លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ១៣

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

តើអ្នកអាចប្រាកដយ៉ាងណាថាព្រះយេហូវ៉ាពេញចិត្តអ្នក?

តើអ្នកអាចប្រាកដយ៉ាងណាថាព្រះយេហូវ៉ាពេញចិត្តអ្នក?

«​ខ្ញុំ​ពេញ​ចិត្ត​អ្នក​ណាស់​»។លូក. ៣:២២

ចំណុច​ផ្ដោត

របៀប​ដើម្បី​អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក។

១. តើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ខ្លះ​មាន​អារម្មណ៍​យ៉ាង​ណា?

 គឺ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​រាស្ត្រ​របស់​លោក​ជា​ក្រុម! គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​រាស្ត្រ​របស់​លោក​»។ (​ចសព. ១៤៩:៤​) ប៉ុន្តែ ជួន​កាល​អ្នក​ខ្លះ​ធ្លាក់​ទឹក​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​ពួក​គេ​ឆ្ងល់​ថា ‹តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ខ្ញុំ​ផ្ទាល់​ឬ​ទេ?›។ អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​មួយ​ចំនួន​នៅ​សម័យ​គម្ពីរ ធ្លាប់​មាន​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​បែប​នោះ។—១សាំ. ១:៦​-​១០; យ៉ូប ២៩:២, ៤; ចសព. ៥១:១១

២. តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​ណា?

គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា? យើង​ត្រូវ​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​និង​ទទួល​ការ​ជ្រមុជ​ទឹក។ (​យ៉ូន. ៣:១៦​) យ៉ាង​នេះ យើង​បង្ហាញ​ជា​សាធារណៈ​ថា​យើង​បាន​ប្រែ​ចិត្ត​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ហើយ​បាន​សន្យា​នឹង​ព្រះ​ថា​យើង​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​សកម្ម. ២:៣៨; ៣:១៩​) ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ពេល​យើង​ធ្វើ​អ្វី​ទាំង​នេះ​ដើម្បី​បណ្ដុះ​ចំណង​មិត្តភាព​ជា​មួយ​លោក។ ដរាប​ណា​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​លោក ដរាប​នោះ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង ហើយ​ចាត់​ទុក​យើង​ថា​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក។—ចសព. ២៥:១៤

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​នៅ​ឥឡូវ​នេះ?

ប៉ុន្តែ ហេតុ​អ្វី​ជួន​កាល​អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះ​មិន​ពេញ​ចិត្ត​ពួក​គេ? តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​លោក​ពេញ​ចិត្ត​យើង? ហើយ​តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ណា​ម្នាក់​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​ខ្លួន​ថា​ព្រះ​ពេញ​ចិត្ត​គាត់?

មូលហេតុ​ដែល​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ពួក​គេ

៤​-​៥. ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ក្ដី តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

យើង​ខ្លះ​បាន​ត​យុទ្ធ​នឹង​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​តាំង​ពី​ក្មេង។ (​ចសព. ៨៨:១៥​) បង​ប្រុស​ម្នាក់​ឈ្មោះ​អាឌ្រីអាន​និយាយ​ថា​៖ ​«​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ខ្ញុំ​នឹក​ចាំ​ថា​កាល​ពី​ខ្ញុំ​នៅ​តូច ខ្ញុំ​បាន​អធិដ្ឋាន​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ចូល​ក្នុង​សួន​ឧទ្យាន ទោះ​ជា​ខ្ញុំ​មិន​ប្រាកដ​ថា​ខ្ញុំ​អាច​នៅ​ទី​នោះ​បាន​ឬ​អត់​»។ បង​ប្រុស​ថូនី​ដែល​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​កាន់​គ្រិស្ត​សាសនា និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​ខ្ញុំ​មិន​ដែល​ប្រាប់​ខ្ញុំ​ថា​ពួក​គាត់​ស្រឡាញ់​ខ្ញុំ ឬ​មាន​មោទនភាព​ចំពោះ​ខ្ញុំ​ទេ។ ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ធ្វើ​អ្វី ក៏​ពួក​គាត់​មិន​ពេញ​ចិត្ត​ដែរ​»។

បើ​ជួន​កាល​យើង​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ យើង​អាច​ចាំ​ថា​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ទាញ​នាំ​យើង​ឲ្យ​មក​ឯលោក។ (​យ៉ូន. ៦:៤៤​) លោក​ឃើញ​គុណ​សម្បត្តិ​របស់​យើង​ដែល​យើង​ផ្ទាល់​ប្រហែល​ជា​មិន​ឃើញ ហើយ​លោក​ស្គាល់​ចិត្ត​របស់​យើង។ (​១សាំ. ១៦:៧; ២ប្រ. ៦:៣០​) ដូច្នេះ យើង​អាច​ទុក​ចិត្ត​លោក ពេល​លោក​មាន​ប្រសាសន៍​ថា​យើង​មាន​តម្លៃ។—១យ៉ូន. ៣:១៩, ២០

៦. តើ​សាវ័ក​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ខុស​ឆ្គង​របស់​គាត់​នៅ​អតីតកាល?

មុន​រៀន​សេចក្ដី​ពិត យើង​ខ្លះ​បាន​ធ្វើ​អ្វី​ដែល​ប្រហែល​ជា​នៅ​តែ​នាំ​ឲ្យ​យើង​បន្ទោស​ខ្លួន។ (​១ពេ. ៤:៣​) សូម្បី​តែ​គ្រិស្ត​សាសនិក​ផ្សេង​ទៀត​ដ៏​ស្មោះ​ត្រង់ ក៏​ត​យុទ្ធ​ប្រឆាំង​នឹង​ទំនោរ​ចិត្ត​ខុស​ឆ្គង។ តើ​ចិត្ត​របស់​អ្នក​ផ្ដន្ទា​ទោស​អ្នក​ឬ​ទេ? បើ​ដូច្នេះ សូម​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ក៏​ធ្លាប់​ត​យុទ្ធ​នឹង​អារម្មណ៍​ស្រដៀង​នឹង​នេះ​ដែរ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​ពិបាក​ចិត្ត​ណាស់ ពេល​គិត​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​គាត់។ (​រ៉ូម ៧:២៤​) ពិត​មែន​ថា​ប៉ូល​បាន​ប្រែ​ចិត្ត​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន ហើយ​ទទួល​ការ​ជ្រមុជ​ទឹក ប៉ុន្តែ​គាត់​បាន​និយាយ​អំពី​ខ្លួន​គាត់​ថា​៖ ​«​ក្នុង​ចំណោម​ពួក​សាវ័ក ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​»​ និង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​«​ធ្ងន់​ជាង​គេ​»។—១កូ. ១៥:៩; ១ធី. ១:១៥

៧. តើ​យើង​គួរ​ចាំ​អ្វី​ស្ដី​អំពី​ការ​ខុស​ឆ្គង​របស់​យើង​នៅ​អតីតកាល?

បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​សន្យា​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង​បើ​យើង​ប្រែ​ចិត្ត។ (​ចសព. ៨៦:៥​) ដូច្នេះ បើ​យើង​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​ការ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត យើង​អាច​ទុក​ចិត្ត​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​គឺ​ពិត ហើយ​ថា​លោក​បាន​អភ័យ​ទោស​ឲ្យ​យើង។—កូឡ. ២:១៣

៨​-​៩. តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​អារម្មណ៍​ថា​យើង​ធ្វើ​មិន​ដែល​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

យើង​ទាំង​អស់​គ្នា​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ប៉ុន្តែ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​សម​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ បង​ស្រី​ម្នាក់​ឈ្មោះ​អាមេនដា​និយាយ​ថា​៖ ​«​តាម​ធម្មតា ខ្ញុំ​គិត​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​មាន​ន័យ​ថា​ខ្ញុំ​តែង​តែ​ត្រូវ​ធ្វើ​ច្រើន​ជាង។ ខ្ញុំ​ច្រើន​តែ​តម្រូវ​ពី​ខ្លួន​លើស​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ពេល​ខ្ញុំ​ធ្វើ​មិន​រួច ខ្ញុំ​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​ក៏​ខក​ចិត្ត​នឹង​ខ្ញុំ​ដូច​ដែល​ខ្ញុំ​ខក​ចិត្ត​នឹង​ខ្លួន​ឯង​ដែរ​»។

តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​អារម្មណ៍​ថា​យើង​ធ្វើ​មិន​ដែល​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​គឺ​សម​ហេតុ​សម​ផល ហើយ​លោក​មិន​តឹង​រ៉ឹង​ទេ។ លោក​មិន​តម្រូវ​ពី​យើង​លើស​ពី​សមត្ថភាព​របស់​យើង​ឡើយ។ លោក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ ឲ្យ​តែ​នោះ​អស់​ពី​សមត្ថភាព។ ម្យ៉ាង​ទៀត សូម​គិត​អំពី​គំរូ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ប៉ូល។ គាត់​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​ធ្វើ​ដំណើរ​អស់​រាប់​ពាន់​គីឡូ​ម៉ែត្រ​និង​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន។ ប៉ុន្តែ ពេល​កាលៈទេសៈ​បាន​ដាក់​កម្រិត​លើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់ តើ​គាត់​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឬ? មិន​មែន​ទេ។ គាត់​បាន​បន្ត​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។ (​សកម្ម. ២៨:៣០, ៣១​) ស្រដៀង​គ្នា​ដែរ អ្វី​ដែល​យើង​អាច​ឲ្យ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ផ្លាស់​ប្ដូរ​នៅ​ពេល​ខ្លះ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ចំពោះ​លោក​គឺ​បំណង​ចិត្ត​របស់​យើង​ក្នុង​ការ​បម្រើ​លោក។ ឥឡូវ សូម​យើង​ពិចារណា​អំពី​របៀប​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​យើង។

តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​យើង​តាម​របៀប​ណា?

១០. តើ​យើង​អាច​ឮ​ព្រះ​យេហូវ៉ា​ប្រាប់​ថា​លោក​ពេញ​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច? (​យ៉ូហាន ១៦:២៧​)

១០ តាម​រយៈ​គម្ពីរ។ ព្រះ​យេហូវ៉ា​រក​វិធី​ដើម្បី​បង្ហាញ​រាស្ត្រ​លោក​ថា​លោក​ស្រឡាញ់​និង​ពេញ​ចិត្ត​ពួក​គេ។ គម្ពីរ​រៀប​រាប់​អំពី​ពេល​លោក​បាន​ប្រាប់​លោក​យេស៊ូ​អស់​ពីរ​លើក​ថា លោក​យេស៊ូ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក ជា​ទី​ពេញ​ចិត្ត​លោក​ណាស់។ (​ម៉ាថ. ៣:១៧; ១៧:៥​) តើ​អ្នក​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ប្រាប់​អ្នក​ថា​លោក​ពេញ​ចិត្ត​អ្នក​ឬ​ទេ? ព្រះ​យេហូវ៉ា​មិន​និយាយ​មក​កាន់​យើង​ពី​ស្ថាន​សួគ៌​ទេ។ ប៉ុន្តែ​លោក​និយាយ​មក​កាន់​យើង​តាម​រយៈ​បណ្ដាំ​របស់​លោក។ ពេល​យើង​អាន​ពាក្យ​របស់​លោក​យេស៊ូ​ក្នុង​សៀវភៅ​ដំណឹង​ល្អ គឺ​ហាក់​ដូច​ជាយើង​អាច​ស្ដាប់​សំឡេង​របស់​ព្រះ​យេហូវ៉ា​ដែល​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​យើង។ (​សូម​អាន យ៉ូហាន ១៦:២៧) លោក​យេស៊ូ​បង្ហាញ​បុគ្គលិក​លក្ខណៈ​ដូច​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ ពេល​យើង​អាន​ថា​លោក​យេស៊ូ​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​របស់​លោក​ចំពោះ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​លោក យើង​អាច​ស្រមៃ​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​មាន​ប្រសាសន៍​ពាក្យ​ទាំង​នោះ​មក​កាន់​យើង។—យ៉ូន. ១៥:៩, ១៥

ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​យើង​តាម​របៀប​ផ្សេង​ៗ ​(​សូម​មើល​វគ្គ​១០​)​


១១. ហេតុ​អ្វី​ការ​រង​ទុក្ខ​វេទនា​មិន​មាន​ន័យ​ថា​យើង​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា? (​យ៉ាកុប ១:១២​)

១១ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​លោក។ ព្រះ​យេហូវ៉ា​ចង់​ជួយ​យើង​តាម​របៀប​ផ្សេង​ៗ​ដូច​ជា​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង។ ជួន​កាល ព្រះ​យេហូវ៉ា​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​យើង​រង​ទុក្ខ​លំបាក ដូច​លោក​បាន​អនុញ្ញាត​ឲ្យ​កើត​ឡើង​ចំពោះ​យ៉ូប​ដែល​ជា​មនុស្ស​សុចរិត។ (​យ៉ូប ១:៨​-​១១​) ទុក្ខ​លំបាក​មិន​មាន​ន័យ​ថា​យើង​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ ទុក្ខ​លំបាក​ទាំង​នោះ​ផ្ដល់​ឱកាស​ឲ្យ​យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​និង​ទុក​ចិត្ត​លោក​ខ្លាំង​យ៉ាង​ណា។ (​សូម​អាន យ៉ាកុប ១:១២) យើង​នឹង​ទទួល​ការ​មើល​ថែ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ពី​លោក កាល​ដែល​លោក​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។

១២. តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ឌីមីទ្រី?

១២ សូម​គិត​អំពី​បង​ប្រុស​ម្នាក់​ឈ្មោះ​ឌីមីទ្រី​នៅ​ទ្វីប​អាស៊ី។ គាត់​បាន​បាត់​បង់​ការ​ងារ ហើយ​មិន​អាច​រក​ការ​ងារ​អស់​ជា​ច្រើន​ខែ។ ដូច្នេះ គាត់​បាន​សម្រេច​ចិត្ត​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ ហើយ​បង្ហាញ​ថា​គាត់​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ ច្រើន​ខែ​កន្លង​ផុត​ទៅ គាត់​នៅ​តែ​មិន​អាច​រក​ឃើញ​ការ​ងារ។ បន្ទាប់​មក គាត់​មាន​បញ្ហា​សុខភាព​ដែល​នាំ​ឲ្យ​គាត់​មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​បាន​ទេ។ គាត់​បាន​ចាប់​ផ្ដើម​គិត​ថា​គាត់​លែង​ជា​ប្ដី​ឬ​ឪពុក​ល្អ ហើយ​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​នឹង​គាត់​ឬ​យ៉ាង​ណា។ បន្ទាប់​មក នៅ​ល្ងាច​មួយ​កូន​ស្រី​របស់​គាត់​បាន​បោះ​ពុម្ព​ក្រដាស​មួយ​ដែល​មាន​ពាក្យ​នៅ​អេសាយ ៣០:១៥ ដែល​ថា​៖ ​«​ចូរ​រក្សា​ចិត្ត​ស្ងប់​និង​មាន​ទំនុក​ចិត្ត​លើ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ​»។ នាង​បាន​យក​ក្រដាស​នោះ​ទៅ​ឲ្យ​បង​ឌីមីទ្រី​ដល់​គ្រែ ហើយ​និយាយ​ថា​៖ ​«​ប៉ា ពេល​ប៉ា​មាន​អារម្មណ៍​មិន​ល្អ ប៉ា​អាច​នឹក​ចាំ​បទ​គម្ពីរ​នេះ​»។ បង​ឌីមីទ្រី​យល់​ឃើញ​ថា​ដោយ​សារ​ព្រះ​យេហូវ៉ា ក្រុម​គ្រួសារ​របស់​គាត់​នៅ​តែ​មាន​ជម្រក អាហារ និង​សម្លៀក​បំពាក់​គ្រប់​គ្រាន់។ គាត់​និយាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​រក្សា​ចិត្ត​ស្ងប់ ហើយ​បន្ត​ទុក​ចិត្ត​ទៅ​លើ​ព្រះ​របស់​ខ្ញុំ​»។ បើ​អ្នក​កំពុង​ជួប​ទុក្ខ​លំបាក​ស្រដៀង​នឹង​នេះ អ្នក​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ហើយ​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ។

ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​យើង​តាម​របៀប​ផ្សេង​ៗ (​សូម​មើល​វគ្គ​១២​)​ a


១៣. តើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រើ​អ្នក​ណា​ខ្លះ​ដើម្បី​បង្ហាញ​អំពី​ការ​ពេញ​ចិត្ត​របស់​លោក​ចំពោះ​យើង ហើយ​តើ​លោក​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

១៣ តាម​រយៈ​ពួក​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា។ ព្រះ​យេហូវ៉ា​ប្រើ​បង​ប្អូន​របស់​យើង​ដើម្បី​បង្ហាញ​ការ​ពេញ​ចិត្ត​របស់​លោក​ចំពោះ​យើង។ ជា​ឧទាហរណ៍ លោក​ប្រហែល​ជា​ជំរុញ​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​និយាយ​ពាក្យ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​នៅ​ចំ​ពេល។ បង​ស្រី​ម្នាក់​នៅ​ទ្វីប​អាស៊ី​មាន​បទ​ពិសោធន៍​នេះ​ក្នុង​អំឡុង​គ្រា​ដ៏​តាន​តឹង​ចិត្ត​ជា​ខ្លាំង។ គាត់​បាន​បាត់​បង់​ការ​ងារ ហើយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ ក្រោយ​មក ប្ដី​របស់​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​លែង​អាច​បម្រើ​ជា​អ្នក​ចាស់​ទុំ។ បង​ស្រី​យើង​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​យល់​ថា​ហេតុ​អី​រឿង​ទាំង​នេះ​កំពុង​កើត​ឡើង​ទេ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ខុស​ទេ​ដឹង បាន​ជា​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​ខ្ញុំ​»។ បង​ស្រី​របស់​យើង​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ពង្រឹង​កម្លាំង​គាត់​ថា​លោក​ពេញ​ចិត្ត​គាត់។ តើ​លោក​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គាត់​និយាយ​ថា​៖ ​«​អ្នក​ចាស់​ទុំ​បាន​មក​និយាយ​ពង្រឹង​កម្លាំង​ចិត្ត​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ខ្ញុំ​»។ ក្រោយ​មក គាត់​បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ គាត់​ថា​៖ ​«​នៅ​ថ្ងៃ​នោះ​ឯង ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ពី​បង​ប្អូន​មួយ​ក្រុម​ក្នុង​ក្រុម​ជំនុំ។ កាល​ដែល​ខ្ញុំ​អាន​ពាក្យ​សម្រាល​ទុក្ខ​ពី​ពួក​គេ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​ខ្ញុំ​»។ មែន ព្រះ​យេហូវ៉ា​ច្រើន​តែ​បង្ហាញ​ការ​ពេញ​ចិត្ត​របស់​លោក​តាម​រយៈ​ពាក្យ​សប្បុរស​របស់​អ្នក​ឯ​ទៀត។—ចសព. ១០:១៧

ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​យើង​តាម​របៀប​ផ្សេង​ៗ (​សូម​មើល​វគ្គ​១៣​)​ b


១៤. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​ពេញ​ចិត្ត​របស់​លោក​ចំពោះ​យើង​តាម​របៀប​ណា​ទៀត?

១៤ ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​ការ​ពេញ​ចិត្ត​របស់​លោក​ចំពោះ​យើង ដោយ​ប្រើ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ផ្ដល់​យោបល់​ដល់​យើង​ពេល​យើង​ត្រូវ​ការ។ ជា​ឧទាហរណ៍ នៅ​សតវត្សរ៍​ទី១​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​សំបុត្រ​១៤​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ។ សំបុត្រ​ទាំង​នោះ​រួម​បញ្ចូល​យោបល់​ម៉ឺង​ម៉ាត់ តែ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​ដាក់​បញ្ចូល​យោបល់​បែប​នេះ? ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​បិតា​ដ៏​ល្អ ហើយ​លោក​ប្រៀន​ប្រដៅ​កូន​«​ដែល​លោក​ស្រឡាញ់​»។ (​សុភ. ៣:១១, ១២​) ដូច្នេះ បើ​យើង​ទទួល​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ យើង​អាច​ចាត់​ទុក​ថា​នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​ពេញ​ចិត្ត​យើង មិន​មែន​ថា​យើង​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​ទេ។ (​ហេ. ១២:៦​) តើ​មាន​អ្វី​ផ្សេង​ទៀត​បង្ហាញ​ថា​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា?

ទី​សំអាង​ផ្សេង​ទៀត​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង

១៥. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ណា ហើយ​ហេតុ​អ្វី​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត?

១៥ ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​ពួក​អ្នក​ដែល​លោក​ពេញ​ចិត្ត។ (​ម៉ាថ. ១២:១៨​) យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​បង្ហាញ​គុណ​សម្បត្តិ​ណា​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ក្នុង​ជីវិត​ខ្ញុំ​ឬ​ទេ?›។ តើ​អ្នក​កត់​សម្គាល់​ថា​អ្នក​មាន​ចិត្ត​អត់​ធ្មត់​ជាង​ចំពោះ​អ្នក​ឯ​ទៀត​មុន​ពេល​ដែល​អ្នក​មិន​ទាន់​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ឬ​ទេ? តាម​ការ​ពិត កាល​ដែល​អ្នក​កាន់​តែ​រៀន​ឲ្យ​ចេះ​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ អ្នក​នឹង​កាន់​តែ​ឃើញ​ទី​សំអាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​គឺ . . . ​»​)។

តើ​អ្នក​អាច​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​តាម​របៀប​ណា? ​(​សូម​មើល​វគ្គ​១៥​)​


១៦. តើ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ណា​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​តើ​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? (​ថែស្សាឡូនិច​ទី១ ២:៤​)

១៦ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ប្រគល់​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​ពួក​អ្នក​ដែល​លោក​ពេញ​ចិត្ត។ (​សូម​អាន ថែស្សាឡូនិច​ទី១ ២:៤) សូម​កត់​សម្គាល់​អំពី​ប្រយោជន៍​ដែល​បង​ស្រី​ម្នាក់​ឈ្មោះ​ចុសលីន​ទទួល​ពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ នៅ​ថ្ងៃ​មួយ បង​ចុសលីន​ក្រោក​ពី​ដេក​ទាំង​មាន​អារម្មណ៍​តាន​តឹង​ចិត្ត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អស់​កម្លាំង ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​ប្រយោជន៍។ ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ថ្ងៃ​នោះ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ។ ដូច្នេះ​ខ្ញុំ​បាន​អធិដ្ឋាន ហើយ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​»។ នៅ​ព្រឹក​នោះ បង​ចុសលីន​បាន​ជួប​ស្ត្រី​សប្បុរស​ម្នាក់​ឈ្មោះ​មេរី​ដែល​ព្រម​រៀន​គម្ពីរ។ ប៉ុន្មាន​ខែ​ក្រោយ​មក មេរី​បាន​ប្រាប់​ថា​គាត់​កំពុង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ពេល​បង​ចុសលីន​គោះ​ទ្វារ​ផ្ទះ​គាត់។ ពេល​គិត​អំពី​បទ​ពិសោធន៍​នេះ បង​ចុសលីន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​កំពុង​ប្រាប់​ខ្ញុំ​ថា ‹ខ្ញុំ​ពេញ​ចិត្ត​អ្នក›​»។ ពិត​មែន មិន​មែន​បុគ្គល​គ្រប់​រូប​នឹង​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ​ទេ។ ប៉ុន្តែ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។

តើ​អ្នក​អាច​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​តាម​របៀប​ណា? (​សូម​មើល​វគ្គ​១៦​)​ c


១៧. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​របស់​បង​វីកគី​អំពី​ថ្លៃ​លោះ? (​ចម្រៀង​សរសើរ​ព្រះ ៥:១២​)

១៧ ព្រះ​យេហូវ៉ា​ប្រើ​ថ្លៃ​លោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​លោក​ពេញ​ចិត្ត។ (​១ធី. ២:៥, ៦​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​នៅ​តែ​មិន​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង ទោះ​ជា​យើង​មាន​ជំនឿ​លើ​ថ្លៃ​លោះ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក្ដី? សូម​ចាំ​ថា​យើង​មិន​តែង​តែ​អាច​ទុក​ចិត្ត​អារម្មណ៍​របស់​យើង​បាន​ទេ តែ​យើង​អាច​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ លោក​ចាត់​ទុក​ពួក​អ្នក​ដែល​មាន​ជំនឿ​លើ​ថ្លៃ​លោះ​ថា​ជា​មនុស្ស​សុចរិត ហើយ​សន្យា​ថា​នឹង​ឲ្យ​ពរ​ពួក​គេ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៥:១២; រ៉ូម ៣:២៦​) ការ​រំពឹង​គិត​អំពី​ថ្លៃ​លោះ​បាន​ជួយ​បង​ស្រី​វីកគី។ នៅ​ថ្ងៃ​មួយ ក្រោយ​ពី​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ថ្លៃ​លោះ គាត់​ទទួល​ស្គាល់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​អត់​ធ្មត់​ចំពោះ​ខ្ញុំ​ជា​យូរ​មក​ហើយ . . . ប៉ុន្តែ​គឺ​ហាក់​ដូច​ជា​ខ្ញុំ​កំពុង​ប្រាប់​លោក​ថា ‹សេចក្ដី​ស្រឡាញ់​របស់​លោក​គឺ​មិន​គ្រប់​គ្រាន់​ចំពោះ​ខ្ញុំ​ទេ។ គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក​គឺ​មិន​អាច​លោះ​ខ្ញុំ​បាន​ឡើយ›​»។ ដោយ​រំពឹង​គិត​អំពី​អំណោយ​ជា​ថ្លៃ​លោះ​នេះ គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់។ យើង​ក៏​នឹង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​ដឹង​ថា​លោក​ពេញ​ចិត្ត​យើង​កាល​ដែល​យើង​រំពឹង​គិត​អំពី​ថ្លៃ​លោះ។

តើ​អ្នក​អាច​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​តាម​របៀប​ណា? (​សូម​មើល​វគ្គ​១៧​)​


១៨. តើ​យើង​អាច​ប្រាកដ​អំពី​អ្វី​បើ​យើង​បន្ត​ស្រឡាញ់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌?

១៨ ទោះ​ជា​យើង​ខំ​ព្យាយាម​ធ្វើ​តាម​យោបល់​ខាង​លើ​ក្ដី ជួន​កាល​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ហើយ​ឆ្ងល់​ថា​តើ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ បើ​នេះ​កើត​ឡើង សូម​ចាំ​ថា​លោក​ពេញ​ចិត្ត​«​អ្នក​ដែល​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​»។ (​យ៉ា. ១:១២​) ដូច្នេះ សូម​បន្ត​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​កត់​សម្គាល់​អំពី​របៀប​ផ្សេង​ៗ​ដែល​លោក​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​អ្នក។ សូម​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​«​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​ទេ​»។—សកម្ម. ១៧:២៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ពួក​គេ?

  • តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​យើង​តាម​របៀប​ណា​ខ្លះ?

  • ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ?

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

a ការ​ពណ៌នា​អំពី​រូប​ភាព​៖ រូប​ថត​ខ្លះ​ជា​ការ​សម្ដែង។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ រូប​ថត​ខ្លះ​ជា​ការ​សម្ដែង។

c ការ​ពណ៌នា​អំពី​រូប​ភាព​៖ រូប​ថត​ខ្លះ​ជា​ការ​សម្ដែង។