លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​អ្នក​ដែល​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»​

ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​អ្នក​ដែល​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»​

​«​គ្រាប់​ពូជ​នៅ​លើ​ដី​ល្អ នោះ​សំដៅ​ទៅ​អ្នក​ដែល . . . ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»។—លូកា ៨:១៥

ចម្រៀង​លេខ: ៦៨, ៧២

១, ២. (​ក​) ហេតុ​អ្វី​យើង​ទទួល​ការ​លើក​ទឹក​ចិត្ដ​ពី​បង​ប្អូន​ដែល​បន្ដ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មនុស្ស​ជា​ច្រើន​មិន​ចាប់​អារម្មណ៍? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ការ​ផ្សព្វ​ផ្សាយ​នៅ​«​ស្រុក​កំណើត​»​? (​សូម​មើល​កំណត់​សម្គាល់​)

បង​ប្រុស​ស៊ើហ្សូ​និង​បង​ស្រី​អូលីនដា​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​សហរដ្ឋ​អាម៉េរិក។ ពួក​គាត់​ទាំង​ពីរ​នាក់​មាន​អាយុ​៨០​ឆ្នាំ​ជាង។ ថ្មី​ៗ​នេះ ពួក​គាត់​ឈឺ​ជើង ហើយ​ពិបាក​ដើរ។ ប៉ុន្ដែ ដូច​ដែល​ពួក​គាត់​បាន​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពួក​គាត់​ដើរ​ទៅ​ទី​សាធារណៈ​នៃ​ក្រុង​ដែល​ពួក​គាត់​រស់​នៅ នៅ​ម៉ោង​៧​ព្រឹក។ ពួក​គាត់​នៅ​ជិត​ចំណត​ឡាន​ក្រុង ហើយ​ស្នើ​ផ្ដល់​សៀវភៅ​របស់​យើង​ដល់​មនុស្ស​ដែល​ដើរ​កាត់​ទី​នោះ។ មនុស្ស​ភាគ​ច្រើន​មិន​បាន​អើពើ​នឹង​ពួក​គាត់​ទេ ប៉ុន្ដែ​បង​ស៊ើហ្សូ​និង​បង​អូលីនដា​នៅ​តែ​ឈរ​កន្លែង​នោះ ហើយ​ញញឹម​ដាក់​មនុស្ស​ទាំង​អស់​ដែល​មើល​មក​ពួក​គាត់។ នៅ​ថ្ងៃ​ត្រង់ ពួក​គាត់​ដើរ​យឺត​ៗ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លុះ​ព្រឹក​ឡើង នៅ​ម៉ោង​៧ ពួក​គាត់​ទៅ​ចំណត​ឡាន​ក្រុង​នោះ​ម្ដង​ទៀត។ ជា​រៀង​រាល់​សប្ដាហ៍ ពួក​គាត់​បន្ដ​ផ្សព្វ​ផ្សាយ​នៅ​ពេល​ព្រឹក អស់​៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

ដូច​បង​ស៊ើហ្សូ​និង​បង​អូលីនដា​ដែរ មាន​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ដែល​ផ្សព្វ​ផ្សាយ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ស្រុក​កំណើត​ឬ​តំបន់​ដែល​ពួក​គេ​រស់​នៅ ទោះ​ជា​មនុស្ស​ភាគ​ច្រើនមិន​ចាប់​អារម្មណ៍​ក៏​ដោយ។ អ្នក​ប្រហែល​ជា​ផ្សព្វ​ផ្សាយ​នៅ​តំបន់​បែប​នោះ​ដែរ។ បើ​ដូច្នេះ យើង​សូម​សរសើរ​អ្នក ដោយ​សារ​អ្នក​កំពុង​ស៊ូ​ទ្រាំ​និង​បន្ដ​ផ្សព្វ​ផ្សាយ ទោះ​ជា​ពិបាក​ក៏​ដោយ។ * (​សូម​មើល​កំណត់​សម្គាល់​) គំរូ​របស់​អ្នក លើក​ទឹក​ចិត្ដ​បង​ប្អូន​ជា​ច្រើន​នាក់ សូម្បី​តែ​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក៏​ទទួល​ការ​លើក​ទឹក​ចិត្ដ​ដែរ។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ខ្លះ​បាន​និយាយ។ បង​ប្រុស​ម្នាក់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​បែប​នេះ គំរូ​របស់​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ​»។ បង​ប្រុស​ម្នាក់​ទៀត​និយាយ​ថា​៖ ​«​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ លើក​ទឹក​ចិត្ដ​ខ្ញុំ​ឲ្យ​បន្ដ​ព្យាយាម ហើយ​មាន​ចិត្ដ​ក្លាហាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​ទៀត​និយាយ​ថា​៖ ​«​គំរូ​របស់​ពួក​គេ​លើក​ទឹក​ចិត្ដ​ខ្ញុំ​ណាស់​»។

៣. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​បី​គឺ​៖ ហេតុ​អ្វី​ជួន​កាល​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ដ? តើ​ការ​បង្កើត​ផល​មាន​ន័យ​យ៉ាង​ណា? តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បន្ដ​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល? ការ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ នឹង​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​បន្ដ​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​យើង។

ហេតុ​អ្វី​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ដ?

៤. (​ក​) តើ​ប្រតិកម្ម​មិន​ល្អ​របស់​ជន​ជាតិ​យូដា​ភាគ​ច្រើន​ធ្វើ​ឲ្យ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​ប៉ូល​មាន​អារម្មណ៍​បែប​នេះ?

តើ​អ្នក​ធ្លាប់​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​មនុស្ស​នៅ​តំបន់​ផ្សាយ​របស់​អ្នក​មិន​ចង់​ស្តាប់​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ឬ​ទេ? បើ​ដូច្នេះ អ្នក​នឹង​យល់​អារម្មណ៍​របស់​សាវ័ក​ប៉ូល។ គាត់​បាន​ផ្សព្វ​ផ្សាយ​អស់​ប្រហែល​ជា​៣០​ឆ្នាំ ហើយ​គាត់​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​ជា​គ្រិស្ដ​សាសនិក។ (​សកម្មភាព ១៤:២១; កូរិនថូស​ទី២ ៣:២, ៣​) ប៉ុន្ដែ គាត់​មិន​បាន​ជួយ​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​ឲ្យ​ទៅ​ជា​គ្រិស្ដ​សាសនិក​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ភាគ​ច្រើន​មិន​ព្រម​ស្តាប់​ប៉ូល ហើយ​អ្នក​ខ្លះ​ថែម​ទាំង​បាន​បៀត​បៀន​គាត់​ទៀត​ផង។ (​សកម្មភាព ១៤:១៩; ១៧:១, ៤, ៥, ១៣​) តើ​ប្រតិកម្ម​មិន​ល្អ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា? គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​និង​ឈឺ​ចាប់​ក្នុង​ចិត្ដ​ជា​និច្ច​»។ (​រ៉ូម ៩:១​-​៣​) ហេតុ​អ្វី​គាត់​មាន​អារម្មណ៍​បែប​នេះ? ពី​ព្រោះ​គាត់​ពិត​ជា​ស្រឡាញ់​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​គាត់​ក៏​ស្រឡាញ់​មនុស្ស​ដែរ។ ប៉ូល​ពិត​ជា​យក​ចិត្ដ​ដាក់​ចំពោះ​ជន​ជាតិ​យូដា ហើយ​កើត​ទុក្ខ​ពេល​ដែល​ពួក​គេ​មិន​ព្រម​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ។

៥. (​ក​) តើ​អ្វី​ជំរុញ​ចិត្ដ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ? (​ខ​) ហេតុ​អ្វី​គឺ​ជា​ការ​ធម្មតា​ដែល​ជួន​កាល​យើង​ធ្លាក់​ទឹក​ចិត្ដ?

ដូច​ប៉ូល យើង​ផ្សព្វ​ផ្សាយ​ដោយ​សារ​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​មនុស្ស ហើយ​ចង់​ជួយ​ពួក​គេ។ (​ម៉ាថាយ ២២:៣៩; កូរិនថូស​ទី១ ១១:១​) តាម​បទ​ពិសោធន៍​របស់​យើង​ផ្ទាល់ យើង​ដឹង​ថា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត​គឺ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ឃើញ​ថា​ពួក​គេ​អាច​មាន​ជីវិត​ដ៏​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់! ហេតុ​នេះ យើង​បន្ដ​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ។ នេះ​គឺ​ហាក់​ដូច​ជា​យើង​កំពុង​យក​អំណោយ​ដ៏​វិសេស​មួយ​ឲ្យ​ពួក​គេ ហើយ​អង្វរ​ពួក​គេ​ថា ‹សូម​មេត្ដា​ទទួល​យក​អំណោយ​នេះ›។ ដូច្នេះ ពេល​ដែល​ពួក​គេ​មិន​ព្រម​ទទួល​អំណោយ​នោះ ជា​ការ​ធម្មតា​ទេ​ដែល​យើង​«​ឈឺ​ចាប់​ក្នុង​ចិត្ដ​»​ដូច​ប៉ូល។ យើង​មាន​អារម្មណ៍​ឈឺ​ចិត្ដ​បែប​នេះ មិន​មែន​ដោយ​សារ​យើង​ខ្វះ​ជំនឿ​ទេ ប៉ុន្ដែ​ដោយ​សារ​យើង​ពិត​ជា​ស្រឡាញ់​មនុស្ស។ ដូច្នេះ ទោះ​ជា​ជួន​កាល​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ដ​ក៏​ដោយ យើង​បន្ដ​ផ្សព្វ​ផ្សាយ។ យើង​ប្រហែល​ជា​យល់​ស្រប​នឹង​បង​ស្រី​អេឡីណា​ដែល​បាន​ត្រួស​ត្រាយ​ជាង​២៥​ឆ្នាំ ពេល​គាត់​និយាយ​ថា​៖ ​«​ការ​ផ្សព្វ​ផ្សាយ​គឺ​ពិបាក​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​កិច្ច​នេះ​ជាង​កិច្ច​ការ​ណា​ទាំង​អស់​»។

តើ​ការ​បង្កើត​ផល​មាន​ន័យ​យ៉ាង​ណា?

៦. តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី?

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​យើង​អាច​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ទោះ​ជា​យើង​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​ក៏​ដោយ? ដើម្បី​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​នេះ សូម​យើង​ពិចារណា​អំពី​ឧទាហរណ៍​ពីរ​របស់​លោក​យេស៊ូ។ ក្នុង​ឧទាហរណ៍​ទាំង​នេះ លោក​បាន​មាន​ប្រសាសន៍​អំពី​ភាព​ចាំ​បាច់​នៃ​ការ​«​បង្កើត​ផល​»។ (​ម៉ាថាយ ១៣:២៣​) ឧទាហរណ៍​ទី១​គឺ​អំពី​វល្លិ​ទំពាំង​បាយ​ជូរ។

៧. (​ក​) ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​អ្នក​ណា​តំណាង​«​អ្នក​ដាំ​»​ ​«​វល្លិ​ទំពាំង​បាយ​ជូរ​»​ និង​«​មែក​»​? (​ខ​) តើ​យើង​នៅ​តែ​ត្រូវ​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី?

សូម​អាន យ៉ូហាន ១៥:១​-​៥, ក្នុង​ឧទាហរណ៍​នេះ លោក​យេស៊ូ​បាន​ពន្យល់​ថា​ព្រះ​យេហូវ៉ា​ជា​«​អ្នក​ដាំ​»​ លោក​យេស៊ូ​ផ្ទាល់​ជា​«​វល្លិ​ទំពាំង​បាយ​ជូរ​»​ ហើយ​អ្នក​កាន់​តាម​លោក​ជា​«​មែក​»។ * (​សូម​មើល​កំណត់​សម្គាល់​) ក្រោយ​មក​លោក​យេស៊ូ​បាន​ប្រាប់​សាវ័ក​របស់​លោក​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច ហើយ​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។ ដូច្នេះ តើ​ការ​បង្កើត​ផល​មាន​ន័យ​យ៉ាង​ណា? ក្នុង​ឧទាហរណ៍​នេះ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ចំ​ៗ​ថា​ផល​ជា​អ្វី​ទេ ប៉ុន្ដែ​លោក​បាន​ផ្ដល់​ព័ត៌មាន​ដែល​ជួយ​យើង​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ។

៨. (​ក​) ហេតុ​អ្វី​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ការ​«​បង្កើត​ផល​»​មិន​អាច​មាន​ន័យ​ថា​យើង​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ជា​អ្នក​កាន់​តាម​ថ្មី? (​ខ​) ស្ដី​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ តើ​អ្វី​ជា​ការ​ពិត?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​បិតា​របស់​លោក​ថា បិតា​លោក​យក​ចេញ​នូវ​«​មែក​ណា​របស់​ខ្ញុំ​ដែល​មិន​មាន​ផល​ផ្លែ​»។ បើ​និយាយ​ឲ្យ​ស្រួល​យល់ យើង​អាច​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​លុះ​ត្រា​តែ​យើង​បង្កើត​ផល។ (​ម៉ាថាយ ១៣:២៣; ២១:៤៣​) ដូច្នេះ ក្នុង​ឧទាហរណ៍​នេះ ការ​បង្កើត​ផល​មិន​អាច​សំដៅ​លើ​ការ​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ថ្មី​របស់​លោក​ទេ។ (​ម៉ាថាយ ២៨:១៩​) បើ​ការ​បង្កើត​ផល​មាន​ន័យ​ដូច្នេះ​មែន សាក្សី​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​ដែល​មិន​បាន​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ដូច​មែក​ដែល​មិន​បង្កើត​ផល។ ប៉ុន្ដែ​នេះ​មិន​អាច​ទៅ​រួច​ទេ! ហេតុ​អ្វី? ពី​ព្រោះ​យើង​មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ឡើយ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ លោក​នឹង​មិន​សុំ​ឲ្យ​យើង​ធ្វើ​អ្វី​ណា​ដែល​យើង​គ្មាន​សមត្ថភាព​ធ្វើ​ទេ។ លោក​សុំ​ឲ្យ​យើង​ធ្វើ​តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ប៉ុណ្ណោះ។—ចោទិយកថា ៣០:១១​-​១៤

៩. (​ក​) តើ​យើង​បង្កើត​ផល​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិចារណា​ឧទាហរណ៍​អ្វី?

ដូច្នេះ តើ​ការ​បង្កើត​ផល​មាន​ន័យ​យ៉ាង​ណា? នេះ​ត្រូវ​ជា​អ្វី​មួយ​ដែល​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​បាន។ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កិច្ច​ការ​អ្វី​ដល់​អ្នក​បម្រើ​ទាំង​អស់​របស់​លោក? គឺ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ * (​សូម​មើល​កំណត់​សម្គាល់​) (​ម៉ាថាយ ២៤:១៤​) ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​អ្នក​សាប​ព្រោះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ។ សូម​យើង​ពិចារណា​អំពី​ឧទាហរណ៍​នេះ​ដែរ។

១០. (​ក​) ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​គ្រាប់​ពូជ​និង​ដី​សំដៅ​លើ​អ្វី? (​ខ​) តើ​ស្រូវ​សាលី​មួយ​ដើម​បង្កើត​អ្វី?

១០ សូម​អាន លូកា ៨:៥​-​៨, ១១​-​១៥ក្នុង​ឧទាហរណ៍​អំពី​អ្នក​សាប​ព្រោះ លោក​យេស៊ូ​បាន​ពន្យល់​ថា គ្រាប់​ពូជ​គឺ​ជា​«​បណ្ដាំ​របស់​ព្រះ​»​ឬ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ។ ដី​សំដៅ​លើ​ចិត្ដ​របស់​បុគ្គល​ណា​ម្នាក់។ គ្រាប់​ពូជ​ដែល​បាន​ធ្លាក់​លើ​ដី​ល្អ ចាក់​ឫស ចេញ​ពន្លក ហើយ​ទៅ​ជា​រុក្ខជាតិ​មួយ។ ក្រោយ​មក រុក្ខជាតិ​នោះ​«​បង្កើត​ផល​មួយ​ជា​មួយ​រយ​»។ បើ​រុក្ខជាតិ​នោះ​ជាស្រូវ​សាលី តើ​វា​នឹង​បង្កើត​ផល​បែប​ណា? ដើម​ស្រូវ​សាលី​តូច​ៗ​ឬ? មិន​មែន​ទេ វា​នឹង​បង្កើត​គ្រាប់​ពូជ ដែល​ក្រោយ​មក​នឹង​ដុះ​ឡើង ហើយ​ទៅ​ជា​ដើម​ស្រូវ​សាលី។ ក្នុង​ឧទាហរណ៍​នេះ គ្រាប់​ពូជ​មួយ​គ្រាប់​បាន​បង្កើត​គ្រាប់​ពូជ​១០០។ តើ​នេះ​បង្រៀន​យើង​អ្វី​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

តើ​យើង​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១១​)

១១. (​ក​) តើ​ឧទាហរណ៍​អំពី​អ្នក​សាប​ព្រោះ​បង្រៀន​យើង​អ្វី​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង? (​ខ​) តើ​យើង​បង្កើត​គ្រាប់​ពូជ​ថ្មី​យ៉ាង​ដូច​ម្ដេច?

១១ ពេល​ឪ​ពុក​ម្ដាយ​របស់​យើង​ដែល​ជា​គ្រិស្ដ​សាសនិក ឬ​សាក្សី​ឯ​ទៀត​បាន​បង្រៀន​យើង​ជា​លើក​ដំបូង​អំពី​រាជាណាចក្រ​របស់​ព្រះ គឺ​ហាក់​ដូច​ជា​ពួក​គាត់​បាន​ដាំ​គ្រាប់​ពូជ​នៅ​លើ​ដី​ល្អ។ ពួក​គាត់​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ពេល​ដែល​ពួក​គាត់​បាន​ឃើញ​ថា​យើង​ទទួល​យក​ដំណឹង​ល្អ។ គ្រាប់​ពូជ​នោះ បន្ដ​ដុះ​ឡើង​រហូត​ដល់​វា​អាច​បង្កើត​ផល។ ដូច​ស្រូវ​សាលី​មួយ​ដើម​មិន​បង្កើត​ដើម​ថ្មី តែ​បង្កើត​គ្រាប់​ពូជ​ថ្មី យើង​មិន​បង្កើត​អ្នក​កាន់​តាម​ថ្មី​ទេ តែ​បង្កើត​គ្រាប់​ពូជ​ថ្មី។ * (​សូម​មើល​កំណត់​សម្គាល់​) តើ​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គ្រាប់​ពូជ​ដែល​បាន​ត្រូវ​ដាំ​ក្នុង​ចិត្ដ​របស់​យើង បាន​បង្កើត​គ្រាប់​ពូជ​ថ្មី​ជា​ច្រើន​ទៀត ហើយ​រាល់​ដង​ដែល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ គឺ​ហាក់​ដូច​ជា​យើង​សាប​ព្រោះ​គ្រាប់​ពូជ​ទាំង​នោះ។ (​លូកា ៦:៤៥; ៨:១​) ដូច្នេះ ដរាប​ណា​ដែល​យើង​បន្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ ដរាប​នោះ​យើង​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»។

១២. (​ក​) តើ​យើង​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​វល្លិ​ទំពាំង​បាយ​ជូរ​និង​អ្នក​សាប​ព្រោះ? (​ខ​) តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

១២ តើ​យើង​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​វល្លិ​ទំពាំង​បាយ​ជូរ​និង​អ្នក​សាប​ព្រោះ? យើង​រៀន​ថា​ការ​«​បង្កើត​ផល​»​មិន​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​ទេ តែ​អាស្រ័យ​លើ​ការ​ដែល​យើង​បន្ដ​ផ្សព្វ​ផ្សាយ។ ប៉ូល​បាន​និយាយ​អ្វី​ដែល​ស្រដៀង​នឹង​នេះ ពេល​គាត់​ពន្យល់​ថា បុគ្គល​ម្នាក់​ៗ​«​នឹង​ទទួល​រង្វាន់​តាម​ការ​ខំ​ប្រឹង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។ (​កូរិនថូស​ទី១ ៣:៨​) ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​យើង​តាម​ការ​ខំ​ប្រឹង​របស់​យើង មិន​មែន​តាម​លទ្ធផល​ដែល​មក​ពី​ការ​ខំ​ប្រឹង​នោះ​ទេ។ បង​ស្រី​ម៉ាធីលដា​ដែល​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​អស់​២០​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អំណរ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​»។

តើ​យើង​អាច​ស៊ូ​ទ្រាំ​ក្នុង​ការ​បង្កើត​ផល​តាម​របៀប​ណា?

១៣, ១៤. យោង​ទៅ​តាម​រ៉ូម ១០:១, ២ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ប៉ូល​មិន​ឈប់​ផ្សព្វ​ផ្សាយ?

១៣ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»​? សូម​យើង​ពិចារណា​ថែម​ទៀត​អំពី​គំរូ​របស់​ប៉ូល។ យើង​ដឹង​ថាប៉ូល​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​ជន​ជាតិ​យូដា​មិន​ទទួល​យក​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ។ ប៉ុន្ដែ ប៉ូល​មិន​បាន​ឈប់​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​ទេ។ គាត់​បាន​រៀប​រាប់​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​ជន​ជាតិ​យូដា​ទាំង​នោះ ពេល​ដែល​គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ប៉ង​ប្រាថ្នា​ក្នុង​ចិត្ដ ក៏​អង្វរ​សុំ​ព្រះ​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​សង្គ្រោះ។ ព្រោះ​ខ្ញុំ​ជា​សាក្សី​បញ្ជាក់​ថា ពួក​គេ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ក្នុង​ការ​បម្រើ​ព្រះ តែ​ដោយ​គ្មាន​ចំណេះ​ត្រឹម​ត្រូវ​»។ (​រ៉ូម ១០:១, ២​) ដូច្នេះ ហេតុ​អ្វី​ប៉ូល​បន្ដ​ផ្សព្វ​ផ្សាយ?

១៤ ទី១ ប៉ូល​បាន​និយាយ​ថា‹សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​ចិត្ដ›របស់​គាត់ ជំរុញ​ចិត្ដ​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​យូដា។ គាត់​ពិត​ជា​ចង់​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​សង្គ្រោះ។ (​រ៉ូម ១១:១៣, ១៤​) ទី២ គាត់​បាន​និយាយ​ថា​គាត់​បាន​«​អង្វរ​សុំ​ព្រះ​ឲ្យ​ពួក​គេ​»។ ប៉ូល​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ជន​ជាតិ​យូដា​ម្នាក់​ៗ​ទទួល​យក​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ។ ទី៣ ប៉ូល​បាន​និយាយ​ថា​៖ ​«​ពួក​គេ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ក្នុង​ការ​បម្រើ​ព្រះ​»។ ប៉ូល​បាន​រក​មើល​ចំណុច​ល្អ​របស់​មនុស្ស​ម្នាក់​ៗ ហើយ​ឃើញ​ថា​ពួក​គេ​អាច​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ គាត់​ដឹង​ថា​ជន​ជាតិ​យូដា​ទាំង​នោះ​ដែល​មាន​ចិត្ដ​ខ្នះ​ខ្នែង អាច​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ដ​យ៉ាង​ខ្នះ​ខ្នែង​ដូច​គាត់​ដែរ។

១៥. តើ​យើង​អាច​យក​តម្រាប់​ប៉ូល​តាម​របៀប​ណា? សូម​លើក​ឧទាហរណ៍។

១៥ តើ​យើង​អាច​យក​តម្រាប់​ប៉ូល​តាម​របៀប​ណា? ទី១ យើង​ត្រូវ​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ស្វែង​រក​ពួក​អ្នក​ដែល​«​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ ទី២ យើង​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ដែល​មាន​ចិត្ដ​ស្មោះ​ឲ្យ​ស្តាប់​ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ។ (​សកម្មភាព ១៣:៤៨; ១៦:១៤​) បង​ស្រី​ស៊ីលវ៉ាណា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ជិត​៣០​ឆ្នាំ​មក​ហើយ បាន​ធ្វើ​ដូច្នេះ។ គាត់​និយាយ​ថា​៖ ​«​មុន​ខ្ញុំ​ទៅ​ផ្ទះ​ណា​មួយ​ក្នុង​តំបន់​ផ្សាយ ខ្ញុំ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ដ​គំនិត​ត្រឹម​ត្រូវ​»។ យើង​ក៏​អធិដ្ឋាន​ទៅ​ព្រះ ដើម្បី​សូមឲ្យ​ទេវតា​របស់​លោក​ជួយ​យើង​រក​ឃើញ​មនុស្ស​ដែល​ពេញ​ចិត្ដ​ស្តាប់។ (​ម៉ាថាយ ១០:១១​-​១៣; ការ​បើក​បង្ហាញ ១៤:៦​) បង​ប្រុស​រ៉ូបឺត​ដែល​ត្រួស​ត្រាយ​ជាង​៣០​ឆ្នាំ និយាយ​ថា​៖ ​«​ការ​រួម​ការ​ងារ​ជា​មួយ​ទេវតា​ដែល​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​របស់​ម្ចាស់​ផ្ទះ គឺ​ជា​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​ណាស់​»។ ទី៣ យើង​ព្យាយាម​រក​ចំណុច​ល្អ​របស់​មនុស្ស​ម្នាក់​ៗ ហើយ​ព្យាយាម​រក​មើល​នូវ​អ្វី​ដែល​បង្ហាញ​ថា​ពួក​គេ​អាច​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ បង​ប្រុស​ខាល​ដែល​ជា​អ្នក​ចាស់​ទុំ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជាង​៥០​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​ស្វែង​រក​អ្វី​ណា​ដែល​អាច​បង្ហាញ​ថា​បុគ្គល​ណា​ម្នាក់​មាន​ចិត្ដ​ស្មោះ ដូច​ជា​គាត់​ញញឹម​ដាក់​ខ្ញុំ គាត់​មើល​មក​ខ្ញុំ​ដោយ​សប្បុរស ឬ​សួរ​សំណួរ​យ៉ាង​ស្មោះ​ជា​ដើម​»។ បើ​យើង​ធ្វើ​អ្វី​ៗ​ទាំង​នេះ យើង​អាច​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»​ដូច​ប៉ូល។

​«​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ​»​

១៦, ១៧. (​ក​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​សាស្តា ១១:៦? (​ខ​) តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ដែល​សង្កេត​មើល​យើង?

១៦ យើង​មិន​គួរ​ភ្លេច​ថា កិច្ច​បម្រើ​ផ្សាយ​របស់​យើង​អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​មនុស្ស ទោះ​ជា​មើល​ទៅ​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ក្ដី។ (​សូម​អាន សាស្តា ១១:៦) មនុស្ស​កំពុង​សង្កេត​មើល​យើង។ ពួក​គេ​កត់​សម្គាល់​ថា​យើង​ស្លៀក​ពាក់​ស្អាត​បាត ហើយ​ថា​យើង​ចេះ​គួរ​សម​និង​រួស​រាយ​រាក់​ទាក់។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គេ​កោត​ស្ងើច ហើយ​ក្រោយ​មក សូម្បី​តែ​ពួក​អ្នក​ដែល​ធ្លាប់​មាន​ទស្សនៈ​មិន​ល្អ​អំពី​យើង​អាច​ចាប់​ផ្ដើម​មាន​ទស្សនៈ​ល្អ​ជាង​ចំពោះ​យើង​វិញ។ បង​ស៊ើហ្សូ​និង​បង​អូលីនដា​បាន​ឃើញ​ថា​នេះ​ជា​ការ​ពិត។

១៧ បង​ស៊ើហ្សូ​និយាយ​ថា​៖ ​«​ដោយ​សារ​យើង​ឈឺ យើង​មិន​បាន​ផ្សព្វ​ផ្សាយ​នៅ​ទី​សាធារណៈ​ជិត​ចំណត​ឡាន​ក្រុង​អស់​មួយ​រយៈ​ពេល។ ពេល​យើង​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​ម្ដង​ទៀត អ្នក​ដែល​ដើរ​កាត់​កន្លែង​នោះ​សួរ​ថា ‹ម៉េច​អត់​ឃើញ​បង​អ៊ីចឹង? យើង​នឹក​បង​ទាំង​ពីរ›​»។ បង​អូលីនដា​ក៏​និយាយ​ដោយ​ញញឹម​ថា​៖ ​«​តៃកុង​ឡាន​បាន​បក់​ដៃ​ដាក់​យើង ហើយ​តៃកុង​ឡាន​ខ្លះ​ស្រែក​ពី​ក្នុង​ឡាន​ថា‹អ្នក​ទាំង​ពីរ​ធ្វើ​កិច្ច​ការ​ល្អ!›។ ពួក​គេ​ថែម​ទាំង​បាន​សុំ​ទស្សនាវដ្ដី​ពី​យើង​»។ បង​ស៊ើហ្សូ​និង​បង​អូលីនដា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ដែល​បុរស​ម្នាក់​មក​រទេះ​រុញ​ដាក់​តាំង​សៀវភៅ​របស់​ពួក​គាត់ ហើយ​ឲ្យ​ផ្កា​មួយ​បាច់​ដល់​ពួក​គាត់​និង​អរគុណ​ពួក​គាត់​សម្រាប់​កិច្ច​ការ​ដែល​ពួក​គាត់​ធ្វើ។

១៨. ហេតុ​អ្វី​អ្នក​តាំង​ចិត្ដ​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»​?

១៨ ដរាប​ណា​ដែល​អ្នក​មិន​«​ទប់​ដៃ​»​របស់​អ្នក​ពី​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​ព្រះ ដរាប​នោះ​អ្នក​មាន​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​«​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»​ដំណឹង​ល្អ។ (​ម៉ាថាយ ២៤:១៤​) សំខាន់​បំផុត អ្នក​អាច​មាន​អំណរ​យ៉ាង​ខ្លាំង​ដោយ​សារ​អ្នក​ដឹង​ថា​អ្នក​កំពុង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ។ លោក​ស្រឡាញ់​អស់​អ្នក​ដែល​«​ស៊ូ​ទ្រាំ​ព្រម​ទាំង​បង្កើត​ផល​»​!

^ វគ្គ 2 សូម្បី តែ​លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ថា ការ​ផ្សព្វ​ផ្សាយ​នៅ​«​ស្រុក​កំណើត​»​របស់​លោក​គឺ​ពិបាក។ ចំណុច​នេះ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។—ម៉ាថាយ ១៣:៥៧; ម៉ាកុស ៦:៤; លូកា ៤:២៤; យ៉ូហាន ៤:៤៤

^ វគ្គ 7 ទោះ​ជា​មែក​ក្នុង​ឧទាហរណ៍​នេះ​សំដៅ​លើ​គ្រិស្ដ​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ក៏​ដោយ ឧទាហរណ៍​នេះ​មាន​មេ​រៀន​សម្រាប់​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ។

^ វគ្គ 9 ពាក្យ​«​បង្កើត​ផល​»​ក៏​អាច​សំដៅ​លើ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។ ប៉ុន្ដែ អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បង្កើត​«​ផល​នៃ​បបូរ​មាត់​»​ ឬ​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។—កាឡាទី ៥:២២, ២៣; ហេប្រឺ ១៣:១៥

^ វគ្គ 11 នៅ​ពេល​ផ្សេង​ទៀត លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​ការ​សាប​ព្រោះ​និង​ការ​ច្រូត​កាត់​ដើម្បី​ពន្យល់​អំពី​កិច្ច​ការ​ជួយ​មនុស្ស​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក។—ម៉ាថាយ ៩:៣៧; យ៉ូហាន ៤:៣៥​-​៣៨