លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៨

សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក

សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក

​«​ចូរ​បន្ត​រែក​ពុន​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​បំពេញ​ច្បាប់​គ្រិស្ត​គ្រប់​ជំពូក​»។—កាឡ. ៦:២

ចម្រៀង​លេខ​១២ ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​មហិមា

សេចក្ដី​សង្ខេប *

១. តើ​មាន​អ្វី​ពីរ​យ៉ាង​ដែល​យើង​អាច​ដឹង​ប្រាកដ?

ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ នេះ​ជា​អ្វី​មួយ​ដែល​មិន​ផ្លាស់​ប្ដូរ​ឡើយ។ លោក​ក៏​ស្រឡាញ់​យុត្ដិធម៌​ដែរ។ (​ទំនុក. ៣៣:៥​) ដូច្នេះ យើង​អាច​ដឹង​ប្រាកដ​អំពី​អ្វី​ពីរ​យ៉ាង​គឺ​៖ (​១​) ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ពេល​អ្នក​បម្រើ​របស់​លោក​រង​អំពើ​អយុត្ដិធម៌។ (​២​) លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​នឹង​រក​យុត្ដិធម៌​ឲ្យ​អ្នក​នោះ។ ក្នុង​អត្ថបទ​ទី១​នៃ​អត្ថបទ​ដែល​មាន​បួន​ភាគ​នេះ * យើង​បាន​រៀន​ថា​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់។ ច្បាប់​នោះ​បាន​លើក​ស្ទួយ​យុត្ដិធម៌​សម្រាប់​បណ្ដា​ជន​ទាំង​ឡាយ ជា​ពិសេស​ពួក​អ្នក​ទន់​ខ្សោយ។ (​ចោ. ១០:១៨​) ច្បាប់​នោះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។

២. តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

ច្បាប់​ម៉ូសេ​លែង​មាន​សុពលភាព​ទៀត​នៅ​ឆ្នាំ​៣៣ គ.ស. ពេល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង។ តើ​នេះ​មាន​ន័យ​ថា​គ្រិស្ត​សាសនិក​នឹង​លែង​នៅ​ក្រោម​ច្បាប់​មួយ​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​និង​ដែល​លើក​ស្ទួយ​យុត្ដិធម៌​ឬ​ទេ? មិន​មែន​ទេ! គ្រិស្ត​សាសនិក​មាន​ច្បាប់​ថ្មី។ ក្នុង​អត្ថបទ​នេះ មុន​ដំបូង​យើង​នឹង​ពិចារណា​អំពី​ច្បាប់​ថ្មី​នោះ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ច្បាប់​នោះ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់ ហើយ​លើក​ស្ទួយ​ឬ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌? តើ​ច្បាប់​នោះ​តម្រូវ​ឲ្យ​ពួក​អ្នក​ដែល​ទទួល​អំណាច​ពី​ព្រះ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

តើ​«​ច្បាប់​គ្រិស្ត​»​គឺ​ជា​អ្វី?

៣. តើ​«​ច្បាប់​គ្រិស្ត​»​នៅ​កាឡាទី ៦:២​រួម​បញ្ចូល​អ្វី​ខ្លះ?

សូម​អាន កាឡាទី ៦:២គ្រិស្ត​សាសនិក​នៅ​ក្រោម​«​ច្បាប់​គ្រិស្ត​»។ លោក​យេស៊ូ​មិនបាន​ឲ្យ​ក្រឹត្យ​ក្រម​ច្បាប់​សម្រាប់​ពួក​អ្នក​កាន់​តាម​លោក​ទេ ប៉ុន្តែ​លោក​បាន​ផ្ដល់​បង្គាប់​ខ្លះ​ៗ ការ​ណែនាំ និង​គោល​ការណ៍​ដើម្បី​ដឹក​នាំ​ពួក​គេ។ ​«​ច្បាប់​គ្រិស្ត​»​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​បង្រៀន។ ក្នុង​វគ្គ​បន្ត​បន្ទាប់​នេះ យើង​នឹង​រៀន​ច្រើន​ជាង​អំពី​ច្បាប់​នោះ។

៤​-​៥. តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​ឯ​ទៀត​តាម​របៀប​ណា​ខ្លះ ហើយ​តើ​លោក​បង្រៀន​ពួក​គេ​នៅ​ពេល​ណា?

តើ​លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​តាម​របៀប​ណា? ទី១ លោក​បង្រៀន​ពួក​គេ​តាម​រយៈ​ពាក្យ​សម្ដី​របស់​លោក។ ពាក្យ​សម្ដី​របស់​លោក​មាន​ឥទ្ធិពល​ដោយ​សារ​លោក​ប្រាប់​សេចក្ដី​ពិត​អំពី​ព្រះ បង្រៀន​អំពី​គោល​បំណង​ពិត​នៃ​ជីវិត និង​បង្ហាញ​ថា​រាជាណាចក្រ​របស់​ព្រះ​ជា​ដំណោះ​ស្រាយ​សម្រាប់​ទុក្ខ​វេទនា​ទាំង​អស់​របស់​មនុស្ស។ (​លូក. ២៤:១៩​) លោក​យេស៊ូ​ក៏​បាន​បង្រៀន​មនុស្ស​តាម​រយៈ​គំរូ​របស់​លោក​ដែរ។ តាម​រយៈ​របៀប​រស់​នៅ​របស់​លោក លោក​បង្ហាញ​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​គួរ​មាន​របៀប​រស់​នៅ​បែប​ណា។—យ៉ូន. ១៣:១៥

តើ​លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​នៅ​ពេល​ណា? លោក​បាន​បង្រៀន​មនុស្ស​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី។ (​ម៉ាថ. ៤:២៣​) លោក​ក៏​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​មិន​យូរ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ជា​ឧទាហរណ៍ លោក​បាន​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម​លោក​មួយ​ក្រុម ដែល​ប្រហែល​ជា​មាន​គ្នា​៥០០​នាក់​ជាង ហើយ​បាន​បង្គាប់​ពួក​គេ​ឲ្យ‹បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក›។ (​ម៉ាថ. ២៨:១៩, ២០; ១កូ. ១៥:៦​) ក្នុង​នាម​ជា​ប្រមុខ​ក្រុម​ជំនុំ លោក​យេស៊ូ​បន្ត​ណែនាំ​ពួក​អ្នក​កាន់​តាម​លោក​ក្រោយ​ពី​លោក​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ ជា​ឧទាហរណ៍ ប្រហែល​ជា​នៅ​ឆ្នាំ​៩៦ គ.ស. គ្រិស្ត​បាន​បង្គាប់​សាវ័ក​យ៉ូហាន​ឲ្យ​លើក​ទឹក​ចិត្ត និង​ផ្ដល់​ឱវាទ​ដល់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង។—កូឡ. ១:១៨; បប. ១:១

៦​-​៧. (​ក​) តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​បាន​ត្រូវ​កត់​ទុក​នៅ​ឯ​ណា? (​ខ​) តើ​យើង​ធ្វើ​តាម​ច្បាប់​គ្រិស្ត​តាម​របៀប​ណា?

តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​បាន​ត្រូវ​កត់​ទុក​នៅ​ឯ​ណា? សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​រៀប​រាប់​អំពី​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ជា​ច្រើន​របស់​លោក​យេស៊ូ​ពេល​លោក​នៅ​ផែន​ដី។ ម្យ៉ាង​ទៀត បុរស​មួយ​ចំនួន​ដែល​មាន​«​គំនិត​របស់​គ្រិស្ត​»​បាន​សរសេរ​បទ​គម្ពីរ​ផ្សេង​ទៀត​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ហើយ​ពួក​គេ​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​សកម្មពល​បរិសុទ្ធ។ សៀវភៅ​ទាំង​នោះ​ក៏​ជួយ​យើង​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​រឿង​ផ្សេង​ៗ។—១កូ. ២:១៦

មេ​រៀន: សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ជាប់​ទាក់​ទង​នឹង​គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​ជីវិត។ ដូច្នេះ យើង​ធ្វើ​តាម​ច្បាប់​របស់​គ្រិស្ត មិន​ថា​យើង​នៅ​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា និង​នៅ​ក្នុង​ក្រុម​ជំនុំក្ដី។ យើង​រៀន​អំពី​ច្បាប់​នេះ​ពេល​យើង​អាន​បទ​គម្ពីរ​គ្រិស្តសាសនិក​ជា​ភាសា​ក្រិច និង​រំពឹង​គិត​អំពី​បទ​គម្ពីរ​ទាំង​នោះ។ យើង​ធ្វើ​តាម​ច្បាប់​នេះ ដោយ​មាន​របៀប​រស់​នៅ​ស្រប​តាម​ការ​ណែនាំ បង្គាប់ និង​គោល​ការណ៍​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បទ​គម្ពីរ​ទាំង​នោះ។ ពេល​យើង​ធ្វើ​តាម​ច្បាប់​គ្រិស្ត យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​ស្រឡាញ់​យើង​និង​ជា​ប្រភព​នៃ​សេចក្ដី​បង្រៀន​ទាំង​អស់​របស់​លោក​យេស៊ូ។—យ៉ូន. ៨:២៨

ច្បាប់​មួយ​ដែល​មាន​មូលដ្ឋាន លើ​សេចក្ដី​ស្រឡាញ់

៨. តើ​ច្បាប់​គ្រិស្ត​មាន​មូលដ្ឋាន​គ្រឹះ​ទៅ​លើ​អ្វី?

ផ្ទះ​ដែល​បាន​ត្រូវ​សង់​យ៉ាង​ល្អ​និង​ដែល​មាន​គ្រឹះ​រឹង​មាំ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​នោះ មាន​អារម្មណ៍​ថា​ពួក​គេ​មាន​សុវត្ថិភាព។ ស្រដៀង​គ្នា​ដែរ ច្បាប់​ដ៏​ល្អ​មួយ​ដែល​មាន​មូលដ្ឋាន​លើ​គ្រឹះ​ដ៏​រឹង​មាំ ជួយ​ពួក​អ្នក​ដែល​ធ្វើ​តាម​ច្បាប់​នោះ​ឲ្យ​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​សុវត្ថិភាព។ ច្បាប់​គ្រិស្ត​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មាន​គ្រឹះ​មូលដ្ឋាន​ដ៏​ល្អ​បំផុត ពោល​គឺ​សេចក្ដី​ស្រឡាញ់។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ?

ពេល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់ យើង​កំពុង​ធ្វើ​តាម​«​ច្បាប់​គ្រិស្ត​» ​(​សូម​មើល​វគ្គ​៩​-​១៤​) *

៩​-​១០. តើ​ឧទាហរណ៍​អ្វី​ខ្លះ​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​លោក​យេស៊ូ ហើយ​តើ​យើង​អាច​យក​តម្រាប់​លោក​យ៉ាង​ដូច​ម្ដេច?

ទី១ សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​លោក​យេស៊ូ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ចិត្ត​អាណិត​អាសូរ ឬ​ចិត្ត​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​ជា​គុណ​សម្បត្ដិ​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់។ សេចក្ដី​អាណិត​មេត្ដា​បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​បង្រៀន​បណ្ដា​ជន ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ផ្ដល់​អាហារ​ដល់​មនុស្ស​ដែល​ស្រេក​ឃ្លាន និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាថ. ១៤:១៤; ១៥:៣២​-​៣៨; ម៉ាក. ៦:៣៤; លូក. ៧:១១​-​១៥​) ដោយ​ស្មោះ​អស់​ពី​ចិត្ត លោក​យេស៊ូ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​របស់​លោក ទោះ​ជា​លោក​ត្រូវ​ប្រើ​កម្លាំង​និង​ពេល​វេលា​ជា​ច្រើន​របស់​លោក​ដើម្បី​ធ្វើ​អ្វី​ទាំង​អស់​នោះ​ក្ដី។ ប៉ុន្តែ របៀប​ដ៏​សំខាន់​បំផុត​ដែល​លោក​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​លះ​បង់​ជីវិត​ដើម្បី​អ្នក​ឯ​ទៀត។—យ៉ូន. ១៥:១៣

១០ មេ​រៀន: យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។ យើង​ក៏​អាច​យក​តម្រាប់​លោក​ដោយ​រៀន​ឲ្យ​ចេះ​បង្ហាញ​ថែម​ទៀត​នូវ​សេចក្ដី​អាណិត​មេត្ដា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ ពេល​សេចក្ដី​អាណិត​មេត្ដា​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដំណឹង​ល្អ នោះ​យើង​កំពុង​ធ្វើ​តាម​ច្បាប់​គ្រិស្ត។

១១​-​១២. (​ក​) តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង? (​ខ​) តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ ទី២ លោក​យេស៊ូ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​បិតា​លោក​ស្រឡាញ់​មនុស្ស​ខ្លាំង​យ៉ាង​ណា។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ មាន​របៀប​ជា​ច្រើន​ដែល​លោក​បាន​បង្ហាញ​ចំណុច​នេះ។ ជា​ឧទាហរណ៍ លោក​បាន​បង្រៀន​ដូច​ត​ទៅ​នេះ​ថា​យើង​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ (​ម៉ាថ. ១០:៣១​) ព្រះ​យេហូវ៉ា​ចង់​ទទួល​ស្វាគមន៍​ចៀម​វង្វេង​ដែល​ប្រែ​ចិត្ត និង​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ។ (​លូក. ១៥:៧, ១០​) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង​ដោយ​ឲ្យ​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ​យើង។—យ៉ូន. ៣:១៦

១២ មេ​រៀន: តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​អេភ. ៥:១, ២​) យើង​ចាត់​ទុក​បង​ប្អូន​ម្នាក់​ៗ​របស់​យើង​ថា​មាន​តម្លៃ ហើយ​យើង​រីក​រាយ​ទទួល​ស្វាគមន៍​«​ចៀម​បាត់​បង់​»​ដែល​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។ (​ទំនុក. ១១៩:១៧៦​) យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​បង​ប្អូន​ដោយ​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​យើង​ដើម្បី​ជួយ​ពួក​គេ ជា​ពិសេស​ពេល​ពួក​គេ​ត្រូវ​ការ​ជំនួយ។ (​១យ៉ូន. ៣:១៧​) យើង​ធ្វើ​តាម​ច្បាប់​គ្រិស្ត ពេល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់។

១៣​-​១៤. (​ក​) នៅ​យ៉ូហាន ១៣:៣៤, ៣៥ តើ​លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​នេះ​ជា​បញ្ញត្ដិ​ថ្មី? (​ខ​) តើ​យើង​ធ្វើ​តាម​បញ្ញត្ដិ​ថ្មី​នោះ​យ៉ាង​ដូច​ម្ដេច?

១៣ ទី៣ លោក​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន។ (​សូម​អាន យ៉ូហាន ១៣:៣៤, ៣៥) បញ្ញត្ដិ​ដែល​លោក​យេស៊ូ​ឲ្យ​នោះ​គឺ​ជា​បញ្ញត្ដិ​ថ្មី ដោយ​សារ​នោះ​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ថ្មី​មួយ​ដែល​ខុស​ពី​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ថា​ពួក​គេ​ត្រូវ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ដូច​ដែល​លោក​យេស៊ូ​ស្រឡាញ់​ពួក​គេ។ នេះ​តម្រូវ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន។ * យើង​ត្រូវ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ខ្លាំង​ជាង​យើង​ស្រឡាញ់​ខ្លួន​ឯង។ យើង​ត្រូវ​ស្រឡាញ់​ពួក​គេ​រហូត​ដល់​សុខ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​ពួក​គេ​ដូច​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​យើង។

១៤ មេ​រៀន: តើ​យើង​ធ្វើ​តាម​បញ្ញត្ដិ​ថ្មី​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ធ្វើ​ការ​លះ​បង់​ដើម្បី​បង​ប្អូន​របស់​យើង។ យើង​មិន​គ្រាន់​តែ​សុខ​ចិត្ត​ស្លាប់​ដើម្បី​បង​ប្អូន​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​តែ​អ្វី​បន្ដិច​បន្តួច ក៏​យើង​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ដែរ។ ជា​ឧទាហរណ៍ យើង​កំពុង​ធ្វើ​តាម​ច្បាប់​គ្រិស្ត ពេល​យើង​ជួយ​ឌុប​បង​ប្អូន​វ័យ​ចាស់​ជា​រឿយ​ៗ​ឲ្យ​ទៅ​កិច្ច​ប្រជុំ ឬ​យើង​សុខ​ចិត្ត​លះ​បង់​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ដើម្បី​បំពេញ​ចិត្ត​បុគ្គល​ជា​ទី​ស្រឡាញ់ ឬ​យើង​សុំ​ច្បាប់​ពី​ការ​ងារ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ។ យើង​ក៏​កំពុង​ជួយ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ជា​កន្លែង​ដែល​មនុស្ស​ម្នាក់​ៗ​អាច​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព។

ច្បាប់​មួយ​ដែល​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ ប្រព្រឹត្ត​ដោយ​យុត្ដិធម៌

១៥​-​១៧. (​ក​) តើ​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​លោក​យុត្ដិធម៌? (​ខ​) តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៥ ក្នុង​គម្ពីរ​ពាក្យ​«​យុត្ដិធម៌​»​សំដៅ​ទៅ​លើ​ការ​ធ្វើ​អ្វី​ដែល​ព្រះ​ចាត់​ទុក​ថា​ត្រឹម​ត្រូវ ហើយ​ធ្វើ​ដូច្នេះ​ដោយ​មិន​រើស​មុខ។ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ច្បាប់​គ្រិស្ត​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌?

លោក​យេស៊ូ​បាន​បង្ហាញ​ការ​គោរព​និង​សេចក្ដី​សប្បុរស​ចំពោះ​ស្ត្រី រួម​ទាំង​ស្ត្រី​ដែល​អ្នក​ឯ​ទៀត​មើល​ងាយ (​សូម​មើល​វគ្គ​១៦​) *

១៦ ដំបូង សូម​ពិចារណា​អំពី​របៀប​ដែល​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​បង្ហាញ​ថា​លោក​យុត្ដិធម៌។ នៅ​សម័យ​លោក អ្នក​ដឹក​នាំ​សាសនា​យូដា​ស្អប់​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា មើល​ងាយ​ជន​ជាតិ​យូដា​ដែល​ជា​មនុស្ស​សាមញ្ញ និង​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ស្ត្រី។ ប៉ុន្តែ លោក​យេស៊ូ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​និង​ដោយ​មិន​រើស​មុខ​ចំពោះ​មនុស្ស​ទាំង​អស់។ លោក​ទទួល​ស្វាគមន៍​បុគ្គល​ដែល​មាន​ជំនឿ​លើ​លោក ទោះ​ជា​ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​យូដា​ក៏​ដោយ។ (​ម៉ាថ. ៨:៥​-​១០, ១៣​) លោក​បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​ដោយ​មិន​រើស​អើង មិន​ថា​ពួក​គេ​ជា​អ្នក​មាន​ឬ​អ្នក​ក្រ​ក្ដី។ (​ម៉ាថ. ១១:៥; លូក. ១៩:២,​) លោក​មិន​ដែល​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា​ចំពោះ​មនុស្ស​ស្រី ឬ​ធ្វើ​បាប​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​បង្ហាញ​ការ​គោរព​និង​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ស្រី រួម​ទាំង​ស្ត្រី​ដែល​អ្នក​ឯ​ទៀត​មើល​ងាយ។—លូក. ៧:៣៧​-​៣៩, ៤៤​-​៥០

១៧ មេ​រៀន: យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​មិន​រើស​មុខ និង​ដោយ​ផ្សព្វ​ផ្សាយ​ដល់​អស់​អ្នក​ដែល​ចង់​ស្ដាប់ ទោះ​ជា​ពួក​គេ​ជា​អ្នក​មាន​ឬ​អ្នក​ក្រ ឬ​កាន់​សាសនា​ណា​ក៏​ដោយ។ បុរស​ដែល​ជា​គ្រិស្ត​សាសនិក​ពិត​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​បង្ហាញ​ការ​គោរព​ចំពោះ​ស្ត្រី។ ពេល​យើង​ធ្វើ​អ្វី​ទាំង​នេះ យើង​កំពុង​ធ្វើ​តាម​ច្បាប់​គ្រិស្ត។

១៨​-​១៩. តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្វី​ស្តី​អំពី​យុត្ដិធម៌ ហើយ​តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​សេចក្ដី​បង្រៀន​របស់​លោក?

១៨ ទី២ សូម​ពិចារណា​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អំពី​យុត្ដិធម៌។ លោក​បាន​បង្រៀន​គោល​ការណ៍​ដែល​ជួយ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​យុត្ដិធម៌។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​បង្រៀន​ថា បើ​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​យុត្ដិធម៌ យើង​គួរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដោយ​យុត្ដិធម៌។ បើ​យើង​ធ្វើ​ដូច្នេះ ពួក​គេ​ប្រហែល​ជា​ចង់​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​យុត្ដិធម៌​វិញ។ (​ម៉ាថ. ៧:១២​) ប៉ុន្តែ ចុះ​បើ​យើង​បាន​រង​អំពើ​អយុត្ដិធម៌? លោក​យេស៊ូ​ក៏​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​«​រក​យុត្ដិធម៌​ឲ្យ[​ពួក​អ្នក​] ដែល​ស្រែក​រក​លោក​ទាំង​យប់​ទាំង​ថ្ងៃ​»។ (​លូក. ១៨:៦, ៧​) ពាក្យ​ទាំង​នេះ​ជា​សេចក្ដី​សន្យា​មួយ។ ព្រះ​របស់​យើង​ដែល​ស្រឡាញ់​យុត្ដិធម៌ ដឹង​អំពី​ទុក្ខ​លំបាក​ដែល​យើង​កំពុង​ប្រឈម​មុខ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ហើយ​លោក​សន្យា​ថា​លោក​នឹង​រក​យុត្ដិធម៌​ឲ្យ​យើង​នៅ​ពេល​ត្រឹម​ត្រូវ។—២ថែ. ១:៦

១៩ មេ​រៀន: ពេល​យើង​ធ្វើ​តាម​គោល​ការណ៍​ដែល​លោក​យេស៊ូ​បាន​បង្រៀន យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​យុត្ដិធម៌។ ម្យ៉ាង​ទៀត បើ​យើង​បាន​រង​អំពើ​អយុត្ដិធម៌​ក្នុង​ពិភព​លោក​របស់​សាថាន យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​រក​យុត្ដិធម៌​ឲ្យ​យើង។

តើ​ពួក​អ្នក​ដែល​ទទួល​អំណាច​ពី​ព្រះ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ឯ​ទៀត?

២០​-​២១. (​ក​) តើ​ពួក​អ្នក​ដែល​មាន​អំណាច​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ឯ​ទៀត? (​ខ​) តើ​ប្ដី​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​យ៉ាង​ដូច​ម្ដេច? តើ​ឪ​ពុក​គួរ​ប្រព្រឹត្ត​បែប​ណា​ចំពោះ​កូន?

២០ នៅ​ក្រោម​ច្បាប់​គ្រិស្ត តើ​ពួក​អ្នក​ដែល​មាន​អំណាច​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ឯ​ទៀត? ដោយ​សារ​សេចក្ដី​ស្រឡាញ់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ច្បាប់​នោះ ពួក​អ្នក​ដែល​មាន​អំណាច​ត្រូវ​លើក​កិត្ដិយស​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​របស់​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់។ ពួក​គេ​ត្រូវ​ចាំ​ថា​គ្រិស្ត​ចង់​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​គ្រប់​ការ​ទាំង​អស់។

២១ ក្នុង​ក្រុម​គ្រួសារ: ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​«​ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ​»។ (​អេភ. ៥:២៥, ២៨, ២៩​) ដូច​គ្រិស្ត ប្ដី​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន ដោយ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​និង​ប្រយោជន៍​របស់​ប្រពន្ធ​ថា​សំខាន់​ជាង​របស់​ខ្លួន។ បុរស​ខ្លះ​ប្រហែល​ជា​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ ដោយ​សារ​ពួក​គេ​បាន​ធំ​ឡើង​ក្នុង​វប្បធម៌​ដែល​មនុស្ស​មិន​ចាត់​ទុក​ការ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​និង​ដោយ​សេចក្ដី​ស្រឡាញ់​ថា​សំខាន់​ទេ។ ពួក​គេ​ប្រហែល​ជា​ពិបាក​កែ​ប្រែ​ទម្លាប់​ផ្សេង​ៗ ប៉ុន្តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ទាំង​នោះ​ដើម្បី​ធ្វើ​តាម​ច្បាប់​គ្រិស្ត។ ប្ដី​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​នឹង​ទទួល​ការ​គោរព​ពី​ប្រពន្ធ​របស់​គាត់។ ឪ​ពុក​ដែល​ពិត​ជា​ស្រឡាញ់​កូន​នឹង​មិន​ប្រព្រឹត្ត​ដោយ​ឃោរ​ឃៅ​ឬ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​ចំពោះ​កូន​ទេ។ (​អេភ. ៤:៣១​) ផ្ទុយ​ទៅ​វិញ គាត់​បង្ហាញ​ថា​គាត់​ស្រឡាញ់​និង​ពេញ​ចិត្ត​កូន ហើយ​នេះ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​កក់​ក្ដៅ និង​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​សុវត្ថិភាព។ ឪ​ពុក​បែប​នេះ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​ទុក​ចិត្ត​ពី​កូន។

២២. ដូច​ចែង​នៅ​ពេត្រុស​ទី១ ៥:១​-​៣ តើ​«​ចៀម​»​ជា​របស់​អ្នក​ណា ហើយ​តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​គេ?

២២ ក្នុង​ក្រុម​ជំនុំ: ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ចាំ​ថា​«​ចៀម​»​មិន​មែន​ជា​របស់​ពួក​គាត់​ទេ។ (​យ៉ូន. ១០:១៦; សូម​អាន ពេត្រុស​ទី១ ៥:១​-​៣) ពាក្យ​«​ហ្វូង​ចៀម​របស់​ព្រះ​»​និង​«​មត៌ក​របស់​ព្រះ​»​រំលឹក​ពួក​អ្នក​ចាស់​ទុំ​ថា​ចៀម​ជា​របស់​ព្រះ​យេហូវ៉ា។ លោក​ចង់​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​និង​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ចៀម​របស់​លោក។ (​១ថែ. ២:៧, ៨​) ពួក​អ្នក​ចាស់​ទុំ​ដែល​បង្ហាញសេចក្ដី​ស្រឡាញ់​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ពួក​គាត់​ជា​គង្វាល ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ចាស់​បែប​នេះ​ក៏​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ពី​បង​ប្អូន​ដែរ។

២៣​-​២៤. (​ក​) តើ​ពួក​អ្នក​ចាស់​ទុំ​មាន​តួនាទី​អ្វី​ពេល​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? (​ខ​) ក្នុង​ករណី​បែប​នោះ តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ពិចារណា​អំពី​អ្វី?

២៣ តើ​ពួក​អ្នក​ចាស់​ទុំ​មាន​តួនាទី​អ្វី​ពេល​មាន​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? ពួក​គាត់​មាន​តួនាទី​ខុស​ពី​ចៅ​ក្រម​និង​បុរស​ចាស់​ទុំ​ដែល​នៅ​ក្រោម​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​ក្រោម​ច្បាប់​នោះ ពួក​បុរស​ដែល​បាន​ត្រូវ​តែង​តាំង​មិន​គ្រាន់​តែ​ដោះ​ស្រាយ​រឿង​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោះ​ស្រាយ​រឿង​ក្ដី​ព្រហ្មទណ្ឌ និង​រឿង​ក្ដី​រដ្ឋប្បវេណី​ឬ​រឿង​ក្ដី​ស៊ី​វិល​ដែរ។ ប៉ុន្តែ ក្រោម​ច្បាប់​គ្រិស្ត ពួក​អ្នក​ចាស់​ទុំ​មាន​តួនាទី​ដោះ​ស្រាយ​តែ​ផ្នែក​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ប៉ុណ្ណោះ។ ពួក​គាត់​ទទួល​ស្គាល់​ថា​ព្រះ​បាន​ផ្ដល់​ភារកិច្ច​ឲ្យ​ពួក​អាជ្ញាធរ​ដើម្បី​ដោះ​ស្រាយ​រឿង​ក្ដី​ព្រហ្មទណ្ឌ​និង​រឿង​ក្ដី​រដ្ឋប្បវេណី។ នេះ​រួម​បញ្ចូល​អំណាច​ក្នុង​ការ​ផាក​ពិន័យ​ឬ​ដាក់​គុក។—រ៉ូម ១៣:១​-​៤

២៤ ដូច្នេះ តើ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី​ខាង​ការ​គោរព​ប្រណិប័តន៍​ពេល​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? ពួក​គាត់​ប្រើ​បទ​គម្ពីរ​ដើម្បី​ថ្លឹង​ថ្លែង​និង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​នោះ។ ពួក​គាត់​ចាំ​ជា​និច្ច​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ច្បាប់​គ្រិស្ត។ សេចក្ដី​ស្រឡាញ់​ជំរុញ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ពិចារណា​ថា តើ​ពួក​គាត់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជួយ​បុគ្គល​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​រង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នោះ? ស្តី​អំពី​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង សេចក្ដី​ស្រឡាញ់​ជំរុញ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ពិចារណា​សំណួរ​ដូច​ជា​៖ តើ​គាត់​ប្រែ​ចិត្ត​ឬ​ទេ? តើ​យើង​អាច​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ​ឬ​ទេ?

២៥. តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២៥ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ដែល​យើង​នៅ​ក្រោម​ច្បាប់​គ្រិស្ត! ពេល​យើង​ទាំង​អស់​គ្នា​ខំ​ប្រឹង​ធ្វើ​តាម​ច្បាប់​នេះ យើង​ជួយ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​យើង​ទៅ​ជា​កន្លែង​ដែល​បុគ្គល​ម្នាក់​ៗ​អាច​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ មាន​សុវត្ថិភាព និង​ទទួល​សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​«​មនុស្ស​ទុច្ចរិត . . . កាន់​តែ​អាក្រក់​ទៅ​ៗ​»។ (​ធីម៉ូថេ​ទី២ ៣:១៣​) ដូច្នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច។ តើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​អាច​បង្ហាញ​យុត្ដិធម៌​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច ពេល​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ? នៅ​អត្ថបទ​បន្ទាប់​យើង​នឹង​ឆ្លើយ​សំណួរ​នេះ។

ចម្រៀង​លេខ​១៥ ចូរ​សរសើរ​បុត្រ​ច្បង​របស់​ព្រះ​យេហូវ៉ា!

^ វគ្គ 5 អត្ថបទ​នេះ​និង​អត្ថបទ​ពីរ​ទៀត​ដែល​នៅ​ក្នុង​ចំណោម​អត្ថបទ​ដែល​មាន​បួន​ភាគ ពន្យល់​អំពី​មូលហេតុ​ដែល​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌។ លោក​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​ទទួល​យុត្ដិធម៌ ហើយ​លោក​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​បាន​រង​អំពើ​អយុត្ដិធម៌​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ។

^ វគ្គ 1 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កុម្ភៈ ឆ្នាំ​២០១៩។

^ វគ្គ 13 ការ​ពន្យល់​ពាក្យ: សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ជំរុញ​ចិត្ត​យើង​ឲ្យ​ចាត់​ទុក​សេចក្ដី​ត្រូវ​ការ​និង​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​សេចក្ដី​ត្រូវ​ការ​និង​ប្រយោជន៍​របស់​ខ្លួន។ យើង​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត ឬ​ដើម្បី​ជួយ​ពួក​គេ។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​កត់​សម្គាល់​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ដែល​មាន​កូន​ប្រុស​ស្លាប់។ យុវជន​នេះ​ជា​កូន​ប្រុស​តែ​មួយ​គត់​របស់​នាង។ លោក​យេស៊ូ​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​នាង ហើយ​បាន​ប្រោស​យុវជន​នោះ​ឲ្យ​រស់​ឡើង​វិញ។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​ជា​ផារិស៊ី​ម្នាក់។ ស្ត្រី​ម្នាក់​ដែល​ប្រហែល​ជា​ស្ត្រី​ពេស្យា បាន​លាង​ជើង​លោក​យេស៊ូ​ដោយ​ទឹក​ភ្នែក​របស់​នាង ហើយ​យក​សក់​របស់​នាង​មក​ជូត ព្រម​ទាំង​ចាក់​ប្រេង​ក្រអូប​លាប​លើ​ជើង​លោក។ ស៊ីម៉ូន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ស្ត្រី​នោះ​ទេ ប៉ុន្តែ​លោក​យេស៊ូ​បាន​និយាយ​ការ​ពារ​នាង។