លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២៩

ចម្រៀង​លេខ​១២១ យើង​ត្រូវ​ចេះ​ទប់​ចិត្ត

ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ការ​ល្បួង

ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ការ​ល្បួង

«​ចូរ​ចាំ​យាម ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។ម៉ាថ. ២៦:៤១

ចំណុច​ផ្ដោត

សូម​ស្វែង​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​ជំហាន​ដែល​នាំ​ទៅ​ដល់​ទង្វើ​នោះ។

១​-​២. (​ក​) តើ​លោក​យេស៊ូ​បាន​ផ្ដល់​ការ​ព្រមាន​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​លោក? (​ខ​) ហេតុ​អ្វី​ពួក​អ្នក​កាន់​តាម​បាន​រត់​ចោល​លោក​យេស៊ូ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

 ​«​ចិត្ត​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។ a (​ម៉ាថ. ២៦:​៤១ខ​) ដោយ​និយាយ​ពាក្យ​ទាំង​នេះ លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​យល់​អំពី​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​យើង។ ប៉ុន្តែ ប្រសាសន៍​របស់​លោក​ក៏​រួម​បញ្ចូល​ការ​ព្រមាន​ដែរ​គឺ​ថា យើង​មិន​គួរ​គិត​ថា​យើង​នឹង​តែង​តែ​រឹង​មាំ​ល្មម​ដើម្បី​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ទេ។ នៅ​យប់​ដដែល​មុន​នោះ​បន្តិច ពួក​អ្នក​កាន់​តាម​បាន​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ពួក​គេ​នឹង​នៅ​ជាប់​នឹង​លោក​ម្ចាស់​របស់​ពួក​គេ។ (​ម៉ាថ. ២៦:៣៥​) ពួក​គេ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់​ថា​ពេល​ដែល​មាន​ស្ថានភាព​ពិបាក ពួក​គេ​អាច​ងាយ​បាត់​បង់​កម្លាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​ព្រមាន​ពួក​គេ​ថា​៖ ​«​ចូរ​ចាំ​យាម ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។—ម៉ាថ. ២៦:៤១​ក

គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ពួក​អ្នក​កាន់​តាម​មិន​បាន​ចាំ​យាម​ទេ។ ពេល​លោក​យេស៊ូ​ត្រូវ​គេ​ចាប់​ខ្លួន តើ​ពួក​គេ​នៅ​ជាប់​នឹង​លោក ឬ​តើ​ពួក​គេ​បាន​ភ័យ​ខ្លាច ហើយ​រត់​ចោល​លោក? ដោយ​សារ​ពួក​គេ​មិន​បាន​ប្រុង​ប្រយ័ត្ន ពួក​គេ​បាន​ធ្វើ​អ្វី​ដែល​ពួក​គេ​និយាយ​ថា​មិន​ធ្វើ ពោល​គឺ​រត់​ចោល​លោក​យេស៊ូ។—ម៉ាថ. ២៦:៥៦

លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ត​ចាំ​យាម ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ល្បួង តែ​ពួក​គេ​បាន​រត់​ចោល​លោក ​(​សូម​មើល​វគ្គ​១​-​២​)​


៣. (​ក​) ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​យើង​ត្រូវ​ជៀស​វាង​ពី​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​ពេក? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

យើង​មិន​ត្រូវ​គិត​ថា​យើង​នឹង​តែង​តែ​រឹង​មាំ​ល្មម​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ទេ។ ពិត​មែន យើង​តាំង​ចិត្ត​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ប៉ុន្តែ យើង​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ងាយ​ស្រួល​ត្រូវ​ល្បួង​ឲ្យ​ធ្វើ​ខុស។ (​រ៉ូម ៥:១២; ៧:២១​-​២៣​) យើង​ស្រាប់​តែ​អាច​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ល្បួង​យើង​ឲ្យ​ធ្វើ​ខុស។ ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក យើង​ត្រូវ​ធ្វើ​តាម​យោបល់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​មិន​ចុះ​ចាញ់​ការ​ល្បួង​ឲ្យ​ធ្វើ​អំពើ​ខុស​ឆ្គង។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ ដំបូង យើង​នឹង​ពិចារណា​អំពី​ស្ថានភាព​មួយ​ចំនួន​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង។ បន្ទាប់​មក យើង​នឹង​ពិចារណា​របៀប​ដែល​យើង​អាច​ការ​ពារ​ខ្លួន​មិន​ឲ្យ​ចាញ់​ការ​ល្បួង។ ចុង​ក្រោយ យើង​នឹង​ពិចារណា​របៀប​ដែល​យើង​អាច​បន្ត​ប្រុង​ប្រយ័ត្ន។

ចូរ​ស្គាល់​ភាព​ទន់​ខ្សោយ​របស់​ខ្លួន

៤​-​៥. ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សូម្បី​តែ​តូច​តាច?

សូម្បី​តែ​អំពើ​ខុស​ឆ្គង​ដែល​មិន​សូវ​ធ្ងន់​ធ្ងរ ក៏​អាច​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។ ម្យ៉ាង​ទៀត អំពើ​ខុស​ឆ្គង​នោះ​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​កាន់​តែ​ធ្ងន់​ធ្ងរ។

យើង​ទាំង​អស់​គ្នា​ជួប​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ប៉ុន្តែ យើង​ម្នាក់​ៗ​មាន​ភាព​ទន់​ខ្សោយ​ខុស​ៗ​ពី​គ្នា មិន​ថា​នោះ​ជា​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ការ​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក ឬ​ការ​ទទួល​ឥទ្ធិពល​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ​ទេ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ប្រហែល​ជា​ត​យុទ្ធ​នឹង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ បុគ្គល​ម្នាក់​ទៀត​ប្រហែល​ជា​ត្រូវ​ត​យុទ្ធ​នឹង​ការ​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​ស្អាត​ស្អំ​ដូច​ជា​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន ឬ​ការ​មើល​រូប​អាសអាភាស។ រីឯ​បុគ្គល​ម្នាក់​ទៀត​ប្រហែល​ជា​ត្រូវ​ត​យុទ្ធ​នឹង​ការ​ឆាប់​ខឹង អំណួត ឬ​ការ​ស្ទាក់​ស្ទើរ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយ​សារ​គាត់​ខ្លាច​ទស្សនៈ​របស់​អ្នក​ឯ​ទៀត។ ដូច​យ៉ាកុប​រៀប​រាប់ ​«​មនុស្ស​ម្នាក់​ៗ​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម​»។—យ៉ា. ១:១៤

៦. តើ​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​អំពី​អ្វី?

តើ​អ្នក​ស្គាល់​អ្វី​ដែល​ងាយ​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ក្នុង​ការ​ល្បួង​ឬ​ទេ? គឺ​គ្រោះ​ថ្នាក់​ណាស់​បើ​យើង​មិន​អើពើ​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង ឬ​គិត​ថា​យើង​រឹង​មាំ​ល្មម​ដើម្បី​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង។ (​១យ៉ូន. ១:៨​) សូម​ចាំ​ថា ប៉ូល​បាន​និយាយ​ថា​សូម្បី​តែ​«​គ្រិស្ត​សាសនិក​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​»​ ក៏​ប្រហែល​ជា​ចាញ់​ការ​ល្បួង​ដែរ​បើ​ពួក​គេ​មិន​ប្រុង​ប្រយ័ត្ន។ (​កាឡ. ៦:១​) យើង​ត្រូវ​ស្គាល់​ការ​ពិត​អំពី​ខ្លួន​និង​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន។—២កូ. ១៣:៥

៧. តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​អ្វី? សូម​លើក​ឧទាហរណ៍។

ពេល​យើង​ដឹង​អំពី​អ្វី​ៗ​ដែល​ល្បួង​យើង​ជាង​គេ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? សូម​ខំ​ព្យាយាម​ដើម្បី​ឲ្យ​កាន់​តែ​អាច​ទប់​ទល់​នឹង​ការ​ល្បួង​ទាំង​នោះ។ ជា​ឧទាហរណ៍ នៅ​សម័យ​គម្ពីរ ផ្នែក​ខ្សោយ​ជាង​គេ​នៃ​កំពែង​ក្រុង​គឺ​ខ្លោង​ទ្វារ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​យាម​ជា​ច្រើន​ត្រូវ​នៅ​ខ្លោង​ទ្វារ​ដើម្បី​ការ​ពារ​ក្រុង​នោះ។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ចំណុច​ណា​ដែល​យើង​ដឹង​ថា​យើង​ខ្សោយ​ជា​ខ្លាំង។—១កូ. ៩:២៧

របៀប​ការ​ពារ​ខ្លួន

៨​-​៩. តើ​យុវជន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សុភាសិត ជំពូក​ទី​៧​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​យ៉ាង​ដូច​ម្ដេច? (​សុភាសិត ៧:៨, ៩, ១៣, ១៤, ២១​)

តើ​តាម​របៀប​ណា​យើង​អាច​ការ​ពារ​ខ្លួន​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង? សូម​យើង​ពិចារណា​អ្វី​ដែល​យើង​អាច​រៀន​ពី​យុវជន​ដែល​បាន​ត្រូវ​លើក​ឡើង​នៅ​សុភាសិត ជំពូក​៧។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​ស្ត្រី​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ។ ខ​២២​ប្រាប់​យើង​ថា​យុវជន​នោះ​បាន​ទៅ​តាម​នាង​«​ភ្លាម​»។ ប៉ុន្តែ ដូច​ខ​មុន​ៗ​បង្ហាញ គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​មុន​នោះ​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​យ៉ាង​ងាយ។

តើ​យុវជន​នោះ​បាន​ធ្វើ​អ្វី​ខ្លះ​មុន​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? ដំបូង​នៅ​ពេល​ល្ងាច គាត់​បាន​«​ដើរ​ទៅ​ជិត​កែង​ផ្លូវ​ដែល​[​ស្ត្រី​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​]​រស់​នៅ​»។ បន្ទាប់​មក គាត់​បាន​ដើរ​ឆ្ពោះ​ទៅ​ផ្ទះ​របស់​នាង។ (​សូម​អាន សុភាសិត ៧:៨, ៩) ក្រោយ​មក ពេល​គាត់​ឃើញ​ស្ត្រី​នោះ គាត់​មិន​បាន​គេច​ចេញ​ពី​នាង​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បណ្ដោយ​ឲ្យ​នាង​ថើប​គាត់ ហើយ​ស្ដាប់​នាង​និយាយ​អំពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែល​នាង​បាន​ជូន ប្រហែល​ជា​ក្នុង​បំណង​ធ្វើ​ឲ្យ​គាត់​គិត​ថា​នាង​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ។ (​សូម​អាន សុភាសិត ៧:១៣, ១៤, ២១) បើ​បុរស​វ័យ​ក្មេង​នោះ​បាន​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ៗ​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា នោះ​គាត់​នឹង​អាច​គេច​ផុត​ពី​ការ​ល្បួង​ឲ្យ​ធ្វើ​ខុស ហើយ​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។

១០. តើ​តាម​របៀប​ណា​បុគ្គល​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​អាច​ធ្វើ​ខុស​ដូច​យុវជន​នោះ?

១០ កំណត់​ហេតុ​របស់​សាឡូម៉ូន បង្ហាញ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​ណា​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ គាត់​ប្រហែល​ជា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ក្រោយ​មក​មាន​អារម្មណ៍​ថា​អ្វី​នោះ​បាន​កើត​ឡើង​«​ភ្លាម​»​ ឬ​គាត់​ប្រហែល​ជា​និយាយ​ថា ​«​នោះ​ស្រាប់​តែ​កើត​ឡើង​»។ ប៉ុន្តែ បើ​គាត់​គិត​អំពី​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង គាត់​នឹង​ទំនង​ជា​ឃើញ​ថា​នៅ​ពេល​មុន​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា ដែល​បាន​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នោះ។ ប្រហែល​ជា​គាត់​បាន​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា។ មួយ​វិញ​ទៀត គាត់​ប្រហែល​ជា​ជ្រើស​រើស​ការ​កម្សាន្ត មើល​គេហទំព័រ ឬ​ទៅ​កន្លែង​ដែល​មិន​សម​ត្រឹម​ត្រូវ​សម្រាប់​គ្រិស្ត​សាសនិក។ ម្យ៉ាង​ទៀត គាត់​ក៏​ប្រហែល​ជា​បាន​ឈប់​អធិដ្ឋាន អាន​គម្ពីរ ចូល​រួម​កិច្ច​ប្រជុំ ឬ​ផ្សព្វ​ផ្សាយ។ ដូច​យុវជន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​សុភាសិត គាត់​ប្រហែល​ជា​មិន​មែន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​‹ភ្លាម​ៗ​›​ប៉ុន្មាន​ទេ។

១១. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

១១ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? យើង​មិន​គ្រាន់​តែ​ត្រូវ​ជៀស​វាង​ពី​អំពើ​ខុស​ឆ្គង​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​អំពើ​ខុស​ឆ្គង​ដែរ។ នេះ​ជា​អ្វី​ដែល​សាឡូម៉ូន​បាន​ពន្យល់​បន្ទាប់​ពី​គាត់​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យុវជន​និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​នោះ។ គាត់​ឲ្យ​យោបល់​ថា​៖ ​«​កុំ​វង្វេង​ចូល​ទៅ​ក្នុង​ផ្លូវ​នោះ​ឲ្យ​សោះ​»។ (​សុភ. ៧:២៥​) គាត់​ថែម​ទាំង​បាន​និយាយ​ទៀត​ថា​៖ ​«​ចូរ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​នាង កុំ​ចូល​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​នាង​ឲ្យ​សោះ​»។ (​សុភ. ៥:៣,​) ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង យើង​ត្រូវ​ជៀស​វាង​ពី​អ្វី​ណា​ឬ​ស្ថានភាព​ណា​ដែល​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អ្វី​ដែល​ខុស។ b នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​ជៀស​វាង​ពី​ស្ថានភាព​ឬ​សកម្មភាព​ដែល​មិន​ខុស​សម្រាប់​គ្រិស្ត​សាសនិក​ជា​ទូទៅ តែ​យើង​ដឹង​ថា​វា​នឹង​ល្បួង​យើង។—ម៉ាថ. ៥:២៩, ៣០

១២. តើ​យ៉ូប​បាន​តាំង​ចិត្ត​ធ្វើ​អ្វី ហើយ​តើ​នោះ​បាន​ជួយ​ការ​ពារ​គាត់​យ៉ាង​ណា​ពី​ការ​ល្បួង? (​យ៉ូប ៣១:១​)

១២ យើង​ត្រូវ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ដើម្បី​ជៀស​វាង​ពី​ស្ថានភាព​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ នេះ​គឺ​ជា​អ្វី​ដែល​យ៉ូប​បាន​ធ្វើ។ គាត់​«​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នឹង​ភ្នែក​របស់​[​គាត់​]​»​ថា​មិន​សម្លឹង​មើល​ស្ត្រី​ផ្សេង​ក្រៅ​ពី​ប្រពន្ធ​គាត់​ដោយ​អារម្មណ៍​ស្រើប​ស្រាល​ទេ។ (​សូម​អាន យ៉ូប ៣១:១) បើ​គាត់​ធ្វើ​តាម​ការ​តាំង​ចិត្ត​របស់​គាត់ នោះ​នឹង​ជួយ​គាត់​ឲ្យ​ជៀស​ឆ្ងាយ​ពី​អំពើ​ផិត​ក្បត់។ យើង​ក៏​អាច​តាំង​ចិត្ត​ជៀស​វាង​ពី​អ្វី​ដែល​ទំនង​ជា​នឹង​នាំ​ឲ្យ​ធ្លាក់​ក្នុង​ការ​ល្បួង​ដែរ។

១៣. ហេតុ​អ្វី​យើង​ត្រូវ​ការ​ពារ​គំនិត​របស់​យើង? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ យើង​ក៏​ត្រូវ​ការ​ពារ​គំនិត​របស់​យើង​ដែរ។ (​ដច. ២០:​១៧​) អ្នក​ខ្លះ​ជឿ​ថា ការ​គ្រាន់​តែ​ស្រមើ​ស្រមៃ​អំពី​អ្វី​ដែល​ខុស​គឺ​មិន​ជា​អ្វី​ទេ បើ​ពួក​គេ​មិន​ប្រព្រឹត្ត​អំពើ​នោះ​មែន​ទែន។ ប៉ុន្តែ ការ​គិត​បែប​នេះ​គឺ​ខុស។ បុគ្គល​ដែល​បន្ត​គិត​អំពី​អ្វី​ដែល​ខុស នឹង​កាន់​តែ​ចង់​ធ្វើ​អ្វី​ដែល​គាត់​កំពុង​គិត​នោះ។ នេះ​ហាក់​ដូច​ជា​គាត់​កំពុង​ជីក​រណ្ដៅ​កប់​ខ្លួន​ឯង។ ពិត​មែន ជួន​កាល​គំនិត​មិន​ត្រឹម​ត្រូវ​អាច​លេច​មក។ ពេល​នេះ​កើត​ឡើង គឺ​សំខាន់​ឲ្យ​យើង​បដិសេធ​គំនិត​ទាំង​នោះ​ភ្លាម​ៗ ហើយ​ជំនួស​ដោយ​គំនិត​ត្រឹម​ត្រូវ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ឃាត់​គំនិត​មិន​ត្រឹម​ត្រូវ​កុំ​ឲ្យ​ទៅ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខ្លាំង​ដែល​ពិបាក​ត​យុទ្ធ ហើយ​ដែល​ប្រហែល​ជា​ថែម​ទាំង​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។—ភី. ៤:៨; កូឡ. ៣:២; យ៉ា. ១:១៣​-​១៥

យើង​ត្រូវ​ជៀស​វាង​ពី​អ្វី​ណា​ក៏​ដោយ​ដែល​ទំនង​ជា​នឹង​នាំ​ឲ្យ​យើង​ធ្លាក់​ក្នុង​ការ​ល្បួង ​(​សូម​មើល​វគ្គ​១៣​)​


១៤. តើ​អ្វី​ទៀត​អាច​ជួយ​យើង​ឲ្យ​ការ​ពារ​ខ្លួន​ពី​ការ​ល្បួង?

១៤ តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ល្បួង? យើង​ត្រូវ​ជឿ​ជាក់​ទាំង​ស្រុង​ថា​យើង​នឹង​តែង​តែ​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ ជួន​កាល យើង​ប្រហែល​ជា​ពិបាក​មាន​គំនិត​និង​បំណង​ចិត្ត​ដែល​ស្រប​នឹង​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត។ ប៉ុន្តែ ពេល​យើង​ខំ​ព្យាយាម​ធ្វើ​ដូច្នោះ យើង​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ។

១៥. តើ​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ត្រឹម​ត្រូវ​នឹង​ជួយ​ការ​ពារ​យើង​យ៉ាង​ណា​ពី​ការ​ល្បួង?

១៥ យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​បំណង​ប្រាថ្នា​ត្រឹម​ត្រូវ។ បើ​យើង​រៀន​ឲ្យ​ចេះ​«​ស្អប់​សេចក្ដី​អាក្រក់ ហើយ​ស្រឡាញ់​សេចក្ដី​ល្អ​»​ យើង​នឹង​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ជៀស​វាង​ស្ថានភាព​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​អេម. ៥:១៥​) ពេល​យើង​មាន​បំណង​ប្រាថ្នា​ត្រឹម​ត្រូវ នោះ​នឹង​ពង្រឹង​កម្លាំង​យើង​ឲ្យ​រក្សា​ខ្លួន​ឲ្យ​មាំ​មួន បើ​យើង​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​គិត​មិន​ដល់​ឬ​មិន​អាច​រា​រាំង។

១៦. តើ​តាម​របៀប​ណា​ការ​ជាប់​រវល់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​អាច​ជួយ​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​និច្ច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ តើ​តាម​របៀប​ណា​យើង​អាច​បណ្ដុះ​ឲ្យ​មាន​បំណង​ប្រាថ្នា​ត្រឹម​ត្រូវ? យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​បន្ត​ជាប់​រវល់​ធ្វើ​អ្វី​ដែល​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​របស់​គ្រិស្ត​សាសនិក​ឬ​កិច្ច​បម្រើ​ផ្សាយ យើង​មិន​ងាយ​ចង់​ធ្វើ​អ្វី​ដែល​ខុស​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ពង្រឹង​បំណង​ចិត្ត​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​ម៉ាថ. ២៨:១៩, ២០; ហេ. ១០:២៤, ២៥​) ដោយ​អាន​និង​សិក្សា ព្រម​ទាំង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ យើង​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្វី​ដែល​ល្អ ហើយ​កាន់​តែ​ស្អប់​អ្វី​ដែល​អាក្រក់។ (​យ៉ូស. ១:៨; ចសព. ១:២, ៣; ១១៩:៩៧, ១០១​) សូម​ចាំ​ថា លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​[​ចូរ​]​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។ (​ម៉ាថ. ២៦:៤១​) កាល​ដែល​យើង​អធិដ្ឋាន​ទៅ​បិតា​នៅ​ស្ថាន​សួគ៌ យើង​បើក​ឱកាស​ឲ្យ​លោក​ជួយ​យើង ហើយ​យើង​ក៏​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—យ៉ា. ៤:៨

ការ​មាន​កាល​វិភាគ​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជួយ​យើង​ឲ្យ​បដិសេធ​ការ​ល្បួង ​(​សូម​មើល​វគ្គ​១៦​)​ c


ចូរ​បន្ត​ប្រុង​ប្រយ័ត្ន​ជា​និច្ច

១៧. តើ​ពេត្រុស​បន្ត​មាន​ភាព​ទន់​ខ្សោយ​អ្វី?

១៧ យើង​ទំនង​ជា​អាច​បំបាត់​ចោល​ភាព​ទន់​ខ្សោយ​ខ្លះ​របស់​យើង​ទាំង​ស្រុង។ ប៉ុន្តែ យើង​ប្រហែល​ជា​នៅ​តែ​ត្រូវ​ត​យុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​ផ្សេង​ទៀត​អស់​រយៈ​ពេល​ជា​យូរ។ សូម​គិត​អំពី​ករណី​របស់​សាវ័ក​ពេត្រុស។ ដោយ​សារ​គាត់​ខ្លាច​មនុស្ស គាត់​បាន​បដិសេធ​លោក​យេស៊ូ​អស់​បី​ដង។ (​ម៉ាថ. ២៦:៦៩​-​៧៥​) តាម​មើល​ទៅ ពេត្រុស​បាន​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​នោះ​ពេល​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ (​សកម្ម. ៥:២៧​-​២៩​) ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ​«​ដោយ​សារ​គាត់​ខ្លាច​ពួក​អ្នក​ដែល​គាំទ្រ​ការ​កាត់​ចុង​ស្បែក​»​ គាត់​បាន​ឈប់​បរិភោគ​ជា​មួយ​គ្រិស្ត​សាសនិក​ដែល​ជា​ជន​ជាតិ​ដទៃ​អស់​មួយ​រយៈ​ពេល។ (​កាឡ. ២:១១, ១២​) ភាព​ទន់​ខ្សោយ​របស់​ពេត្រុស​បាន​លេច​មក​ម្ដង​ទៀត។ ប្រហែល​ជា​គាត់​មិន​បាន​យក​ឈ្នះ​វា​ទាំង​ស្រុង​ទេ។

១៨. តើ​អ្វី​អាច​កើត​ឡើង​ចំពោះ​ភាព​ទន់​ខ្សោយ​ខ្លះ​របស់​យើង?

១៨ ដូច​ពេត្រុស ជួន​កាល​យើង​ត្រូវ​ត​យុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ដែល​យើង​គិត​ថា​យើង​បាន​យក​ឈ្នះ​រួច​ហើយ។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​សារភាព​ថា​៖ ​«​ខ្ញុំ​បាន​ឈប់​មើល​រូប​អាសអាភាស​អស់​រយៈ​ពេល​១០​ឆ្នាំ​ហើយ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​លែង​មាន​បញ្ហា​នោះ​ទៀត។ ប៉ុន្តែ ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​សត្វ​ដ៏​កាច​សាហាវ​ដែល​ពួន​សម្ងំ​ចាំ​រក​ពេល​ល្អ​បំផុត​ដើម្បី​វាយ​ប្រហារ​»។ គួរ​ឲ្យ​សរសើរ​ណាស់ គាត់​មិន​បាន​ឈប់​ព្យាយាម​ឡើយ។ គាត់​ដឹង​ថា​គាត់​ត្រូវ​ខំ​ប្រឹង​រាល់​ថ្ងៃ​ដើម្បី​ត​យុទ្ធ​នឹង​បញ្ហា​នោះ ហើយ​នោះ​ជា​អ្វី​ដែល​គាត់​ប្រហែល​ជា​ត្រូវ​ខំ​ព្យាយាម​ធ្វើ​អស់​មួយ​ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​នេះ។ ដោយ​មាន​ជំនួយ​ពី​ប្រពន្ធ​របស់​គាត់​និង​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ គាត់​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ជាង​ដើម្បី​ត​យុទ្ធ​នឹង​ការ​មើល​រូប​អាសអាភាស។

១៩. តើ​យើង​អាច​ធ្វើ​អ្វី​បើ​យើង​មាន​ភាព​ទន់​ខ្សោយ​ដែល​យើង​មិន​ទាន់​បាន​យក​ឈ្នះ?

១៩ តើ​យើង​អាច​ទប់​ទល់​នឹង​ភាព​ទន់​ខ្សោយ​ដែល​លេច​មក​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច​ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​ខុស? យើង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ គឺ​«​ចូរ​ចាំ​យាម​»​ ពោល​គឺ​ការ​ពារ​ខ្លួន​ពី​ការ​ល្បួង។ សូម្បី​តែ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​រឹង​មាំ សូម​បន្ត​ជៀស​វាង​ស្ថានភាព​ណា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ល្បួង។ (​១កូ. ១០:១២​) សូម​បន្ត​ធ្វើ​អ្វី​ដែល​បាន​ជួយ​អ្នក​រួច​ហើយ​ឲ្យ​ត​យុទ្ធ​នឹង​ភាព​ទន់​ខ្សោយ។ សុភាសិត ២៨:១៤​ចែង​ថា​៖ ​«​មាន​សុភមង្គល​ហើយ អ្នក​ដែល​ប្រយ័ត្ន​ខ្លួន​ជា​និច្ច​»។២ពេ. ៣:១៤

ប្រយោជន៍​ពី​ការ​ចេះ​ប្រុង​ប្រយ័ត្ន​ជា​និច្ច

២០​-​២១. (​ក​) តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពេល​យើង​បន្ត​ប្រុង​ប្រយ័ត្ន​នឹង​ការ​ល្បួង? (​ខ​) បើ​យើង​បំពេញ​ភារកិច្ច​របស់​ខ្លួន តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​សម្រាប់​យើង? (​កូរិនថូស​ទី​២ ៤:៧​)

២០ យើង​អាច​ជឿ​ជាក់​ថា​ការ​ការ​ពារ​ខ្លួន​ពី​ការ​ល្បួង​តែង​តែ​មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង។ ពេល​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង យើង​ប្រហែល​ជា​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​»។ ប៉ុន្តែ ពេល​យើង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា យើង​នឹង​សប្បាយ​ជាង។ (​ហេ. ១១:២៥; ចសព. ១៩:៨​) នេះ​គឺ​ដោយ​សារ​យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​លោក។ (​ដក. ១:២៧​) ដូច្នេះ យើង​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។—១ធី. ៦:១២; ២ធី. ១:៣; យូ. ២០, ២១

២១ ពិត​មែន​ថា ​«​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​អស់​សង្ឃឹម​ទេ។ ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ។ (​សូម​អាន កូរិនថូស​ទី​២ ៤:៧) ខ​គម្ពីរ​នេះ​បញ្ជាក់​ថា​ព្រះ​ផ្ដល់​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​ដល់​យើង។ ប៉ុន្តែ យើង​នៅ​តែ​មាន​ភារកិច្ច​ខំ​ប្រឹង​ព្យាយាម​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ល្បួង។ បើ​យើង​បំពេញ​ភារកិច្ច​របស់​ខ្លួន យើង​អាច​ជឿ​ជាក់​ថា​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​កម្លាំង​ថែម​ទៀត ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សំណូម​ពរ​នោះ។ (​១កូ. ១០:១៣​) មែន​ហើយ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​ការ​ល្បួង។

ចម្រៀង​លេខ​៤៧ អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ

a ការ​ពន្យល់​ពាក្យ​៖ នៅ​ម៉ាថាយ ២៦:៤១ ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ចិត្ត​»​ អាច​សំដៅ​លើ​កម្លាំង​ដែល​ជំរុញ​ចិត្ត​អ្នក​ណា​ម្នាក់​ឲ្យ​និយាយ​ឬ​ធ្វើ​អ្វី​មួយ។ នៅ​ក្នុង​ខ​នេះ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​«​ចិត្ត​»​ នោះ​លោក​ចង់​សំដៅ​ទៅ​លើ​បំណង​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ពេល​លោក​មាន​ប្រសាសន៍​ថា​«​សាច់​ឈាម​»​ នោះ​លោក​បញ្ជាក់​ថា​ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​និង​មាន​ភាព​ខុស​ឆ្គង យើង​ច្រើន​តែ​គិត​និង​ធ្វើ​អ្វី​ដែល​ខុស។ ដូច្នេះ ជួន​កាល​ទោះ​ជា​យើង​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្ដី បើ​យើង​មិន​ប្រយ័ត្ន​ទេ យើង​អាច​ចុះ​ចាញ់​អារម្មណ៍​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន ហើយ​ធ្វើ​ខុស។

b បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​អាច​ស្វែង​រក​ជំនួយ​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! មេ​រៀន​ទី​៥៧ ចំណុច​១​-​៣ និង​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​‹មើល​ចំ​ទៅ›​ពេល​អនាគត​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំ.២៧​-​២៨ វ.១២​-​១៧

c ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ប្រុស​ម្នាក់​អាន​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នៅ​ពេល​ព្រឹក អាន​គម្ពីរ​ពេល​សម្រាក​ថ្ងៃ​ត្រង់ និង​ចូល​រួម​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក​នៅ​ពេល​ល្ងាច។