លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២២

ចូរ​មាន​ទម្លាប់​សិក្សា​កាន់​តែ​ប្រសើរ​ឡើង!

ចូរ​មាន​ទម្លាប់​សិក្សា​កាន់​តែ​ប្រសើរ​ឡើង!

​«​[​ចូរ​]ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ —ភី. ១:១០

ចម្រៀង​លេខ​៣៥ ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»​

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​ការ​សិក្សា​ប្រហែល​ជា​មិន​ស្រួល​សម្រាប់​បង​ប្អូន​ខ្លះ?

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​ជីវិត។ បង​ប្អូន​ជា​ច្រើន​នាក់​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​សំខាន់​ចាំ​បាច់​របស់​ក្រុម​គ្រួសារ។ បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​និង​ត្រឡប់​មក​ផ្ទះ​វិញ។ បង​ប្អូន​ជា​ច្រើន​នាក់​ក៏​ត្រូវ​ធ្វើ​ការ​ដោយ​ប្រើ​កម្លាំង​កាយ។ ដូច្នេះ នៅ​ពេល​ល្ងាច​ក្រោយ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពួក​គេ​អស់​កម្លាំង​ខ្លាំង​ណាស់! ពួក​គេ​មិន​មាន​ចិត្ត​ចង់​សិក្សា​ស្រាវ​ជ្រាវ​ទេ។

២. តើ​អ្នក​សិក្សា​នៅ​ពេល​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​រក​ពេល​ដើម្បី​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ជា​គ្រិស្ត​សាសនិក​ពិត។ ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​ការ​រស់​ជា​រៀង​រហូត​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​ដូច្នេះ! (​១ធី. ៤:១៥​) បង​ប្អូន​ខ្លះ​ភ្ញាក់​ពី​ព្រលឹម​រាល់​ថ្ងៃ​ដើម្បី​សិក្សា​នៅ​ពេល​ស្ងាត់ និង​ពេល​ដែល​ខួរ​ក្បាល​ស្រឡះ។ បង​ប្អូន​ឯ​ទៀត​លៃ​ទុក​ពេល​នៅ​ពេល​យប់​មុន​ចូល​គេង​ដើម្បី​សិក្សា​និង​រំពឹង​គិត។

៣​-​៤. តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ចំពោះ​ចំនួន​សៀវភៅ​ដែល​អង្គ​ការ​យើង​ចេញ​ផ្សាយ ហើយ​ហេតុ​អ្វី?

អ្នក​ច្បាស់​ជា​យល់​ថា​គឺ​សំខាន់​ដែល​អ្នក​លៃ​ទុក​ពេល​ដើម្បី​សិក្សា។ ប៉ុន្តែ តើ​យើង​គួរ​សិក្សា​អ្វី? អ្នក​ប្រហែល​ជា​គិត​ថា ‹មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​គួរ​អាន តែ​ពិបាក​ឲ្យ​ខ្ញុំ​អាន​ទាំង​អស់›។ បង​ប្អូន​ខ្លះ​អាច​អាន​សៀវភៅ​និង​មើល​វីដេអូ​ទាំង​អស់​របស់​អង្គ​ការ​យើង ប៉ុន្តែ​បង​ប្អូន​ជា​ច្រើន​ពិបាក​ធ្វើ​បែប​នេះ។ ដោយ​សារ​គណៈ​អភិបាល​ដឹង​អំពី​បញ្ហា​នេះ ពួក​គាត់​បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​សៀវភៅ​ផ្សេង​ៗ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ឬ​ផ្សាយ​តាម​អ៊ីនធឺណិត។

ជា​ឧទាហរណ៍ យើង​លែង​ចេញ​ផ្សាយ​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា(​Yearbook of Jehovah’s Witnesses​) ទៀត​ហើយ ដោយ​សារ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្តជា​ច្រើន​បាន​ត្រូវ​ចេញ​ផ្សាយ​តាម​គេហទំព័រ​jw.org®និង​កម្ម​វិធី​ប្រចាំ​ខែ​នៅ​JW​ទូរទស្សន៍។ ម្យ៉ាង​ទៀត ឥឡូវ​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​ផ្សព្វ​ផ្សាយ​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! បាន​ត្រូវ​ចេញ​ផ្សាយ​តែ​បី​ដង​ក្នុង​មួយ​ឆ្នាំ។ ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​មិន​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​យើង​មាន​ពេល​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​មិន​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ តែ​គឺ​ដើម្បី​ឲ្យ​យើង​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​«​អ្វី​ដែល​សំខាន់​ជាង​»។ (​ភី. ១:១០​) សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​សិក្សា​អ្វី​ដែល​សំខាន់​បំផុត​ជា​មុន​សិន និង​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន។

ចូរ​សិក្សា​អ្វី​ដែល​សំខាន់​បំផុត​ជា​មុន​សិន

៥​-​៦. តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​សិក្សា​សៀវភៅ​អ្វី​ខ្លះ?

ជា​ចម្បង តើ​យើង​គួរ​សិក្សា​អ្វី​ខ្លះ? យើង​ប្រាកដ​ជា​គួរ​ចំណាយ​ពេល​រាល់​ថ្ងៃ​ដើម្បី​សិក្សា​បណ្ដាំ​របស់​ព្រះ។ ចំនួន​ជំពូក​នៃ​អំណាន​គម្ពីរ​ប្រចាំ​សប្ដាហ៍​សម្រាប់​ក្រុម​ជំនុំ​បាន​ត្រូវ​កាត់​បន្ថយ​ឲ្យ​តិច​ជាង​មុន ដើម្បី​យើង​អាច​មាន​ពេល​ច្រើន​ជាង​ក្នុង​ការ​រំពឹង​គិត​និង​ស្រាវ​ជ្រាវ។ យើង​មិន​គួរ​មាន​គោល​ដៅ​គ្រាន់​តែ​អាន​បទ​គម្ពីរ​ទាំង​នោះ​ទេ ប៉ុន្តែ​គោល​ដៅ​របស់​យើង​គឺ​ឲ្យ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​ចិត្ត​យើង ហើយ​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—ទំនុក. ១៩:១៤

តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​សិក្សា​សៀវភៅ​អ្វី​ខ្លះ​ទៀត? យើង​ច្បាស់​ជា​ចង់​រៀប​ចំ​សម្រាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម និង​សម្រាប់​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ ព្រម​ទាំង​រៀប​ចំ​អ្វី​ៗ​ដែល​នឹង​សិក្សា​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ យើង​ក៏​គួរ​អាន​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!រាល់​លេខ​ដែល​ចេញ​ផ្សាយ​ដែរ។

៧. បើ​យើង​មិន​អាច​អាន​ឬ​មើល​អ្វី​ៗ​ទាំង​អស់​នៅ​គេហទំព័រ​របស់​យើង​និង​នៅ​JW​ទូរទស្សន៍ តើ​យើង​គួរ​ធ្លាក់​ទឹក​ចិត្ត​ឬ​ទេ?

អ្នក​ប្រហែល​ជា​គិត​ថា ‹ចុះ​យ៉ាង​ណា​អំពី​អ្វី​ជា​ច្រើន​ទៀត​ដែល​មាន​នៅ​គេហទំព័រ​jw.org​និង​JW​ទូរទស្សន៍? នោះ​គឺ​ច្រើន​ណាស់!›។ សូម​គិត​អំពី​ឧទាហរណ៍​មួយ នៅ​ភោជនីយដ្ឋាន​ដែល​មាន​អាហារ​ប៊ុហ្វេ​មាន​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​មុខ។ ភ្ញៀវ​មិន​អាច​ភ្លក់​ម្ហូប​គ្រប់​មុខ​បាន​ទេ ដោយ​សារ​មាន​ម្ហូប​ច្រើន​ពេក។ ដូច្នេះ ពួក​គេ​ជ្រើស​រើស​តែ​ម្ហូប​មួយ​ចំនួន​ប៉ុណ្ណោះ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​មិន​អាច​អាន​និង​មើល​អ្វី​ៗ​ទាំង​អស់​ដែល​ចេញ​ផ្សាយ​តាម​គេហទំព័រ​របស់​យើង​និង​JW​ទូរទស្សន៍ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម​អាន​ឬ​មើល​អ្វី​តាម​ដែល​អ្នក​អាច​ធ្វើ​បាន។ ឥឡូវ សូម​យើង​ពិចារណា​ថា​តើ​ការ​សិក្សា​រួម​បញ្ចូល​អ្វី​ខ្លះ ហើយ​តើ​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​សិក្សា​របស់​យើង​តាម​របៀប​ណា?

ការ​សិក្សា​ត្រូវ​ការ​ការ​ខំ​ប្រឹង!

៨. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ពេល​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ហើយ​តើ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

ការ​សិក្សា​គឺ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​អាន​ដោយ​មាន​បំណង​ចង់​រៀន​ចំណុច​សំខាន់។ ការ​សិក្សា​មិន​មែន​ជា​ការ​អាន​ព័ត៌មាន​ត្រួស​ៗ ហើយ​គូស​ចម្លើយ​ទេ។ ជា​ឧទាហរណ៍ ពេល​អ្នក​រៀប​ចំ​សម្រាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ដំបូង​សូម​អាន​សេចក្ដី​សង្ខេប​នៅ​ដើម​អត្ថបទ។ បន្ទាប់​មក សូម​ពិចារណា​អំពី​ចំណង​ជើង​អត្ថបទ ព្រម​ទាំង​ចំណង​ជើង​តូច​និង​សំណួរ​សម្រាប់​រៀន​សារ​ឡើង​វិញ។ ក្រោយ​មក សូម​អាន​អត្ថបទ​នោះ​យឺត​ៗ​និង​ដោយ​យក​ចិត្ត​ទុក​ដាក់។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រយោគ​សំខាន់​ដែល​ជា​គោល​គំនិត​សម្រាប់​វគ្គ​នីមួយ​ៗ ហើយ​តាម​ធម្មតា​ជា​ប្រយោគ​ដំបូង​ក្នុង​វគ្គ។ ប្រយោគ​សំខាន់​ដែល​ជា​គោល​គំនិត​ច្រើន​តែ​ជួយ​យើង​ឲ្យ​ដឹង​ថា​វគ្គ​នោះ​ចង់​ពន្យល់​អំពី​អ្វី។ កាល​ដែល​អ្នក​អាន​អត្ថបទ​នោះ សូម​គិត​អំពី​របៀប​ដែល​វគ្គ​នីមួយ​ៗ​គាំ​ទ្រ​ចំណង​ជើង​តូច​និង​ប្រធាន​សម្រាប់​អត្ថបទ​នោះ។ សូម​កត់​ចំណាំ​ពាក្យ​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​និង​ចំណុច​ដែល​អ្នក​ចង់​យល់​ច្បាស់​ជាង ហើយ​ក្រោយ​មក​ស្រាវ​ជ្រាវ​អ្វី​ទាំង​នោះ។

៩. (​ក​) ពេល​យើង​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ហេតុ​អ្វី​យើង​គួរ​ផ្ដោត​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​បទ​គម្ពីរ ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? (​ខ​) ដូច​ដែល​បាន​ត្រូវ​ចែង​នៅ​យ៉ូស្វេ ១:៨ តើ​យើង​គួរ​ធ្វើ​អ្វី​ថែម​ទៀត​ក្រៅ​ពី​ការ​អាន​បទ​គម្ពីរ?

ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​កិច្ច​ប្រជុំ​ជួយ​យើង​ឲ្យ​យល់​គម្ពីរ។ ដូច្នេះ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​បទ​គម្ពីរ ជា​ពិសេសបទ​គម្ពីរ​ដែល​នឹង​ត្រូវ​អាន​ពេល​ពិគ្រោះ​អត្ថបទ​នោះ​ជា​មួយ​នឹង​ក្រុម​ជំនុំ។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ពាក្យ​ឬ​ឃ្លា​សំខាន់​ក្នុង​បទ​គម្ពីរ​នោះ​គាំ​ទ្រ​ចំណុច​ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​វគ្គ​នោះ។ ម្យ៉ាង​ទៀត សូម​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​បទ​គម្ពីរ​ដែល​អ្នក​អាន ហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​បទ​គម្ពីរ​នោះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។—សូម​អាន យ៉ូស្វេ ១:៨

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ សូម​បង្រៀន​កូន​ៗ​របស់​អ្នក​អំពី​របៀប​សិក្សា (​សូម​មើល​វគ្គ​១០​) *

១០. តាម​ហេប្រឺ ៥:១៤ ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​គួរ​ចំណាយ​ពេល​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដើម្បី​បង្រៀន​កូន​អំពី​របៀប​សិក្សា​និង​ស្រាវ​ជ្រាវ?

១០ តាម​ធម្មតា ឪ​ពុក​ម្ដាយ​ចង់​ឲ្យ​កូន​សប្បាយ​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​រាល់​សប្ដាហ៍។ ថ្វី​ដ្បិត​តែ​ឪ​ពុក​ម្ដាយ​គួរ​រៀប​ចំ​អ្វី​ផ្សេង​ៗ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ តែ​ពួក​គេ​មិន​ចាំ​បាច់​គិត​ថា​ត្រូវ​តែ​រៀប​ចំ​អ្វី​ដែល​ពិសេស​ៗ​ឬ​អ្វី​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ជា​រៀង​រាល់​សប្ដាហ៍​ទេ។ ទោះ​ជា​ជួន​កាល​ក្រុម​គ្រួសារ​របស់​អ្នក​មើល​កម្ម​វិធី​ប្រចាំ​ខែ​នៅ​JW​ទូរទស្សន៍​ឬ​រៀប​ចំ​អ្វី​ពិសេស​ដូច​ជា​ការ​សង់​ទូក​គំរូ​របស់​ណូអេ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ក្រុម​គ្រួសារ​ក្ដី ក៏​ជា​ការ​សំខាន់​ដែល​កូន​របស់​អ្នក​រៀន​ឲ្យ​ចេះ​សិក្សា។ ពួក​គេ​ត្រូវ​ដឹង​អំពី​របៀប​ដែល​ពួក​គេ​អាច​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ ឬ​ក៏​របៀប​ស្រាវ​ជ្រាវ​អំពី​សំណួរ​ឬ​បញ្ហា​ណា​មួយ​ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​សាលា​ជា​ដើម។ (​សូម​អាន ហេប្រឺ ៥:១៤) បើ​ពួក​គេ​ចំណាយ​ពេល​សិក្សា​នៅ​ផ្ទះ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ស្រួល​ផ្ដោត​អារម្មណ៍​ជាង​ទៅ​លើ​កម្ម​វិធី​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​ដែល​មិន​តែង​តែ​មាន​វីដេអូ​រហូត​ទេ។ ប៉ុន្តែ រយៈ​ពេល​សិក្សា​គឺ​អាស្រ័យ​ទៅ​លើ​អាយុ​និង​បុគ្គលិក​លក្ខណៈ​របស់​កូន។

១១. ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​បង្រៀន​សិស្ស​គម្ពីរ​អំពី​របៀប​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ស៊ី​ជម្រៅ?

១១ សិស្ស​គម្ពីរ​របស់​យើង​ក៏​ត្រូវ​រៀន​អំពី​របៀប​សិក្សា​ដែរ។ កាល​ដែល​ពួក​គេ​ទើប​តែ​ចាប់​ផ្ដើម​រៀន​ថ្មី​ៗ យើង​សប្បាយ​ចិត្ត​ពេល​ឃើញ​ពួក​គេ​រៀប​ចំ​សម្រាប់​ការ​សិក្សា​គម្ពីរ​និង​កិច្ច​ប្រជុំ​ដោយ​គូស​ចម្លើយ។ ប៉ុន្តែ យើង​ត្រូវ​តែ​បង្រៀន​សិស្ស​គម្ពីរ​អំពី​របៀប​ស្រាវ​ជ្រាវ​និង​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ស៊ី​ជម្រៅ។ យ៉ាង​នេះ ពេល​មាន​បញ្ហា​កើត​ឡើង ជា​ជាង​សុំ​ជំនួយ​ភ្លាម​ៗ​ពី​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ពួក​គេ​នឹង​ដឹង​អំពី​របៀប​ស្វែង​រក​យោបល់​ល្អ​ពី​សៀវភៅ​ផ្សេង​ៗ​របស់​អង្គ​ការ​យើង​ដោយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ខ្លួន​ឯង។

ចូរ​សិក្សា​ដោយ​មាន​គោល​ដៅ ច្បាស់​លាស់

១២. តើ​យើង​អាច​មាន​គោល​ដៅ​អ្វី​ខ្លះ​ពេល​យើង​សិក្សា?

១២ បើ​អ្នក​មិន​ចូល​ចិត្ត​សិក្សា អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​មិន​អាច​ទៅ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​សិក្សា​ទេ។ ប៉ុន្តែ អ្នក​អាច​ធ្វើ​បាន។ ដំបូង​សូម​សិក្សា​សម្រាប់​រយៈ​ពេល​ខ្លី​សិន ហើយ​ក្រោយ​មក​បន្ដិច​ម្ដង​ៗ​សូម​បង្កើន​រយៈ​ពេល​ដែល​អ្នក​សិក្សា។ ចូរ​សិក្សា​ដោយ​មាន​គោល​ដៅ​ច្បាស់​លាស់។ គោល​ដៅ​ដ៏​សំខាន់​បំផុត​របស់​យើង​គួរ​តែ​ជា​ការ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ គោល​ដៅ​ផ្សេង​ទៀត​ដែល​យើង​អាច​សម្រេច​ភ្លាម​ៗ គឺ​ការ​ស្វែង​រក​ចម្លើយ​ដែល​មនុស្ស​ណា​ម្នាក់​បានសួរ ឬ​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​បញ្ហា​ណា​មួយ​ដែល​យើង​កំពុង​ប្រឈម​មុខ។

១៣. (​ក​) សូម​ពន្យល់​អំពី​ដំណាក់​កាល​នីមួយ​ៗ​ដែល​ប្អូន​ៗ​វ័យ​ក្មេង​អាច​ធ្វើ​ដើម្បី​និយាយ​ការ​ពារ​ជំនឿ​របស់​គាត់​ពេល​នៅ​សាលា។ (​ខ​) តើ​ប្អូន​អាច​ធ្វើ​តាម​យោបល់​នៅ​កូឡុស ៤:៦​យ៉ាង​ដូច​ម្ដេច?

១៣ ជា​ឧទាហរណ៍ តើ​អ្នក​ជា​មនុស្ស​វ័យ​ក្មេង​ដែល​នៅ​រៀន​ឬ​ទេ? សិស្ស​រួម​ថ្នាក់​ទាំង​អស់​ប្រហែល​ជា​ជឿ​លើ​ទ្រឹស្តី​នៃ​ការ​វិវត្តន៍។ ប្អូន​ចង់​និយាយ​ការ​ពារ​សេចក្ដី​បង្រៀន​ពី​គម្ពីរ ប៉ុន្តែ​ប្រហែល​ជា​ប្អូន​មាន​អារម្មណ៍​ថា​ខ្លួន​មិន​អាច​ធ្វើ​បាន។ ដូច្នេះ ប្អូន​ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ! ប្អូន​អាច​មាន​គោល​បំណង​ពីរ​គឺ (​១​) ពង្រឹង​ទំនុក​ចិត្ត​របស់​ប្អូន​ថា​ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ និង (​២​) បង្កើន​សមត្ថភាព​របស់​ប្អូន​ក្នុង​ការ​និយាយ​ការ​ពារ​សេចក្ដី​ពិត។ (​រ៉ូម ១:២០; ១ពេ. ៣:១៥​) ដំបូង ប្អូន​អាច​សួរ​ខ្លួន​ឯង​ថា ‹ហេតុ​អ្វី​សិស្ស​រួម​ថ្នាក់​របស់​ខ្ញុំ​ជឿ​លើ​ការ​វិវត្តន៍?›។ បន្ទាប់​មក សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សៀវភៅ​របស់​អង្គ​ការ​យើង។ ការ​និយាយ​ការ​ពារ​ជំនឿ​របស់​ប្អូន​ប្រហែល​ជា​មិន​សូវ​ពិបាក​ដូច​ដែល​ប្អូន​គិត​ទេ។ មនុស្ស​ភាគ​ច្រើន​ជឿ​លើ​ការ​វិវត្តន៍ ដោយ​សារ​តែ​មនុស្ស​ដែល​ពួក​គេ​គោរព​ប្រាប់​ថា​នេះ​ជា​ការ​ពិត។ បើ​ប្អូន​រក​ឃើញ​ចំណុច​មួយ​ឬ​ពីរ​ដើម្បី​ប្រាប់​ពួក​គេ ប្អូន​មាន​ឱកាស​ផ្ដល់​ចម្លើយ​ដ៏​គាប់​ចិត្ត​ដល់​អ្នក​ណា​ម្នាក់​ដែល​ចង់​ដឹង​សេចក្ដី​ពិត​យ៉ាង​ស្មោះ។—សូម​អាន កូឡុស ៤:៦

ចូរ​បង្កើន​ចំណាប់​អារម្មណ៍​របស់​អ្នក

១៤​-​១៦. (​ក​) តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​សៀវភៅ​ក្នុង​គម្ពីរ​ដែល​អ្នក​មិន​សូវ​ស្គាល់? (​ខ​) ដោយ​ប្រើ​បទ​គម្ពីរ​ដែល​មាន​ក្នុង​វគ្គ​ទាំង​នេះ សូម​ពន្យល់​អំពី​របៀប​ដែល​អ្នក​អាច​យល់​កាន់​តែ​ច្បាស់​អំពី​សៀវភៅ​អេម៉ុស។ (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​ស្រមៃ​ឃើញ​យ៉ាង​ច្បាស់​អំពី​បុគ្គល​ក្នុង​គម្ពីរ!​»​)

១៤ ឧបមា​ថា​ពេល​អ្នក​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ អ្នក​ឃើញ​ថា​យើង​នឹង​រៀន​សៀវភៅ​ទំនាយ​ខ្លី​ណា​មួយ​ក្នុង​គម្ពីរ ហើយ​ប្រហែល​ជា​អ្នក​មិន​សូវ​ស្គាល់​អំពី​អ្នក​សរសេរ​ឬ​សៀវភៅ​នោះ។ ដំបូង យើង​ចង់​បង្កើន​ចំណាប់​អារម្មណ៍​ចំពោះ​អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​នោះ​បាន​សរសេរ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

១៥ ដំបូង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ដឹង​អ្វី​ខ្លះ​អំពី​អ្នក​សរសេរ​សៀវភៅ​នេះ? តើ​គាត់​ជា​អ្នក​ណា? តើ​គាត់​រស់​នៅ​កន្លែង​ណា ហើយ​តើ​គាត់​មាន​មុខ​របរ​អ្វី?›។ ជីវប្រវត្ដិ​របស់​អ្នក​សរសេរ​សៀវភៅ​នោះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​គាត់​ជ្រើស​រើស​ពាក្យ​បែប​នេះ​ឬ​បែប​នោះ ឬ​ក៏​អំពី​ឧទាហរណ៍​ដែល​គាត់​បាន​ប្រើ។ ពេល​អាន​គម្ពីរ សូម​ស្វែង​រក​ឃ្លា​ដែល​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​សរសេរ។

១៦ បន្ទាប់​មក អ្នក​នឹង​ឃើញ​ថា​គឺ​មាន​ប្រយោជន៍ បើ​អ្នក​ដឹង​ថា​សៀវភៅ​នោះ​បាន​ត្រូវ​សរសេរ​នៅ​ពេល​ណា។ អ្នក​អាច​ធ្វើ​ដូច្នេះ​ដោយ​មើល​សៀវភៅ​ស្តើង​ដែល​មាន​ចំណង​ជើង​ថា គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី? ម្យ៉ាង​ទៀត អ្នក​ក៏​អាច​មើល​តារាង​អំពី​អ្នក​ប្រកាស​ទំនាយ​និង​ស្តេច ក្នុង​សៀវភៅ​ស្តើង​ដែល​មាន​ចំណង​ជើង​ថា ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ ទំព័រ​១៤​-​១៧។ ដោយ​សារ​សៀវភៅ​ក្នុង​គម្ពីរ​ដែល​អ្នក​កំពុង​សិក្សា​នៅ​កិច្ច​ប្រជុំ​ជា​សៀវភៅ​ទំនាយ គឺ​ជា​ការ​ល្អ​បើ​អ្នក​ស្វែង​យល់​អំពី​ស្ថានភាព​ពេល​ដែល​សៀវភៅ​នោះ​បាន​ត្រូវ​សរសេរ។ តើ​អ្នក​ប្រកាស​ទំនាយ​នោះ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​កែ​តម្រង់​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​បែប​ណា​របស់​បណ្ដា​ជន? តើ​អ្នក​ណា​ខ្លះ​រស់​នៅ​សម័យ​ដូច​គាត់? ដើម្បី​យល់​អំពី​ស្ថានភាព​នោះ​ច្បាស់​ជាង អ្នក​ប្រហែល​ជា​ត្រូវ​មើល​សៀវភៅ​ឬ​អ្វី​ៗ​ផ្សេង​ទៀត។ ជា​ឧទាហរណ៍ ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​សម័យ​របស់​អេម៉ុស​ដែល​ជា​អ្នក​ប្រកាស​ទំនាយ គឺ​ជា​ការ​ល្អ​ដែល​អ្នក​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា គោល​សំខាន់​ពី​សៀវភៅ​អេម៉ុស ក្នុង​គេហទំព័រ​jw.org។ អ្នក​ក៏​នឹង​ទទួល​ប្រយោជន៍​ពី​ការ​មើល​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​ផ្នែក​«​ការ​ពន្យល់​អំពី​បទ​គម្ពីរ​»​ សូម​រក​បទ​គម្ពីរ​នៅ​អេម៉ុស ១:១ ហើយ​មើល​ឯកសារ​យោង​ដែល​មាន​នៅ​ទី​នោះ។ ព័ត៌មាន​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សម័យ​ដែល​អេម៉ុស​រស់​នៅ។—២ព. ១៤:២៥​-​២៨; ២រប. ២៦:១​-​១៥; ហូ. ១:១​-​១១; អេម. ១:១

ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​ល្អិត​ល្អន់

១៧​-​១៨. សូម​លើក​ឧទាហរណ៍​ពី​វគ្គ​នេះ​ឬ​ឧទាហរណ៍​ផ្ទាល់​ខ្លួន​អំពី​របៀប​ដែល​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​ល្អិត​ល្អន់​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​កាន់​តែ​សប្បាយ។

១៧ ពេល​យើង​អាន​គម្ពីរ ការ​ចេះ​ឆ្ងល់​គឺ​ជា​អ្វី​ដ៏​ល្អ។ ឧបមា​ថាអ្នក​កំពុង​អាន​លូកា ជំពូក​ទី​១១​អំពី​«​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​»។ (​លូក. ១១:២៩, ៣០​) ជា​ជាង​រំលង​ចំណុច​នោះ អ្នក​ផ្អាក ហើយ​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្វី​ជា​«​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​»​? តើ​ខ្ញុំ​អាច​រក​ឃើញ​ព័ត៌មាន​ថែម​ទៀត​តាម​របៀប​ណា?›។ ដូច្នេះ អ្នក​ធ្វើ​ដូច​ជា​អ្នក​ស៊ើបអង្កេត​ដោយ​បើក​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម ហើយ​ចុច​លើ​កន្លែង​ស្វែង​រក រួច​វាយ​ពាក្យ​«​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​»។ អ្នក​ឃើញ​នៅ​ទី​នោះ​មាន​បទ​គម្ពីរ​នៅ​ម៉ាថាយ ១២:៣៩, ៤០។ បទ​គម្ពីរ​នេះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​អ្នក! អ្នក​ឃើញ​ថា​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​លោក​នឹង​ស្លាប់ ហើយ​នៅ​ថ្ងៃ​ទី៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​សញ្ញា​សម្គាល់​ដែល​ប្រាប់​ទុក​ជា​មុន​អំពី​រយៈ​ពេល​ដែល​លោក​នឹង​នៅ​ក្នុង​ផ្នូរ មែន​ទេ?

១៨ សូម​គិត​អំពី​ឧទាហរណ៍​មួយ​ទៀត។ ជំពូក​ដំបូង​នៃ​សៀវភៅ​លូកា រៀប​រាប់​អំពី​ទេវតា​ឈ្មោះ​កាព្រីយ៉ែល​ដែល​បាន​លេច​មក​ជួប​ម៉ារៀ ហើយ​ប្រាប់​នាង​អំពី​កូន​ប្រុស​ម្នាក់​ដែល​នាង​នឹង​បង្កើត។ កាព្រីយ៉ែល​ប្រាប់​ថា​៖ ​«​បុត្រ​នោះ​នឹង​ធំ​ឧត្តម ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឲ្យ​បុត្រ​នោះ​នូវ​បល្ល័ង្ក​របស់​ដាវីឌ​ដែល​ជា​បិតា​របស់​លោក លោក​ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច​លើ​ពូជ​ពង្ស​យ៉ាកុប​ជា​រៀង​រហូត​»។ (​លូក. ១:៣២, ៣៣​) តាម​ធម្មតា យើង​ប្រហែល​ជា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្នែក​ដំបូង​នៃ​អ្វី​ដែល​កាព្រីយ៉ែល​បាន​និយាយ ដែល​ថា​លោក​យេស៊ូ​នឹង​បាន​ត្រូវ​ហៅ​ថា ​«​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»។ ប៉ុន្តែ កាព្រីយ៉ែល​ក៏​បាន​ប្រាប់​ទុក​ជា​មុន​ថា​លោក​យេស៊ូ​នឹង​«​គ្រប់​គ្រង​ជា​ស្តេច​»។ ដូច្នេះ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ម៉ារៀ​យល់​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្ដី​ទាំង​នោះ​របស់​កាព្រីយ៉ែល? តើ​នាង​យល់​ថា​លោក​យេស៊ូ​នឹង​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ស្រុក​អ៊ីស្រាអែល​ជំនួស​ស្តេច​ហេរ៉ូឌ ឬ​កូន​ចៅ​របស់​គាត់​ឬ​ទេ?›។ បើ​លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​ស្តេច​នៅ​អ៊ីស្រាអែល​មែន ម៉ារៀ​នឹង​ទៅ​ជា​មាតា​របស់​ស្តេច ហើយ​ក្រុម​គ្រួសារ​របស់​គាត់​នឹង​រស់​នៅ​ក្នុង​វាំង។ ប៉ុន្តែ គ្មាន​កំណត់​ហេតុ​ណា​ក្នុង​គម្ពីរ​ដែល​ថា​ម៉ារៀ​បាន​និយាយ​អំពី​រឿង​នេះ​ជា​មួយ​នឹង​កាព្រីយ៉ែលទេ ហើយ​យើង​ក៏​មិន​ឃើញ​កំណត់​ហេតុ​ណា​ថា​ម៉ារៀ​បាន​សុំ​ឋានៈ​ពិសេស​ណា​មួយ​ក្នុង​រាជាណាចក្រ ដូច​អ្នក​កាន់​តាម​លោក​យេស៊ូ​ពីរ​នាក់​បាន​សុំ​ទេ។ (​ម៉ាថ. ២០:២០​-​២៣​) ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជឿ​ជាក់​ថា​ម៉ារៀ​ជា​ស្ត្រី​ដែល​មាន​ចិត្ត​រាប​ទាប​ជា​ខ្លាំង!

១៩​-​២០. ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​យ៉ាកុប ១:២២​-​២៥ និង​៤:៨ តើ​យើង​មាន​គោល​ដៅ​អ្វី​ខ្លះ​ពេល​យើង​សិក្សា?

១៩ សូម​ចាំ​ថា​គោល​ដៅ​ដ៏​សំខាន់​ចម្បង​របស់​យើង​ក្នុង​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គ​ការ​យើង​គឺ​ដើម្បី​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ យើង​ក៏​ចង់​ដឹង​ច្បាស់​ជាង​ថា​យើង​«​ជា​មនុស្ស​បែប​ណា​»​ ហើយ​ថា​យើង​ត្រូវ​កែ​ប្រែ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ (​សូម​អាន យ៉ាកុប ១:២២​-​២៥; ៤:៨) ដូច្នេះ រាល់​ដង​មុន​យើង​ចាប់​ផ្ដើម​សិក្សា យើង​គួរ​សុំ​សកម្មពល​ពី​ព្រះ​យេហូវ៉ា។ យើង​គួរ​អង្វរ​សុំ​លោក​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ព័ត៌មាន​នោះ ហើយ​ជួយ​យើង​ឲ្យ​ឃើញ​ថា​យើង​គួរ​កែ​ប្រែ​អ្វី​ខ្លះ។

២០ សូម​យើង​ទាំង​អស់​គ្នា​ធ្វើ​ដូច​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​អ្នក​តែង​ទំនុក​តម្កើង​ថា​៖ ​«​អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ . . . ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់​»។—ទំនុក. ១:២, ៣

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

^ វគ្គ 5 ដោយ​ចិត្ត​ទូលាយ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ជា​ច្រើន​ដែល​យើង​អាច​មើល អាន និង​សិក្សា។ អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​ជ្រើស​រើស​អ្វី​ដែល​អ្នក​គួរ​សិក្សា និង​ផ្ដល់​យោបល់​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: ឪ​ពុក​ម្ដាយ​បង្ហាញ​កូន​ៗ​របស់​ពួក​គេ​អំពី​របៀប​ដើម្បី​រៀប​ចំ​សម្រាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ប្រចាំ​សប្ដាហ៍។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​អេម៉ុស​ដែល​ជា​អ្នក​សរសេរ​គម្ពីរ។ រូប​ភាព​នៅ​ខាង​ក្រោយ​បង​ប្រុស​នោះ បង្ហាញ​អំពី​អ្វី​ដែល​គាត់​ឃើញ​ក្នុង​ការ​ស្រមៃ​របស់​គាត់​កាល​ដែល​គាត់​អាន​និង​រំពឹង​គិត​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ។