេតុ​អ្វី​យើង​មិន​គួរ​ខ្លាច​សាថាន​និង​ពួក​វិញ្ញាណ​កំណាច?

២១ ដូច​យើង​បាន​រៀន​ពី​គំរូ​របស់​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​អត្ថបទ​នេះ យើង​មិន​ចាំ​បាច់​ខ្លាច​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ទេ។ ពិត​មែន​ថា​ពួក​វា​មាន​ឫទ្ធា​នុភាព ប៉ុន្ដែ​ពួក​វា​មិន​មាន​ឫទ្ធា​នុភាព​ខ្លាំង​ជាង​ព្រះ​យេហូវ៉ា​ឡើយ។ ម្យ៉ាង​ទៀត ពួក​វា​នឹង​មិន​រស់​ជា​រៀង​រហូត​ទេ។ ពួក​វា​នឹង​ត្រូវ​ឃុំ​ក្នុង​ទី​ជ្រៅ​បំផុត ហើយ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​បាប​អ្នក​ណា​ម្នាក់​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ដ​ឡើយ រួច​មក​ពួក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​ការ​បើក​បង្ហាញ ២០:១​-​៣, ៧​-​១០​) យើង​ស្គាល់​សត្រូវ​របស់​យើង កលល្បិច​របស់​វា និង​គោល​បំណង​របស់​វា។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​វា​បាន!