លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើតាមរបៀបណាគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលទៅលើកូនៗរបស់អ្នក?

តើតាមរបៀបណាគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលទៅលើកូនៗរបស់អ្នក?

សម្រាប់​មនុស្ស​ពេញ​វ័យ​ការ​រៀន​អំពី​របៀប​ប្រើ​គ្រឿង​អេឡិចត្រូនិក​អាច​ជា​រឿង​ពិបាក។ ប៉ុន្តែ សម្រាប់​ក្មេង​ៗ​វិញ​គ្រឿង​អេឡិចត្រូនិក​ប្រៀប​ដូច​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួក​គេ។ នេះ​មាន​ន័យ​ថា​ពួក​គេ​អាច​ប្រើ​គ្រឿង​អេឡិចត្រូនិក​យ៉ាង​ងាយ​ស្រួល​បំផុត។

ដំណាល​គ្នា​នោះ​មនុស្ស​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា នៅ​ពេល​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ចំណាយ​ពេល​ច្រើន​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក​នោះ​អាច​បណ្ដាល​ឲ្យ​ពួក​គេ...

  • ញៀន​ប្រើ​គ្រឿង​អេឡិចត្រូនិក។

  • រង​ផល​ប៉ះ​ពាល់​ដែល​មក​ពី​ការ​ចំអក​មើល​ងាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

  • អាច​ឃើញ​រូប​អាស​អាភាស​ទោះ​បី​ជា​គ្មាន​បំណង​ចង់​មើល​ក៏​ដោយ។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

ការ​ញៀន

កម្ម​វិធី​អន​ឡា​ញ​មួយ​ចំនួន ជា​ឧទាហរណ៍​ដូច​ជា​កម្ម​វិធី​លេង​ហ្គេម ធ្វើ​ឲ្យ​អ្នក​លេង​ស្រួល​ញៀន ហើយ​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ សៀវ​ភៅ​មួយ​បាន​រៀប​រាប់​ថា​៖ ​«​កម្ម​វិធី​ដែល​មាន​នៅ​ក្នុង​ទូ​ស័ព្ទ​របស់​យើង​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​យើង​ប្រើ​កម្ម​វិធី​នោះ​គ្រប់​ពេល​វេលា​»។ (​Reclaiming Conversation​) កម្ម​វិធី​ខ្លះ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ទទួល​ប្រាក់​ចំណេញ។ ដូច្នេះ កាល​ណា​យើង​ចំណាយ​ពេល​កាន់​តែ​យូរ​ដើម្បី​មើល​កម្ម​វិធី​នោះ នោះ​ពួក​គេ​ទទួល​ប្រាក់​ចំណេញ​កាន់​តែ​ច្រើន។

សូម​គិត​អំពី​នេះ: តើ​កូន​របស់​អ្នក​ហាក់​ដូច​ជា​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក​ឬ? តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​ប្រើ​ពេល​វេលា​ដើម្បី​កើត​ប្រយោជន៍​ច្រើន​បំផុត?—អេភេសូរ ៥:១៥, ១៦

ការ​ចំអក​មើល​ងាយ​តាម​អ៊ីនធឺណិត

ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​មនុស្ស​ខ្លះ​និយាយ​ពាក្យ​គំរោះ​គំរើយ និង​ពាក្យ​អសុរោះ​ដែល​មិន​គិត​អំពី​អារម្មណ៍​របស់​អ្នក​ដទៃ។ នេះ​ជា​លក្ខណៈ​ដែល​នាំ​ឲ្យ​ពួក​គេ​ចំអក​មើល​ងាយ​អ្នក​ឯ​ទៀត។

មនុស្ស​ខ្លះ​ដែល​ប្រើ​ពាក្យ​សម្ដី​បែប​នោះ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍​មក​លើ​ខ្លួន ឬ​ពួក​គេ​ចង់​មាន​មិត្ត​ភក្តិ​ច្រើន​ថែម​ទៀត​តាម​បណ្ដាញ​គេហទំព័រ។ ម្យ៉ាង​ទៀត បុគ្គល​ម្នាក់​អាច​ឈឺ​ចិត្ត ហើយ​គិត​ថា​អ្នក​ឯ​ទៀត​ចំអក​មើល​ងាយ​គាត់ នៅ​ពេល​ដែល​គេ​មិន​បាន​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​កម្ម​វិធី​ណា​មួយ។

សូម​គិត​អំពី​នេះ: តើ​កូន​របស់​អ្នក​ប្រើ​ពាក្យ​សម្ដី​សមរម្យ​នៅ​លើ​បណ្ដាញ​គេហទំព័រ​ដែរ​ឬ​ទេ? (​អេភេសូរ ៤:៣១​) តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​មិន​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​កម្ម​វិធី​ណា​មួយ?

រូប​អាស​អាភាស

ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​យើង​អាច​ឃើញ​អ្វី​ដែល​អសីលធម៌​យ៉ាង​ងាយ។ ឪពុក​ម្ដាយ​គួរ​ដឹង​ថា​ប្រព័ន្ធ​ការ​ពារ​រូប​ភាព​មិន​ត្រឹម​ត្រូវ​មិន​អាច​ទប់​ស្កាត់​រូប​ភាព​អាក្រក់​ទាំង​អស់​បាន​ឡើយ។ ដូច្នេះ ជួន​កាល​កូន​របស់​អ្នក​អាច​ឃើញ​រូប​ភាព​ទាំង​នោះ។

ការ​ផ្ញើ​ឬ​ទទួល​សារ​ក្នុង​ទំ​រង់​អាស​អាភាស​អាច​បំពាន​ច្បាប់​ក្នុង​ប្រទេស។ ក្នុង​ករណី​ខ្លះ អាស្រ័យ​ទៅ​លើ​ច្បាប់​ក្នុង​តំបន់ ឬ​អាយុ​អ្នក​ដែល​ផ្ញើ​ឬ​ទទួល​សារ​បែប​នោះ ពួក​គេ​អាច​ជាប់​ទោស​ពី​បទ​ចែក​ចាយ​រូប​អាស​អាភាស។

សូម​គិត​អំពី​នេះ: តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​របស់​អ្នក​មិន​ឲ្យ​មើល​ឬ​ផ្ញើ​រូប​អាស​អាភាស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត?—អេភេសូរ ៥:៣, ៤

អ្វី​ដែល​អ្នក​អាច​ធ្វើ

បង្ហាត់​បង្រៀន​កូន​របស់​អ្នក

ទោះ​បី​ជា​ប្អូន​ៗ​វ័យ​ក្មេង​អាច​ប្រើ​គ្រឿង​អេឡិចត្រូនិក​យ៉ាង​ងាយ​ស្រួល​ក្ដី ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​ការ​ជំនួយ។ សៀវ​ភៅ​មួយ​បាន​រៀប​រាប់​ថា ការ​ឲ្យ​ទូរស័ព្ទ​ទំនើប​ៗ​ឬ​គ្រឿង​អេឡិចត្រូនិក​ទៅ​កូន មុន​ពេល​ដែល​កូន​ស្គាល់​អំពី​របៀប​ប្រើ​ប្រាស់​ដោយ​ត្រឹម​ត្រូវ គឺ​ប្រៀប​ដូច​ជា​«​ការ​ឲ្យ​កូន​ចូល​ក្នុង​អាង​ហែល​ទឹក​ដោយ​មិន​បង្រៀន​កូន​ពី​របៀប​ហែល​ទឹក​»​ (​Indistractable​)។

គោល​ការណ៍​គម្ពីរ: ​«​ចូរ​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ យ៉ាង​នេះ ទោះ​ជា​គាត់​មាន​អាយុ​ច្រើន​ក៏​ដោយ គាត់​នឹង​មិន​ចាក​ចេញ​ពី​ផ្លូវ​នោះ​ទេ​»។—សុភាសិត ២២:៦

សូម​ជ្រើស​រើស​យោបល់​ដែល​អ្នក​ចង់​ធ្វើ​តាម ឬ​សរសេរ​គំនិត​របស់​អ្នក​ផ្ទាល់។

  • បង្រៀន​កូន​អំពី​របៀប​និយាយ​សមរម្យ​ពេល​ទាក់​ទង​ជា​មួយ​នឹង​បុគ្គល​ឯ​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

  • ជួយ​កូន​ឲ្យ​យក​ឈ្នះ​អារម្មណ៍​មិន​ត្រឹម​ត្រូវ​នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​មិន​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​កម្ម​វិធី​ណា​មួយ

  • ធ្វើ​អ្វី​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការ​ពារ​កូន​អ្នក​ពី​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត

  • ម្ដង​ម្កាល​សូម​ឆែក​មើល​ទូរស័ព្ទ​កូន​របស់​អ្នក

  • ដាក់​កម្រិត​លើ​ពេល​វេលា​ដែល​កូន​អាច​ប្រើ​គ្រឿង​អេឡិចត្រូនិក​ប្រចាំ​ថ្ងៃ

  • ហាម​មិន​ឲ្យ​កូន​យក​គ្រឿង​អេឡិចត្រូនិក​ចូល​ក្នុង​បន្ទប់​គេង​នៅ​ពេល​យប់

  • ហាម​មិន​ឲ្យ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ពេល​ញ៉ាំ​បាយ​ជា​មួយ​គ្នា