តើលោកអ្នកដឹងឬទេ?
ហេតុអ្វីគម្ពីរប្រើពាក្យឬឃ្លាខ្លះម្ដងហើយម្ដងទៀត?
ជួនកាល អ្នកសរសេរគម្ពីរបានប្រើឃ្លាដែលមានពាក្យដដែលៗម្ដងហើយម្ដងទៀត។ សូមគិតអំពីមូលហេតុបីដែលពួកគេប្រហែលជាបានធ្វើដូច្នេះ៖
គ្រាដែលបានត្រូវសរសេរ។ នៅស្រុកអ៊ីស្រាអែលសម័យបុរាណ មនុស្សភាគច្រើនមិនមានច្បាប់របស់ព្រះដែលបានត្រូវចម្លងទេ។ ពួកគេច្រើនតែឮការអានច្បាប់ព្រះពេលដែលពួកគេជួបជុំគ្នានៅឯត្រសាលរបស់លោក។ (បច. ៣១:១០-១២) ច្បាស់ជាមានអ្វីៗដែលអាចបំបែរអារម្មណ៍របស់ពួកគេ កាលដែលពួកគេឈរស្ដាប់ជាក្រុមដ៏ធំអស់រយៈពេលប៉ុន្មានម៉ោង។ (នេហ. ៨:២, ៣, ៧) នៅពេលនោះ ការនិយាយឃ្លាសំខាន់ឡើងវិញ ទំនងជាបានធ្វើឲ្យបណ្ដាជនស្រួលចាំនិងអនុវត្តបទគម្ពីរនោះជាង។ ការនិយាយពាក្យខ្លះឡើងវិញ ប្រាកដជាបានជួយពួកគេឲ្យចាំព័ត៌មានយ៉ាងល្អិតល្អន់ ដូចជាបញ្ញត្តិនិងក្រឹត្យក្រមរបស់ព្រះ។—ចល. ១៨:៤-២២; បច. ៥:១
របៀបដែលបានត្រូវសរសេរ។ ប្រហែលជា១០ភាគរយនៃគម្ពីរគឺជាចម្រៀង រួមទាំងចម្រៀងសរសើរព្រះ បទចម្រៀងសាឡូម៉ូន និងបទទំនួញ។ ជួនកាលបទចម្រៀងមានឃ្លាដែលបានត្រូវប្រើម្ដងហើយម្ដងទៀត។ ការធ្វើដូច្នេះលើកបញ្ជាក់អំពីប្រធានបទនៃចម្រៀងនោះ ហើយជួយអ្នកស្ដាប់ឲ្យទន្ទេញចាំពាក្យចម្រៀងនោះ។ ជាឧទាហរណ៍ សូមកត់សម្គាល់ពាក្យនៅចម្រៀងសរសើរព្រះ ១១៥:៩-១១ដែលថា៖ «ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តព្រះយេហូវ៉ា លោកជាអ្នកជួយនិងជាខែលរបស់អ្នក។ ឱកូនចៅអេរ៉ុនអើយ ចូរទុកចិត្តព្រះយេហូវ៉ា លោកជាអ្នកជួយនិងជាខែលរបស់អ្នក។ ឱអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ចូរទុកចិត្តព្រះយេហូវ៉ា លោកជាអ្នកជួយនិងជាខែលរបស់អ្នក»។ តើអ្នកអាចឃើញអំពីរបៀបដែលការច្រៀងពាក្យនោះម្ដងហើយម្ដងទៀត បានជួយអ្នកច្រៀងឲ្យចាំជាប់ក្នុងចិត្តនូវចំណុចដ៏ពិសេសទាំងនោះឬទេ?
មូលហេតុដែលបានត្រូវសរសេរ។ ជួនកាលអ្នកសរសេរគម្ពីរបានប្រើឃ្លាដ៏សំខាន់ម្ដងហើយម្ដងទៀត។ ជាឧទាហរណ៍ ពេលព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែលមិនឲ្យបរិភោគឈាម លោកបានឲ្យម៉ូសេប្រាប់ពួកគេអស់ជាច្រើនដងអំពីមូលហេតុដែលពួកគេមិនត្រូវធ្វើដូច្នេះ។ ព្រះចង់បញ្ជាក់ថាជីវិតគឺនៅក្នុងឈាម ពោលគឺឈាមជាតំណាងជីវិត។ (ចល. ១៧:១១, ១៤) ក្រោយមក ពេលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសរសេរអំពីអ្វីដែលគ្រិស្តសាសនិកត្រូវជៀសវាងដើម្បីធ្វើឲ្យព្រះពេញចិត្ត ពួកគេបានលើកបញ្ជាក់ម្ដងទៀតថាត្រូវជៀសវាងជាដាច់ខាតពីឈាម។—សកម្ម. ១៥:២០, ២៩
ព្រះយេហូវ៉ាមិនចង់ឲ្យយើងមានទម្លាប់ពោលឃ្លាដដែលៗពីគម្ពីរទេ។ ជាឧទាហរណ៍ លោកយេស៊ូមានប្រសាសន៍ថា៖ «ពេលអធិដ្ឋាន កុំពោលពាក្យដដែលៗ»។ (ម៉ាថ. ៦:៧) បន្ទាប់មក លោកបានប្រាប់អំពីរឿងខ្លះដែលសមរម្យសម្រាប់អធិដ្ឋាន។ (ម៉ាថ. ៦:៩-១៣) ដូច្នេះ ទោះជាយើងមិនពោលពាក្យដដែលៗក្នុងសេចក្ដីអធិដ្ឋានរបស់យើងក្ដី យើងអាចអធិដ្ឋានអំពីរឿងដូចគ្នាម្ដងហើយម្ដងទៀត។—ម៉ាថ. ៧:៧-១១
មានមូលហេតុល្អៗដែលបណ្ដាំរបស់ព្រះប្រើពាក្យឬឃ្លាខ្លះម្ដងហើយម្ដងទៀត។ នេះជារបៀបមួយដែលគ្រូបង្រៀនដ៏ឧត្ដមបំផុតរបស់យើងបង្រៀនយើងឲ្យទទួលប្រយោជន៍។—អេ. ៤៨:១៧, ១៨