លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីសន្យាដែលនឹងក្លាយជាការពិត

សេចក្ដីសន្យាដែលនឹងក្លាយជាការពិត

ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​កំពុង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ទូទាំង​ផែនដី ដូច​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន។ (​ម៉ាថាយ ២៤:១៤​) សៀវភៅ​ដានីយ៉ែល​នៅ​ក្នុង​គម្ពីរ ប្រាប់​យើង​ថា​រាជាណាចក្រ​នេះ​គឺ​ជា​រដ្ឋាភិបាល​របស់​ព្រះ។ នៅ​ជំពូក​ទី​២​នៃ​សៀវភៅ​នោះ​រៀប​រាប់​អំពី​ទំនាយ​ស្ដី​អំពី​លំដាប់​នៃ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល ឬ​រាជាណាចក្រ​របស់​មនុស្ស តាំង​ពី​បាប៊ីឡូន​សម័យ​បុរាណ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ នៅ​ខ​៤៤​ប្រាប់​ទុក​ជា​មុន​អំពី​ថ្ងៃ​អនាគត ដែល​ចែង​ថា​៖

«​ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង​ដែល​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​មនុស្ស​ណា​ដែរ។ រាជាណាចក្រ​នេះ​នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ​ទាំង​អស់​នោះ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។

ទំនាយ​នេះ​និង​ទំនាយ​ឯ​ទៀត​ក្នុង​គម្ពីរ​ប្រាប់​ទុក​ជា​មុន​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​ជំនួស​ការ​គ្រប់​គ្រង​ទាំង​អស់​របស់​មនុស្ស ហើយ​នាំ​មក​នូវ​សណ្ដាប់​ធ្នាប់​នៅ​ផែនដី​និង​ការ​គ្រប់​គ្រង​ដែល​ស្ថិត​ស្ថេរ។ ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ តើ​ជីវិត​មនុស្ស​នឹង​មាន​ស្ថានភាព​បែប​ណា? មិន​យូរ​ទៀត សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​មួយ​ចំនួន​នឹង​ក្លាយ​ជា​ការ​ពិត។

  • នឹង​លែង​មាន​សង្គ្រាម

    ចម្រៀង​សរសើរ​ព្រះ ៤៦:៩ ចែង​ថា​៖ ​«​លោក​[​ព្រះ​]​នឹង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត លោក​បំបាក់​ធ្នូ ហើយ​កម្ទេច​លំពែង លោក​ដុត​រទេះ​ចម្បាំង​ចោល​ទាំង​អស់​»។

    សូម​ស្រមៃ​គិត ពិភព​លោក​នឹង​ទៅ​ជា​យ៉ាង​ណា បើ​គេ​យក​លុយ​និង​ជំនាញ​ដែល​គេ​កំពុង​ប្រើ​ដើម្បី​ផលិត​អាវុធ​សម្រាប់​សម្លាប់​មនុស្ស មក​ផលិត​អ្វី​ដែល​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​វិញ! សេចក្ដី​សន្យា​នោះ​នឹង​ទៅ​ជា​ការ​ពិត​ក្រោម​រាជាណាចក្រ​របស់​ព្រះ។

  • នឹង​លែង​មាន​ជំងឺ

    អេសាយ ៣៣:២៤ ចែង​ថា​៖ ​«​ពួក​គេ​នឹង​មិន​និយាយ​ថា​៖ ‹ខ្ញុំ​ឈឺ›​ទៀត​ឡើយ​»។

    សូម​គិត​អំពី​ពិភព​លោក​មួយ​ដែល​គ្មាន​អ្នក​ណា​រង​ទុក្ខ​ពី​ជំងឺ​បេះ​ដូង មហា​រីក គ្រុន​ចាញ់ ឬ​ជំងឺ​ផ្សេង​ៗ​ទៀត។ យើង​នឹង​លែង​ត្រូវ​ការ​មន្ទីរ​ពេទ្យ និង​ឱសថ។ នៅ​ថ្ងៃ​អនាគត មនុស្ស​នៅ​ផែនដី​នឹង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។

  • នឹង​លែង​មាន​ការ​អត់​ឃ្លាន

    ចម្រៀង​សរសើរ​ព្រះ ៧២:១៦ ចែង​ថា​៖ ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ ចំណែក​នៅ​តាម​កំពូល​ភ្នំ​វិញ​នឹង​មាន​ស្រូវ​ហៀរ​ហូរ​»។

    នៅ​ផែនដី​នឹង​មាន​អាហារ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​មនុស្ស​ទាំង​អស់​នឹង​ទទួល។ ការ​អត់​ឃ្លាន​និង​ការ​ខ្វះ​ជីវជាតិ​នឹង​លែង​មាន​ទៀត។

  • នឹង​លែង​មាន​ការ​ឈឺ​ចាប់ ទុក្ខ​ព្រួយ​និង​សេចក្ដី​ស្លាប់

    ការ​បើក​បង្ហាញ ២១:៤ ចែង​ថា​៖ ​«​លោក​[​ព្រះ​]​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។

    នេះ​មាន​ន័យ​ថា​មនុស្ស​នឹង​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន! ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បាន​សន្យា​ដូច្នោះ។

​«​នឹង​បាន​សម្រេច​គ្រប់​ជំពូក​»​

តើ​អ្វី​ទាំង​អស់​នេះ​អស្ចារ្យ​ពេក​ដែល​ពិបាក​នឹង​ជឿ​ឬ? ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​យល់​ស្រប​ថា​ជីវិត​ដែល​បាន​ត្រូវ​សន្យា​ក្នុង​គម្ពីរ​គឺ​ជា​ជីវិត​ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន តែ​មនុស្ស​ជា​ច្រើន​គិត​ថា​ការ​រស់​ជា​រៀង​រហូត​គឺ​ពិបាក​យល់​ថា​គឺ​ជា​ជីវិត​បែប​ណា។ នោះ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​គ្មាន​មនុស្ស​ណា​ធ្លាប់​មាន​ជីវិត​ដូច​នោះ ដើម្បី​ប្រាប់​យើង​ថា​គឺ​យ៉ាង​ណា​ឡើយ។

មនុស្សជាតិ​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​បាន​រង​ទុក្ខ និង​ឈឺ​ចាប់​អស់​រយៈ​ពេល​ដ៏​យូរ ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា​ជីវិត​បែប​នេះ​គឺ​ជា​រឿង​ធម្មតា ឬ​ជា​ធម្មជាតិ​របស់​មនុស្ស។ ប៉ុន្តែ​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត ដែល​មាន​ចំពោះ​មនុស្សជាតិ។

ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​សេចក្ដី​សន្យា​ដ៏​ពិត​ប្រាកដ​ទាំង​អស់​របស់​លោក ព្រះ​យេហូវ៉ា​បាន​លើក​បញ្ជាក់​ក្នុង​បណ្ដាំ​របស់​លោក​ថា​សេចក្ដី​សន្យា​ទាំង​នោះ​នឹង​«​មិន​វិល​ត្រឡប់​មក​ខ្ញុំ​វិញ​ដោយ​គ្មាន​លទ្ធផល​នោះ​ទេ តែ​នឹង​កើត​ឡើង​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ជា​មិន​ខាន ហើយ​កិច្ច​ការ​អ្វី​ដែល​ខ្ញុំ​ចាត់​ឲ្យ​ធ្វើ​នឹង​បាន​សម្រេច​គ្រប់​ជំពូក​»។—អេសាយ ៥៥:១១

គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​លោក​ជា​ព្រះ​ដែល​«​មិន​អាច​កុហក​»។ (​ទីតុស ១:២​) ដោយ​សារ​លោក​បាន​សន្យា​អំពី​អ្វី​ដ៏​អស្ចារ្យ​ទាំង​នេះ​សម្រាប់​អនាគត គឺ​ជា​ការ​ល្អ​ដែល​យើង​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖ តើ​មនុស្ស​ពិត​ជា​អាច​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​លើ​ផែនដី ដូច​ព្រះ​បាន​សន្យា​ឬ​ទេ? តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​អ្វី​ដែល​ព្រះ​បាន​សន្យា? នៅ​អត្ថបទ​បន្ត​បន្ទាប់ អ្នក​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។