សមាជិកគណៈអភិបាលថ្មីពីរនាក់
នៅថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣ មានការប្រកាសដ៏ពិសេសមួយនៅគេហទំព័រjw.orgថាបងប្រុសហ្គេជ ហ្វិលីកិល និងបងប្រុសចេហ្វ្រី វីនឌ័របានត្រូវតែងតាំងឲ្យបម្រើជាសមាជិកគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ បងប្រុសទាំងពីរនាក់នេះ បម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់រយៈពេលជាយូរមកហើយ។
បងហ្វិលីកិលបានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយដែលកោតខ្លាចព្រះ នៅភាគខាងលិចនៃរដ្ឋប៉ិនស៊ីវ៉ានី សហរដ្ឋអាម៉េរិក។ ពេលគាត់មានវ័យជំទង់ ក្រុមគ្រួសាររបស់គាត់បានរើទៅភូមិមួយដែលត្រូវការអ្នកផ្សាយច្រើនជាង។ មិនយូរក្រោយមក គាត់បានទទួលការជ្រមុជទឹកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៨។
ឪពុកម្ដាយបងហ្វិលីកិលតែងតែលើកទឹកចិត្តគាត់ឲ្យបម្រើព្រះយេហូវ៉ាពេញពេល។ ពួកគេច្រើនតែទទួលអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងសមាជិកបេតអែលឲ្យមកផ្ទះរបស់ពួកគេ ហើយបងហ្វិលីកិលអាចឃើញថាបងប្អូនទាំងនេះសប្បាយរីករាយយ៉ាងណា។ មិនយូរក្រោយពីទទួលការជ្រមុជទឹក គាត់បានចាប់ផ្ដើមត្រួសត្រាយពេញពេលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៨៩។ ពីរឆ្នាំក្រោយមក គាត់បានសម្រេចគោលដៅដែលគាត់មានកាលពីអាយុ១២ឆ្នាំ គឺគោលដៅបម្រើនៅបេតអែល។ គាត់បានចាប់ផ្ដើមកិច្ចបម្រើរបស់គាត់នៅបេតអែលប៊្រុគ្លីននាខែតុលា ឆ្នាំ១៩៩១។
នៅបេតអែល បងហ្វិលីកិលបានបម្រើនៅកន្លែងចងក្រងសៀវភៅអស់រយៈពេល៨ឆ្នាំ។ ក្រោយមកគាត់បានត្រូវចាត់ឲ្យបម្រើនៅការិយាល័យខាងកិច្ចបម្រើ។ ក្នុងអំឡុងពេលនោះ គាត់បានបម្រើនៅក្រុមជំនុំដែលនិយាយភាសារុស្ស៊ីអស់ប៉ុន្មានឆ្នាំ។ នៅឆ្នាំ២០០៦ គាត់បានរៀបការជាមួយបងណាឌីយ៉ាដែលបានចូលបម្រើនៅបេតអែលជាមួយគាត់។ ពួកគាត់ទាំងពីរនាក់បានបម្រើជាមួយគ្នានៅក្រុមជំនុំភាសាព័រទុយហ្គាល់ ហើយអស់រយៈពេលជាង១០ឆ្នាំនៅក្រុមជំនុំភាសាអេស្ប៉ាញ។ ក្រោយពីបងហ្វិលីកិលបម្រើនៅការិយាល័យខាងកិច្ចបម្រើអស់ជាច្រើនឆ្នាំ គាត់បានត្រូវចាត់ឲ្យបម្រើនៅការិយាល័យនៃគណៈកម្មាធិការខាងការបង្រៀន ហើយក្រោយមកបម្រើនៅការិយាល័យនៃគណៈកម្មាធិការកិច្ចបម្រើ។ នៅខែមីនា ឆ្នាំ២០២២ គាត់បានត្រូវតែងតាំងជាជំនួយការគណៈកម្មាធិការកិច្ចបម្រើនៃគណៈអភិបាល។
បងវីនឌ័របានធំឡើងនៅក្រុងម៉ារីយេថា រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ឪពុកម្ដាយរបស់គាត់បានចិញ្ចឹមអប់រំគាត់នៅក្នុងសេចក្ដីពិត ហើយគាត់បានទទួលការជ្រមុជទឹកនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៨៦។ នៅខែបន្ទាប់ គាត់បានសម្រេចចិត្តធ្វើជាអ្នកត្រួសត្រាយជំនួយ។ គាត់ចូលចិត្តធ្វើកិច្ចការនេះដល់ម្ល៉េះបានជាគាត់ចង់បន្តធ្វើទៀត។ ក្រោយពីធ្វើជាអ្នកត្រួសត្រាយជំនួយបានប៉ុន្មានខែ គាត់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេលនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៨៦។
កាលដែលនៅវ័យជំទង់ បងវីនឌ័របានទៅលេងបងប្រុសពីរនាក់របស់គាត់ដែលបម្រើនៅបេតអែលនៅពេលនោះ។ ការទៅលេងនោះធ្វើឲ្យគាត់ចង់ដាក់ពាក្យសុំបម្រើនៅបេតអែលពេលដែលគាត់ធំឡើង។ ក្រោយមកនៅខែឧសភា ឆ្នាំ១៩៩០ គាត់បានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលវ៉លឃីល។
នៅបេតអែល បងវីនឌ័របានធ្វើការនៅផ្នែកផ្សេងៗ រួមមានផ្នែកសម្អាត ផ្នែកកសិដ្ឋាន និងការិយាល័យបេតអែល។ គាត់បានរៀបការជាមួយបងអេនចឺឡានៅឆ្នាំ១៩៩៧ ហើយពួកគាត់បានបម្រើជាមួយគ្នានៅបេតអែលតាំងពីពេលនោះមក។ នៅឆ្នាំ២០១៤ ពួកគាត់បានរើទៅក្រុងវ័រវិក។ នៅទីនោះ បងវីនឌ័របានជួយសាងសង់មន្ទីរចាត់ការពិភពលោក។ នៅឆ្នាំ២០១៦ ពួកគាត់បានរើទៅមជ្ឈមណ្ឌលអប់រំនៃសមាគមប៉មយាមនាក្រុងផាតឺសិន ជាកន្លែងដែលបងវីនឌ័របានធ្វើការផ្នែកថតសំឡេងនិងវីដេអូ។ បួនឆ្នាំក្រោយមក ពួកគាត់បានរើទៅបេតអែលវ័រវិកវិញ ហើយបងវីនឌ័របានត្រូវចាត់ឲ្យបម្រើនៅការិយាល័យនៃគណៈកម្មាធិការខាងបុគ្គលិក។ នៅខែមីនា ឆ្នាំ២០២២ គាត់បានត្រូវតែងតាំងជាជំនួយការគណៈកម្មាធិការខាងបុគ្គលិកនៃគណៈអភិបាល។
យើងអធិដ្ឋានឲ្យព្រះយេហូវ៉ាផ្ដល់ពរយ៉ាងបរិបូរដល់បងប្រុសទាំងនេះដែលជា«អំណោយជាមនុស្ស» កាលដែលពួកគាត់បន្ដបម្រើយ៉ាងខ្នះខ្នែងដើម្បីកិច្ចការរាជាណាចក្រ។—អេភ. ៤:៨