លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការព្យាករណ៍អំពីអនាគត

ការព្យាករណ៍អំពីអនាគត

តើ​អ្នក​ធ្លាប់​ឆ្ងល់​ឬ​ទេ​ថា​អនាគត​របស់​អ្នក​និង​របស់​ក្រុម​គ្រួសារ​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? តើ​នឹង​ទៅ​ជា​អ្នក​មាន​សម្បូរ​សប្បាយ​ឬ​ជួប​អន្តរាយ នឹង​មាន​ស្នេហា​ឬ​នៅ​ម្នាក់​ឯង? តើ​អ្នក​នឹង​មាន​អាយុ​វែង​ឬ​អាយុ​ខ្លី? មនុស្ស​ឆ្ងល់​សំណួរ​ទាំង​នេះ​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

សព្វ​ថ្ងៃ​នេះ មាន​អ្នក​ជំនាញ​ដែល​សិក្សា​ស្រាវ​ជ្រាវ​អំពី​និន្នាការ​ពិភព​លោក ដើម្បី​ព្យាករណ៍​អំពី​អនាគត។ ពិត​មែន មាន​ទំនាយ​ជា​ច្រើន​ដែល​ក្លាយ​ជា​ការ​ពិត តែ​ក៏​មាន​ខ្លះ​ទៀត​ដែល​មិន​ក្លាយ​ជា​ការ​ពិត ហើយ​ខ្លះ​ទៀត​ផ្ទុយ​ពី​ការ​ពិត​ទាំង​ស្រុង។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩១២ លោក​ហ្គូគ្លៀម៉ូ ម៉ាខូនី ដែល​ជា​អ្នក​ឆ្នៃ​ប្រឌិត​ម៉ាស៊ីន​ទូរលេខ​ដែល​មិន​ប្រើ​ខ្សែ បាន​ព្យាករណ៍​ថា​៖ ​«​នៅ​សម័យ​ខាង​មុខ​ដែល​មិន​ចាំ​បាច់​ភ្ជាប់​ខ្សែ​ដើម្បី​ទាក់​ទង​គ្នា​នោះ សង្គ្រាម​នឹង​មិន​អាច​កើត​ឡើង​ទេ​»។ ម្យ៉ាង​ទៀត នៅ​ឆ្នាំ​១៩៦២ ភ្នាក់ងារ​ម្នាក់​នៃ​ផលិតកម្ម​ចម្រៀង (​Decca​) បាន​ជឿ​ថា​នៅ​ថ្ងៃ​មុខ​ក្រុម​លេង​ហ្គីតា​នឹង​លែង​ល្បី​ល្បាញ​ទៀត។

មនុស្ស​ជា​ច្រើន​ស្វែង​រក​ការ​ណែនាំ​ពី​តារា​សាស្ត្រ​និងហោរាសាស្ត្រ ដែល​មាន​ជា​ទៀង​ទាត់​ក្នុង​ទស្សនាវដ្ដី​និង​កាសែត​ជាច្រើន។ អ្នក​ខ្លះ​ទៀត​ជួប​គ្រូ​ទាយ​ឬ​គ្រូ​មន្តអាគម​ដែល​អះអាង​ថា​អាច​ទស្សន៍​ទាយ​អំពី​អនាគត តាម​រយៈ​ការ​មើល​សន្លឹក​បៀ គន់​គូរ​លេខ ឬ​មើល​បាត​ដៃ។

មនុស្ស​ខ្លះ​ដែល​នៅ​សម័យ​បុរាណ​ខំ​ស្វែង​យល់​អំពី​អនាគត​ដោយ​ជួប​ពួក​សង្ឃ​ដែល​អះអាង​ថា​ពួក​គេ​ទទួល​ព័ត៌មាន​ពី​ព្រះ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ គេ​បាន​និយាយ​ថា​ស្ដេច​ក្រូស៊ូ​នៃ​ស្រុក​លីឌា​បាន​បញ្ជូន​អំណោយ​ដ៏​មាន​តម្លៃ​ដល់​សង្ឃ​នៅ​ភូមិ​ដេហ្វី ប្រទេស​ក្រិក ដើម្បី​ឲ្យ​សង្ឃ​នោះ​ប្រាប់​ទុក​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​គាត់​ចេញ​ទៅ​ច្បាំង​នឹង​ស្ដេច​ស៊ីរូស​នៃ​ស្រុក​ពើស៊ី។ សង្ឃ​នោះ​បាន​និយាយ​ថា​ស្ដេច​ក្រូស៊ូ​នឹង​បំផ្លាញ​«​ចក្រភព​ដ៏​ខ្លាំង​ក្លា​មួយ​»​ បើ​គាត់​ច្បាំង​ជាមួយ​នឹង​ស៊ីរូស។ ដោយ​មាន​ទំនុក​ចិត្ត​នឹង​ជ័យ​ជម្នះ ស្ដេច​ក្រូស៊ូ​បាន​ចេញ​ទៅ​ច្បាំង ប៉ុន្តែ​ចក្រភព​ដ៏​ខ្លាំង​ក្លា​ដែល​បាន​ត្រូវ​បំផ្លាញ​នោះ គឺ​ជា​ចក្រភព​របស់​គាត់។

អ្វី​ដែល​គ្រូ​ទាយ​នោះ​ព្យាករណ៍​គឺ​គ្មាន​ប្រយោជន៍​ទេ នោះ​មើល​ទៅ​ដូច​ជា​ការ​ពិត​ទោះ​ជា​ខាង​ណា​ឈ្នះ​ក្នុង​សង្គ្រាម​ក៏​ដោយ។ ស្ដេច​ក្រូស៊ូ​បាន​ជួប​អន្តរាយ​ធំ​ដោយ​សារ​ទទួល​ព័ត៌មាន​មិន​ពិត។ នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ដែល​ប្រើ​វិធី​សាស្ត្រ​ពេញ​និយម​ដើម្បី​ទស្សន៍​ទាយ​អំពី​អនាគត​ទទួល​លទ្ធផល​ល្អ​ជាង​ឬ​ទេ?