លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២៨

ចម្រៀង​លេខ​១២៣ ចុះ​ចូល​ដោយ​ស្មោះ​ក្រោម​ការ​រៀប​ចំ​របស់​ព្រះ

តើ​អ្នក​ចេះ​សម្គាល់​សេចក្ដី​ពិត​ឬ​ទេ?

តើ​អ្នក​ចេះ​សម្គាល់​សេចក្ដី​ពិត​ឬ​ទេ?

«​ចូរ​កាន់​ជំហរ​មាំ​មួន​ដោយ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ​»។អេភ ៦:១៤

ចំណុច​ផ្ដោត

បង្ហាត់​បង្រៀន​ខ្លួន​ឲ្យ​សម្គាល់​អំពី​ភាព​ខុស​គ្នា​រវាង​សេចក្ដី​ពិត​ដែល​យើង​រៀន​ពី​ព្រះ​យេហូវ៉ា និង​ការ​កុហក​ដែល​សាថាន​និង​អ្នក​ប្រឆាំង​របស់​វា​លើក​ស្ទួយ។

១. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​ពិត?

 រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ស្រឡាញ់​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ ជំនឿ​របស់​យើង​មាន​មូលដ្ឋាន​លើ​សេចក្ដី​ពិត​នោះ។ (​រ៉ូម ១០:១៧​) យើង​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​តាំង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឡើង​«​ជា​សសរ​ទ្រូង និង​ជា​កំពែង​ការ​ពារ​សេ​ច​ក្ដី​ពិត​»។ (​១ធី. ៣:១៥​) ម្យ៉ាង​ទៀត យើង​សប្បាយ​ចិត្ត​ចុះ​ចូល​‹ពួក​អ្នក​ដែល​នាំ​មុខ​យើង› កាល​ដែល​ពួក​គេ​ពន្យល់​ប្រាប់​សេចក្ដី​ពិត​ពី​គម្ពីរ​និង​ផ្ដល់​ការ​ណែនាំ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។—ហេ. ១៣:១៧

២. យោង​ទៅ​តាម​យ៉ាកុប ៥:១៩ តើ​អ្វី​អាច​កើត​ឡើង​ចំពោះ​យើង​ក្រោយ​ពី​យើង​រៀន​សេចក្ដី​ពិត?

ប៉ុន្តែ ក្រោយ​ពី​យើង​បាន​ទទួល​យក​សេចក្ដី​ពិត​និង​តួ​នាទី​របស់​អង្គការ​ព្រះ​ក្នុង​ការ​ផ្ដល់​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត យើង​នៅ​តែ​អាច​ត្រូវ​បង្វែរ​ចេញ។ (​សូម​អាន យ៉ាកុប ៥:១៩) សាថាន​ពិត​ជា​ចង់​ឲ្យ​យើង​ឈប់​ទុក​ចិត្ត​គម្ពីរ​ឬ​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​អង្គការ​របស់​ព្រះ។—អេភ. ៤:១៤

៣. ហេតុ​អ្វី​យើង​ត្រូវ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត? (​អេភេសូរ ៦:១៣, ១៤​)

សូម​អាន អេភេសូរ ៦:១៣, ១៤ មិន​យូរ​ទៀត មេ​កំណាច​នឹង​ប្រើ​ការ​ឃោសនា​ដ៏​ខ្លាំង​ក្លា​ដើម្បី​បំភាន់​ប្រជា​ជាតិ​នានា​ឲ្យ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ (​បប. ១៦:១៣, ១៤​) យើង​ក៏​ដឹង​ដែរ​ថា​សាថាន​នឹង​ខំ​ព្យាយាម​កាន់​តែ​ខ្លាំង​ដើម្បី​បំភាន់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ (​បប. ១២:៩​) ហេតុ​នេះ​ហើយ គឺ​ជា​ការ​សំខាន់​ដែល​យើង​បង្ហាត់​បង្រៀន​ខ្លួន​ឲ្យ​ចេះ​សម្គាល់​ភាព​ខុស​គ្នា​រវាង​សេចក្ដី​ពិត​និង​ការ​កុហក ហើយ​ចេះ​ស្ដាប់​តាម​សេចក្ដី​ពិត។ (​រ៉ូម ៦:១៧; ១ពេ. ១:២២​) ការ​រួច​រស់​ជីវិត​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​អាស្រ័យ​ទៅ​លើ​អ្វី​ទាំង​នេះ!

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​លើក​ឡើង​អំពី​គុណ​សម្បត្តិ​ពីរ​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ជួយ​យើង​ឲ្យ​សម្គាល់​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​ទទួល​យក​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ។ ក្រោយ​មក យើង​នឹង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បន្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត។

គុណ​សម្បត្តិ​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ចេះ​សម្គាល់​សេចក្ដី​ពិត

៥. តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ចេះ​សម្គាល់​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ ការ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា​យើង​ស្រឡាញ់​លោក​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​យើង​នឹង​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​លោក​មិន​ពេញ​ចិត្ត។ យើង​ចង់​រៀន​ចេះ​សម្គាល់​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​រវាង​សេចក្ដី​ពិត​និង​អ្វី​ដែល​មិន​ពិត ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ (​សុភ. ២:៣​-​៦; ហេ. ៥:១៤​) យើង​មិន​ត្រូវ​ខ្លាច​មនុស្ស​ខ្លាំង​ជាង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ។ ដោយ​សារ​ការ​ព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ច្រើន​តែ​នាំ​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។

៦. តើ​ការ​ខ្លាច​មនុស្ស​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​១០​នាក់​បង្ខុស​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

បើ​យើង​ខ្លាច​មនុស្ស​ជាង​កោត​ខ្លាច​ព្រះ​យេហូវ៉ា យើង​អាច​បែរ​ចេញ​ពី​សេចក្ដី​ពិត។ សូម​គិត​អំពី​គំរូ​របស់​មេ​ដឹក​នាំ​១២​នាក់​ដែល​ស៊ើប​ការណ៍​នៅ​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ អ្នក​ស៊ើប​ការណ៍​១០​នាក់​ភ័យ​ខ្លាច​ជន​ជាតិ​កាណាន​យ៉ាង​ខ្លាំង ហើយ​អារម្មណ៍​ភ័យ​ខ្លាច​នោះ​គឺ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​គ្នី​គ្នា​ថា​៖ ​«​យើង​មិន​អាច​ឡើង​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ស្រុក​នោះ​បាន​ទេ ព្រោះ​ពួក​គេ​ខ្លាំង​ជាង​យើង​ឆ្ងាយ​ណាស់​»។ (​ជប. ១៣:២៧​-​៣១​) តាម​ទស្សនៈ​របស់​មនុស្ស ជន​ជាតិ​កាណាន​គឺ​ខ្លាំង​ជាង​ជន​ជាតិ​អ៊ីស្រាអែល​មែន ប៉ុន្តែ​ដោយ​និយាយ​ថា​ជន​ជាតិ​អ៊ីស្រាអែល​នឹង​មិន​អាច​យក​ឈ្នះ​សត្រូវ​របស់​ពួក​គេ គឺ​ហាក់​ដូច​ជា​មិន​គិត​អំពី​ព្រះ​យេហូវ៉ា។ អ្នក​ស៊ើប​ការណ៍​ទាំង​១០​នាក់​នោះ​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ។ ពួក​គេ​ក៏​គួរ​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​ពួក​គេ​នៅ​ពេល​ថ្មី​ៗ​កន្លង​មក។ យ៉ាង​នេះ​ពួក​គេ​អាច​ទទួល​ស្គាល់​ថា ភាព​ខ្លាំង​ក្លា​របស់​ជន​ជាតិ​កាណាន​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ព្រះ​យេហូវ៉ា​បាន​ទេ។ ខុស​ពី​អ្នក​ស៊ើប​ការណ៍​មិន​ស្មោះ​ត្រង់​ទាំង​នោះ យ៉ូស្វេ​និង​កាលែប​ចង់​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​ប្រសិន​បើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​យើង លោក​ច្បាស់​ជា​នាំ​យើង​ចូល​ក្នុង​ស្រុក​នោះ ហើយ​ប្រគល់​ស្រុក​នោះ​ដល់​យើង​ជា​មិន​ខាន​»។—ជប. ១៤:៦​-​៩

៧. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កាន់​តែ​កោត​ខ្លាច​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ដើម្បី​ពង្រឹង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា យើង​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ទាំង​អស់​របស់​យើង។ (​ចសព. ១៦:៨​) ពេល​អ្នក​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ សូម​សួរ​ខ្លួន​ថា ‹បើ​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​នោះ តើ​ខ្ញុំ​នឹង​សម្រេច​ចិត្ត​បែប​ណា?›។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​ខ្លួន​កំពុង​ស្ដាប់​សេចក្ដី​រាយ​ការណ៍​មិន​ល្អ​ពី​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​១០​នាក់។ តើ​អ្នក​នឹង​ជឿ ហើយ​ចុះ​ចាញ់​ការ​ខ្លាច​មនុស្ស ឬ​តើ​អ្នក​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​យេហូវ៉ា​និង​បំណង​ចិត្ត​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ធ្វើ​ឲ្យ​អ្នក​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​នោះ? ជន​ជាតិ​អ៊ីស្រាអែល​ជំនាន់​នោះ​ទាំង​អស់​មិន​បាន​កត់​សម្គាល់​សេចក្ដី​ពិត​ដែល​យ៉ូស្វេ​និង​កាលែប​បាន​និយាយ​ទេ។ ជា​លទ្ធផល ពួក​គេ​បាន​បាត់​ឱកាស​ចូល​ស្រុក​ដែល​ព្រះ​សន្យា។—ជប. ១៤:១០, ២២, ២៣

បើ​អ្នក​នៅ​ទី​នោះ តើ​អ្នក​នឹង​ជឿ​អ្នក​ណា? ​(​សូម​មើល​វគ្គ​៧​)​


៨. តើ​យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​បណ្ដុះ​គុណ​សម្បត្តិ​អ្វី ហើយ​ហេតុ​អ្វី?

ចិត្ត​រាប​ទាប។ ព្រះ​យេហូវ៉ា​បើក​បង្ហាញ​សេចក្ដី​ពិត​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប។ (​ម៉ាថ. ១១:២៥​) យើង​បាន​ទទួល​យក​ជំនួយ​ដោយ​ចិត្ត​រាប​ទាប​ដើម្បី​រៀន​សេចក្ដីពិត។ (​សកម្ម. ៨:៣០, ៣១​) ប៉ុន្តែ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​មិន​មាន​អំណួត។ បើ​យើង​មាន​អំណួត យើង​អាច​ចាប់​ផ្ដើម​គិត​ថាទស្សនៈ​ផ្ទាល់​ខ្លួន​របស់​យើង​គឺ​ប្រកប​ដោយ​ប្រាជ្ញា​ស្មើ​នឹង​គោល​ការណ៍​គម្ពីរ​និង​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា។

៩. តើ​យើង​អាច​រក្សា​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

ដើម្បី​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប យើង​ត្រូវ​ចាំ​ថា​យើង​តូច​តាច​បើ​ប្រៀប​ធៀប​នឹង​ភាព​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ (​ចសព. ៨:៣, ៤​) យើង​ក៏​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​រាប​ទាប​និង​ស្រួល​បង្រៀន។ ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ចាត់​ទុក​ទស្សនៈ​របស់​លោក​ដែល​យើង​រៀន​ពី​គម្ពីរ​និង​អង្គការ​របស់​លោក​ថា​សំខាន់​ជាង​ទស្សនៈ​របស់​ខ្លួន។ ពេល​អាន​គម្ពីរ សូម​រក​មើល​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្អប់​អំណួត ភាព​ក្រអឺត​ក្រទម និង​ក្អេង​ក្អាង តែ​លោក​ស្រឡាញ់​ចិត្ត​រាប​ទាប​វិញ។ ម្យ៉ាង​ទៀត សូម​ព្យាយាម​កាន់​តែ​ខ្លាំង​ដើម្បី​រក្សា​ចិត្ត​រាប​ទាប ពេល​ដែល​អ្នក​ទទួល​ភារកិច្ច​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច​មួយ​កម្រិត​ឬ​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កត់​សម្គាល់​អ្នក។

របៀប​ដែល​យើង​អាច​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត

១០. តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​អ្នក​ណា​ដើម្បី​ផ្ដល់​ការ​ណែនាំ​ដល់​រាស្ត្រ​របស់​លោក?

១០ ចូរ​រក្សា​ទំនុក​ចិត្ត​លើ​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា។ នៅ​អ៊ីស្រាអែល​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ប្រើ​ម៉ូសេ រួច​មក​បាន​ប្រើ​យ៉ូស្វេ​ដើម្បី​ផ្ដល់​ការ​ណែនាំ​ដល់​រាស្ត្រ​របស់​លោក។ (​យ៉ូស. ១:១៦, ១៧​) ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​ពរ​ពេល​ពួក​គេ​ចាត់​ទុក​បុរស​ទាំង​នេះ​ជា​តំណាង​ព្រះ​យេហូវ៉ា។ រាប់​រយ​ឆ្នាំ​ក្រោយ​មក ពួក​សាវ័ក​១២​នាក់​បាន​ផ្ដល់​ការ​ណែនាំ​នៅ​ពេល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង​ជា​លើក​ដំបូង។ (​សកម្ម. ៨:១៤, ១៥​) រួច​មក ក្រុម​នោះ​ក៏​បាន​រួម​បញ្ចូល​ពួក​អ្នក​ចាស់​ទុំ​ឯ​ទៀត​ក្នុង​ក្រុង​យេរូសាឡិម​ដែរ។ ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​បាន​ទទួល​ពី​ពួក​បុរស​ស្មោះ​ត្រង់​ទាំង​នេះ ​«​ជំនឿ​របស់​ក្រុម​ជំនុំ​នានា​កាន់​តែ​រឹង​មាំ ហើយ​ក្រុម​ជំនុំ​ទាំង​នោះ​ក៏​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​»។ (​សកម្ម. ១៦:៤, ៥​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​ទទួល​ពរ​ដែរ​ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង? យើង​អាច​ឆ្លើយ​សំណួរ​នោះ ដោយ​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ដឹក​នាំ​ទៅ​ស្រុក​ដែល​ព្រះ​បាន​សន្យា។

១១. នៅ​អ៊ីស្រាអែល​សម័យ​បុរាណ តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​បះ​បោរ​នឹង​ម៉ូសេ​ដែល​ជា​អ្នក​នាំ​មុខ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ នៅ​ពេល​មួយ​កាល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​សន្យា បុរស​ដែល​មាន​មុខ​មាត់​បាន​បះ​បោរប្រឆាំង​ម៉ូសេ​និង​តួ​នាទី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់។ ពួក​គេ​បាន​និយាយ​ថា​៖ ​«​ពួក​ជំនុំ​ទាំង​មូល​ក៏​បរិសុទ្ធ​[​មិន​គ្រាន់​តែ​ម៉ូសេ​ប៉ុណ្ណោះ​ទេ​] ហើយ​ព្រះ​យេហូវ៉ា​ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ​»។ (​ជប. ១៦:១​-​៣​) ទោះ​ជា​«​ពួក​ជំនុំ​ទាំង​មូល​»​គឺ​បរិសុទ្ធ​ពិត​មែន​តាម​ទស្សនៈ​របស់​ព្រះ​ក្ដី ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ម៉ូសេ​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។ (​ជប. ១៦:២៨​) តាម​ពិត ដោយ​រិះ​គន់​ម៉ូសេ ពួក​អ្នក​បះ​បោរ​នោះ​ក៏​រិះ​គន់​ព្រះ​យេហូវ៉ា​ដែរ។ ពួក​គេ​មិន​បាន​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​បាន​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​ពួក​គេ​ចង់​បាន ពោល​គឺ​អំណាច​និង​មុខ​មាត់​ច្រើន​ជាង។ ព្រះ​បាន​ប្រហារ​ពួក​អ្នក​នាំ​មុខ​ក្នុង​ការ​បះ​បោរ​នោះ ព្រម​ទាំង​ពួក​អ្នក​គាំទ្រ​ដែល​មាន​ចំនួន​រាប់​ពាន់​នាក់​ដែរ។ (​ជប. ១៦:៣០​-​៣៥, ៤១, ៤៩​) នៅ​សព្វ​ថ្ងៃ​នេះ យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ​នឹង​ពួក​អ្នក​ដែល​មើល​ងាយ​ការ​ណែនាំ​ពី​អង្គការ​របស់​លោក។

បើ​អ្នក​នៅ​ទី​នោះ តើ​អ្នក​នឹង​គាំទ្រ​អ្នក​ណា? ​(​សូម​មើល​វគ្គ​១១​)​


១២. ហេតុ​អ្វី​យើង​អាច​រក្សា​ទំនុក​ចិត្ត​លើ​អង្គការ​ព្រះ​យេហូវ៉ា?

១២ យើង​អាច​រក្សា​ទំនុក​ចិត្ត​របស់​យើង​លើ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ពេល​ដឹង​ច្បាស់​ថា​ត្រូវ​កែ​តម្រូវ​សេចក្ដី​បង្រៀន​ណា​មួយ​ពី​គម្ពីរ​ឬ​របៀប​រៀប​ចំ​នៃ​កិច្ច​ការ​រាជាណាចក្រ ពួក​អ្នក​ដែល​នាំ​មុខ​មិន​ស្ទាក់​ស្ទើរ​ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់​ទេ។ (​សុភ. ៤:១៨​) ពួក​គេ​ធ្វើ​ដូច្នេះ ដោយ​សារ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​លើស​ជាង​អ្វី​ណា​ទាំង​អស់។ ពួក​គេ​ក៏​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ​ដែល​ជា​គំរូ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទាំង​អស់​ត្រូវ​ធ្វើ​តាម។

១៣. តើ​អ្វី​ជា​«​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍​»​ ហើយ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​អ្វី​នោះ?

១៣«​ចូរ​កាន់​ខ្ជាប់​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍​»។ (​២ធី. ១:១៣​) ​«​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍​»​សំដៅ​លើ​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​សាសនិក​ដែល​មាន​នៅ​ក្នុង​គម្ពីរ។ (​យ៉ូន. ១៧:១៧​) សេចក្ដី​បង្រៀន​ទាំង​នេះ​គឺ​ជា​មូលដ្ឋាន​នៃ​អ្វី​ទាំង​អស់​ដែល​យើង​ជឿ។ អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​ឲ្យ​កាន់​ខ្ជាប់​តាម​គំរូ​នោះ។ ដរាប​ណា​យើង​ធ្វើ​ដូច្នេះ ដរាប​នោះ​យើង​នឹង​ទទួល​ពរ។

១៤. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ខ្លះ​លែង​កាន់​ខ្ជាប់​តាម​«​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍​»​?

១៤ តើ​អ្វី​អាច​កើត​ឡើង​បើ​យើង​ឈប់​កាន់​ខ្ជាប់​តាម​«​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍​»​? សូម​ពិចារណា​ឧទាហរណ៍​មួយ។ នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ខ្លះ​បាន​និយាយ​ត​ៗ​គ្នា​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់។ ប្រហែល​ជា​មាន​សំបុត្រ​មួយ​ដែល​គេ​គិត​ថា​ប៉ូល​បាន​សរសេរ​អំពី​រឿង​នេះ។ ដោយ​មិន​បាន​លៃ​ពេល​ដើម្បី​រក​មើល​ការ​ពិត គ្រិស្ត​សាសនិក​ខ្លះ​នៅ​ក្រុង​ថែស្សាឡូនិច​បាន​ជឿ​ពាក្យ​ចចាមអារ៉ាម​នោះ ហើយ​ថែម​ទាំង​បាន​ប្រាប់​ដល់​អ្នក​ឯ​ទៀត​ទៀត​ផង។ ពួក​គេ​នឹង​មិន​ចាញ់​បោក​ទេ បើ​ពួក​គេ​នឹក​ចាំ​អំពី​អ្វី​ដែល​ប៉ូល​បាន​បង្រៀន​ពួក​គេ​ពេល​គាត់​នៅ​ជា​មួយ​នឹង​ពួក​គេ។ (​២ថែ. ២:១​-​៥​) ប៉ូល​បាន​ជូន​យោបល់​បង​ប្អូន​មិន​ឲ្យ​ឆាប់​ជឿ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​បាន​ឮ។ ម្យ៉ាង​ទៀត ដើម្បី​ជួយ​ពួក​គេ​ទៅ​ថ្ងៃ​ក្រោយ​ទៀត ប៉ូល​បាន​បញ្ចប់​សំបុត្រ​ទី​២​របស់​គាត់​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​ដោយ​ពាក្យ​ថា​៖ ​«​ខ្ញុំ ប៉ូល សរសេរ​ពាក្យ​សួរ​សុខ​ទុក្ខ​នេះ​ដោយ​ផ្ទាល់​ដៃ នេះ​ជា​អក្សរ​ដែល​សម្គាល់​គ្រប់​សំបុត្រ​ទាំង​អស់​របស់​ខ្ញុំ។ នេះ​ជា​របៀប​ដែល​ខ្ញុំ​សរសេរ​»។—២ថែ ៣:១៧

១៥. តើ​យើង​អាច​ការ​ពារ​ខ្លួន​ពី​ពាក្យ​កុហក​ដែល​មើល​ទៅ​ដូច​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ តើ​យើង​រៀន​អ្វី​ពី​ពាក្យ​របស់​ប៉ូល​ដែល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច? ពេល​យើង​ឮ​អ្វី​មួយ​ដែល​មិន​ស្រប​នឹង​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ ឬ​ពេល​យើង​ឮ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល យើង​ត្រូវ​ប្រើ​សមត្ថភាព​វែក​ញែក។ នៅ​អតីត​សហភាព​សូវៀត សត្រូវ​របស់​យើង​ធ្លាប់​ផ្ញើ​សំបុត្រ​ដល់​បង​ប្អូន​ដែល​មើល​ទៅ​មក​ពី​មន្ទីរ​ចាត់​ការ​ពិភព​លោក។ សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ញែក​ខ្លួន ហើយ​បង្កើត​អង្គការ​ថ្មី​មួយ។ សំបុត្រ​នោះ​មើល​ទៅ​ដូច​ជា​សំបុត្រ​ផ្លូវ​ការ​ពិត​មែន។ ប៉ុន្តែ បង​ប្អូន​ដ៏​ស្មោះ​ត្រង់​មិន​បាន​ចាញ់​បោក​ទេ។ ពួក​គេ​យល់​ថា​ពាក្យ​នៅ​ក្នុង​សំបុត្រ​នោះ​មិន​ស្រប​នឹង​អ្វី​ដែល​ពួក​គេ​បាន​រៀន​ឡើយ។ នៅ​សព្វ​ថ្ងៃ​នេះ ជួន​កាល​សត្រូវ​នៃ​សេចក្ដី​ពិត​ប្រើ​អ្វី​ដូច​ជា​ប្រព័ន្ធ​អ៊ីនធឺណិត​និង​បណ្ដាញ​សង្គម ដើម្បី​ព្យាយាម​បំភាន់​និង​បំបាក់​បំបែក​យើង។ ជា​ជាង​«​ឲ្យ​ការ​វែក​ញែក​[​របស់​យើង​]​ងាយ​រង្គោះ​រង្គើ​»​ យើង​អាច​ការ​ពារ​ខ្លួន​ដោយ​ពិចារណា​ថា​អ្វី​ដែល​យើង​ឮ​ឬ​អ្វី​ដែល​យើង​អាន​គឺ​ស្រប​នឹង​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន​រួច​ហើយ​ឬ​យ៉ាង​ណា។—២ថែ. ២:២; ១យ៉ូន. ៤:១

សូម​កុំ​ចាញ់​បោក​ការ​ភូត​ភរ​ដែល​មើល​ទៅ​ដូច​ជា​ការ​ពិត ​(​សូម​មើល​វគ្គ​១៥​)​ a


១៦. យោង​ទៅ​តាម​រ៉ូម ១៦:១៧, ១៨ តើ​យើង​គួរ​ធ្វើ​អ្វី​បើ​អ្នក​ខ្លះ​ចែក​ចាយ​ព័ត៌មាន​ប្រឆាំង​សេចក្ដី​ពិត?

១៦ ចូរ​រក្សា​សាមគ្គីភាព​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ព្រះ​ចង់​ឲ្យ​យើង​មាន​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ យើង​នឹង​រក្សា​សាមគ្គីភាព​បាន ដរាប​ណា​យើង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត។ អ្នក​ណា​ដែល​ចែក​ចាយ​ព័ត៌មាន​បង្ខុស​សេចក្ដី​ពិត​បណ្ដាល​ឲ្យ​បែក​បាក់​គ្នា​ក្នុង​ក្រុម​ជំនុំ។ ដូច្នេះ ព្រះ​ព្រមាន​យើង​ឲ្យ​«​ជៀស​ចេញ​ពី​អ្នក​ទាំង​នោះ​»។ បើ​មិន​ដូច្នោះ​ទេ យើង​ផ្ទាល់​អាច​បែរ​ចេញ​ពី​សេចក្ដី​ពិត។—សូម​អាន រ៉ូម ១៦:១៧, ១៨

១៧. តើ​ការ​ចេះ​សម្គាល់​និង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​យ៉ាង​មុត​មាំ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា?

១៧ ពេល​យើង​ចេះ​សម្គាល់​សេចក្ដី​ពិត​និង​កាន់​ខ្ជាប់​សេចក្ដី​ពិត​នោះ​យ៉ាង​មុត​មាំ នោះ​យើង​នឹង​នៅ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​រក្សា​ជំនឿ​មាំ​មួន។ (​អេភ. ៤:១៥, ១៦​) យើង​នឹង​មិន​ចាញ់​បោក​ការ​ឃោសនា​និង​សេចក្ដី​បង្រៀន​មិន​ពិត​របស់​សាថាន​ទេ ហើយ​យើង​នឹង​បន្ត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ព្រះ​យេហូវ៉ា​ដោយ​មាន​សុវត្ថិភាព​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ សូម​កាន់​ខ្ជាប់​យ៉ាង​មុត​មាំ​នូវ​អ្វី​ដែល​ពិត ​«​ហើយ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​នឹង​នៅ​ជា​មួយ​នឹង​អ្នក​»។—ភី. ៤:៨, ៩

ចម្រៀង​លេខ​១២២ ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង!

a ការ​ពណ៌នា​អំពី​រូប​ភាព​៖ ការ​សម្ដែង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ច្រើន​ឆ្នាំ​មុន។ បង​ប្អូន​នៅ​សហភាព​សូវៀត​បាន​ទទួល​សំបុត្រ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មក​ពី​មន្ទីរ​ចាត់​ការ​ពិភព​លោក តែ​តាម​ការ​ពិត​គឺ​មក​ពី​សត្រូវ​របស់​យើង។ នៅ​សព្វ​ថ្ងៃ​នេះ សត្រូវ​របស់​យើង​ប្រហែល​ជា​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ចែក​ចាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​អំពី​អង្គការ​ព្រះ​យេហូវ៉ា។