លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើតាមរបៀបណាគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់អ្នក?

តើតាមរបៀបណាគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់អ្នក?

មនុស្ស​អាច​ប្រាស្រ័យ​ទាក់​ទង​គ្នា​បាន​យ៉ាង​ងាយ​ស្រួល តាម​រយៈ​ការ​ផ្ញើ​សារ អ៊ី​ម៉ែល ការ​តេ​ជា​វីដេអូ និង​បណ្ដាញ​គេហទំព័រ​ទាក់​ទង​គ្នា ទោះ​បី​ជា​ពួក​គេ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ។ សម្រាប់​ពួក​គេ គ្រឿង​អេឡិចត្រូនិក​គឺ​ជា​អ្វី​ដែល​មាន​ប្រយោជន៍។

ប៉ុន្តែ មនុស្ស​មួយ​ចំនួន​ដែល​ទាក់​ទង​ជា​មួយ​មិត្ត​ភក្តិ​តាម​រយៈ​គ្រឿង​អេឡិចត្រូនិក​តែ​ប៉ុណ្ណោះ​ប្រហែល​ជា...

  • មិន​សូវ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ចំពោះ​មិត្ត​ភក្តិ

  • ធ្លាក់​ទឹក​ចិត្ត​និង​មាន​អារម្មណ៍​ឯកោ

  • គិត​តែ​អំពី​ខ្លួន​ឯង​ជា​ជាង​អ្នក​ឯ​ទៀត

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

ការ​អាណិត​អាសូរ

ដើម្បី​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត យើង​ត្រូវ​ចំណាយ​ពេល​គិត​អំពី​គាត់។ ប៉ុន្តែ យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ដូច្នេះ បើ​យើង​រវល់​អាន​ឬ​ផ្ញើ​សារ​ទៅ​អ្នក​ឯ​ទៀត ឬ​មើល​បណ្ដាញ​គេហទំព័រ​ទាក់​ទង​គ្នា។

មិន​យូរ​មិន​ឆាប់ គ្រឿង​អេឡិចត្រូនិក​អាច​គ្រប់​គ្រង​លើ​អ្នក ហើយ​ការ​តប​ឆ្លើយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក អាច​ទៅ​ជា​បន្ទុក​មួយ។ បើ​អ្នក​មាន​សារ​ច្រើន​ពេក អ្នក​ប្រហែល​ជា​ចង់​ឆ្លើយ​តប​នឹង​សារ​ទាំង​អស់​ដែល​អ្នក​មាន​ភ្លាម​ៗ ហើយ​អ្នក​ប្រហែល​ជា​មិន​កត់​សម្គាល់​ថា​មិត្ត​ម្នាក់​ណា​របស់​អ្នក ត្រូវ​ការ​ជំនួយ​ឡើយ។

សូម​គិត​អំពី​នេះ: ពេល​អ្នក​ប្រើ​គ្រឿង​អេឡិចត្រូនិក ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មិត្ត​ភក្តិ តើ​អ្នក​អាច​បន្ត​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ឬ​«​កើត​ទុក្ខ​ជា​មួយ​គ្នា​»​យ៉ាង​ដូច​ម្ដេច?—ពេត្រុស​ទី​១ ៣:៨

ការ​ធ្លាក់​ទឹក​ចិត្ត

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ក្រោយ​មនុស្ស​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា ពួក​គេ​ជា​ច្រើន​នាក់​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត។ អ្នក​ស្រាវ​ជ្រាវ​បាន​សន្និដ្ឋាន​ថា ការ​មើល​រូប​ថត​ដែល​គេ​បង្ហោះ​អាច​នាំ​ឲ្យ​អ្នក​មើល​មាន​«​អារម្មណ៍​ថា​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ដែល​មាន​ន័យ​ខ្លឹម​សារ​សោះ​ក្នុង​ជីវិត​»។

បន្ថែម​ទៅ​ទៀត ការ​មើល​រូប​ភាព​សប្បាយ​ៗ​របស់​អ្នក​ឯ​ទៀត អាច​នាំ​ឲ្យ​អ្នក​មើល​មាន​អារម្មណ៍​ថា​ជីវិត​របស់​ពួក​គេ​គឺ​គួរ​ឲ្យ​ធុញ​ទ្រាន់ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​នោះ។ មនុស្ស​ឯ​ទៀត​មើល​ទៅ​ដូច​ជា​សប្បាយ​រហូត តែ​ជីវិត​របស់​យើង​គឺ​មិន​មាន​អ្វី​ពិសេស​ដូច​គេ​ទេ។

សូម​គិត​អំពី​នេះ: ពេល​អ្នក​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា តើ​តាម​របៀប​ណា អ្នក​អាច​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ទៀត?—កាឡាទី ៦:៤

គិត​តែ​អំពី​ខ្លួន​ឯង

គ្រូ​ម្នាក់​បាន​កត់​សម្គាល់​សិស្ស​មួយ​ចំនួន​របស់​គាត់​ថា ពួក​គេ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ពួក​គេ​តែង​តែ​ចង់​បាន​មិត្ត​ភក្តិ​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​ខ្លួន​តែ​ប៉ុណ្ណោះ។ បុគ្គល​ម្នាក់​អាច​ចាត់​ទុក​មិត្ត​ភក្ដិ​ប្រៀប​ដូច​ជា​កម្ម​វិធី​ក្នុង​គ្រឿង​អេឡិចត្រូនិក ដែល​អាច​បើក​ឬ​បិទ​នៅ​ពេល​ណា​ក៏​បាន។

សូម​គិត​អំពី​នេះ: តើ​អ្វី​ដែល​អ្នក​បង្ហោះ​តាម​អន​ឡា​ញ​បង្ហាញ​ថា​អ្នក​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង ឬ​ផ្ដោត​អារម្មណ៍​ហួស​ហេតុ​ពេក​ទៅ​លើ​ខ្លួន​ឯង​ដែរ​ឬ​ទេ?—កាឡាទី ៥:២៦

អ្វី​ដែល​អ្នក​អាច​ធ្វើ

ពិចារណា​របៀប​ដែល​អ្នក​ប្រើ​គ្រឿង​អេឡិចត្រូនិក

បើ​យើង​ចេះ​គ្រប់​គ្រង​គ្រឿង​អេឡិចត្រូនិក នោះ​វា​នឹង​ជួយ​យើង​ឲ្យ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មិត្ត​ភក្តិ​របស់​យើង ហើយ​វា​ក៏​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​ភក្តិ​របស់​យើង​ផង​ដែរ។

គោល​ការណ៍​គម្ពីរ: ​«​សេចក្ដី​ស្រឡាញ់... មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។—កូរិនថូស​ទី​១ ១៣:៤, ៥

សូម​ជ្រើស​រើស​យោបល់​ដែល​អ្នក​ចង់​ធ្វើ​តាម ឬ​សរសេរ​គំនិត​របស់​អ្នក​ផ្ទាល់។

  • ព្យាយាម​និយាយ​ជា​មួយ​មនុស្ស​ផ្ទាល់ (​ជា​ជាង​តាម​សារ​ឬ​តាម​អ៊ី​ម៉ែល​)

  • ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត សូម​ទុក​ទូរស័ព្ទ​នៅ​ឲ្យ​ឆ្ងាយ (​ឬ​បិទ​សំឡេង​)

  • ដាក់​កម្រិត​លើ​ពេល​វេលា​ដែល​អ្នក​ចំណាយ​មើល​អ្វី​ដែល​គេ​បង្ហោះ​លើ​បណ្ដាញ​គេហទំព័រ

  • ធ្វើ​ជា​មនុស្ស​ដែល​ពូកែ​ស្ដាប់

  • ទាក់​ទង​មិត្ត​ភក្តិ​ណា​ដែល​កំពុង​ជួប​ការ​ពិបាក