លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៩

សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ពេល​ប្រឈម​មុខ​នឹង​អំពើ​អាក្រក់

សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ពេល​ប្រឈម​មុខ​នឹង​អំពើ​អាក្រក់

​«​ទ្រង់​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​ល្មើស​ទេ ឯ​សេចក្ដី​អាក្រក់​នឹង​នៅ​ជា​មួយ​នឹង​ទ្រង់​មិន​បាន​»។—ទំនុក. ៥:៤

ចម្រៀង​លេខ​១៤២ ចូរ​រក្សា​សេចក្ដី​សង្ឃឹម​ជា​និច្ច

សេចក្ដី​សង្ខេប *

១​-​៣. (​ក​) យោង​ទៅ​តាម​ទំនុក​តម្កើង ៥:៤​-​៦ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើ​ទុច្ចរិត? (​ខ​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​ផ្ទុយ​ពី​«​ច្បាប់​គ្រិស្ត​»​?

ព្រះ​យេហូវ៉ា​ស្អប់​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ (​សូម​អាន ទំនុក​តម្កើង ៥:៤​-​៦) លោក​ពិត​ជា​ស្អប់​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ ដែល​ជា​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ក្រៃ​លែង! ដូច​ព្រះ​យេហូវ៉ា យើង​ដែល​ជា​សាក្សី​របស់​លោក​ស្អប់​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ ហើយ​មិន​អនុញ្ញាត​ឲ្យ​ការ​ប្រព្រឹត្ត​បែប​នោះ​មាន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឡើយ។—រ៉ូម ១២:៩; ហេ. ១២:១៥, ១៦

ការ​ធ្វើ​បាប​កូន​ក្មេង​គឺ​ប្រឆាំង​នឹង​«​ច្បាប់​គ្រិស្ត​»​! (​កាឡ. ៦:២​) ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ដូច​ដែល​យើង​បាន​រៀន​ក្នុង​អត្ថបទ​មុន ច្បាប់​គ្រិស្ត​គឺ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្រៀន​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក ហើយ​ច្បាប់​នោះ​មាន​មូលដ្ឋាន​គ្រឹះ​លើ​សេចក្ដី​ស្រឡាញ់ និង​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌។ ក្រោម​ច្បាប់​នេះ គ្រិស្ត​សាសនិក​ពិត​ប្រព្រឹត្ត​ចំពោះ​កូន​ក្មេង​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ក្មេង​នោះ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព និង​ទទួល​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ។ ប៉ុន្តែ​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​ជា​ទង្វើ​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ដែល​អយុត្ដិធម៌ ហើយ​នោះ​ធ្វើ​ឲ្យ​កុមារ​ភ័យ​ខ្លាច​និង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​គាត់។

គួរ​ឲ្យ​ស្ដាយ​ណាស់ ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​មាន​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​បញ្ហា​នេះ​ក៏​បាន​ប៉ះ​ពាល់​ដល់​គ្រិស្ត​សាសនិក​ពិត​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​«​មនុស្ស​ទុច្ចរិត​ព្រម​ទាំង​ជន​បោក​ប្រាស់​»​មាន​កាន់​តែ​ច្រើន ហើយ​ពួក​គេ​ខ្លះ​ប្រហែល​ជា​ព្យាយាម​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត។ (​២ធី. ៣:១៣​) មួយ​វិញ​ទៀត មនុស្ស​ខ្លះ​ដែល​អះអាង​ថា​ខ្លួន​ជា​សមាជិក​ក្រុម​ជំនុំ​បាន​ឈប់​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​ដែល​ខុស​ពី​ធម្មជាតិ​ជា​មនុស្ស ហើយ​បាន​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​អ្វី​ដែលពួក​អ្នក​ចាស់​ទុំ​ធ្វើ​ពេល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​កើត​ឡើង ហើយ​នេះ​ក៏​រួម​បញ្ចូល​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​ឪ​ពុក​ម្ដាយ​អាច​ការ​ពារ​កូន​របស់​ពួក​គេ។ *

អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ

៤​-​៥. ហេតុ​អ្វី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ជា​អំពើ​ខុស​ឆ្គង​ចំពោះ​កុមារ​ដែល​ជា​ជន​រង​គ្រោះ?

ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​នាំ​ឲ្យ​មាន​ផល​វិបាក​យូរ​អង្វែង។ នេះ​ប៉ះ​ពាល់​ដល់​ជន​រង​គ្រោះ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ ពោល​គឺ​សមាជិក​ក្រុម​គ្រួសារ​និង​បង​ប្អូន​រួម​ជំនឿ។ ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។

នេះ​ជា​អំពើ​ខុស​ឆ្គង​ចំពោះ​ជន​រង​គ្រោះ។ * ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចាប់​និង​រង​ទុក្ខ​វេទនា​គឺ​ជា​អំពើ​ខុស​ឆ្គង។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ឃើញ​ថា​អ្នក​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ធ្វើ​ឲ្យ​កុមារ​នោះ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ គាត់​ធ្វើ​ឲ្យ​កុមារ​នោះ​លែង​មាន​ទំនុក​ចិត្ត ហើយ​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​គ្មាន​សុវត្ថិភាព។ យើង​ត្រូវ​ការ​ពារ​កុមារ​ពី​អំពើ​ដ៏​អាក្រក់​បែប​នេះ ហើយ​សម្រាល​ទុក្ខ​និង​ជួយ​ពួក​អ្នក​ដែល​ជា​ជន​រង​គ្រោះ។—១ថែ. ៥:១៤

៦​-​៧. ហេតុ​អ្វី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​ជា​អំពើ​ខុស​ឆ្គង​ចំពោះ​ក្រុម​ជំនុំ​និង​ពួក​អាជ្ញាធរ?

នេះ​ជា​អំពើ​ខុស​ឆ្គង​ចំពោះ​ក្រុម​ជំនុំ។ បើ​សមាជិក​ក្រុម​ជំនុំ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ គាត់​នាំ​ឲ្យ​កេរ្ដិ៍​ឈ្មោះ​ក្រុម​ជំនុំ​អាប់​ឱន។ (​ម៉ាថ. ៥:១៦; ១ពេ. ២:១២​) នេះ​ពិត​ជា​អយុត្ដិធម៌​សម្រាប់​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​រាប់​លាន​នាក់​ដែល​កំពុង​«​តស៊ូ​ដើម្បី​ការ​ពារ​ជំនឿ​»។ (​យូ. ៣​) យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​មិន​ប្រែ​ចិត្ត និង​ដែល​ធ្វើ​ឲ្យ​កេរ្ដិ៍​ឈ្មោះ​ក្រុម​ជំនុំ​ត្រូវ​អាប់​ឱន បន្ត​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ទេ។

នេះ​ជា​អំពើ​ខុស​ឆ្គង​ដែល​ប្រឆាំង​នឹង​ច្បាប់​របស់​ពួក​អាជ្ញាធរ។ គ្រិស្ត​សាសនិក​ត្រូវ​«​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ​»។ (​រ៉ូម ១៣:១​) យើង​បង្ហាញ​ការ​ចុះ​ចូល​ដោយ​គោរព​ច្បាប់​របស់​ប្រទេស​ដែល​យើង​រស់​នៅ។ បើ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដូច​ជា​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ជា​ដើម បុគ្គល​នោះ​ធ្វើ​ខុស​នឹង​ច្បាប់​របស់​ពួក​អាជ្ញាធរ។ (​សូម​ពិនិត្យ​បន្ថែម សកម្ម. ២៥:៨​) ពិត​មែន​ថា​ពួក​អ្នក​ចាស់​ទុំ​មិន​មាន​សិទ្ធិ​ដាក់​ទោស​ពួក​អ្នក​ដែល​បំពាន​ច្បាប់​របស់​ពួក​អាជ្ញាធរ​ឡើយ តែ​ពួក​គាត់​មិន​ការ​ពារ​ពួក​អ្នក​ដែល​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ពី​ការ​ដាក់​ទោស​របស់​ពួក​អាជ្ញាធរ​ទេ។ (​រ៉ូម ១៣:៤​) បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទទួល​ផល​តាម​តែ​អ្វី​ដែល​គាត់​សាប​ព្រោះ។—កាឡ. ៦:៧

៨. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​មនុស្ស​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ម្នាក់​ទៀត?

សំខាន់​បំផុត នេះ​ជា​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ។ (​ទំនុក. ៥១:៤​) ពេល​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​មនុស្ស​ម្នាក់​ទៀត គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​ឧទាហរណ៍​មួយ​ពី​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ ច្បាប់​នោះ​ចែង​ថា​បើ​បុគ្គល​ណា​ម្នាក់​រំលោភ​លើ​ទំនុក​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន​ដោយ​លួច​ឬ​កេង​ប្រវ័ញ្ច​យក​ទ្រព្យ អ្នក​នោះ​«​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ​យេហូវ៉ា​»។ (​លេវី. ៦:២​-​៤​) ដូច្នេះ ទម្រាំ​តែ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​រំលោភ​លើ​ទំនុក​ចិត្ត​របស់​កុមារ​ដោយ​បៀត​បៀន​កេរ្ដិ៍​ខ្មាស អ្នក​នោះ​ប្រាកដ​ជា​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ​ហើយ។ អ្នក​ប្រព្រឹត្ត​អំពើ​បែប​នេះ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​អាប់​ឱន​ជា​ខ្លាំង។ យ៉ាង​នេះ យើង​ត្រូវ​ចាត់​ទុក​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ជា​អំពើ​ខុស​ឆ្គង​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ចំពោះ​ព្រះ។

៩. អស់​ជា​ច្រើន​ឆ្នាំ តើ​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ព័ត៌មាន​អ្វី​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ហេតុ​អ្វី?

អស់​ជា​ច្រើន​ឆ្នាំ អង្គ​ការ​របស់​ព្រះ​យ​ហូ​វ៉ា​បាន​ផ្ដល់​ព័ត៌មាន​ជាបរិបូរ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​អំពី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ ជា​ឧទាហរណ៍ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! បាន​រៀប​រាប់​អំពី​អ្វី​ដែល​ជន​រង​គ្រោះ​អាច​ធ្វើ​ស្តី​អំពី​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត របៀប​ដែល​អ្នក​ឯ​ទៀត​អាច​ជួយ​និង​លើក​ទឹក​ចិត្ត​ពួក​គេ និង​របៀប​ដែល​ឪ​ពុក​ម្ដាយ​អាច​ការ​ពារ​កូន។ ពួក​អ្នក​ចាស់​ទុំ​ទទួល​ការ​បង្ហាត់​បង្រៀន​ល្អិត​ល្អន់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ស្តី​អំពី​អ្វី​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ពេល​មាន​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ អង្គ​ការ​របស់​ព្រះ​បន្ត​ពិនិត្យ​ពិចារណា​ឡើង​វិញ​អំពី​អ្វី​ដែល​ក្រុម​ជំនុំ​គួរ​ធ្វើ​ពេល​មាន​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ ហេតុ​អ្វី? ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​សម​ស្រប​នឹង​ច្បាប់​គ្រិស្ត។

ការ​រៀប​ចំ​ពេល​មាន​អំពើ​ខុស​ឆ្គង ធ្ងន់​ធ្ងរ​កើត​ឡើង

១០​-​១២. (​ក​) ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ដោះ​ស្រាយ​បញ្ហា​ដែល​ជាប់​ទាក់​ទង​នឹង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ណា​មួយ តើ​ពួក​គាត់​ចាំ​អំពី​អ្វី ហើយ​តើ​ពួក​គាត់​ពិចារណា​អំពី​អ្វី​ខ្លះ? (​ខ​) យោង​ទៅ​តាម​យ៉ាកុប ៥:១៤, ១៥ តើ​ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ធ្វើ​អ្វី?

១០ ពេល​ពួក​អ្នក​ចាស់​ទុំ​ដោះ​ស្រាយ​បញ្ហា​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ពួក​គាត់​ចាំ​ជា​និច្ច​ថា​ច្បាប់​គ្រិស្ត​តម្រូវ​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​ទៅ​លើ​ហ្វូង​ចៀម​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​និង​យុត្ដិធម៌​តាម​ទស្សនៈ​របស់​ព្រះ។ ជា​លទ្ធផល មាន​អ្វី​មួយ​ចំនួន​ដែល​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​គិត​ពិចារណា​ពេល​ពួក​គាត់​ទទួល​ដំណឹង​ថា​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ។ អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​គឺ​ការ​រក្សា​នាម​របស់​ព្រះ​ឲ្យ​បាន​បរិសុទ្ធ។ (​លេវី. ២២:៣១, ៣២; ម៉ាថ. ៦:៩​) ពួក​គាត់​ក៏​ចាប់​អារម្មណ៍​នឹង​ចំណង​មិត្តភាព​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ជា​មួយ​នឹង​ព្រះ ហើយ​ចង់​ជួយ​អ្នក​ដែល​ជា​ជន​រង​គ្រោះ។

១១ ម្យ៉ាង​ទៀត បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ជា​សមាជិក​ក្រុម​ជំនុំ ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ បើ​គាត់​ប្រែ​ចិត្ត។ (​សូម​អាន យ៉ាកុប ៥:១៤, ១៥) គ្រិស្ត​សាសនិក​ដែល​ចុះ​ចាញ់​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង រួច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គឺ​ប្រៀប​ដូច​ជា​អ្នក​ដែល​ឈឺ។ បុគ្គល​នោះ​លែង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទៀត​ហើយ។ * ក្នុង​ន័យ​ម្យ៉ាង ពួក​អ្នក​ចាស់​ទុំ​ប្រៀប​ដូច​ជា​គ្រូ​ពេទ្យ។ ពួក​គាត់​ព្យាយាម​ធ្វើ​ឲ្យ​«​អ្នក​ដែល​មិន​ស្រួល​ខ្លួន[​ក្នុង​ករណី​នេះ​សំដៅ​លើ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​]បាន​ជា​សះ​ស្បើយ​»។ ឱវាទ​របស់​ពួក​គាត់​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​អាច​ជួយ​បុគ្គល​នោះ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ តែ​នេះ​អាច​កើត​ឡើង​លុះ​ត្រា​តែ​គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។—សកម្ម. ៣:១៩; ២កូ. ២:៥​-​១០

១២ យើង​អាច​ឃើញ​ច្បាស់​ថា ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ធ្ងន់។ ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ហ្វូង​ចៀម​ដែល​ព្រះ​ផ្ញើ​ទុក​នឹង​ពួក​គាត់។ (​១ពេ. ៥:១​-​៣​) ពួក​គាត់​ចង់​ឲ្យ​បង​ប្អូន​រួម​ជំនឿ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​នៅ​ក្នុង​ចំណោម​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ហេតុ​នេះ​ហើយ ពួក​គាត់​ចាត់​វិធានការ​ភ្លាម​ៗ​ពេល​ពួក​គាត់​ទទួល​ដំណឹង​ថា​មាន​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​នេះ​រួម​បញ្ចូល​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ សូម​ពិចារណា​សំណួរ​ដែល​មាន​នៅ​ដើម វគ្គ​១៣  ១៥ និង ១៧

១៣​-​១៤. តើ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ស្តី​អំពី​ការ​រាយ​ការណ៍​ទៅ​ពួក​អាជ្ញាធរ​អំពី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ឬ​ទេ? សូម​ពន្យល់។

 ១៣ តើ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ស្តី​អំពី​ការ​រាយ​ការណ៍​ទៅ​ពួក​អាជ្ញាធរ​ពេល​មាន​អ្នក​ណា​ម្នាក់​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ឬ​ទេ? មែន​ហើយ! នៅ​ប្រទេស​ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ធ្វើ​តាម​ច្បាប់​នោះ​ដោយ​រាយ​ការណ៍​ទៅ​ពួក​អាជ្ញាធរ​ពេល​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ (​រ៉ូម ១៣:១​) ច្បាប់​បែប​នោះ​មិន​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ​ទេ។ (​សកម្ម. ៥:២៨, ២៩​) ដូច្នេះ​ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ទទួល​ដំណឹង​អំពី​រឿង​បែប​នេះ ពួក​គាត់​ស្វែង​រក​ការ​ណែនាំ​ភ្លាម​ៗ​អំពី​របៀប​ដែល​ពួក​គាត់​អាច​ធ្វើ​តាម​ច្បាប់​ដែល​តម្រូវ​ឲ្យ​រាយ​ការណ៍​អំពី​រឿង​នេះ។

១៤ ពួក​អ្នក​ចាស់​ទុំ​ប្រាប់​ជន​រង​គ្រោះ ឪ​ពុក​ម្ដាយ​របស់​ជន​រង​គ្រោះ និង​បុគ្គល​ឯ​ទៀត​ដែល​បាន​ដឹង​រឿង​នេះ​ថា​ពួក​គេ​មាន​សិទ្ធិ​រាយ​ការណ៍​ទៅ​ពួក​អាជ្ញាធរ។ ប៉ុន្តែ ចុះ​បើ​ពួក​គេ​ត្រូវ​រាយ​ការណ៍​អំពី​បុគ្គល​ណា​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ជំនុំ ហើយ​ក្រោយ​មក​មនុស្ស​ជា​ច្រើន​ដឹង​អំពី​រឿង​នេះ? តើ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​រាយ​ការណ៍​គួរ​គិត​ថា​ខ្លួន​គាត់​បាន​នាំ​ឲ្យ​នាម​របស់​ព្រះ​អាប់​ឱន​ឬ​ទេ? មិន​មែន​ទេ គឺ​បុគ្គល​ដែល​បាន​បៀត​បៀន​កេរ្ដិ៍​ខ្មាស​នោះ​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​អាប់​ឱន។

១៥​-​១៦. (​ក​) យោង​ទៅ​តាម​ធីម៉ូថេ​ទី១ ៥:១៩ ហេតុ​អ្វី​ត្រូ​វ​មាន​សាក្សី​យ៉ាង​ហោច​ណាស់​ពីរ​នាក់​មុន​ដែល​ពួក​អ្នក​ចាស់​ទុំ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ? (​ខ​) តើ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​អ្វី​ពេល​ដែល​ពួក​គាត់​ទទួល​ដំណឹង​ថា​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ?

 ១៥ នៅ​ក្នុង​ក្រុម​ជំនុំ ហេតុ​អ្វី​ត្រូវ​មាន​សាក្សី​យ៉ាង​ហោច​ណាស់​ពីរ​នាក់​មុន​ដែល​ពួក​អ្នក​ចាស់​ទុំ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ? តម្រូវ​ការ​នេះ​គឺ​សម​ស្រប​នឹង​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​ពី​គម្ពីរ​ស្តី​អំពី​យុត្ដិធម៌។ បើ​បុគ្គល​ដែល​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​បាន​សារភាព​អំពី​អំពើ​ខុស​ឆ្គង​ទេ ត្រូវ​តែ​មាន​សាក្សី​ពីរ​នាក់ ទើប​ពួក​អ្នក​ចាស់​ទុំ​អាច​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ។ (​ចោ. ១៩:១៥; ម៉ាថ. ១៨:១៦; សូម​អាន ធីម៉ូថេ​ទី១ ៥:១៩) តើ​នេះ​មាន​ន័យ​ថា​មុន​បុគ្គល​ណា​ម្នាក់​អាច​រាយ​ការណ៍​ទៅ​ពួក​អាជ្ញាធរ​អំពី​ការ​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ ត្រូវ​តែ​មាន​សាក្សី​ពីរ​នាក់​ឬ​ទេ? មិន​មែន​ទេ។ តម្រូវ​ការ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដែល​ពួក​អ្នក​ចាស់​ទុំ​ឬ​អ្នក​ណា​ផ្សេង​ទៀត​រាយ​ការណ៍​អំពី​ការ​ចោទ​ប្រកាន់​ស្តី​អំពី​បទ​ឧក្រិដ្ឋ​ណា​មួយ​ឡើយ។

១៦ ពេល​ទទួល​ដំណឹង​ថា​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​គាត់​បាន​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ ពួក​អ្នក​ចាស់​ទុំ​ខំ​ព្យាយាម​ធ្វើ​តាម​ច្បាប់​ស្តី​អំពី​ការ​រាយ​ការណ៍​ទៅ​ពួក​អាជ្ញាធរ​អំពី​រឿង​នេះ។ ក្រោយ​មក​ពួក​អ្នក​ចាស់​ទុំ​ស្វែង​រក​ការ​ពិត រួច​មក​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ពួក​គាត់​ពិចារណា​ថា​គួរ​តែ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ឬ​យ៉ាង​ណា។ បើ​បុគ្គល​នោះ​ប្រកែក​ថា​គាត់​មិន​បាន​ធ្វើ​អំពើ​នោះ​ទេ ពួក​អ្នក​ចាស់​ទុំ​សួរ​សាក្សី​ឯ​ទៀត​ដែល​ដឹង​អំពី​រឿង​នេះ។ បើ​មាន​សាក្សី​យ៉ាង​តិច​ពីរ​នាក់ គឺ​ម្នាក់​ជា​អ្នក​ចោទ​ប្រកាន់ និង​បុគ្គល​ម្នាក់​ទៀត​ជា​សាក្សី​ដែល​អាច​បញ្ជាក់​អំពី​ទង្វើ​នោះ​ឬ​ទង្វើ​ស្រដៀង​នឹង​នោះ ពួក​អ្នក​ចាស់​ទុំ​នឹង​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ។ * បើ​មិន​មាន​សាក្សី​ម្នាក់​ទៀត​ក្រៅ​ពី​ដើម​ចោទ នេះ​មិន​មាន​ន័យ​ថា​អ្វី​ដែល​ដើម​ចោទ​និយាយ​មិន​មែន​ជា​ការ​ពិត​ទេ។ ទោះ​ជា​ក្នុង​ករណី​ដែល​មិន​មាន​សាក្សី​ពីរ​នាក់​ក្ដី ពួក​អ្នក​ចាស់​ទុំ​យល់​ថា​បុគ្គល​ដែល​ជា​ចុង​ចោទ​ប្រហែល​ជា​បាន​ធ្វើ​អ្វី​មួយ​ដ៏​អាក្រក់​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ពួក​អ្នក​ចាស់​ទុំ​បន្ត​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​ការ​គាំ​ទ្រ​ដល់​អស់​អ្នក​ដែល​រង​ការ​ឈឺ​ចាប់​ដោយ​សារ​រឿង​នោះ។ បន្ថែម​ទៅ​ទៀត ពួក​អ្នក​ចាស់​ទុំ​នឹង​ឃ្លាំ​មើល​បុគ្គល​ដែល​ជា​ចុង​ចោទ​នោះ​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ​ពី​គ្រោះ​ថ្នាក់។—សកម្ម. ២០:២៨

១៧​-​១៨. សូម​ពន្យល់​អំពី​តួនាទី​របស់​គណៈ​កម្មាធិការ​វិនិច្ឆ័យ។

 ១៧ តើ​គណៈ​កម្មាធិការ​វិនិច្ឆ័យ​មាន​តួនាទី​អ្វី? ពាក្យ​«​វិនិច្ឆ័យ​»​មិន​មាន​ន័យ​ថា​ពួក​អ្នក​ចាស់​ទុំ​វិនិច្ឆ័យ​ឬ​សម្រេច​ចិត្ត​ថា​អ្នក​ដែល​បាន​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​នោះ គួរ​ឬ​មិន​គួរ​ទទួល​ការ​ដាក់​ទោស​ពី​ពួក​អាជ្ញាធរ​សម្រាប់​ការ​បំពាន​ច្បាប់​ទេ។ ពួក​អ្នក​ចាស់​ទុំ​ទុក​ការ​វិនិច្ឆ័យ​ទោស​ព្រហ្មទណ្ឌ​ឲ្យ​ពួក​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច។ (​រ៉ូម ១៣:២​-​៤; ទីត. ៣:១​) តែ​ពួក​អ្នក​ចាស់​ទុំ​វិនិច្ឆ័យ​ឬ​សម្រេច​ចិត្ត​ថា​បុគ្គល​នោះ​អាច​បន្ត​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ​ឬ​យ៉ាង​ណា។

១៨ ពេល​ពួក​អ្នក​ចាស់​ទុំ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​វិនិច្ឆ័យ ពួក​គាត់​មាន​តួនាទី​វិនិច្ឆ័យ​អំពី​រឿង​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ដោយ​មាន​ការ​ណែនាំ​ពី​គម្ពីរ ពួក​គាត់​វិនិច្ឆ័យ​ថា​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​បាន​ប្រែ​ចិត្ត​ឬ​យ៉ាង​ណា។ បើ​គាត់​មិន​ប្រែ​ចិត្ត គាត់​នឹង​ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​ថា​គាត់​លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទៀត។ (​១កូ. ៥:១១​-​១៣​) បើ​គាត់​បាន​ប្រែ​ចិត្ត គាត់​ប្រហែល​ជា​អាច​បន្ត​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ។ ប៉ុន្តែ ពួក​អ្នក​ចាស់​ទុំ​នឹង​ប្រាប់​គាត់​ថា ប្រហែល​ជា​អស់​មួយ​ជីវិត គាត់​លែង​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួលឯកសិទ្ធិ​ណា​មួយ​ឬ​មាន​មុខ​ងារ​ណា​មួយ​ក្នុង​ក្រុម​ជំនុំ​ឡើយ។ ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខ​របស់​កូន​ក្មេង​ក្នុង​ក្រុម​ជំនុំ ដោយ​ស្ងាត់​ៗ​ពួក​គាត់​ប្រហែល​ជា​នឹង​ព្រមាន​ឪ​ពុក​ម្ដាយ​ដែល​មាន​កូន​តូច​ៗ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រព្រឹត្ត​របស់​បុគ្គល​នោះ​មក​លើ​កូន​របស់​ពួក​គេ។ ពេល​ធ្វើ​ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ប្រុង​ប្រយ័ត្ន​មិន​ប្រាប់​ឈ្មោះ​របស់​បុគ្គល​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ឡើយ។

របៀប​ការ​ពារ​កូន​របស់​អ្នក

ឪ​ពុក​ម្ដាយ​ការ​ពារ​កូន​ពី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ដោយ​ប្រាប់​ពួក​គេ​នូវ​ព័ត៌មាន​ដែល​ពួក​គេ​ត្រូវ​ដឹង​អំពី​ការ​រួម​ភេទ តែ​ពួក​គាត់​ធ្វើ​ដូច្នេះ​ដោយ​គិត​អំពី​អាយុ​និង​ការ​យល់​ដឹង​របស់​កូន។ ដើម្បី​ធ្វើ​ដូច្នេះ ឪ​ពុក​ម្ដាយ​ប្រើ​ព័ត៌មាន​ដែល​អង្គ​ការ​របស់​ព្រះ​បាន​រៀប​ចំ (​សូម​មើល​វគ្គ​១៩​-​២២​)

១៩​-​២២. តើ​ឪ​ពុក​ម្ដាយ​អាច​ធ្វើ​អ្វី​ដើម្បី​ការ​ពារ​កូន? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៩ តើ​អ្នក​ណា​មាន​ភារកិច្ច​ការ​ពារ​កូន​ក្មេង? គឺ​ឪ​ពុក​ម្ដាយ។ * កូន​ជា​អំណោយ​ដ៏​ពិសិដ្ឋ និង​ជា​«​មរដក​មក​ពី​ព្រះ​យេហូវ៉ា​»។ (​ទំនុក. ១២៧:៣​) អ្នក​មាន​ភារកិច្ច​ការ​ពារ​អំណោយ​ដ៏​ពិសិដ្ឋនោះ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ការ​ពារ​កូន​ពី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស?

២០ ទី១ ចូរ​ស្វែង​យល់​អំពី​កត្ដា​ដែល​អាច​នាំ​ឲ្យ​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ។ ចូរ​ស្វែង​យល់​ថា​តាម​ធម្មតា​មនុស្ស​បែប​ណា​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​និង​វិធីសាស្ត្រ​ដែល​បុគ្គល​នោះ​ប្រើ​ដើម្បី​បោក​បញ្ឆោត​ក្មេង​ៗ។ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​និង​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ (​សុភ. ២២:៣; ២៤:៣​) សូម​ចាំ​ថា​ក្នុង​ករណី​ភាគ​ច្រើន អ្នក​ដែល​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​ជា​បុគ្គល​ដែល​កូន​ក្មេង​នោះ​ស្គាល់​និង​ទុក​ចិត្ត។

២១ ទី២ ចូរ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​នឹង​កូន​របស់​អ្នក។ (​ចោ. ៦:៦, ៧​) នេះ​រួម​បញ្ចូល​ការ​ស្ដាប់​កូន​ដោយ​យក​ចិត្ត​ទុក​ដាក់។ (​យ៉ា. ១:១៩​) សូម​ចាំ​ថា​កូន​ក្មេង​មិន​សូវ​ហ៊ាន​ប្រាប់​អំពី​រឿង​បែប​នេះ​ទេ។ ពួក​គេ​ប្រហែល​ជា​ខ្លាច​ថា​គ្មាន​អ្នក​ណា​នឹង​ជឿ​ពួក​គេ ឬ​ពួក​គេ​ប្រហែល​ជា​បាន​ត្រូវ​គំរាម​កំហែង​ឲ្យ​លាក់​រឿង​នេះ។ បើ​អ្នក​មាន​អារម្មណ៍​ថា​មាន​អ្វី​ដែល​ខុស​ពី​ធម្មតា សូម​សួរ​កូន​ដោយ​សប្បុរស ហើយ​ស្ដាប់​ដោយ​អត់​ធ្មត់​អំពី​អ្វី​ដែល​កូន​ប្រាប់។

២២ ទី៣ ចូរ​បង្ហាត់​បង្រៀន​កូន​របស់​អ្នក។ ដោយ​គិត​អំពី​អាយុ​និង​ការ​យល់​ដឹង​របស់​កូន សូម​ប្រាប់​ពួក​គេ​នូវ​ព័ត៌មាន​ដែល​ពួក​គេ​ត្រូវ​ដឹង​អំពី​ការ​រួម​ភេទ។ ចូរ​បង្រៀន​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​គួរ​និយាយ​និង​ធ្វើ បើ​បុគ្គល​ណា​ម្នាក់​ព្យាយាម​ស្ទាប​អង្អែល​ពួក​គេ​តាម​របៀប​មិន​សមរម្យ។ សូម​ប្រើ​ព័ត៌មាន​ដែល​អង្គ​ការ​របស់​ព្រះ​បាន​រៀប​ចំ​ឡើង​អំពី​របៀប​ការ​ពារ​កូន​របស់​អ្នក (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​ស្វែង​យល់​និង​បង្ហាត់​បង្រៀន​កូន​របស់​អ្នក​»​)។

២៣. តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ ហើយ​តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២៣ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ចាត់​ទុក​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​និង​ជា​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង។ ដោយ​ឲ្យ​ច្បាប់​គ្រិស្ត​ដឹក​នាំ​យើង ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​មិន​ការ​ពារ​បុគ្គល​ដែល​បាន​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ពី​លទ្ធផល​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ទេ។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស? ក្នុង​អត្ថបទ​បន្ទាប់​យើង​នឹង​ឆ្លើយ​សំណួរ​នេះ។

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ការ​ពារ​កូន​ក្មេង​ពី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស។ យើង​នឹង​រៀន​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​ចាត់​វិធានការ​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ និង​របៀប​ដែល​ឪ​ពុក​ម្ដាយ​អាច​ការ​ពារ​កូន​របស់​ពួក​គេ។

^ វគ្គ 3 ការ​ពន្យល់​ពាក្យ: បើ​មនុស្ស​ពេញ​វ័យ​យក​កូន​ក្មេង​មក​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន នេះ​គឺ​ជា​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ។ ទង្វើ​នេះ​រួម​បញ្ចូល​ការ​រួម​ភេទ ការ​រួម​ភេទ​តាម​មាត់​ឬ​តាម​ផ្លូវ​បាត ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ ដោះ គូទ ឬ​ការ​ប្រព្រឹត្ត​ផ្សេង​ទៀត​ដែល​ប្រាស​ចាក​សីលធម៌។ ទោះ​ជា​ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ក្មេង​ស្រី​ក្ដី ក្មេង​ប្រុស​ៗ​ក៏​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ដែរ។ ថ្វី​ដ្បិត​តែ​អ្នក​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ភាគ​ច្រើន​ជា​មនុស្ស​ប្រុស​ក៏​ដោយ មនុស្ស​ស្រី​ខ្លះ​ក៏​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ដែរ។

^ វគ្គ 5 ការ​ពន្យល់​ពាក្យ: ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ ពាក្យ​«​ជន​រង​គ្រោះ​»​សំដៅ​ទៅ​លើ​បុគ្គល​ម្នាក់​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​នៅ​ក្មេង។ យើង​ប្រើ​ពាក្យ​នេះ​ដើម្បី​បញ្ជាក់​ថា​កូន​ក្មេង​នោះ​បាន​រង​ការ​ឈឺ​ចាប់​និង​បាន​ត្រូវ​គេ​កេង​ប្រវ័ញ្ច​លើ​គាត់ ហើយ​ថា​គាត់​គ្មាន​ទោស​ក្នុង​រឿង​នេះ។

^ វគ្គ 11 បើ​ចំណង​មិត្តភាព​របស់​បុគ្គល​ណា​ម្នាក់​ជា​មួយ​នឹង​ព្រះ​បាន​ចុះ​ខ្សោយ នេះ​មិន​អាច​ជា​លេស​ចំពោះ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​ទេ។ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ត្រូវ​ទទួល​ខុស​ត្រូ​វ​ទាំង​ស្រុង​ចំពោះ​ការ​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ក៏​ត្រូវ​ទទួល​ខុស​ត្រូ​វ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។—រ៉ូម ១៤:១២

^ វគ្គ 16 ពួក​អ្នក​ចាស់​ទុំ​នឹង​មិន​តម្រូវ​ឲ្យ​កូន​ក្មេង​ដែល​ជា​ជន​រង​គ្រោះ​ប្រឈម​មុខ​នឹង​ចុង​ចោទ​នោះ​ទេ។ ឪ​ពុក​ម្ដាយ​ឬ​បុគ្គល​ផ្សេង​ទៀត​ដែល​ក្មេង​នោះ​ទុក​ចិត្ត​អាច​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​រឿង​នោះ​ជំនួស​គាត់​ដោយ​មិន​ចាំ​បាច់​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ថែម​ទៀត។

^ វគ្គ 19 នេះ​ក៏​សំដៅ​ទៅ​លើ​អាណាព្យាបាល​របស់​កូន​ក្មេង​ដែរ។