តើតាមរបៀបណាគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលទៅលើការគិតគូររបស់អ្នក?
មនុស្សត្រូវរៀនអ្វីៗជាច្រើនសម្រាប់សាលា ការងារ ឬមូលហេតុឯទៀត។ គ្រឿងអេឡិចត្រូនិកអាចជួយពួកគេដើម្បីរៀនអ្វីៗទាំងនេះ។ ក្នុងប្រវត្តិសាស្ត្រ គ្មានពេលណាមួយដែលមនុស្សអាចរកឃើញព័ត៌មានច្រើនដូច្នេះ ដោយមិនចាំបាច់ចាកចេញពីផ្ទះ ឬងើបពីកៅអីនោះឡើយ។
ប៉ុន្តែ មនុស្សដែលប្រើគ្រឿងអេឡិចត្រូនិកច្រើន មានអារម្មណ៍ថាពួកគេ...
-
ពិបាកផ្ដោតអារម្មណ៍ពេលកំពុងអាន។
-
ពិបាកផ្ដោតអារម្មណ៍ទៅលើកិច្ចការតែមួយ។
-
ឆាប់អផ្សុកពេលនៅតែឯង។
អ្វីដែលអ្នកត្រូវដឹង
ការអាន
មនុស្សដែលប្រើគ្រឿងអេឡិចត្រូនិកច្រើន ជួនកាលមិនសូវមានចិត្តអត់ធ្មត់ដើម្បីអានអត្ថបទឬសៀវភៅណាមួយទាំងមូលនោះទេ ដូច្នេះពួកគេអានអ្វីទាំងនោះត្រួសៗដើម្បីយល់ចំណុចសំខាន់ៗប៉ុណ្ណោះ។
ការអានត្រួសៗគឺមិនខុសទេ ពេលដែលយើងត្រូវរកចម្លើយចំពោះសំណួរណាមួយភ្លាមៗ។ ប៉ុន្តែ នេះមិនមែនជារបៀបអានដែលល្អបំផុតនោះទេ នៅពេលដែលយើងចង់យល់ប្រធានបទណាមួយយ៉ាងជ្រាលជ្រៅ។
សូមគិតអំពីនេះ: តើអ្នកអានអត្ថបទវែងៗដោយយកចិត្តទុកដាក់បានទេ? តើការធ្វើដូច្នេះអាចជួយអ្នករៀនអ្វីថ្មីៗឲ្យប្រសើរជាងយ៉ាងដូចម្ដេច?—សុភាសិត ១៨:១៥
ការផ្ដោតអារម្មណ៍
មនុស្សខ្លះសន្និដ្ឋានថា គ្រឿងអេឡិចត្រូនិកអាចជួយពួកគេឲ្យធ្វើកិច្ចការពីរព្រមគ្នា ជាឧទាហរណ៍ ផ្ញើសារទៅមិត្តភក្តិពេលដែលកំពុងសិក្សា។ ប៉ុន្តែ នេះអាចបង្វែរអារម្មណ៍ពួកគេ ហើយពួកគេប្រហែលជាមិនអាចធ្វើអ្វីមួយបានល្អនោះទេ ជាពិសេសពេលដែលកិច្ចការទាំងនោះតម្រូវឲ្យពួកគេផ្ដោតអារម្មណ៍។
ទោះជាពិបាកឲ្យយើងផ្ដោតអារម្មណ៍ក៏ដោយ ប៉ុន្តែការធ្វើដូច្នេះនឹងជួយឲ្យយើងទទួលប្រយោជន៍ច្រើន។ ក្មេងវ័យជំទង់ម្នាក់ឈ្មោះក្រេសនិយាយថា៖ «ពេលខ្ញុំផ្ដោតអារម្មណ៍ ខ្ញុំមិនសូវធ្វើខុសច្រើនទេ ហើយក៏មិនសូវតានតឹងចិត្តដែរ។ ខ្ញុំរៀនថា គឺល្អប្រសើរជាងបើយើងផ្ដោតអារម្មណ៍ទៅលើកិច្ចការតែមួយ ជាជាងបង្វែរអារម្មណ៍ទៅលើកិច្ចការជាច្រើនក្នុងពេលតែមួយ»។
សូមគិតអំពីនេះ: តើគ្រឿងអេឡិចត្រូនិកធ្វើឲ្យអ្នកពិបាកផ្ដោតអារម្មណ៍ឬចាំអ្វីដែលអ្នកបានរៀនឬទេ?—សុភាសិត ១៧:២៤
ការនៅតែឯង
មនុស្សខ្លះមិនចូលចិត្តនៅម្នាក់ឯងនោះទេ ដូច្នេះពួកគេប្រើគ្រឿងអេឡិចត្រូនិកដើម្បីជួយពួកគេមិនឲ្យមានអារម្មណ៍ឯកោ។ ស្ត្រីម្នាក់ឈ្មោះអូលីវាសារភាពថា៖ «បើខ្ញុំមិនធ្វើអ្វីសោះក្នុងរយៈពេល១៥នាទី ខ្ញុំអផ្សុកណាស់ ហើយខ្ញុំត្រូវតែឆែកទូរស័ព្ទ ថេបប្លេត ឬបើកទូរទស្សន៍»។
ប៉ុន្តែ មិនថាយើងចាស់ឬក្មេង ការនៅម្នាក់ឯងផ្ដល់ឱកាសឲ្យយើងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីថ្មីៗដែលយើងបានរៀន។
សូមគិតអំពីនេះ: តើអ្នកប្រើពេលដែលអ្នកនៅម្នាក់ឯងដើម្បីរំពឹងគិតឬទេ?—ធីម៉ូថេទី១ ៤:១៥
អ្វីដែលអ្នកអាចធ្វើ
ពិនិត្យមើលរបៀបដែលអ្នកប្រើគ្រឿងអេឡិចត្រូនិក
តើតាមរបៀបណាអ្នកអាចប្រើគ្រឿងអេឡិចត្រូនិកដើម្បីពង្រឹងការគិតគូររបស់អ្នក? តើតាមរបៀបណាការប្រើគ្រឿងអេឡិចត្រូនិកអាចធ្វើឲ្យអ្នកពិបាកផ្ដោតអារម្មណ៍និងរៀនអ្វីថ្មីៗ?
គោលការណ៍គម្ពីរ: «ចូររក្សាទុកប្រាជ្ញា ហើយការពារសមត្ថភាពរិះគិត»។—សុភាសិត ៣:២១