លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ការយកចិត្តទុកដាក់នឹងអ្នកឯទៀតនាំឲ្យទទួលប្រយោជន៍យូរអង្វែង

ការយកចិត្តទុកដាក់នឹងអ្នកឯទៀតនាំឲ្យទទួលប្រយោជន៍យូរអង្វែង

ខ្ញុំ ម្ដាយ​ខ្ញុំ និង​ផាត​ប្អូន​ស្រី​ខ្ញុំ​នៅ​ឆ្នាំ​១៩៤៨

«​វិហារ​អានគ្លីគិន​មិន​បង្រៀន​សេចក្ដី​ពិត​ទេ។ ស្វែង​រក​សេចក្ដី​ពិត​ត​ទៅ​ទៀត​ចុះ​»។ ក្រោយ​ពី​យាយ​របស់​ខ្ញុំ​ដែល​កាន់​គ្រិស្ត​សាសនា​និកាយ​អានគ្លីគិន​បាន​និយាយ​ដូច្នេះ ម្ដាយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្វែង​រក​សាសនា​ពិត។ ប៉ុន្តែ គាត់​មិន​ចង់​និយាយ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ទេ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​ពួន​ពេល​ពួក​គេ​មក​ផ្ទះ​យើង​នៅ​ក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា។ ប៉ុន្តែ​ពេល​ប្អូន​ស្រី​ម្ដាយ​ខ្ញុំ​ដែល​ត្រូវ​ជា​មីង​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៥០ ម្ដាយ​ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​គាត់​ដែរ។ ពួក​គាត់​បាន​រៀន​គម្ពីរ​នៅ​ផ្ទះ​មីង​ខ្ញុំ ហើយ​ក្រោយ​មក​ទាំង​ពីរ​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

ឪពុក​ខ្ញុំ​ជា​គ្រូ​គង្វាល​នៅ​វិហារ​រួប​រួម​នៃ​ប្រទេស​កាណាដា​ក្នុង​តំបន់​យើង ដូច្នេះ​រាល់​សប្ដាហ៍​គាត់​ឲ្យ​ខ្ញុំ​និង​ប្អូន​ស្រី​ខ្ញុំ​ទៅ​រៀន​នៅ​វិហារ​សម្រាប់​ថ្នាក់​ក្មេង​ៗ​នា​ព្រឹក​ថ្ងៃ​អាទិត្យ។ ក្រោយ​មក យើង​បាន​ចូល​វិហារ​ជា​មួយ​គាត់​នៅ​ម៉ោង​១១​ព្រឹក។ នៅ​ពេល​រសៀល យើង​ទៅ​សាល​ប្រជុំ​ជា​មួយ​ម្ដាយ​យើង។ ហេតុ​នេះ យើង​ងាយ​ឃើញ​ភាព​ខុស​គ្នា​រវាង​សាសនា​ទាំង​ពីរ​នេះ។

ខ្ញុំ​ជា​មួយ​ក្រុម​គ្រួសារ​ហាច់ឆេសិន ក្នុង​អំឡុង​សន្និបាត​អន្តរជាតិ​ប្រធាន​ថា​បំណង​ប្រាថ្នា​របស់​ព្រះ ឆ្នាំ​១៩៥៨

ម្ដាយ​ខ្ញុំ​បាន​ប្រាប់​ជំនឿ​ថ្មី​របស់​គាត់​ដល់​មិត្ត​ដែល​គាត់​ស្គាល់​យូរ​ហើយ គឺ​ពូ​បប​និង​មីង​ម៉ារីអិន ហាច់ឆេសិន ហើយ​ពួក​គាត់​ក៏​ទទួល​សេចក្ដី​ពិត​ដែរ។ នៅ​ឆ្នាំ​១៩៥៨ ប្ដី​ប្រពន្ធ​នោះ​បាន​យក​ខ្ញុំ​និង​កូន​ប្រុស​បី​នាក់​របស់​ពួក​គាត់​ទៅ​សន្និបាត​អន្តរជាតិ​រយៈ​ពេល​៨​ថ្ងៃ​ដែល​មាន​ប្រធាន​ថា បំណង​ប្រាថ្នា​របស់​ព្រះ នៅ​ក្រុង​ញូវយ៉ក។ ពេល​គិត​អំពី​ពេល​នោះ ទើប​ខ្ញុំ​ដឹង​ថា​ពួក​គាត់​ពិបាក​យ៉ាង​ណា​ដើម្បី​យក​ខ្ញុំ​ទៅ​ជា​មួយ ប៉ុន្តែ​សន្និបាត​នោះ​គឺ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ជីវិត​ខ្ញុំ។

ការ​យក​ចិត្ត​ទុក​ដាក់​ពី​បង​ប្អូន​បាន​ជះ​ឥទ្ធិពល​លើ​អនាគត​ខ្ញុំ

ពេល​ខ្ញុំ​មាន​វ័យ​ជំទង់ ខ្ញុំ​បាន​រស់​នៅ​កសិដ្ឋាន​ចិញ្ចឹម​សត្វ។ ខ្ញុំ​ចូល​ចិត្ត​មើល​ថែ​សត្វ​ណាស់​នៅ​ទី​នោះ។ ដូច្នេះ ខ្ញុំ​បាន​គិត​អំពី​ការ​រៀន​ទៅ​ជា​ពេទ្យ​សត្វ។ ម្ដាយ​ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ទៅ​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ អ្នក​ចាស់​ទុំ​នោះ​បាន​រំលឹក​ខ្ញុំ​ដោយ​សប្បុរស​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​សួរ​ខ្ញុំ​ថា​តើ​ការ​រៀន​នៅ​សកល​វិទ្យាល័យ​ប៉ុន្មាន​ឆ្នាំ​នឹង​ប៉ះ​ពាល់​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​២ធី. ៣:១​) ជា​លទ្ធផល ខ្ញុំ​បាន​សម្រេច​ចិត្ត​មិន​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ។

ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ក្រោយ​ពី​រៀន​ចប់​វិទ្យាល័យ។ ទោះ​ជា​ខ្ញុំ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​រាល់​សប្ដាហ៍​ក្ដី ខ្ញុំ​មិន​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ឡើយ។ ទន្ទឹម​នឹង​នោះ ឪពុក​និង​ពូ​របស់​ខ្ញុំ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ពេញ​ពេល​នៅ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រ៉​ង​ធំ​មួយ​ក្នុង​ក្រុង​តូរ៉ុនតូ។ ពូ​ខ្ញុំ​មាន​មុខ​តំណែង​ខ្ពស់​នៅ​ទី​នោះ ដូច្នេះ​ខ្ញុំ​ព្រម​ទទួល​យក​ការ​ងារ​នោះ។

នៅ​ក្រុង​តូរ៉ុនតូ ខ្ញុំ​ធ្វើ​ការ​ថែម​ម៉ោង​ជា​ញឹក​ញាប់ និង​ឧស្សាហ៍​សេព​គប់​ជា​មួយ​ពួក​អ្នក​មិន​ជឿ ហើយ​នេះ​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​និង​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ ដំបូង ខ្ញុំ​រស់​នៅ​ជា​មួយ​តា​ខ្ញុំ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ប៉ុន្តែ​ក្រោយ​ពី​គាត់​បាន​ស្លាប់​ទៅ ខ្ញុំ​ត្រូវ​រក​កន្លែង​ផ្សេង​ដើម្បី​ស្នាក់​នៅ។

ពូ​និង​មីង​ហាច់ឆេសិន​ដែល​បាន​យក​ខ្ញុំ​ទៅ​មហា​សន្និបាត​នៅ​ឆ្នាំ​១៩៥៨ គឺ​ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ​ខ្ញុំ។ ពួក​គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​រស់​នៅ​ជា​មួយ​ពួក​គាត់ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩៦០ ខ្ញុំ​និង​បង​ចន​ដែល​ជា​កូន​ប្រុស​របស់​ពួក​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ បង​ចន​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ ហើយ​នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន។ បង​ប្រុស​ៗ​ក្នុង​ក្រុម​ជំនុំ​បាន​កត់​សម្គាល់​ថា​ខ្ញុំ​កាន់​តែ​មាន​ភាព​ចាស់​ទុំ ហើយ​ទី​បំផុត​ខ្ញុំ​បាន​ទទួល​ភារកិច្ច​មួយ​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត។

ដៃ​គូ​ដ៏​អស្ចារ្យ​និង​ការ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ

នៅ​ថ្ងៃ​រៀប​ការ​របស់​យើង​នា​ឆ្នាំ​១៩៦៦

នៅ​ឆ្នាំ​១៩៦៦ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​រ៉ាន់ឌី បឺក ដែល​ជា​អ្នក​ត្រួស​ត្រាយ​ដ៏​ខ្នះ​ខ្នែង​ដែល​ចង់​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​របស់​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ គាត់​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជួយ​ក្រុម​ជំនុំ​នៅ​ក្រុង​អូរីឡេអា ខេត្ត​អនតារីយ៉ូ។ ដូច្នេះ យើង​បាន​រើ​ទៅ​ទី​នោះ​ភ្លាម​ៗ។

ភ្លាម​ៗ​ក្រោយ​ពី​យើង​ទៅ​ដល់​ក្រុង​អូរីឡេអា ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជា​មួយ​រ៉ាន់ឌី។ ភាព​រំភើប​របស់​គាត់​បាន​ជះ​ឥទ្ធិពល​លើ​ខ្ញុំ​ខ្លាំង​ណាស់! ពេល​ខ្ញុំ​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ខ្ញុំ​មាន​អំណរ​ពី​ការ​ប្រើ​គម្ពីរ​និង​ពី​ការ​ឃើញ​មនុស្ស​យល់​សេចក្ដី​ពិត។ ការ​ជួយ​ប្ដី​ប្រពន្ធ​ល្អ​មួយ​គូ​ក្នុង​ក្រុង​អូរីឡេអា​ឲ្យ​កែ​ប្រែ​ជីវិត​និង​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា គឺ​ជា​ពរ​មួយ។

ការ​ផ្លាស់​ប្ដូរ​ភាសា​និង​ទស្សនៈ

ពេល​យើង​ទៅ​ក្រុង​តូរ៉ុនតូ ខ្ញុំ​បាន​ជួប​បង​អ័រណត ម៉ាកណាម៉ារ៉ា ដែល​ជា​បង​ប្រុស​ម្នាក់​នាំ​មុខ​នៅ​បេតអែល។ គាត់​បាន​សួរ​ថា​តើ​យើង​ចង់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ឬ​ទេ។ ភ្លាម​ៗ​ខ្ញុំ​ឆ្លើយ​ថា​៖ ​«​បាទ ប្រាកដ​ណាស់! យើង​ទៅ​កន្លែង​ណា​ក៏​បាន លើក​លែង​តែ​ខេត្ត​កេបិក​»។ ខ្ញុំ​បាន​ទទួល​ឥទ្ធិពល​ពី​ទស្សនៈ​មិន​ល្អ​របស់​ជន​ជាតិ​កាណាដា​ដែល​និយាយ​ភាសា​អង់គ្លេស​ចំពោះ​ជន​ជាតិ​កាណាដា​ដែល​និយាយ​ភាសា​បារាំង​នៅ​ខេត្ត​កេបិក។ នៅ​ពេល​នោះ ប្រជាជន​បាន​ធ្វើ​បាតុកម្ម​ទាម​ទារ​ឯករាជ្យ​ឲ្យ​ខេត្ត​កេបិក​ពី​ប្រទេស​កាណាដា។

បង​អ័រណត​បាន​តប​ឆ្លើយ​ថា​៖ ​«​ខេត្ត​កេបិក​គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​ការិយាល័យ​សាខា​ចាត់​អ្នក​ត្រួស​ត្រាយ​ពិសេស​ឲ្យ​ទៅ​នៅ​ពេល​នេះ​»។ ភ្លាម​ៗ ខ្ញុំ​ក៏​យល់​ព្រម​ទៅ។ ខ្ញុំ​បាន​ដឹង​រួច​ហើយ​ថា​រ៉ាន់ឌី​ចាប់​អារម្មណ៍​បម្រើ​នៅ​ទី​នោះ។ ក្រោយ​មក ខ្ញុំ​ទទួល​ស្គាល់​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ជីវិត​យើង។

ក្រោយ​ពី​រៀន​វគ្គ​សិក្សា​ភាសា​បារាំង​សម្រាប់​ប្រាំ​សប្ដាហ៍ ខ្ញុំ​និង​រ៉ាន់ឌី ព្រម​ទាំង​ប្ដី​ប្រពន្ធ​មួយ​គូ​ទៀត​បាន​ទៅ​ក្រុង​រីមូស្គី ដែល​មាន​ចម្ងាយ​ប្រហែល​៥៤០​គីឡូ​ម៉ែត្រ​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​នៃ​ក្រុង​ម៉ុងរ៉េអាល។ យើង​នៅ​តែ​ត្រូវ​រៀន​ច្រើន។ នេះ​ស​ឲ្យ​ឃើញ​នៅ​ពេល​ដែល​ខ្ញុំ​អាន​សេចក្ដី​ជូន​ដំណឹង​មួយ​ចំនួន​នៅ​កិច្ច​ប្រជុំ​មួយ។ ខ្ញុំ​បាន​និយាយ​ថា​នៅ​មហា​សន្និបាត​ខាង​មុខ​នេះ យើង​នឹង​មាន​«​អ្នក​ចូល​រួម​សត្វ​អូទ្រីស​»​ជា​ច្រើន ជា​ជាង​និយាយ​ថា​មាន​«​អ្នក​ចូល​រួម​ជន​ជាតិ​អូទ្រីស​»។

ផ្ទះ​ដែល​យើង​ហៅ​ថា​សេតវិមាន​នៅ​ក្រុង​រីមូស្គី

នៅ​ក្រុង​រីមូស្គី មាន​យើង​បួន​នាក់ បង​ស្រី​នៅ​លីវ​ដ៏​ខ្នះ​ខ្នែង​បួន​នាក់ ព្រម​ទាំង​បង​ប្រុស​បង​ស្រី​យូបឺដូ និង​កូន​ស្រី​ពីរ​នាក់​របស់​ពួក​គាត់។ បង​ប្រុស​បង​ស្រី​យូបឺដូ​បាន​ជួល​ផ្ទះ​ដ៏​ធំ​មួយ ហើយ​អ្នក​ត្រួស​ត្រាយ​ទាំង​អស់​ដែល​ស្នាក់​នៅ​ទី​នោះ​ជួយ​បង់​លុយ​ថ្លៃ​ជួល។ យើង​ហៅ​ផ្ទះ​នោះ​ថា​សេតវិមាន ដោយ​សារ​ខាង​មុខ​ផ្ទះ​នោះ​ពណ៌​ស​និង​មាន​សសរ​ពណ៌​ស​ដែរ។ តាម​ធម្មតា យើង​មាន​គ្នា​១២​ទៅ​១៤​នាក់​ដែល​ស្នាក់​នៅ​ទី​នោះ។ ដោយ​សារ​យើង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ខ្ញុំ​និង​រ៉ាន់ឌី​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ព្រឹក ថ្ងៃ និង​ល្ងាច។ ដូច្នេះ​យើង​សប្បាយ​ដែល​តែង​តែ​មាន​គ្នា​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ សូម្បី​តែ​នៅ​ពេល​ល្ងាច​នា​រដូវ​ត្រជាក់​ក្ដី។

យើង​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ត្រួស​ត្រាយ​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​ជា​ខ្លាំង​រហូត​ដល់​ដូច​ជា​ក្រុម​គ្រួសារ​របស់​យើង។ ជួន​កាល យើង​អង្គុយ​លេង​ជា​មួយ​គ្នា​នៅ​ជុំ​វិញ​ភ្នក់​ភ្លើង ឬ​មាន​ថ្ងៃ​ខ្លះ​យើង​ធ្វើ​គាវ​ដែល​មាន​ស្នូល​ផ្សេង​ៗ​ជា​មួយ​គ្នា។ បង​ប្រុស​ម្នាក់​ចេះ​លេង​តន្ត្រី ដូច្នេះ​នៅ​យប់​ថ្ងៃ​សៅរ៍ យើង​ច្រើន​តែ​ច្រៀង​និង​រាំ​លេង។

មនុស្ស​ជា​ច្រើន​នៅ​ក្រុង​រីមូស្គី​ចាប់​អារម្មណ៍​រៀន​គម្ពីរ។ ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ យើង​សប្បាយ​ឃើញ​សិស្ស​គម្ពីរ​មួយ​ចំនួន​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រុម​ជំនុំ​នោះ​បាន​រីក​ចម្រើន​រហូត​ដល់​មាន​អ្នក​ផ្សាយ​៣៥​នាក់។

នៅ​ខេត្ត​កេបិក យើង​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដ៏​ល្អ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ យើង​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង។ លើស​ពី​នេះ​ទៅ​ទៀត យើង​បាន​រៀន​ឲ្យ​ចេះ​ស្រឡាញ់​មនុស្ស​ដែល​និយាយ​ភាសា​បារាំង គឺ​យើង​ស្រឡាញ់​ភាសា និង​វប្បធម៌​របស់​ពួក​គេ ហើយ​នេះ​នាំ​ឲ្យ​យើង​ចេះ​ស្រឡាញ់​វប្បធម៌​ឯ​ទៀត​ដែរ។—២កូ. ៦:១៣

ដោយ​មិន​បាន​រំពឹង​ទុក ការិយាល័យ​សាខា​បាន​សុំ​យើង​ឲ្យ​រើ​ទៅ​ក្រុង​ត្រាខេឌី នៅ​ឆ្នេរ​ទិស​ខាង​កើត​នៃ​ខេត្ត​ញូវប្រាំងស្វេក។ នេះ​ជា​ការ​ពិបាក​មួយ ដោយ​សារ​យើង​ទើប​តែ​ចុះ​កុងត្រា​ជួល​អាផាតមិន​មួយ ហើយ​ខ្ញុំ​បាន​ជាប់​កុងត្រា​ជា​គ្រូ​បង្រៀន​មិន​ពេញ​ពេល​នៅ​សាលា​មួយ។ បន្ថែម​ទៅ​ទៀត សិស្ស​គម្ពីរ​ខ្លះ​របស់​យើង​ទើប​តែ​ទៅ​ជា​អ្នក​ផ្សាយ ហើយ​នៅ​ពេល​នោះ យើង​កំពុង​សង់​សាល​ប្រជុំ​បាន​ពាក់​កណ្ដាល។

នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​នោះ យើង​បាន​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​រើ​ទៅ ហើយ​យើង​បាន​ទៅ​លេង​ក្រុង​ត្រាខេឌី ដែល​ខុស​គ្នា​ឆ្ងាយ​ពី​ក្រុង​រីមូស្គី។ ប៉ុន្តែ យើង​តាំង​ចិត្ត​ថា​ដោយ​សារ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទៅ​ទី​នោះ យើង​នឹង​ទៅ។ យើង​បាន​ល្បង​ល​ព្រះ​យេហូវ៉ា ហើយ​ឃើញ​លោក​បាន​ដក​ឧបសគ្គ​នីមួយ​ៗ​ចេញ។ (​ម៉ាឡ. ៣:១០​) ដូច​រាល់​ដង ជំនឿ​រឹង​មាំ ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន និង​ការ​ចេះ​លេង​សើច​របស់​រ៉ាន់ឌី ជួយ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ពិបាក​ក្នុង​ការ​រើ​ទៅ។

ក្នុង​ក្រុម​ជំនុំ​ថ្មី​របស់​យើង​មាន​តែ​អ្នក​ចាស់​ទុំ​ម្នាក់​គត់​គឺ​បង​រ៉ូបឺត រ៉ូស។ គាត់​បាន​ត្រួស​ត្រាយ​នៅ​ទី​នោះ​ជា​មួយ​ប្រពន្ធ​របស់​គាត់​បង​លីនដា ហើយ​ពួក​គាត់​បាន​សម្រេច​ចិត្ត​បន្ត​នៅ​ក្រុម​ជំនុំ​នោះ​ក្រោយ​ពី​កូន​ប្រុស​ច្បង​របស់​ពួក​គាត់​បាន​កើត​មក។ ទោះ​ជា​ពេល​ដែល​ពួក​គាត់​មាន​កូន​តូច​ក្ដី ពួក​គាត់​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង​ដោយ​ទទួល​ស្វាគមន៍​យើង​យ៉ាង​រាក់​ទាក់ ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង។

ពរ​ពី​ការ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ

រដូវ​ត្រជាក់​ក្នុង​មណ្ឌល​ទី​១​របស់​យើង

ក្រោយ​ពី​យើង​បាន​ត្រួស​ត្រាយ​នៅ​ក្រុង​ត្រាខេឌី​អស់​ពីរ​ឆ្នាំ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ទៀត​បាន​កើត​ឡើង គឺ​ថា​យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ យើង​បាន​បម្រើ​នៅ​មណ្ឌល​ដែល​និយាយ​ភាសា​អង់គ្លេស​អស់​៧​ឆ្នាំ ក្រោយ​មក យើង​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​មណ្ឌល​ដែល​និយាយ​ភាសា​បារាំង​ក្នុង​ខេត្ត​កេបិក។ បង​ឡេអន់ ក្រេផូ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​របស់​យើង​នៅ​ខេត្ត​កេបិក បាន​សរសើរ​សុន្ទរកថា​របស់​ខ្ញុំ។ ប៉ុន្តែ​ក្រោយ​មក គាត់​តែង​តែ​សួរ​ថា​៖ ​«​តើ​អាច​ធ្វើ​ឲ្យ​សុន្ទរកថា​ទាំង​នេះ​កាន់​តែ​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?​»។ a ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ការ​បង្រៀន​របស់​ខ្ញុំ​កាន់​តែ​ជាក់​លាក់​និង​ស្រួល​យល់។

ភារកិច្ច​មួយ​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​គឺ​ភារកិច្ច​ដែល​ខ្ញុំ​មាន​នៅ​មហា​សន្និបាត​អន្តរជាតិ​នៅ​ឆ្នាំ​១៩៧៨​ដែល​មាន​ប្រធាន​ថា ​«​ជំនឿ​នាំ​ឲ្យ​មាន​ជ័យ​ជម្នះ​»​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រុង​ម៉ុងរ៉េអាល។ ខ្ញុំ​មាន​ភារកិច្ច​ផ្នែក​អាហារ។ យើង​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​៨០.០០០​នាក់ ហើយ​យើង​ត្រូវ​ផ្គត់​ផ្គង់​អាហារ​ដល់​ពួក​គេ​ខុស​ពី​របៀប​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន។ អ្វី​ៗ​ទាំង​អស់​គឺ​ថ្មី​ទាំង​ស្រុង​ដូច​ជា​៖ ឧបករណ៍ មុខ​ម្ហូប និង​វិធី​រៀប​ចំ។ យើង​មាន​ទូ​ទឹក​កក​ធំ​ប្រហែល​ជា​២០​គ្រឿង ប៉ុន្តែ​ជួន​កាល​វា​មិន​ដំណើរ​ការ​ទេ។ មុន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង យើង​មិន​អាច​ចូល​កីឡដ្ឋាន​ដើម្បី​រៀប​ចំ​អ្វី​ផ្សេង​ៗ​ឲ្យ​រួច​រាល់​បាន​ទេ​រហូត​ដល់​កណ្ដាល​អធ្រាត្រ ដោយ​សារ​មាន​ការ​ប្រកួត​កីឡា​មុន​នោះ។ ម្យ៉ាង​ទៀត យើង​ត្រូវ​បើក​ម៉ាស៊ីន​ដុត​មុន​ថ្ងៃ​រះ​ដើម្បី​ធ្វើ​អាហារ​ពេល​ព្រឹក។ យើង​អស់​កម្លាំង តែ​ខ្ញុំ​បាន​រៀន​ច្រើន​ពី​ការ​ខំ​ប្រឹង ភាព​ចាស់​ទុំ និង​ការ​លេង​សើច​របស់​បង​ប្អូន​ស្ម័គ្រ​ចិត្ត​ឯ​ទៀត។ យើង​នៅ​តែ​ជា​មិត្ត​នឹង​គ្នា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ យើង​មាន​អំណរ​មែន​ក្នុង​ការ​ចូល​រួម​មហា​សន្និបាត​ដ៏​សំខាន់​នេះ​នៅ​ខេត្ត​កេបិក ជា​កន្លែង​ដែល​ធ្លាប់​មាន​ការ​បៀតបៀន​ដ៏​ជូរ​ចត់​រវាង​ឆ្នាំ​១៩៤០​និង​ឆ្នាំ​១៩៦០។

ខ្ញុំ​ជួយ​រៀប​ចំ​សម្រាប់​មហា​សន្និបាត​ជា​មួយ​រ៉ាន់ឌី​នៅ​ក្រុង​ម៉ុងរ៉េអាល ឆ្នាំ​១៩៨៥

ខ្ញុំ​បាន​រៀន​ច្រើន​ពី​ពួក​អ្នក​ត្រួត​ពិនិត្យ​ឯ​ទៀត​ក្នុង​អំឡុង​មហា​សន្និបាត​ធំ​ៗ​នៅ​ក្រុង​ម៉ុងរ៉េអាល។ នៅ​ឆ្នាំ​មួយ បង​ប្រុស​ដាវីឌ សិផ្លេន​ដែល​ឥឡូវ​ជា​សមាជិក​គណៈ​អភិបាល បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មហា​សន្និបាត។ នៅ​មហា​សន្និបាត​ក្រោយ ពេល​ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​កាន់​ភារកិច្ច​នោះ​វិញ បង​ដាវីឌ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។

នៅ​ឆ្នាំ​២០១១ ក្រោយ​ពី​យើង​បាន​បម្រើ​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​អស់​រយៈ​ពេល​៣៦​ឆ្នាំ ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​បម្រើ​ជា​អ្នក​ដឹក​នាំ​សាលា​សម្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ ខ្ញុំ​និង​រ៉ាន់ឌី​បាន​ដេក​នៅ​កន្លែង​ផ្សេង​ៗ​អស់​៧៥​កន្លែង​ក្នុង​អំឡុង​ពីរ​ឆ្នាំ ប៉ុន្តែ​ការ​លះ​បង់​ទាំង​អស់​គឺ​មាន​ប្រយោជន៍​ណាស់។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សប្ដាហ៍​នីមួយ​ៗ ពួក​អ្នក​ចាស់​ទុំ​បាន​បង្ហាញ​ចិត្ត​ដឹង​គុណ ដោយ​សារ​ពួក​គេ​បាន​ឃើញ​របៀប​ដែល​គណៈ​អភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ចំណង​មិត្តភាព​របស់​ពួក​អ្នក​ចាស់​ទុំ​ជា​មួយ​ព្រះ​យេហូវ៉ា។

ក្រោយ​មក ខ្ញុំ​បាន​បង្រៀន​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ សិស្ស​ច្រើន​តែ​ហត់​និង​ខ្វល់​ចិត្ត ដោយ​សារ​រវល់​រៀន។ ពួក​គេ​អង្គុយ​រៀន​ប្រហែល​ជា​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ធ្វើ​លំហាត់​នៅ​ផ្ទះ​អស់​៣​ម៉ោង​រាល់​ល្ងាច ហើយ​មាន​បួន​ឬ​ក៏​ប្រាំ​ផ្នែក​រាល់​សប្ដាហ៍។ ខ្ញុំ​និង​អ្នក​ដឹក​នាំ​ម្នាក់​ទៀត​ក្នុង​សាលា​នោះ​បាន​ប្រាប់​ពួក​គេ​ថា​បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​មិន​អាច​ធ្វើ​បាន​ឡើយ។ ខ្ញុំ​នឹង​ចង​ចាំ​ជា​និច្ច​អំពី​ការ​ភ្ញាក់​ផ្អើល​របស់​សិស្ស​ពេល​ពួក​គេ​ឃើញ​ថា​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ពួក​គេ​អាច​សម្រេច​កិច្ច​ការ​ច្រើន​ជាង​ពួក​គេ​គិត​ស្មាន​ទៅ​ទៀត។

ការ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត​នាំ​ឲ្យ​ទទួល​ប្រយោជន៍​យូរ​អង្វែង

ការ​យក​ចិត្ត​ទុក​ដាក់​របស់​ម្ដាយ​ខ្ញុំ​ចំពោះ​អ្នក​ឯ​ទៀត​បាន​ជួយ​សិស្ស​គម្ពីរ​របស់​គាត់​ឲ្យ​រីក​ចម្រើន ហើយ​ថែម​ទាំង​បាន​ជួយ​បន្ទន់​ចិត្ត​ឪពុក​ខ្ញុំ​ចំពោះ​សេចក្ដី​ពិត។ យើង​ភ្ញាក់​ផ្អើល​ពេល​បី​ថ្ងៃ​ក្រោយ​ពី​ម្ដាយ​ខ្ញុំ​ស្លាប់​ទៅ ឪពុក​យើង​បាន​មក​ស្ដាប់​សុន្ទរកថា​សាធារណៈ​នៅ​សាល​ប្រជុំ ហើយ​គាត់​បាន​បន្ដ​ចូល​រួម​កិច្ច​ប្រជុំ​អស់​២៦​ឆ្នាំ។ ទោះ​ជា​ឪពុក​ខ្ញុំ​មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្ដី ពួក​អ្នក​ចាស់​ទុំ​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​តែង​តែ​មក​ដល់​កិច្ច​ប្រជុំ​មុន​គេ​រាល់​សប្ដាហ៍។

ម្ដាយ​របស់​ខ្ញុំ​ក៏​បាន​ទុក​គំរូ​ដ៏​ល្អ​ដល់​ខ្ញុំ​និង​ប្អូន​ស្រី​ៗ​ខ្ញុំ។ ប្អូន​ស្រី​របស់​ខ្ញុំ​ទាំង​បី​នាក់​និង​ប្ដី​របស់​ពួក​គាត់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ ប្អូន​ស្រី​ពីរ​នាក់​បម្រើ​នៅ​ការិយាល័យ​សាខា ម្នាក់​នៅ​ប្រទេស​ព័រទុយហ្គាល់ ម្នាក់​ទៀត​នៅ​ប្រទេស​ហៃទី។

ឥឡូវ ខ្ញុំ​និង​រ៉ាន់ឌី​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ក្រុង​ហាមិលថន ខេត្ត​អនតារីយ៉ូ។ ពេល​យើង​បាន​ធ្វើ​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ យើង​ចូល​ចិត្ត​ទៅ​ការ​សិក្សា​គម្ពីរ​និង​ការ​ត្រឡប់​ទៅ​ជួប​របស់​បង​ប្អូន​ឯ​ទៀត។ ប៉ុន្តែ ឥឡូវ​យើង​សប្បាយ​ឃើញ​សិស្ស​គម្ពីរ​របស់​យើង​រីក​ចម្រើន។ ម្យ៉ាង​ទៀត កាល​ដែល​យើង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថ្មី​របស់​យើង យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​គាំទ្រ​ពួក​គេ​ទាំង​ពេល​ស្រួល​ទាំង​ពេល​ពិបាក។

ពេល​គិត​អំពី​អតីតកាល យើង​ឲ្យ​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​បង​ប្អូន​ជា​ច្រើន​បាន​បង្ហាញ​ចំពោះ​យើង។ យើង​ក៏​បាន​ព្យាយាម​‹ឈឺឆ្អាល​ដោយ​ស្មោះ›​ចំពោះ​អ្នក​ឯ​ទៀត ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​សមត្ថភាព។ (​២កូ. ៧:៦, ៧​) ជា​ឧទាហរណ៍ ក្នុង​ក្រុម​គ្រួសារ​មួយ ប្រពន្ធ កូន​ប្រុស និង​កូន​ស្រី​នៅ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ ខ្ញុំ​បាន​សួរ​ប្ដី​នោះ​ថា តើ​គាត់​ធ្លាប់​គិត​អំពី​ការ​ត្រួស​ត្រាយ​ឬ​ទេ? គាត់​តប​ឆ្លើយ​ថា​គាត់​ជា​អ្នក​គាំទ្រ​អ្នក​ត្រួស​ត្រាយ​បី​នាក់​ហើយ។ ដូច្នេះ ខ្ញុំ​បាន​សួរ​គាត់​ថា​៖ ​«​តើ​បង​អាច​គាំទ្រ​ពួក​គេ​គ្រាន់​បើ​ជាង​ព្រះ​យេហូវ៉ា​ឫ?​»។ ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ភ្លក់​អំណរ​ដែល​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​មាន។ ប្រាំ​មួយ​ខែ​ក្រោយ​មក គាត់​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ។

ខ្ញុំ​និង​រ៉ាន់ឌី​នឹង​បន្ដ​«​ប្រាប់​មនុស្ស​តំណ​ក្រោយ​»​អំពី​‹កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា› ហើយ​យើង​សង្ឃឹម​ថា​ពួក​គេ​នឹង​មាន​អំណរ​ក្នុង​ការ​បម្រើ​លោក​ដូច​យើង​ដែរ។—ចសព. ៧១:១៧, ១៨

a សូម​មើល​ជីវប្រវត្តិ​របស់​បង​ឡេអន់ ក្រេផូ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កុម្ភៈ ឆ្នាំ​២០២០ ទំ.២៦​-​៣០