លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុ​អ្វី​យើង​ទៅ​ជា​ចាស់​ហើយ​ស្លាប់?

ហេតុ​អ្វី​យើង​ទៅ​ជា​ចាស់​ហើយ​ស្លាប់?

គោល​បំណង​របស់​ព្រះ​មិន​មែន​ឲ្យ​មនុស្សជាតិ​ស្លាប់​ទេ។ ព្រះ​បាន​បង្កើត​អាដាម​និង​អេវ៉ា​ដែល​ជា​ឪ​ពុក​ម្ដាយ​ដំបូង​របស់​យើង​ឲ្យ​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ពួក​គេ​អាច​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​បាន។ យើង​ដឹង​ដូច្នេះ​តាម​រយៈ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាដាម​អំពី​ដើម​ឈើ​មួយ​ក្នុង​សួន​អេដែន។

ព្រះ​បាន​ប្រាប់​អាដាម​ថា​៖ ​«​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី[​ផ្លែ​ពី​ដើម​] នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៧​) បើ​ព្រះ​បាន​បង្កើត​អាដាម​ឲ្យ​ទៅ​ជា​ចាស់​ហើយ​ស្លាប់ នោះ​គឺ​មិន​សម​ហេតុ​ផល​ឲ្យ​លោក​បង្គាប់​ដូច្នេះ​ទេ។ អាដាម​ដឹង​ថា បើ​គាត់​មិន​បរិភោគ​ផ្លែ​ពី​ដើម​នោះ​ទេ នោះ​គាត់​នឹង​មិន​ស្លាប់​ឡើយ។

គោល​បំណង​របស់​ព្រះ​មិន​មែន​ឲ្យ​មនុស្សជាតិ​ស្លាប់​ទេ

អាដាម​និង​អេវ៉ា​មិន​ត្រូវ​ការ​បរិភោគ​ផ្លែ​ពី​ដើម​នោះ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​របស់​ពួក​គេ​ទេ ពី​ព្រោះ​នៅ​សួន​នោះ​ពោរ​ពេញ​ទៅ​ដោយ​ផល​ផ្លែ​ជា​ច្រើន។ (​លោកុប្បត្តិ ២:៩​) ដោយ​មិន​បរិភោគ​ផ្លែ​ពី​ដើម​នោះ ប្ដី​ប្រពន្ធ​ដំបូង​នោះ​បង្ហាញ​ថា​ពួក​គេ​ស្តាប់​បង្គាប់​បុគ្គល​ដែល​បាន​ផ្ដល់​ជីវិត​ឲ្យ​ពួក​គេ។ នេះ​ក៏​បង្ហាញ​ដែរ​ថា​ពួក​គេ​ទទួល​ស្គាល់​ថា​ព្រះ​មាន​សិទ្ធិ​ណែនាំ​ពួក​គេ។

មូលហេតុ​ដែល​អាដាម និង​អេវ៉ា​ស្លាប់

ដើម្បី​យល់​អំពី​មូលហេតុ​ដែល​អាដាម​និង​អេវ៉ា​ស្លាប់ យើង​ត្រូវ​ពិចារណា​អំពី​ការ​សន្ទនា​មួយ​ដែល​ជះ​ឥទ្ធិពល​មក​លើ​យើង​ទាំង​អស់​គ្នា។ មេ​កំណាច​សាថាន​បាន​ប្រើ​សត្វ​ពស់​មួយ​ឲ្យ​និយាយ​បង្កាច់​បង្ខូច។ កំណត់​ហេតុ​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ​កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​និយាយ​ទៅ​កាន់​ស្ដ្រី​ថា​៖ ‹តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?›​»។—លោកុប្បត្តិ ៣:១

អេវ៉ា​តប​ឆ្លើយ​ថា​៖ ​«​យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន​ច្បារ​បាន តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្ដាល​សួន​ច្បារ នោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា​៖ ‹កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង​លោ​ស្លាប់›​»។ រួច​ពស់​ក៏​និយាយ​ទៅ​នាង​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ។ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»។ ដូច្នេះ​សាថាន​ចោទ​ប្រកាន់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​កុហក​ដែល​លាក់​អ្វី​ល្អ​ពី​អាដាម​និង​អេវ៉ា។—លោកុប្បត្តិ ៣:២​-​៥

អេវ៉ា​បាន​ជឿ​អ្វី​ដែល​នាង​ឮ។ នាង​បាន​សម្លឹង​មើល​ដើម​នោះ ក៏​ឃើញ​ថា​គួរ​ជា​ទី​គាប់​ចិត្ត​និង​ចង់​បាន! ដូច្នេះ​នាង​បាន​លូក​ដៃ​បេះ​ផ្លែ​នោះ ហើយ​ចាប់​ផ្ដើម​បរិភោគ។ គម្ពីរ​ក៏​ចែង​ទៀត​ថា នាង​បាន​«​ចែក​ឲ្យ​ដល់​ប្ដី​ដែរ គាត់​ក៏​បរិភោគ​តាម​»។—លោកុប្បត្តិ ៣:៦

ព្រះ​បាន​ប្រាប់​អាដាម​ថា​៖ ​«​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី[​ផ្លែ​ពី​ដើម​] នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។—លោកុប្បត្តិ ២:១៧

សូម​គិត​ទៅ​មើល ព្រះ​ឈឺ​ចិត្ត​យ៉ាង​ណា​ពេល​ឃើញ​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​មិន​ស្តាប់​បង្គាប់​លោក​ដោយ​ចេតនា! តើ​លោក​បាន​ធ្វើ​អ្វី? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អាដាម​ថា​៖ ​«​ឯង​នឹង . . . ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក។ ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​»។ (​លោកុប្បត្តិ ៣:១៧​-​១៩​) ដោយ​ហេតុ​នេះ​ហើយ ​«​អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​»។ (​លោកុប្បត្តិ ៥:៥​) អាដាម​មិន​បាន​ទៅ​ស្ថាន​សួគ៌​ឬ​ទៅ​ពិភព​វិញ្ញាណ​ណា​មួយ​ទេ។ មុន​ព្រះ​យេហូវ៉ា​បាន​បង្កើត​គាត់​ពី​ធូលី​ដី នោះ​គ្មាន​គាត់​ទេ។ ដូច្នេះ​ពេល​គាត់​ស្លាប់ គាត់​បាន​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ពោល​គឺ​លែង​មាន​គាត់​ទៀត។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់!

មូលហេតុ​ដែល​យើង​មិន​ល្អ​ឥត​ខ្ចោះ

ដោយ​សារ​អាដាម​និង​អេវ៉ា​មាន​ចេតនា​មិន​ស្តាប់​បង្គាប់​ព្រះ នោះ​ពួក​គេ​បាន​បាត់​បង់​ភាព​ល្អ​ឥត​ខ្ចោះ​និង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ រាង​កាយ​របស់​ពួក​គេ​ប្រែ​ទៅ​ជា​ចាស់​ទៅ​ៗ ពួក​គេ​ទៅ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​និង​មាន​ភាព​ខុស​ឆ្គង។ ប៉ុន្តែ​ភាព​ខុស​ឆ្គង​ដែល​មក​ពី​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​មិន​គ្រាន់​តែ​មាន​ឥទ្ធិពល​លើ​ពួក​គេ​ប៉ុណ្ណោះ​ទេ។ ពួក​គេ​បាន​ចម្លង​ភាព​ខុស​ឆ្គង​ទៅ​ដល់​កូន​ចៅ​របស់​ពួក​គេ។ រ៉ូម ៥:១២ ចែង​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់[​អាដាម​] ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។

គម្ពីរ​រៀប​រាប់​ថា​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ប្រៀប​ដូច​ជា​«​ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំ​រប​ដែល​គ្រប​លើ​ជន​ជាតិ​ទាំង​ប៉ុន្មាន​ផង​»។ (​អេសាយ ២៥:៧​) ស្បៃ​នេះ​គ្រប​លើ​មនុស្សជាតិ​ដូច​ផ្សែង​អ័ព្ទ​ពុល​ដែល​គ្មាន​អ្នក​ណា​គេច​ផុត​បាន​ឡើយ។ ពិត​ណាស់ ​«​ទាំង​អស់​គ្នា​កំពុង​ស្លាប់​ក្នុង​អាដាម​»។ (​កូរិនថូស​ទី១ ១៥:២២​) ហេតុ​នេះ នាំ​ឲ្យ​មាន​សំណួរ​មួយ​ដូច​ដែល​សាវ័ក​ប៉ូល​បាន​លើក​ឡើង​ថា​៖ ​«​តើ​អ្នក​ណា​នឹង​សង្គ្រោះ​ខ្ញុំ​ពី​រូប​កាយ​ដែល​កំពុង​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​របៀប​នេះ?​»។ តើ​ពិត​ជា​មាន​អ្នក​ដែល​អាច​សង្គ្រោះ​យើង​ឬ​ទេ?—រ៉ូម ៧:២៤