លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២៧

ចម្រៀង​លេខ​៧៣ សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន

ចូរ​មាន​ចិត្ត​ក្លាហាន​ដូច​សេដុក

ចូរ​មាន​ចិត្ត​ក្លាហាន​ដូច​សេដុក

«​សេដុក​ជា​យុវជន​ពូកែ​អង់អាច​»។១ប្រ. ១២:២៨

ចំណុច​ផ្ដោត

របៀប​ដែល​គំរូ​របស់​សេដុក​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន។

១​-​២. តើ​សេដុក​ជា​អ្នក​ណា? (​ប្រវត្តិហេតុ​ទី​១ ១២:២២, ២៦​-​២៨​)

 សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ មាន​បុរស​មួយ​ក្រុម​ដែល​មាន​គ្នា​ជាង​៣៤០.០០០​នាក់។ ពួក​គេ​ប្រមូល​គ្នា​ដើម្បី​លើក​ដាវីឌ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ អស់​រយៈ​ពេល​បី​ថ្ងៃ ពួក​បុរស​ទាំង​នោះ​ស្នាក់​នៅ​តំបន់​ភ្នំ​ដែល​មាន​ថ្ម​ច្រើន ជិត​ក្រុង​ហេប្រុន។ ពួក​គេ​និយាយ​គ្នា សើច​សប្បាយ និង​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​អំណរ។ (​១ប្រ. ១២:៣៩​) នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ​នោះ មាន​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​សេដុក​ដែល​ទំនង​ជា​មិន​លេច​ធ្លោ​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ដឹង​ថា​សេដុក​នៅ​ទី​នោះ។ (​សូម​អាន ប្រវត្តិហេតុ​ទី​១ ១២:២២, ២៦​-​២៨) តើ​សេដុក​ជា​អ្នក​ណា?

សេដុក​គឺ​ជា​សង្ឃ​ដែល​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សម្ដេច​សង្ឃ​អាប៊ីយ៉ាថា។ សេដុក​ក៏​ជា​អ្នក​មើល​ធ្លុះ​ដែល​អាច​យល់​អំពី​បំណង​ប្រាថ្នា​ព្រះ ហើយ​ដែល​ទទួល​ការ​យល់​ធ្លុះ​ជ្រៅ​យ៉ាង​អស្ចារ្យ។ (​២សាំ. ១៥:២៧​) បណ្ដា​ជន​ទៅ​រក​សេដុក​ពេល​ពួក​គេ​ត្រូវ​ការ​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ គាត់​ក៏​ជា​បុរស​អង់អាច​ដែរ។ យើង​នឹង​ផ្ដោត​អារម្មណ៍​លើ​គុណ​សម្បត្តិ​នេះ​ក្នុង​អត្ថបទ​នេះ។

៣. (​ក​) ហេតុ​អ្វី​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ត្រូវ​មាន​ចិត្ត​ក្លាហាន? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ សាថាន​ព្យាយាម​កាន់​តែ​ខ្លាំង​ជាង​មុន​ដើម្បី​បង្ខូច​ជំនឿ​របស់​យើង។ (​១ពេ. ៥:៨​) យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន កាល​ដែល​យើង​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​បំផ្លាញ​សាថាន​និង​របៀប​របប​ដ៏​ទុច្ចរិត​របស់​វា។ (​ចសព. ៣១:២៤​) សូម​យើង​ពិចារណា​អំពី​របៀប​បី​យ៉ាង​ដែល​យើង​អាច​មាន​ចិត្ត​ក្លាហាន​ដូច​សេដុក។

ចូរ​គាំទ្រ​រាជាណាចក្រ​ព្រះ

៤. ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​គាំទ្រ​រាជាណាចក្រ​ព្រះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​អស់​ពី​ចិត្ត ប៉ុន្តែ​យើង​ច្រើន​តែ​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​ដូច្នេះ។ (​ម៉ាថ. ៦:៣៣​) ជា​ឧទាហរណ៍ ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា និង​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ (​១ថែ. ២:២​) ម្យ៉ាង​ទៀត ពិភព​លោក​កាន់​តែ​បែក​បាក់​គ្នា​ដោយ​សារ​រឿង​នយោបាយ ដូច្នេះ​យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​មិន​កាន់​ជើង​ខាង​ណា​មួយ​ក្នុង​ជម្លោះ​ឬ​រឿង​ទាំង​នេះ។ (​យ៉ូន. ១៨:៣៦​) បង​ប្អូន​ជា​ច្រើន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជួប​បញ្ហា​លុយ​កាក់ រង​អំពើ​ហិង្សា ឬ​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ដោយ​សារ​បដិសេធ​មិន​ប្រឡូក​ក្នុង​រឿង​នយោបាយ​ឬ​ចូល​បម្រើ​ក្នុង​យោធា។

ពេល​អ្នក​ឯ​ទៀត​គាំទ្រ​ម្ខាង​ៗ​ក្នុង​រឿង​នយោបាយ តើ​អ្នក​នឹង​ធ្វើ​អ្វី? ​(​សូម​មើល​វគ្គ​៤​)​


៥. ហេតុ​អ្វី​សេដុក​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​គាំទ្រ​ដាវីឌ?

សេដុក​ទៅ​ក្រុង​ហេប្រុន​មិន​គ្រាន់​តែ​ដើម្បី​អប​អរ​ការ​ឡើង​ធ្វើ​ជា​ស្ដេច​របស់​ដាវីឌ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​បាន​ទៅ​ទី​នោះ​ទាំង​មាន​អាវុធ ហើយ​ប្រុង​ប្រៀប​ដើម្បី​ប្រយុទ្ធ។ (​១ប្រ. ១២:៣៨​) គាត់​សុខ​ចិត្ត​ទៅ​តាម​ដាវីឌ​ពេល​ប្រយុទ្ធ ហើយ​ការ​ពារ​ជន​ជាតិ​អ៊ីស្រាអែល​ពី​សត្រូវ។ សេដុក​ប្រហែល​ជា​មិន​មែន​ជា​អ្នក​ប្រយុទ្ធ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ទេ ប៉ុន្តែ​គាត់​ជា​បុរស​ដ៏​ក្លាហាន​ណាស់។

៦. ស្ដី​អំពី​ចិត្ត​ក្លាហាន តើ​ដាវីឌ​បាន​ទុក​គំរូ​ល្អ​យ៉ាង​ណា​ឲ្យ​សេដុក? (​ចម្រៀង​សរសើរ​ព្រះ ១៣៨:៣​)

តើ​សង្ឃ​សេដុក​រៀន​ឲ្យ​មាន​ចិត្ត​ក្លាហាន​ពី​ណា? គាត់​ស្គាល់​បុរស​ជា​ច្រើន​ដែល​មាំ​មួន​និង​អង់អាច។ គាត់​ច្បាស់​ជា​រៀន​ពី​គំរូ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ គំរូ​របស់​ដាវីឌ​អំពី​ការ​«​ដឹក​នាំ​ទ័ព​អ៊ីស្រាអែល​ចេញ​ទៅ​ច្បាំង​»​យ៉ាង​ក្លាហាន​បាន​ជំរុញ​ចិត្ត​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​គាំទ្រ​គាត់​យ៉ាង​អស់​ពី​ចិត្ត។ (​១ប្រ. ១១:១, ២​) ដាវីឌ​តែង​តែ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​របស់​គាត់។ (​ចសព. ២៨:៧; សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៨:៣) សេដុក​ក៏​បាន​រៀន​ពី​បុរស​ដ៏​ក្លាហាន​ឯ​ទៀត ដូច​ជា​យេហូយ៉ាដា​និង​កូន​ប្រុស​របស់​គាត់​បេនណាយ៉ា​ដែល​ជា​អ្នក​ចម្បាំង រួម​ទាំង​មេ​ទ័ព​២២​នាក់​ទៀត​ដែល​ជួយ​គាំទ្រ​ដាវីឌ។ (​១ប្រ. ១១:២២​-​២៥; ១២:២៦​-​២៨​) បុរស​ទាំង​នេះ​តាំង​ចិត្ត​ជួយ​ជ្រោម​ជ្រែង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច ព្រម​ទាំង​ការ​ពារ​គាត់។

៧. (​ក​) តើ​យើង​អាច​រៀន​អំពី​ចិត្ត​ក្លាហាន​ពី​គំរូ​ណា​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​)​ តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​ប្រុស​ណេស៊ីលូ​ដូច​បាន​ត្រូវ​បង្ហាញ​ក្នុង​វីដេអូ?

យើង​ទទួល​កម្លាំង​និង​ចិត្ត​ក្លាហាន​ពេល​យើង​ពិចារណា​គំរូ​របស់​ពួក​អ្នក​ដែល​បាន​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន។ លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​របស់​យើង​បាន​បដិសេធ​យ៉ាង​មុត​មាំ មិន​រួម​ចំណែក​ក្នុង​នយោបាយ​នៃ​ពិភព​លោក​របស់​សាថាន​ពេល​លោក​នៅ​ផែន​ដី។ (​ម៉ាថ. ៤:៨​-​១១; យ៉ូន. ៦:១៤, ១៥​) លោក​តែង​តែ​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​កម្លាំង។ នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​គំរូ​ជា​ច្រើន​របស់​បុរស​វ័យ​ក្មេង​ដែល​បដិសេធ​មិន​ចូល​ធ្វើ​ទាហាន ឬ​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ។ យើង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​អាន​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​ក្នុង​គេហទំព័រ​jw.org។ a

ចូរ​ជួយ​បង​ប្អូន​របស់​អ្នក

៨. តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ការ​ចិត្ត​ក្លាហាន​នៅ​ពេល​ណា​ដើម្បី​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន?

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចូល​ចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ (​២កូ. ៨:៤​) ប៉ុន្តែ ពេល​ខ្លះ​ត្រូវ​ការ​ចិត្ត​ក្លាហាន​ឲ្យ​ធ្វើ​ដូច្នេះ។ ជា​ឧទាហរណ៍ ពេល​សង្គ្រាម​ផ្ទុះ​ឡើង អ្នក​ចាស់​ទុំ​ក្នុង​តំបន់​នោះ​ទទួល​ស្គាល់​ថា​បង​ប្អូន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ការ​គាំទ្រ និង​ប្រហែល​ជា​របស់​របរ​ចាំ​បាច់​ឬ​ជំនួយ​ខាង​ការ​គោរព​ប្រណិប័តន៍។ ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​ស្រឡាញ់​ចៀម ពួក​គេ​ប្រថុយ​ជីវិត​ដើម្បី​ផ្ដល់​អ្វី​ដែល​បង​ប្អូន​ត្រូវ​ការ។ (​យ៉ូន. ១៥:១២, ១៣​) យ៉ាង​នេះ ពួក​គេ​កំពុង​ធ្វើ​តាម​គំរូ​របស់​សេដុក​អំពី​ចិត្ត​ក្លាហាន។

៩. ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​សាំយូអែល​ទី​២ ១៥:២៧​-​២៩ តើ​ដាវីឌ​បាន​ប្រាប់​សេដុក​ឲ្យ​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ជីវិត​របស់​ដាវីឌ​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ អាប់សាឡំ​ដែល​ជា​កូន​ប្រុស​របស់​គាត់ តាំង​ចិត្ត​ដណ្ដើម​តំណែង​ជា​ស្ដេច​ពី​គាត់។ (​២សាំ. ១៥:១២, ១៣​) ដាវីឌ​ត្រូវ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម​ៗ​! គាត់​បាន​បន្លឺ​សំឡេង​ទៅ​អ្នក​បម្រើ​របស់​គាត់​ថា​៖ ​«​ចូរ​យើង​នាំ​គ្នា​ក្រោក​ឡើង ហើយ​រត់​ចេញ​ភ្លាម។ បើ​មិន​ដូច្នោះ​ទេ គ្មាន​អ្នក​ណា​ម្នាក់​គេច​ផុត​ពី​អាប់សាឡំ​ឡើយ!​»។ (​២សាំ. ១៥:១៤​) កាល​ដែល​អ្នក​បម្រើ​កំពុង​ចាក​ចេញ ដាវីឌ​យល់​ថា​ត្រូវ​ការ​ឲ្យ​អ្នក​ណា​ម្នាក់​បន្ត​នៅ​ក្រុង​យេរូសាឡិម​ដើម្បី​រាយការណ៍​ប្រាប់​គាត់​អំពី​គម្រោង​របស់​អាប់សាឡំ។ ដូច្នេះ ដាវីឌ​បាន​ចាត់​សេដុក​និង​ពួក​សង្ឃ​ឯ​ទៀត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​នោះ​ដើម្បី​ធ្វើ​ជា​ជន​បង្កប់។ (​សូម​អាន សាំយូអែល​ទី​២ ១៥:២៧​-​២៩) ពួក​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំង។ អ្វី​ដែល​ដាវីឌ​ប្រាប់​ពួក​សង្ឃ​ទាំង​នោះ​ឲ្យ​ធ្វើ គឺ​ជា​ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​ពួក​គេ​បាត់​បង់​ជីវិត​ទៀត​ផង។ អាប់សាឡំ​គឺ​ជា​មនុស្ស​សាហាវ​ឃោរឃៅ គិត​តែ​ប្រយោជន៍​ខ្លួន និង​ក្បត់​ឪពុក​ខ្លួន។ សូម​ស្រមៃ​គិត​ថា​តើ​គាត់​អាច​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​សេដុក​និង​សង្ឃ​ឯ​ទៀត​បើ​គាត់​ដឹង​ថា​ពួក​គេ​កំពុង​ស៊ើប​ការណ៍​ពី​គាត់​ដើម្បី​ការ​ពារ​ដាវីឌ!

ដាវីឌ​បាន​ចាត់​សេដុក​ឲ្យ​ធ្វើ​កិច្ចការ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ​(​សូម​មើល​វគ្គ​៩​)​


១០. តើ​សេដុក​និង​អ្នក​ដែល​រួម​ដៃ​ជា​មួយ​គាត់​បាន​ការ​ពារ​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

១០ ដាវីឌ​បាន​សុំ​សេដុក​និង​ហ៊ូសាយ​ដែល​ជា​មិត្ត​ភក្ដិ​ដ៏​ស្មោះ​ត្រង់​ម្នាក់​ទៀត​របស់​គាត់​ឲ្យ​ជួយ​ក្នុង​គម្រោង​មួយ។ (​២សាំ. ១៥:៣២​-​៣៧​) តាម​គម្រោង​នោះ ហ៊ូសាយ​ត្រូវ​ធ្វើ​ពុត​ជា​អ្នក​គាំទ្រ​អាប់សាឡំ ហើយ​ឲ្យ​យោបល់​គាត់​អំពី​របៀប​វាយ​ប្រហារ​ដាវីឌ ដើម្បី​ទុក​ឱកាស​ឲ្យ​ដាវីឌ​មាន​ពេល​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​នោះ។ បន្ទាប់​មក ហ៊ូសាយ​បាន​ប្រាប់​សេដុក​និង​អាប៊ីយ៉ាថា​អំពី​គម្រោង​នោះ។ (​២សាំ. ១៧:៨​-​១៦​) ក្រោយ​មក បុរស​ទាំង​ពីរ​នាក់​នោះ​អាច​បញ្ជូន​ដំណឹង​ឲ្យ​ដាវីឌ។ (​២សាំ. ១៧:១៧​) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា សេដុក​និង​សង្ឃ​ឯ​ទៀត​បាន​ជួយ​ការ​ពារ​ដាវីឌ​ពី​គ្រោះ​ថ្នាក់។—២សាំ. ១៧:២១, ២២

១១. តើ​យើង​អាច​មាន​ចិត្ត​ក្លាហាន​ដូច​សេដុក​យ៉ាង​ដូច​ម្ដេច​ពេល​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន?

១១ បើ​យើង​បាន​ត្រូវ​សុំ​ឲ្យ​ជួយ​បង​ប្អូន​ក្នុង​អំឡុង​ពេល​ដែល​មាន​គ្រោះ​ថ្នាក់ តើ​យើង​អាច​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​សេដុក​យ៉ាង​ដូច​ម្ដេច? (​១​)​ ចូរ​ធ្វើ​តាម​ការ​ណែនាំ។ ក្នុង​ស្ថានភាព​បែប​នេះ​គឺ​សំខាន់​ដែល​យើង​រក្សា​សាមគ្គីភាព។ សូម​ធ្វើ​តាម​ការ​ណែនាំ​ពី​ការិយាល័យ​សាខា​ក្នុង​តំបន់​របស់​អ្នក។ (​ហេ. ១៣:១៧​) ជា​ទៀង​ទាត់​ពួក​អ្នក​ចាស់​ទុំ​គួរ​ពិនិត្យ​មើល​ការ​ណែនាំ​អំពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ និង​អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​មាន​មហន្តរាយ។ (​១កូ. ១៤:៣៣, ៤០​) (​២​)​ ចូរ​មាន​ចិត្ត​ក្លាហាន​តែ​ប្រុង​ប្រយ័ត្ន។ (​សុភ. ២២:៣​) សូម​គិត​មុន​ប្រព្រឹត្ត។ ចូរ​កុំ​ចេះ​តែ​ប្រថុយ​ជីវិត។ (​៣​)​ ចូរពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នឹង​សុខុមាលភាព​របស់​អ្នក​និង​បង​ប្អូន​របស់​អ្នក។ លោក​អាច​ជួយ​អ្នក​ឲ្យ​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដោយ​មាន​សុវត្ថិភាព។

១២​-​១៣. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​វិកទ័រ​និង​បង​វិថាលី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ សូម​គិត​អំពី​បង​ប្អូន​រួម​ជំនឿ​ពីរ​នាក់​គឺ​បង​ប្រុស​វិកទ័រ​និង​បង​ប្រុស​វិថាលី ដែល​បាន​ដឹក​ជញ្ជូន​អាហារ​និង​ទឹក​ដល់​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត​នៅ​ប្រទេស​អ៊ុយក្រែន។ បង​វិកទ័រ​និយាយ​ថា​៖ ​«​យើង​ស្វែង​រក​អាហារ​គ្រប់​ទី​កន្លែង។ យើង​ច្រើន​តែ​ឮ​មនុស្ស​បាញ់​គ្នា​នៅ​ជិត​យើង។ បង​ប្រុស​ម្នាក់​បាន​បរិច្ចាគ​អាហារ​ដែល​គាត់​បាន​ស្ដុក​ទុក។ ដោយ​សារ​ការ​បរិច្ចាគ​នេះ អ្នក​ផ្សាយ​ជា​ច្រើន​នាក់​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បន្ដ​រួច​រស់​ជីវិត​អស់​មួយ​គ្រា។ កាល​ដែល​យើង​កំពុង​លើក​អីវ៉ាន់​ដាក់​ចូល​ឡាន​ធំ​របស់​យើង គ្រាប់​បែក​មួយ​ប្លោង​មក​នៅ​ចម្ងាយ​២០​ម៉ែត្រ​ពី​យើង។ ពេញ​មួយ​ថ្ងៃ​នោះ ខ្ញុំ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ចិត្ត​ក្លាហាន​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​បន្ដ​ជួយ​អ្នក​ផ្សាយ​»។

១៣ បង​វិថាលី​និយាយ​ថា​៖ ​«​យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ខ្លាំង​ណាស់។ ពេល​ធ្វើ​ដំណើរ​លើក​ទី​១ ខ្ញុំ​បាន​ចំណាយ​ពេល​អស់​១២​ម៉ោង ហើយ​នៅ​តាម​ផ្លូវ​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រហូត​»។ បង​វិថាលី​មាន​ចិត្ត​ក្លាហាន ប៉ុន្តែ​គាត់​ក៏​ចេះ​ប្រុង​ប្រយ័ត្ន​ដែរ។ គាត់​និយាយ​បន្ថែម​ថា​៖ ​«​ខ្ញុំ​បន្ដ​សុំ​ព្រះ​យេហូវ៉ា​នូវ​ប្រាជ្ញា​និង​ចិត្ត​សុភាព​រាប​ទាប។ ខ្ញុំ​បាន​បើក​បរ​តែ​តាម​ផ្លូវ​ដែល​អាជ្ញាធរ​អនុញ្ញាត​ប៉ុណ្ណោះ។ ជំនឿ​ខ្ញុំ​បាន​រឹង​មាំ​ឡើង​ពេល​ខ្ញុំ​ឃើញ​អំពី​របៀប​ដែល​បង​ប្អូន​យើង​រួម​កិច្ច​ការ​ជា​មួយ​គ្នា។ ពួក​គេ​បាន​ដក​កម្ទេច​សំណល់​ពី​ផ្លូវ ប្រមូល​ទុក​អាហារ សម្លៀក​បំពាក់ និង​របស់​របរ​សំខាន់​ឯ​ទៀត​ដាក់​ចូល​ក្នុង​ឡាន​ធំ ហើយ​ផ្គត់​ផ្គង់​ខ្ញុំ​និង​វីកទ័រ​នូវ​អាហារ​និង​កន្លែង​ដើម្បី​សម្រាក​នៅ​តាម​ផ្លូវ​»។

ពេល​ជួយ​បង​ប្អូន​ក្នុង​អំឡុង​គ្រា​ដែល​មាន​គ្រោះ​ថ្នាក់ សូម​មាន​ចិត្ត​ក្លាហាន ប៉ុន្តែ​ប្រុង​ប្រយ័ត្ន ​(​សូម​មើល​វគ្គ​១២​-​១៣​)​


ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា

១៤. បើ​បុគ្គល​ដែល​យើង​ស្រឡាញ់​លែង​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា តើ​នោះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

១៤ ទុក្ខ​លំបាក​ដ៏​ពិបាក​បំផុត​មួយ​ដែល​យើង​ប្រហែល​ជា​មាន គឺ​ពេល​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ឬ​មិត្ត​ជិត​ស្និទ្ធ​ណា​ម្នាក់​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។ (​ចសព. ៧៨:៤០; សុភ. ២៤:១០​) អ្នក​ប្រហែល​ជា​កាន់​តែ​ពិបាក​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នោះ បើ​គាត់​ជា​បុគ្គល​ដែល​អ្នក​ស្រឡាញ់​ខ្លាំង។ ប្រសិន​បើ​អ្នក​មាន​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​បែប​នេះ គំរូ​របស់​សេដុក​អំពី​ភក្ដី​ភាព​អាច​ពង្រឹង​កម្លាំង​អ្នក។

១៥. ហេតុ​អ្វី​សេដុក​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា? (​បណ្ដា​ស្ដេច​ទី​១ ១:៥​-​៨​)

១៥ សេដុក​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ពេល​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​គាត់​អាប៊ីយ៉ាថា​លែង​ស្មោះ​ត្រង់។ នេះ​បាន​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​ដាវីឌ។ កាល​ដែល​ដាវីឌ​ដេក​លើ​គ្រែ​ជិត​ស្លាប់ កូន​ប្រុស​របស់​គាត់​អាដូនីយ៉ា​បាន​ព្យាយាម​ដណ្ដើម​រាជ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​សាឡូម៉ូន។ (​១ប្រ. ២២:៩, ១០​) អាប៊ីយ៉ាថា​បាន​សម្រេច​ចិត្ត​គាំទ្រ​អាដូនីយ៉ា។ (​សូម​អាន បណ្ដា​ស្ដេច​ទី​១ ១:៥​-​៨) ដោយ​ធ្វើ​ដូច្នេះ អាប៊ីយ៉ាថា​មិន​គ្រាន់​តែ​លែង​ស្មោះ​ត្រង់​នឹង​ដាវីឌ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លែង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ! តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា​សេដុក​សោកសៅ​និង​ខក​ចិត្ត​យ៉ាង​ណា​ទេ? អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ គាត់​និង​អាប៊ីយ៉ាថា​បាន​ធ្វើ​ការ​ជា​សង្ឃ​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ (​២សាំ. ៨:១៧​) ពួក​គាត់​បាន​ថែ​រក្សា​«​ហឹប​នៃ​ព្រះ​ពិត​»​ជា​មួយ​គ្នា។ (​២សាំ. ១៥:២៩​) នៅ​ដើម​ដំបូង បុរស​ទាំង​ពីរ​នាក់​នេះ​បាន​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ដាវីឌ ហើយ​បាន​ធ្វើ​អ្វី​ជា​ច្រើន​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។—២សាំ. ១៩:១១​-​១៤

១៦. តើ​អ្វី​ប្រហែល​ជា​បាន​ជួយ​សេដុក​ឲ្យ​រក្សា​ភក្ដី​ភាព?

១៦ ទោះ​ជា​អាប៊ីយ៉ាថា​លែង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​សម្រេច​ចិត្ត​ក្បត់​ដាវីឌ​ក្ដី សេដុក​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ដាវីឌ​ដឹង​ថា​គាត់​អាច​ទុក​ចិត្ត​សេដុក​ជា​និច្ច។ ពេល​ឧបាយ​កល​របស់​អាដូនីយ៉ា​បាន​ត្រូវ​បែក​ធ្លាយ ដាវីឌ​បាន​ជ្រើស​រើស​សេដុក ណាថាន់ និង​បេនណាយ៉ា​ឲ្យ​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន​ជា​ស្ដេច។ (​១បស. ១:៣២​-​៣៤​) សេដុក​ច្បាស់​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​គំរូ​របស់​អ្នក​គោរព​ប្រណិប័តន៍​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ដូច​ជា​ណាថាន់ ដែល​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​គាំទ្រ​ស្ដេច​ដាវីឌ​ដែរ។ (​១បស. ១:៣៨, ៣៩​) ពេល​សាឡូម៉ូន​បាន​ឡើង​ជា​ស្ដេច គាត់​«​បាន​ប្រគល់​តំណែង​របស់​អាប៊ីយ៉ាថា​ឲ្យ​ដល់​សេដុក​ជា​សង្ឃ​»។—១បស. ២:៣៥

១៧. តើ​អ្នក​អាច​យក​តម្រាប់​តាម​សេដុក​យ៉ាង​ដូច​ម្ដេច បើ​បុគ្គល​ដែល​ជិត​ស្និទ្ធ​នឹង​អ្នក​លែង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា?

១៧ តើ​អ្នក​អាច​យក​តម្រាប់​តាម​សេដុក​យ៉ាង​ដូច​ម្ដេច? បើ​បុគ្គល​ដែល​អ្នក​ស្រឡាញ់​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា សូម​បង្ហាញ​លោក​ថា​អ្នក​សម្រេច​ចិត្ត​រក្សា​ភក្ដី​ភាព​ចំពោះ​លោក។ (​យ៉ូស. ២៤:១៥​) ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​កម្លាំង​និង​ចិត្ត​ក្លាហាន​ដែល​អ្នក​ត្រូវ​ការ។ ចូរ​ពឹង​ផ្អែក​លើ​លោក​ដោយ​អធិដ្ឋាន និង​នៅ​ជិត​ស្និទ្ធ​នឹង​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ភក្ដី​ភាព​របស់​អ្នក ហើយ​លោក​នឹង​ឲ្យ​រង្វាន់​អ្នក​ចំពោះ​ភក្ដី​ភាព​នោះ។—២សាំ. ២២:២៦

១៨. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ម៉ាកូ​និង​បង​ស៊ីដសេ?

១៨ សូម​គិត​អំពី​គំរូ​របស់​បង​ម៉ាកូ​និង​ប្រពន្ធ​របស់​គាត់​បង​ស៊ីដសេ។ ពួក​គាត់​មាន​កូន​ស្រី​ពេញ​វ័យ​ពីរ​នាក់​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត។ បង​ម៉ាកូ​និយាយ​ថា​៖ ​«​តាំង​ពី​ថ្ងៃ​ដែល​កូន​កើត​មក យើង​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ យើង​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដើម្បី​ការ​ពារ​ពួក​គេ​ពី​ការ​រង​ផល​វិបាក។ ដូច្នេះ ពេល​ពួក​គេ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា យើង​ឈឺ​ចិត្ត​ណាស់​»។ គាត់​បន្ដ​ថា​៖ ​«​ប៉ុន្តែ ព្រះ​យេហូវ៉ា​នៅ​ក្បែរ​យើង។ លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពេល​ខ្ញុំ​ខ្សោយ ប្រពន្ធ​ខ្ញុំ​រឹង​មាំ ហើយ​ពេល​គាត់​ខ្សោយ ខ្ញុំ​រឹង​មាំ​»។ បង​ស៊ីដសេ​បន្ថែម​ថា​៖ ​«​យើង​នឹង​មិន​អាច​ស៊ូ​ទ្រាំ​បាន​ទេ បើ​ព្រះ​យេហូវ៉ា​មិន​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ។ ខ្ញុំ​កើត​ទុក្ខ​ណាស់ ហើយ​មាន​អារម្មណ៍​ថា​កូន​ស្រី​ខ្ញុំ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​កំហុស​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​ខ្ញុំ។ មិន​យូរ​ក្រោយ​មក បង​ស្រី​ម្នាក់​ដែល​ខ្ញុំ​ខាន​ជួប​អស់​ជា​ច្រើន​ឆ្នាំ​បាន​មក​ជួប​ខ្ញុំ ដាក់​ដៃ​លើ​ស្មា​ខ្ញុំ សម្លឹង​មើល​ភ្នែក​ខ្ញុំ រួច​និយាយ​ថា​៖ ‹សូម​ចាំ​ណា៎​ស៊ីដសេ នេះ​មិន​មែន​ជា​កំហុស​របស់​ប្អូន​ទេ!›។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​អាច​រក្សា​អំណរ​របស់​ខ្ញុំ​ក្នុង​ការ​បម្រើ​លោក​»។

១៩. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ទាំង​អស់​មាន​ចិត្ត​ក្លាហាន​ដូច​សេដុក។ (​២ធី. ១:៧​) ក៏​ប៉ុន្តែ លោក​មិន​ចង់​ឲ្យ​យើង​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ខ្លួន​ទេ។ លោក​ចង់​ឲ្យ​យើង​ពឹង​ផ្អែក​លើ​លោក។ ដូច្នេះ ពេល​អ្នក​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ត្រូវ​ការ​ចិត្ត​ក្លាហាន សូម​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ អ្នក​អាច​ប្រាកដ​ថា​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ក្លាហាន​ដូច​សេដុក!—១ពេ. ៥:១០

ចម្រៀង​លេខ​១២៦ ត្រូវ​ដឹង​ខ្លួន រឹង​មាំ ហើយ​ខ្លាំង​ក្លា

a សូម​ទស្សនា​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា មូលហេតុ​ដែល​គ្រិស្ត​សាសនិក​ពិត​ត្រូវ​មាន​ចិត្ត​ក្លាហាន ដើម្បី​រក្សា​អព្យាក្រឹតភាព​នៅ​គេហទំព័រ​jw.org/km។