អត្ថបទសិក្សា ៨
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
ចូរបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា
«ខ្ញុំជាយេហូវ៉ា . . . ជាអ្នកណែនាំអ្នករាល់គ្នា»។—អេ. ៤៨:១៧
ចំណុចផ្ដោត
អត្ថបទនេះនឹងជួយយើងឲ្យឃើញអំពីរបៀបដែលព្រះយេហូវ៉ាណែនាំរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះ និងពរដែលយើងទទួលពេលយើងធ្វើតាមការណែនាំពីលោក។
១. សូមលើកឧទាហរណ៍អំពីមូលហេតុដែលយើងគួរធ្វើតាមព្រះយេហូវ៉ាជាអ្នកណែនាំយើង។
សូមស្រមៃគិតថាអ្នកវង្វេងក្នុងព្រៃ។ នៅជុំវិញអ្នក សុទ្ធតែគ្រោះថ្នាក់ដូចជា៖ សត្វព្រៃ សត្វល្អិតទិចដែលចម្លងរោគ រុក្ខជាតិពុល និងថ្មជាដើម។ អ្នកពិតជាសប្បាយបើមានអ្នកណែនាំដែលមានបទពិសោធន៍នៅជាមួយអ្នក ដែលស្គាល់កន្លែងណាដែលមានគ្រោះថ្នាក់ និងរបៀបជួយអ្នកឲ្យជៀសវាងពីគ្រោះថ្នាក់នោះ។ ពិភពលោកនេះប្រៀបដូចជាព្រៃនោះ គឺពេញទៅដោយគ្រោះថ្នាក់ដែលជាពិសេសអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ ប៉ុន្តែ យើងមានអ្នកណែនាំដ៏ល្អឥតខ្ចោះ គឺព្រះយេហូវ៉ា។ លោកណែនាំយើងឲ្យជៀសវាងពីគ្រោះថ្នាក់ ហើយបន្តឆ្ពោះទៅទិសដៅរបស់យើងគឺជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មី។
២. តើព្រះយេហូវ៉ាណែនាំយើងតាមរបៀបណា?
២ តើព្រះយេហូវ៉ាណែនាំយើងតាមរបៀបណា? របៀបដ៏សំខាន់ចម្បងគឺតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ ប៉ុន្តែ លោកក៏ប្រើមនុស្សឲ្យធ្វើជាតំណាងលោកដែរ។ ជាឧទាហរណ៍ លោកប្រើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដែលជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ (ម៉ាថ. ២៤:៤៥) ព្រះយេហូវ៉ាក៏ប្រើបុរសឯទៀតដែលមានសមត្ថភាពដើម្បីណែនាំយើង។ ជាឧទាហរណ៍ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងអ្នកចាស់ទុំក្រុមជំនុំ ផ្ដល់ការលើកទឹកចិត្តនិងការណែនាំដែលអាចជួយយើងឲ្យឆ្លងកាត់គ្រាលំបាក។ យើងសប្បាយចិត្តណាស់ដែលព្រះយេហូវ៉ាណែនាំយើងយ៉ាងល្អក្នុងគ្រាចុងក្រោយដ៏លំបាកនេះ។ នេះជួយយើងឲ្យរក្សាខ្លួនជាបុគ្គលដែលព្រះយេហូវ៉ាពេញចិត្ត ហើយឲ្យបន្តនៅលើផ្លូវទៅឯជីវិត។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ប៉ុន្តែជួនកាល យើងប្រហែលជាពិបាកធ្វើតាមការណែនាំពីព្រះយេហូវ៉ា ជាពិសេសពេលយើងទទួលការណែនាំនោះតាមរយៈបុរសមិនល្អឥតខ្ចោះ។ ហេតុអ្វី? ពីព្រោះការណែនាំនោះប្រហែលជាខុសពីចំណង់ចំណូលចិត្តរបស់យើង ឬយើងប្រហែលជាមានអារម្មណ៍ថាការណែនាំដែលយើងទទួលគឺមិនប្រកបដោយប្រាជ្ញា ហើយសន្និដ្ឋានថានោះច្បាស់ជាមិនមកពីព្រះយេហូវ៉ាទេ។ ជាពិសេសនៅពេលនោះ យើងត្រូវមានទំនុកចិត្តថាព្រះយេហូវ៉ាជាអ្នកដឹកនាំរាស្ត្ររបស់លោក ហើយថាការធ្វើតាមការណែនាំពីលោកនាំឲ្យទទួលពរ។ ដើម្បីជួយពង្រឹងទំនុកចិត្តរបស់យើង អត្ថបទនេះនឹងពិចារណាថា៖ (១) របៀបដែលព្រះយេហូវ៉ាណែនាំរាស្ត្រលោកនៅសម័យគម្ពីរ (២) របៀបដែលលោកកំពុងណែនាំយើងនៅសព្វថ្ងៃនេះ និង(៣) ប្រយោជន៍ដែលយើងទទួលពេលយើងបន្តធ្វើតាមការណែនាំពីលោក។
របៀបដែលព្រះយេហូវ៉ាណែនាំប្រជាជាតិអ៊ីស្រាអែល
៤-៥. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកប្រើម៉ូសេឲ្យណែនាំជនជាតិអ៊ីស្រាអែល? (សូមមើលរូបភាពនៅក្រប)
៤ ព្រះយេហូវ៉ាបានតែងតាំងម៉ូសេឲ្យនាំមុខជនជាតិអ៊ីស្រាអែលក្នុងការចាកចេញពីស្រុកអេហ្ស៊ីប។ ម្យ៉ាងទៀត លោកបានឲ្យជនជាតិអ៊ីស្រាអែលនូវភ័ស្តុតាងដែលបង្ហាញថាលោកកំពុងណែនាំពួកគេតាមរយៈម៉ូសេ។ ជាឧទាហរណ៍ លោកបានផ្ដល់បង្គោលពពកនៅពេលថ្ងៃ ហើយបង្គោលភ្លើងនៅពេលយប់។ (ដច. ១៣:២១) ម៉ូសេដើរតាមបង្គោលដែលនាំគាត់និងជនជាតិអ៊ីស្រាអែលទៅដល់សមុទ្រក្រហម។ បណ្ដាជនបានភ័យស្លន់ស្លោពេលពួកគេគិតថាពួកគេទាល់ច្រក ដោយសារខាងមុខមានសមុទ្រ ហើយខាងក្រោយមានកងទ័ពអេហ្ស៊ីបដែលកំពុងដេញតាម។ ពួកគេសន្និដ្ឋានថាម៉ូសេធ្វើខុសហើយ ដែលនាំពួកគេទៅសមុទ្រក្រហម។ ប៉ុន្តែ នោះមិនមែនជាការខុសទេ។ ព្រះយេហូវ៉ាបានប្រើម៉ូសេឲ្យនាំមុខរាស្ត្ររបស់លោកទៅទីនោះ។ (ដច. ១៤:២) បន្ទាប់មក ព្រះបានសង្គ្រោះពួកគេតាមរបៀបដ៏អស្ចារ្យមួយ។—ដច. ១៤:២៦-២៨
៥ អស់រយៈពេល៤០ឆ្នាំក្រោយមក ម៉ូសេបន្តមានទំនុកចិត្តថាព្រះយេហូវ៉ាកំពុងប្រើបង្គោលពពកដើម្បីណែនាំរាស្ត្ររបស់លោកឲ្យឆ្លងកាត់តំបន់ស្ងាត់ជ្រងំ។ a អស់មួយរយៈ ព្រះយេហូវ៉ាបានដាក់បង្គោលនោះនៅលើត្រសាលរបស់ម៉ូសេ ជាកន្លែងដែលជនជាតិអ៊ីស្រាអែលទាំងអស់អាចមើលឃើញ។ (ដច. ៣៣:៧, ៩, ១០) ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេពីបង្គោលនោះ ហើយក្រោយមកម៉ូសេបានប្រាប់បណ្ដាជនអំពីអ្វីដែលព្រះយេហូវ៉ាបានប្រាប់គាត់។ (ចសព. ៩៩:៧) ជនជាតិអ៊ីស្រាអែលអាចឃើញយ៉ាងច្បាស់ថាព្រះយេហូវ៉ាកំពុងប្រើម៉ូសេឲ្យណែនាំពួកគេ។
៦. តើជនជាតិអ៊ីស្រាអែលមានប្រតិកម្មយ៉ាងណាចំពោះការណែនាំពីព្រះយេហូវ៉ា? (ជំរឿនបណ្ដាជន ១៤:២, ១០, ១១)
៦ គួរឲ្យស្ដាយ ជនជាតិអ៊ីស្រាអែលភាគច្រើនមិនព្រមទទួលស្គាល់ទីសំអាងដ៏ច្បាស់លាស់ដែលបង្ហាញថាព្រះយេហូវ៉ាកំពុងប្រើម៉ូសេជាតំណាងរបស់លោកទេ។ (សូមអាន ជំរឿនបណ្ដាជន ១៤:២, ១០, ១១) ម្ដងហើយម្ដងទៀត ពួកគេមិនព្រមទទួលស្គាល់តួនាទីរបស់ម៉ូសេទេ។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែលជំនាន់នោះមិនបានត្រូវអនុញ្ញាតឲ្យចូលក្នុងស្រុកដែលព្រះបានសន្យាឡើយ។—ជប. ១៤:៣០
៧. សូមលើកឧទាហរណ៍អំពីពួកអ្នកដែលបានធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ (ជំរឿនបណ្ដាជន ១៤:២៤) (សូមមើលរូបភាពផងដែរ)
៧ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលខ្លះបានធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានកត់សម្គាល់ឃើញថា៖ «កាលែប . . . បានដើរតាមខ្ញុំយ៉ាងស្មោះអស់ពីចិត្ត»។ (សូមអាន ជំរឿនបណ្ដាជន ១៤:២៤) ព្រះបានឲ្យរង្វាន់កាលែប ហើយថែមទាំងអនុញ្ញាតឲ្យគាត់ជ្រើសរើសទឹកដីដែលគាត់ចង់រស់នៅជាងគេក្នុងស្រុកកាណាន។ (យ៉ូស. ១៤:១២-១៤) ជនជាតិអ៊ីស្រាអែលជំនាន់ក្រោយមកក៏បានទុកគំរូល្អក្នុងការធ្វើតាមការណែនាំពីព្រះយេហូវ៉ាដែរ។ ពេលយ៉ូស្វេបានស្នងតំណែងជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែលពីម៉ូសេ ពួកគេ«គោរពគាត់យ៉ាងជ្រាលជ្រៅរហូតអស់មួយជីវិតរបស់គាត់»។ (យ៉ូស. ៤:១៤) ជាលទ្ធផល ព្រះយេហូវ៉ាបានឲ្យ ពរពួកគេ ហើយឲ្យពួកគេនូវស្រុកដែលលោកបានសន្យា។—យ៉ូស. ២១:៤៣, ៤៤
៨. សូមពន្យល់អំពីរបៀបដែលព្រះយេហូវ៉ាបានណែនាំរាស្ត្រលោកក្នុងអំឡុងគ្រានៃពួកស្ដេច។ (សូមមើលរូបភាពផងដែរ)
៨ ច្រើនឆ្នាំក្រោយមក ព្រះយេហូវ៉ាបានតែងតាំងអ្នកសម្រេចក្ដីឲ្យណែនាំរាស្ត្រលោក។ ក្រោយមកទៀត ក្នុងអំឡុងសម័យរបស់ពួកស្ដេច ព្រះយេហូវ៉ាបានតែងតាំងអ្នកប្រកាសទំនាយឲ្យណែនាំរាស្ត្រលោក។ ស្ដេចដ៏ស្មោះត្រង់បានធ្វើតាមយោបល់ពីពួកអ្នកប្រកាសទំនាយ។ ជាឧទាហរណ៍ ស្ដេចដាវីឌបានព្រមទទួលការកែតម្រង់ដោយចិត្តរាបទាបពីអ្នកប្រកាសទំនាយណាថាន់។ (២សាំ. ១២:៧, ១៣; ១ប្រ. ១៧:៣, ៤) ស្ដេចយេហូសាផាតបានពឹងផ្អែកលើការណែនាំពីអ្នកប្រកាសទំនាយយ៉ាហេសែល ហើយលើកទឹកចិត្តបណ្ដាជននៃស្រុកយូដាឲ្យ«មានជំនឿលើពួកអ្នកប្រកាសទំនាយរបស់[ព្រះ]»។ (២ប្រ. ២០:១៤, ១៥, ២០) ពេលមានទុក្ខលំបាក ស្ដេចហេសេគាបានសុំជំនួយពីអ្នកប្រកាសទំនាយអេសាយ។ (អេ. ៣៧:១-៦) រាល់ដងដែលស្ដេចធ្វើតាមការណែនាំពីព្រះយេហូវ៉ា ពួកគេបានទទួលពរ ហើយប្រជាជាតិបានទទួលការការពារ។ (២ប្រ. ២០:២៩, ៣០; ៣២:២២) បុគ្គលគ្រប់រូបគួរតែយល់ច្បាស់ថា ព្រះយេហូវ៉ាកំពុងប្រើអ្នកប្រកាសទំនាយរបស់លោកឲ្យណែនាំរាស្ត្រលោក។ ប៉ុន្តែ ស្ដេចនិងបណ្ដាជនភាគច្រើនបានបដិសេធអ្នកប្រកាសទំនាយព្រះយេហូវ៉ា។—យេ. ៣៥:១២-១៥
របៀបដែលព្រះយេហូវ៉ាណែនាំគ្រិស្តសាសនិកនៅសម័យដើម
៩. តើព្រះយេហូវ៉ាបានប្រើអ្នកណាខ្លះដើម្បីណែនាំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១? (សូមមើលរូបភាពផងដែរ)
៩ នៅសតវត្សរ៍ទី១ គ.ស. ព្រះយេហូវ៉ាបានបង្កើតក្រុមជំនុំគ្រិស្តសាសនិក។ តើលោកបានណែនាំគ្រិស្តសាសនិកនៅសម័យដើមទាំងនោះតាមរបៀបណា? លោកបានតែងតាំងលោកយេស៊ូជាប្រមុខនៃក្រុមជំនុំ។ (អេភ. ៥:២៣) ប៉ុន្តែ លោកយេស៊ូមិនបានឲ្យការណែនាំដោយផ្ទាល់ដល់អ្នកកាន់តាមលោកម្នាក់ៗទេ។ លោកបានប្រើពួកសាវ័កនិងបុរសចាស់ទុំនៅក្រុងយេរូសាឡិមឲ្យនាំមុខ។ (សកម្ម. ១៥:១, ២) ពួកអ្នកចាស់ទុំក៏បានត្រូវតែងតាំងឲ្យណែនាំក្រុមជំនុំដែរ។—១ថែ. ៥:១២; ទីត. ១:៥
១០. (ក) តើគ្រិស្តសាសនិកភាគច្រើននៅសតវត្សរ៍ទី១មានប្រតិកម្មយ៉ាងណាចំពោះការណែនាំដែលពួកគេបានទទួល? (សកម្មភាព ១៥:៣០, ៣១) (ខ) ហេតុអ្វីអ្នកខ្លះនៅសម័យគម្ពីរមិនទទួលស្គាល់តំណាងរបស់ព្រះយេហូវ៉ា? (សូមមើលប្រអប់ដែលមានចំណងជើងថា « មូលហេតុដែលអ្នកខ្លះមិនព្រមទទួលយកទីសំអាងដែលច្បាស់»)
១០ តើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១មានប្រតិកម្មយ៉ាង ណាចំពោះការណែនាំ? ពួកគេភាគច្រើនសប្បាយធ្វើតាម។ តាមពិត ពួកគេ«ត្រេកអរនឹងការលើកទឹកចិត្ត»ដែលពួកគេបានទទួល។ (សូមអាន សកម្មភាព ១៥:៣០, ៣១) ប៉ុន្តែ តើព្រះយេហូវ៉ាណែនាំរាស្ត្រលោកនៅសម័យយើងយ៉ាងដូចម្ដេច?
របៀបដែលព្រះយេហូវ៉ាណែនាំយើងសព្វថ្ងៃនេះ
១១. សូមលើកឧទាហរណ៍មួយដែលបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ាបានណែនាំពួកអ្នកនាំមុខនៅសម័យយើង។
១១ ព្រះយេហូវ៉ាបន្តនាំមុខរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះ។ លោកធ្វើដូច្នេះតាមរយៈបណ្ដាំរបស់លោកនិងបុត្រលោក ដែលជាប្រមុខនៃក្រុមជំនុំ។ តើយើងអាចឃើញទីសំអាងដែលបង្ហាញថាព្រះក៏បានបន្តប្រើមនុស្សឲ្យធ្វើជាតំណាងលោកឬទេ? យើងអាចឃើញមែន។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលបានកើតឡើងក្រោយពីឆ្នាំ១៨៧០។ បងប្រុសឆាល ថេស រ៉ាសិលនិងអ្នករួមការងារជាមួយគាត់បានចាប់ផ្ដើមយល់ថាឆ្នាំ១៩១៤នឹងជាឆ្នាំដ៏សំខាន់សម្រាប់រាជាណាចក្ររបស់ព្រះ។ (ដាន. ៤:២៥, ២៦) ដើម្បីយល់ដូច្នេះ ពួកគាត់បានពឹងផ្អែកទៅលើទំនាយក្នុងគម្ពីរ។ តើព្រះយេហូវ៉ាណែនាំពួកគាត់ក្នុងការស្រាវជ្រាវគម្ពីរឬទេ? លោកច្បាស់ជាបានធ្វើដូច្នេះ។ នៅឆ្នាំ១៩១៤ ព្រឹត្តិការណ៍ពិភពលោកបានបញ្ជាក់ថា រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រង។ សង្គ្រាមលោកលើកទី១បានផ្ទុះឡើង ហើយបន្ទាប់មកមានរោគរាតត្បាត រញ្ជួយដី និងការអត់ឃ្លាន។ (លូក. ២១:១០, ១១) ព្រះយេហូវ៉ាពិតជាប្រើបុរសគ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះឲ្យជួយរាស្ត្រលោក។
១២-១៣. តើបងប្រុសៗដែលនាំមុខបានធ្វើអ្វីក្នុងអំឡុងសង្គ្រាមលោកលើកទី២ដើម្បីបង្កើនកិច្ចការផ្សព្វផ្សាយ?
១២ សូមគិតផងដែរអំពីអ្វីដែលបានកើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី២។ ក្រោយពីសិក្សាការបើកបង្ហាញ ១៧:៨ បងប្រុសៗដែលនាំមុខនៅមន្ទីរចាត់ការពិភពលោកបានយល់ថាសង្គ្រាមនោះមិនមែននាំទៅដល់សង្គ្រាមអាម៉ាគេដូនទេ ប៉ុន្តែនាំឲ្យមានគ្រាដែលមានសេចក្ដីសុខសាន្តមួយកម្រិតដែលបើកឱកាសឲ្យបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយ។ សូម្បីតែមើលទៅមិនសមហេតុផលនៅពេលនោះក្ដី បងប្រុសៗដែលនាំមុខបានបង្កើតសាលាគីលាតដើម្បីបង្ហាត់បង្រៀនសាសនទូតឲ្យផ្សព្វផ្សាយនិងបង្រៀននៅប្រទេសនានាទូទាំងផែនដី។ សាសនទូតបានត្រូវចាត់ឲ្យទៅប្រទេសផ្សេងៗទោះជាមានសង្គ្រាមលោកលើកទី២ក្ដី។ បន្ថែមទៅទៀត ខ្ញុំបម្រើដ៏ស្មោះត្រង់បានរៀបចំវគ្គសិក្សាអំពីកិច្ចបម្រើព្រះ(Course in Theocratic Ministry) bដើម្បីបង្ហាត់ បង្រៀនអស់អ្នកនៅក្នុងក្រុមជំនុំឲ្យទៅជាអ្នកផ្សព្វផ្សាយនិងអ្នកបង្រៀនកាន់តែល្អប្រសើរ។ តាមរបៀបទាំងនេះ រាស្ត្រព្រះយេហូវ៉ាបានត្រូវជួយឲ្យត្រៀមខ្លួនសម្រាប់កិច្ចការដែលនៅខាងមុខ។
១៣ យើងអាចឃើញច្បាស់នៅឥឡូវនេះថាព្រះយេហូវ៉ាបានណែនាំរាស្ត្ររបស់លោកនៅគ្រាដ៏ពិបាកនោះ។ តាំងពីសង្គ្រាមលោកលើកទី២មក រាស្ត្ររបស់ព្រះយេហូវ៉ានៅប្រទេសជាច្រើនមានសេរីភាពនិងសេចក្ដីសុខសាន្តមួយកម្រិតកាលដែលពួកគេផ្សព្វផ្សាយ។ តាមពិត កិច្ចការនោះបានចម្រើនឡើង។
១៤. ហេតុអ្វីយើងអាចទុកចិត្តការណែនាំពីអង្គការរបស់ព្រះយេហូវ៉ានិងពីពួកអ្នកចាស់ទុំដែលបានត្រូវតែងតាំង? (ការបើកបង្ហាញ ២:១) (សូមមើលរូបភាពផងដែរ)
១៤ សព្វថ្ងៃនេះ សមាជិកគណៈអភិបាលបន្តស្វែងរកការណែនាំពីគ្រិស្ត។ ពួកគេចង់ឲ្យការណែនាំទៅបងប្អូនដែលឆ្លុះបញ្ចាំងអំពីទស្សនៈនៅស្ថានសួគ៌ចំពោះរឿងផ្សេងៗ។ ក្រោយមក អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងពួកអ្នកចាស់ទុំផ្ដល់ការណែនាំទៅក្រុមជំនុំនានា។ c ពួកអ្នកចាស់ទុំដែលបានត្រូវរើសតាំងនៅក្នុង«ដៃស្ដាំ»របស់គ្រិស្ត។ (សូមអាន ការបើកបង្ហាញ ២:១) ពិតមែន ពួកអ្នកចាស់ទុំទាំងនោះគឺជាមនុស្សមិនល្អឥតខ្ចោះនិងចេះធ្វើខុស។ ជួនកាល ម៉ូសេនិងយ៉ូស្វេក៏ធ្វើខុសដូចពួកសាវ័កបានធ្វើដែរ។ (ជប. ២០:១២; យ៉ូស. ៩:១៤, ១៥; រ៉ូម ៣:២៣) ប៉ុន្តែ យើងអាចឃើញច្បាស់ថាលោកយេស៊ូកំពុងណែនាំខ្ញុំបម្រើដ៏ស្មោះត្រង់ទាំងនេះនិងពួកអ្នកចាស់ទុំដែលបានត្រូវតែងតាំង ហើយលោកនឹងបន្តធ្វើដូច្នេះ«ជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:២០) ហេតុនេះ យើងពិតជាអាចទុកចិត្តការណែនាំដែលលោកផ្ដល់ឲ្យតាមរយៈពួកអ្នកនាំមុខដែលបានត្រូវតែងតាំងទាំងនេះ។
យើងទទួលប្រយោជន៍ពេលយើងបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា
១៥-១៦. តើអ្នករៀនអ្វីពីបទពិសោធន៍របស់ពួកអ្នកដែលធ្វើតាមការណែនាំពីព្រះយេហូវ៉ា?
១៥ ពេលយើងបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា យើងទទួលពរសូម្បីតែនៅឥឡូវនេះក្ដី។ ជាឧទាហរណ៍ បងប្រុសអេនឌីនិងបងស្រីរូប៊ីនបានធ្វើតាមការណែនាំដែលឲ្យរក្សាជីវិតសាមញ្ញ។ (ហេ. ១៣:៥) ជាលទ្ធផល ពួកគាត់អាចស្ម័គ្រចិត្តចូលរួមកិច្ចការសាងសង់អគារសម្រាប់អង្គការព្រះយេហូវ៉ា។ បងរូប៊ីននិយាយថា៖ «យើងបានរស់នៅកន្លែងតូចៗដែលភាគច្រើនអត់មានផ្ទះបាយទេ។ ខ្ញុំត្រូវលក់ឧបករណ៍ជាច្រើនដែលខ្ញុំប្រើដើម្បីថតរូប។ ខ្ញុំចូលចិត្តថតរូបណាស់ ដូច្នេះខ្ញុំយំពេលលក់របស់ទាំងនោះ។ ប៉ុន្តែដូចសារ៉ាជាប្រពន្ធអាប្រាហាំ ខ្ញុំតាំងចិត្តសម្លឹងមើលទៅខាងមុខ មិនមែនខាងក្រោយទេ»។ (ហេ. ១១:១៥) តើបងអេនឌីនិងបងរូប៊ីនបានទទួលប្រយោជន៍យ៉ាងណា? បងរូប៊ីននិយាយថា៖ «យើងមានការស្កប់ចិត្តដ៏ខ្លាំងដោយដឹងថាយើងឲ្យអ្វីទាំងអស់ដល់ព្រះយេហូវ៉ា។ ពេលធ្វើកិច្ចការក្នុងកិច្ចបម្រើព្រះ យើងនឹក ស្រមៃអំពីជីវិតនៅក្នុងពិភពលោកថ្មី»។ បងអេនឌីយល់ស្រប ហើយនិយាយថា៖ «យើងស្កប់ចិត្តណាស់ព្រោះដឹងថាយើងបានចំណាយអ្វីទាំងអស់ដែលយើងមានដើម្បីគាំទ្ររាជាណាចក្រព្រះ»។
១៦ តើយើងទទួលប្រយោជន៍អ្វីទៀតពេលយើងបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា? ក្រោយពីរៀនចប់វិទ្យាល័យ បងស្រីម៉ាស្យាពិតជាចង់ធ្វើតាមយោបល់ដែលគាត់បានទទួលដើម្បីត្រួសត្រាយ។ (ម៉ាថ. ៦:៣៣; រ៉ូម ១២:១១) គាត់និយាយថា៖ «ខ្ញុំបានទទួលអាហារូបករណ៍បួនឆ្នាំនៅសកលវិទ្យាល័យ។ ប៉ុន្តែ ខ្ញុំមានគោលដៅក្នុងកិច្ចបម្រើព្រះ។ ដូច្នេះ ខ្ញុំសម្រេចចិត្តជ្រើសរើសវគ្គសិក្សាជំនាញមួយដើម្បីអាចផ្គត់ផ្គង់ខ្លួនឯងពេលខ្ញុំត្រួសត្រាយ។ នេះជាការសម្រេចចិត្តល្អបំផុតមួយដែលខ្ញុំបានធ្វើ។ ឥឡូវ ខ្ញុំសប្បាយក្នុងកិច្ចការត្រួសត្រាយពេញពេល ហើយដោយសារកាលវិភាគការងារខ្ញុំអាចផ្លាស់ប្ដូរបាន នេះបើកឱកាសឲ្យខ្ញុំធ្វើជាអ្នកមកជួយនៅបេតអែលនិងមានឯកសិទ្ធិផ្សេងៗទៀត»។
១៧. តើយើងទទួលប្រយោជន៍អ្វីទៀតពេលយើងបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា? (អេសាយ ៤៨:១៧, ១៨)
១៧ នៅពេលខ្លះ យើងទទួលការណែនាំពីអង្គការព្រះដែលការពារយើង។ ជាឧទាហរណ៍ យើងទទួលការព្រមានអំពីការស្រឡាញ់ប្រាក់ និងការធ្វើអ្វីដែលអាចនាំឲ្យយើងបំពានច្បាប់របស់ព្រះ។ ក្នុងរឿងទាំងនេះ យើងនឹងទទួលប្រយោជន៍ពេលយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ យើងរក្សាសមត្ថភាពវិនិច្ឆ័យឲ្យស្អាតស្អំ ហើយជៀសវាងពីបញ្ហាជាច្រើន។ (១ធី. ៦:៩, ១០) យ៉ាងនេះ យើងអាចបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។ គ្មានអ្វីដែលអាចឲ្យយើងមានអំណរនិងសេចក្ដីសុខសាន្តជាងនេះទេ!—សូមអាន អេសាយ ៤៨:១៧, ១៨
១៨. ហេតុអ្វីអ្នកតាំងចិត្តបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា?
១៨ ព្រះយេហូវ៉ាប្រាកដជានឹងបន្តប្រើមនុស្សដើម្បីផ្ដល់ការណែនាំក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងនិងក្នុងការគ្រប់គ្រងមួយពាន់ឆ្នាំ។ (ចសព. ៤៥:១៦) តើយើងនឹងបន្តធ្វើតាមការណែនាំ ទោះជានោះមិនមែនជាចំណូលចិត្តរបស់យើងឬទេ? នេះប្រហែលជានឹងអាស្រ័យលើប្រតិកម្មរបស់យើងចំពោះការណែនាំដែលយើងទទួលពីព្រះយេហូវ៉ានៅឥឡូវនេះ។ ដូច្នេះ សូមយើងតែងតែធ្វើតាមការណែនាំពីព្រះយេហូវ៉ា រួមទាំងការណែនាំដែលយើងទទួលពីបុរសដែលបានត្រូវតែងតាំងឲ្យថែរក្សាយើង។ (អេ. ៣២:១, ២; ហេ. ១៣:១៧) កាលដែលយើងធ្វើដូច្នេះ យើងមានហេតុឲ្យទុកចិត្តព្រះយេហូវ៉ាដែលជាអ្នកណែនាំរបស់យើង ដោយសារលោកនាំយើងឲ្យជៀសចេញពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយលោក ហើយនាំយើងឆ្ពោះទៅដល់ជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មី។
តើអ្នកនឹងឆ្លើយយ៉ាងណា?
-
តើព្រះយេហូវ៉ាបានណែនាំប្រជាជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេច?
-
តើព្រះយេហូវ៉ាបានណែនាំគ្រិស្តសាសនិកនៅសម័យដើមតាមរបៀបណា?
-
តើយើងទទួលប្រយោជន៍យ៉ាងណាពីការធ្វើតាមការណែនាំពីព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?
ចម្រៀងលេខ៤៨ ដើរជាមួយនឹងព្រះយេហូវ៉ារាល់ថ្ងៃ
a ព្រះយេហូវ៉ាក៏បានតែងតាំងទេវតាមួយរូបឲ្យ«នាំមុខ»ប្រជាជាតិនោះចូលស្រុកដែលលោកបានសន្យា។ ទេវតានោះទំនងជាមីកែល ពោលគឺលោកយេស៊ូមុនដែលលោកបានមកផែនដី។—ដច. ១៤:១៩; ៣២:៣៤
b ក្រោយមក នោះបានត្រូវហៅថាសាលាកិច្ចបម្រើផ្សាយ។ សព្វថ្ងៃនេះ ការបង្ហាត់បង្រៀននេះគឺជាផ្នែកនៃកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។
c សូមមើលប្រអប់ដែលមានចំណងជើងថា «តើគណៈអភិបាលមានតួនាទីអ្វី?»នៅក្នុងទស្សនាវដ្ដីប៉មយាម ខែកុម្ភៈ ឆ្នាំ២០២១ ទំ.១៨។