លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៩

តើអ្នកត្រៀមខ្លួនសម្រាប់គ្រាទុក្ខវេទនាជាខ្លាំងឬទេ?

តើអ្នកត្រៀមខ្លួនសម្រាប់គ្រាទុក្ខវេទនាជាខ្លាំងឬទេ?

​«​អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​»។—ម៉ាថ. ២៤:៤៤

ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

សេចក្ដី​សង្ខេប a

១. ហេតុ​អ្វី​ជា​ការ​ឈ្លាស​វៃ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​មហន្តរាយ?

 ការ​ត្រៀម​ខ្លួន​សង្គ្រោះ​ជីវិត។ ជា​ឧទាហរណ៍ ពេល​មាន​មហន្តរាយ មនុស្ស​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ទំនង​ជា​នឹង​មាន​ឱកាស​រួច​ជីវិត​ជាង​ពួក​អ្នក​ដែល​មិន​បាន​ត្រៀម​ខ្លួន ហើយ​ពួក​គេ​ក៏​អាច​ជួយ​អ្នក​ឯ​ទៀត​ដែរ។ អង្គការ​មនុស្សធម៌​មួយ​នៅ​ទ្វីប​អឺរ៉ុប​និយាយ​ថា​៖ ​«​ការ​ត្រៀម​ខ្លួន​ល្អ អាច​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ពី​ការ​មិន​ត្រៀម​ខ្លួន​»។

២. ហេតុ​អ្វី​យើង​គួរ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង? (​ម៉ាថាយ ២៤:៤៤​)

​‹គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង›​នឹង​ចាប់​ផ្ដើម​ភ្លាម​ៗ។ (​ម៉ាថ. ២៤:២១​) ប៉ុន្តែ គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ខុស​ពី​មហន្តរាយ​ជា​ច្រើន​ឯ​ទៀត ដោយ​សារ​យើង​ដឹង​ថា​គ្រា​នោះ​នឹង​មក។ ប្រហែល​ជា​២.០០០​ឆ្នាំ​មុន លោក​យេស៊ូ​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ។ (​សូម​អាន ម៉ាថាយ ២៤:៤៤​) បើ​យើង​បាន​ត្រៀម​ខ្លួន នោះ​នឹង​ស្រួល​ជាង​ឲ្យ​យើង​ឆ្លង​កាត់​គ្រា​លំបាក​នោះ ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។—លូក. ២១:៣៦

៣. តើ​ការ​ស៊ូ​ទ្រាំ សេចក្ដី​អាណិត​មេត្តា និង​សេចក្ដី​ស្រឡាញ់​នឹង​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?

សូម​គិត​អំពី​គុណ​សម្បត្តិ​បី​ដែល​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​បើ​យើង​បាន​ត្រូវ​សុំ​ឲ្យ​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​វិនិច្ឆ័យ​ចំ​ៗ ហើយ​ពួក​អ្នក​មិន​ជឿ​ប្រឆាំង​យើង? (​បប. ១៦:២១​) យើង​នឹង​ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត​ថា​លោក​នឹង​ការ​ពារ​យើង។ តើ​យើង​នឹង​ធ្វើ​អ្វី​បើ​បង​ប្អូន​របស់​យើង​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខ្លះ ឬ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ? (​ហាប. ៣:១៧, ១៨​) យើង​នឹង​ត្រូវ​ការ​សេចក្ដី​អាណិត​មេត្តា​ដើម្បី​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្ដល់​ជំនួយ​ដល់​ពួក​គេ។ តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា បើ​យើង​ត្រូវ​រស់​នៅ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​របស់​យើង​អស់​មួយ​រយៈ ដោយ​សារ​ការ​វាយ​ប្រហារ​ពី​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​គ្នា? (​អេគ. ៣៨:១០​-​១២​) យើង​នឹង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ចំពោះ​ពួក​គេ។ នេះ​នឹង​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នោះ។

៤. តើ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​យើង​ត្រូវ​បន្ត​បង្ហាញ​ការ​ស៊ូ​ទ្រាំ សេចក្ដី​អាណិត​មេត្តា និង​សេចក្ដី​ស្រឡាញ់?

បណ្ដាំ​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​មាន​ការ​ស៊ូ​ទ្រាំ សេចក្ដី​អាណិត​មេត្តា និង​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង។ លូកា ២១:១៩​ចែង​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដល់​ទី​បញ្ចប់ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន​»។ កូឡុស ៣:១២​ចែង​ថា​៖ ​«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្តា​ករុណា​»។ ហើយ​ថែស្សាឡូនិច​ទី១ ៤:៩, ១០​ចែង​ថា​៖ ​«​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ហើយ។ . . . ប៉ុន្តែ បង​ប្អូន​អើយ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ដូច្នោះ​កាន់​តែ​ប្រសើរ​ថែម​ទៀត​»។ ខ​គម្ពីរ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​ដែល​បាន​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​រួច​ហើយ។ ប៉ុន្តែ ពួក​គេ​ត្រូវ​បន្ត​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​កាន់​តែ​ខ្លាំង​ឡើង។ យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ ដើម្បី​ជួយ​យើង យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​បង្ហាញ​គុណ​សម្បត្តិ​នីមួយ​ៗ​ទាំង​នេះ។ បន្ទាប់​មក យើង​នឹង​ឃើញ​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ពួក​អ្នក​កាន់​តាម​ទាំង​នោះ ហើយ​បង្ហាញ​ថា​យើង​បាន​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

ចូរ​ពង្រឹង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក

៥. តើ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​ពួក​គេ​តាម​របៀប​ណា?

គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ត្រូវ​ស៊ូ​ទ្រាំ។ (​ហេ. ១០:៣៦​) ក្រៅ​ពី​បញ្ហា​ដែល​មនុស្ស​ជា​ទូទៅ​មាន ពួក​គេ​ក៏​មាន​បញ្ហា​ផ្សេង​ទៀត។ ពួក​គេ​ជា​ច្រើន​នាក់​បាន​ត្រូវ​គេ​បៀតបៀន មិន​គ្រាន់​តែ​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​និង​ពួក​អាជ្ញាធរ​ជន​ជាតិ​រ៉ូម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ។ (​ម៉ាថ. ១០:២១​) ម្យ៉ាង​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ ជួន​កាល​ពួក​គេ​ត្រូវ​ត​យុទ្ធ​នឹង​ឥទ្ធិពល​ពី​ពួក​អ្នក​ក្បត់​ជំនឿ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ទាំង​នោះ​ដែល​នាំ​ឲ្យ​បែក​បាក់​គ្នា។ (​សកម្ម. ២០:២៩, ៣០​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​ស៊ូ​ទ្រាំ។ (​បប. ២:៣​) តើ​តាម​របៀប​ណា? ពួក​គេ​បាន​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​គំរូ​ក្នុង​គម្ពីរ​របស់​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ដូច​ជា​យ៉ូប​ជា​ដើម។ (​យ៉ា. ៥:១០, ១១​) ពួក​គេ​បាន​អធិដ្ឋាន​សុំ​កម្លាំង។ (​សកម្ម. ៤:២៩​-​៣១​) ម្យ៉ាង​ទៀត ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គេ។—សកម្ម. ៥:៤១

៦. តើ​អ្នក​ទាញ​មេ​រៀន​យ៉ាង​ណា​ពី​អ្វី​ដែល​បង​ម៉េរីតា​បាន​ធ្វើ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង?

យើង​ក៏​អាច​ស៊ូ​ទ្រាំ​បាន​ដែរ បើ​យើង​សិក្សា​ជា​ទៀង​ទាត់​អំពី​គំរូ​របស់​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ក្នុង​បណ្ដាំ​ព្រះ​និង​ក្នុង​សៀវភៅ​របស់​យើង ហើយ​រំពឹង​គិត​អំពី​គំរូ​ទាំង​នោះ។ ដោយ​ធ្វើ​ដូច្នេះ បង​ស្រី​ម៉េរីតា​នៅ​ប្រទេស​អាល់បានី អាច​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ដ៏​ឃោរឃៅ​ពី​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​រំជួល​ចិត្ត​ជា​ខ្លាំង​ពេល​ខ្ញុំ​សិក្សា​កំណត់​ហេតុ​គម្ពីរ​អំពី​យ៉ូប។ គាត់​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ហើយ​ទោះ​ជា​គាត់​មិន​ដឹង​ថា​អ្នក​ណា​កំពុង​បង្ក​ឲ្យ​គាត់​មាន​បញ្ហា​ក្ដី គាត់​និយាយ​ថា​៖ ‹រហូត​ដល់​ថ្ងៃ​ស្លាប់ ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​អ្វី​ណា​មក​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ជា​ដាច់​ខាត!›។ (​យ៉ូប ២៧:៥​) ខ្ញុំ​បាន​យល់​ថា​បញ្ហា​របស់​យ៉ូប​គឺ​ពិបាក​ជាង​បញ្ហា​របស់​ខ្ញុំ​ខ្លាំង​ណាស់។ ខុស​ពី​គាត់ ខ្ញុំ​ដឹង​ថា​អ្នក​ណា​កំពុង​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​បញ្ហា​»។

៧. ទោះ​ជា​យើង​មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​ឥឡូវ​នេះ​ក្ដី តើ​យើង​គួរ​រៀន​ធ្វើ​អ្វី?

យើង​ក៏​អាច​ពង្រឹង​ការ​ស៊ូ​ទ្រាំ​របស់​យើង​ដោយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ និង​ដោយ​ប្រាប់​លោក​អំពី​ការ​ព្រួយ​បារម្ភ​ទាំង​អស់​របស់​យើង។ (​ភី. ៤:៦; ១ថែ. ៥:១៧​) ប្រហែល​ជា​អ្នក​មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​ឥឡូវ​នេះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ តើ​អ្នក​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា​ដែល​អ្នក​ពិបាក​ចិត្ត ច្របូក​ច្របល់​ក្នុង​ចិត្ត ឬ​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ឬ​ទេ? បើ​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​របស់​យើង​ជា​ទៀង​ទាត់ ដើម្បី​សុំ​លោក​ឲ្យ​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ការ​ពិបាក​ប្រចាំ​ថ្ងៃ​របស់​អ្នក​នៅ​ឥឡូវ​នេះ អ្នក​នឹង​មិន​ស្ទាក់​ស្ទើរ​ធ្វើ​ដូច្នេះ​ពេល​ដែល​អ្នក​ប្រឈម​មុខ​នឹង​ការ​ពិបាក​ធំ​ជាង​នៅ​ថ្ងៃ​អនាគត​ឡើយ។ យ៉ាង​នេះ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ថា​លោក​ពិត​ជា​ដឹង​អំពី​ពេល​វេលា​និង​របៀប​ដើម្បី​ជួយ​អ្នក។—ចសព. ២៧:១,

ការ​ស៊ូ​ទ្រាំ

ទុក្ខ​លំបាក​នីមួយ​ៗ​ដែល​យើង​ស៊ូ​ទ្រាំ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​បន្ទាប់​មក (​សូម​មើល​វគ្គ​៨​)

៨. តើ​គំរូ​របស់​បង​មៀរ៉ា​បង្ហាញ​យ៉ាង​ណា​ថា​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​សព្វ​ថ្ងៃ​នេះ អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នៅ​ថ្ងៃ​ខាង​មុខ? (​យ៉ាកុប ១:២​-​៤​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

យើង​នឹង​កាន់​តែ​ចេះ​ស៊ូ​ទ្រាំ​នឹង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នៅ​ថ្ងៃ​អនាគត បើ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​ឥឡូវ​នេះ។ (​រ៉ូម ៥:៣​) ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? បង​ប្អូន​ជា​ច្រើន​នាក់​និយាយ​ថា​រាល់​ដង​ដែល​ពួក​គេ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក នោះ​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នៅ​ពេល​ក្រោយ​មក។ ពេល​ពួក​គេ​ស៊ូ​ទ្រាំ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​កាន់​តែ​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​ពួក​គេ។ ម្យ៉ាង​ទៀត ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ពួក​គេ​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​ពេល​ក្រោយ​មក។ (​សូម​អាន យ៉ាកុប ១:២​-​៤) បង​ស្រី​មៀរ៉ា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រទេស​អាល់បានី បាន​ឃើញ​ថា​ការ​ស៊ូ​ទ្រាំ​របស់​គាត់​នៅ​អតីតកាល​បាន​ជួយ​គាត់​ឲ្យ​បន្ត​ស៊ូ​ទ្រាំ។ គាត់​សារភាព​ថា ជួន​កាល​គាត់​មាន​អារម្មណ៍​ថា​មាន​តែ​គាត់​ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​ច្រើន។ ប៉ុន្តែ​ក្រោយ​មក គាត់​នឹក​ចាំ​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​២០​ឆ្នាំ​កន្លង​មក​ដើម្បី​គាំទ្រ​គាត់ ហើយ​គាត់​ប្រាប់​ខ្លួន​ឯង​ថា​៖ ‹ត្រូវ​តែ​បន្ត​ស្មោះ​ត្រង់។ កុំ​ឲ្យ​ពេល​វេលា​ច្រើន​ឆ្នាំ​មក​នេះ​និង​ការ​ត​យុទ្ធ​ទាំង​ឡាយ​ដែល​ឯង​បាន​យក​ឈ្នះ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ទៅ​ជា​អសារ​ឥត​ការ​ឡើយ›។ អ្នក​ក៏​អាច​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​រួច​ហើយ។ សូម​ជឿ​ជាក់​ថា​លោក​កត់​សម្គាល់​រាល់​ដង​ដែល​អ្នក​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​មួយ ហើយ​ថា​លោក​នឹង​ឲ្យ​រង្វាន់​អ្នក។ (​ម៉ាថ. ៥:១០​-​១២​) យ៉ាង​នេះ ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម អ្នក​បាន​រៀន​រួច​ហើយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ហើយ​អ្នក​នឹង​តាំង​ចិត្ត​បន្ត​ស៊ូ​ទ្រាំ។

ចូរ​បង្ហាញ​សេចក្ដី​អាណិត​មេត្តា

៩. តើ​ក្រុម​ជំនុំ​នា​ក្រុង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​យ៉ាង​ដូច​ម្ដេច?

សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា​មាន​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង។ ក្រោយ​ពី​ក្រុម​ជំនុំ​នា​ក្រុង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី​បាន​ឮ​អំពី​ការ​អត់​ឃ្លាន​នោះ ពួក​គេ​ប្រាកដ​ជា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​បង​ប្អូន​របស់​ពួក​គេ​នៅ​តំបន់​យូឌា។ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្តា​របស់​ពួក​គេ​តាម​រយៈ​ការ​ប្រព្រឹត្ត។ ពួក​គេ​‹បាន​សម្រេច​ថា ពួក​គេ​នឹង​ផ្ញើ​ជំនួយ​ទៅ​បង​ប្អូន​ដែល​រស់​នៅ​តំបន់​យូឌា តាម​លទ្ធភាព​របស់​ពួក​គេ​ម្នាក់​ៗ​›។ (​សកម្ម. ១១:២៧​-​៣០​) ទោះ​ជា​បង​ប្អូន​ដែល​រង​ការ​អត់​ឃ្លាន​នោះ​បាន​រស់​នៅ​ឆ្ងាយ​ពី​គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​ក្ដី គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​តាំង​ចិត្ត​ជួយ​ពួក​គេ។—១យ៉ូន. ៣:១៧, ១៨

សេចក្ដី​អាណិត​មេត្តា

មហន្តរាយ​ធម្មជាតិ​ផ្ដល់​ឱកាស​ឲ្យ​យើង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា (​សូម​មើល​វគ្គ​១០​)

១០. តើ​យើង​អាច​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​យ៉ាង​ដូច​ម្ដេច ពេល​បង​ប្អូន​រួម​ជំនឿ​រង​គ្រោះ​ដោយ​មហន្តរាយ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ យើង​ក៏​អាច​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ពេល​យើង​ដឹង​ថា​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា​បាន​រង​គ្រោះ​ដោយ​មហន្តរាយ។ យើង​ស្នើ​សុំ​ផ្ដល់​ជំនួយ​ភ្លាម​ៗ ប្រហែល​ជា​ដោយ​សួរ​ពួក​អ្នក​ចាស់​ទុំ​ថា​តើ​យើង​អាច​ជួយ​ក្នុង​គម្រោង​ណា​មួយ​បាន​ទេ ហើយ​ដោយ​ដាក់​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ឬ​ដោយ​អធិដ្ឋាន​អំពី​ពួក​អ្នក​ដែល​បាន​រង​គ្រោះ​ពី​មហន្តរាយ​នោះ។ b (​សុភ. ១៧:១៧​) ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០២០​គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​ជាង​៩៥០​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក ដើម្បី​ថែ​ទាំ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​អំឡុង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩។ ពួក​អ្នក​ដែល​បម្រើ​ជា​មួយ​គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​សម​នឹង​ទទួល​ការ​សរសើរ​ដ៏​កក់​ក្ដៅ​ពី​យើង។ ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​អាណិត​មេត្តា​ចំពោះ​បង​ប្អូន​របស់​ពួក​គេ នោះ​ពួក​គេ​បាន​ផ្ដល់​ជំនួយ​ខាង​សម្ភារ ខាង​ការ​គោរព​ប្រណិប័តន៍ ហើយ​ក្នុង​ករណី​ខ្លះ បាន​ជួស​ជុល​ឬ​សង់​ផ្ទះ​និង​កន្លែង​សម្រាប់​គោរព​ប្រណិប័តន៍​ឡើង​វិញ។—សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី២ ៨:១​-​៤

១១. តើ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​លើក​កិត្តិយស​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​យ៉ាង​ដូច​ម្ដេច?

១១ ពេល​យើង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​បង​ប្អូន​ដែល​បាន​ជួប​មហន្តរាយ អ្នក​ឯ​ទៀត​កត់​សម្គាល់​អំពី​ការ​លះ​បង់​របស់​យើង។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១៩​ខ្យល់​ព្យុះ​ដូរីអិន​បាន​បំផ្លាញ​សាល​ប្រជុំ​នៅ​ប្រជុំ​កោះ​បាហាម៉ា។ កាល​ដែល​បង​ប្អូន​របស់​យើង​កំពុង​សង់​សាល​ប្រជុំ​ឡើង​វិញ ពួក​គេ​បាន​សួរ​អ្នក​ម៉ៅ​ការ​ដែល​មិន​មែន​ជា​សាក្សី​ឲ្យ​ផ្ដល់​ការ​សម្រង់​តម្លៃ​សម្រាប់​កិច្ច​ការ​ខ្លះ​ដែល​ត្រូវ​ធ្វើ។ គាត់​បាន​ប្រាប់​បង​ប្អូន​ថា​៖ ​«​ខ្ញុំ​ចង់​ឲ្យ . . . ឧបករណ៍​ផ្សេង​ៗ កម្មករ និង​សម្ភារ​សាង​សង់​ឲ្យ​ពួក​បង​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ . . . ខ្ញុំ​ចង់​ធ្វើ​អ៊ីចឹង​សម្រាប់​អង្គការ​របស់​ពួក​បង។ ខ្ញុំ​កោត​ស្ងើច​ចំពោះ​អារម្មណ៍​របស់​[​ពួក​បង​]​ទៅ​កាន់​មិត្ត​ភក្តិ​»។ មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ពិភព​លោក​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ ពួក​គេ​ជា​ច្រើន​នាក់​ឃើញ​អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា ការ​ប្រព្រឹត្ត​របស់​យើង​ដែល​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​អាច​ទាញ​នាំ​អ្នក​ឯ​ទៀត​ឲ្យ​មក​ឯ​ព្រះ​យេហូវ៉ា ដែល​ជា​«​ព្រះ​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​»។—អេភ. ២:៤

១២. តើ​ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អាណិត​មេត្តា​នៅ​សព្វ​ថ្ងៃ​នេះ​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​យ៉ាង​ដូច​ម្ដេច? (​ការ​បើក​បង្ហាញ ១៣:១៦, ១៧​)

១២ ហេតុ​អ្វី​យើង​ត្រូវ​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង? គម្ពីរ​បង្ហាញ​ថា​ពួក​អ្នក​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ នឹង​មាន​បញ្ហា​នៅ​ឥឡូវ​នេះ​និង​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ (​សូម​អាន ការ​បើក​បង្ហាញ ១៣:១៦, ១៧) បង​ប្អូន​របស់​យើង​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​បឋម​ៗ​របស់​ពួក​គេ។ ពេល​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​របស់​យើង​មក​ដើម្បី​អនុវត្ត​ការ​វិនិច្ឆ័យ យើង​ចង់​ឲ្យ​លោក​ឃើញ​ថា​យើង​កំពុង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា ហើយ​អញ្ជើញ​យើង​ឲ្យ​មក​«​ទទួល​រាជាណាចក្រ​»។—ម៉ាថ. ២៥:៣៤​-​៤០

ចូរ​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក

១៣. ដូច​បាន​បង្ហាញ​នៅ​រ៉ូម ១៥:៧ តើ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ណា?

១៣ សេចក្ដី​ស្រឡាញ់​គឺ​ជា​លក្ខណៈ​សម្គាល់​របស់​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម។ ប៉ុន្តែ តើ​ពួក​គេ​ស្រួល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? សូម​គិត​អំពី​ភាព​ខុស​គ្នា​របស់​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​នា​ក្រុង​រ៉ូម។ នៅ​ទី​នោះ មាន​ជន​ជាតិ​យូដា​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ឲ្យ​ធ្វើ​តាម​ច្បាប់​ម៉ូសេ ហើយ​ក៏​មាន​ជន​ជាតិ​ដទៃ​ដែល​មាន​វប្បធម៌​ខុស​ពី​ពួក​គេ​ដែរ។ គ្រិស្ត​សាសនិក​ខ្លះ​ទំនង​ជា​ខ្ញុំ​បម្រើ រីឯ​ខ្លះ​ទៀត​ជា​ពួក​អ្នក​មាន​សេរី​ភាព ហើយ​ប្រហែល​ជា​ពួក​គេ​ខ្លះ​ថែម​ទាំង​ជា​ម្ចាស់​របស់​ខ្ញុំ​បម្រើ​ទៀត​ផង។ តើ​គ្រិស្ត​សាសនិក​ទាំង​នោះ​អាច​យក​ឈ្នះ​ភាព​ខុស​គ្នា​បែប​នេះ និង​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​«​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​សូម​អាន រ៉ូម ១៥:៧) តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ទទួល​ស្វាគមន៍​»​មាន​ន័យ​ថា​ទទួល​បុគ្គល​ណា​ម្នាក់​ដោយ​ចិត្ត​សប្បុរស​ឬ​ដោយ​រាក់​ទាក់ ដូច​ជា​ឲ្យ​ចូល​មក​ផ្ទះ​ឬ​ចូល​ក្នុង​ក្រុម​មិត្ត​ភក្តិ។ ជា​ឧទាហរណ៍ ប៉ូល​បាន​ប្រាប់​ភីលេម៉ូន​អំពី​របៀប​ទទួល​ស្វាគមន៍​ខ្ញុំ​បម្រើ​ដែល​រត់​គេច​ខ្លួន​ឈ្មោះ​អូណេស៊ីម​ថា​៖ ​«​សូម​ទទួល​គាត់​ដោយ​ចិត្ត​សប្បុរស​»។ (​ភីលេ. ១៧​) ម្យ៉ាង​ទៀត ព្រីស៊ីល​និង​អាគីឡា​បាន​ទទួល​ស្វាគមន៍​អាប៉ូឡុស​ដែល​មាន​ចំណេះ​ដឹង​អំពី​គ្រិស្ត​សាសនា​តិច​ជាង​ពួក​គាត់ ដោយ​«​អញ្ជើញ​គាត់​ទៅ​ជា​មួយ​»។ (​កក.​[​សកម្ម.​] ១៨:២៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ជា​ជាង​ធ្វើ​ឲ្យ​ភាព​ខុស​គ្នា​នាំ​ឲ្យ​ពួក​គេ​បែក​បាក់​គ្នា គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​យក​ឈ្នះ​ភាព​ខុស​គ្នា​របស់​ពួក​គេ ហើយ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក។

សេចក្ដី​ស្រឡាញ់

យើង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ពី​បង​ប្អូន​ទាំង​អស់​របស់​យើង (​សូម​មើល​វគ្គ​១៥​)

១៤. តើ​បង​អាណា​និង​ប្ដី​របស់​គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា?

១៤ យើង​ក៏​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​យើង ដោយ​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​ក្នុង​ក្រុម​មិត្ត​ភក្តិ​របស់​យើង។ នេះ​នឹង​ច្រើន​តែ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ដែរ។ (​២កូ. ៦:១១​-​១៣​) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​អាណា​និង​ប្ដី​របស់​គាត់។ មិន​យូរ​ក្រោយ​ពី​ពួក​គេ​បាន​រើ​ទៅ​កន្លែង​ថ្មី​ដើម្បី​បំពេញ​ភារកិច្ច​ជា​សាសនទូត​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លិច ជំងឺ​កូវីដ​-​១៩​ចាប់​ផ្ដើម​ផ្ទុះ​ឡើង។ ដោយ​សារ​រោគ​រាត​ត្បាត​នេះ ពួក​គេ​មិន​អាច​ជួប​ជុំ​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គេ ហើយ​មិន​សូវ​ស្រួល​ឲ្យ​ស្គាល់​បង​ប្អូន​ថ្មី​នៅ​ទី​នោះ​ទេ។ តើ​ប្ដី​ប្រពន្ធ​នោះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​តាម​របៀប​ណា? ពួក​គេ​បាន​ប្រើ​វីដេអូ​ខល​ដើម្បី​ទាក់​ទង​ទៅ​បង​ប្អូន​នៅ​ទី​នោះ ហើយ​ប្រាប់​បង​ប្អូន​ទាំង​នោះ​ថា​ពួក​គេ​ពិត​ជា​ចង់​ស្គាល់​បង​ប្អូន​ទាំង​នោះ​ច្បាស់​ជាង។ បង​ប្អូន​ដែល​ពួក​គេ​បាន​ទូរស័ព្ទ សប្បាយ​ចិត្ត​ដែល​សាសនទូត​ទាំង​នោះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​ចាប់​ផ្ដើម​ទូរស័ព្ទ​និង​ផ្ញើ​សារ​ទៅ​ពួក​គេ​ជា​ញឹក​ញយ។ ហេតុ​អ្វី​ប្ដី​ប្រពន្ធ​នោះ​ព្យាយាម​ស្គាល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថ្មី? បង​អាណា​និយាយ​ថា​៖ ​«​ខ្ញុំ​ចាំ​មិន​ភ្លេច​អំពី​បង​ប្អូន​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​ពេល​ល្អ​ទាំង​ពេល​ពិបាក។ គំរូ​របស់​ពួក​គេ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែរ​»។

១៥. តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​វ៉ាន់នេសា​អំពី​ការ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​របស់​យើង? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ ក្នុង​ក្រុម​ជំនុំ​របស់​យើង​ជា​ច្រើន​នាក់​មាន​បង​ប្អូន​ដែល​មាន​ប្រវត្តិ​ខុស​ពី​យើង និង​ដែល​មាន​បុគ្គលិក​លក្ខណៈ​ផ្សេង​ៗ។ យើង​អាច​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ពួក​គេ​ទាំង​អស់​គ្នា ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គេ។ បង​ស្រី​ម្នាក់​ឈ្មោះ​វ៉ាន់នេសា​ដែល​បម្រើ​នៅ​ប្រទេស​នូវែលសេឡង់ ធ្លាប់​ពិបាក​មាន​ចំណង​មិត្តភាព​ជា​មួយ​អ្នក​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់។ ប៉ុន្តែ​ក្រោយ​មក គាត់​បាន​សម្រេច​ចិត្ត​ថា ជា​ជាង​ព្យាយាម​គេច​ពី​ពួក​អ្នក​ដែល​មាន​បុគ្គលិក​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ត គាត់​នឹង​ចំណាយ​ពេល​កាន់​តែ​ច្រើន​ជា​មួយ​ពួក​គេ។ ការ​ធ្វើ​ដូច្នេះ​បាន​ជួយ​គាត់​ឲ្យ​ឃើញ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។ គាត់​និយាយ​ថា​៖ ​«​តាំង​ពី​ប្ដី​ខ្ញុំ​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល យើង​ចំណាយ​ពេល​សេព​គប់​បង​ប្អូន​ច្រើន​ជាង ហើយ​ពួក​គេ​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា។ តែ​ខ្ញុំ​ស្រួល​ចុះ​សម្រុង​ជា​មួយ​ពួក​គេ​ជាង។ ឥឡូវ ខ្ញុំ​ចូល​ចិត្ត​ភាព​ខុស​គ្នា​ខ្លាំង​ណាស់។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ចូល​ចិត្ត​ដែរ ដោយ​សារ​លោក​បាន​ទាញ​នាំ​យើង​ឲ្យ​ចូល​មក​ក្នុង​ក្រុម​ដែល​មាន​ភាព​ខុស​គ្នា​បែប​នេះ​»។ ពេល​យើង​រៀន​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ឯ​ទៀត យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ។—២កូ. ៨:២៤

ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​នឹង​ទទួល​ការ​ការ​ពារ​ដែល​ព្រះ​យេហូវ៉ា​សន្យា កាល​ដែល​យើង​រក្សា​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ (​សូម​មើល​វគ្គ​១៦​)

១៦. ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​នឹង​សំខាន់​ចាំ​បាច់​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ សេចក្ដី​ស្រឡាញ់​នឹង​សំខាន់​ចាំ​បាច់​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ពេល​គ្រា​ទុក្ខ​វេទនា​នោះ​ចាប់​ផ្ដើម តើ​យើង​នឹង​ទទួល​ការ​ការ​ពារ​នៅ​ឯ​ណា? សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ណែនាំ​រាស្ត្រ​លោក​ឲ្យ​ធ្វើ ពេល​បាប៊ីឡូន​នៅ​សម័យ​បុរាណ​បាន​វាយ​ប្រហារ​ពួក​គេ គឺ​ថា​៖ ​«​ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង ហើយ​បិទ​ទ្វារ​ឲ្យ​ជិត​ទៅ។ ចូរ​លាក់​ខ្លួន​មួយ​រយៈ​រហូត​ដល់​កំហឹង​ខ្ញុំ​កន្លង​ផុត​ទៅ​»។ (​អេ. ២៦:២០​) តាម​មើល​ទៅ​យើង​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នេះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ​«​បន្ទប់​ខាង​ក្នុង​»​ប្រហែល​ជា​សំដៅ​លើ​ក្រុម​ជំនុំ​របស់​យើង។ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​នឹង​ទទួល​ការ​ការ​ពារ​ដែល​ព្រះ​យេហូវ៉ា​សន្យា កាល​ដែល​យើង​រក្សា​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ដូច្នេះ​នៅ​ឥឡូវ​នេះ យើង​ត្រូវ​ខំ​ប្រឹង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​របស់​យើង។ ការ​រួច​ជីវិត​របស់​យើង​ប្រហែល​ជា​នឹង​អាស្រ័យ​លើ​នេះ!

ចូរ​ត្រៀម​ខ្លួន​នៅ​ឥឡូវ

១៧. បើ​យើង​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ តើ​យើង​នឹង​អាច​ធ្វើ​អ្វី​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?

១៧ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​នឹង​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ចំពោះ​មនុស្សជាតិ។ (​សេផ. ១:១៤, ១៥​) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ជួប​ការ​ពិបាក​ដែរ។ ប៉ុន្តែ​បើ​យើង​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ យើង​នឹង​អាច​រក្សា​ចិត្ត​ស្ងប់ ហើយ​ជួយ​អ្នក​ឯ​ទៀត។ យើង​នឹង​ស៊ូ​ទ្រាំ​ចំពោះ​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​មាន។ ពេល​បង​ប្អូន​រួម​ជំនឿ​របស់​យើង​រង​ទុក្ខ យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ពួក​គេ​ដោយ​បង្ហាញ​សេចក្ដី​អាណិត​មេត្តា និង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត បើ​យើង​រៀន​ស្រឡាញ់​បង​ប្អូន​របស់​យើង​នៅ​ឥឡូវ​នេះ យើង​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​នៅ​ថ្ងៃ​អនាគត។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​យើង គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ដែល​យើង​មិន​ចង​ចាំ​មហន្តរាយ​និង​ទុក្ខ​លំបាក​ទាំង​អស់។—អេ. ៦៥:១៧

ចម្រៀង​លេខ​១៤៤ ចូរ​ផ្ដោត​អារម្មណ៍​លើ​រង្វាន់!

a គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​មិន​យូរ​ទៀត។ យើង​ត្រូវ​មាន​ការ​ស៊ូ​ទ្រាំ សេចក្ដី​អាណិត​មេត្តា និង​សេចក្ដី​ស្រឡាញ់​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ដ៏​លំបាក​បំផុត​ដែល​មនុស្សជាតិ​មិន​ធ្លាប់​ជួប។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ទាំង​នោះ របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​នៅ​សព្វ​ថ្ងៃ​នេះ និង​របៀប​ដែល​គុណ​សម្បត្តិ​ទាំង​នោះ​នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

b ពួក​អ្នក​ដែល​ចង់​ជួយ​ក្នុង​គម្រោង​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ ដំបូង​គួរ​បំពេញ​ពាក្យ​សុំ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់​(​DC​-​50​) ឬ​បំពេញ​ពាក្យ​សុំ​បម្រើ​ស្ម័គ្រ​ចិត្ត​(​A​-​19​) ហើយ​ក្រោយ​មក​រង់​ចាំ​ទទួល​ការ​អញ្ជើញ​ឲ្យ​ជួយ​ក្នុង​គម្រោង​នោះ។