លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុ​ដែល​យើង​បន្ដ​បង្កើត​«​ផល​ផ្លែ​ជា​ច្រើន​»​

មូលហេតុ​ដែល​យើង​បន្ដ​បង្កើត​«​ផល​ផ្លែ​ជា​ច្រើន​»​

​«​បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ​អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច ហើយ​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។—យ៉ូហាន ១៥:៨

ចម្រៀង​លេខ: ៥៣, ៦០

១, ២. (​ក​) តើ​លោក​យេស៊ូ​បាន​និយាយ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​អំពី​អ្វី​នៅ​យប់​មុន​លោក​ស្លាប់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ចាំ​អំពី​មូលហេតុ​ដែល​យើង​ផ្សព្វ​ផ្សាយ? (​គ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​និយាយ​យ៉ាង​យូរ​ជា​មួយ​នឹង​ពួក​សាវ័ក​របស់​លោក។ លោក​បាន​ពង្រឹង​ទំនុក​ចិត្ដ​ពួក​គេ​ថា​លោក​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ លោក​ក៏​បាន​ប្រាប់​ពួក​គេ​នូវ​ឧទាហរណ៍​អំពី​វល្លិ​ទំពាំង​បាយ​ជូរ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន។ លោក​យេស៊ូ​ចង់​លើក​ទឹក​ចិត្ដ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ដ​បង្កើត​«​ផល​ផ្លែ​ជា​ច្រើន​»​ ពោល​គឺ​ស៊ូ​ទ្រាំ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ។—យ៉ូហាន ១៥:៨

ប៉ុន្ដែ លោក​យេស៊ូ​មិន​គ្រាន់​តែ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​បន្ដ​ផ្សព្វ​ផ្សាយ។ គឺ​សំខាន់​ដែល​យើង​ចាំ​អំពី​មូលហេតុ​ដែល​យើង​ក៏​ត្រូវ​បន្ដ​ផ្សព្វ​ផ្សាយ​ដែរ។ ការ​គិត​អំពី​រឿង​នេះ​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​ស៊ូ​ទ្រាំ​កាល​ដែល​យើង​ផ្សព្វ​ផ្សាយ​«​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»។ (​ម៉ាថាយ ២៤:១៣, ១៤​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​បួន​ដែល​យើង​ផ្សព្វ​ផ្សាយ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ។ យើង​ក៏​នឹង​ពិចារណា​អំពី​អំណោយ​បួន​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ដែល​ជួយ​យើង​ឲ្យ​បន្ដ​បង្កើត​ផល។

យើង​លើក​តម្កើង​ព្រះ​យេហូវ៉ា

៣. (​ក​) យោង​ទៅ​តាម​យ៉ូហាន ១៥:៨ តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង​ផ្សព្វ​ផ្សាយ? (​ខ​) ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​ផ្លែ​ទំពាំង​បាយ​ជូរ​តំណាង​អ្វី ហើយ​ហេតុ​អ្វី​ការ​ប្រៀប​ប្រដូច​នេះ​គឺ​សម​ត្រឹម​ត្រូវ?

មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ផ្សព្វ​ផ្សាយ​គឺ​យើង​ចង់​លើក​តម្កើង​ព្រះ​យេហូវ៉ា និង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ (​សូម​អាន យ៉ូហាន ១៥:១, ) ពេល​លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​អំពី​វល្លិ​ទំពាំង​បាយ​ជូរ លោក​បាន​ប្រៀប​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​អ្នក​ដាំ​ឬ​អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​លោក​ផ្ទាល់​គឺ​ជា​វល្លិ​ទំពាំង​បាយ​ជូរ ហើយ​អ្នក​កាន់​តាម​លោក​គឺ​ជា​មែក។ (​យ៉ូហាន ១៥:៥​) ដូច្នេះ​ក្នុង​ឧទាហរណ៍​នេះ ផ្លែ​ទំពាំង​បាយ​ជូរ​ជា​តំណាង​ផល​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​បង្កើត ឬ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​ពួក​គេ​ធ្វើ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច​»។ ពេល​ដើម​ទំពាំង​បាយ​ជូរ​បង្កើត​ផល​ផ្លែ​ល្អ នេះ​ធ្វើ​ឲ្យ​អ្នក​ដាំ​ទទួល​ការ​សរសើរ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិ​យស​ឬ​ការ​សរសើរ​តម្កើង។—ម៉ាថាយ ២៥:២០​-​២៣

ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិ​យស

៤. (​ក​) តើ​យើង​អាច​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​ដែល​អ្នក​មាន​ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ?

នាម​របស់​ព្រះ​គឺ​បរិសុទ្ធ​រួច​ហើយ។ គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​ជាង​ទេ។ ដូច្នេះ​ពេល​យើង​ផ្សព្វ​ផ្សាយ តើ​យើង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច? សូម​កត់​សម្គាល់​អ្វី​ដែល​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ គឺ​ថា​៖ ​«​ត្រូវ​ឲ្យ​រាប់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទុក​ជា​បរិសុទ្ធ​»។ (​អេសាយ ៨:១៣​) យើង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​ពេល​យើង​ចាត់​ទុក​នាម​នោះ​ថា​ខ្ពង់​ខ្ពស់​បំផុត​លើស​ជាង​នាម​ឯ​ទៀត ហើយ​ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ថា​នាម​នោះ​គឺ​បរិសុទ្ធ។ (​ម៉ាថាយ ៦:៩​) ជា​ឧទាហរណ៍ ពេល​យើង​បង្រៀន​មនុស្ស​នូវ​សេចក្ដី​ពិត​អំពី​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ ពោល​គឺ​ជីវិត​ជា​រៀង​រហូត​នៅ​ក្នុង​សួន​ឧទ្យាន នោះ​យើង​ជួយ​ពួក​គេ​ឲ្យ​ឃើញ​ថា​អ្វី​មិន​ល្អ​ទាំង​អស់​ដែល​សាថាន​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​កុហក។ (​លោកុប្បត្ដិ ៣:១​-​៥​) យើង​ក៏​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​ពេល​យើង​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​សម​នឹង​«​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្ដិ​យស និង​ឫទ្ធា​នុភាព​»។ (​ការ​បើក​បង្ហាញ ៤:១១​) បង​ប្រុស​រូណា​ដែល​បាន​ត្រួស​ត្រាយ​អស់​រយៈ​ពេល​១៦​ឆ្នាំ​និយាយ​ថា​៖ ​«​ការ​ដឹង​ថា​ខ្ញុំ​មាន​ឱកាស​ធ្វើ​ជា​សាក្សី​ឲ្យ​អ្នក​បង្កើត​សកល​លោក ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​បន្ដ​ផ្សព្វ​ផ្សាយ​»។

យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក

៥. (​ក​) នៅ​យ៉ូហាន ១៥:៩, ១០ តើ​អ្វី​ជា​មូលហេតុ​ឲ្យ​ផ្សព្វ​ផ្សាយ? (​ខ​) តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​យល់​ថា​ពួក​គេ​ត្រូវ​ស៊ូ​ទ្រាំ?

សូម​អាន យ៉ូហាន ១៥:៩, ១០មូលហេតុ​ទី២​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​គឺ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ (​ម៉ាកុស ១២:៣០; យ៉ូហាន ១៤:១៥​) លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​គួរ‹រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់›។ ហេតុ​អ្វី​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ? ពី​ព្រោះ​លោក​ដឹង​ថា​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​ស៊ូ​ទ្រាំ​ដើម្បី​មាន​របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក​ពិត។ ក្នុង​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ១៥:៤​-​១០ យើង​ឃើញ​ពាក្យ​«​ជា​និច្ច​»​និង​ពាក្យ​«​រក្សា​ខ្លួន​»​ជា​ច្រើន​ដង នេះ​គឺដោយ​សារ​លោក​ចង់​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​យល់​ថា​ពួក​គេ​នឹង​ត្រូវ​ស៊ូ​ទ្រាំ។

៦. តើ​យើង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​គ្រិស្ដ​ស្រឡាញ់?

តើ​យើង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ចង់​ទទួល​ការ​ពេញ​ចិត្ដ​ពី​គ្រិស្ដ និង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់? គឺ​ដោយ​ស្តាប់​បង្គាប់​លោក។ លោក​យេស៊ូ​សុំ​យើង​ឲ្យ​ធ្វើ​តែ​អ្វី​ដែល​លោក​ផ្ទាល់​បាន​ធ្វើ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ប្រព្រឹត្ដ​តាម​បង្គាប់​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​»។ (​យ៉ូហាន ១៥:១០​) លោក​យេស៊ូ​បាន​ទុក​គំរូ​ឲ្យ​យើង។—យ៉ូហាន ១៣:១៥

៧. តើ​ការ​ស្តាប់​បង្គាប់​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​សេចក្ដី​ស្រឡាញ់?

លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ស្តាប់​បង្គាប់​គឺ​ជាប់​ទាក់​ទង​នឹង​សេចក្ដី​ស្រឡាញ់ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ហើយ​ប្រព្រឹត្ដ​តាម អ្នក​នោះ​ស្រឡាញ់​ខ្ញុំ​»។ (​យ៉ូហាន ១៤:២១​) បង្គាប់​របស់​លោក​យេស៊ូ​គឺ​មក​ពី​បិតា​របស់​លោក ដូច្នេះ​ពេល​យើង​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ១៧:៥; យ៉ូហាន ៨:២៨​) ម្យ៉ាង​ទៀត ពេល​យើង​បង្ហាញ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ថា​យើង​ស្រឡាញ់​លោក​ទាំង​ពីរ យើង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ទាំង​ពីរ​ស្រឡាញ់។

យើង​ព្រមាន​មនុស្ស

៨, ៩. (​ក​) តើ​មាន​មូលហេតុ​អ្វី​ទៀត​ឲ្យ​យើង​ផ្សព្វ​ផ្សាយ? (​ខ​) តើ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៅ​អេសេគាល ៣:១៨, ១៩ និង១៨:២៣​ជំរុញ​ចិត្ដ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​បន្ដ​ផ្សព្វ​ផ្សាយ?

មូលហេតុ​ទី៣​ដែល​យើង​ផ្សព្វ​ផ្សាយ​គឺ​យើង​ចង់​ព្រមាន​អ្នក​ឯ​ទៀត​អំពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដែល​ជិត​មក​ដល់។ ក្នុង​គម្ពីរ​ណូអេ​បាន​ត្រូវ​ហៅ​ថា​ជា​«​អ្នក​ផ្សព្វ​ផ្សាយ​»។ (​សូម​អាន ពេត្រុស​ទី២ ២:៥) មុន​ទឹក​ជំនន់​មក​ដល់​ដំណឹង​ដែល​ណូអេ​បាន​ផ្សព្វ​ផ្សាយ ច្បាស់​ជា​បាន​រួម​បញ្ចូល​ការ​ព្រមាន​អំពី​សេចក្ដី​ហិន​វិនាស​ដែល​នឹង​មក​ដល់។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? ពី​ព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​នៅ​សម័យ​នោះ មុន​ទឹក​ជំនន់​មក​ដល់ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ។ ពេល​កូន​មនុស្ស​មាន​វត្ដមាន ក៏​នឹង​ដូច​គ្នា​ដែរ​»។ (​ម៉ាថាយ ២៤:៣៨, ៣៩​) ទោះ​ជា​មនុស្ស​ភាគ​ច្រើន​មិន​បាន​អើពើ​នឹង​ណូអេ គាត់​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ស្មោះ​ត្រង់​អំពី​ការ​ព្រមាន​ដែល​មក​ពី​ព្រះ​យេហូវ៉ា។

សព្វ​ថ្ងៃ​នេះ យើង​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ដើម្បី​ឲ្យ​មនុស្ស​មាន​ឱកាស​រៀន​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ​នៅ​ពេល​អនាគត។ ដូច​ព្រះ​យេហូវ៉ា យើង​ពិត​ជា​ចង់​ឲ្យ​មនុស្ស​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ដំណឹង​ល្អ ហើយ​«​រស់​នៅ​»​ជា​រៀង​រហូត។ (​អេសេគាល ១៨:២៣​) ពេល​យើង​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​និង​នៅ​កន្លែង​សាធារណៈ យើង​ព្រមាន​មនុស្ស​យ៉ាង​ច្រើន​បំផុត​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់ ហើយ​នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ។—អេសេគាល ៣:១៨, ១៩; ដានីយ៉ែល ២:៤៤; ការ​បើក​បង្ហាញ ១៤:៦, ៧

យើង​ស្រឡាញ់​មនុស្ស

១០. (​ក​) នៅ​ម៉ាថាយ ២២:៣៩ តើ​មាន​មូលហេតុ​អ្វី​ឲ្យ​យើង​ផ្សព្វ​ផ្សាយ? (​ខ​) តើ​ប៉ូល​និង​ស៊ីឡាស​បាន​ជួយ​អ្នក​យាម​គុក​នៅ​ក្រុង​ភីលីព​តាម​របៀប​ណា?

១០ មូលហេតុ​ទី​៤​ដែល​យើង​បន្ដ​ផ្សព្វ​ផ្សាយ​គឺ​យើង​ស្រឡាញ់​មនុស្ស។ (​ម៉ាថាយ ២២:៣៩​) សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ជួយ​យើង​ឲ្យ​បន្ដ​ផ្សព្វ​ផ្សាយ ដោយ​សារ​យើង​ដឹង​ថា​ចិត្ដ​គំនិត​របស់​មនុស្ស​អាច​ផ្លាស់​ប្ដូរ​ពេល​ដែល​កាលៈទេសៈ​របស់​ពួក​គេ​ផ្លាស់​ប្ដូរ។ ជា​ឧទាហរណ៍ អ្នក​ប្រឆាំង​បាន​ចាប់​ប៉ូល​និង​ស៊ីឡាស​ដាក់​គុក​នៅ​ក្រុង​ភីលីព។ ប៉ុន្ដែ នៅ​កណ្ដាល​អធ្រាត្រ​មាន​រញ្ជួយ​ដី​ដែល​ធ្វើ​ឲ្យ​គុក​រង្គោះ​រង្គើ ហើយ​ទ្វារ​គុក​បាន​របើក​ឡើង។ អ្នក​យាម​គុក​បាន​ភ័យ​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​ចង់​សម្លាប់​ខ្លួន ដោយ​សារ​គាត់​ស្មានថា​អ្នក​ទោស​បាន​រត់​បាត់។ ប៉ុន្ដែ​ប៉ូល​បាន​ឃាត់​គាត់​ដោយ​ស្រែក​ថា​៖ ​«​កុំ​ធ្វើ​បាប​ខ្លួន​ឡើយ!​»។ អ្នក​យាម​គុក​បាន​សួរ​ថា​៖ ​«​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ?​»។ ប៉ូល​និង​ស៊ីឡាស​បាន​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ជឿ​លើ​លោក​ម្ចាស់​យេស៊ូ ហើយ​អ្នក . . . នឹង​ទទួល​សេចក្ដី​សង្គ្រោះ​»។—សកម្មភាព ១៦:២៥​-​៣៤

យើង​ផ្សព្វ​ផ្សាយ​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​មនុស្ស (​សូម​មើល​វគ្គ​៥, ១០​)

១១, ១២. (​ក​) ស្ដី​អំពី​កិច្ច​បម្រើ​ផ្សាយ តើ​កំណត់​ហេតុ​អំពី​អ្នក​យាម​គុក​បង្រៀន​យើង​អ្វី? (​ខ​) ហេតុ​អ្វី​យើង​ចង់​បន្ដ​ផ្សព្វ​ផ្សាយ?

១១ តើ​កំណត់​ហេតុ​អំពី​អ្នក​យាម​គុក​បង្រៀន​យើង​អ្វី​អំពី​កិច្ច​បម្រើ​ផ្សាយ? សូម​កត់​សម្គាល់​ថា​គឺ​គ្រាន់​តែ​បន្ទាប់​ពី​រញ្ជួយ​ដី​ដែល​អ្នក​យាម​គុក​បាន​ផ្លាស់​ប្ដូរ​ចិត្ដ​គំនិត​របស់​គាត់ ហើយ​បាន​សុំ​ជំនួយ។ ស្រដៀង​គ្នា​ដែរ មនុស្ស​ខ្លះ​ដែល​មិន​ចង់​ស្តាប់​ដំណឹង​ពី​គម្ពីរ​ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ​ចិត្ដ​គំនិត​និង​ស្វែង​រក​ជំនួយ ពេល​ដែល​មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង​ក្នុង​ជីវិត​របស់​ពួក​គេ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រហែល​ជា​ស្លុត​ចិត្ដ​ដោយ​សារ​ពួក​គេ​លែង​លះ​គ្នា​ឬ​បាត់​បង់​ការ​ងារ។ អ្នក​ខ្លះ​ទៀត ប្រហែល​ជា​ឈឺ​ចិត្ដ​ជា​ខ្លាំង​ដោយ​សារ​ពួក​គេ​ទើប​តែ​ដឹង​ថា​ពួក​គេ​មាន​ជំងឺ​ធ្ងន់​ធ្ងរ ឬ​ដោយ​សារ​បុគ្គល​ណា​ម្នាក់​ដែល​ជិត​ស្និទ្ធ​នឹង​ពួក​គេ​បាន​ស្លាប់។ ពេល​អ្វី​បែប​នេះ​កើត​ឡើង មនុស្ស​ប្រហែល​ជា​ចាប់​ផ្ដើម​សួរ​សំណួរ​អំពី​ជីវិត​ដែល​ពួក​គេ​មិន​ធ្លាប់​គិត​ពី​មុន។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ឆ្ងល់​ថា ‹តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ?›។ នេះ​ប្រហែល​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​ពួក​គេ​ដែល​ពួក​គេ​ចង់​ស្តាប់​អំពី​ដំណឹង​ដែល​យើង​ផ្សាយ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម។

១២ ដូច្នេះ បើ​យើង​បន្ដ​ផ្សព្វ​ផ្សាយ​យ៉ាង​ស្មោះ​ត្រង់ នោះ​យើង​អាច​ជួយ​មនុស្ស​បាន នៅ​ពេល​ដែល​ពួក​គេ​ព្រម​ស្តាប់ ហើយ​ទទួល​យក​ដំណឹង​នៃ​ការ​សម្រាល​ទុក្ខ​ដែល​យើង​ផ្សាយ។ (​អេសាយ ៦១:១​) បង​ស្រី​ហ្សាឡឹត​ដែល​ជា​អ្នក​ត្រួស​ត្រាយ​អស់​រយៈ​ពេល​៣៨​ឆ្នាំ​និយាយ​ថា​៖ ​«​មនុស្ស​សព្វ​ថ្ងៃ​នេះ​ប្រៀប​ដូច​ជា​អ្នក​ដំណើរ​ដែល​វង្វេង​ផ្លូវ។ ពួក​គេ​ត្រូវ​ការ​ឱកាស​ដើម្បី​ឮ​ដំណឹង​ល្អ​»។ បង​ស្រី​អីវ័រ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​អស់​រយៈ​ពេល​៣៤​ឆ្នាំ​និយាយ​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ធ្លាក់​ទឹក​ចិត្ដ​ច្រើន​ជាង​ពេល​មុន​ៗ​ទាំង​អស់។ ខ្ញុំ​ពិត​ជា​ចង់​ជួយ​ពួក​គេ។ នេះ​ជំរុញ​ចិត្ដ​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​»។ យើង​ឃើញ​ច្បាស់​ថា សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​គឺ​ជា​មូលហេតុ​ដ៏​ល្អ​ឲ្យ​យើង​បន្ដ​ផ្សព្វ​ផ្សាយ!

អំណោយ​ដែល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ

១៣, ១៤. (​ក​) តើ​យ៉ូហាន ១៥:១១​រៀប​រាប់​អំពី​អំណោយ​អ្វី? (​ខ​) តើ​យើង​អាច​មាន​អំណរ​ដែល​លោក​យេស៊ូ​មាន​តាម​របៀប​ណា? (​គ​) តើ​អំណរ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៣ នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​ក៏​បាន​រៀប​រាប់​អំពី​អំណោយ​មួយ​ចំនួន​ដែល​នឹង​ជួយ​ពួក​សាវ័ក​របស់​លោក​ឲ្យ​បន្ដ​បង្កើត​ផល។ តើ​អំណោយ​ទាំង​នោះ​គឺ​ជា​អ្វី ហើយ​តើ​អំណោយ​ទាំង​នោះ​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១៤ អំណរ​ជា​អំណោយ​មួយ។ តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​បន្ទុក​សម្រាប់​យើង​ឬ? មិន​មែន​ទេ។ ក្រោយ​ពី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​វល្លិ​ទំពាំង​បាយ​ជូរ លោក​បាន​មានប្រសាសន៍​ថា​ពេល​យើង​ផ្សព្វ​ផ្សាយ​យើង​នឹង​មាន​អំណរ​ដូច​លោក។ (​សូម​អាន យ៉ូហាន ១៥:១១) តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? សូម​ចាំ​ថា​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ លោក​បាន​ប្រៀប​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​វល្លិ​ទំពាំង​បាយ​ជូរ ហើយ​អ្នក​កាន់​តាម​លោក​ទៅ​នឹង​មែក។ មែក​ស្រូប​យក​ទឹក​និង​សារធាតុ​ចិញ្ចឹម​ដែល​វា​ត្រូវ​ការ លុះ​ត្រា​តែ​វា​នៅ​ជាប់​នឹង​ដើម។ ស្រដៀង​គ្នា​ដែរ យើង​អាច​មាន​អំណរ​ដូច​លោក​យេស៊ូ លុះ​ត្រា​តែ​យើង​នៅ​ជាប់​ជា​មួយ​នឹង​លោក​និង​ធ្វើ​តាម​លំ​អាន​ដាន​របស់​លោក​យ៉ាង​ដិត​ដល់។ យ៉ាង​នេះ យើង​នឹង​មាន​អំណរ​ដែល​លោក​មាន ពោល​គឺ​អំណរ​ដែល​មក​ពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (​យ៉ូហាន ៤:៣៤; ១៧:១៣; ពេត្រុស​ទី១ ២:២១​) បង​ស្រី​ហាន់អេ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ជាង​៤០​ឆ្នាំ​មក​ហើយ និយាយ​ថា​៖ ​«​អំណរ​ដែល​ខ្ញុំ​មាន​ក្រោយ​ពី​ផ្សព្វ​ផ្សាយ ជំរុញ​ចិត្ដ​ខ្ញុំ​ឲ្យ​បន្ដ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​»។ អំណរ​នឹង​ជួយ​ពង្រឹង​កម្លាំង​យើង​ឲ្យ​បន្ដ​ផ្សព្វ​ផ្សាយ សូម្បី​តែ​នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​ក្ដី។—ម៉ាថាយ ៥:១០​-​១២

១៥. (​ក​) តើ​អំណោយ​អ្វី​បាន​ត្រូវ​រៀប​រាប់​នៅ​យ៉ូហាន ១៤:២៧? (​ខ​) តើ​សេចក្ដី​សុខ​សាន្ដ​ជួយ​យើង​ឲ្យ​បន្ដ​បង្កើត​ផល​យ៉ាង​ដូច​ម្ដេច?

១៥ សេចក្ដី​សុខ​សាន្ដ​ជា​អំណោយ​មួយ។ (​សូម​អាន យ៉ូហាន ១៤:២៧) នៅ​ល្ងាច​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា​៖ ​«​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​សុខ​សាន្ដ​របស់​ខ្ញុំ​»។ តើ​សេចក្ដី​សុខ​សាន្ដ​របស់​លោក​យេស៊ូ​អាច​ជួយ​យើង​ឲ្យ​បន្ដ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច? ពេល​យើង​បន្ដ​ផ្សព្វ​ផ្សាយ យើង​មាន​សេចក្ដី​សុខ​សាន្ដ ដោយ​សារ​យើង​ដឹង​ថា​យើង​កំពុង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​សប្បាយ​រីក​រាយ។ (​ទំនុក​តម្កើង ១៤៩:៤; រ៉ូម ៥:៣, ៤; កូឡុស ៣:១៥​) បង​ប្រុស​អ៊ុហ្វ​ដែល​បាន​ត្រួស​ត្រាយ​អស់​រយៈ​ពេល​៤៥​ឆ្នាំ និយាយ​ថា​៖ ​«​ទោះ​បី​ជា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ធ្វើ​ឲ្យ​ខ្ញុំ​អស់​កម្លាំង​ក្ដី កិច្ច​ការ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​និង​ស្កប់​ចិត្ដ​ពិត​ប្រាកដ​»។ យើង​មាន​អំណរ​គុណ​ដែល​យើង​បាន​រក​ឃើញ​សេចក្ដី​សុខ​សាន្ដ​ដែល​ស្ថិតស្ថេរ!

១៦. (​ក​) តើ​អំណោយ​អ្វី​បាន​ត្រូវ​រៀប​រាប់​នៅ​យ៉ូហាន ១៥:១៥? (​ខ​) តើ​ពួក​សាវ័ក​អាច​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក​បាន​យ៉ាង​ដូច​ម្ដេច?

១៦ ចំណង​មិត្ដភាព​ជា​អំណោយ​មួយ។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា លោក​ចង់​ឲ្យ​ពួក​គេ​មាន​អំណរ លោក​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​គឺ​សំខាន់។ (​យ៉ូហាន ១៥:១១​-​១៣​) រួច​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ដ​សម្លាញ់​»។ ការ​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក​យេស៊ូ​គឺ​ជា​អំណោយ​មួយ​ដ៏​ពិសេស! ប៉ុន្ដែ តើ​ពួក​សាវ័ក​អាច​បន្ដ​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​បាន​ពន្យល់​ថា​ពួក​គេ​ត្រូវ​«​មាន​ផល​ផ្លែ​ត​ទៅ​ទៀត​»។ (​សូម​អាន យ៉ូហាន ១៥:១៤​-​១៦) បើ​និយាយ​ឲ្យ​ស្រួល​យល់ គឺ​ត្រូវ​បន្ដ​ផ្សព្វ​ផ្សាយ។ ប្រហែល​ជា​ពីរ​ឆ្នាំ​មុន​នោះ លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា​៖ ​«​កាល​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ ចូរ​ផ្សព្វ​ផ្សាយ​ថា​៖ ‹រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ›​»។ (​ម៉ាថាយ ១០:៧​) នេះ​គឺ​ជា​មូលហេតុ​ដែល​នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​លើក​ទឹក​ចិត្ដ​អ្នក​កាន់​តាម​លោក​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​ម៉ាថាយ ២៤:១៣; ម៉ាកុស ៣:១៤​) លោក​យេស៊ូ​បាន​ដឹង​ថា​ការ​ធ្វើ​តាម​បង្គាប់​របស់​លោក​គឺ​មិន​ស្រួល​ទេ។ ប៉ុន្ដែ​ពួក​គេ​អាច​ធ្វើ​បាន ហើយ​ក៏​អាច​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក​បាន​ដែរ។ តើ​តាម​របៀប​ណា? គឺ​ដោយ​មាន​ជំនួយ​ពី​អំណោយ​ផ្សេង​ទៀត។

១៧, ១៨. (​ក​) តើ​អំណោយ​អ្វី​បាន​ត្រូវ​រៀប​រាប់​នៅ​យ៉ូហាន ១៥:៧? (​ខ​) តើ​អំណោយ​នេះ​បាន​ជួយ​អ្នក​កាន់​តាម​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​គ​) តើ​អំណោយ​អ្វី​ខ្លះ​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១៧ ការ​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ជា​អំណោយ​មួយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ការ​នោះ​នឹង​កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៥:៧, ១៦​) សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ច្បាស់​ជា​ពង្រឹង​កម្លាំង​ចិត្ដ​ពួក​សាវ័ក! * (​សូម​មើល​កំណត់​សម្គាល់​) ពួក​សាវ័ក​មិន​បាន​យល់​ច្បាស់​ថា​មិន​យូរ​ទៀត​លោក​យេស៊ូ​នឹង​ស្លាប់​ទេ។ ប៉ុន្ដែ ការ​ស្លាប់​របស់​លោក​មិន​មាន​ន័យ​ថា​ពួក​គេ​នឹង​គ្មាន​ជំនួយ​ទៀត​ឡើយ។ ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ឆ្លើយ​តប​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ និង​ជួយ​ពួក​គេ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​លោក​បាន​ធ្វើ​ដូច្នេះ​មែន។ មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ពួក​សាវ័ក​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ចិត្ដ​ក្លាហាន​ដល់​ពួក​គេ ហើយ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។—សកម្មភាព ៤:២៩, ៣១

យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដើម្បី​សុំ​ជំនួយ (​សូម​មើល​វគ្គ​១៨​)

១៨ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ពេល​យើង​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ យើង​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក​យេស៊ូ។ ម្យ៉ាង​ទៀត យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​សុំ​ជំនួយ​ពេល​យើង​ជួប​ការ​ពិបាក​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ (​ភីលីព ៤:១៣​) យើង​មាន​ចិត្ដ​កតញ្ញូ​ជា​ខ្លាំង​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង ហើយ​ដែល​យើង​មាន​លោក​យេស៊ូ​ជា​មិត្ដ​សម្លាញ់​របស់​យើង។ អំណោយ​ទាំង​នេះ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង​ឲ្យ​បន្ដ​បង្កើត​ផល។—យ៉ាកុប ១:១៧

១៩. (​ក​) ហេតុ​អ្វី​យើង​បន្ដ​ផ្សព្វ​ផ្សាយ? (​ខ​) តើ​អ្វី​ជួយ​យើង​ឲ្យ​បង្ហើយ​កិច្ច​ការ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង?

១៩ ក្នុង​អត្ថបទ​នេះ​យើង​បាន​រៀន​អំពី​មូលហេតុ​បួន​ដែល​យើង​បន្ដ​ផ្សព្វ​ផ្សាយ​ពោល​គឺ លើក​តម្កើង​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ព្រមាន​មនុស្ស ហើយ​បង្ហាញ​ថា​យើង​ស្រឡាញ់​មនុស្ស។ យើង​ក៏​បាន​រៀន​អំពី​អំណោយ​បួន​គឺ អំណរ សេចក្ដី​សុខ​សាន្ដ ចំណង​មិត្ដភាព និង​ការ​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ អំណោយ​ទាំង​នេះ​ពង្រឹង​កម្លាំង​យើង​ឲ្យ​បង្ហើយ​កិច្ច​ការ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង។ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ពេល​លោក​ឃើញ​យើង​ខំ​ប្រឹង​បន្ដ​បង្កើត​«​ផល​ផ្លែ​ជា​ច្រើន​»​!

^ វគ្គ 17 នៅ​ពេល​នោះ លោក​យេស៊ូ​បាន​រំលឹក​ពួក​សាវ័ក​ជា​ច្រើន​ដង​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។—យ៉ូហាន ១៤:១៣; ១៥:៧, ១៦; ១៦:២៣