លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស្ដេចពីរដែលប្រឆាំងគ្នានៅគ្រាចុងបំផុត

ស្ដេចពីរដែលប្រឆាំងគ្នានៅគ្រាចុងបំផុត

ទំនាយ​ខ្លះ​ក្នុង​តារាង​នេះ​រៀប​រាប់​អំពី​ព្រឹត្តិ​ការណ៍ដែល​កើត​ឡើង​នៅពេលដំណាលគ្នា។ ទំនាយ​ទាំង​នោះ​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​«​គ្រាចុងបំផុត​»។—ដាន. ១២:៤

  • បទ​គម្ពីរ បប. ១១:៧; ១២:១៣, ១៧; ១៣:១​-​៨, ១២

    ទំនាយ ​«​សត្វ​សាហាវ​»​នោះ គ្រប់​គ្រង​លើ​មនុស្ស​នៅផែន​ដី​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ។ នៅ​គ្រា​ចុង​បំផុត ក្បាល​ទី៧​បាន​រង​របួស។ ក្រោយ​មក ក្បាល​នោះ​បាន​ជា​សះ​ស្បើយ ហើយ​«​ផែន​ដី​ទាំង​មូល​»​ទៅ​តាម​សត្វ​សាហាវ។ សាថាន​ប្រើ​សត្វ​សាហាវ​នោះ​ដើម្បី​«​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ដែល​នៅ​សល់​»។

    ការ​សម្រេច ក្រោយ​សម័យ​ទឹក​ជំនន់ រដ្ឋាភិបាល​ផ្សេង​ៗ​ដែល​ជាស​ត្រូវ​របស់​ព្រះយេហូវ៉ា​បាន​គ្រប់​គ្រង​លើ​មនុស្ស។ ជាង​៣.០០០​ឆ្នាំ​ក្រោយ​មក ចក្រភព​អង់គ្លេស​បាន​បាត់​បង់​អំណាច​មួយ​កម្រិត ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ តែ​មាន​អំណាច​ឡើង​វិញ ពេល​បាន​រួម​ដៃ​ជា​មួយ​នឹង​សហរដ្ឋ​អាម៉េរិក។ ជា​ពិសេស​ក្នុង​អំឡុង​គ្រា​ចុង​បំផុត​នេះ សាថាន​ប្រើ​រដ្ឋាភិបាល​ទាំង​អស់​នៅ​លើផែន​ដី​ដើម្បី​បៀត​បៀន​រាស្ត្រ​របស់​ព្រះ។

  • បទ​គម្ពីរ ដាន. ១១:២៥​-​៤៥

    ទំនាយ ក្នុង​អំឡុង​គ្រា​ចុង​បំផុត ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​ប្រឆាំង​គ្នា​ដើម្បី​បាន​អំណាច។

    ការ​សម្រេច អាល្លឺម៉ង់​ច្បាំង​នឹង​អង់គ្លេស​អាម៉េរិក។ នៅ​ឆ្នាំ​១៩៤៥ សហភាព​សូវៀត​និង​ប្រទេស​ដែល​សហការ​ជា​មួយ​ទៅ​ជា​ស្ដេច​ខាង​ជើង។ នៅ​ឆ្នាំ​១៩៩១ សហភាព​សូវៀត​ដួល​រលំ ហើយ​ក្រោយ​មក រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​ទៅ​ជា​ស្ដេច​ខាង​ជើង។

  • បទ​គម្ពីរ អេ. ៦១:១; ម៉ាឡ. ៣:១; លូក. ៤:១៨

    ទំនាយ ព្រះយេហូវ៉ា​ចាត់​«​ទូត​»​របស់​លោក​ឲ្យ​«​រៀប​ចំ​ផ្លូវ​»​ មុន​ស្ថាបនា​រាជាណាចក្រ​មេស្ស៊ី។ ​«​ទូត​»​នេះ​បាន​ចាប់​ផ្ដើម​«​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ​»​ឬ​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប។

    ការ​សម្រេច ចាប់​ពី​ឆ្នាំ​១៨៧០ បង​ឆាល ថេស រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ សិក្សា​គម្ពីរ​យ៉ាង​ខ្នះ​ខ្នែង​ដើម្បីស្វែង​យល់​អ្វីដែល​គម្ពីរ​ពិត​ជា​បង្រៀន។ នៅ​ឆ្នាំ​១៨៨១ ពួក​គាត់​បាន​ទទួល​ស្គាល់​ថា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​បម្រើ​របស់​ព្រះ​ផ្សព្វ​ផ្សាយ។ ពួក​គាត់​បាន​ចេញ​ផ្សាយ​អត្ថបទ​ដូច​ជា​«​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​១.០០០​នាក់​»​និង​«​គ្រិស្ត​សាសនិក​បាន​ត្រូវ​រើស​តាំង​ដើម្បី​ផ្សព្វ​ផ្សាយ​»។

  • បទ​គម្ពីរ ម៉ាថ. ១៣:២៤​-​៣០, ៣៦​-​៤៣

    ទំនាយ បុរស​ម្នាក់​សាប​ព្រោះ​ស្រូវ​សាលី​នៅ​វាល​មួយ រួច​មក​សត្រូវ​ម្នាក់​មក​សាប​ព្រោះ​ស្រងែ​នៅ​វាល​នោះ​ដែរ។ ស្រងែ​ដុះ​ឡើង​គ្រប​បាំង​ស្រូវ​សាលី។ លុះ​ដល់​រដូវ​ច្រូត​កាត់ ស្រងែ​បាន​ត្រូវ​ញែក​ចេញ​ពី​ស្រូវ​សាលី។

    ការ​សម្រេច ចាប់​ពី​ឆ្នាំ​១៨៧០ ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ពិត​និង​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់។ ក្នុង​អំឡុង​គ្រា​ចុង​បំផុត គ្រិស្ត​សាសនិក​ពិត​បាន​ត្រូវ​ប្រមូល​ទៅ​ក្នុង​ក្រុម​ជំនុំ ហើយ​បាន​ត្រូវ​ញែក​ចេញ​ពី​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ។

  • បទ​គម្ពីរ ដាន. ២:៣១​-​៣៣, ៤១​-​៤៣

    ទំនាយ ប្រអប់​ជើង​ដែល​ធ្វើ​ពីដែក​លាយ​ដី​ឥដ្ឋ​ជា​ផ្នែក​មួយ​នៃ​រូប​សំណាក​ដែល​ធ្វើ​ពី​លោហៈ​ផ្សេង​ៗ។

    ការ​សម្រេច ដី​ឥដ្ឋ​ជា​តំណាង​មនុស្ស​សាមញ្ញ​ធម្មតា​ដែល​នៅ​ក្រោម​អំណាច​រដ្ឋាភិបាល​អង់គ្លេស​និង​អាម៉េរិក​ដែល​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទាំង​នោះ។ ដោយ​សារ​មនុស្ស​បែប​នេះ រដ្ឋាភិបាល​ទាំង​នោះ​មិន​អាច​ប្រើ​អំណាច​របស់​ពួក​គេ​យ៉ាង​ពេញ​លេញ​បាន​ទេ។

  • បទ​គម្ពីរ ម៉ាថ. ១៣:៣០; ២៤:១៤, ៤៥; ២៨:១៩, ២០

    ទំនាយ ​«​ស្រូវ​សាលី​»​បាន​ត្រូវ​ប្រមូល​ទុក​ក្នុង​«​ជង្រុក​»​ ហើយ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»។ ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​បាន​ត្រូវ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​«​គ្រប់​ទី​អាស្រ័យ​នៅផែន​ដី​»។

    ការ​សម្រេច នៅ​ឆ្នាំ​១៩១៩ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​រាស្ត្រ​របស់​ព្រះ។ ចាប់​ពី​ពេល​នោះ​មក និស្សិត​គម្ពីរ​បាន​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន​ឡើង​ៗ។ សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះយេហូវ៉ា​ផ្សព្វ​ផ្សាយ​នៅ​ជាង​២០០​ប្រទេស ហើយ​បោះ​ពុម្ព​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជាង​១.០០០​ភាសា។

  • បទ​គម្ពីរ ដាន. ១២:១១; បប. ១៣:១១, ១៤, ១៥

    ទំនាយ សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ​ប្រាប់​មនុស្ស​នៅ​លើផែន​ដីឲ្យ​ធ្វើ​«​រូប​សត្វ​សាហាវ​នោះ​»​ ហើយ​ផ្ដល់​«​ដង្ហើម​ជីវិត​ឲ្យ​រូប​សត្វ​សាហាវ​នោះ​»។

    ការ​សម្រេច មហា​អំណាច​អង់គ្លេស​អាម៉េរិក​នាំ​មុខ​ក្នុង​ការ​បង្កើត​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ។ ប្រជា​ជាតិ​ផ្សេង​ៗ​គាំ​ទ្រ​អង្គ​ការ​នេះ។ ចាប់​ពី​ឆ្នាំ​១៩២៦​ដល់​ឆ្នាំ​១៩៣៣ ស្ដេច​ខាង​ជើង​ក៏​ចូល​រួម​ជា​មួយ​នឹង​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ​នេះ​ដែរ។ មនុស្ស​បាន​ជឿ​ថា អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព ហើយ​នៅ​ពេល​ក្រោយ​មក គេ​ក៏​ជឿ​ដូច្នេះ​លើ​អង្គ​ការ​សហប្រជាជាតិ​ដែរ ប៉ុន្តែ​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​អាច​ធ្វើ​ដូច្នេះ​បាន។

  • បទ​គម្ពីរ ដាន. ៨:២៣, ២៤

    ទំនាយ ស្ដេច​មួយ​រូប​ដែល​មើល​ទៅ​មាន​ទឹក​មុខ​សាហាវ​«​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ​»។

    ការ​សម្រេច មហា​អំណាច​អង់គ្លេស​អាម៉េរិក​បាន​សម្លាប់​មនុស្ស​ជា​ច្រើន ហើយ​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​យ៉ាង​ធំ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​លើ​ប្រជា​ជាតិ​មួយ​ដែល​ជាស​ត្រូវ​របស់​អង់គ្លេស​និង​អាម៉េរិក។ គ្រឿង​សាស្ដ្រា​វុធ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ច្រើន​ជាង​គ្រឿង​សាស្ដ្រា​វុធ​ឯ​ទៀត​រហូត​ដល់​ពេល​នោះ។

  • បទ​គម្ពីរ ដាន. ១១:៣១; បប. ១៧:៣, ៧​-​១១

    ទំនាយ សត្វ​សាហាវ​ដែល​មាន​«​សម្បុរ​ក្រហម​ឆ្អៅ​»​និង​មាន​ស្នែង​១០ ឡើង​មក​ពី​ទី​ជ្រៅ​បំផុត ហើយ​វា​គឺ​ជា​ស្ដេច​ទី៨។ សៀវភៅ​ដានីយ៉ែល​រៀប​រាប់​អំពី​ស្ដេច​នេះ​ថា​ជា​«​សេចក្ដី​គួរ​ស្អប់ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​»។

    ការ​សម្រេច ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ​លែង​មាន​សកម្មភាព។ ក្រោយ​ពី​សង្គ្រាម​នោះ អង្គ​ការ​សហប្រជាជាតិ​បាន​ត្រូវ​‹តាំង​ឡើង›។ ដូច​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ អង្គ​ការ​សហប្រជាជាតិ​ទទួល​កិត្តិយស​ដែល​រាជាណាចក្រ​ព្រះ​សម​នឹង​ទទួល។ អង្គ​ការ​សហប្រជាជាតិ​នឹង​វាយ​ប្រហារ​សាសនា។

  • បទ​គម្ពីរ ១ថែ. ៥:៣; បប. ១៧:១៦

    ទំនាយ ប្រជា​ជា​ជាតិ​នា​នា​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ រួច​មក​«​ស្នែង​ទាំង​ដប់​»​និង​«​សត្វ​សាហាវ​»​វាយ​ប្រហារ​«​ស្ត្រី​ពេស្យា​»​និង​បំផ្លាញ​នាង។ បន្ទាប់​មក ប្រជា​ជាតិ​នា​នា​នឹង​ត្រូវ​បំផ្លាញ។

    ការ​សម្រេច ប្រជា​ជាតិ​នា​នា​នឹង​អះអាង​ថា​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​និង​សន្តិសុខ។ បន្ទាប់​មក ប្រជា​ជាតិ​នា​នា​ដែល​ជា​សមាជិក​អង្គ​ការ​សហប្រជាជាតិ​នឹង​បំផ្លាញ​អង្គ​ការ​សាសនា​មិន​ពិត។ នេះ​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង។ គ្រា​នោះ​នឹង​ចប់​ពេល​ដែល​របៀប​របប​ពិភព​លោក​នេះ​បាន​ត្រូវ​បំផ្លាញ​នៅ​សង្គ្រាម​ហាម៉ាគេដូន។

  • បទ​គម្ពីរ អេស. ៣៨:១១, ១៤​-​១៧; ម៉ាថ. ២៤:៣១

    ទំនាយ កូក​វាយលុក​ស្រុក​របស់​រាស្ត្រ​ព្រះ។ បន្ទាប់​មក បណ្ដា​ទេវតា​ប្រមូល​«​អ្នក​រើស​តាំង​»។

    ការ​សម្រេច ស្ដេច​ខាង​ជើង​និង​រដ្ឋាភិបាល​ឯ​ទៀត​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ ក្រោយ​ពី​ការ​វាយ​ប្រហារ​នេះ​ចាប់​ផ្ដើម ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់​នៅផែន​ដី​នឹង​ត្រូវ​ប្រមូល​ទៅ​ស្ថាន​សួគ៌។

  • បទ​គម្ពីរ អេស. ៣៨:១៨​-​២៣; ដាន. ២:៣៤, ៣៥, ៤៤, ៤៥; បប. ៦:២; ១៦:១៤, ១៦; ១៧:១៤; ១៩:២០

    ទំនាយ ‹អ្នក​ដែល​ជិះ​សេះ​សម្បុរ​ស›​បង្ហើយ​«​ជ័យ​ជម្នះ​របស់​លោក​»​ដោយ​បំផ្លាញ​កូក​និង​កង​ទ័ព​របស់​វា។ ​«​សត្វ​សាហាវ​»​នឹង​ត្រូវ​«​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​»​ ហើយ​ដុំ​ថ្ម​មួយ​បាន​បុក​កម្ទេច​រូប​សំណាក​ដ៏​ធំ​សម្បើម​នោះ។

    ការ​សម្រេច លោក​យេស៊ូ​ដែល​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ នឹង​មក​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ។ លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់ ព្រម​ទាំង​បណ្ដា​ទេវតា​នឹង​បំផ្លាញ​ប្រជា​ជាតិ​ទាំង​អស់​ដែល​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ ពេល​នោះ នឹង​លែង​មាន​ពិភព​លោក​របស់​សាថាន​ទៀត។