លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៣០

ចម្រៀង​លេខ​៣៦ យើង​ការ​ពារ​ចិត្ត

មេ​រៀន​សំខាន់​ពី​ស្ដេច​ស្រុក​អ៊ីស្រាអែល

មេ​រៀន​សំខាន់​ពី​ស្ដេច​ស្រុក​អ៊ីស្រាអែល

«​អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត​នូវ​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត ហើយ​រវាង​អ្នក​ដែល​បម្រើ​ព្រះ​និង​អ្នក​ដែល​មិន​បម្រើ​ព្រះ​»។ម៉ាឡ. ៣:១៨

ចំណុច​ផ្ដោត

ការ​រៀន​អំពី​ស្ដេច​ស្រុក​អ៊ីស្រាអែល​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

១​-​២. តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​ស្ដេច​ខ្លះ​នៃ​ស្រុក​អ៊ីស្រាអែល?

 គម្ពីរ​បាន​រៀប​រាប់​អំពី​បុរស​ជាង​៤០​នាក់​ដែល​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល។ a កំណត់​ហេតុ​ផ្សេង​ៗ​ទាំង​នោះ​បាន​រៀប​រាប់​ត្រង់​ៗ​អំពី​អ្វី​ខ្លះ​ដែល​ស្ដេច​ទាំង​នោះ​បាន​ប្រព្រឹត្ត។ ជា​ឧទាហរណ៍ សូម្បី​តែ​ស្ដេច​ល្អ​ក៏​បាន​ប្រព្រឹត្ត​អាក្រក់​ខ្លះ​ដែរ។ សូម​គិត​អំពី​ស្ដេច​ដាវីឌ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដាវីឌ​អ្នក​បម្រើ​ខ្ញុំ . . . ដើរ​តាម​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជា​និច្ច​»។ (​១បស. ១៤:៨​) ប៉ុន្តែ គាត់​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី ហើយ​បាន​រៀប​ផែន​ការ​ធ្វើ​ឲ្យ​ប្ដី​របស់​ស្ត្រី​នោះ​ស្លាប់​នៅ​ក្នុង​សង្គ្រាម។—២សាំ. ១១:៤, ១៤, ១៥

ផ្ទុយ​ទៅ​វិញ ស្ដេច​មិន​ស្មោះ​ត្រង់​ជា​ច្រើន​រូប​បាន​ធ្វើ​ល្អ​ខ្លះ។ សូម​គិត​អំពី​រេហូបោម។ តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា គាត់​«​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​»។ (​២ប្រ. ១២:១៤​) ប៉ុន្តែ រេហូបោម​បាន​ធ្វើ​ល្អ​ខ្លះ​ដែរ។ ជា​ឧទាហរណ៍ គាត់​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ពេល​លោក​បាន​ប្រាប់​គាត់​មិន​ឲ្យ​ប្រយុទ្ធ​នឹង​កុលសម្ព័ន្ធ​១០​នៃ​អ៊ីស្រាអែល ហើយ​បាន​ទុក​ឲ្យ​ពួក​គេ​ជ្រើស​រើស​ស្ដេច​មួយ​រូប​ទៀត។ គាត់​ក៏​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជា​ជាតិ​របស់​គាត់​ដែរ ដោយ​ពង្រឹង​ក្រុង​នានា។—១បស. ១២:២១​-​២៤; ២ប្រ. ១១:៥​-​១២

៣. តើ​មាន​សំណួរ​សំខាន់​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

នេះ​នាំ​ឲ្យ​មាន​សំណួរ​សំខាន់​មួយ​ថា បើ​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ទាំង​ល្អ​ទាំង​អាក្រក់ តើ​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​យ៉ាង​ណា​ថា​ស្ដេច​មួយ​ណា​ស្មោះ​ត្រង់ ហើយ​ស្ដេច​មួយ​ណា​មិន​ស្មោះ​ត្រង់? ចម្លើយ​ចំពោះ​សំណួរ​នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ យើង​នឹង​ពិចារណា​កត្តា​បី​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ទំនង​ជា​បាន​យក​មក​ថ្លឹង​ថ្លែង​ដើម្បី​សម្រេច​ចិត្ត​ថា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ណា​គឺ​ល្អ​ឬ​អាក្រក់ ពោល​គឺ​ចិត្ត​របស់​ពួក​គេ ការ​ប្រែ​ចិត្ត​របស់​ពួក​គេ និង​ការ​កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត។

ពួក​គេ​មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា

៤. តើ​មាន​ភាព​ខុស​គ្នា​អ្វី​រវាង​ស្ដេច​ស្មោះ​ត្រង់​និង​ស្ដេច​មិន​ស្មោះ​ត្រង់?

ស្ដេច​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត បាន​គោរព​ប្រណិប័តន៍​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ b យេហូសាផាត​ដែល​ជា​ស្ដេច​ល្អ​បាន​«​ស្វែង​រក​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត​»។ (​២ប្រ. ២២:៩​) ម្យ៉ាង​ទៀត គម្ពីរ​ចែង​អំពី​យ៉ូសៀស​ថា​៖ ​«​មុន​នោះ គ្មាន​ស្ដេច​ណា​ដូច​យ៉ូសៀស ដែល​បាន​បែរ​មក​រក​ព្រះ​យេហូវ៉ា ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​»។ (​២បស. ២៣:២៥​) ចុះ​យ៉ាង​ណា​ស្ដេច​សាឡូម៉ូន​ដែល​បាន​ធ្វើ​ខុស​ពេល​គាត់​មាន​វ័យ​ចាស់? គម្ពីរ​ថា គាត់​«​មិន​ស្មោះ​ត្រង់ . . . ទាំង​ស្រុង​ទេ​»។ (​១បស. ១១:៤​) ម្យ៉ាង​វិញ​ទៀត ស្ដី​អំពី​ស្ដេច​មិន​ស្មោះ​ត្រង់​មួយ​រូប​ទៀត​គឺ​អាប៊ីយ៉ាម គម្ពីរ​ចែង​ថា​៖ ​«​អាប៊ីយ៉ាម​មិន​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា​»។—១បស. ១៥:៣

៥. សូម​ពន្យល់​អំពី​អត្ថន័យ​នៃ​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

តើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​មាន​ន័យ​យ៉ាង​ណា? បុគ្គល​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​មិន​គ្រាន់​តែ​បម្រើ​ព្រះ​ដោយ​សារ​នោះ​ជា​អ្វី​ដែល​គាត់​គួរ​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​គាត់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​គាត់​ស្រឡាញ់​និង​មាន​ភក្ដី​ភាព​ចំពោះ​លោក ហើយ​គាត់​បន្ដ​មាន​សេចក្ដី​ស្រឡាញ់​និង​ភក្ដី​ភាព​ចំពោះ​លោក​អស់​មួយ​ជីវិត។

៦. តើ​យើង​អាច​រក្សា​ចិត្ត​ស្មោះ​យ៉ាង​ដូច​ម្ដេច? (​សុភាសិត ៤:២៣; ម៉ាថាយ ៥:២៩, ៣០​)

តើ​យើង​អាច​យក​តម្រាប់​តាម​ស្ដេច​ស្មោះ​ត្រង់​និង​បន្ដ​មាន​ចិត្ត​ស្មោះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ជៀស​វាង​ពី​ឥទ្ធិពល​អាក្រក់។ ជា​ឧទាហរណ៍ ការ​កម្សាន្ត​មិន​ល្អ ការ​សេព​គប់​អាក្រក់ និង​ការ​គិត​ចង់​ធ្វើ​ជា​អ្នក​មាន អាច​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ពីរ។ បើ​យើង​កត់​សម្គាល់​ឃើញ​ថា​អ្វី​ណា​មួយ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ សូម​ចាត់​វិធានការ​បំបាត់​វា​ចោល​ភ្លាម​ៗ។—សូម​អាន សុភាសិត ៤:២៣; ម៉ាថាយ ៥:២៩, ៣០

៧. ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ជៀស​វាង​ពី​ឥទ្ធិពល​អាក្រក់?

យើង​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ពីរ​ទេ។ បើ​យើង​មិន​ប្រយ័ត្ន យើង​អាច​គិត​ថា​ដោយ​សារ​យើង​ជាប់​រវល់​បម្រើ​ព្រះ​យេហូវ៉ា យើង​នឹង​មិន​ទទួល​ឥទ្ធិពល​អាក្រក់​ឡើយ។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​អ្នក​សម្អាត​ផ្ទះ​នៅ​ថ្ងៃ​ដែល​មាន​ខ្យល់​បក់​ដី​ហុយ​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​មក អ្នក​បើក​បង្អួច​ចោល។ បើ​ដូច្នេះ ខ្យល់​នឹង​បក់​ធូលី​ដី​ចូល​ក្នុង​ផ្ទះ​ពេញ។ យើង​អាច​ប្រដូច​នេះ​ទៅ​នឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​មិន​គ្រាន់​តែ​ត្រូវ​ធ្វើ​អ្វី​ល្អ​ៗ​ដែល​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ ដូច​យើង​មិន​ចង់​ឲ្យ​ខ្យល់​កខ្វក់​ចូល​ក្នុង​ផ្ទះ​របស់​យើង យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មិន​អនុញ្ញាត​ឲ្យ​អ្វី​ណា​ក៏​ដោយ​ចូល​ក្នុង​ចិត្ត​យើង ដែល​អាច​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។—អេភ. ២:២

ពួក​គេ​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង

៨​-​៩. តើ​ស្ដេច​ដាវីឌ​និង​ស្ដេច​ហេសេគា​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ដែល​ពួក​គាត់​ទទួល​ការ​កែ​តម្រង់? (​សូម​មើល​រូប​ភាព​)

ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ស្ដេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ប៉ុន្តែ ពេល​អ្នក​ប្រកាស​ទំនាយ​ណាថាន់​បាន​ប្រាប់​គាត់​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ប្រព្រឹត្ត ដាវីឌ​បាន​ប្រែ​ចិត្ត​ដោយ​ចិត្ត​រាប​ទាប។ (​២សាំ. ១២:១៣​) ពាក្យ​របស់​ដាវីឌ​ដែល​បាន​កត់​ទុក​នៅ​ចម្រៀង​សរសើរ​ព្រះ ៥១ បង្ហាញ​ថា​គាត់​បាន​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ដាវីឌ​មិន​បាន​ធ្វើ​ពុត​ជា​សោក​ស្ដាយ​ដើម្បី​បោក​ណាថាន់​ឬ​ជៀស​វាង​ពី​ការ​ដាក់​ទោស​ទេ។—ចសព. ៥១:៣, ៤, ១៧, ពាក្យ​ផ្ដើម

ស្ដេច​ហេសេគា​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ​យេហូវ៉ា​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​គាត់​ចាប់​ផ្ដើម​មាន​អំណួត។ ហេតុ​នេះ ព្រះ​ខឹង​នឹង​គាត់ ព្រម​ទាំង​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ផង​ដែរ​»។ (​២ប្រ. ៣២:២៥​) ហេតុ​អ្វី​ហេសេគា​ចាប់​ផ្ដើម​មាន​អំណួត? ប្រហែល​ជា​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​មាន ជួយ​គាត់​ឲ្យ​ទទួល​ជ័យ​ជម្នះ​លើ​ជន​ជាតិ​អាស៊ីរី ឬ​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​អាច​នាំ​ឲ្យ​ស្លាប់។ ម្យ៉ាង​ទៀត ប្រហែល​ជា​ដោយ​សារ​គាត់​មាន​អំណួត ទើប​គាត់​បាន​បង្ហាញ​ទ្រព្យ​សម្បត្តិ​ដល់​ពួក​បាប៊ីឡូន ហើយ​នេះ​នាំ​ឲ្យ​គាត់​ទទួល​ការ​កែ​តម្រង់​ពី​អ្នក​ប្រកាស​ទំនាយ​អេសាយ។ (​២បស. ២០:១២​-​១៨​) ប៉ុន្តែ​ដូច​ដាវីឌ ហេសេគា​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ប្រែ​ចិត្ត។ (​២ប្រ. ៣២:២៦​) នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​ចាត់​ទុក​គាត់​ជា​ស្ដេច​ដែល​ស្មោះ​ត្រង់​ដែល​«​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»។—២បស. ១៨:៣

ស្ដេច​ដាវីឌ​និង​ស្ដេច​ហេសេគា​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ក្រោយ​ពី​បាន​ទទួល​ការ​កែ​តម្រង់​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន (​សូម​មើល​វគ្គ​៨​-​៩​)​


១០. តើ​ស្ដេច​អាម៉ាស៊ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ទទួល​ការ​កែ​តម្រង់?

១០ ខុស​ពី​ដាវីឌ​និង​ហេសេគា ស្ដេច​អាម៉ាស៊ា​នៃ​ស្រុក​យូដា​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ​«​តែ​មិន​ស្មោះ​អស់​ពី​ចិត្ត​ទេ​»។ (​២ប្រ. ២៥:២​) តើ​គាត់​បាន​ធ្វើ​ខុស​អ្វី? ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​លើ​ពួក​អេដំ អាម៉ាស៊ា​បាន​ក្រាប​គោរព​ចំពោះ​រូប​ព្រះ​របស់​ពួក​គេ។ c ក្រោយ​មក ពេល​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ជា​មួយ​គាត់​អំពី​រឿង​នេះ ស្ដេច​នោះ​មិន​ចង់​ស្ដាប់​ទាល់​តែ​សោះ ហើយ​បាន​ដេញ​គាត់​ចេញ។—២ប្រ. ២៥:១៤​-​១៦

១១. យោង​ទៅ​តាម​កូរិនថូស​ទី​២ ៧:៩, ១១ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​អភ័យ​ទោស? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ តើ​យើង​រៀន​អ្វី​ពី​គំរូ​ទាំង​នេះ? យើង​ត្រូវ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​យើង ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ដដែល​ៗ។ ចុះ​បើ​យើង​ទទួល​ឱវាទ​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ទោះ​ជា​យើង​គិត​ថា​នោះ​មិន​មែន​ជា​រឿង​ធ្ងន់​ធ្ងរ​ក្ដី? យើង​មិន​គួរ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង ឬ​ថា​អ្នក​ចាស់​ទុំ​មិន​ចូល​ចិត្ត​យើង​ទេ។ សូម្បី​តែ​ស្ដេច​ដ៏​ល្អ​នៃ​ស្រុក​អ៊ីស្រាអែល ក៏​ត្រូវ​ការ​ឱវាទ​និង​ការ​កែ​តម្រង់​ដែរ។ (​ហេ. ១២:៦​) ពេល​យើង​ទទួល​ការ​កែ​តម្រង់ យើង​គួរ​(​១​) ទទួល​យក​ដោយ​ចិត្ត​រាប​ទាប (​២​) ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់ និង​(​៣​) បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត។ បើ​យើង​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​យើង ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង។—សូម​អាន កូរិនថូស​ទី​២ ៧:៩, ១១

ពេល​យើង​ទទួល​ការ​កែ​តម្រង់ យើង​គួរ (​១​)​ ទទួល​យក​ដោយ​ចិត្ត​រាប​ទាប (​២​)​ ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់ និង​(​៣​)​ បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត ​(​សូម​មើល​វគ្គ​១១​)​ f


ពួក​គេ​កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត

១២. តើ​ស្ដេច​ស្មោះ​ត្រង់​និង​ស្ដេច​មិន​ស្មោះ​ត្រង់​ខុស​គ្នា​យ៉ាង​ខ្លាំង​ត្រង់​ចំណុច​ណា?

១២ ស្ដេច​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ស្មោះ​ត្រង់ កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​ពួក​គេ​ក៏​លើក​ទឹក​ចិត្ត​ប្រជា​រាស្ត្រ​របស់​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ ពិត​មែន​ដូច​ដែល​យើង​បាន​រៀន ពួក​គេ​បាន​ធ្វើ​ខុស​ផ្សេង​ៗ តែ​ពួក​គេ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ខំ​ព្យាយាម​បំបាត់​ចោល​រូប​ព្រះ​នៅ​ក្នុង​ស្រុក។ d

១៣. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ស្ដេច​អាហាប់​ថា​មិន​ស្មោះ​ត្រង់?

១៣ ចុះ​យ៉ាង​ណា​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​វិនិច្ឆ័យ​ថា​មិន​ស្មោះ​ត្រង់? ច្បាស់​ជា​មិន​មែន​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ​គឺ​អាក្រក់​ទេ។ សូម្បី​តែ​អាហាប់​ដែល​ជា​ស្ដេច​ទុច្ចរិត​បាន​ស្ដាយ​ក្រោយ​និង​មាន​ចិត្ត​រាប​ទាប​មួយ​កម្រិត​ចំពោះ​ការ​រួម​ចំណែក​ក្នុង​ការ​សម្លាប់​ណាបោត។ (​១បស. ២១:២៧​-​២៩​) គាត់​ក៏​បាន​សង់​ក្រុង​ផ្សេង​ៗ​និង​ទទួល​ជ័យ​ជម្នះ​យ៉ាង​ច្រើន​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែរ។ (​១បស. ២០:២១, ២៩; ២២:៣៩​) ប៉ុន្តែ​អាហាប់​បាន​ធ្វើ​អ្វី​ដ៏​អាក្រក់​យ៉ាង​ខ្លាំង។ ដោយ​ទទួល​ឥទ្ធិពល​ពី​ប្រពន្ធ​របស់​គាត់ គាត់​បាន​លើក​ស្ទួយ​ការ​គោរព​បូជា​រូប​ព្រះ។ គាត់​មិន​បាន​ប្រែ​ចិត្ត​ចំពោះ​អំពើ​ខុស​ឆ្គង​នោះ​ទេ។—១បស. ២១:២៥, ២៦

១៤. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចាត់​ទុក​ស្ដេច​រេហូបោម​ថា​មិន​ស្មោះ​ត្រង់? (​ខ​)​ តើ​ស្ដេច​មិន​ស្មោះ​ត្រង់​ភាគ​ច្រើន​បាន​ធ្វើ​ខុស​អ្វី?

១៤ សូម​គិត​អំពី​ស្ដេច​មិន​ស្មោះ​ត្រង់​មួយ​រូប​ទៀត គឺ​រេហូបោម។ ដូច​បាន​រៀប​រាប់​នៅ​ខាង​លើ គាត់​បាន​ធ្វើ​អ្វី​ល្អ​ជា​ច្រើន​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​គាត់។ ប៉ុន្តែ ពេល​អំណាច​គ្រប់​គ្រង​របស់​គាត់​ខ្លាំង​ក្លា​ឡើង គាត់​បាន​ឈប់​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ចាប់​ផ្ដើម​គោរព​បូជា​ព្រះ​មិន​ពិត។ (​២ប្រ. ១២:១​) ក្រោយ​ពី​នោះ គាត់​បាន​រេ​ចុះ​រេ​ឡើង​ចំពោះ​ការ​គោរព​ប្រណិប័តន៍ គឺ​គាត់​គោរព​ប្រណិប័តន៍​ពិត​ផង​និង​គោរព​ប្រណិប័តន៍​មិន​ពិត​ផង។ (​១បស. ១៤:២១​-​២៤​) មិន​មែន​មាន​តែ​ស្ដេច​រេហូបោម​និង​ស្ដេច​អាហាប់​ប៉ុណ្ណោះ​ទេ ដែល​បាន​បែរ​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត​ស្ដេច​មិន​ស្មោះ​ត្រង់​ភាគ​ច្រើន​បាន​គោរព​បូជា​ព្រះ​មិន​ពិត ហើយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ យើង​ឃើញ​ច្បាស់​ថា​ចំពោះ​ព្រះ​យេហូវ៉ា ការ​កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត​គឺ​ជា​កត្ដា​សំខាន់​ដើម្បី​បង្ហាញ​ថា​ស្ដេច​ណា​ល្អ​និង​ស្ដេច​ណា​អាក្រក់។

១៥. ហេតុ​អ្វី​ការ​កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត​គឺ​ជា​រឿង​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា?

១៥ ហេតុ​អ្វី​ការ​គោរព​ប្រណិប័តន៍​គឺ​ជា​រឿង​សំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា? មូលហេតុ​មួយ​គឺ​ដោយ​សារ​ស្ដេច​មាន​ភារកិច្ច​ណែនាំ​រាស្ត្រ​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ ម្យ៉ាង​ទៀត ពេល​មនុស្ស​គោរព​បូជា​ព្រះ​មិន​ពិត នេះ​ធ្វើ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត និង​ប្រព្រឹត្ត​យ៉ាង​អាក្រក់​លើ​អ្នក​ឯ​ទៀត។ (​ហូ. ៤:១, ២​) បន្ថែម​ទៅ​ទៀត ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ដូច្នេះ ពេល​ពួក​គេ​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​គោរព​បូជា​ព្រះ​មិន​ពិត គម្ពីរ​រៀប​រាប់​ថា​នេះ​ហាក់​ដូច​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ (​យេ. ៣:៨, ៩​) បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ធ្វើ​ឲ្យ​គូ​ខ្លួន​ខ្ទេច​ខ្ទាំ​ចិត្ត​យ៉ាង​ខ្លាំង។ ស្រដៀង​គ្នា​ដែរ អ្នក​បម្រើ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​រួច​ហើយ ដែល​មិន​រក្សា​ចិត្ត​ស្មោះ​ចំពោះ​លោក​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ eបច. ៤:២៣, ២៤

១៦. តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា តើ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ខុស​ពី​មនុស្ស​ទុច្ចរិត?

១៦ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី? យើង​ច្បាស់​ជា​ត្រូវ​តាំង​ចិត្ត​ជៀស​វាង​ពី​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ ប៉ុន្តែ យើង​ក៏​ត្រូវ​កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត​និង​បន្ដ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​លោក​ដែរ។ អ្នក​ប្រកាស​ទំនាយ​ម៉ាឡាគី​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់។ គាត់​បាន​សរសេរ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត​នូវ​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត ហើយ​រវាង​អ្នក​ដែល​បម្រើ​ព្រះ​និង​អ្នក​ដែល​មិន​បម្រើ​ព្រះ​»។ (​ម៉ាឡ. ៣:១៨​) ហេតុ​នេះ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្វី​ណា​ក៏​ដោយ​សូម្បី​តែ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​កំហុស​របស់​យើង ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​រហូត​ដល់​យើង​ឈប់​បម្រើ​ព្រះ​ទេ។ ការ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។

១៧. ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍?

១៧ បើ​អ្នក​នៅ​លីវ ហើយ​គិត​អំពី​ការ​រៀប​ការ ពាក្យ​របស់​ម៉ាឡាគី​អាច​ជួយ​អ្នក​ឲ្យ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​ត្រឹម​ត្រូវ។ អ្នក​ប្រហែល​ជា​ឃើញ​ថា​បុគ្គល​ម្នាក់​មាន​គុណ​សម្បត្តិ​ខ្លះ ប៉ុន្តែ​បើ​បុគ្គល​នោះ​មិន​បម្រើ​ព្រះ​យេហូវ៉ា តើ​លោក​ចាត់​ទុក​គាត់​ជា​បុគ្គល​សុចរិត​ឬ​ទេ? (​២កូ. ៦:១៤​) បើ​អ្នក​រៀប​ការ​ជា​មួយ​បុគ្គល​នោះ តើ​គាត់​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​គិត​អំពី​នេះ​៖ ប្រពន្ធ​របស់​ស្ដេច​សាឡូម៉ូន​ប្រហែល​ជា​មាន​គុណ​សម្បត្តិ​ខ្លះ ប៉ុន្តែ​ពួក​គេ​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ ហើយ​បន្តិច​ម្ដង​ៗ​ពួក​គេ​បាន​បង្វែរ​ចិត្ត​សាឡូម៉ូន​ឲ្យ​គោរព​បូជា​ព្រះ​មិន​ពិត។—១បស. ១១:១,

១៨. តើ​ឪពុក​ម្ដាយ​គួរ​បង្រៀន​អ្វី​ដល់​កូន​របស់​ពួក​គេ?

១៨ ឪពុក​ម្ដាយ​ទាំង​ឡាយ អ្នក​អាច​ប្រើ​កំណត់​ហេតុ​ផ្សេង​ៗ​អំពី​បណ្ដា​ស្ដេច​ក្នុង​គម្ពីរ​ដើម្បី​ជួយ​កូន​ឲ្យ​បណ្ដុះ​បំណង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា។ សូម​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គឺ​ជា​ស្ដេច​ដែល​គោរព​ប្រណិប័តន៍​លោក ហើយ​លើក​ទឹក​ចិត្ត​បណ្ដា​ជន​ឲ្យ​គោរព​ប្រណិប័តន៍​លោក​ដែរ។ សូម​បង្រៀន​កូន​តាម​រយៈ​ពាក្យ​សម្ដី​និង​គំរូ​របស់​អ្នក​ថា​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដូច​ជា​សិក្សា​គម្ពីរ ចូល​រួម​កិច្ច​ប្រជុំ និង​ផ្សព្វ​ផ្សាយ​គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត។ (​ម៉ាថ. ៦:៣៣​) បើ​មិន​ធ្វើ​ដូច្នោះ​ទេ កូន​របស់​អ្នក​ប្រហែល​ជា​សន្និដ្ឋាន​ថា​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​គ្រាន់​តែ​ជា​សាសនា​ឪពុក​ម្ដាយ​ប៉ុណ្ណោះ។ ជា​លទ្ធផល​ពួក​គេ​ប្រហែល​ជា​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ពិត​ថា​ជា​រឿង​បន្ទាប់​បន្សំ ឬ​ក៏​ឈប់​បម្រើ​ព្រះ​តែ​ម្ដង។

១៩. តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​ចំពោះ​បុគ្គល​ដែល​ឈប់​បម្រើ​ព្រះ​យេហូវ៉ា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ អ្នក​អាច​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ!​»​)

១៩ បើ​បុគ្គល​ម្នាក់​បាន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា តើ​នេះ​មាន​ន័យ​ថា​គ្មាន​សង្ឃឹម​ចំពោះ​គាត់​ឬ​ទេ? មិន​មែន​ទេ ដោយ​សារ​គាត់​អាច​ប្រែ​ចិត្ត ហើយ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ដើម្បី​ធ្វើ​ដូច្នេះ គាត់​ត្រូវ​មាន​ចិត្ត​រាប​ទាប ហើយ​ទទួល​យក​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​យ៉ា. ៥:១៤​) ការ​ខំ​ប្រឹង​ទៅ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​គឺ​នាំ​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​ណាស់!

២០. បើ​យើង​យក​តម្រាប់​តាម​ស្ដេច​ដ៏​ស្មោះ​ត្រង់ តើ​ព្រះ​យេហូវ៉ា​នឹង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​យើង?

២០ តើ​យើង​បាន​ទាញ​មេ​រៀន​អ្វី​ពី​ស្ដេច​ស្រុក​អ៊ីស្រាអែល? យើង​អាច​ដូច​ជា​ស្ដេច​ស្មោះ​ត្រង់ បើ​យើង​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​យើង​រៀន​ពី​កំហុស​របស់​យើង ប្រែ​ចិត្ត និង​កែ​តម្រូវ​អ្វី​ដែល​ចាំ​បាច់។ ម្យ៉ាង​ទៀត សូម​យើង​ចាំ​អំពី​សារៈ​សំខាន់​នៃ​ការ​កាន់​ខ្ជាប់​តាម​ការ​គោរព​ប្រណិប័តន៍​ព្រះ​ពិត​តែ​មួយ។ បើ​អ្នក​បន្ដ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា លោក​នឹង​ចាត់​ទុក​អ្នក​ថា​ជា​បុគ្គល​ដែល​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត។

ចម្រៀង​លេខ​៤៥ ការ​រំពឹង​គិត​ក្នុង​ចិត្ត

a នៅ​ក្នុង​អត្ថបទ​នេះ ពាក្យ​«​ស្ដេច​ស្រុក​អ៊ីស្រាអែល​»​សំដៅ​លើ​ស្ដេច​ទាំង​អស់​ដែល​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា មិន​ថា​ពួក​គេ​គ្រប់​គ្រង​លើ​កុលសម្ព័ន្ធ​២​នៃ​រាជាណាចក្រ​យូដា កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល ឬ​កុលសម្ព័ន្ធ​ទាំង​១២។

b ការ​ពន្យល់​ពាក្យ​៖ គម្ពីរ​ច្រើន​តែ​ប្រើ​ពាក្យ​«​ចិត្ត​»​ដើម្បី​សំដៅ​លើ​ធាតុ​ពិត​របស់​បុគ្គល​ម្នាក់។ នេះ​រួម​បញ្ចូល​អ្វី​ដែល​យើង​គិត បំណង​ប្រាថ្នា ចិត្ត​គំនិត និង​បំណង​ចិត្ត​របស់​យើង​ចំពោះ​ការ​ធ្វើ​អ្វី​មួយ ព្រម​ទាំង​គោល​ដៅ​ដែល​យើង​ចង់​សម្រេច។

c នៅ​សម័យ​នោះ ស្ដេច​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​តែ​គោរព​បូជា​ព្រះ​របស់​ប្រជា​ជាតិ​ដែល​ពួក​គេ​បាន​វាយ​ឈ្នះ។

d ស្ដេច​អេសា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ផ្សេង​ៗ។ (​២ប្រ. ១៦:៧, ១០​) ប៉ុន្តែ គម្ពីរ​ចែង​ថា​គាត់​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ ទោះ​ជា​ដំបូង​គាត់​មិន​បាន​ស្ដាប់​តាម​ការ​កែ​តម្រង់​ពី​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ក្ដី ប្រហែល​ជា​ក្រោយ​មក​គាត់​បាន​ប្រែ​ចិត្ត។ ព្រះ​យេហូវ៉ា​ឃើញ​ចំណុច​ល្អ​របស់​គាត់​ច្រើន​ជាង​ចំណុច​មិន​ល្អ។ គួរ​ឲ្យ​កត់​សម្គាល់ អេសា​បាន​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ហើយ​ព្យាយាម​បំបាត់​ចោល​ការ​គោរព​បូជា​រូប​ព្រះ​ក្នុង​រាជាណាចក្រ​របស់​គាត់។—១បស. ១៥:១១​-​១៣; ២ប្រ. ១៤:២​-​៥

e គួរ​ឲ្យ​កត់​សម្គាល់ បញ្ញត្តិ​ពីរ​ដំបូង​ក្នុង​ច្បាប់​ម៉ូសេ​បាន​ហាម​គោរព​ប្រណិប័តន៍​អ្នក​ណា​ក៏​ដោយ​ឬ​អ្វី​ណា​ក៏​ដោយ ក្រៅ​ពី​ព្រះ​យេហូវ៉ា។—ដច. ២០:១​-​៦

f ការ​ពណ៌នា​អំពី​រូប​ភាព​៖ អ្នក​ចាស់​ទុំ​វ័យ​ក្មេង​ម្នាក់​ប្រាប់​អំពី​ការ​បារម្ភ​របស់​គាត់​ចំពោះ​ទម្លាប់​ផឹក​ស្រា​របស់​បង​ប្រុស​ម្នាក់។ បង​ប្រុស​ម្នាក់​នោះ​ទទួល​យក​ឱវាទ​នោះ​ដោយ​ចិត្ត​រាប​ទាប ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់ និង​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់។