លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៩

ចម្រៀង​លេខ​៧៥ ‹ខ្ញុំ​នៅ​នេះ​ហើយ! សូម​លោក​ចាត់​ខ្ញុំ!›

តើអ្នកត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយឬនៅ?

តើអ្នកត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយឬនៅ?

«​តើ​ខ្ញុំ​នឹង​យក​អ្វី​ដើម្បី​តប​ស្នង​ព្រះ​យេហូវ៉ា ចំពោះ​អ្វី​ល្អ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​ខ្ញុំ?​»។ចសព. ១១៦:១២

ចំណុច​ផ្ដោត

អត្ថបទ​នេះ​អាច​ជួយ​អ្នក​ឲ្យ​បណ្ដុះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ អ្នក​នឹង​ចង់​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

១​-​២. តើ​បុគ្គល​ណា​ម្នាក់​ត្រូវ​ធ្វើ​អ្វី​មុន​ទទួល​ការ​ជ្រមុជ​ទឹក?

 ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ មនុស្ស​ជាង​១​លាន​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​គេ​ជា​ច្រើន​នាក់​គឺ​ដូច​ធីម៉ូថេ​ដែល​ជា​អ្នក​កាន់​តាម​នៅ​សតវត្សរ៍​ទី១ ដែល​បាន​ត្រូវ​បង្រៀន​អំពី​សេចក្ដី​ពិត​‹តាំង​ពី​នៅ​ជា​ទារក​នៅ​ឡើយ›។ (​២ធី. ៣:១៤, ១៥​) អ្នក​ឯ​ទៀត​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​កាល​ដែល​ពេញ​វ័យ ហើយ​អ្នក​ខ្លះ​រៀន​ពេល​ដែល​ពួក​គេ​មាន​វ័យ​ចាស់។ ជា​ឧទាហរណ៍​ប៉ុន្មាន​ឆ្នាំ​មុន ស្ត្រី​ម្នាក់​ដែល​បាន​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​អាយុ​៩៧​ឆ្នាំ។

បើ​អ្នក​ជា​សិស្ស​គម្ពីរ ឬ​បើ​អ្នក​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ដែល​ជា​សាក្សី តើ​អ្នក​កំពុង​គិត​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? នេះ​គឺ​ជា​គោល​ដៅ​ល្អ​ណាស់! ប៉ុន្តែ​មុន​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នឹង​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ អត្ថបទ​នេះ​នឹង​ពន្យល់​ថា​តើ​ការ​ប្រគល់​ខ្លួន​រួម​បញ្ចូល​អ្វី? អត្ថបទ​នេះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​អំពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​ស្ទាក់​ស្ទើរ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន។

តើ​ការ​ប្រគល់​ខ្លួន​គឺ​ជា​អ្វី?

៣. សូម​លើក​ឧទាហរណ៍​ខ្លះ​ពី​គម្ពីរ​អំពី​បុគ្គល​ដែល​បាន​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។

ក្នុង​គម្ពីរ បុគ្គល​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ញែក​ចេញ​សម្រាប់​គោល​បំណង​ដ៏​ពិសិដ្ឋ​មួយ។ ជន​ជាតិ​អ៊ីស្រាអែល​ជា​ប្រជា​ជាតិ​មួយ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ប៉ុន្តែ បុគ្គល​ខ្លះ​ក្នុង​ចំណោម​ប្រជា​ជាតិ​នោះ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​តាម​របៀប​ពិសេស។ ជា​ឧទាហរណ៍ អេរ៉ុន​បាន​ពាក់​«​ស្លាក​សញ្ញា​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​»​ ពោល​គឺ​ស្លាក​មាស​ដែល​ខាត់​យ៉ាង​ភ្លឺ​លើ​មុខ​ឈ្នួត​របស់​គាត់។ ស្លាក​មាស​នោះ​បញ្ជាក់​ថា​គាត់​បាន​ត្រូវ​ញែក​ចេញ​ឲ្យ​បម្រើ​តាម​របៀប​ពិសេស ពោល​គឺ​ជា​សម្ដេច​សង្ឃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ (​ចល. ៨:៩, កំ.ស.​) ពួក​ណាសារីត​ក៏​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​តាម​របៀប​ពិសេស​ដែរ។ ពាក្យ​«​ណាសារីត​»​ដែល​ជា​ពាក្យ​មក​ពី​ភាសា​ហេប្រឺ​ណាសៀ មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​ញែក​ចេញ​»​ ឬ​«​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​»។ ពួក​ណាសារីត​ត្រូវ​ធ្វើ​តាម​បង្គាប់​ពិសេស​ដែល​បាន​ត្រូវ​កត់​ទុក​សម្រាប់​ពួក​គេ​ក្នុង​ច្បាប់​ម៉ូសេ។—ជប. ៦:២​-​៨

៤. (​ក​) តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ញែក​ចេញ​សម្រាប់​គោល​បំណង​ពិសិដ្ឋ? (​ខ​)​ តើ​ការ​«​ប្រគល់​ខ្លួន​ជូន​ព្រះ​»​មាន​ន័យ​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ​គ្រិស្ត ហើយ​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក។ តើ​ការ​ប្រគល់​ខ្លួន​ជា​គ្រិស្ត​សាសនិក​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វី? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​»។ (​ម៉ាថ. ១៦:២៤​) ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​»​ ក៏​អាច​បក​ប្រែ​ថា​«​គាត់​ត្រូវ​និយាយ​ថា​ទេ​ចំពោះ​ខ្លួន​ឯង​»។ ក្នុង​នាម​ជា​អ្នក​បម្រើ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​នឹង​ត្រូវ​និយាយ​ថា​ទេ​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​របស់​លោក។ (​២កូ. ៥:១៤, ១៥​) នេះ​រួម​បញ្ចូល​«​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»​ដូច​ជា​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​កាឡ. ៥:១៩​-​២១; ១កូ. ៦:១៨​) តើ​បង្គាប់​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ពិបាក​ឬ​ទេ? មិន​មែន​ទេ ព្រោះ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ជឿ​ជាក់​ថា​ច្បាប់​របស់​លោក​មាន​ប្រយោជន៍​ចំពោះ​អ្នក។ (​ចសព. ១១៩:៩៧; អេ. ៤៨:១៧, ១៨​) បង​ប្រុស​ម្នាក់​ឈ្មោះ​នីកូឡាស​និយាយ​ថា​៖ ​«​អ្នក​អាច​ចាត់​ទុក​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ដូច​ជា​រនាំង​គុក​ដែល​រា​រាំង​អ្នក​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ឬ​ដូច​រនាំង​ទ្រុង​តោ​ដែល​ការ​ពារ​អ្នក​ពី​គ្រោះ​ថ្នាក់​»។

តើ​អ្នក​ចាត់​ទុក​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ដូច​ជា​រនាំង​គុក​ដែល​រា​រាំង​អ្នក​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឬ​ដូច​រនាំង​ទ្រុង​តោ​ដែល​ការ​ពារ​អ្នក​ពី​គ្រោះ​ថ្នាក់? ​(​សូម​មើល​វគ្គ​៤​)​


៥. (​ក​) តើ​អ្នក​អាច​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក​ខុស​គ្នា​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

តើ​អ្នក​អាច​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? អ្នក​សន្យា​នឹង​លោក​ក្នុង​សេចក្ដី​អធិដ្ឋាន​ថា​អ្នក​នឹង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ហើយ​ថា​អ្នក​នឹង​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ យ៉ាង​នេះ អ្នក​កំពុង​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា​អ្នក​នឹង​បន្ដ​ស្រឡាញ់​លោក​«​ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ​»។ (​ម៉ាក. ១២:៣០​) ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​អ្វី​ដែល​អ្នក​ធ្វើ​ម្នាក់​ឯង គឺ​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា។ រីឯ​ការ​ជ្រមុជ​ទឹក​គឺ​ធ្វើ​ឡើង​ជា​សាធារណៈ ហើយ​នោះ​បង្ហាញ​អ្នក​ឯ​ទៀត​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​រួច​ហើយ។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​ពាក្យ​សម្បថ​ដ៏​ពិសិដ្ឋ​មួយ ហើយ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​នោះ ដូច​អ្នក​តម្រូវ​ពី​ខ្លួន​ឯង​ដែរ។—អទ. ៥:៤, ៥

ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា​អ្នក​សន្យា​នឹង​លោក​ថា​អ្នក​នឹង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ហើយ​ថា​នឹង​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក ​(​សូម​មើល​វគ្គ​៥​)​


ហេតុ​អ្វី​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

៦. តើ​អ្វី​ជំរុញ​ចិត្ត​បុគ្គល​ណា​ម្នាក់​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

មូលហេតុ​សំខាន់​ចម្បង​ដែល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គឺ​ថា​អ្នក​ស្រឡាញ់​លោក។ សេចក្ដី​ស្រឡាញ់​របស់​អ្នក​មិន​មាន​មូលដ្ឋាន​លើ​អារម្មណ៍​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​មូលដ្ឋាន​លើ​«​ចំណេះ​ត្រឹម​ត្រូវ​»​ និង​«​ការ​យល់​ដឹង​ដែល​ឫទ្ធានុភាព​របស់​លោក​ផ្ដល់​ឲ្យ​»​ ពោល​គឺ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ដែល​នាំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​លោក​កើន​ឡើង។ (​កូឡ. ១:៩​) ការ​សិក្សា​បទ​គម្ពីរ​បាន​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា (​១​)​ ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​ពិត (​២​)​ គម្ពីរ​ជា​បណ្ដាំ​របស់​លោក​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​កា​រដឹក​នាំ​របស់​លោក និង​(​៣​)​ លោក​ប្រើ​អង្គការ​លោក​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។

៧. តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​មុន​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ?

ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គួរ​ស្គាល់​សេចក្ដី​បង្រៀន​បឋម​ក្នុង​បណ្ដាំ​របស់​លោក ហើយ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ពី​គម្ពីរ។ ពួក​គេ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន។ (​ម៉ាថ. ២៨:១៩, ២០​) សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា​បាន​កើន​ឡើង ហើយ​ពួក​គេ​ចង់​ជូន​ភក្ដី​ភាព​ផ្ដាច់​មុខ​ដល់​លោក។ តើ​អ្វី​ទាំង​អស់​នេះ​រៀប​រាប់​អំពី​អ្នក​ឬ​ទេ? ដោយ​សារ​អ្នក​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ អ្នក​នឹង​មិន​ចាត់​ទុក​ការ​ប្រគល់​ខ្លួន​និង​ការ​ជ្រមុជ​ទឹក​ថា​ជា​អ្វី​ដែល​អ្នក​ធ្វើ​ដោយ​សារ​តែ​អ្នក​ចង់​ផ្គាប់​ចិត្ត​អ្នក​បង្រៀន​គម្ពីរ​ឬ​ឪពុក​ម្ដាយ​របស់​អ្នក ហើយ​ក៏​មិន​មែន​ជា​អ្វី​ដែល​អ្នក​ធ្វើ​ដើម្បី​ឲ្យ​ដូច​មិត្ត​ភក្ដិ​របស់​អ្នក​ដែរ។

៨. តើ​តាម​របៀប​ណា​ការ​មាន​ចិត្ត​កតញ្ញូ​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា? (​ចម្រៀង​សរសើរ​ព្រះ ១១៦:១២​-​១៤​)

ពេល​អ្នក​គិត​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក អ្នក​នឹង​ដឹង​គុណ​លោក ហើយ​ចង់​ប្រគល់​ខ្លួន​ជូន​លោក។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៦:១២​-​១៤) គម្ពីរ​ហៅ​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​អ្នក​ឲ្យ​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»។ (​យ៉ា. ១:១៧​) អំណោយ​ដ៏​ធំ​ជាង​គេ​បំផុត​គឺ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក។ សូម​គិត​អំពី​ភាព​ដ៏​អស្ចារ្យ​នៃ​អំណោយ​នោះ! ថ្លៃ​លោះ​បាន​បើក​ឱកាស​ឲ្យ​អ្នក​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត លោក​បាន​ឲ្យ​អ្នក​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ (​១យ៉ូន. ៤:៩, ១០, ១៩​) ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គឺ​ជា​របៀប​មួយ​ដើម្បី​បង្ហាញ​ថា​អ្នក​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត ព្រម​ទាំង​ចំពោះ​ពរ​ទាំង​អស់​ទៀត​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​អ្នក។ (​បច. ១៦:១៧; ២កូ. ៥:១៥​) ការ​មាន​ចិត្ត​កតញ្ញូ​បែប​នេះ​បាន​ត្រូវ​លើក​បញ្ជាក់​ក្នុង​មេ​រៀន​ទី៤៦ ចំណុច​ទី៤ ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! រួម​មាន​វីដេអូ​បី​នាទី​ជាង​ដែល​មាន​ចំណង​ជើង​ថា ចូរ​ជូន​អំណោយ​ដល់​ព្រះ

តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?

៩. ហេតុ​អ្វី​បុគ្គល​ណា​ម្នាក់​មិន​គួរ​មាន​សម្ពាធ​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ?

អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ប្រហែល​ជា​អ្នក​នៅ​តែ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ក្នុង​ជីវិត​ដើម្បី​ឲ្យ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ឬ​ប្រហែល​ជា​អ្នក​ត្រូវ​ការ​ពេល​ថែម​ទៀត​ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក។ (​កូឡ. ២:៦, ៧​) ពិត​ណាស់ មិន​មែន​សិស្ស​គម្ពីរ​ទាំង​អស់​រីក​ចម្រើន​នៅ​ពេល​ដូច​គ្នា​ទេ ហើយ​មិន​មែន​ប្អូន​ៗ​វ័យ​ក្មេង​ទាំង​អស់​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​អាយុ​ដូច​គ្នា​ដែរ។ សូម​ព្យាយាម​យល់​ថា តើ​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ ហើយ​ក្រោយ​មក​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។—កាឡ. ៦:៤, ៥

១០. តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​គិត​ថា​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ សម្រាប់​ពួក​អ្នក​ដែល​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត​»​)

១០ ទោះ​ជា​អ្នក​ទទួល​ស្គាល់​ថា​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ក្ដី សូម​បន្ដ​ទុក​នេះ​ជា​គោល​ដៅ​របស់​អ្នក។ សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ធ្វើ​ការ​កែ​ប្រែ​ណា​ក៏​ដោយ​ដែល​ចាំ​បាច់​ក្នុង​ជីវិត​របស់​អ្នក។ (​ភី. ២:១៣; ៣:​១៦​) អ្នក​អាច​ប្រាកដ​ថា​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ហើយ​តប​ឆ្លើយ។—១យ៉ូន. ៥:១៤

មូលហេតុ​ដែល​អ្នក​ខ្លះ​ស្ទាក់​ស្ទើរ

១១. តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​យ៉ាង​ដូច​ម្ដេច?

១១ អ្នក​ខ្លះ​ដែល​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​តែ​ស្ទាក់​ស្ទើរ។ ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ‹ចុះ​បើ​ក្រោយ​មក​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព?›។ បើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​បែប​នេះ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ ប្រយោជន៍​ឲ្យ​អ្នក​«​ប្រព្រឹត្ត​សម​ជា​អ្នក​បម្រើ​របស់​[​លោក​] ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង​»។ (​កូឡ. ១:​១០​) លោក​ក៏​នឹង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​បាន​បង្ហាញ​រួច​ហើយ​ថា​លោក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ជា​ច្រើន​នាក់។ (​១កូ. ១០:​១៣​) នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​មិន​សូវ​មាន​មនុស្ស​បណ្ដាច់​មិត្តភាព​ចេញ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ព្រះ​យេហូវ៉ា​ជួយ​រាស្ត្រ​លោក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់។

១២. តើ​យើង​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​យ៉ាង​ដូច​ម្ដេច?

១២ មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ម្នាក់​ៗ​បាន​ត្រូវ​ល្បង​ល​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស។ (​យ៉ា. ១:១៤​) ប៉ុន្តែ​អ្នក​ត្រូវ​សម្រេច​ចិត្ត​ថា​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​អ្នក​បាន​ត្រូវ​ល្បង​ល។ តាម​ការ​ពិត គឺ​អ្នក​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​របៀប​រស់​នៅ​របស់​អ្នក។ អ្នក​ខ្លះ​អះអាង​ថា​យើង​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​និង​ការ​ប្រព្រឹត្ត​របស់​យើង​បាន​ទេ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ឡើយ។ អ្នក​អាច​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​អ្នក។ ដូច្នេះ​សូម្បី​តែ​ពេល​អ្នក​បាន​ត្រូវ​ល្បង​ល ក៏​អ្នក​អាច​សម្រេច​ចិត្ត​មិន​ធ្វើ​អ្វី​ដែល​អាក្រក់។ យ៉ាង​នេះ សូម​អធិដ្ឋាន​រាល់​ថ្ងៃ រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក។ ការ​ធ្វើ​អ្វី​ទាំង​នេះ​ជា​ទៀង​ទាត់​នឹង​ផ្ដល់​កម្លាំង​ដល់​អ្នក​ដើម្បី​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​របស់​អ្នក​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។ ម្យ៉ាង​ទៀត សូម​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ។—កាឡ. ៥:១៦

១៣. តើ​យ៉ូសែប​បាន​ទុក​គំរូ​ល្អ​អ្វី​ឲ្យ​យើង?

១៣ អ្នក​នឹង​ងាយ​ស្រួល​ជាង​ឲ្យ​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​អ្នក​បើ​អ្នក​សម្រេច​ចិត្ត​ទុក​ជា​មុន​ថា​អ្នក​នឹង​ធ្វើ​អ្វី​បើ​ជួប​ការ​ល្បួង។ គម្ពីរ​ប្រាប់​យើង​អំពី​បុគ្គល​មួយ​ចំនួន​ដែល​ទំនង​ជា​បាន​ធ្វើ​ដូច្នេះ ទោះ​ជា​ពួក​គេ​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី។ ជា​ឧទាហរណ៍ ប្រពន្ធ​របស់​ប៉ូទីផា​បាន​ព្យាយាម​ល្បួង​លួង​លោម​យ៉ូសែប​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​យ៉ូសែប​ដឹង​ច្បាស់​រួច​ហើយ​ថា​គាត់​នឹង​ធ្វើ​អ្វី​ក្នុង​ករណី​នេះ។ គម្ពីរ​ប្រាប់​យើង​ថា​«​យ៉ូសែប​បាន​បដិសេធ​»​ ហើយ​គាត់​បាន​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ ដោយ​ធ្វើ​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង​ដូច​នេះ​ម្ដេច​បាន?​»។ (​ដក. ៣៩:៨​-​១០​) យ៉ូសែប​ច្បាស់​ជា​បាន​ដឹង​ថា​គាត់​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​មុន​នាង​ព្យាយាម​ល្បួង​គាត់​ទៅ​ទៀត។ នេះ​បាន​ធ្វើ​ឲ្យ​គាត់​ងាយ​ស្រួល​ជាង​ពេល​គាត់​ជួប​ការ​ល្បួង។

១៤. តើ​តាម​របៀប​ណា​យើង​អាច​រៀន​ឲ្យ​ចេះ​និយាយ​ថា​ទេ​ចំពោះ​អំពើ​ខុស​ឆ្គង?

១៤ តើ​អ្នក​អាច​បង្ហាញ​ការ​តាំង​ចិត្ត​ស្រដៀង​នឹង​យ៉ូសែប​យ៉ាង​ដូច​ម្ដេច? អ្នក​អាច​សម្រេច​ចិត្ត​នៅ​ឥឡូវ​នេះ​ថា​អ្នក​នឹង​ធ្វើ​អ្វី​បើ​ជួប​ការ​ល្បួង។ សូម​រៀន​ឲ្យ​ចេះ​និយាយ​ថា​ទេ​ភ្លាម​ៗ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ ហើយ​មិន​ថែម​ទាំង​គិត​អំពី​អ្វី​ទាំង​នោះ​ឡើយ។ (​ចសព. ៩៧:១០; ១១៩:១៦៥​) យ៉ាង​នេះ អ្នក​នឹង​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ពេល​ជួប​ការ​ល្បួង។ អ្នក​នឹង​ដឹង​រួច​ហើយ​ថា​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា ហើយ​តាំង​ចិត្ត​ធ្វើ​អ្វី​នោះ។

១៥. តើ​បុគ្គល​ណា​ម្នាក់​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​កំពុង​«​ខំ​ស្វែង​រក​[​ព្រះ​យេហូវ៉ា​]​អស់​ពី​ចិត្ត​»​? (​ហេប្រឺ ១១:៦​)

១៥ អ្នក​ប្រហែល​ជា​ដឹង​ថា​អ្នក​បាន​រក​ឃើញ​សេចក្ដី​ពិត ហើយ​ថា​អ្នក​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត។ ប៉ុន្តែ មាន​អ្វី​មួយ​នៅ​តែ​រា​រាំង​អ្នក​មិន​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី? អ្នក​អាច​ធ្វើ​ដូច​ស្ដេច​ដាវីឌ។ អ្នក​អាច​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​អើយ សូម​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់ ហើយ​សូម​ស្គាល់​ចិត្ត​ខ្ញុំ​យ៉ាង​ច្បាស់​ផង។ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ដឹង​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ។ សូម​លោក​មើល​ខ្ញុំ​ឲ្យ​ដឹង​ថា ក្នុង​ចិត្ត​គំនិត​ខ្ញុំ​មាន​អ្វី​ដែល​មិន​ល្អ​ឬ​យ៉ាង​ណា ហើយ​សូម​មេត្តា​នាំ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ចសព. ១៣៩:២៣, ២៤​) ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​«​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត​»។ ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅ​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​បង្ហាញ​លោក​ថា​អ្នក​កំពុង​ធ្វើ​ដូច្នេះ។—សូម​អាន ហេប្រឺ ១១:៦

ចូរ​បន្ដ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា

១៦​-​១៧. តើ​ពួក​អ្នក​ដែល​បាន​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត​បាន​ត្រូវ​ទាញ​នាំ​ដោយ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​យ៉ូហាន ៦:៤៤​)

១៦ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ពួក​អ្នក​កាន់​តាម​លោក​បាន​ត្រូវ​ទាញ​នាំ​ដោយ​ព្រះ​យេហូវ៉ា។ (​សូម​អាន យ៉ូហាន ៦:៤៤) សូម​គិត​ថា​តើ​នោះ​គឺ​អស្ចារ្យ​យ៉ាង​ណា ហើយ​តើ​នោះ​ជាប់​ទាក់​ទង​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ល្អ​ក្នុង​បុគ្គល​ម្នាក់​ៗ​ដែល​លោក​ទាញ​នាំ​មក​ឯ​លោក។ លោក​ចាត់​ទុក​ម្នាក់​ៗ​ថា​ជា​«​ទ្រព្យ​វិសេស​របស់​លោក​»។ (​បច. ៧:៦​) លោក​មាន​ទស្សនៈ​ដូច​នេះ​ចំពោះ​អ្នក​ដែរ។

១៧ ប៉ុន្តែ អ្នក​ប្រហែល​ជា​បុគ្គល​វ័យ​ក្មេង​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​តែ​ឪពុក​ម្ដាយ​របស់​អ្នក​បម្រើ​លោក មិន​មែន​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​អ្នក​មក​ឯ​លោក​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​»។ (​យ៉ា. ៤:៨; ១ប្រ. ២៨:៩​) ពេល​អ្នក​ចាត់​វិធានការ​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា លោក​ក៏​ចូល​មក​ជិត​អ្នក​វិញ។ ព្រះ​យេហូវ៉ា​មិន​ចាត់​ទុក​ថា​អ្នក​គ្រាន់​តែ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​គ្រួសារ​ណា​មួយ​ទេ។ លោក​ទាញ​នាំ​បុគ្គល​ម្នាក់​ៗ រួម​ទាំង​អ្នក​ដែល​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត​ផង​ដែរ។ ពេល​បុគ្គល​បែប​នេះ​ចាត់​វិធានការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា លោក​ប្រព្រឹត្ត​តប​ដូច​ដែល​យើង​បាន​កត់​សម្គាល់​នៅ​យ៉ាកុប ៤:៨។ —សូម​ពិនិត្យ​បន្ថែម ថែស្សាឡូនិច​ទី២ ២:១៣

១៨. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់? (​ចម្រៀង​សរសើរ​ព្រះ ៤០:៨​)

១៨ ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បង្ហាញ​ចិត្ត​គំនិត​ដូច​លោក​យេស៊ូ។ លោក​បាន​បង្ហាញ​ដល់​បិតា​លោក​ថា​លោក​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​បិតា​លោក​សុំ​ឲ្យ​ធ្វើ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤០:​៨; ហេ. ១០:៧​) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​នឹង​ជួយ​អ្នក​ឲ្យ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់​ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ប្រគល់​ខ្លួន​ជូន​លោក?

  • តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា