លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នក​អាច​មាន​សុភមង្គល​សូម្បី​តែ​ឥឡូវ​នេះ

អ្នក​អាច​មាន​សុភមង្គល​សូម្បី​តែ​ឥឡូវ​នេះ

នៅ​ថ្ងៃ​មួយ​នឹង​គ្មាន​អ្នក​ណា​ឈឺ ទៅ​ជា​ចាស់ ឬ​ស្លាប់​ឡើយ។ អ្នក​អាច​មាន​ជីវិត​បែប​នោះ​ដែរ! ប៉ុន្តែ​នៅ​ឥឡូវ​នេះ​មនុស្ស​ទាំង​អស់​មាន​បញ្ហា​និង​ការ​ពិបាក​ជា​ច្រើន។ តើ​មាន​អ្វី​ដែល​អាច​ជួយ​អ្នក​ឬ​ទេ? គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​មាន​ជីវិត​សប្បាយ​និង​ជីវិត​ស្កប់​ចិត្ត​សូម្បី​តែ​ឥឡូវ​នេះ។ សូម​ពិចារណា​ការ​ពិបាក​ខ្លះ​ៗ​ក្នុង​ជីវិត និង​របៀប​ដែល​គម្ពីរ​អាច​ជួយ​អ្នក។

ការ​មាន​ជីវិត​ស្កប់​ចិត្ត

ឱវាទ​ពី​គម្ពីរ: ​«​ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ការ​ស្រឡាញ់​ប្រាក់ ហើយ​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​»។ហេប្រឺ ១៣:៥

នៅ​សព្វ​ថ្ងៃ​នេះ មាន​អ្វី​ជា​ច្រើន​ក្នុង​ពិភព​លោក​ដែល​មនុស្ស​និយាយ​ថា​យើង​ត្រូវ​តែ​មាន។ ប៉ុន្តែ​គម្ពីរ​ចែង​ថា​យើង​អាច‹ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន›។ តើ​តាម​របៀប​ណា?

កុំ​«​ស្រឡាញ់​ប្រាក់​»។ ការ​«​ស្រឡាញ់​ប្រាក់​»​បាន​នាំ​ឲ្យ​មនុស្ស​សុខ​ចិត្ត​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង ទោះ​ជា​នេះ​បង្ខូច​សុខភាព បែក​បាក់​ក្រុម​គ្រួសារ មិត្ត​ភក្ដិ ខុស​សីលធម៌ ឬ​បង្ខូច​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ក៏​ដោយ។ (​ធីម៉ូថេ​ទី១ ៦:១០​) នេះ​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ណាស់! ព្រោះ​នៅ​ទី​បំផុត អ្នក​ដែល​ស្រឡាញ់​ប្រាក់​«​នឹង​មិន​ស្កប់​ចិត្ត​»​ឡើយ។—សាស្តា ៥:១០

មនុស្ស​គឺ​សំខាន់​ជាង​វត្ថុ​ទ្រព្យ។ ពិត​មែន​តែ​វត្ថុ​ទ្រព្យ​ផ្សេង​ៗ​មាន​ប្រយោជន៍។ ប៉ុន្តែ​វត្ថុ​ទ្រព្យ​មិន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ដឹង​គុណ​ចំពោះ​យើង​បាន​ទេ មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​ដូច្នេះ​បាន។ ការ​មាន‹មិត្ត​សម្លាញ់›នឹង​ជួយ​យើង​ឲ្យ​មាន​ជីវិត​ស្កប់​ចិត្ត។—សុភាសិត ១៧:១៧

យើង​អាច​មាន​សុភមង្គល​សូម្បី​តែ​ឥឡូវ​នេះ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ

ការ​ស៊ូ​ទ្រាំ​នឹង​សុខភាព​មិន​ល្អ

ឱវាទ​ពី​គម្ពីរ: ​«​ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស​»។សុភាសិត ១៧:២២

ដូច​«​ថ្នាំ​យ៉ាង​វិសេស​»​ អំណរ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​សុខភាព​មិន​ល្អ។ ប៉ុន្តែ​តើ​តាម​របៀប​ណា​យើង​អាច​មាន​អំណរ​ពេល​យើង​រង​ទុក្ខ​ដោយ​សារ​សុខភាព​មិន​ល្អ?

បង្ហាញ​ចិត្ត​ដឹង​គុណ។ បើ​យើង​ចេះ​តែ​គិត​អំពី​បញ្ហា​របស់​យើង នោះ​«​អស់​ទាំង​ថ្ងៃ​»​នឹង​ដូច​ជា​អាក្រក់។ (​សុភាសិត ១៥:១៥​) ផ្ទុយ​ទៅ​វិញ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​បង្ហាញ​អំណរ​គុណ​»។ (​កូឡុស ៣:១៥​) សូម​រៀន​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ល្អ​ៗ​ក្នុង​ជីវិត ទោះ​ជា​អ្វី​នោះ​គឺ​តូច​តាច​ក្ដី ដូច​ជា​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត ខ្យល់​បក់​ល្ហើយ​ៗ ស្នាម​ញញឹម​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ អ្វី​ទាំង​អស់​នេះ​អាច​ជួយ​ឲ្យ​ជីវិត​របស់​យើង​មាន​ន័យ​ខ្លឹម​សារ។

ជួយ​អ្នក​ឯ​ទៀត។ ទោះ​ជា​សុខភាព​របស់​យើង​គឺ​មិន​ល្អ​ក្ដី តែ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្មភាព ២០:៣៥​) ពេល​អ្នក​ឯ​ទៀត​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ នោះ​យើង​នឹង​សប្បាយ​ជាង​និង​មិន​គិត​ច្រើន​ពេក​អំពី​បញ្ហា​របស់​យើង។ យើង​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ប្រសើរ​ជាង​ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ពួក​គេ​មាន​ជីវិត​ល្អ​ប្រសើរ​ជាង។

ការ​ពង្រឹង​ចំណង​អាពាហ៍​ពិពាហ៍

ឱវាទ​ពី​គម្ពីរ: ចូរ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ភីលីព ១:១០

ប្ដី​ប្រពន្ធ​ដែល​ចំណាយ​ពេល​តែ​បន្តិច​បន្តួច​ជា​មួយ​គ្នា​អាច​បង្ខូច​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ។ យ៉ាង​នេះ ប្ដី​និង​ប្រពន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ដោយ​ចាត់​ទុក​ថា​នេះ​ជា​អ្វី​មួយ​ដែល​សំខាន់​ជាង​ក្នុង​ចំណោម​អ្វី​ៗ​ដែល​សំខាន់​ក្នុង​ជីវិត។

ចំណាយ​ពេល​ជា​មួយ​គ្នា។ ជា​ជាង​ទុក​ឲ្យ​អ្វី​ៗ​កើត​ឡើង​ដោយ​ចៃដន្យ យក​ល្អ​ឲ្យ​យើង​រៀប​ចំ​គម្រោង​ដើម្បី​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា។ គម្ពីរ​ចែង​ថា​៖ ​«​មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង​»។ (​សាស្តា ៤:៩​) ដូច្នេះ អ្នក​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា ដូច​ជា​ធ្វើ​ម្ហូប ហាត់​ប្រាណ ឬ​ដើរ​លេង​ជា​ដើម។

បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក។ គម្ពីរ​លើក​ទឹក​ចិត្ត​ប្ដី​និង​ប្រពន្ធ​ឲ្យ​ស្រឡាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ (​អេភេសូរ ៥:២៨, ៣៣​) ការ​ញញឹម​យ៉ាង​កក់​ក្ដៅ ការ​ឱប​ដោយ​សេចក្ដី​ស្រឡាញ់ ឬ​ការ​ជូន​អំណោយ​តូច​មួយ​អាច​ពង្រឹង​ចំណង​អាពាហ៍​ពិពាហ៍​ច្រើន​ណាស់។ ពិត​ណាស់ ប្ដី​ប្រពន្ធ​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​រួម​ដំណេក​តែ​ជា​មួយ​គូរ​របស់​ខ្លួន​ប៉ុណ្ណោះ។—ហេប្រឺ ១៣:៤