លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២១

ចូរ​កុំ​ឲ្យ​«​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​»​បោក​បញ្ឆោត​អ្នក

ចូរ​កុំ​ឲ្យ​«​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​»​បោក​បញ្ឆោត​អ្នក

​«​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ជា​អ្វី​ដែល​ផ្ដេស​ផ្ដាស​ចំពោះ​ព្រះ​»។—១កូ. ៣:១៩

ចម្រៀង​លេខ​៩៨ បទ​គម្ពីរ​គឺ​មក​ពី​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​បណ្ដាំ​របស់​ព្រះ​ផ្ដល់​អ្វី​ឲ្យ​យើង?

យើង​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​គ្រូ​ដ៏​ឧត្តម​បំផុត​របស់​យើង។ (​យ៉ូប ៣៦:២២; អេ. ៣០:២១​) បណ្ដាំ​របស់​លោក​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​«​មាន​សមត្ថភាព​ពេញ​លេញ និង​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង​»។ (​២ធី. ៣:១៧​) ពេល​យើង​រស់​នៅ​សម​ស្រប​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន យើង​មាន​ប្រាជ្ញា​ជាង​ពួក​អ្នក​ដែល​លើក​ស្ទួយ​«​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​»។—១កូ. ៣:១៩; ទំនុក. ១១៩:៩៧​-​១០០

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

យើង​នឹង​ឃើញ​ក្នុង​អត្ថបទ​នេះ​ថា ប្រាជ្ញា​របស់​ពិភព​លោក​នេះ​គឺ​ច្រើន​តែ​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ។ ដូច្នេះ យើង​ប្រហែល​ជា​ពិបាក​ជៀស​វាង​ពី​ការ​មាន​គំនិត​និង​ការ​ប្រព្រឹត្ត​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ។ ហេតុ​នេះ​ហើយ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ប្រយ័ត្ន ក្រែង​លោ​មាន​អ្នក​ណា​ចាប់​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី តាម​រយៈ​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស​»។ (​កូឡ. ២:៨​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ឬ​ការ​កុហក​ពីរ​យ៉ាង​បាន​ទៅ​ជា​អ្វី​ដែល​ពេញ​និយម។ ចំពោះ​ការ​បោក​បញ្ឆោត​ទាំង​ពីរ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ទស្សនៈ​របស់​ពិភព​លោក​នេះ​ជា​អ្វី​ដែល​ផ្ដេស​ផ្ដាស និង​អំពី​មូលហេតុ​ដែល​ប្រាជ្ញា​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ​គឺ​ប្រសើរ​ជាង​នោះ​ឆ្ងាយ​ណាស់។

ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​សីលធម៌

៣​-​៤. នៅ​ដើម​សតវត្សរ៍​ទី​២០​នា​សហរដ្ឋ​អាម៉េរិក តើ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​សីលធម៌​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា?

នៅ​ដើម​សតវត្សរ៍​ទី​២០ មនុស្ស​នៅ​សហរដ្ឋ​អាម៉េរិក​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទស្សនៈ​ចំពោះ​សីលធម៌។ មុន​ពេល​នោះ មនុស្ស​ជា​ច្រើន​បាន​គិត​ថា​ការ​រួម​ភេទ​គឺ​សម្រាប់​តែ​គូ​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ ហើយ​គេ​មិន​និយាយ​អំពី​រឿង​នេះ​ដោយ​បើក​ចំហ​ទេ។ ប៉ុន្តែ ខ្នាត​តម្រា​សីលធម៌​បែប​នោះ​បាន​ខូច​ទៅ ហើយ​មនុស្ស​កាន់​តែ​ច្រើន​បាន​គិត​ថា​បុគ្គល​ម្នាក់​ៗ​គួរ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​វិញ។

រវាង​ឆ្នាំ​១៩២០​និង​ឆ្នាំ​១៩២៩ មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ក្នុង​សង្គម។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​និយាយ​ថា​៖ ​«​ភាពយន្ត ល្ខោន ចម្រៀង រឿង​ប្រលោម​លោក និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ចាប់​ផ្ដើម​មាន​ឈុត​ឆាក​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ​»។ ចាប់​ពី​ទសវត្សរ៍​នោះ មនុស្ស​លែង​ស្លៀក​ពាក់​រមទម ហើយ​ក្បាច់​រាំ​បាន​ធ្វើ​ឲ្យ​មនុស្ស​គិត​អំពី​ការ​រួម​ភេទ។ គឺ​ដូច​ដែល​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​ថា មនុស្ស​នឹង​«​ស្រឡាញ់​ការ​សប្បាយ​»។—២ធី. ៣:៤

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​ទទួល​ឥទ្ធិពល​ពី​ខ្នាត​តម្រា​សីលធម៌​ធូរ​លុង​របស់​ពិភព​លោក​ទេ (​សូម​មើល​វគ្គ​៥​) *

៥. តាំង​ពី​ឆ្នាំ​១៩៦០ តើ​ទស្សនៈ​របស់​មនុស្ស​ស្តី​អំពី​ខ្នាត​តម្រា​សីលធម៌​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា?

តាំង​ពី​ឆ្នាំ​១៩៦០ ការ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ ការ​រួម​ភេទ​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​ភេទ​ដូច​គ្នា និង​ការ​លែង​លះ​គ្នា មាន​កាន់​តែ​ច្រើន​ឡើង​ៗ។ ការ​កម្សាន្ត​ជា​ច្រើន​បង្ហាញ​អំពី​ការ​រួម​ភេទ​កាន់​តែ​បើក​ចំហ​ជាង​មុន។ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ការ​មាន​ខ្នាត​តម្រា​សីលធម៌​ធូរ​លុង​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ជា​ច្រើន។ អ្នក​និពន្ធ​ម្នាក់​បាន​សរសេរ​ថា​ពេល​មនុស្ស​គ្មាន​ខ្នាត​តម្រា​សីលធម៌ នេះ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​ដូច​ជា ក្រុម​គ្រួសារ​បែក​បាក់​គ្នា មាន​តែ​ឪ​ពុក​ឬ​ម្ដាយ​ជា​អ្នក​មើល​ថែ​ក្រុម​គ្រួសារ បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ឬ​ការ​ញៀន​មើល​រូប​អាសអាភាស។ ផល​វិបាក​មួយ​ទៀត​គឺ​ការ​ឆ្លង​ជំងឺ​កាមរោគ ដូច​ជា​ជំងឺ​អេដស៍​ជា​ដើម។ អ្វី​ៗ​ទាំង​នេះ​បង្ហាញ​ថា​ប្រាជ្ញា​របស់​ពិភព​លោក​គឺ​ផ្ដេស​ផ្ដាស។—២ពេ. ២:១៩

៦. តើ​ទស្សនៈ​របស់​ពិភព​លោក​នេះ​ស្តី​អំពី​ការ​រួម​ភេទ​គឺ​សម​ស្រប​តាម​បំណង​របស់​សាថាន​យ៉ាង​ដូច​ម្ដេច?

ទស្សនៈ​របស់​ពិភព​លោក​នេះ​ស្តី​អំពី​ការ​រួម​ភេទ​គឺ​សម​ស្រប​តាម​បំណង​របស់​សាថាន។ វា​ច្បាស់​ជា​សប្បាយ​ចិត្ត​ពេល​ឃើញ​មនុស្ស​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ខុស​ពី​គោល​បំណង​របស់​ព្រះ ហើយ​បន្ទាប​បន្ថោក​អាពាហ៍​ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ។ (​អេភ. ២:២​) ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​មិន​គ្រាន់​តែ​បង្ខូច​អំណោយ​ដ៏​វិសេស​ដែល​មក​ពី​ព្រះ​យេហូវ៉ា ពោល​គឺ​ការ​បន្ត​ពូជ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​នោះ​មិន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—១កូ. ៦:៩, ១០

ទស្សនៈ​របស់​ព្រះ​ចំពោះ​សីលធម៌​ខាង​ផ្លូវ​ភេទ

៧​-​៨. ស្តី​អំពី​ទស្សនៈ​ត្រឹម​ត្រូវ​និង​ភាព​ថ្លៃ​ថ្នូរ​ចំពោះ​ការ​រួម​ភេទ តើ​គម្ពីរ​ចែង​យ៉ាង​ណា?

មនុស្ស​ដែល​មាន​ទស្សនៈ​ស្រប​តាម​ប្រាជ្ញា​របស់​ពិភព​លោក​នេះ មើល​ងាយ​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ ដោយ​អះអាង​ថា​នោះ​គឺ​មិន​សម​ហេតុ​ផល​ទេ។ ពួក​គេ​ប្រហែល​ជា​សួរ​ថា ‹ហេតុ​អ្វី​ព្រះ​បង្កើត​យើង​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ផ្លូវ​ភេទ ហើយ​ក្រោយ​មក​ប្រាប់​យើង​ឲ្យ​ទប់​ចិត្ត​ទៅ​វិញ?›។ ពួក​គេ​សួរ​ដូច្នេះ​ដោយ​សារ​ពួក​គេ​យល់​មិន​ត្រឹម​ត្រូវ​ថា​មនុស្ស​គួរ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​អស់​ដែល​ពួក​គេ​មាន។ ប៉ុន្តែ គម្ពីរ​ចែង​ផ្ទុយ​ពី​នេះ។ ព្រះគិត​អំពី​ភាព​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ដោយ​បង្រៀន​យើង​តាម​រយៈ​គម្ពីរ​ថា​យើង​អាច​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​នាំ​ឲ្យ​ធ្វើ​ខុស។ (​កូឡ. ៣:៥​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​មាន​អាពាហ៍​ពិពាហ៍​ដែល​ជា​អំណោយ​ពី​លោក ដើម្បី​ឲ្យ​មនុស្ស​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ​ខាង​ការ​រួម​ភេទ​តាម​របៀប​ដែល​ថ្លៃ​ថ្នូរ។ (​១កូ. ៧:៨, ៩​) ក្នុង​ចំណង​អាពាហ៍​ពិពាហ៍ ប្ដី​និង​ប្រពន្ធ​អាច​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ដ៏​សប្បាយ​រីក​រាយ​ដោយ​មិន​មាន​វិប្បដិសារី​និង​ដោយ​មិន​មាន​ការ​ខ្វល់​ខ្វាយ​ដែល​មនុស្ស​ច្រើន​តែ​មាន​ពេល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

ផ្ទុយ​ពី​ប្រាជ្ញា​របស់​ពិភព​លោក​នេះ គម្ពីរ​ជួយ​មនុស្ស​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​រួម​ភេទ។ គម្ពីរ​ចែង​ថា​ការ​រួម​ភេទ​អាច​នាំ​ឲ្យ​សប្បាយ​រីក​រាយ។ (​សុភ. ៥:១៨, ១៩​) ប៉ុន្តែ គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​[​ចូរ​]ឲ្យ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ចេះ​គ្រប់​គ្រង​រូប​កាយ​របស់​ខ្លួន​ដោយ​សេចក្ដី​បរិសុទ្ធ​និង​កិត្ដិយស មិន​មែន​ដោយ​លោភ​លន់​ក្នុង​ចំណង់​ផ្លូវ​ភេទ ដូច​ជន​ជាតិ​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​ឡើយ​»។—១ថែ. ៤:៤, ៥

៩. (​ក​) តើ​រាស្ត្រ​របស់​ព្រះ​នៅ​ដើម​សតវត្សរ៍​ទី​២០​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ឲ្យ​ធ្វើ​តាម​ប្រាជ្ញា​ដ៏​ខ្ពង់​ខ្ពស់​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ? (​ខ​) តើ​មាន​យោបល់​អ្វី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​យ៉ូហាន​ទី១ ២:១៥, ១៦? (​គ​) ដូច​ដែល​បាន​រៀប​រាប់​នៅ​រ៉ូម ១:២៤​-​២៧ តើ​យើង​គួរ​ទប់​ទល់​នឹង​អំពើ​ប្រាស​ចាក​សីលធម៌​បែប​ណា?

នៅ​ដើម​សតវត្សរ៍​ទី​២០ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ទទួល​ឥទ្ធិពល​ពី​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ​របស់​ពួក​អ្នក​ដែល​«​លែង​ស្គាល់​ល្អ​ស្គាល់​អាក្រក់​»​ទេ។ (​អេភ. ៤:១៩​) ពួក​គេ​ព្យាយាម​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដិត​ដល់។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩២៦​ចែង​ថា​៖ ​«​បុរស​និង​ស្ត្រី​គួរ​តែ​បរិសុទ្ធ​ទាំង​គំនិត​ទាំង​ការ​ប្រព្រឹត្ត ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​»។ ទោះ​ជា​មាន​អ្វី​ប្រែ​ប្រួល​ក្នុង​ពិភព​លោក​នេះ​ក្ដី រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ប្រាជ្ញា​ដ៏​ខ្ពង់​ខ្ពស់​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ។ (​សូម​អាន យ៉ូហាន​ទី១ ២:១៥, ១៦) យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​យើង​មាន​បណ្ដាំ​របស់​ព្រះ! យើង​ក៏​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល ដើម្បី​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ស្តី​អំពី​សីលធម៌។ *សូម​អាន រ៉ូម ១:២៤​-​២៧

ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ចំពោះ​ការ​ស្រឡាញ់​ខ្លួន​ឯង

១០​-​១១. តើ​គម្ពីរ​បាន​ព្រមាន​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់?

១០ គម្ពីរ​ព្រមាន​ថា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ មនុស្ស​នឹង​«​ស្រឡាញ់​តែ​ខ្លួន​ឯង​»។ (​២ធី. ៣:១, ២​) យើង​មិន​ភ្ញាក់​ផ្អើល​ទេ ដែល​ពិភព​លោក​លើក​ស្ទួយ​ចិត្ត​គំនិត​ដែល​គិត​តែ​ពី​ខ្លួន​ឯង។ សព្វវចនាធិប្បាយ​មួយ​ចែង​ថា ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​«​សៀវភៅ​ជា​ច្រើន​ដែល​ផ្ដល់​យោបល់​អំពី​របៀប​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​»។ សៀវភៅ​ខ្លះ​«​បាន​ដាស់​តឿន​អ្នក​អាន​ឲ្យ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ហើយ​ពេញ​ចិត្ត​នឹង​លក្ខណៈ​របស់​ខ្លួន​»។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ សៀវភៅ​មួយ​បាន​ចែង​ថា​៖ ​«​ចូរ​ស្រឡាញ់​ខ្លួន​អ្នក ដោយ​សារ​អ្នក​ជា​មនុស្ស​ស្រស់​ស្អាត​ជាង​គេ​និង​មនុស្ស​ដែល​គួរ​ឲ្យ​ចង់​នៅ​ជិត​ជាង​គេ​»។ សៀវភៅ​នោះ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​គួរ​ប្រព្រឹត្ត​យ៉ាង​ណា ហើយ​ធ្វើ​អ្វី​ណា​ដែល​គាត់​គិត​ថា​គឺ​ស្រួល​និង​ត្រឹម​ត្រូវ​សម្រាប់​ខ្លួន។

១១ តើ​នេះ​ស្ដាប់​ទៅ​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ធ្លាប់​ឮ​ឬ​ទេ? សាថាន​បាន​លើក​ទឹក​ចិត្ត​អេវ៉ា​ឲ្យ​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​នេះ។ វា​និយាយ​ថា​នាង‹នឹង​បាន​ដូច​ជា​ព្រះ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង›។ (​លោ. ៣:៥​) សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លើក​តម្កើង​ខ្លួន​ឯង​រហូត​ដល់​គិត​ថា​គ្មាន​អ្នក​ណា​អាច​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស សូម្បី​តែ​ព្រះ​ក៏​មិន​អាច​ប្រាប់​ពួក​គេ​ដែរ។ ចិត្ត​គំនិត​នោះ​បាន​ស​ឲ្យ​ឃើញ​ច្បាស់​ក្នុង​ទស្សនៈ​របស់​មនុស្ស​ចំពោះ​អាពាហ៍​ពិពាហ៍។

គ្រិស្ត​សាសនិក​ពិត​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​ខ្លួន ជា​ពិសេស​សេចក្ដី​ត្រូវ​ការ​របស់​គូ​អាពាហ៍​ពិពាហ៍ (​សូម​មើល​វគ្គ​១២​) *

១២. តើ​ពិភព​លោក​នេះ​លើក​ស្ទួយ​ទស្សនៈ​បែប​ណា​ចំពោះ​អាពាហ៍​ពិពាហ៍?

១២ គម្ពីរ​បង្គាប់​ឲ្យ​ប្ដី​ប្រពន្ធ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​និង​គោរព​តាម​ពាក្យ​សម្បថ​អាពាហ៍​ពិពាហ៍។ គម្ពីរ​លើក​ទឹក​ចិត្ត​គូអាពាហ៍​ពិពាហ៍​ឲ្យ​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា ដោយ​ចែង​ថា​៖ ​«​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪ​ពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ​»។ (​លោ. ២:២៤​) ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល​ទទួល​ឥទ្ធិពល​ពី​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​លើក​ស្ទួយ​ទស្សនៈ​ថា​ប្ដី​ឬ​ប្រពន្ធ​គួរ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។ សៀវភៅ​មួយ​អំពី​ការ​លែង​លះ​បាន​សរសេរ​ថា​៖ ​«​ពី​មុន​ក្នុង​ពិធី​រៀប​ការ​គេ​ធ្លាប់​សន្យា​ថា​យើង​នឹង​រួម​រស់​ជា​មួយ​គ្នា‹ដរាប​ណា​ដែល​យើង​ទាំង​ពីរ​រស់​នៅ​លើ​ផែន​ដី​ជា​មួយ​គ្នា› តែ​ឥឡូវ​នេះ​ក្នុង​ពិធី​រៀប​ការ​ខ្លះ ពាក្យ​នេះ​បាន​ត្រូវ​ជំនួស​ដោយ​ពាក្យ​សន្យា​ដែល​ថា​យើង​នឹង​រួម​រស់​ជា​មួយ​គ្នា‹ដរាប​ណា​ដែល​យើង​ទាំង​ពីរ​នៅ​ស្រឡាញ់​គ្នា›​»។ ការ​មាន​ទស្សនៈ​បែប​នេះ​បាន​នាំ​ឲ្យ​ក្រុម​គ្រួសារ​ជា​ច្រើន​បែក​បាក់​គ្នា​និង​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​វិបត្ដិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ។ យើង​អាច​ឃើញ​ច្បាស់​ថា ទស្សនៈ​របស់​ពិភព​លោក​នេះ​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ចំណង​អាពាហ៍​ពិពាហ៍​គឺ​ជា​ទស្សនៈ​ដែល​ផ្ដេស​ផ្ដាស។

១៣. ហេតុ​អ្វី​ពួក​អ្នក​ដែល​មាន​អំណួត​ជា​ទី​ស្អប់ខ្ពើម​ចំពោះ​ព្រះ​យេហូវ៉ា?

១៣ គម្ពីរ​ចែង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង​ឆ្មៃ នោះ​ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​»។ (​សុភ. ១៦:៥​) ហេតុ​អ្វី​ពួក​អ្នក​ដែល​មាន​អំណួត​ជា​ទី​ស្អប់ខ្ពើម​ចំពោះ​ព្រះ​យេហូវ៉ា? មូលហេតុ​មួយ​គឺ​ពួក​អ្នក​ដែល​ស្រឡាញ់​ខ្លួន​ឯង​ហួស​ហេតុ​ពេក មាន​អំណួត​ដូច​សាថាន។ សូម​គិត​ទៅ​មើល សាថាន​គិត​ថា​លោក​យេស៊ូ​ដែល​ជា​បុគ្គល​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​អស់ គួរ​ក្រាប​ប្រណិប័តន៍​វា! (​ម៉ាថ. ៤:៨, ៩; កូឡ. ១:១៥, ១៦​) ពួក​អ្នក​ដែល​លើក​តម្កើង​ខ្លួន​បែប​នេះ ស​ឲ្យ​ឃើញ​ថា​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​គឺ​ផ្ដេស​ផ្ដាស​ចំពោះ​ព្រះ។

ទស្សនៈ​របស់​ព្រះ​ចំពោះ​ការ​ស្រឡាញ់​ខ្លួន​ឯង

១៤. តើ​រ៉ូម ១២:៣​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង​យ៉ាង​ដូច​ម្ដេច?

១៤ គម្ពីរ​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន។ គម្ពីរ​បង្រៀន​ថា​គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​ខ្លួន​ឯង​មួយ​កម្រិត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ នេះ​បញ្ជាក់​ថា​យើង​គួរ​គិត​ខ្លះ​ៗ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។ (​ម៉ាថ. ១៩:១៩​) ប៉ុន្តែ គម្ពីរ​មិន​បាន​បង្រៀន​ថា​យើង​គួរ​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​ចែង​ថា​៖ ‹ចូរ​កុំ​ធ្វើ​អ្វី​ក្នុង​បំណង​ទាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឬ​លើក​ខ្លួន​ហួស​ប្រមាណ ប៉ុន្តែ​ចូរ​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន›។—ភី. ២:៣; សូម​អាន រ៉ូម ១២:៣

១៥. ស្តី​អំពី​ការ​ស្រឡាញ់​ខ្លួន​ឯង ហេតុ​អ្វី​អ្នក​គិត​ថា​យោបល់​ពី​គម្ពីរ​មាន​ប្រយោជន៍?

១៥ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ដែល​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​មាន​ប្រាជ្ញា មើល​ស្រាល​យោបល់​ពី​គម្ពីរ​ស្តី​អំពី​ការ​ស្រឡាញ់​ខ្លួន​ឯង។ ពួក​គេ​និយាយ​ថា​ការ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​ទន់​ខ្សោយ ហើយ​អ្នក​ឯ​ទៀត​នឹង​កេង​យក​ប្រយោជន៍​ពី​យើង។ ប៉ុន្តែ តើ​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ដែល​លើក​ស្ទួយ​ការ​ស្រឡាញ់​តែ​ខ្លួន​ឯង​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? តើ​អ្នក​បាន​ឃើញ​លទ្ធផល​អ្វី​ខ្លះ? តើ​មនុស្ស​ដែល​ស្រឡាញ់​តែ​ខ្លួន​ឯង​មាន​សុភមង្គល​ឬ​ទេ? តើ​ពួក​គេ​មាន​ក្រុម​គ្រួសារ​ដែល​មាន​សុភមង្គល​ឬ? តើ​ពួក​គេ​មាន​មិត្ត​ពិត​ឬ​ទេ? តើ​ពួក​គេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ឬ​ទេ? តាម​អ្វី​ដែល​អ្នក​សង្កេត​ឃើញ រវាង​ការ​ធ្វើ​តាម​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​និង​ការ​ធ្វើ​តាម​ប្រាជ្ញា​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ តើ​មួយ​ណា​នាំ​មក​នូវ​លទ្ធផល​ល្អ​បំផុត?

១៦​-​១៧. តើ​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី ហើយ​ហេតុ​អ្វី?

១៦ មនុស្ស​ដែល​ធ្វើ​តាម​យោបល់​របស់​ពួក​អ្នក​ដែល​ពិភព​លោក​នេះ​ចាត់​ទុក​ថា​មាន​ប្រាជ្ញា គឺ​ប្រៀប​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ដែល​សុំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​គ្នី​គ្នា​ណែនាំ​ផ្លូវ​ពេល​ដែល​ទាំង​ពីរ​នាក់​កំពុង​តែ​វង្វេង​ផ្លូវ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​ប្រាជ្ញ​នៅ​សម័យ​របស់​លោក​ថា​៖ ​«​ពួក​គេ​ជា​មនុស្ស​ខ្វាក់​ដែល​កំពុង​នាំ​ផ្លូវ​អ្នក​ឯ​ទៀត។ ប្រសិន​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ដូច​គ្នា ទាំង​ពីរ​នាក់​នឹង​ធ្លាក់​រណ្ដៅ​»។ (​ម៉ាថ. ១៥:១៤​) យើង​ឃើញ​ច្បាស់​ថា ប្រាជ្ញា​របស់​ពិភព​លោក​នេះ​គឺ​ផ្ដេស​ផ្ដាស​ចំពោះ​ព្រះ។

អ្នក​បម្រើ​របស់​ព្រះ​រំលឹក​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីក​រាយ​ដែល​ពួក​គាត់​ធ្លាប់​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១៧​) *

១៧ យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដែល​មាន​ក្នុង​គម្ពីរ តែង​តែ​«​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត​»។ (​២ធី. ៣:១៦​) យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​តាម​រយៈ​អង្គ​ការ​របស់​លោក លោក​ការ​ពារ​យើង​មិន​ឲ្យ​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​បោក​បញ្ឆោត​យើង​បាន។ (​អេភ. ៤:១៤​) សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ពី​លោក​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​បន្ត​ធ្វើ​តាម​ខ្នាត​តម្រា​ពី​បណ្ដាំ​របស់​លោក។ គឺ​អស្ចារ្យ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ណែនាំ​និង​ប្រាជ្ញា​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ពី​គម្ពីរ!

ចម្រៀង​លេខ​៥៤ ‹គឺ​ផ្លូវ​នេះ​ហើយ›

^ វគ្គ 5 អត្ថបទ​នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ផ្ដល់​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។ អត្ថបទ​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ឃើញ​ថា​ការ​ធ្វើ​តាម​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​នាំ​មក​នូវ​លទ្ធផល​ដ៏​ខ្លោច​ផ្សា តែ​ការ​ធ្វើ​តាម​ប្រាជ្ញា​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​យើង។

^ វគ្គ 9 ជា​ឧទាហរណ៍ សូម​មើល​សំណួរ​ទី​៧​«​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​មាន​ការ​បង្ខំ​ឲ្យ​រួម​ភេទ?​»​ ក្នុង​សៀវភៅ​ស្តើង ចម្លើយ​ចំពោះ​១០​សំណួរ​ពី​ពួក​យុវវ័យ និង​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា ​«​អ្នក​អាច​ឈ្នះ​ទម្លាប់​បំពេញ​ចំណង់​ផ្លូវ​ភេទ​តាម​របៀប​មិន​ត្រឹម​ត្រូវ​»​ ក្នុង​សៀវភៅ​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

^ វគ្គ 50 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​រូប​ភាព​ទាំង​នេះ យើង​ឃើញ​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​សាក្សី​ព្រះ​យេហូវ៉ា​មួយ​គូ។ ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​កំពុង​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០។

^ វគ្គ 52 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ប្ដី​នោះ​ថែ​រក្សា​ប្រពន្ធ​ពេល​ដែល​គាត់​ឈឺ ហើយ​កូន​ស្រី​របស់​ពួក​គាត់​កំពុង​សម្លឹង​មើល។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: បច្ចុប្បន្ន​នេះ ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​រំលឹក​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីក​រាយ​ដែល​ពួក​គាត់​ធ្លាប់​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ កូន​ស្រី​របស់​ពួក​គាត់​និង​ក្រុម​គ្រួសារ​របស់​នាង​អរ​សប្បាយ​ជា​មួយ​នឹង​ពួក​គាត់។