លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ដូច​ម្ដេច?

តើ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ដូច​ម្ដេច?

ទោះ​ជា​មនុស្សជាតិ​មាន​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ដោយ​សារ​អាដាម​និង​អេវ៉ា​ដែល​ជា​ឪ​ពុក​ម្ដាយ​ដំបូង​របស់​យើង​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​ក៏​ដោយ តែ​ព្រះ​មិន​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​សម្រាប់​ក្រុម​គ្រួសារ​មនុស្សជាតិ​ឡើយ។ ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ លោក​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​គោល​បំណង​របស់​លោក​មិន​ប្រែ​ប្រួល​ទេ។

  • «​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ទំនុក​តម្កើង ៣៧:២៩

  • «​ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់​»។អេសាយ ២៥:៨

  • «​សត្រូវ​ចុង​ក្រោយ​ដែល​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​គឺ​សេចក្ដី​ស្លាប់​»។កូរិនថូស​ទី១ ១៥:២៦

  • «​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ការ​បើក​បង្ហាញ ២១:៤

តើ​ព្រះ​នឹង​«​បំផ្លាញ​សេចក្ដី​ស្លាប់​»​ឲ្យ​«​សាប​សូន្យ​»​ទៅ​យ៉ាង​ដូច​ម្ដេច? ដូច​បាន​កត់​ទុក​ខាង​លើ គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​ពួក​អ្នក​សុចរិត . . . នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»​ឬ​រស់​ជា​រៀង​រហូត។ ប៉ុន្តែ​គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ‹គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែន​ដី ដែល​ប្រព្រឹត្ត​សុទ្ធតែ​ល្អ​ឥត​ធ្វើ​បាប​នោះ​ទេ›។ (​សាស្តា ៧:២០​) តើ​នេះ​មាន​ន័យ​ថា​លោក​នឹង​ផ្លាស់​ប្ដូរ​ខ្នាត​តម្រា​របស់​លោក ដើម្បី​ឲ្យ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​រស់​ជា​រៀង​រហូត​ឬ? លោក​មិន​ធ្វើ​ដូច្នេះ​ទាល់​តែ​សោះ! ដោយ​សារ​«​ព្រះ . . . មិន​អាច​កុហក​»។ (​ទីតុស ១:២​) បើ​ដូច្នេះ តើ​ព្រះ​នឹង​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​បំណង​ដើម​របស់​លោក​សម្រាប់​មនុស្សជាតិ?

ព្រះ​«​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប​»។—អេសាយ ២៥:៨

ការ​បំផ្លាញ​ចោល​សេចក្ដី​ស្លាប់​ដោយ​បង់​ថ្លៃ​លោះ

ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​រៀប​ចំ​វិធី​ដើម្បី​រំដោះ​មនុស្សជាតិ​ពី​សេចក្ដី​ស្លាប់ គឺ​ដោយ​បង់​ថ្លៃ​លោះ។ ថ្លៃ​លោះ​គឺ​ជា​តម្លៃ​ដែល​ត្រូវ​បង់​ឲ្យ​ស្មើ​នឹង​ថ្លៃ​ខូច​ខាត ឬ​ដើម្បី​បង្ហាញ​យុត្តិធម៌។ ដោយ​សារ​មនុស្សជាតិ​ទាំង​ឡាយ​មាន​ភាព​ខុស​ឆ្គង​និង​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ស្លាប់ នោះ​គម្ពីរ​ចែង​ចំ​ៗ​ថា​៖ ​«​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​ដំឡៃ​សំ​រាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ ដ្បិត​ដំឡៃ​លោះ​ព្រលឹង​គេ នោះ​ថ្លៃ​ពេក​ណាស់ ឥត​ដែល​អាច​នឹង​លោះ​បាន​ឡើយ​»។—ទំនុក​តម្កើង ៤៩:៧, ៨

ពេល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ស្លាប់ គាត់​អាច​ទូ​ទាត់​ឲ្យ​ជ្រះ​ស្រឡះ​ពី​ភាព​ខុស​ឆ្គង​របស់​ខ្លួន​ប៉ុណ្ណោះ គាត់​មិន​អាច​រំដោះ​ខ្លួន​គាត់​ពី​សេចក្ដី​ស្លាប់​ឬ​ទូ​ទាត់​សង​នូវ​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត​បាន​ទេ។ (​រ៉ូម ៦:៧​) យើង​ត្រូវ​ការ​បុគ្គល​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​និង​គ្មាន​ភាព​ខុស​ឆ្គង​ដើម្បី​ផ្ដល់​ជីវិត​ជា​ថ្លៃ​លោះ មិន​មែន​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់​ទេ តែ​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​យើង​វិញ។—ហេប្រឺ ១០:១​-​៤

នេះ​ពិត​ជា​អ្វី​ដែល​ព្រះ​បាន​រៀប​ចំ​ឲ្យ​យើង។ លោក​បាន​ចាត់​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក ពី​ស្ថាន​សួគ៌​ឲ្យ​កើត​នៅ​ផែន​ដី​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ដែល​គ្មាន​ភាព​ខុស​ឆ្គង។ (​ពេត្រុស​ទី១ ២:២២​) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​លោក​បាន​មក​ដើម្បី​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។ (​ម៉ាកុស ១០:៤៥​) លោក​បាន​ស្លាប់​ដើម្បី​ទូ​ទាត់​សង​នូវ​ភាព​ខុស​ឆ្គង​របស់​យើង និង​រំដោះ​យើង​ពី​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត។—យ៉ូហាន ៣:១៦

តើ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ពេល​ណា?

សព្វ​ថ្ងៃ​នេះ​យើង​រស់​នៅ​ក្នុង​គ្រា​«​លំបាក​ណាស់​»​ស្រប​ទៅ​តាម​ទំនាយ​ក្នុង​គម្ពីរ ដែល​បញ្ជាក់​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ដ៏​ទុច្ចរិត​នេះ។ (​ធីម៉ូថេ​ទី២ ៣:១​) គ្រា​ចុង​ក្រោយ​បង្អស់​នឹង​ត្រូវ​បញ្ចប់​ដោយ​«​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ហើយ​បំផ្លាញ​ពួក​គេ​ចោល​»។ (​ពេត្រុស​ទី២ ៣:៣,​) ប៉ុន្តែ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ​នឹង​រួច​រស់​ពី​ការ​បំផ្លាញ​ចោល​នោះ ហើយ​ទទួល​ពរ​ដែល​ជា​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—ម៉ាថាយ ២៥:៤៦

លោក​យេស៊ូ​បាន​មក​ដើម្បី​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។—ម៉ាកុស ១០:៤៥

ពេល​ព្រះ​ប្រោស​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​នឹង​មាន​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ លោក​យេស៊ូ​បាន​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ពេល​លោក​បាន​ទៅ​ក្រុង​ណេអ៊ីន។ នៅ​ក្រុង​នោះ កូន​ប្រុស​តែ​មួយ​គត់​របស់​ស្ដ្រី​មេ​ម៉ាយ​ម្នាក់​បាន​ស្លាប់ ហើយ​លោក​យេស៊ូ​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ ហេតុ​នេះ លោក​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។ (​លូកា ៧:១១​-​១៥​) សាវ័ក​ប៉ូល​ក៏​បាន​និយាយ​ដែរ​ថា​៖ ​«​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ . . . ថា មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​នេះ​គឺ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​ចំពោះ​មនុស្សជាតិ។—សកម្មភាព ២៤:១៥

មនុស្ស​រាប់​ពាន់​លាន​នាក់​អាច​រស់​ជា​រៀង​រហូត​បាន។ គម្ពីរ​ចែង​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ (​ទំនុក​តម្កើង ៣៧:២៩​) នៅ​ពេល​នោះ ពួក​គេ​នឹង​សប្បាយ​រីក​រាយ ហើយ​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ឃើញ​ការ​សម្រេច​នៃ​ពាក្យ​របស់​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ប្រហែល​២.០០០​ឆ្នាំ​មុន​ថា​៖ ​«​សេចក្ដី​ស្លាប់​អើយ តើ​ជ័យ​ជម្នះ​របស់​អ្នក​នៅ​ឯ​ណា? សេចក្ដី​ស្លាប់​អើយ តើ​ទ្រនិច​របស់​អ្នក​នៅ​ឯ​ណា?​»។ (​កូរិនថូស​ទី១ ១៥:៥៥​) សេចក្ដី​ស្លាប់​ដែល​ជា​សត្រូវ​ដ៏​ខ្លាំង​ក្លា​របស់​មនុស្ស​បាន​ត្រូវ​បំផ្លាញ​ចោល​ហើយ!