អត្ថបទសិក្សា ៣០
ចូរបន្តបង្កើនសេចក្ដីស្រឡាញ់របស់អ្នក
«ចូរឲ្យយើង . . . បង្ហាញសេចក្ដីស្រឡាញ់ នោះយើងអាចពេញវ័យក្នុងគ្រប់ការទាំងអស់»។—អេភ. ៤:១៥
ចម្រៀងលេខ២ នាមលោកគឺយេហូវ៉ា
សេចក្ដីសង្ខេប a
១. តើអ្នកបានរៀនអ្វីខ្លះពេលអ្នកចាប់ផ្ដើមសិក្សាគម្ពីរ?
តើអ្នកនឹកចាំពេលអ្នកបានចាប់ផ្ដើមសិក្សាគម្ពីរឬទេ? អ្នកប្រហែលជាបានភ្ញាក់ផ្អើលដោយឃើញថាព្រះមានឈ្មោះ។ ប្រហែលជាអ្នកធូរចិត្តពេលដឹងថាព្រះមិនធ្វើទារុណកម្មមនុស្សក្នុងភ្លើងនរក។ ម្យ៉ាងទៀត អ្នកទំនងជារំភើបចិត្តចំពោះសេចក្ដីសង្ឃឹមអំពីការជួបបុគ្គលជាទីស្រឡាញ់ដែលបានស្លាប់ម្ដងទៀត ហើយរស់នៅជាមួយពួកគេក្នុងសួនឧទ្យាននាផែនដី។
២. តើអ្នកបានធ្វើអ្វីផ្សេងទៀតក្រៅពីរៀនសេចក្ដីពិតពីគម្ពីរ? (អេភ ៥:១, ២)
២ កាលដែលអ្នកបានសិក្សាបណ្ដាំព្រះកាន់តែច្រើន សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាកើនឡើង។ សេចក្ដីស្រឡាញ់នោះបានជំរុញចិត្តអ្នកឲ្យធ្វើតាមអ្វីដែលអ្នករៀន។ អ្នកបានធ្វើការសម្រេចចិត្តល្អជាងដោយមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ អ្នករៀនឲ្យចេះគិតនិងធ្វើអ្វីដែលត្រឹមត្រូវ ដោយសារអ្នកចង់ឲ្យព្រះពេញចិត្ត។ ដូចកូនយកតម្រាប់ឪពុកម្ដាយដែលស្រឡាញ់គាត់ អ្នកយកតម្រាប់បិតារបស់អ្នកដែលនៅស្ថានសួគ៌។—សូមអាន អេភេសូរ ៥:១, ២
៣. តើយើងអាចសួរខ្លួននូវសំណួរអ្វីខ្លះ?
៣ យើងអាចសួរខ្លួនថា ‹តើខ្ញុំស្រឡាញ់ព្រះយេហូវ៉ានៅឥឡូវនេះខ្លាំងជាងពេលដែលខ្ញុំទៅជាគ្រិស្តសាសនិកនៅដើមដំបូងឬទេ? តាំងពីខ្ញុំទទួលការជ្រមុជទឹក តើរបៀបគិតគូរនិងការប្រព្រឹត្តរបស់ខ្ញុំកាន់តែដូចព្រះយេហូវ៉ា ជាពិសេសក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនឬទេ?›។ បើ«សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង»បានរសាយទៅ សូមកុំធ្លាក់ទឹកចិត្តឡើយ។ អ្វីដែលស្រដៀងនឹងនេះបានកើតឡើងចំពោះគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ លោកយេស៊ូមិនបានគិតថាពួកគេមិនអាចកែប្រែបានឡើយ ហើយលោកក៏មិនគិតបែបនេះចំពោះយើងដែរ។ (បប ២:៤, ៧) លោកដឹងថាយើងអាចមានសេចក្ដីស្រឡាញ់ឡើងវិញ ដូចយើងធ្លាប់មានពេលដែលយើងបានរៀនសេចក្ដីពិតនៅដើមដំបូង។
៤. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៤ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចបន្តបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងចំពោះអ្នកឯទៀត។ បន្ទាប់មក យើងនឹងរៀនអំពីពរខ្លះៗដែលយើងនិងអ្នកឯទៀតនឹងទទួល ពេលយើងពង្រឹងសេចក្ដីស្រឡាញ់របស់យើង។
ចូរបង្កើនសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ា
៥-៦. តើសាវ័កប៉ូលជួបការពិបាកអ្វីខ្លះក្នុងអំឡុងកិច្ចបម្រើរបស់គាត់ ប៉ុន្តែតើអ្វីបានជំរុញចិត្តគាត់ឲ្យបន្តបម្រើព្រះយេហូវ៉ា?
៥ សាវ័កប៉ូលសប្បាយចិត្តបម្រើព្រះយេហូវ៉ា ប៉ុន្តែគាត់ត្រូវយកឈ្នះការពិបាកជាច្រើន។ ប៉ូលច្រើនតែធ្វើដំណើរឆ្ងាយ ហើយការធ្វើដំណើរនៅសម័យនោះមិនស្រួលទេ។ ពេលប៉ូលធ្វើដំណើរ ជួនកាលគាត់បានប្រឈមមុខនឹង«គ្រោះថ្នាក់នៅទន្លេ» និង«គ្រោះថ្នាក់ពីចោរចាំស្ទាក់ប្លន់»។ មានពេលខ្លះដែលសត្រូវរបស់គាត់ថែមទាំងវាយគាត់ទៀតផង។ (២កូ. ១១:២៣-២៧) ម្យ៉ាងទៀត បងប្អូនគ្រិស្តសាសនិកមិនតែងតែបង្ហាញអំណរគុណចំពោះការខំប្រឹងដ៏ស្មោះរបស់ប៉ូលដើម្បីជួយពួកគេទេ។—២កូ. ១០:១០; ភី. ៤:១៥
៦ តើអ្វីបានជួយប៉ូលឲ្យបន្តបម្រើព្រះយេហូវ៉ា? ប៉ូលបានរៀនច្រើនអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ាពីបទគម្ពីរនិងពីបទពិសោធន៍របស់គាត់ផ្ទាល់។ ប៉ូលបានជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់គាត់។ (រ៉ូម ៨:៣៨, ៣៩; អេភ. ២:៤, ៥) ម្យ៉ាងទៀត គាត់ស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ ប៉ូលបានបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ាដោយ‹បម្រើពួកអ្នកបរិសុទ្ធ ហើយបម្រើពួកគាត់ជានិច្ច›។—ហេ. ៦:១០
៧. តើយើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាតាមរបៀបណា?
៧ យើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ដោយសិក្សាបណ្ដាំលោកយ៉ាងយកចិត្តទុកដាក់។ កាលដែលអ្នកអានគម្ពីរ សូមព្យាយាមរកមើលអ្វីដែលខគម្ពីរនីមួយៗប្រាប់អំពីព្រះយេហូវ៉ា។ សូមសួរខ្លួនអ្នកថា ‹តើកំណត់ហេតុនេះបង្ហាញយ៉ាងណាថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ? តើនោះផ្ដល់មូលហេតុអ្វីឲ្យខ្ញុំស្រឡាញ់ព្រះយេហូវ៉ា?›។
៨. តើសេចក្ដីអធិដ្ឋានអាចជួយយើងឲ្យបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយ៉ាងដូចម្ដេច?
៨ របៀបមួយទៀតដែលយើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា គឺដោយអធិដ្ឋានទៅលោកអស់ពីចិត្តជារឿយៗ។ (ចសព. ២៥:៤, ៥) យ៉ាងនេះ ព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។ (១យ៉ូន. ៣:២១, ២២) បងស្រីខាន bនៅទ្វីបអាស៊ីនិយាយថា៖ «សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះយេហូវ៉ានៅដើមដំបូងគឺមានមូលដ្ឋានលើចំណេះ។ ប៉ុន្តែសេចក្ដីស្រឡាញ់នោះមានកាន់តែខ្លាំងឡើង ពេលខ្ញុំបានឃើញរបៀបដែលលោកតបឆ្លើយសេចក្ដីអធិដ្ឋានខ្ញុំ។ នោះនាំឲ្យខ្ញុំចង់ធ្វើអ្វីដែលលោកពេញចិត្ត»។
ចូរបង្កើនសេចក្ដីស្រឡាញ់របស់អ្នកចំពោះអ្នកឯទៀត
៩. តើធីម៉ូថេបានបង្ហាញយ៉ាងណាថាគាត់រីកចម្រើនក្នុងការបង្ហាញសេចក្ដីស្រឡាញ់?
៩ ប៉ុន្មានឆ្នាំក្រោយពីប៉ូលទៅជាគ្រិស្តសាសនិក គាត់បានជួបបុរសវ័យក្មេងដ៏ល្អម្នាក់ឈ្មោះធីម៉ូថេ។ ធីម៉ូថេស្រឡាញ់ព្រះយេហូវ៉ា ហើយក៏ស្រឡាញ់មនុស្សដែរ។ ប៉ូលបានប្រាប់គ្រិស្តសាសនិកនៅក្រុងភីលីពថា៖ «ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តគំនិតដូច[ធីម៉ូថេ] ដែលពិតជានឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាទេ»។ (ភី. ២:២០) ប៉ូលមិនបាននិយាយនៅទីនេះអំពីសមត្ថភាពដែលធីម៉ូថេមានជាអ្នកចាត់ចែង ឬជាអ្នកថ្លែងសុន្ទរកថាសាធារណៈទេ។ ប៉ុន្តែប៉ូលពិតជាកោតស្ងើចអំពីសេចក្ដីស្រឡាញ់របស់ធីម៉ូថេចំពោះបងប្អូន។ ក្រុមជំនុំដែលធីម៉ូថេបម្រើច្បាស់ជាទន្ទឹងរង់ចាំទស្សនកិច្ចរបស់គាត់។—១កូ. ៤:១៧
១០. តើបងអាណានិងប្ដីរបស់គាត់បានបង្ហាញថាពួកគេស្រឡាញ់បងប្អូនតាមរបៀបណា?
១០ យើងក៏រកវិធីផ្សេងៗដើម្បីជួយបងប្អូនរួមជំនឿរបស់ យើងដែរ។ (ហេ. ១៣:១៦) សូមគិតអំពីបទពិសោធន៍របស់បងស្រីអាណាដែលបានត្រូវរៀបរាប់នៅអត្ថបទមុន។ ក្រោយពីខ្យល់ព្យុះដ៏ខ្លាំង គាត់និងប្ដីគាត់បានទៅលេងផ្ទះរបស់ក្រុមគ្រួសារសាក្សីមួយ ហើយបានឃើញថាដំបូលផ្ទះរបស់ក្រុមគ្រួសារនោះបានស្រុតចុះ។ នោះធ្វើឲ្យសម្លៀកបំពាក់របស់ក្រុមគ្រួសារនោះបានប្រឡាក់អស់។ បងអាណានិយាយថា៖ «យើងបានយកសម្លៀកបំពាក់របស់ពួកគេទៅបោកអ៊ុត ហើយបត់យកមកឲ្យពួកគេវិញ។ នោះមិនមែនជាអ្វីដែលពិបាកចំពោះយើងទេ ប៉ុន្តែដោយសារយើងធ្វើអ៊ីចឹង យើងបានទៅជាមិត្តភក្តិដ៏ល្អរហូតដល់ឥឡូវនេះ»។ សេចក្ដីស្រឡាញ់របស់បងអាណានិងប្ដីគាត់ចំពោះបងប្អូនបានជំរុញចិត្តពួកគេឲ្យផ្ដល់ជំនួយ។—១យ៉ូន. ៣:១៧, ១៨
១១. (ក) តើការខំប្រឹងរបស់យើងដើម្បីបង្ហាញសេចក្ដីស្រឡាញ់ ប្រហែលជាមានឥទ្ធិពលយ៉ាងណាលើអ្នកឯទៀត? (ខ) យោងទៅតាមសុភាសិត ១៩:១៧ តើព្រះយេហូវ៉ាតបស្នងយ៉ាងណាពេលយើងបង្ហាញសេចក្ដីស្រឡាញ់?
១១ ពេលយើងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់និងដោយសប្បុរសចំពោះអ្នកឯទៀត ពួកគេអាចកត់សម្គាល់ថាយើងខំព្យាយាមយកតម្រាប់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ពួកគេប្រហែលជាឲ្យតម្លៃចំពោះសេចក្ដីសប្បុរសរបស់យើងច្រើនជាងយើងនឹងនឹកស្មានទៅទៀត។ បងខានដែលបានត្រូវរៀបរាប់នៅខាងលើមានអនុស្សាវរីយ៍ល្អៗអំពីពួកអ្នកដែលបានជួយគាត់។ គាត់និយាយថា៖ «ខ្ញុំមានចិត្តកតញ្ញូជាខ្លាំងចំពោះបងប្អូនស្រីជាទីស្រឡាញ់ទាំងអស់ដែលបានយកខ្ញុំទៅផ្សព្វផ្សាយ។ ពួកគេបានមកយកខ្ញុំដល់ផ្ទះ អញ្ជើញខ្ញុំឲ្យបរិភោគអាហារសម្រន់ ឬអាហារថ្ងៃត្រង់ជាមួយពួកគេ ហើយជូនខ្ញុំមកផ្ទះដោយសុវត្ថិភាព។ ឥឡូវ ខ្ញុំទទួលស្គាល់ថាពួកគេបានខំព្យាយាមយ៉ាងខ្លាំង ហើយពួកគេបានធ្វើទាំងអស់នេះដោយសេចក្ដីស្រឡាញ់»។ ពិតមែន មិនមែនទាំងអស់គ្នានឹងតបស្នងយើងចំពោះអ្វីដែលយើងធ្វើដើម្បីពួកគេទេ។ បងខាននិយាយអំពីពួកអ្នកដែលបានជួយគាត់ថា៖ «ខ្ញុំចង់តបស្នងពួកគេវិញចំពោះអ្វីទាំងអស់ដែលពួកគេធ្វើដោយសប្បុរសដល់ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថាពួកអ្នកទាំងអស់នោះរស់នៅកន្លែងណាទេ។ តែព្រះយេហូវ៉ាដឹង ហើយខ្ញុំអធិដ្ឋានសុំលោកឲ្យតបស្នងពួកគេជំនួស ខ្ញុំ»។ បងខាននិយាយត្រូវ។ ព្រះយេហូវ៉ាកត់សម្គាល់ សូម្បីតែការប្រព្រឹត្តតូចតាចដ៏សប្បុរសដែលយើងធ្វើចំពោះអ្នកឯទៀត។ លោកចាត់ទុកនោះថាជាគ្រឿងបូជាដ៏មានតម្លៃនិងជាបំណុលដែលលោកនឹងតបស្នង។—សូមអាន សុភាសិត ១៩:១៧
១២. តើបងប្អូនប្រុសអាចបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះក្រុមជំនុំតាមរបៀបណាខ្លះ? (សូមមើលរូបភាពផងដែរ)
១២ បើអ្នកជាបងប្អូនប្រុស តើតាមរបៀបណាអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត ហើយព្យាយាមជួយពួកគេ? បងប្រុសវ័យក្មេងម្នាក់ឈ្មោះចូដាន់បានសួរអ្នកចាស់ទុំម្នាក់អំពីរបៀបដែលគាត់អាចធ្វើថែមទៀតដើម្បីជួយក្រុមជំនុំ។ អ្នកចាស់ទុំនោះបានសរសើរគាត់ចំពោះការរីកចម្រើនដែលគាត់បានធ្វើរួចទៅហើយ ហើយបន្ទាប់មកឲ្យយោបល់ខ្លះអំពីរបៀបដែលគាត់អាចធ្វើថែមទៀត។ ជាឧទាហរណ៍ អ្នកចាស់ទុំនោះបានលើកទឹកចិត្តបងចូដាន់ឲ្យមកដល់សាលប្រជុំមុនម៉ោងនិងស្វាគមន៍អ្នកឯទៀត ឆ្លើយនៅកិច្ចប្រជុំ ផ្សព្វផ្សាយជាទៀងទាត់ជាមួយក្រុមផ្សាយរបស់គាត់ និងរកវិធីជួយអ្នកឯទៀត។ ពេលបងចូដាន់ធ្វើតាមយោបល់នេះ គាត់មិនគ្រាន់តែបានរៀនជំនាញថ្មីប៉ុណ្ណោះទេ តែគាត់ក៏បង្កើនសេចក្ដីស្រឡាញ់របស់គាត់ចំពោះបងប្អូនផងដែរ។ បងចូដាន់បានរៀនថាពេលបងប្រុសណាម្នាក់ទៅជាជំនួយការខាងកិច្ចបម្រើ គាត់មិនមែនចាប់ផ្ដើមជួយអ្នកឯទៀតទេ តែគាត់បន្តជួយពួកគេ។—១ធី. ៣:៨-១០, ១៣
១៣. តើសេចក្ដីស្រឡាញ់ជំរុញចិត្តបងគ្រីស្ទានយ៉ាងណាឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកចាស់ទុំម្ដងទៀត?
១៣ ចុះយ៉ាងណាបើអ្នកធ្លាប់បម្រើជាជំនួយការខាងកិច្ចបម្រើឬជាអ្នកចាស់ទុំ? ព្រះយេហូវ៉ានឹកចាំអំពីកិច្ចការដែលអ្នកបានធ្វើនៅអតីតកាល និងសេចក្ដីស្រឡាញ់ដែលបានជំរុញចិត្តអ្នកឲ្យធ្វើកិច្ចការនោះ។ (១កូ. ១៥:៥៨) លោកក៏សង្កេតឃើញសេចក្ដីស្រឡាញ់ដែលអ្នកបន្តបង្ហាញដែរ។ បងប្រុសម្នាក់ឈ្មោះគ្រីស្ទានខកចិត្តពេលគាត់បានបាត់បង់ឯកសិទ្ធិជាអ្នកចាស់ទុំ។ តែគាត់និយាយថា៖ «ខ្ញុំបានសម្រេចចិត្តថា មិនថាខ្ញុំជាអ្នកចាស់ទុំឬមិនមែនក្ដី ខ្ញុំនឹងខំអស់ពីសមត្ថភាពដើម្បីបម្រើព្រះយេហូវ៉ាព្រោះខ្ញុំស្រឡាញ់លោក»។ ក្រោយ មួយរយៈពេល គាត់បានត្រូវតែងតាំងឲ្យធ្វើជាអ្នកចាស់ទុំម្ដងទៀត។ បងគ្រីស្ទានសារភាពថា៖ «ខ្ញុំភ័យបន្តិចអំពីការបំពេញភារកិច្ចនោះម្ដងទៀត។ ប៉ុន្តែខ្ញុំបានសម្រេចចិត្តថា បើព្រះយេហូវ៉ាចង់ឲ្យខ្ញុំបម្រើជាអ្នកចាស់ទុំម្ដងទៀត ខ្ញុំនឹងធ្វើដោយសារខ្ញុំស្រឡាញ់លោកនិងបងប្អូនរបស់ខ្ញុំ»។
១៤. តើអ្នករៀនអ្វីពីពាក្យរបស់បងស្រីម្នាក់ពីប្រទេសហ្សកហ្ស៊ី?
១៤ អ្នកបម្រើព្រះយេហូវ៉ាក៏បង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះអ្នកជិតខាងដែរ។ (ម៉ាថ. ២២:៣៧-៣៩) ជាឧទាហរណ៍ បងស្រីអេឡីណានៅប្រទេសហ្សកហ្ស៊ីនិយាយថា៖ «ដំបូង អ្វីតែមួយគត់ដែលបានជំរុញចិត្តខ្ញុំឲ្យផ្សព្វផ្សាយ គឺដោយសារខ្ញុំស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែកាលដែលខ្ញុំស្រឡាញ់បិតារបស់ខ្ញុំនៅស្ថានសួគ៌កាន់តែខ្លាំងឡើង ខ្ញុំក៏ស្រឡាញ់មនុស្សកាន់តែខ្លាំងឡើងដែរ។ ខ្ញុំបានព្យាយាមស្រមៃគិតថាតើពួកគេជួបបញ្ហាអ្វី ហើយតើពួកគេចង់និយាយអំពីរឿងណាខ្លះ? កាលដែលខ្ញុំកាន់តែគិតអំពីពួកគេតាមរបៀបនេះ ខ្ញុំកាន់តែចង់ជួយពួកគេ»។—រ៉ូម ១០:១៣-១៥
ពរដែលមកពីការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត
១៥-១៦. ដូចបានត្រូវបង្ហាញក្នុងរូបភាព តើមានពរអ្វីដែលមកពីការបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត?
១៥ ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើង មិនគ្រាន់តែពួកគេប៉ុណ្ណោះដែលជាអ្នកទទួលប្រយោជន៍។ ក្រោយពីចាប់ផ្ដើមមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បងប្រុសប៉ូឡូនិងប្រពន្ធរបស់គាត់បានជួយបងស្រីវ័យចាស់ជាច្រើននាក់ឲ្យចេះប្រើគ្រឿងអេឡិចត្រូនិកដើម្បីផ្សព្វផ្សាយ។ បងស្រីម្នាក់ដែលដំបូងពិបាកប្រើគ្រឿងអេឡិចត្រូនិករបស់គាត់ នៅទីបំផុតចេះប្រើ។ ហេតុនេះ គាត់បានប្រើវាដើម្បីអញ្ជើញសាច់ញាតិរបស់គាត់ឲ្យចូលរួមពិធីរំលឹក។ ជា លទ្ធផល សាច់ញាតិ៦០នាក់របស់គាត់បានចូលរួមតាមប្រព័ន្ធអ៊ីនធឺណិត! ទាំងបងស្រីនោះ ទាំងសាច់ញាតិរបស់គាត់បានទទួលប្រយោជន៍ពីការខំប្រឹងរបស់បងប៉ូឡូនិងប្រពន្ធគាត់។ ក្រោយមក បងស្រីនោះបានសរសេរទៅកាន់បងប៉ូឡូថា៖ «សូមអរគុណប្អូនដែលបង្រៀនយើងជាមនុស្សវ័យចាស់។ ខ្ញុំនឹងមិនភ្លេចអំពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ានិងការខំប្រឹងព្យាយាមយ៉ាងនឿយហត់របស់ប្អូនទេ»។
១៦ បទពិសោធន៍ដូចនេះបានបង្រៀនបងប៉ូឡូនូវមេរៀនដ៏សំខាន់មួយ។ គាត់បានត្រូវរំលឹកថា សេចក្ដីស្រឡាញ់គឺសំខាន់ជាងចំណេះឬការមានដុងពីកំណើត។ គាត់នឹកចាំថា៖ «ខ្ញុំធ្លាប់បម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ សព្វថ្ងៃនេះ ខ្ញុំទទួលស្គាល់ថាទោះជាបងប្អូនប្រហែលជាភ្លេចសុន្ទរកថារបស់ខ្ញុំក្ដី ពួកគេនៅចាំអំពីអ្វីៗដែលខ្ញុំបានធ្វើចំពោះពួកគេ»។
១៧. តើអ្នកណាទៀតនឹងទទួលប្រយោជន៍ពេលយើងបង្ហាញសេចក្ដីស្រឡាញ់?
១៧ ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត យើងផ្ទាល់ទទួលប្រយោជន៍តាមរបៀបដែលយើងនឹកស្មានមិនដល់។ បងប្រុសចនណាថិនដែលរស់នៅប្រទេសនូវែលសេឡង់បញ្ជាក់អំពីចំណុចនេះ។ នៅរសៀលថ្ងៃសៅរ៍ដ៏ក្ដៅមួយ គាត់បានឃើញអ្នកត្រួសត្រាយម្នាក់ផ្សព្វផ្សាយតែម្នាក់ឯង។ បងចនណាថិនបានសម្រេចចិត្តផ្សព្វផ្សាយជាមួយអ្នកត្រួសត្រាយនោះនៅរសៀលថ្ងៃសៅរ៍បន្តបន្ទាប់។ នៅពេលនោះ គាត់មិនបានដឹងថាគាត់ផ្ទាល់នឹងទទួលប្រយោជន៍ច្រើនយ៉ាងណាពីទង្វើដ៏សប្បុរសនេះទេ។ បងចនណាថិនសារភាពថា៖ «នៅពេលនោះ ខ្ញុំមិនចូលចិត្តផ្សព្វផ្សាយទេ។ តែកាលដែលខ្ញុំស្ដាប់របៀបបង្រៀនរបស់អ្នកត្រួសត្រាយនោះ និងឃើញថាកិច្ចបម្រើផ្សាយរបស់គាត់មានប្រសិទ្ធភាពយ៉ាងណា ខ្ញុំបានចាប់ផ្ដើមចូលចិត្តផ្សព្វផ្សាយ។ បងប្រុសនោះក៏បានទៅជាមិត្តជិតស្និទ្ធនឹងខ្ញុំ ហើយគាត់បានជួយខ្ញុំឲ្យចូលចិត្តផ្សព្វផ្សាយ និងចូលកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ា»។
១៨. តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី?
១៨ ព្រះយេហូវ៉ាចង់ឲ្យយើងទាំងអស់គ្នាបង្កើនសេចក្ដីស្រឡាញ់ចំពោះលោកនិងអ្នកឯទៀត។ ដូចយើងបានរៀន យើងអាចពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ដោយអាននិងរំពឹងអំពីបណ្ដាំលោក ព្រមទាំងដោយអធិដ្ឋានទៅលោកជាទៀងទាត់។ យើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនយើងដោយជួយពួកគេតាមរបៀបផ្សេងៗ។ កាលដែលសេចក្ដីស្រឡាញ់របស់យើងកើនឡើង យើងនឹងចូលកាន់តែជិតព្រះយេហូវ៉ានិងបងប្អូនរួមជំនឿរបស់យើង។ ម្យ៉ាងទៀត យើងនឹងមានមិត្តភាពទាំងនោះជារៀងរហូត!
ចម្រៀងលេខ១០៩ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត
a មិនថាយើងជាអ្នកថ្មីក្នុងសេចក្ដីពិត ឬបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំក្ដី យើងទាំងអស់គ្នាអាចបន្តរីកចម្រើន។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបសំខាន់មួយដែលយើងអាចធ្វើនេះគឺ ដោយបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងអ្នកឯទៀត។ កាលដែលអ្នករំពឹងគិតអំពីព័ត៌មាននេះ សូមគិតអំពីការរីកចម្រើនរបស់អ្នករួចហើយ និងរបៀបដែលអ្នកអាចរីកចម្រើនថែមទៀត។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។