លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ១២

ចម្រៀង​លេខ​៧៧ ពន្លឺ​ក្នុង​ភព​ងងឹត

ចូរជៀសចេញពីភាពងងឹត តែបន្ដនៅក្នុងពន្លឺ

ចូរជៀសចេញពីភាពងងឹត តែបន្ដនៅក្នុងពន្លឺ

«​អ្នក​រាល់​គ្នា​ធ្លាប់​ជា​ភាព​ងងឹត តែ​ឥឡូវ​ជា​ពន្លឺ​វិញ​»។អេភ. ៥:៨

ចំណុច​ផ្ដោត

អ្វី​ដែល​យើង​អាច​រៀន​ពី​ពាក្យ​ងងឹត​និង​ពន្លឺ​ដែល​ប៉ូល​បាន​ប្រើ​នៅ​អេភេសូរ ជំពូក​៥

១​-​២. (​ក​) ពេល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ តើ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ហើយ​ហេតុ​អ្វី​គាត់​បាន​សរសេរ​ទៅ​កាន់​ពួក​គេ? (​ខ​) តើ​យើង​នឹង​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

 កាល​ដែល​សាវ័ក​ប៉ូល​ជាប់​ឃុំ​នៅ​ផ្ទះ​នា​ក្រុង​រ៉ូម គាត់​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ។ គាត់​មិន​អាច​ទៅ​ជួប​ពួក​គេ​ដោយ​ផ្ទាល់​ទេ ដូច្នេះ​គាត់​បាន​សរសេរ​សំបុត្រ។ សំបុត្រ​មួយ​ក្នុង​ចំណោម​សំបុត្រ​ទាំង​នោះ​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ ប្រហែល​ជា​នៅ​ឆ្នាំ​៦០​ឬ​៦១ គ.ស.។—អេភ. ១:១; ៤:១

ជិត​១០​ឆ្នាំ​មុន​នោះ ប៉ូល​បាន​ចំណាយ​ពេល​អស់​មួយ​រយៈ​នៅ​ក្រុង​អេភេសូរ​ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដំណឹង​ល្អ។ (​សកម្ម. ១៩:១, ៨​-​១០; ២០:២០, ២១​) គាត់​ស្រឡាញ់​បង​ប្អូន​ខ្លាំង​ណាស់ ហើយ​ចង់​ជួយ​ពួក​គេ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ហេតុ​អ្វី​គាត់​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​អំពី​ភាព​ងងឹត​និង​ពន្លឺ? តើ​គ្រិស្ត​សាសនិក​ទាំង​អស់​អាច​ទាញ​មេ​រៀន​អ្វី​ពី​យោបល់​នេះ? សូម​យើង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

ពី​ភាព​ងងឹត​ទៅ​ពន្លឺ

៣. តើ​ប៉ូល​បាន​ប្រើ​ពាក្យ​ផ្ទុយ​គ្នា​អ្វី​នៅ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​នា​ក្រុង​អេភេសូរ?

ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ជា​ភាព​ងងឹត តែ​ឥឡូវ​ជា​ពន្លឺ​វិញ​»។ (​អេភ. ៥:៨​) នៅ​ទី​នេះ ប៉ូល​បាន​ប្រើ​ពាក្យ​ងងឹត​និង​ពន្លឺ​ដើម្បី​ពន្យល់​អំពី​ស្ថានភាព​ផ្ទុយ​គ្នា។ សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​ប៉ូល​អាច​និយាយ​ថា​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​«​ធ្លាប់​ជា​ភាព​ងងឹត​»។

៤. តើ​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ធ្លាប់​នៅ​ក្នុង​ភាព​ងងឹត​ខាង​សាសនា​ក្នុង​ន័យ​អ្វី?

ភាព​ងងឹត​ខាង​សាសនា។ មុន​រៀន​សេចក្ដី​ពិត​និង​ទៅ​ជា​គ្រិស្ត​សាសនិក បង​ប្អូន​នៅ​ក្រុង​អេភេសូរ​ដែល​បាន​ទទួល​សំបុត្រ​ពី​ប៉ូល ធ្លាប់​កាន់​តាម​ជំនឿ​សាសនា​មិន​ពិត ហើយ​ជឿ​ទៅ​លើ​វេទមន្ត។ ក្រុង​អេភេសូរ​គឺ​ជា​ទី​តាំង​នៃ​វិហារ​ដ៏​ល្បី​របស់​ព្រះ​អាតេមីស ដែល​នៅ​សម័យ​បុរាណ​បាន​ត្រូវ​គេ​ចាត់​ទុក​ជា​សំណង់​ដ៏​អស្ចារ្យ​បំផុត​១​ក្នុង​ចំណោម​សំណង់​ដ៏​អស្ចារ្យ​បំផុត​៧​នៅ​ទូ​ទាំង​ពិភព​លោក។ មនុស្ស​បាន​ទៅ​វិហារ​នោះ​ដើម្បី​គោរព​បូជា​រូប​ព្រះ។ ជាង​ចម្លាក់​រក​លុយ​បាន​ច្រើន​ពី​ការ​ធ្វើ​និង​ការ​លក់​រូប​ចម្លាក់​នៃ​វិហារ​នោះ និង​រូប​ចម្លាក់​ព្រះ​នាង​នៅ​ទី​នោះ។ (​សកម្ម. ១៩:២៣​-​២៧​) បន្ថែម​ទៅ​ទៀត ក្រុង​នោះ​មាន​ឈ្មោះ​ល្បី​ខាង​វេទមន្ត។—សកម្ម. ១៩:១៩

៥. តើ​អ្នក​ក្រុង​អេភេសូរ​ធ្លាប់​នៅ​ក្នុង​ភាព​ងងឹត​ខាង​សីលធម៌​ក្នុង​ន័យ​អ្វី?

ភាព​ងងឹត​ខាង​សីលធម៌។ ក្រុង​អេភេសូរ​ល្បី​ខាង​អំពើ​ប្រាស​ចាក​សីលធម៌​ដ៏​ស្មោក​គ្រោក​និង​ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង។ ការ​សម្ដែង​នៅ​មហោស្រព​និង​កម្ម​វិធី​សាសនា​របស់​ពួក​គេ​ច្រើន​តែ​ប្រើ​ពាក្យ​អាសអាភាស។ (​អេភ. ៥:៣​) អ្នក​ក្រុង​អេភេសូរ​ជា​ច្រើន​នាក់​«​លែង​ស្គាល់​ល្អ​ស្គាល់​អាក្រក់​»​ ដែល​មាន​ន័យ​ត្រង់​ថា​«​លែង​ដឹង​ឈឺ​»។ (​អេភ. ៤:​១៧​-​១៩​) មុន​អ្នក​ក្រុង​អេភេសូរ​រៀន​អំពី​អ្វី​ដែល​ពិត​ជា​ត្រឹម​ត្រូវ​ឬ​អ្វី​ដែល​ពិត​ជា​ខុស សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​មិន​ធ្វើ​ទុក្ខ​ពួក​គេ ឬ​ពួក​គេ​មិន​គិត​ថា​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ដូច្នេះ ប៉ូល​អាច​រៀប​រាប់​អំពី​ពួក​គេ​ថា​៖ ​«​គំនិត​របស់​ពួក​គេ​ងងឹត​ងងល់ ហើយ​នៅ​ដាច់​ពី​ជីវិត​ដែល​មក​ពី​ព្រះ​»។

៦. ហេតុ​អ្វី​ប៉ូល​អាច​និយាយ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ថា​ពួក​គេ​«​ឥឡូវ​ជា​ពន្លឺ​វិញ​»​?

ក៏​ប៉ុន្តែ អ្នក​ខ្លះ​នៅ​ក្រុង​អេភេសូរ​បាន​ចាក​ចេញ​ពី​ភាព​ងងឹត។ ប៉ូល​បាន​សរសេរ​ថា​ពួក​គេ​‹ឥឡូវ​ជា​ពន្លឺ​វិញ ពីព្រោះ​ពួក​គេ​ជា​របស់​លោក​ម្ចាស់›។ (​អេភ. ៥:៨​) ពួក​គេ​បាន​ទទួល​យក​សេចក្ដី​ពិត​ពី​គម្ពីរ​ដែល​ប្រៀប​ដូច​ជា​ពន្លឺ។ (​ចសព. ១១៩:១០៥​) អ្នក​ក្រុង​អេភេសូរ​ទាំង​នេះ​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​នៃ​សាសនា​មិន​ពិត និង​អំពើ​ប្រាស​ចាក​សីលធម៌។ ពួក​គេ​បាន​«​យក​តម្រាប់​ព្រះ​»​ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—អេភ. ៥:១

៧. តើ​ស្ថានភាព​របស់​យើង​ស្រដៀង​នឹង​ស្ថានភាព​របស់​គ្រិស្ត​សាសនិក​ជា​ច្រើន​នៅ​ក្រុង​អេភេសូរ​តាម​របៀប​ណា?

ស្រដៀង​គ្នា​ដែរ មុន​យើង​រៀន​សេចក្ដី​ពិត យើង​ធ្លាប់​នៅ​ក្នុង​ភាព​ងងឹត​ខាង​សាសនា​និង​ខាង​សីលធម៌។ យើង​ខ្លះ​ធ្លាប់​ចូល​រួម​បុណ្យ​សាសនា​មិន​ពិត។ យើង​ខ្លះ​ទៀត​ធ្លាប់​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌។ ប៉ុន្តែ ពេល​យើង​រៀន​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ យើង​ធ្វើ​ការ​កែ​ប្រែ។ យើង​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ដែល​ស្រប​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​លោក។ ជា​លទ្ធផល យើង​ទទួល​ប្រយោជន៍​ជា​ច្រើន។ (​អេ. ៤៨:១៧​) ប៉ុន្តែ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​ជៀស​ឆ្ងាយ​ពី​ភាព​ងងឹត​ដែល​យើង​បាន​ចាក​ចេញ ហើយ​«​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ​»​ទេ។ ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី?

Image digitally reproduced with the permission of the Papyrology Collection, Graduate Library, University of Michigan, P.Mich.inv. 6238. Licensed under CC by 3.0

អ្វី​ដែល​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​គឺ​ជា​យោបល់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​យើង​អាច​ធ្វើ​តាម​នៅ​សព្វ​ថ្ងៃ​នេះ ​(​សូម​មើល​វគ្គ​៧​)​ b


ចូរ​ជៀស​ចេញ​ពី​ភាព​ងងឹត

៨. យោង​ទៅ​តាម​អេភេសូរ ៥:៣​-​៥ តើ​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ត្រូវ​ជៀស​វាង​ពី​អ្វី?

សូម​អាន អេភេសូរ ៥:៣​-​៥ ដើម្បី​ជៀស​ឲ្យ​ឆ្ងាយ​ពី​ភាព​ងងឹត​ខាង​សីលធម៌ គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ត្រូវ​បន្ដ​បដិសេធ​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ នោះ​មិន​គ្រាន់​តែ​រួម​បញ្ចូល​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួម​បញ្ចូល​ការ​និយាយ​អាសអាភាស​ដែរ។ ប៉ូល​បាន​រំលឹក​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ថា​ពួក​គេ​ត្រូវ​ជៀស​វាង​ពី​អ្វី​បែប​នោះ បើ​ពួក​គេ​ចង់​«​ទទួល​មត៌ក​ក្នុង​រាជាណាចក្រ​របស់​គ្រិស្ត​និង​របស់​ព្រះ​»។

៩. ហេតុ​អ្វី​យើង​គួរ​បដិសេធ​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌?

យើង​ក៏​ត្រូវ​បន្ដ​ត​យុទ្ធ​នឹង​«​ការ​ប្រព្រឹត្ត​ដែល​មិន​កើត​ផល​ដែល​ជា​ការ​ប្រព្រឹត្ត​ខាង​ភាព​ងងឹត​»។ (​អេភ. ៥:១១​) ម្ដង​ហើយ​ម្ដង​ទៀត បទ​ពិសោធន៍​ផ្សេង​ៗ​បាន​បង្ហាញ​ថា​កាល​ដែល​មនុស្ស​ម្នាក់​កាន់​តែ​មើល ស្ដាប់ ឬ​និយាយ​អំពី​អ្វី​ដែល​មិន​ស្អាត​ស្អំ​ឬ​ប្រាស​ចាក​សីលធម៌ គាត់​កាន់​តែ​ងាយ​ស្រួលធ្វើ​អ្វី​ដែល​ខុស។ (​ដក. ៣:៦; យ៉ា. ១:១៤, ១៥​) នៅ​ប្រទេស​មួយ បង​ប្អូន​មួយ​ក្រុម​ធំ​បាន​ចាប់​ផ្ដើម​បង្កើត​ក្រុម​ឆាត​តាម​អនឡាញ​ដើម្បី​ជជែក​ឆ្លើយ​ឆ្លង​គ្នា។ ដំបូង​ពួក​គេ​ជា​ច្រើន​នាក់​និយាយ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ក៏​ប៉ុន្តែ​យូរ​ៗ​ទៅ ពួក​គេ​ជជែក​គ្នា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ពួក​គេ​ចាប់​ផ្ដើម​និយាយ​គ្នា​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ។ ក្រោយ​មក បង​ប្អូន​ជា​ច្រើន​នាក់​ទាំង​នេះ​បាន​និយាយ​ថា ការ​និយាយ​មិន​ស្អាត​ស្អំ​ទាំង​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

១០. តើ​សាថាន​ព្យាយាម​បោក​បញ្ឆោត​យើង​យ៉ាង​ដូច​ម្ដេច? (​អេភេសូរ ៥:៦​)

១០ ពិភព​លោក​របស់​សាថាន​ព្យាយាម​បោក​បញ្ឆោត​យើង​ដោយ​ធ្វើ​ឲ្យ​យើង​ជឿ​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​មិន​ស្អាត​ស្អំ​និង​ប្រាស​ចាក​សីលធម៌​គឺ​មិន​មែន​ជា​អ្វី​ដែល​ខុស​ទាល់​តែ​សោះ។ (​២ពេ. ២:១៩​) នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ! កល​ល្បិច​មួយ​របស់​សាថាន​ដែល​វា​ប្រើ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ គឺ​បំភាន់​មនុស្ស​ដើម្បី​ឲ្យ​ពួក​គេ​មិន​អាច​ដឹង​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​អេ. ៥:២០; ២កូ. ៤:៤​) ហេតុ​នេះ​ហើយ​បាន​ជា​ភាពយន្ត កម្ម​វិធី​ទូរទស្សន៍ និង​គេហទំព័រ​ជា​ច្រើន​លើក​ស្ទួយ​គំនិត​ដែល​ប្រឆាំង​នឹង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ សាថាន​កំពុង​ព្យាយាម​បោក​បញ្ឆោត​យើង​ឲ្យ​គិត​ថា​ការ​ប្រព្រឹត្ត​និង​របៀប​រស់​នៅ​ដែល​មិន​ស្អាត​ស្អំ​គឺ​មិន​គ្រាន់​តែ​ជា​អ្វី​ដែល​អាច​ទទួល​យក​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្វី​ដែល​នាំ​ឲ្យ​សប្បាយ​និង​មិន​នាំ​ឲ្យ​ឈឺ​ចាប់​ឡើយ។—សូម​អាន អេភេសូរ ៥:៦

១១. តើ​បទ​ពិសោធន៍​របស់​បង​អេនចឺឡា​បង្ហាញ​យ៉ាង​ណា​ថា​យើង​ត្រូវ​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​អេភេសូរ ៥:៧? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ សាថាន​ចង់​ឲ្យ​យើង​សេព​គប់​ជា​មួយ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ូល​លើក​ទឹក​ចិត្ត​បង​ប្អូន​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​កុំ​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ​»​ ពោល​គឺ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វី​ដែល​ខុស​តាម​ទស្សនៈ​របស់​ព្រះ។ (​អេភ. ៥:៧​) ក៏​ប៉ុន្តែ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជាង​អ្នក​ក្រុង​អេភេសូរ​សម័យ​បុរាណ​ទៅ​ទៀត ដោយ​សារ​សព្វ​ថ្ងៃ​នេះ​យើង​មិន​គ្រាន់​តែ​អាច​ចំណាយ​ពេល​សេព​គប់​ដោយ​ផ្ទាល់​ជា​មួយ​មនុស្ស​ឯ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​អាច​សេព​គប់​តាម​បណ្ដាញ​សង្គម​ទាក់​ទង​គ្នា​ដែរ។ បង​ស្រី​ម្នាក់​ឈ្មោះ​អេនចឺឡា aដែល​រស់​នៅ​ទ្វីប​អាស៊ី បាន​ឃើញ​ថា​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​គ្នា​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​យ៉ាង​ណា។ បង​អេនចឺឡា​សារភាព​ថា​៖ ​«​វា​អាច​ប្រៀប​ដូច​ជា​អន្ទាក់​មួយ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ទៅ​ជា​ស្ពឹក។ ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ដល់​ចំណុច​មួយ​ដែល​លែង​ខ្វល់​ថា​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ដែល​មិន​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ នៅ​ទី​បំផុត ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​ថា​ការ​មាន​របៀប​រស់​នៅ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​គឺ​មិន​អី​ទេ​»។ ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់ ពួក​អ្នក​ចាស់​ទុំ​បាន​ជួយ​បង​អេនចឺឡា​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់។ គាត់​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​របៀប​គិត​គូរ​របស់​លោក ជា​ជាង​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​គ្នា​»។

ការ​ជ្រើស​រើស​មិត្ត​ភក្ដិ​ល្អ​អាច​ឲ្យ​យើង​ស្រួល​ជាង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១១​)


១២. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ?

១២ យើង​ត្រូវ​ប្រឆាំង​នឹង​ទស្សនៈ​ពិភព​លោក​នេះ​ដែល​ថា​អំពើ​ប្រាស​ចាក​សីលធម៌​គឺ​ទទួល​យក​បាន។ យើង​ដឹង​ថា​អំពើ​នោះ​គឺ​ខុស។ (​អេភ. ៤:១៩, ២០​) ប៉ុន្តែ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ជៀស​វាង​ពី​ការ​សេព​គប់​ដែល​មិន​ចាំ​បាច់​ជា​មួយ​អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ ឬ​អ្នក​ឯ​ទៀត​ដែល​មិន​គោរព​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​អ្នក​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​ចង្អៀត​ចង្អល់​ឬ​ទេ?›។ ដូច​បាន​បញ្ជាក់​នៅ​ធីម៉ូថេ​ទី២ ២:២០​-​២២ យើង​ក៏​ប្រហែល​ជា​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើស​រើស​មិត្ត​ភក្ដិ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែរ។ យើង​ចាំ​ថា​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ទេ។

ចូរ​«​រស់​នៅ​ជា​កូន​នៃ​ពន្លឺ​»​

១៣. តើ​ការ​«​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ​»​មាន​ន័យ​យ៉ាង​ណា? (​អេភេសូរ ៥:៧​-​៩​)

១៣ ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​មិន​គ្រាន់​តែ​ឲ្យ​បន្ដ​ជៀស​ឆ្ងាយ​ពី​ភាព​ងងឹត​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​«​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ​»​ដែរ។ (​សូម​អាន អេភេសូរ ៥:៧​-​៩) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? គឺ​មាន​ន័យ​ថា​ការ​ប្រព្រឹត្ត​ជា​គ្រិស្ត​សាសនិក​ពិត​នៅ​គ្រប់​ពេល​វេលា។ របៀប​មួយ​ដើម្បី​សម្រេច​គោល​ដៅ​នេះ​គឺ​ដោយ​ឧស្សាហ៍​អាន​និង​សិក្សា​គម្ពីរ រួម​ទាំង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ គឺ​សំខាន់​ណាស់​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​សេចក្ដី​បង្រៀន​និង​គំរូ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​«​ពន្លឺ​បំភ្លឺ​ពិភព​លោក​»។—យ៉ូន. ៨:១២; សុភ. ៦:២៣

១៤. តើ​ឫទ្ធានុភាព​បរិសុទ្ធ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ក៏​ត្រូវ​ការ​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ដើម្បី​យើង​អាច​បន្ត​ប្រព្រឹត្ត​ជា​«​កូន​នៃ​ពន្លឺ​»។ ហេតុ​អ្វី? ពីព្រោះ​គឺ​ពិបាក​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​ពិភព​លោក​ដែល​ប្រាស​ចាក​សីលធម៌​នេះ។ (​១ថែ. ៤:៣​-​៥, ៧, ៨​) ឫទ្ធានុភាព​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ត​យុទ្ធ​នឹង​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ រួម​មាន​ទស្សនវិជ្ជា​និង​ផ្នត់​គំនិត​ដែល​ប្រឆាំង​នឹង​របៀប​គិត​គូរ​របស់​ព្រះ។ ឫទ្ធានុភាព​បរិសុទ្ធ​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​‹គុណធម៌​និង​សេចក្ដី​សុចរិត​គ្រប់​យ៉ាង›។—អេភ. ៥:៩

១៥. តើ​យើង​អាច​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​តាម​របៀប​ណា​ខ្លះ? (​អេភេសូរ ៥:១៩, ២០​)

១៥ របៀប​មួយ​ដែល​យើង​អាច​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​គឺ​ដោយ​អធិដ្ឋាន​សុំ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ព្រះ​យេហូវ៉ា​នឹង​«​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។ (​លូក. ១១:១៣​) ម្យ៉ាង​ទៀត ពេល​យើង​រួម​គ្នា​សរសើរ​ព្រះ​យេហូវ៉ា​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក យើង​ក៏​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ដែរ។ (​សូម​អាន អេភេសូរ ៥:១៩, ២០) ឥទ្ធិពល​ល្អ​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​មាន​មក​លើ​យើង​នឹង​ជួយ​យើង​ឲ្យ​រស់​នៅ​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។

១៦. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ? (​អេភេសូរ ៥:១០, ១៧​)

១៦ ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ យើង​ត្រូវ​«​ខំ​ព្យាយាម​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​ក្រោយ​មក​ប្រព្រឹត្ត​ស្រប​តាម​បំណង​ប្រាថ្នា​លោក។ (​សូម​អាន អេភេសូរ ៥:១០, ១៧) ដោយ​ស្វែង​រក​គោល​ការណ៍​គម្ពីរ​ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​យើង យើង​កំពុង​ព្យាយាម​ស្វែង​យល់​អំពី​របៀប​គិត​គូរ​របស់​ព្រះ​ទៅ​លើ​រឿង​នោះ។ យ៉ាង​នេះ កាល​ដែល​យើង​ធ្វើ​តាម​គោល​ការណ៍​របស់​លោក យើង​ទំនង​ជា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។

១៧. តើ​យើង​អាច​ប្រើ​ពេល​វេលា​របស់​យើង​ដោយ​ឈ្លាស​វៃ​យ៉ាង​ដូច​ម្ដេច? (​អេភេសូរ ៥:១៥, ១៦​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ ប៉ូល​ក៏​ឲ្យ​យោបល់​ដល់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ឲ្យ​ប្រើ​ពេល​វេលា​របស់​ពួក​គេ​ដោយ​ឈ្លាស​វៃ។ (​សូម​អាន អេភេសូរ ៥:១៥, ១៦) ​«​មេ​កំណាច​»​សាថាន​ដែល​ជា​សត្រូវ​របស់​យើង​ចង់​ឲ្យ​យើង​ជាប់​រវល់​ជា​មួយ​នឹង​របៀប​របប​ពិភព​លោក​នេះ រហូត​ដល់​យើង​គ្មាន​ពេល​សម្រាប់​កិច្ច​បម្រើ​ព្រះ។ (​១យ៉ូន. ៥:១៩​) គឺ​ងាយ​ស្រួល​ឲ្យ​គ្រិស្ត​សាសនិក​ណា​ម្នាក់​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​វត្ថុ​ទ្រព្យ ការ​អប់រំ ឬ​ការ​ងារ ជា​ជាង​ទៅ​លើ​របៀប​ផ្សេង​ៗ​ដែល​គាត់​អាច​បម្រើ​ព្រះ​យេហូវ៉ា។ បើ​គាត់​ធ្វើ​ដូច្នេះ គាត់​នឹង​បង្ហាញ​ថា​គាត់​កំពុង​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ដូច​មនុស្ស​ក្នុង​ពិភព​លោក។ អ្វី​ទាំង​នេះ​ប្រហែល​ជា​មិន​ខុស​ទេ ប៉ុន្តែ​វា​មិន​គួរ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ឡើយ។ ដើម្បី​រស់​នៅ​ជា​«​កូន​នៃ​ពន្លឺ​»​ យើង​ត្រូវ​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»​ ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពិត​ជា​សំខាន់។

គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ពេល​វេលា​យ៉ាង​ឈ្លាស​វៃ (​សូម​មើល​វគ្គ​១៧​)


១៨. តើ​បង​ដាណឺល​បាន​ធ្វើ​អ្វី​ដើម្បី​ប្រើ​ពេល​វេលា​ឲ្យ​កើត​ប្រយោជន៍​ច្រើន​ជាង?

១៨ ចូរ​រក​ឱកាស​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង។ នេះ​ជា​អ្វី​ដែល​បង​ប្រុស​ដាណឺល​ដែល​រស់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ធ្វើ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ពិនិត្យ​មើល​ស្ថានភាព​របស់​ខ្ញុំ ហើយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ឲ្យ​មាន​ការ​ងារ​ដែល​នឹង​ផ្ដល់​ពេល​ច្រើន​ជាង​ដល់​ខ្ញុំ​ដើម្បី​ផ្សព្វ​ផ្សាយ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​រក​ឃើញ​ការ​ងារ​ដ៏​សមរម្យ​មួយ។ ក្រោយ​មក ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​ជា​មួយ​គ្នា​»។

១៩. តើ​យើង​អាច​«​បន្ដ​រស់​នៅ​ជា​កូន​នៃ​ពន្លឺ​»​យ៉ាង​ដូច​ម្ដេច?

១៩ សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ច្បាស់​ជា​បាន​ជួយ​ពួក​គេ​ក្នុង​គន្លង​ជីវិត​របស់​ពួក​គេជាគ្រិស្ត​សាសនិក។ យោបល់​នោះ​ពី​ព្រះ​យេហូវ៉ា​ក៏​អាច​ជួយ​យើង​ដែរ។ ដូច​យើង​បាន​រៀន នោះ​អាច​ជួយ​យើង​ឲ្យ​ជ្រើស​រើស​ការ​កម្សាន្ត​និង​ការ​សេព​គប់​ដ៏​ឈ្លាស​វៃ ហើយ​ក៏​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ដ​សិក្សា​បណ្ដាំ​ព្រះ​ជា​ទៀង​ទាត់ ដើម្បី​ឲ្យ​ពន្លឺ​នៃ​សេចក្ដី​ពិត​អាច​បន្ដ​ដឹក​នាំ​រាល់​ការ​ប្រព្រឹត្ត​របស់​យើង។ ម្យ៉ាង​ទៀត យោបល់​នោះ​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​អាច​ជួយ​យើង​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ។ ការ​ធ្វើ​តាម​អ្វី​ដែល​ប៉ូល​បាន​សរសេរ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ​ដែល​ស្រប​តាម​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​អ្វី​ទាំង​នេះ យើង​នឹង​អាច​ជៀស​ចេញ​ពី​ភាព​ងងឹត​នៃ​ពិភព​លោក​នេះ ហើយ​បន្ដ​នៅ​ក្នុង​ពន្លឺ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • នៅ​អេភេសូរ ៥:៨ តើ​«​ភាព​ងងឹត​»​និង​«​ពន្លឺ​»​សំដៅ​ទៅ​លើ​អ្វី?

  • តើ​យើង​អាច​ជៀស​វាង​ពី​«​ភាព​ងងឹត​»​យ៉ាង​ដូច​ម្ដេច?

  • តើ​យើង​អាច​«​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ​»​តាម​របៀប​ណា?

ចម្រៀង​លេខ​៩៥ ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ រូប​ភាព​នេះ​ជា​ឯកសារ​បុរាណ​មួយ​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ។