លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ការ​កែ​ច្នៃ​ហ្សែន​របស់​មនុស្ស​នាំ​ឲ្យ​អាយុជីវិត​យូរ​អង្វែង​ឬ​ទេ?

ការ​ស្រាវ​ជ្រាវ​អំពី​វិធី​ដើម្បី​មាន​ជីវិត​យូរ​អង្វែង

ការ​ស្រាវ​ជ្រាវ​អំពី​វិធី​ដើម្បី​មាន​ជីវិត​យូរ​អង្វែង

​«​យើង​បាន​ឃើញ​ការ​នឿយ​ហត់​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្សជាតិ​ប្រឹង​ធ្វើ។ ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល។ ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ​»។សាស្តា ៣:១០, ១១

នេះ​ជា​ពាក្យ​របស់​ស្ដេច​សាឡូម៉ូន​នៅ​សម័យ​បុរាណ​ដែល​ជា​ស្ដេច​ដ៏​មាន​ប្រាជ្ញា។ ពាក្យ​ទាំង​នេះ​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​អារម្មណ៍​របស់​មនុស្ស​អំពី​ជីវិត។ មនុស្ស​តែង​តែ​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​រស់​នៅ​យូរ​ជាង ប្រហែល​ជា​ដោយ​សារ​ជីវិត​មនុស្ស​គឺ​ខ្លី និង​ជៀស​មិន​ផុត​ពី​ស្លាប់។ អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​បាន​ខំ​ស្វែង​រក​វិធី​ដើម្បី​រស់​នៅ​យូរ​អង្វែង។

ជា​ឧទាហរណ៍ សូម​គិត​អំពី​ស្ដេច​គាលកាមែស​ដែល​ជា​ស្ដេច​ជន​ជាតិ​សា​ស៊ូ​មេរី។ មាន​រឿង​ព្រេង​ជា​ច្រើន​ដែល​គេ​និពន្ធ​អំពី​ជីវិត​គាត់។ រឿង​មួយ​ដែល​បាន​ត្រូវ​ស្គាល់​ថា​ជា​រឿង​និទាន​អំពី​ស្ដេច​គាលកាមែស ប្រាប់​ថា​គាត់​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដើម្បី​ស្គាល់​អំពី​របៀប​គេច​ពី​សេចក្ដី​ស្លាប់។ ក៏​ប៉ុន្តែ​គាត់​បាន​បរាជ័យ។

អ្នក​វិទ្យាសាស្ដ្រ​សម័យ​បុរាណ​ម្នាក់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​គាត់

នៅ​សតវត្សរ៍​ទី​៤​មុន គ.ស. អ្នក​វិទ្យា​សាស្ដ្រ​សម័យ​បុរាណ​មួយ​ក្រុម​នៅ​ប្រទេស​ចិន​បាន​ព្យាយាម​បង្កើត​ទឹក​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ទឹក​វេទមន្ត ហើយ​គេ​ជឿ​ថា​ទឹក​នោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​រស់​នៅ​យូរ​ជាង។ ពួក​គេ​បាន​ធ្វើ​ទឹក​ដែល​ផ្សំ​ឡើង​ពី​បារត​និង​ជាតិ​ពុល។ អធិរាជ​ចិន​ខ្លះ​បាន​ស្លាប់ ដោយ​សារបាន​ផឹក​ទឹក​នោះ។ នៅ​អឺរ៉ុប​នា​មជ្ឈិម​សម័យ (​ប្រហែល​ឆ្នាំ​៥០០ គ.ស. ដល់​ឆ្នាំ​១៥០០ គ.ស.​) អ្នក​វិទ្យា​សាស្ដ្រ​ខ្លះ​បាន​ព្យាយាម​កែ​ច្នៃ​មាស​ដើម្បី​ឲ្យ​មនុស្ស​អាច​លេប​បាន ដោយ​សារ​គេ​គិត​ថា​មាស​មិន​អាច​ខូច ដូច្នេះ​នោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​រស់​នៅ​យូរ​អង្វែង។

សព្វ​ថ្ងៃ​នេះ ជី​វ​វិទូ​និង​ពួក​ឯកទេស​ខាង​សេនេទិច​មួយ​ចំនួន​កំពុង​ព្យាយាម​ស្វែង​យល់​អំពី​មូលហេតុ​ដែល​មនុស្ស​ទៅ​ជា​ចាស់។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​វិទ្យា​សាស្ដ្រ​ទាំង​នោះ​បង្ហាញ​ថា មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​នៅ​តែ​ចង់​រក​វិធី​ដើម្បី​មិន​ឲ្យ​ទៅ​ជា​ចាស់​និង​ស្លាប់។ ប៉ុន្តែ តើ​ការ​ស្រាវ​ជ្រាវ​ទាំង​នោះ​បាន​ទទួល​លទ្ធផល​យ៉ាង​ណា?

ព្រះ​បាន ​«​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម ដល់​អស់​កល្ប​ទៅ​មុខ​»។—សាស្តា ៣:១០, ១១

ការ​ស្វែង​រក​នៅ​សព្វ​ថ្ងៃ​នេះ​អំពី​មូលហេតុ​ដែល​មនុស្ស​ទៅ​ជា​ចាស់

អ្នក​វិទ្យា​សាស្ដ្រ​ដែល​សិក្សា​អំពី​កោសិកា​របស់​មនុស្ស​បាន​លើក​ឡើង​អំពី​ទ្រឹស្ដី​ជាង​៣០០​ខុស​ៗ​គ្នា​ស្ដី​អំពី​មូលហេតុ​ដែល​យើង​ទៅ​ជា​ចាស់ ហើយ​ស្លាប់។ នៅ​ពេល​ថ្មី​ៗ​នេះ អ្នក​វិទ្យា​សាស្ដ្រ​អាច​ធ្វើ​ឲ្យ​កោសិកា​របស់​សត្វ​និង​កោសិកា​របស់​មនុស្ស​រស់​បាន​យូរ​ជាង។ ដោយ​ហេតុ​នេះ​ហើយ ពួក​អ្នក​មាន​ខ្លះ​បាន​ផ្ដល់​លុយ​ដល់​អ្នក​វិទ្យា​សាស្ដ្រ​ដើម្បី​ស្វែង​រក​មូលហេតុ​ដែល​យើង​ស្លាប់។ តើ​ពួក​គេ​បាន​ស្រាវ​ជ្រាវ​អំពី​អ្វី​ខ្លះ?

ការ​ព្យាយាម​ពន្យារ​ជីវិត​មនុស្ស។ ជី​វ​វិទូ​ខ្លះ​ជឿ​ថា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ចាស់ គឺ​ដោយ​សារ​ធែឡូមែ​ដែល​នៅ​ចុង​ក្រូម៉ូសូម​របស់​យើង។ ធែឡូមែ​រក្សា​ព័ត៌មាន​សេនេទិច​ក្នុង​កោសិកា​របស់​យើង​កាល​ដែល​វា​បំបែក​ខ្លួន។ ក៏​ប៉ុន្តែ រាល់​ដង​ដែល​កោសិកា​បំបែក​ខ្លួន ធែឡូមែ​កាន់​តែ​ខ្លី។ ទី​បំផុត កោសិកា​ឈប់​បំបែក​ខ្លួន ហើយ​យើង​ចាប់​ផ្ដើម​ចាស់​ទៅ​ៗ។

អេលីសាបិត ប្លាកបឺន​ដែល​បាន​ទទួល​ពាន​រង្វាន់​ខាង​វិទ្យា​សាស្ដ្រ​ប្រចាំ​ឆ្នាំ​២០០៩ និង​ក្រុម​របស់​នាង​បាន​រក​ឃើញ​អង់ស៊ីម​ដែល​ជួយ​ពន្យារ​ធែឡូមែ ហើយ​ជា​លទ្ធផល នោះ​បាន​ពន្យារ​ភាព​ចាស់​នៃ​កោសិកា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​សារភាព​ថា​ធែឡូមែ​«​មិន​មែន​ជា​វេទមន្ត​ដែល​ពន្យារ​ជីវិត​មនុស្ស​ទេ ក្នុង​ន័យ​ថា​វា​មិន​ជួយ​យើង​ឲ្យ​មាន​អាយុជីវិត​យូរ​ជាង​ធម្មតា​នោះ​ឡើយ​»។

ការ​កែ​ច្នៃ​កោសិកា​គឺ​ជា​វិធី​មួយ​ទៀត​ដើម្បី​កុំ​ឲ្យ​កាន់​តែ​ចាស់​ទៅ​ៗ។ ពេល​កោសិកា​របស់​យើង​ចាស់​ពេក​រហូត​ដល់​ឈប់​បំបែក​ខ្លួន នោះ​វា​អាច​បញ្ជូន​ព័ត៌មាន​ខុស​ទៅ​កោសិកា​ដែល​ស៊ាំ​នឹង​ជំងឺ ហើយ​នោះ​បង្ក​ឲ្យ​ហើម ឈឺ​ចាប់​ជា​រឿយ​ៗ និង​មាន​ជំងឺ​ឯ​ទៀត។ នៅ​ថ្មី​ៗ​នេះ អ្នក​វិទ្យា​សាស្ដ្រ​នៅ​ប្រទេស​បារាំង​បាន​យក​កោសិកា​ខ្លះ​ពី​មនុស្ស​ចាស់​ដែល​អ្នក​ខ្លះ​មាន​អាយុ​ជាង​១០០​ឆ្នាំ ហើយ​បាន​កែ​ច្នៃ​កោសិកា​ទាំង​នោះ។ សាស្ត្រាចារ្យ​ហ្សុនម៉ាក ឡេមេត្រេ​ដែល​ជា​ប្រធាន​នៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​ប្រាប់​ថា​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ​បញ្ជាក់​ថា ការ​កែ​ច្នៃ​កោសិកា​អាច​«​ពន្យារ​ជីវិត​មនុស្ស​»។

តើ​វិទ្យា​សាស្ដ្រ​អាច​ពន្យារ​អាយុជីវិត​របស់​យើង​ឬ​ទេ?

អ្នក​វិទ្យា​សាស្ដ្រ​ជា​ច្រើន​និយាយ​ថា ទោះ​ជា​មាន​វិធីសាស្ដ្រ​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​ភាព​ចាស់​ក៏​ដោយ នោះ​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​រស់​នៅ​បាន​យូរ​ជាង​ឡើយ។ ពិត​មែន​តែ តាំង​ពី​សតវត្សរ៍​ទី​១៩​មនុស្ស​មាន​អាយុ​វែង​ជាង ប៉ុន្តែ​នោះ​គឺ​ដោយ​សារ​ពួក​គេ​មាន​អនាម័យ​ត្រឹម​ត្រូវ មាន​ថ្នាំ​បង្ការ​ពី​មេ​រោគ​ផ្សេង​ៗ ថ្នាំ​សម្លាប់​មេ​រោគ និង​វ៉ាក់សាំង​ផ្សេង​ៗ​ជា​ដើម។ អ្នក​ឯកទេស​ខាង​សេនេទិច​ខ្លះ​ជឿ​ថា​សព្វ​ថ្ងៃ​នេះ​យើង​មិន​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ពន្យារ​ជីវិត​មនុស្ស​បាន​ទេ។

ប្រហែល​ជា​៣.៥០០​ឆ្នាំ​មុន ម៉ូសេ​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​បាន​ទទួល​ស្គាល់​ថា​៖ ​«​កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ។ គង់​តែ​អ្វី​ៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធតែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់​»។ (​ទំនុក​តម្កើង ៩០:១០​) ទោះ​ជា​មនុស្ស​ខំ​ប្រឹង​ប្រែង​ពន្យារ​ជីវិត​ក៏​ដោយ ក៏​ជីវិត​មនុស្ស​នៅ​តែ​ដូច​អ្វី​ដែល​ម៉ូសេ​បាន​រៀប​រាប់។

ផ្ទុយ​ទៅ​វិញ ភាវរស់​ផ្សេង​ៗ​ដូច​ជា​កាំប្រមា​សមុទ្រ ឬ​លាស​សមុទ្រ​មួយ​ប្រភេទ​អាច​រស់​នៅ​រហូត​ដល់​ជាង​២០០​ឆ្នាំ រីឯ​ដើម​ឈើ​ធំ​ក្រៃ​លែង​ម្យ៉ាង​អាច​រស់​បាន​រហូត​ដល់​រាប់​ពាន់​ឆ្នាំ។ ពេល​យើង​ប្រៀប​ធៀប​អាយុ​របស់​យើង​ជា​មួយ​នឹង​អាយុ​របស់​អ្វី​ទាំង​នេះ​និង​ភាវរស់​ឯ​ទៀត យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ជីវិត​មនុស្ស​យើង​គឺ​ត្រឹម​តែ​៧០​ឬ​៨០​ឆ្នាំ​ប៉ុណ្ណោះ​ឬ?›