អត្ថបទសិក្សា៣៩
ចូរបង្ហាញថាអ្នកខ្លាំងក្លាដោយមានចិត្តស្លូតបូត
«ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់»។—២ធី. ២:២៤
ចម្រៀងលេខ១២០ ចូរមានចិត្តស្លូតបូតដូចគ្រិស្ត
សេចក្ដីសង្ខេប a
១. តើគេប្រហែលជាសួរយើងអំពីអ្វីនៅកន្លែងធ្វើការឬនៅសាលា?
តើអ្នកមានអារម្មណ៍យ៉ាងណាពេលអ្នករួមការងារឬសិស្សរួមថ្នាក់ សួរអ្នកអំពីជំនឿរបស់អ្នក? តើអ្នកភ័យខ្លាចទេ? យើងភាគច្រើនមានអារម្មណ៍ដូចនេះ។ ប៉ុន្តែ សំណួរបែបនេះអាចជួយយើងឲ្យយល់អ្វីដែលបុគ្គលនោះពិតជាជឿឬរបៀបគិតគូររបស់គាត់ ហើយផ្ដល់ឱកាសឲ្យយើងប្រាប់ដំណឹងល្អ។ តែជួនកាល បុគ្គលណាម្នាក់ប្រហែលជាលើកសំណួរដោយសារគាត់មិនយល់ស្របនឹងយើង ឬចង់ឈ្លោះប្រកែកជាមួយយើង។ នេះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ ដោយសារអ្នកខ្លះបានឮព័ត៌មានមិនត្រឹមត្រូវអំពីជំនឿរបស់យើង។ (សកម្ម. ២៨:២២) បន្ថែមទៅទៀត យើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ជាគ្រាដែលមនុស្សជាច្រើន«មិនព្រមស្រុះស្រួលគ្នា» ហើយថែមទាំង«កាចសាហាវ»ផងដែរ។—២ធី. ៣:១, ៣
២. ហេតុអ្វីយើងចង់បង្ហាញចិត្តស្លូតបូត?
២ អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចរក្សាចិត្តស្ងប់និងមិនធ្វើឲ្យអ្នកឯទៀតទើសចិត្តយ៉ាងដូចម្ដេច ពេលមើលទៅគេចង់ឈ្លោះប្រកែកជាមួយខ្ញុំអំពីជំនឿរបស់ខ្ញុំ?›។ តើអ្វីនឹងជួយអ្នក? គឺចិត្តស្លូតបូត។ បុគ្គលដែលមានចិត្តស្លូតបូតអាចរក្សាចិត្តស្ងប់ពេលគេធ្វើអ្វីដែលអាចនាំឲ្យគាត់ខឹង ឬពេលគាត់មិនដឹងតបឆ្លើយយ៉ាងណា។ (សុភ. ១៦:៣២) ប៉ុន្តែ អ្នកប្រហែលជាមានអារម្មណ៍ថា និយាយស្រួលជាងធ្វើ។ តើអ្នកអាចបណ្ដុះឲ្យមានចិត្តស្លូតបូតយ៉ាងដូចម្ដេច? តើតាមរបៀបណាអ្នកអាចតបដោយស្លូតបូតពេលបុគ្គលណាម្នាក់និយាយជំទាស់អំពីជំនឿរបស់អ្នក? ម្យ៉ាងទៀត បើអ្នកជាឪពុកម្ដាយ តើអ្នកអាចជួយកូនរបស់អ្នកឲ្យរៀនអំពីរបៀបនិយាយការពារជំនឿរបស់ពួកគេដោយចិត្តស្លូតបូតយ៉ាងដូចម្ដេច? សូមយើងរកចម្លើយចំពោះសំណួរទាំងនេះ។
របៀបបណ្ដុះឲ្យមានចិត្តស្លូតបូត
៣. ហេតុអ្វីយើងអាចនិយាយថាចិត្តស្លូតបូតគឺជាភាពខ្លាំងក្លា មិនមែនជាភាពទន់ខ្សោយ? (ធីម៉ូថេទី២ ២:២៤, ២៥)
៣ បុគ្គលដែលមានចិត្តស្លូតបូតគឺខ្លាំងក្លា មិនមែនទន់ខ្សោយទេ។ ការរក្សាចិត្តស្ងប់ពេលជួបស្ថានភាពពិបាកតម្រូវឲ្យមានភាពរឹងមាំ។ ចិត្តស្លូតបូតជាគុណសម្បត្តិមួយនៃ«ផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ»។ (កាឡ. ៥:២២, ២៣) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ចិត្តស្លូតបូត» ជួនកាលបានត្រូវប្រើដើម្បីរៀបរាប់អំពីសេះព្រៃដែលបានត្រូវគេផ្សាំ។ សូមស្រមៃគិតអំពីសេះព្រៃដែលទៅជាស្លូត។ ទោះជាឥឡូវវាស្លូតក្ដី សេះនោះនៅតែមានកម្លាំងខ្លាំងក្លា។ តើតាមរបៀបណាយើងអាចបណ្ដុះឲ្យមានចិត្តស្លូតបូត ហើយនៅដំណាលគ្នានោះមានភាពខ្លាំងក្លា? យើងមិនអាចធ្វើដូច្នេះដោយខ្លួនឯងបានទេ។ យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាសុំឫទ្ធានុភាពរបស់លោកដើម្បីលោកអាចជួយយើងឲ្យមានគុណសម្បត្តិដ៏ថ្លៃថ្លានេះ។ មានមនុស្សជាច្រើនបានរៀនឲ្យមានចិត្តស្លូតបូត។ ជាឧទាហរណ៍ បងប្អូនជាច្រើននាក់របស់យើងបានប្រព្រឹត្តដោយស្លូតបូតពេលមនុស្សព្យាយាមឈ្លោះប្រកែកជាមួយពួកគេ ហើយនេះបានជួយអ្នកឯទៀតឲ្យមានទស្សនៈល្អជាងចំពោះសាក្សី។ (សូមអាន ធីម៉ូថេទី២ ២:២៤, ២៥) តើអ្នកអាចធ្វើឲ្យចិត្តស្លូតបូតទៅជាភាពខ្លាំងរបស់អ្នកយ៉ាងដូចម្ដេច?
៤. តើយើងអាចរៀនអ្វីពីគំរូរបស់អ៊ីសាកអំពីចិត្តស្លូតបូត?
៤ គម្ពីរមានកំណត់ហេតុជាច្រើនដែលលើកបញ្ជាក់អំពីតម្លៃនៃការមានចិត្តស្លូតបូត។ សូមគិតអំពីគំរូរបស់អ៊ីសាក។ ពេលគាត់រស់នៅស្រុកភីលីស្ទីននាតំបន់ខេរ៉ា អ្នកជិតខាងដែលមានចិត្តច្រណែនបានលុបអណ្ដូងដែលអ្នកបម្រើរបស់ឪពុកគាត់បានជីក។ ជាជាងតតាំងដើម្បីរក្សាអណ្ដូងនោះ អ៊ីសាកបាននាំពួកអ្នកផ្ទះរបស់គាត់រើទៅកន្លែងឆ្ងាយជាង ហើយជីកអណ្ដូងផ្សេងទៀត។ (ដក. ២៦:១២-១៨) ប៉ុន្តែ ពួកភីលីស្ទីនបានអះអាងថាទឹកពីអណ្ដូងក្នុងតំបន់នេះក៏ជារបស់ពួកគេដែរ។ ទោះជាយ៉ាងនេះក្ដី អ៊ីសាកបានប្រព្រឹត្តដោយសន្តិភាព។ (ដក. ២៦:១៩-២៥) តើអ្វីបានជួយគាត់ឲ្យរក្សាចិត្តស្លូតបូត ទោះជាពេលដែលអ្នកឯទៀតមើលទៅចង់ធ្វើឲ្យគាត់ខឹងក្ដី? គាត់ច្បាស់ជាបានសង្កេតមើលគំរូរបស់ឪពុកម្ដាយគាត់ ដោយរៀនច្រើនពីរបៀបដែលអាប្រាហាំធ្វើឲ្យមានសន្តិភាព ព្រមទាំងពី«ចិត្តស្ងៀមស្ងាត់និងស្លូតបូត»របស់សារ៉ា។—១ពេ. ៣:៤-៦; ដក. ២១:២២-៣៤
៥. តើគំរូអ្វីបង្ហាញថាឪពុកម្ដាយគ្រិស្តសាសនិកអាចបង្រៀនកូនអំពីតម្លៃនៃចិត្តស្លូតបូត?
៥ ឪពុកម្ដាយជាគ្រិស្តសាសនិក សូមជឿជាក់ថាអ្នកក៏អាចបង្រៀនកូនរបស់អ្នកអំពីតម្លៃនៃការមានចិត្តស្លូតបូត។ សូមគិតអំពីគំរូរបស់ប្អូនប្រុសម៉ាកសុនដែលមានអាយុ១៧ឆ្នាំ។ គាត់ត្រូវប្រឈមមុខនឹងមនុស្សដែលឆាប់ខឹងនៅសាលានិងក្នុងកិច្ចបម្រើផ្សាយ។ ដោយចិត្តអត់ធ្មត់ ឪពុកម្ដាយរបស់គាត់បានជួយគាត់ឲ្យមានចិត្តស្លូតបូត។ ពួកគេនិយាយថា៖ «ឥឡូវ ម៉ាកសុនបានយល់ថាពេលគេធ្វើអ្វីដែលអាចនាំឲ្យខឹង គឺត្រូវការភាពអង់អាចខ្លាំងជាងដើម្បីទប់ចិត្តជាជាងប្រព្រឹត្តតបតដោយកំហឹងឬដោយហិង្សា»។ គួរឲ្យសប្បាយណាស់ ប្អូនម៉ាកសុនបានរៀនឲ្យទៅជាបុគ្គលដែលមានចិត្តស្លូតបូត។
៦. តើការអធិដ្ឋានអាចជួយយើងយ៉ាងណាឲ្យបង្ហាញចិត្តស្លូតបូតបានល្អប្រសើរជាង?
៦ តើយើងអាចធ្វើអ្វីពេលយើងជួបនឹងស្ថានភាពដែលអាចនាំឲ្យយើងខឹង ដូចជាពេលនរណាម្នាក់បង្អាប់ព្រះរបស់យើង ឬសើចចំអកគម្ពីរ? យើងគួរសុំព្រះយេហូវ៉ាឲ្យផ្ដល់ឫទ្ធានុភាពនិងប្រាជ្ញារបស់លោកដើម្បីបង្ហាញចិត្តស្លូតបូត។ ប៉ុន្តែចុះយ៉ាងណាបើក្រោយមកយើងទទួលស្គាល់ថាយើងមិនបានតបឆ្លើយយ៉ាងល្អដូចដែលយើងគួរធ្វើ? យើងអាចអធិដ្ឋានម្ដងទៀតអំពីរឿងនេះ ហើយគិតអំពីរបៀបដែលយើងអាចធ្វើឲ្យបានល្អជាងនៅលើកក្រោយ។ យ៉ាងនេះ ព្រះយេហូវ៉ានឹងផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់យើងដើម្បីយើងអាចគ្រប់គ្រងកំហឹងនិងបង្ហាញចិត្តស្លូតបូត។
៧. តើការទន្ទេញចាំបទគម្ពីរខ្លះអាចជួយយើងឲ្យគ្រប់គ្រងពាក្យសម្ដីនិងប្រតិកម្មរបស់យើងយ៉ាងដូចម្ដេច? (សុភាសិត ១៥:១, ១៨)
៧ ខគម្ពីរខ្លះអាចជួយយើងឲ្យគ្រប់គ្រងពាក្យសម្ដីពេលប្រឈមមុខនឹងស្ថានភាពដែលពិបាក។ ឫទ្ធានុភាពរបស់ព្រះអាចជួយយើងឲ្យនឹកឃើញខគម្ពីរទាំងនោះ។ (យ៉ូន. ១៤:២៦) ជា ឧទាហរណ៍ គោលការណ៍នៅសៀវភៅសុភាសិតអាចជួយយើងឲ្យមានចិត្តស្លូតបូត។ (សូមអាន សុភាសិត ១៥:១, ១៨) សៀវភៅនោះក៏ប្រាប់អំពីប្រយោជន៍ដែលមកពីការគ្រប់គ្រងអារម្មណ៍ក្នុងស្ថានភាពដ៏តានតឹង។—សុភ. ១០:១៩; ១៧:២៧; ២១:២៣; ២៥:១៥
របៀបដែលការយល់ធ្លុះជ្រៅជួយយើងឲ្យមានចិត្តស្លូតបូត
៨. ហេតុអ្វីយើងគួរគិតអំពីមូលហេតុដែលប្រហែលជានាំឲ្យបុគ្គលណាម្នាក់សួរអំពីជំនឿរបស់យើង?
៨ ការយល់ធ្លុះជ្រៅក៏អាចជួយយើងដែរ។ (សុភ. ១៩:១១) បុគ្គលដែលមានការយល់ធ្លុះជ្រៅចេះទប់ចិត្តពេលគេជំទាស់អំពីជំនឿរបស់គាត់។ សំណួរឬការជំទាស់ខ្លះប្រៀបដូចជាផ្ទាំងទឹកកកលើផ្ទៃទឹក ដែលមានផ្នែកខាងក្រោមធំជាងផ្នែកខាងលើ។ ជាឧទាហរណ៍ បំណងចិត្តឬការព្រួយបារម្ភណាមួយដែលបុគ្គលម្នាក់លាក់ទុកក្នុងចិត្ត ប្រហែលជាជំរុញចិត្តគាត់ឲ្យសួរសំណួរ។ ដូច្នេះមុនឆ្លើយ គឺជាការល្អឲ្យយើងទទួលស្គាល់ថាយើងប្រហែលជាមិនដឹងអ្វីដែលបានជំរុញចិត្តបុគ្គលនោះឲ្យសួរសំណួរទេ។—សុភ. ១៦:២៣
៩. តើគេឌានបានបង្ហាញការយល់ធ្លុះជ្រៅនិងចិត្តស្លូតបូតយ៉ាងដូចម្ដេច ក្នុងការប្រព្រឹត្តចំពោះពួកបុរសពីកុលសម្ព័ន្ធអេប្រាអ៊ីម?
៩ សូមគិតអំពីរបៀបដែលគេឌានបានតបឆ្លើយទៅពួកបុរសពីកុលសម្ព័ន្ធអេប្រាអ៊ីម។ ពួកគេបានសួរគាត់ទាំងខឹងថា ហេតុអ្វីគាត់មិនហៅពួកគេមុននោះឲ្យចូលរួមជាមួយគាត់ក្នុងការច្បាំងនឹងពួកសត្រូវរបស់អ៊ីស្រាអែល។ តើមានមូលហេតុអ្វី ដែលពួកគេខឹងយ៉ាងខ្លាំង? តើនោះគឺដោយសារតែពួកគេប្រហែលជាមានអារម្មណ៍ថាពួកគេបាក់មុខឬ? មិនថាមានមូលហេតុអ្វីក៏ដោយ គេឌានបានបង្ហាញការយល់ធ្លុះជ្រៅ។ គាត់បានព្យាយាមយល់មូលហេតុដែលពួកគេទើសចិត្ត ហើយបានតបឆ្លើយទៅពួកគេដោយស្លូតបូត។ តើមានលទ្ធផលអ្វី? គម្ពីរចែងថា៖ «ពេលឮគាត់និយាយបែបនេះ ពួកគេក៏ត្រជាក់ចិត្តវិញ»។—អសក. ៨:១-៣
១០. តើអ្វីនឹងជួយយើងឲ្យដឹងអំពីរបៀបឆ្លើយតបចំពោះពួកអ្នកដែលសួរអំពីជំនឿរបស់យើង? (ពេត្រុសទី១ ៣:១៥)
១០ ប្រហែលជាអ្នករួមការងារឬសិស្សរួមថ្នាក់សួរយើងអំពីមូលហេតុដែលយើងរស់នៅស្របតាមខ្នាតតម្រាពីគម្ពីរ។ យើងនឹងខំអស់ពីសមត្ថភាពដើម្បីនិយាយការពារជំនឿរបស់យើង ហើយដំណាលគ្នានោះបង្ហាញការគោរពចំពោះទស្សនៈរបស់អ្នកស្ដាប់។ (សូមអាន ពេត្រុសទី១ ៣:១៥) ដូច្នេះ ជាជាងគិតថាសំណួររបស់គាត់កំពុងរិះគន់អ្នក សូមគិតអំពីរបៀបដែលសំណួរនោះអាចជួយអ្នកឲ្យរៀនអំពីអ្វីដែលសំខាន់ចំពោះគាត់។ ទោះជាបុគ្គលណាម្នាក់សួរសំណួរសម្រាប់មូលហេតុអ្វីណាក្ដី ជាការល្អឲ្យយើងតបឆ្លើយដោយសប្បុរសនិងដោយសុភាព។ យ៉ាងនេះ ចម្លើយរបស់យើងប្រហែលជាជំរុញចិត្តគាត់ឲ្យគិតថែមទៀតអំពីទស្សនៈរបស់គាត់។ ទោះជារបៀបនិយាយរបស់គាត់ស្ដាប់ទៅឈ្លើយឬចំអកក្ដី គោលដៅរបស់យើងគួរតែតបឆ្លើយដោយសប្បុរស។—រ៉ូម ១២:១៧
១១-១២. (ក) តើយើងអាចគិតអំពីអ្វីមុនឆ្លើយសំណួរពិបាក? (សូមមើលរូបភាពផងដែរ) (ខ) សូមលើកឧទាហរណ៍ដែលបង្ហាញថាការសួរសំណួរអាចបើកឱកាសឲ្យមានការសន្ទនា។
១១ ជាឧទាហរណ៍ បើអ្នករួមការងារម្នាក់សួរអំពីមូលហេតុដែលយើងមិនធ្វើពិធីខួបកំណើត សូមគិតថា៖ តើគាត់កំពុងឆ្ងល់ថាតើយើងមិនបានត្រូវអនុញ្ញាតឲ្យមានពេលសប្បាយរីករាយឬ? ឬក៏តើគាត់ប្រហែលជាមានអារម្មណ៍ថាដោយសារយើងមិនធ្វើបុណ្យខួបកំណើត យើងនឹងបង្ខូចបរិយាកាសក្នុងចំណោមអ្នករួមការងារឬ? ដំបូង យើងប្រហែលជាអាចសរសើរអ្នករួមការងារនោះដែលគាត់ចេះយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ រួចមកយើងអាចពង្រឹងទំនុកចិត្តគាត់ថាយើងក៏ចង់មានបរិយាកាសល្អនៅកន្លែងធ្វើការដែរ។ ការធ្វើដូច្នេះអាចបើកឱកាសឲ្យមានការសន្ទនាដ៏ល្អអំពីអ្វីដែលគម្ពីរចែងស្ដីអំពីបុណ្យខួបកំណើត។
១២ យើងអាចធ្វើអ្វីស្រដៀងនឹងនេះពេលបុគ្គលណាម្នាក់សួរយើងនូវសំណួរពិបាកផ្សេងទៀត។ ជាឧទាហរណ៍ សិស្សរួមថ្នាក់ប្រហែលជានិយាយថាសាក្សីព្រះយេហូវ៉ាគួរផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីការស្រឡាញ់ភេទដូចគ្នា។ តើនោះបង្ហាញថាបុគ្គលនោះភាន់ច្រឡំអំពីសាក្សីព្រះយេហូវ៉ាឬ? ឬតើគាត់មានមិត្តភក្ដិឬសាច់ញាតិដែលស្រឡាញ់ភេទដូចគ្នា? តើគាត់សន្និដ្ឋានថាយើងស្អប់មនុស្សដែលមានរបៀបរស់នៅបែបនេះឬ? យើងប្រហែលជាត្រូវជួយគាត់ឲ្យយល់ថាយើងយកចិត្តទុកដាក់ចំពោះមនុស្សទាំងអស់ ហើយថាយើងគោរពសិទ្ធិរបស់បុគ្គលម្នាក់ៗឲ្យសម្រេចចិត្តផ្ទាល់ខ្លួន។ b (១ពេ. ២:១៧) បន្ទាប់មក យើងប្រហែលជាអាចលើកបញ្ជាក់អំពីរបៀបដែលខ្នាតតម្រាសីលធម៌ពីគម្ពីរជួយយើងឲ្យមានជីវិតល្អប្រសើរជាង។
១៣. តើអ្នកអាចជួយបុគ្គលដែលគិតថាការជឿទៅលើព្រះគឺគួរឲ្យអស់សំណើចតាមរបៀបណា?
១៣ ពេលនិយាយជាមួយបុគ្គលដែលប្រកាន់ទស្សនៈខ្លួន យើងមិនគួរឆាប់សន្និដ្ឋានថាយើងដឹងអំពីអ្វីដែលគាត់ជឿនោះទេ។ (ទីត. ៣:២) ជាឧទាហរណ៍ ចុះបើសិស្សរួមថ្នាក់របស់អ្នកនិយាយថាការជឿទៅលើព្រះគឺជារឿងដ៏គួរឲ្យអស់សំណើច? តើអ្នកគួរតែសន្និដ្ឋានថាគាត់ជឿស៊ប់លើការវិវត្តន៍ ហើយដឹងច្រើនអំពីរឿងនោះឬទេ? តាមពិត គាត់ប្រហែលជាគ្រាន់តែនិយាយតាមអ្វីដែលគាត់បានឮ។ ដូច្នេះ ជាជាងតវ៉ាអំពីការវិវត្តន៍ អ្នកអាចរកវិធីដើម្បីស្នើផ្ដល់ឲ្យគាត់នូវសៀវភៅណាមួយឬសួរសំណួរ ដែលគាត់អាចគិតពិចារណានៅពេលក្រោយមក។ ប្រហែលជាអ្នកអាចបង្ហាញគាត់អំពីព័ត៌មានស្ដីអំពីការបង្កើតដែលមាននៅក្នុងគេហទំព័រjw.org។ ក្រោយមក គាត់ប្រហែលជាសុខចិត្តនិយាយជាមួយអ្នកអំពីអត្ថបទឬវីដេអូណាមួយដែលមាននៅទីនោះ។ ពេលអ្នកបង្ហាញការគោរពបែបនេះ នេះប្រហែលជាជួយគាត់ឲ្យចង់រៀនថែមទៀតអំពីអ្វីដែលគម្ពីរចែង។
១៤. តើប្អូននៀលបានប្រើគេហទំព័ររបស់យើងយ៉ាងដូចម្ដេចដើម្បីជួយសិស្សរួមថ្នាក់ម្នាក់ឲ្យបំបាត់ការភាន់ច្រឡំអំពីសាក្សីព្រះយេហូវ៉ា?
១៤ ប្អូនប្រុសយុវវ័យម្នាក់ឈ្មោះនៀលបានប្រើគេហទំព័ររបស់យើងដើម្បីជួយអ្នកឯទៀតឲ្យបំបាត់ការភាន់ច្រឡំអំពីសាក្សីព្រះយេហូវ៉ា។ គាត់និយាយថា៖ «សិស្សរួមថ្នាក់ម្នាក់ច្រើនតែប្រាប់ខ្ញុំថា ឯងមិនជឿខាងវិទ្យាសាស្ត្រ ដោយសារឯងជឿលើសៀវភៅដែលពេញទៅដោយរឿងប្រឌិត ជាជាងជឿលើហេតុការណ៍ពិត»។ ពេលសិស្សរួមថ្នាក់នោះមិនអនុញ្ញាតឲ្យប្អូននៀលពន្យល់ជំនឿរបស់គាត់ គាត់បានណែនាំសិស្សនោះឲ្យចូលគេហទំព័រjw.orgនៅផ្នែក«វិទ្យាសាស្ត្រនិងគម្ពីរបរិសុទ្ធ»។ ក្រោយមក ប្អូននៀលបានឃើញថាសិស្សនោះទំនងជាបានអានព័ត៌មាននោះ ហើយគាត់អាចនិយាយជាមួយសិស្សនោះអំពីដើមកំណើតនៃជីវិត។ អ្នកប្រហែលជានឹងទទួលលទ្ធផលស្រដៀងនឹងនេះដែរ។
ចូរត្រៀមខ្លួនជាក្រុមគ្រួសារ
១៥. តើតាមរបៀបណាឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យតបឆ្លើយដោយស្លូតបូតពេលសិស្សរួមថ្នាក់និយាយជំទាស់អំពីជំនឿរបស់ពួកគេ?
១៥ ឪពុកម្ដាយអាចបង្រៀនកូនដោយមានប្រសិទ្ធភាពអំពីរបៀបតបឆ្លើយដោយស្លូតបូតពេលមានការជំទាស់អំពីជំនឿរបស់ពួកគេ។ (យ៉ា. ៣:១៣) ឪពុកម្ដាយខ្លះរៀបចំឲ្យមានការហាត់ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ ពួកគេគិតពិចារណាអំពីប្រធានបទដែលប្រហែលជាគេសួរនៅសាលា ពិគ្រោះនិងសម្ដែងអំពីរបៀបឆ្លើយ ព្រមទាំងបង្រៀនកូនរបស់ពួកគេអំពីរបៀបនិយាយដោយស្លូតបូតនិងដែលទាក់ទាញចិត្ត (សូមមើលប្រអប់ដែលមានចំណងជើងថា « ការហាត់អាចជួយក្រុមគ្រួសាររបស់អ្នក»)។
១៦-១៧. តើការហាត់អាចជួយប្អូនៗវ័យក្មេងយ៉ាងដូចម្ដេច?
១៦ ការហាត់អាចជួយប្អូនៗវ័យក្មេងធ្វើឲ្យខ្លួនមានការជឿជាក់ និងពន្យល់អ្នកឯទៀតអំពីជំនឿរបស់ពួកគេ។ អត្ថបទតភាគ«សំណួរពីយុវវ័យ»នៅគេហទំព័រjw.org/km រួមមានក្រដាសលំហាត់ផ្សេងៗសម្រាប់យុវវ័យ។ អ្វីទាំងនោះបានរៀបចំឡើងដើម្បីជួយប្អូនៗវ័យក្មេងឲ្យពង្រឹងជំនឿរបស់ពួកគេ និងឲ្យត្រៀមខ្លួនឆ្លើយចេញពីចិត្ត។ ដោយសិក្សាអត្ថបទតភាគនេះជាក្រុមគ្រួសារ យើងទាំងអស់គ្នាអាចរៀនរបៀបនិយាយការពារជំនឿរបស់យើងដោយស្លូតបូតនិងតាមរបៀបដែលគួរឲ្យទាក់ទាញ។
១៧ យុវវ័យម្នាក់ឈ្មោះម៉ាធីយូប្រាប់អំពីរបៀបដែលការហាត់បានជួយគាត់។ ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ប្អូនម៉ាធីយូនិងឪពុកម្ដាយរបស់គាត់ច្រើនតែធ្វើការស្រាវជ្រាវអំពីប្រធានបទដែលគេប្រហែលជានិយាយនៅក្នុងថ្នាក់។ ប្អូនម៉ាធីយូនិយាយថា៖ «យើងគិតអំពីសំណួរផ្សេងៗដែលអាចលើកឡើង ហើយយើងហាត់អំពីរបៀបតបឆ្លើយសំណួរទាំងនោះស្របទៅតាមអ្វីដែលយើងបានស្រាវជ្រាវ។ ពេលខ្ញុំយល់ច្បាស់អំពីមូលហេតុដែលខ្ញុំជឿអ្វីណាមួយ ខ្ញុំមានទំនុកចិត្ត ហើយខ្ញុំស្រួលបង្ហាញចិត្តស្លូតបូតជាងពេលនិយាយជាមួយអ្នកឯទៀត»។
១៨. តើកូឡុស ៤:៦បង្ហាញអំពីសារៈសំខាន់នៃអ្វី?
១៨ ទោះជាពេលយើងពន្យល់យ៉ាងច្បាស់និងដោយការជឿជាក់ក្ដី មិនមែនមនុស្សទាំងអស់នឹងទទួលយកអ្វីដែលយើងនិយាយទេ។ ប៉ុន្តែ ការនិយាយតាមរបៀបដែលមិនធ្វើឲ្យគេទើសចិត្តនិងដោយស្លូតបូតអាចជួយ។ (សូមអាន កូឡុស ៤:៦) ការនិយាយជាមួយនរណាម្នាក់អំពីជំនឿរបស់យើងអាចប្រៀបដូចជាការបោះបាល់ទៅគាត់។ យើងអាចបោះវាថ្នមៗឬគប់វា។ ពេលយើងបោះថ្នមៗ ម្ខាងទៀតស្រួលចាប់ជាង ហើយបន្តលេងបាន។ ស្រដៀងគ្នាដែរ បើយើងនិយាយតាមរបៀបដែលមិនធ្វើឲ្យគេទើសចិត្តនិងដោយស្លូតបូត មនុស្សឯទៀតប្រហែលជាចង់ស្ដាប់យើងជាង ហើយបន្តការសន្ទនាជាមួយយើង។ ពិតមែនថា បើនរណាម្នាក់គ្រាន់តែចង់ឈ្លោះប្រកែកជាមួយយើងឬសើចចំអកយើង យើងមិនចាំបាច់បន្តការសន្ទនាទេ។ (សុភ. ២៦:៤) ប៉ុន្តែ មនុស្សបែបនេះប្រហែលជាមានតែតិចតួច មនុស្សច្រើនប្រហែលជានឹងស្ដាប់។
១៩. តើអ្វីគួរជំរុញចិត្តយើងឲ្យមានចិត្តស្លូតបូតពេលនិយាយការពារជំនឿរបស់យើង?
១៩ យើងបានឃើញច្បាស់ថាយើងទទួលប្រយោជន៍ច្រើនពេលយើងរៀនឲ្យមានចិត្តស្លូតបូត។ សូមអធិដ្ឋានទៅព្រះយេហូវ៉ាសុំកម្លាំងដែលអ្នកត្រូវការដើម្បីរក្សាចិត្តស្លូតបូត ពេលតបឆ្លើយសំណួរដែលអាចនាំឲ្យទាស់ទែងឬពេលគេរិះគន់យ៉ាងអយុត្តិធម៌។ សូមចាំថាចិត្តស្លូតបូតរបស់អ្នកអាចទប់ស្កាត់មិនឲ្យការមានទស្សនៈខុសគ្នាទៅជាការឈ្លោះប្រកែកគ្នា។ ម្យ៉ាងទៀត ការតបឆ្លើយដោយស្លូតបូតនិងការគោរព ប្រហែលជានឹងជំរុញចិត្តអ្នកស្ដាប់ខ្លះឲ្យផ្លាស់ប្ដូរទស្សនៈរបស់ពួកគេចំពោះយើងនិងចំពោះសេចក្ដីពិតក្នុងគម្ពីរ។ ចូរ«ប្រុងប្រៀបជានិច្ចដើម្បីនិយាយការពារ»ជំនឿរបស់អ្នក ហើយ«ធ្វើដូច្នេះដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ»។ (១ពេ. ៣:១៥) សូមឲ្យចិត្តស្លូតបូតទៅជាភាពរឹងមាំរបស់អ្នក!
ចម្រៀងលេខ៨៨ សូមឲ្យខ្ញុំស្គាល់ផ្លូវរបស់លោក
a អត្ថបទនេះមានយោបល់អំពីរបៀបដែលយើងអាចនិយាយការពារជំនឿរបស់យើងដោយចិត្តស្លូតបូត ពេលអ្នកឯទៀតនិយាយជំទាស់ឬនិយាយអ្វីដែលអាចធ្វើឲ្យយើងខឹង។
b ដើម្បីបានយោបល់អំពីរឿងនេះ សូមមើលអត្ថបទដែលមានចំណងជើងថា «តើការស្រឡាញ់ភេទដូចគ្នាជាការខុសទេ?»នៅគេហទំព័រjw.org/km។
c អ្នកអាចរកឃើញយោបល់ល្អនៅគេហទំព័រjw.org/kmក្នុងអត្ថបទតភាគដែលមានចំណងជើងថា «សំណួរពីយុវវ័យ»និង«សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា»។