អ្នកអាចរស់ជារៀងរហូតលើផែនដីនេះ
សេចក្ដីសន្យានេះអស្ចារ្យណាស់! ព្រះដែលជាអ្នកបង្កើតយើងបានសន្យាផ្ដល់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដីនេះ។ ប៉ុន្តែ មនុស្សជាច្រើនពិបាកជឿរឿងនេះ។ ពួកគេនិយាយថា៖ ‹គ្រប់គ្នាគេចមិនផុតពីសេចក្ដីស្លាប់ទេ។ នេះគឺជាដំណើរនៃការកើតចាស់ឈឺស្លាប់›។ អ្នកខ្លះទៀតគិតថាមនុស្សអាចរស់ជារៀងរហូតបាន តែមិនមែននៅផែនដីនេះទេ។ ពួកគេនិយាយថាជីវិតដែលគ្មានទីបញ្ចប់អាចទទួលបានលុះត្រាតែក្រោយពីយើងស្លាប់ហើយទៅស្ថានសួគ៌។ តើអ្នកគិតយ៉ាងណា?
មុនឆ្លើយ សូមពិចារណាចម្លើយពីគម្ពីរចំពោះសំណួរបីនេះ៖ តើតាមរបៀបណាយើងអាចដឹងថាព្រះបានបង្កើតមនុស្សមកឲ្យរស់ជារៀងរហូត? តើអ្វីជាគោលបំណងដើមរបស់ព្រះចំពោះផែនដីនិងមនុស្សជាតិ? ហេតុអ្វីមនុស្សស្លាប់?
លក្ខណៈពិសេសរបស់មនុស្ស
ក្នុងចំណោមជីវិតទាំងឡាយដែលព្រះបានបង្កើតនៅលើផែនដី មនុស្សគឺពិតជាពិសេស។ ហេតុអ្វី? គម្ពីរបញ្ជាក់ថាមានតែមនុស្សប៉ុណ្ណោះដែលបានត្រូវបង្កើតមកឲ្យមាន«លក្ខណៈ» ឬ«ភាព»ដូចព្រះ។ (ដើមកំណើត ១:២៦, ២៧) តើមានន័យយ៉ាងណា? គឺមានន័យថាមនុស្សជាតិបានត្រូវបង្កើតមកឲ្យមានបុគ្គលិកលក្ខណៈនិងគុណសម្បត្តិដូចព្រះ ដូចជាសេចក្ដីស្រឡាញ់និងសេចក្ដីយុត្តិធម៌ជាដើម។
បន្ថែមទៅទៀត មនុស្សជាតិបានត្រូវបង្កើតមកឲ្យមានសមត្ថភាពគិតគូរ ចេះវែកញែក ដឹងអាក្រក់ល្អ និងចង់មានមិត្តភាពជាមួយនឹងព្រះ។ ហេតុនេះហើយបានជាយើងអាចយល់អំពីភាពអស្ចារ្យនៃធម្មជាតិនិងសកលលោកនេះ។ ម្យ៉ាងទៀត យើងក៏អាចសប្បាយនឹងសិល្បៈ តន្ត្រី និងកំណាព្យដែរ។ សំខាន់បំផុត មនុស្សជាតិមានសមត្ថភាពពិសេសអាចបណ្ដុះចំណងមិត្តភាពជាមួយនឹងព្រះដែលជាអ្នកបង្កើត។ ដោយសារមនុស្សមានគុណសម្បត្តិទាំងអស់នេះហើយ បានជាមនុស្សខុសគ្នាឆ្ងាយពីភាវរស់ឯទៀតទាំងអស់នៅលើផែនដីនេះ។
ហេតុនេះ សូមពិចារណាដូចតទៅ៖ បើព្រះគ្រាន់តែឲ្យមនុស្សយើងរស់នៅសម្រាប់រយៈពេលខ្លីប៉ុណ្ណោះ ហេតុអ្វីលោកបានផ្ដល់ឲ្យយើងនូវគុណសម្បត្តិដ៏អស្ចារ្យទាំងនេះ ថែមទាំងសមត្ថភាពដែលគ្មានកម្រិតដើម្បីបណ្ដុះនិងបង្កើនគុណសម្បត្តិទាំងនោះ? ការពិតគឺព្រះបានផ្ដល់គុណសម្បត្តិនិងសមត្ថភាពពិសេសទាំងនេះដល់យើងដើម្បីយើងអាចរស់ជារៀងរហូតនៅលើផែនដីនេះ។
គោលបំណងដើមរបស់ព្រះ
ក៏ប៉ុន្តែ មនុស្សខ្លះនិយាយថាព្រះគ្មានគោលបំណងឲ្យមនុស្សរស់រហូតនោះទេ។ ពួកគេអះអាងថាព្រះបានបង្កើតផែនដីមកគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ទុកជាកន្លែងពិសោធន៍ដើម្បីឲ្យដឹងថាអ្នកណាសមនឹងឡើងទៅស្ថានសួគ៌ ហើយរស់ជារៀងរហូតជាមួយព្រះ។ តែបើនោះជាការពិត គឺហាក់ដូចជាព្រះត្រូវទទួលខុសត្រូវចំពោះអំពើអាក្រក់ដែលមានពេញផែនដីនេះ មែនទេ? នេះផ្ទុយពីលក្ខណៈរបស់ព្រះទាំងការបំភ្លឺច្បាប់ ៣២:៤
ស្រុង។ គម្ពីរចែងអំពីព្រះថា៖ «គ្រប់ទាំងផ្លូវរបស់លោកសុទ្ធតែយុត្តិធម៌។ ព្រះនៃសេចក្ដីស្មោះត្រង់ មិនដែលប្រព្រឹត្តដោយអយុត្តិធម៌ឡើយ លោកគឺសុចរិតនិងទៀងត្រង់ជានិច្ច»។—គម្ពីរបង្ហាញយ៉ាងច្បាស់អំពីគោលបំណងដើមរបស់ព្រះចំពោះផែនដី ដោយចែងថា៖ «ស្ថានសួគ៌ជារបស់ព្រះយេហូវ៉ា តែលោកបានប្រគល់ផែនដីឲ្យមនុស្សជាតិ»។ (ចម្រៀងសរសើរព្រះ ១១៥:១៦) មែនហើយ ព្រះបានបង្កើតផែនដី ជាកន្លែងដ៏ស្អាតនិងស្ថិតស្ថេរសម្រាប់មនុស្ស ហើយលោកបានបង្កើតអ្វីទាំងអស់ដែលយើងត្រូវការ ដើម្បីឲ្យជីវិតមានន័យខ្លឹមសារនិងរស់ជារៀងរហូត។—ដើមកំណើត ២:៨, ៩
«ស្ថានសួគ៌ជារបស់ព្រះយេហូវ៉ា តែលោកបានប្រគល់ផែនដីឲ្យមនុស្សជាតិ»។—ចម្រៀងសរសើរព្រះ ១១៥:១៦
គម្ពីរប្រាប់ជាក់លាក់អំពីគោលបំណងរបស់ព្រះចំពោះមនុស្សជាតិ។ លោកបានបង្គាប់ប្ដីប្រពន្ធដំបូងឲ្យ«បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ហើយចូរគ្រប់គ្រងផែនដី ព្រមទាំងកាន់កាប់លើ . . . សត្វទាំងឡាយដែលនៅផែនដី»។ (ដើមកំណើត ១:២៨) ពួកគេមានឯកសិទ្ធិមែនដែលអាចថែទាំនិងពង្រីកសួនឧទ្យាននៅផែនដី! លើសពីនេះទៀត អាដាមនិងអេវ៉ាដែលជាប្ដីប្រពន្ធដំបូងព្រមទាំងកូនចៅជំនាន់ក្រោយរបស់ពួកគេមានសេចក្ដីសង្ឃឹម នោះគឺជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដីនេះ មិនមែននៅស្ថានសួគ៌ទេ។
ហេតុអ្វីយើងស្លាប់?
បើដូច្នេះ ហេតុអ្វីយើងស្លាប់? គម្ពីរប្រាប់ថាមានបុគ្គលវិញ្ញាណមួយរូប ដែលក្រោយមកបានត្រូវហៅថាមេកំណាចសាថានដែលបះបោរ វាបានព្យាយាមបង្ខូចការរៀបចំរបស់ព្រះក្នុងសួនអេដែន។ តើតាមរបៀបណា?
សាថានបានញុះញង់អាដាមនិងអេវ៉ាដែលជាឪពុកម្ដាយដំបូងរបស់យើង ឲ្យចូលរួមជាមួយវាក្នុងការបះបោរប្រឆាំងព្រះ។ ពេលសាថានបានអះអាងថាព្រះបានលាក់អ្វីល្អពីពួកគេ ពួកគេបានជឿតាមសាថាន ហើយបះបោរប្រឆាំងនឹងព្រះ។ តើនាំឲ្យមានលទ្ធផលយ៉ាងណា? ក្រោយមក ពួកគេបានស្លាប់ដូចដែលព្រះធ្លាប់ព្រមាន។ ពួកគេបានបាត់បង់សេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីដែលជាសួនឧទ្យាន។—ដើមកំណើត ២:១៧; ៣:១-៦; ៥:៥
ការបះបោររបស់អាដាមនិងអេវ៉ាមានឥទ្ធិពលមកលើមនុស្សទាំងអស់រហូតដល់សព្វថ្ងៃនេះ។ បណ្ដាំរបស់ព្រះចែងថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលមកតាមរយៈភាពខុសឆ្គង នោះសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់»។ (រ៉ូម ៥:១២) យើងស្លាប់ដោយសារយើងបានទទួលភាពខុសឆ្គងនិងសេចក្ដីស្លាប់ពីឪពុកម្ដាយដំបូងរបស់យើង មិនមែនដោយសារព្រះបានរៀបចំផែនការទុកជាមុននោះទេ។
អ្នកអាចរស់ជារៀងរហូតនៅលើផែនដីនេះ
ការបះបោរនៅសួនអេដែនមិនបានបញ្ឈប់គោលបំណងដើមរបស់ព្រះចំពោះមនុស្សជាតិនិងផែនដីឡើយ។ ដោយសារសេចក្ដីស្រឡាញ់និងភាពយុត្តិធម៌ដ៏ល្អឥតខ្ចោះរបស់ព្រះ លោកបានចាត់វិធានការដើម្បីរំដោះយើងពីភាពជាខ្ញុំបម្រើនៃអំពើខុសឆ្គងនិងសេចក្ដីស្លាប់។ សាវ័កប៉ូលបានពន្យល់ថា៖ «ប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់ តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូ ជាម្ចាស់របស់យើង»។ (រ៉ូម ៦:២៣) ដោយសេចក្ដីស្រឡាញ់ ព្រះបាន«ឲ្យបុត្រតែមួយរបស់លោក[លោកយេស៊ូគ្រិស្ត] ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូហាន ៣:១៦) ដោយលះបង់ជីវិតខ្លួនជាគ្រឿងបូជាលោះ លោកយេស៊ូបានសងអ្វីទាំងអស់ដែលបានបាត់បង់ដោយសារអាដាម។ a
មិនយូរទៀត សេចក្ដីសន្យារបស់ព្រះអំពីសួនឧទ្យាននៅផែនដីនឹងក្លាយជាការពិត។ អ្នកអាចមានអនាគតដ៏ត្រចះត្រចង់នេះបាន បើអ្នកធ្វើតាមការព្រមានរបស់លោកយេស៊ូ ដែលថា៖ «ចូរចូលតាមខ្លោងទ្វារតូច ពីព្រោះផ្លូវនិងខ្លោងទ្វារដែលនាំទៅដល់ការវិនាសជីវិត គឺធំហើយទូលាយផង ក៏មានមនុស្សច្រើនចូលតាមផ្លូវនោះ។ រីឯផ្លូវដែលទៅឯជីវិត នោះចង្អៀត ក៏មានខ្លោងទ្វារតូចផង ហើយមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) ពិតមែន អនាគតរបស់អ្នកគឺនៅក្នុងដៃអ្នក។ តើអ្នកនឹងធ្វើយ៉ាងណា?
a ដើម្បីទទួលព័ត៌មានថែមទៀតអំពីប្រយោជន៍ដែលអ្នកអាចទទួលពីថ្លៃលោះ សូមមើលមេរៀនទី២៧ក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា ហើយអាចថតចម្លងដោយឥតគិតថ្លៃតាមគេហទំព័រwww.pr418.com/km។