លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គ្មាន​អ្នក​ណា​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់

គ្មាន​អ្នក​ណា​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​មើល​វីដេអូ​អំពី​បុគ្គល​ល្បី​ល្បាញ​ម្នាក់ ហើយ​ប្រហែល​គាត់​ជា​តន្ត្រីករ​ដ៏​ល្បី​ល្បាញ​ដែល​អ្នក​កោត​សរសើរ។ វីដេអូ​ចាប់​ផ្ដើម​បង្ហាញ​អំពី​កាល​ដែល​នាង​នៅ​កុមារភាព ពេល​នាង​បាន​រៀន​របៀប​លេង​ឧបករណ៍​តន្ត្រី និង​ការ​ហ្វឹកហាត់​ជា​ច្រើន​ដង​របស់​នាង។ ក្រោយ​មក​អ្នក​ឃើញ​នាង​សម្ដែង​នៅ​ការ​ប្រគំ​តន្ត្រី ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជា​ច្រើន ព្រម​ទាំង​ក្លាយ​ទៅ​ជា​អ្នក​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ទូ​ទាំង​ពិភព​លោក។ មិន​យូរ​ក្រោយ​មក វីដេអូ​បង្ហាញ​អំពី​ពេល​នាង​បាន​ទៅ​ជា​ចាស់ និង​ចុង​ក្រោយ​នៃ​វីដេអូ​គឺ​នាង​ស្លាប់។

វីដេអូ​នេះ​គឺ​ជា​រឿង​ពិត​របស់​បុគ្គល​ដែល​ធ្លាប់​មាន​ជីវិត​រស់​នៅ។ ទោះ​ជា​បុគ្គល​ក្នុង​វីដេអូ​ជា​អ្នក​ណា​ក៏​ដោយ មិន​ថា​ជា​តន្ត្រីករ អ្នក​វិទ្យា​សាស្ដ្រ អ្នក​កីឡា ឬ​បុគ្គល​ល្បី​ល្បាញ​ឯ​ទៀត លទ្ធផល​របស់​ពួក​គេ​គឺ​ដូច​គ្នា។ បុគ្គល​បែប​នោះ​ប្រហែល​ជា​បាន​ធ្វើ​អ្វី​ៗ​ល្អ​ជា​ច្រើន ប៉ុន្តែ​សូម​គិត បើ​គាត់​មិន​បាន​ទៅ​ជា​ចាស់​ហើយ​ស្លាប់ តើ​គាត់​អាច​នឹង​ធ្វើ​អ្វី​ៗ​បាន​ច្រើន​ថែម​ទៀត​យ៉ាង​ណា​ទៅ?

យើង​ប្រហែល​មាន​អារម្មណ៍​សោក​ស្តាយ​ពេល​យើង​គិត​អំពី​រឿង​នេះ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​គេច​មិន​ផុត​ទេ។ (​សាស្តា ៩:៥​) ទោះ​ជា​យើង​ខំ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​ទៅ​ជា​ចាស់​ហើយ​ស្លាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​អាច​ស្លាប់​មុន​អាយុ បើ​យើង​មាន​ជំងឺ​ឬ​មាន​គ្រោះ​ថ្នាក់។ នៅ​ក្នុង​គម្ពីរ​បាន​រៀប​រាប់​ថា ជីវិត​យើង​គឺ​ដូច​អ័ព្ទ​នៅ​ពេល​ព្រឹក​ដែល​«​នៅ​តែ​មួយ​រយៈ​ពេល​ខ្លី រួច​បាត់​ទៅ​»។—យ៉ាកុប ៤:១៤

ចំពោះ​មនុស្ស​ខ្លះ ជីវិត​គឺ​មិន​ទៀង​និង​គ្មាន​ន័យ​ខ្លឹម​សារ ហេតុ​នេះ​ហើយ​ពួក​គេ​រស់​នៅ​ដោយ​គិត​ថា​៖ ​«​ចូរ​ឲ្យ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់​»។ (​កូរិនថូស​ទី១ ១៥:៣២​) ពួក​គេ​រស់​នៅ​តាម​របៀប​នេះ ពី​ព្រោះ​ពួក​គេ​ទទួល​ស្គាល់​ថា​ពួក​គេ​អាច​ស្លាប់​គ្រប់​ពេល ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​ទេ។ ពេល​បុគ្គល​ម្នាក់​ជួប​ស្ថានភាព​ពិបាក​ក្នុង​ជីវិត នោះ​គាត់​ឆ្ងល់​ថា ‹តើ​ជីវិត​យើង​មាន​តែ​ប៉ុណ្ណេះ​ឬ?› តើ​លោក​អ្នក​អាច​រក​ឃើញ​ចម្លើយ​នៅ​ឯ​ណា?

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ខំ​រក​ចម្លើយ​ពី​វិទ្យា​សាស្ដ្រ។ អ្នក​វិទ្យា​សាស្ដ្រ​និង​គ្រូ​ពេទ្យ​បាន​រក​ឃើញ​វិធី​ផ្សេង​ៗ​ដែល​អាច​ជួយ​ឲ្យ​យើង​រស់​នៅ​យូរ​ជាង។ អ្នក​វិទ្យា​សាស្ដ្រ​ខ្លះ​កំពុង​ខិត​ខំ​រក​វិធី​ដើម្បី​ឲ្យ​យើង​រស់​នៅ​កាន់​តែ​យូរ​ជាង​នេះ​ទៅ​ទៀត។ ប៉ុន្តែ ទោះ​ជា​ពួក​អ្នក​វិទ្យា​សាស្ដ្រ​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​មាន​សំណួរ​ដូច​ត​ទៅ​៖ ហេតុ​អ្វី​យើង​ទៅ​ជា​ចាស់ ហើយ​ស្លាប់? តើ​សេចក្ដី​ស្លាប់​ដែល​ជា​សត្រូវ​របស់​យើង​នឹង​ត្រូវ​បំផ្លាញ​ចោល​បាន​ឬ​ទេ? អត្ថបទ​បន្ត​បន្ទាប់​នឹង​ពិចារណា​ប្រធានបទ​ទាំង​នេះ ព្រម​ទាំង​ឆ្លើយ​សំណួរ តើ​ជីវិត​យើង​មាន​តែ​ប៉ុណ្ណេះ​ឬ?