អត្ថបទសិក្សា ៣២
ចូរមានភាពសមហេតុសមផលដូចព្រះយេហូវ៉ា
«ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល»។—ភី. ៤:៥
ចម្រៀងលេខ៨៩ បើអ្នកស្ដាប់បង្គាប់អ្នកនឹងទទួលពរបវរ
សេចក្ដីសង្ខេប a
១. តើគ្រិស្តសាសនិកត្រូវប្រៀបដូចជាដើមឈើក្នុងន័យយ៉ាងណា? (សូមមើលរូបភាពផងដែរ)
សុភាសិតមួយចែងថា៖ «ខ្យល់មិនបំបាក់ដើមឈើដែលអាចយោលចុះឡើងទេ»។ សុភាសិតនេះបង្ហាញអំពីលក្ខណៈសំខាន់មួយដើម្បីឲ្យដើមឈើបន្ដលូតលាស់ឡើង គឺវាត្រូវចេះបត់បែន។ ដើម្បីបន្តបម្រើព្រះយេហូវ៉ាដោយអំណរ យើងក៏ត្រូវចេះបត់បែនពេលយើងជួបការពិបាកក្នុងជីវិត។ តើតាមរបៀបណា? យើងត្រូវធ្វើជាមនុស្សសមហេតុសមផលដោយសម្របខ្លួនពេលដែលស្ថានភាពរបស់យើងបានត្រូវផ្លាស់ប្ដូរ និងដោយគោរពការសម្រេចចិត្តនិងទស្សនៈរបស់អ្នកឯទៀត។
២. តើគុណសម្បត្តិអ្វីខ្លះនឹងជួយយើងឲ្យសម្របខ្លួនតាមស្ថានភាពដែលផ្លាស់ប្ដូរ ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងចង់ធ្វើជាមនុស្សសមហេតុសមផល។ យើងក៏ចង់មានចិត្តរាបទាបនិងចិត្តអាណិតមេត្តាដែរ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលគុណសម្បត្តិបែបនេះបានជួយគ្រិស្តសាសនិកខ្លះឲ្យប្រឈមមុខនឹងស្ថានភាពដែលបានត្រូវផ្លាស់ប្ដូរ។ យើងក៏នឹងពិចារណាអំពីរបៀបដែលគុណសម្បត្តិទាំងនេះអាចជួយយើង។ ប៉ុន្តែដំបូង សូមយើងរៀនពីព្រះយេហូវ៉ានិងលោកយេស៊ូ ដែលជាគំរូដ៏ល្អឥតខ្ចោះអំពីការចេះសមហេតុសមផល។
ព្រះយេហូវ៉ានិងលោកយេស៊ូគឺសមហេតុសមផល
៣. តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាចេះសមហេតុសមផល?
៣ ព្រះយេហូវ៉ាបានត្រូវហៅថា«ថ្មដា» ដោយសារលោកមាំមួននិងមិនរង្គោះរង្គើឡើយ។ (បច. ៣២:៤) ប៉ុន្តែ លោកក៏ចេះសមហេតុសមផលដែរ។ កាលដែលអ្វីៗក្នុងពិភពលោកនេះប្រែប្រួល ព្រះយេហូវ៉ាចេះបត់បែន ហើយធ្វើឲ្យប្រាកដថាសេចក្ដីសន្យាទាំងអស់របស់លោកនឹងក្លាយជាការពិត។ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានភាពដូចលោក ដោយមានសមត្ថភាពសម្របខ្លួនតាមស្ថានភាព ដែលផ្លាស់ប្ដូរ។ លោកបានផ្ដល់គោលការណ៍គម្ពីរដ៏ច្បាស់ដែលជួយយើងឲ្យធ្វើការសម្រេចចិត្តឈ្លាសវៃ មិនថាយើងជួបការពិបាកណាក៏ដោយ។ គំរូរបស់ព្រះយេហូវ៉ានិងគោលការណ៍របស់លោកជួយយើងឲ្យដឹងថាទោះជាលោកជា«ថ្មដា»ក្ដី លោកក៏ចេះសមហេតុសមផលដែរ។
៤. សូមលើកឧទាហរណ៍មួយអំពីភាពសមហេតុសមផលរបស់ព្រះយេហូវ៉ា។ (ច្បាប់លេវី ៥:៧, ១១)
៤ ផ្លូវរបស់ព្រះយេហូវ៉ាគឺល្អឥតខ្ចោះនិងសមហេតុសមផល។ លោកមិនតឹងរ៉ឹងនឹងមនុស្សជាតិទេ។ ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានបង្ហាញភាពសមហេតុសមផលចំពោះជនជាតិអ៊ីស្រាអែល។ លោកមិនតម្រូវឲ្យគ្រប់គ្នាជូនគ្រឿងបូជាដូចៗគ្នានោះទេ មិនថាអ្នកមានឬអ្នកក្រក្ដី។ ក្នុងករណីខ្លះ លោកអនុញ្ញាតឲ្យបុគ្គលម្នាក់ៗជូនគ្រឿងបូជាស្របតាមស្ថានភាពរបស់គាត់។—សូមអាន ច្បាប់លេវី ៥:៧, ១១
៥. សូមលើកឧទាហរណ៍មួយអំពីចិត្តរាបទាបនិងចិត្តអាណិតមេត្តារបស់ព្រះយេហូវ៉ា។
៥ ចិត្តរាបទាបនិងចិត្តអាណិតមេត្តារបស់ព្រះយេហូវ៉ាជំរុញចិត្តលោកឲ្យចេះសមហេតុសមផល។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្ហាញថាលោកមានចិត្តរាបទាបយ៉ាងខ្លាំងពេលដែលលោកហៀបនឹងបំផ្លាញចោលមនុស្សទុច្ចរិតនៅក្រុងសូដុម។ តាមរយៈទេវតារបស់លោក ព្រះយេហូវ៉ាបានប្រាប់ឡុតដែលជាមនុស្សសុចរិតឲ្យរត់ទៅតំបន់ភ្នំ។ ឡុតមិនហ៊ានទៅទីនោះទេ។ ដូច្នេះ គាត់បានអង្វរសុំព្រះយេហូវ៉ាឲ្យគាត់និងក្រុមគ្រួសាររបស់គាត់រត់ទៅក្រុងសូអាវិញ ជាក្រុងតូចមួយដែលព្រះយេហូវ៉ាបានសម្រេចចិត្តថានឹងបំផ្លាញចោល។ ព្រះយេហូវ៉ាអាចទាមទារឲ្យឡុតធ្វើតាមការណែនាំពីលោកក៏បាន។ ប៉ុន្តែផ្ទុយទៅវិញ លោកបានយល់ព្រមតាមសំណូមពររបស់ឡុត ទោះជានេះមានន័យថាលោកមិនបំផ្លាញក្រុងសូអាចោលក៏ដោយ។ (ដក. ១៩:១៨-២២) រាប់រយឆ្នាំក្រោយមក ព្រះយេហូវ៉ាបានបង្ហាញចិត្តអាណិតមេត្តាចំពោះបណ្ដាជននៅក្រុងនីនីវេ។ លោកបានចាត់អ្នកប្រកាសទំនាយយ៉ូណាសឲ្យប្រកាសប្រាប់ដល់មនុស្សទុច្ចរិតនៅក្រុងនីនីវេថា ពួកគេនិងក្រុងរបស់ពួកគេនឹងត្រូវបំផ្លាញចោល។ ប៉ុន្តែ ពេលអ្នកក្រុងនីនីវេបានប្រែចិត្ត ព្រះយេហូវ៉ាបានអាណិតពួកគេ ហើយប្រណីមេត្តាដល់ក្រុងនោះ។—យ៉ូណ. ៣:១, ១០; ៤:១០, ១១
៦. សូមលើកឧទាហរណ៍ខ្លះអំពីរបៀបដែលលោកយេស៊ូបានបង្ហាញភាពសមហេតុសមផលដូចព្រះយេហូវ៉ា។
៦ លោកយេស៊ូមានភាពសមហេតុសមផលដូចព្រះយេហូវ៉ា។ លោកបានត្រូវចាត់ឲ្យមកផែនដីដើម្បីផ្សព្វផ្សាយដល់«ចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»។ ប៉ុន្តែ លោកបានបង្ហាញភាពសមហេតុសមផលក្នុងការបំពេញភារកិច្ចនោះ។ ជាឧទាហរណ៍ នៅពេលមួយ ស្ត្រីម្នាក់ដែលមិនមែនជាជនជាតិអ៊ីស្រាអែលបានអង្វរលោកឲ្យជួយកូនស្រីរបស់គាត់ ដែល«មានវិញ្ញាណកំណាចចូល ធ្វើទុក្ខខ្លាំងណាស់»។ ដោយចិត្តអាណិតមេត្តា លោកយេស៊ូបានធ្វើតាមអ្វីដែលស្ត្រីនោះបានសុំ ហើយធ្វើឲ្យកូនស្រីរបស់គាត់ជាសះស្បើយ។ (ម៉ាថ. ១៥:២១-២៨) សូមគិតអំពីឧទាហរណ៍មួយទៀត។ ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានប្រកាសថា៖ «អ្នកណាដែលមិនទទួលស្គាល់ខ្ញុំ . . . ខ្ញុំក៏នឹងមិនទទួលស្គាល់អ្នកនោះ»ដែរ។ (ម៉ាថ. ១០:៣៣) ប៉ុន្តែ តើលោកមិនទទួលស្គាល់ពេត្រុសដែលបានបដិសេធលោកអស់បីដងឬទេ? មិនមែនទេ! លោកយេស៊ូដឹងថាពេត្រុស ស្ដាយក្រោយជាខ្លាំងចំពោះអ្វីដែលគាត់បានធ្វើ ហើយថាគាត់ជាបុរសដ៏ស្មោះត្រង់។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបពេត្រុស ហើយទំនងជាបានពង្រឹងកម្លាំងចិត្តគាត់ថាលោកបានអភ័យទោសឲ្យគាត់ ហើយថាលោកនៅតែស្រឡាញ់គាត់។—លូក. ២៤:៣៣, ៣៤
៧. ស្របតាមភីលីព ៤:៥ តើយើងចង់មានកេរ្តិ៍ឈ្មោះបែបណា?
៧ យើងឃើញថាព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តគឺសមហេតុសមផល។ ចុះយ៉ាងណាយើងវិញ? ព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើជាមនុស្សសមហេតុសមផល។ (សូមអាន ភីលីព ៤:៥) សេចក្ដីបកប្រែមួយបានបកប្រែខនេះថា៖ «ចូរមានកេរ្តិ៍ឈ្មោះជាមនុស្សសមហេតុសមផល»។ យើងអាចសួរខ្លួនយើងថា ‹តើអ្នកឯទៀតគិតថាខ្ញុំជាមនុស្សសមហេតុសមផល ចេះសម្របតាម និងឆាប់ទទួលយកឬទេ? ឬតើពួកគេមើលមកខ្ញុំថាជាមនុស្សតឹងរ៉ឹង ដាច់អហង្ការ ឬក្បាលរឹង? តើខ្ញុំទាមទារឲ្យអ្នកឯទៀតធ្វើតាមគំនិតរបស់ខ្ញុំ ឬតើខ្ញុំស្ដាប់អ្នកឯទៀតនិងសម្របតាមទស្សនៈរបស់ពួកគេពេលដែលសមរម្យឬ?›។ កាលដែលយើងកាន់តែបង្ហាញភាពសមហេតុសមផល យើងយកតម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូកាន់តែច្រើន។ សូមយើងពិចារណាស្ថានភាពពីរដែលត្រូវការភាពសមហេតុសមផលគឺពេលស្ថានភាពរបស់យើងបានត្រូវផ្លាស់ប្ដូរ និងពេលដែលទស្សនៈនិងការសម្រេចចិត្តរបស់អ្នកឯទៀតខុសពីយើង។
ចូរធ្វើជាមនុស្សសមហេតុសមផលពេលស្ថានភាពផ្លាស់ប្ដូរ
៨. តើអ្វីអាចជួយយើងឲ្យធ្វើជាមនុស្សសមហេតុសមផលពេលស្ថានភាពផ្លាស់ប្ដូរ?
៨ យើងត្រូវចេះបត់បែនពេលស្ថានភាពរបស់យើងផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរបែបនេះប្រហែលជាអាចនាំឲ្យយើងមានបញ្ហាដែលយើងនឹកស្មានមិនដល់។ យើងប្រហែលជាស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់។ ឬការផ្លាស់ប្ដូរមួយរំពេចខាងសេដ្ឋកិច្ចឬរដ្ឋាភិបាលនៅកន្លែងដែលយើងរស់នៅ អាចធ្វើឲ្យជីវិតយើងយ៉ាប់យ៉ឺន។ (អទ. ៩:១១; ១កូ. ៧:៣១) សូម្បីតែការផ្លាស់ប្ដូរភារកិច្ចក្នុងអង្គការព្រះ ក៏អាចពិបាកសម្រាប់យើង។ មិនថាមានការពិបាកអ្វីក៏ដោយ យើងអាចសម្របខ្លួនទៅតាមស្ថានភាពថ្មីបានបើយើងធ្វើតាមជំហានទាំងបួននេះគឺ៖ (១) ព្រមទទួលស្គាល់ការពិត (២) សម្លឹងមើលទៅថ្ងៃអនាគត (៣) ផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗ និង (៤) ធ្វើអ្វីផ្សេងៗដើម្បីអ្នកឯទៀត។ សូមយើងពិចារណាអំពីរបៀបដែលបងប្អូនខ្លះរបស់យើងបានទទួលប្រយោជន៍ពីការធ្វើអ្វីទាំងនេះ។
៩. តើសាសនទូតមួយគូបានស៊ូទ្រាំនឹងទុក្ខលំបាកដែលមិនបានរំពឹងទុកតាមរបៀបណា?
៩ ចូរព្រមទទួលស្គាល់ការពិត។ បងប្រុសអេម៉ានវេឡានិងបងស្រីហ្វ្រានឆេស្កាបានត្រូវចាត់ឲ្យបម្រើជាសាសនទូតនៅប្រទេសក្រៅ។ កាលដែលពួកគាត់ចាប់ផ្ដើមរៀនភាសាថ្មីនិងស្គាល់បងប្អូននៅក្រុមជំនុំថ្មីរបស់ពួកគាត់មិនបានប៉ុន្មានផង រោគរាតត្បាតជំងឺកូវីដ-១៩បានផ្ទុះឡើង ហើយពួកគាត់ត្រូវនៅដាច់ដោយឡែកពីមនុស្សឯទៀត។ ក្រោយមក ម្ដាយរបស់បងហ្វ្រានឆេស្កាបានស្លាប់ភ្លាមៗ។ បងហ្វ្រានឆេស្កាចង់នៅក្បែរក្រុមគ្រួសាររបស់គាត់ខ្លាំងណាស់ ប៉ុន្តែគាត់មិនអាចធ្វើដំណើរទៅទីនោះបានទេ ដោយសាររោគរាតត្បាត។ តើអ្វីបានជួយគាត់ឲ្យយកឈ្នះការពិបាកទាំងអស់នេះ? ទី១ បងអេម៉ានវេឡានិងបងហ្វ្រានឆេស្កាបានអធិដ្ឋានជាមួយគ្នាសុំប្រាជ្ញាពីព្រះយេហូវ៉ាដើម្បីស៊ូទ្រាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយមិនខ្វល់ចិត្តហួសហេតុពេក។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគាត់នៅពេលត្រឹមត្រូវតាមរយៈអង្គការលោក។ ជាឧទាហរណ៍ ពួកគាត់បានទទួលការលើកទឹកចិត្តពីបងប្រុសម្នាក់ដែលបានត្រូវសម្ភាសក្នុងវីដេអូមួយ ដែលនិយាយថា៖ «បើយើងឆាប់ទទួលយកស្ថានភាពថ្មីដែលកើតឡើងចំពោះយើង នេះនឹងជួយយើងឲ្យឆាប់មានអំណរឡើងវិញ ហើយនេះក៏ជួយយើងឲ្យចេះប្រើស្ថានភាពថ្មីនោះដើម្បីបង្កើតឲ្យបានប្រយោជន៍ច្រើនបំផុត»។ b ទី២ ពួកគាត់បានសម្រេចចិត្តបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វ ផ្សាយតាមទូរស័ព្ទ ហើយថែមទាំងបានចាប់ផ្ដើមការសិក្សាគម្ពីរទៀតផង។ ទី៣ ពួកគាត់ព្រមទទួលការលើកទឹកចិត្តនិងការគាំទ្រដែលប្រកបដោយសេចក្ដីស្រឡាញ់ពីបងប្អូនក្នុងក្រុមជំនុំ។ បងស្រីដែលចេះគិតគូរម្នាក់បានផ្ញើសារខ្លីៗដោយភ្ជាប់បទគម្ពីរមួយដល់ពួកគាត់ជារៀងរាល់ថ្ងៃអស់មួយឆ្នាំ។ ដូចបងអេម៉ានវេឡានិងបងហ្វ្រានឆេស្កា បើយើងព្រមទទួលយកស្ថានភាពថ្មី យើងនឹងមានអំណរចំពោះអ្វីដែលយើងអាចធ្វើ។
១០. តើបងស្រីម្នាក់បានសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតរបស់គាត់យ៉ាងដូចម្ដេច?
១០ ចូរសម្លឹងមើលថ្ងៃអនាគត ហើយផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗ។ បងស្រីជនជាតិរ៉ូម៉ានីម្នាក់ឈ្មោះគ្រីស្ទីណាដែលរស់នៅប្រទេសជប៉ុន បានខកចិត្តពេលដែលក្រុមជំនុំភាសាអង់គ្លេសដែលគាត់បានចូលរួមបានត្រូវរំសាយ។ ប៉ុន្តែ គាត់មិនចេះតែគិតអំពីអតីតកាលទេ។ ផ្ទុយទៅវិញ គាត់បានសម្រេចចិត្តខំអស់ពីសមត្ថភាពក្នុងក្រុមជំនុំភាសាជប៉ុននាតំបន់របស់គាត់។ គាត់បានសុំអតីតអ្នករួមការងាររបស់គាត់ឲ្យបង្រៀនគាត់ឲ្យចេះនិយាយភាសាជប៉ុនល្អជាង។ ស្ត្រីនោះបានយល់ព្រមប្រើគម្ពីរនិងសៀវភៅស្ដើងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដើម្បីបង្រៀនភាសាជប៉ុនដល់បងគ្រីស្ទីណា។ ជាលទ្ធផល បងគ្រីស្ទីណាមិនគ្រាន់តែអាចនិយាយភាសាជប៉ុនបានល្អជាងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ស្ត្រីនោះចាប់ផ្ដើមចាប់អារម្មណ៍សេចក្ដីពិត។ ពេលយើងសម្លឹងមើលថ្ងៃអនាគត ហើយគិតអ្វីល្អៗ ការផ្លាស់ប្ដូរដែលមិនដឹងទុកជាមុនអាចនាំឲ្យទទួលពរដែលមិននឹកស្មាន។
១១. តើអ្វីបានជួយប្ដីប្រពន្ធមួយគូដែលជួបបញ្ហាលុយកាក់?
១១ ចូរធ្វើអ្វីផ្សេងៗដើម្បីអ្នកឯទៀត។ ប្ដីប្រពន្ធមួយគូដែលរស់នៅប្រទេសដែលដាក់បម្រាមលើកិច្ចការរបស់យើង ចាប់ផ្ដើមមានបញ្ហាលុយកាក់ពេលសេដ្ឋកិច្ចនៅប្រទេសនោះបានដួលរលំ។ តើពួកគេបានសម្របខ្លួនយ៉ាងដូចម្ដេច? ដំបូង ពួកគេបានព្យាយាមកាត់បន្ថយការចំណាយរបស់ពួកគេ។ បន្ទាប់មក ជាជាងផ្ដោតអារម្មណ៍លើបញ្ហារបស់ខ្លួន ពួកគេបានសម្រេចចិត្តផ្ចង់អារម្មណ៍ទៅលើការជួយអ្នកឯទៀតដោយបន្ដជាប់រវល់ក្នុងកិច្ចផ្សព្វផ្សាយ។ (សកម្ម. ២០:៣៥) ប្ដីនោះនិយាយថា៖ «ដោយសារយើងបានចំណាយពេលច្រើនក្នុងកិច្ចបម្រើផ្សាយ យើងមិនសូវមានពេលគិតអំពីបញ្ហារបស់យើង ហើយយើងមានពេលច្រើនជាងធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើ»។ ពេលស្ថានភាពរបស់យើងផ្លាស់ប្ដូរ យើងត្រូវចាំថាគឺសំខាន់ណាស់ឲ្យបន្តជួយអ្នកឯទៀត ជាពិសេសតាមរយៈកិច្ចផ្សព្វផ្សាយ។
១២. តើគំរូរបស់សាវ័កប៉ូលអាចជួយយើងឲ្យចេះបត់បែនក្នុងកិច្ចផ្សព្វផ្សាយយ៉ាងដូចម្ដេច?
១២ ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងត្រូវចេះបត់បែន។ យើងជួបមនុស្សដែលមានជំនឿ ទស្សនៈ និងប្រវត្តិខុសៗពីគ្នា។ សាវ័កប៉ូលចេះបត់បែន ហើយយើងអាចរៀនពីគំរូរបស់គាត់។ លោកយេស៊ូបានតែងតាំងគាត់ឲ្យធ្វើជា«សាវ័កសម្រាប់ជនជាតិដទៃ»។ (រ៉ូម ១១:១៣) ដោយមានតួនាទីនេះ ប៉ូលបានផ្សព្វផ្សាយដល់ជនជាតិយូដា ជនជាតិក្រិច អ្នកប្រាជ្ញ អ្នកភូមិ អាជ្ញាធរ និងស្ដេច។ ប៉ូលបាន«ធ្វើដូចមនុស្សគ្រប់ប្រភេទ» ដើម្បីមានឥទ្ធិពលលើចិត្តរបស់មនុស្សទាំងនោះ។ (១កូ. ៩:១៩-២៣) គាត់បានគិតយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ ប្រវត្តិ និងជំនឿរបស់មនុស្សដែលគាត់និយាយជាមួយ ហើយប្រែប្រួលពាក្យផ្សាយរបស់គាត់ស្របទៅតាមអ្វីទាំងនោះ។ យើងក៏អាចកាន់តែមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយរបស់យើងដែរ បើយើងចេះបត់បែន ហើយប្រែប្រួលពាក្យផ្សាយរបស់យើងស្របទៅតាមសេចក្ដីត្រូវការរបស់អ្នកស្ដាប់។
ចូរគោរពទស្សនៈរបស់អ្នកឯទៀត
១៣. បើយើងគោរពទស្សនៈរបស់អ្នកឯទៀត តើយើងអាចជៀសវាងពីគ្រោះថ្នាក់អ្វីដែលបានត្រូវរៀបរាប់នៅកូរិនថូសទី១ ៨:៩?
១៣ ភាពសមហេតុសមផលក៏ជួយយើងឲ្យគោរពទស្សនៈរបស់អ្នកឯទៀតដែរ។ ជាឧទាហរណ៍ បងប្អូនស្រីខ្លះចូលចិត្តផាត់មុខ ប៉ុន្តែបងប្អូនស្រីខ្លះទៀតមិនចូលចិត្តទេ។ គ្រិស្តសាសនិកខ្លះចូលចិត្តផឹកស្រាដោយចេះប្រមាណ ប៉ុន្តែអ្នកឯទៀតសម្រេចចិត្តមិនផឹកទាល់តែសោះ។ មួយវិញទៀត គ្រិស្តសាសនិកទាំងអស់ចង់មានសុខភាពល្អ តែជ្រើសរើសវិធីថែទាំសុខភាពខុសៗគ្នា។ បើយើងគិតថាយើងត្រូវរហូត ហើយ យើងព្យាយាមបញ្ចុះបញ្ចូលបងប្អូនឲ្យធ្វើតាមយើង នោះយើងអាចធ្វើឲ្យអ្នកឯទៀតជំពប់ដួល ហើយនាំឲ្យមានការបែកបាក់គ្នា។ យើងមិនចង់ធ្វើដូច្នេះឡើយ។ (សូមអាន កូរិនថូសទី១ ៨:៩; ១០:២៣, ២៤) សូមយើងពិចារណាឧទាហរណ៍ពីរដែលបង្ហាញអំពីរបៀបដែលការអនុវត្តន៍គោលការណ៍គម្ពីរអាចជួយយើងឲ្យមានតុល្យភាពនិងរក្សាសន្តិភាព។
១៤. តើយើងគួរចាំអ្វីជានិច្ចពេលយើងធ្វើការសម្រេចចិត្តអំពីសម្លៀកបំពាក់និងម៉ូដសក់?
១៤ សម្លៀកបំពាក់និងម៉ូដសក់។ ព្រះយេហូវ៉ាមិនប្រាប់យើងថាយើងគួរស្លៀកពាក់បែបណាទេ ប៉ុន្តែលោកបានឲ្យយើងនូវគោលការណ៍។ យើងត្រូវស្លៀកពាក់តាមរបៀបសមជាអ្នកបម្រើព្រះ ដោយបង្ហាញភាពសមហេតុសមផល «ដឹងខុសត្រូវ» ហើយបែបរម្យទម។ (១ធី. ២:៩, ១០; ១ពេ. ៣:៣) ដូច្នេះ យើងមិនចង់ស្លៀកពាក់តាមរបៀបដែលធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍ខ្លាំងពេកមកលើអាការក្រៅរបស់យើងឡើយ។ គោលការណ៍គម្ពីរក៏នឹងជួយពួកអ្នកចាស់ទុំឲ្យជៀសវាងពីការបង្កើតច្បាប់ដោយខ្លួនឯងស្ដីអំពីសម្លៀកបំពាក់និងម៉ូដសក់។ ជាឧទាហរណ៍ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំមួយចង់ជួយប្អូនប្រុសវ័យក្មេងខ្លះដែលមានម៉ូដសក់ពេញនិយមបែបខ្លី តែរញ៉េរញ៉ៃ។ តើតាមរបៀបណាពួកអ្នកចាស់ទុំអាចជួយពួកគេដោយមិនបង្កើតច្បាប់? អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានជូនយោបល់ពួកអ្នកចាស់ទុំឲ្យប្រាប់ប្អូនប្រុសៗទាំងនោះថា៖ «បើប្អូននៅលើវេទិកា ហើយអ្នកស្ដាប់យកចិត្តទុកដាក់លើអាការក្រៅប្អូនខ្លាំងជាងអ្វីដែលប្អូននិយាយ ការស្លៀកពាក់និងសម្អិតសម្អាងប្អូនគឺមានបញ្ហាហើយ»។ ការពន្យល់ដ៏សាមញ្ញនេះបានដោះស្រាយបញ្ហាដោយមិនចាំបាច់បង្កើតច្បាប់។ c
១៥. តើច្បាប់និងគោលការណ៍អ្វីក្នុងគម្ពីរជួយយើងឲ្យធ្វើការសម្រេចចិត្តស្ដីអំពីការថែទាំសុខភាព? (រ៉ូម ១៤:៥)
១៥ ការថែទាំសុខភាព។ គ្រិស្តសាសនិកម្នាក់ៗត្រូវសម្រេចចិត្តអំពីរបៀបថែទាំសុខភាពរបស់ខ្លួន។ (កាឡ. ៦:៥) ពេលគ្រិស្តសាសនិកជ្រើសរើសវិធីព្យាបាល ពួកគេត្រូវធ្វើតាមច្បាប់ ពីគម្ពីរដែលឲ្យជៀសវាងជាដាច់ខាតពីឈាមនិងពួកវិញ្ញាណអាក្រក់។ (សកម្ម. ១៥:២០; កាឡ. ៥:១៩, ២០) អ្វីផ្សេងទៀតអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ អ្នកខ្លះស្វែងរកតែក្រុមគ្រូពេទ្យដើម្បីថែទាំសុខភាពរបស់ពួកគេ។ រីឯអ្នកខ្លះទៀត សម្រេចចិត្តថែទាំសុខភាពតាមវិធីផ្សេង។ មិនថាយើងប្រកាន់ទស្សនៈខ្លាំងយ៉ាងណាអំពីការព្យាបាលណាមួយក្ដី យើងត្រូវគោរពសិទ្ធិរបស់បងប្អូនយើងក្នុងការធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីការថែទាំសុខភាព។ ស្ដីអំពីរឿងនេះ យើងគួរចាំអំពីចំណុចទាំងបួននេះគឺ៖ (១) មានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះនឹងនាំមកនូវការជាសះស្បើយទាំងស្រុងនិងជារៀងរហូត។ (អេ. ៣៣:២៤) (២) គ្រិស្តសាសនិកម្នាក់ៗត្រូវដឹងឬ«ជឿប្រាកដ»អំពីអ្វីល្អបំផុតចំពោះខ្លួនឯង។ (សូមអាន រ៉ូម ១៤:៥) (៣) យើងមិនវិនិច្ឆ័យអ្នកឯទៀត ឬមិនដាក់ឧបសគ្គដែលអាចនាំឲ្យពួកគេជំពប់ដួលឡើយ។ (រ៉ូម ១៤:១៣) (៤) គ្រិស្តសាសនិកបង្ហាញសេចក្ដីស្រឡាញ់ ហើយយល់ថាសាមគ្គីភាពក្នុងក្រុមជំនុំគឺសំខាន់ជាងទស្សនៈរបស់ពួកគេ។ (រ៉ូម ១៤:១៥, ១៩, ២០) បើយើងចាំជានិច្ចអំពីចំណុចទាំងនេះ យើងនឹងរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយបងប្អូនយើង ហើយជួយធ្វើឲ្យមានភាពសុខសាន្តក្នុងក្រុមជំនុំ។
១៦. តើអ្នកចាស់ទុំម្នាក់អាចបង្ហាញភាពសមហេតុសមផលយ៉ាងដូចម្ដេចក្នុងការប្រព្រឹត្តរបស់គាត់ចំពោះអ្នកចាស់ទុំឯទៀត? (សូមមើលរូបភាពផងដែរ)
១៦ ពួកអ្នកចាស់ទុំត្រូវទុកគំរូល្អក្នុងការធ្វើជាមនុស្សសមហេតុសមផល។ (១ធី. ៣:២, ៣) ជាឧទាហរណ៍ អ្នកចាស់ទុំម្នាក់មិនគួររំពឹងថាក្រុមអ្នកចាស់ទុំនឹងតែងតែយកទស្សនៈរបស់គាត់ ដោយសារតែគាត់មានវ័យចាស់ជាងអ្នកចាស់ទុំឯទៀតទេ។ គាត់ទទួលស្គាល់ថាឫទ្ធានុភាពរបស់ព្រះយេហូវ៉ាអាចជំរុញចិត្តអ្នកចាស់ទុំណាក៏ដោយឲ្យនិយាយអ្វីដែលនឹងជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ម្យ៉ាងទៀត បើអ្នកចាស់ទុំភាគច្រើនយល់ស្របនឹងការសម្រេចចិត្តមួយដែលមិនប្រឆាំងគោលការណ៍គម្ពីរ អ្នកចាស់ទុំដែលសមហេតុសមផលនឹងគាំទ្រការសម្រេចចិត្តនោះ ទោះជាគាត់ចង់ធ្វើអ្វីផ្សេងក្ដី។
ប្រយោជន៍ពីការធ្វើជាមនុស្សសមហេតុសមផល
១៧. តើយើងទទួលប្រយោជន៍យ៉ាងណាពេលយើងជាមនុស្សសមហេតុសមផល?
១៧ ពេលយើងជាមនុស្សសមហេតុសមផល យើងទទួលប្រយោជន៍ជាច្រើន។ យើងមានចំណងមិត្តភាពល្អជាងជាមួយបងប្អូនយើង ហើយក្រុមជំនុំមានសេចក្ដីសុខសាន្ត។ យើងអរសប្បាយដែលមានបុគ្គលិកលក្ខណៈនិងវប្បធម៌ផ្សេងៗគ្នានៅក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាដោយមានសាមគ្គីភាព។ សំខាន់បំផុត យើងស្កប់ចិត្តដោយដឹងថាយើងកំពុងយកតម្រាប់ព្រះយេហូវ៉ាជាព្រះដែលសមហេតុសមផល។
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
a ព្រះយេហូវ៉ានិងលោកយេស៊ូគឺជាបុគ្គលសមហេតុសមផល ហើយលោកទាំងពីរចង់ឲ្យយើងបណ្ដុះឲ្យមានគុណសម្បត្តិនេះ។ បើយើងជាមនុស្សសមហេតុសមផល យើងនឹងងាយស្រួលសម្របខ្លួនជាងពេលស្ថានភាពយើងបានត្រូវផ្លាស់ប្ដូរ ដូចជាមានការផ្លាស់ប្ដូរខាងសុខភាពឬខាងសេដ្ឋកិច្ចជាដើម។ យើងក៏នឹងជួយរក្សាឲ្យមានសន្តិភាពនិងសាមគ្គីភាពក្នុងក្រុមជំនុំ។
b សូមទស្សនាវីដេអូបទសម្ភាសន៍ជាមួយបងប្រុសឌីមីទ្រី មិកហេឡូវ ដែលបានត្រូវភ្ជាប់នឹងអត្ថបទដែលមានចំណងជើងថា «ព្រះយេហូវ៉ាបានធ្វើឲ្យការបៀតបៀនទៅជាឱកាសផ្សព្វផ្សាយ» ក្នុងកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ ខែមីនា-ខែមេសា ឆ្នាំ២០២១។
c ដើម្បីបានព័ត៌មានថែមទៀតអំពីរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួន សូមមើលសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! នៅមេរៀនទី៥២។