លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា៣៧

ចូរពឹងផ្អែកទៅលើព្រះយេហូវ៉ាដូចសាំសុន

ចូរពឹងផ្អែកទៅលើព្រះយេហូវ៉ាដូចសាំសុន

​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ សូម​លោក​មេត្តា​នឹក​ចាំ​ខ្ញុំ​ផង សូម​លោក​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—អសក. ១៦:២៨

ចម្រៀង​លេខ​៣០ បិតា​ខ្ញុំ​ជា​ព្រះ​និង​ជា​មិត្ត​របស់​ខ្ញុំ

សេចក្ដី​សង្ខេប a

១​-​២. ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​កំណត់​ហេតុ​អំពី​សាំសុន?

 តើ​អ្នក​គិត​អំពី​អ្វី​ពេល​ឮ​ឈ្មោះ​សាំសុន? អ្នក​ទំនង​ជា​គិត​អំពី​បុរស​ម្នាក់​ដែល​មាន​កម្លាំង​ដ៏​ខ្លាំង។ គាត់​គឺ​ខ្លាំង​មហិមា​មែន។ ប៉ុន្តែ សាំសុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​មួយ​ដែល​នាំ​ឲ្យ​គាត់​រង​ទុក្ខ​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ​យេហូវ៉ា​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ទាំង​អស់​ដែល​សាំសុន​បាន​ធ្វើ​ដើម្បី​បម្រើ​លោក ហើយ​លោក​បាន​ដាក់​បញ្ចូល​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​គាត់​ក្នុង​គម្ពីរ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។

ព្រះ​យេហូវ៉ា​បាន​ប្រើ​សាំសុន​ឲ្យ​សម្រេច​អ្វី​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស គឺ​អ៊ីស្រាអែល។ ច្រើន​សតវត្សរ៍​ក្រោយ​ពី​សាំសុន​បាន​ស្លាប់ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​ដាក់​បញ្ចូល​ឈ្មោះ​សាំសុន​ក្នុង​បញ្ជី​មួយ​ដែល​រៀប​រាប់​អំពី​បុរស​ដែល​មាន​ជំនឿ​មុត​មាំ។ (​ហេ. ១១:៣២​-​៣៤​) គំរូ​របស់​សាំសុន​អាច​លើក​ទឹក​ចិត្ត​យើង។ គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ទោះ​ជា​ក្នុង​អំឡុង​ស្ថានភាព​ពិបាក​ក្ដី។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ទាញ​មេ​រៀន​ផ្សេង​ទៀត​ពី​គំរូ​របស់​គាត់។

សាំសុន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

៣. តើ​សាំសុន​បាន​ទទួល​ភារកិច្ច​អ្វី?

ពេល​សាំសុន​កើត​មក ពួក​ភីលីស្ទីន​កំពុង​គ្រប់​គ្រង​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល និង​សង្កត់​សង្កិន​ពួក​គេ។ (​អសក. ១៣:១​) ការ​គ្រប់​គ្រង​ដ៏​ឃោរឃៅ​របស់​ពួក​ភីលីស្ទីន​បាន​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ច្រើន​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​សាំសុន​ឲ្យ​«​ជួយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​»។ (​អសក. ១៣:៥​) ប៉ុន្តែ នោះ​គឺ​ជា​ភារកិច្ច​ពិបាក​មួយ! ដើម្បី​សម្រេច​ភារកិច្ច​ពិបាក​នេះ សាំសុន​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។

សាំសុន​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ចេះ​សម្រប​ខ្លួន។ គាត់​បាន​ប្រើ​អ្វី​ដែល​នៅ​ជិត​ខ្លួន​គាត់​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ (​សូម​មើល​វគ្គ​៤​-​៥​)​

៤. តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​សាំសុន​យ៉ាង​ដូច​ម្ដេច​ឲ្យ​រួច​ពី​ពួក​ភីលីស្ទីន? (​អ្នក​សម្រេច​ក្ដី ១៥:១៤​-​១៦​)

សូម​គិត​អំពី​ឧទាហរណ៍​ដែល​បង្ហាញ​អំពី​របៀប​ដែល​សាំសុន​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា និង​ពឹង​ផ្អែក​លើ​លោក​ឲ្យ​គាំទ្រ។ នៅ​ពេល​មួយ កង​ទ័ព​ភីលីស្ទីន​បាន​មក​ចាប់​សាំសុន​នៅ​ឯ​លេហ៊ី ដែល​ទំនង​ជា​នៅ​ទឹក​ដី​យូដា។ ពួក​បុរស​ពី​កុលសម្ព័ន្ធ​យូដា​ភ័យ​ខ្លាច ដូច្នេះ​ពួក​គេ​សម្រេច​ចិត្ត​ប្រគល់​សាំសុន​ទៅ​ឲ្យ​ពួក​សត្រូវ។ ជន​រួម​ជាតិ​របស់​សាំសុន​បាន​យក​ខ្សែ​ពួរ​ពីរ​មក​ចង​គាត់​ឲ្យ​តឹង ហើយ​នាំ​គាត់​ទៅ​ឯ​ពួក​ភីលីស្ទីន។ (​អសក. ១៥:៩​-​១៣​) ប៉ុន្តែ​«​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​សាំសុន​»​ ហើយ​គាត់​បាន​រួច​ពី​ចំណង​ខ្សែ​ពួរ​នោះ។ បន្ទាប់​មក គាត់​«​ក្រឡេក​ទៅ​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​សត្វ​លា​ដែល​ទើប​នឹង​ស្លាប់​»​ រួច​គាត់​យក​ឆ្អឹង​ថ្គាម​នោះ​មក​សម្លាប់​ពួក​បុរស​ភីលីស្ទីន​អស់​១.០០០​នាក់!—សូម​អាន អ្នក​សម្រេច​ក្ដី ១៥:១៤​-​១៦

៥. តើ​ការ​ដែល​សាំសុន​ប្រើ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

ឆ្អឹង​ថ្គាម​របស់​សត្វ​លា​មិន​មែន​ជា​អាវុធ​ដើម្បី​ប្រយុទ្ធ​ទេ។ បើ​ដូច្នេះ ហេតុ​អ្វី​សាំសុន​ប្រើ​វា? សាំសុន​ច្បាស់​ជា​ដឹង​ថា​ភាព​ជោគ​ជ័យ​របស់​គាត់​អាស្រ័យ​លើ​ព្រះ​យេហូវ៉ា មិន​មែន​អាវុធ​ណា​ដែល​គាត់​ប្រើ​ទេ។ ពិត​មែន បុរស​ដ៏​ស្មោះ​ត្រង់​នេះ​បាន​ប្រើ​អ្វី​ដែល​នៅ​ជិត​ខ្លួន​គាត់​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ សាំសុន​បាន​យក​ឈ្នះ​ពួក​បុរស​ទាំង​អស់​នោះ ដោយ​សារ​គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។

៦. ពេល​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ តើ​យើង​អាច​រៀន​អ្វី​ពី​សាំសុន?

យើង​ក៏​អាច​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា​ដើម្បី​សម្រេច​ភារកិច្ច​របស់​យើង ទោះ​ជា​ភារកិច្ច​នោះ​មើល​ទៅ​ពិបាក​ខ្លាំង​ក្ដី។ ព្រះ​អាច​ធ្វើ​ដូច្នេះ តាម​របៀប​មួយ​ដែល​ប្រហែល​ជា​នាំ​ឲ្យ​យើង​កោត​ស្ងើច។ ចូរ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ដែល​បាន​ផ្ដល់​កម្លាំង​ឲ្យ​សាំសុន​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ដរាប​ណា​អ្នក​ពឹង​ផ្អែក​លើ​លោក​ឲ្យ​ជួយ។—សុភ. ១៦:៣

៧. តើ​អ្វី​បង្ហាញ​ថា​គឺ​សំខាន់​ឲ្យ​យើង​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា?

បង​ប្អូន​ជា​ច្រើន​នាក់​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ការ​សាង​សង់​អគារ​សម្រាប់​គោរព​ប្រណិប័តន៍​បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ នៅ​អតីតកាល ជា​ធម្មតា​បង​ប្អូន​បាន​រចនា​ប្លង់ ហើយ​បាន​សង់​សាល​ប្រជុំ​និង​អគារ​ផ្សង​ទៀត​ភាគ​ច្រើន​របស់​យើង។ ប៉ុន្តែ​ដោយ​សារ​មាន​មនុស្ស​កាន់​តែ​ច្រើន​បាន​ទទួល​ការ​ជ្រមុជ​ទឹក អង្គការ​ព្រះ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ។ បង​ប្រុស​ៗ​ដែល​នាំ​មុខ​បាន​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​និង​បាន​សាក​ល្បង​វិធី​ថ្មី​ៗ ដូច​ជា​ការ​ទិញ​អគារ​និង​ការ​កែ​លម្អ​អគារ​ទាំង​នោះ។ បង​ប្រុស​រ៉ូបឺត​ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​បាន​ចូល​រួម​កិច្ច​ការ​សាង​សង់​អគារ​ជា​ច្រើន​របស់​យើង​នៅ​ទូ​ទាំង​ពិភព​លោក និយាយ​ថា​៖ ​«​នៅ​ដើម​ដំបូង​គឺ​មិន​ស្រួល​ឲ្យ​អ្នក​ខ្លះ​សម្រប​ខ្លួន​តាម​វិធី​ថ្មី​នោះ​ទេ​»។ គាត់​បន្ដ​ថា​៖ ​«​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​បង​ប្អូន​សុខ​ចិត្ត​សម្រប​ខ្លួន ហើយ​គឺ​ស​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​»។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​រាស្ត្រ​លោក​ឲ្យ​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ ម្ដង​ម្កាល យើង​ទាំង​អស់​គ្នា​គួរ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​កំពុង​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​បន្ដ​សម្រប​ខ្លួន​ក្នុង​កិច្ច​បម្រើ​របស់​ខ្ញុំ​ចំពោះ​លោក​ឬ​ទេ?›។

សាំសុន​ប្រើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ

៨. នៅ​ពេល​មួយ​ដែល​សាំសុន​ស្រេក​ទឹក​ជា​ខ្លាំង តើ​គាត់​បាន​ធ្វើ​អ្វី?

អ្នក​ប្រហែល​ជា​នឹក​ចាំ​អំពី​អ្វី​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​ដែល​សាំសុន​បាន​ធ្វើ។ គាត់​បាន​សម្លាប់​សត្វ​តោ​មួយ​ក្បាល ហើយ​ក្រោយ​មក​បាន​សម្លាប់​ពួក​ភីលីស្ទីន​៣០​នាក់​នៅ​ក្រុង​អាសកាឡូន​តែ​ម្នាក់​ឯង។ (​អសក. ១៤:៥, ៦, ១៩​) សាំសុន​ដឹង​ថា​គាត់​មិន​អាច​ធ្វើ​អ្វី​បែប​នេះ​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ។ នេះ​ស​ឲ្យ​ឃើញ​នៅ​ពេល​មួយ​ដែល​គាត់​ស្រេក​ទឹក​ជា​ខ្លាំង​ក្រោយ​ពី​សម្លាប់​ពួក​ភីលីស្ទីន​១.០០០​នាក់។ តើ​គាត់​បាន​ធ្វើ​អ្វី? ជា​ជាង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ដើម្បី​ស្វែង​រក​ទឹក​ផឹក គាត់​បាន​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។—អសក. ១៥:១៨

៩. តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ការ​អង្វរ​សុំ​ជំនួយ​របស់​សាំសុន? (​អ្នក​សម្រេច​ក្ដី ១៥:១៩​)

ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​ការ​ស្រែក​សុំ​ជំនួយ​របស់​សាំសុន ដោយ​ធ្វើ​អព្ភូតហេតុ​ផ្ដល់​ទឹក​ឲ្យ​គាត់។ ពេល​សាំសុន​ផឹក​ទឹក​នោះ ​«​គាត់​ក៏​មាន​កម្លាំង​កំហែង និង​មាន​ស្មារតី​ឡើង​វិញ​»។ (​សូម​អាន អ្នក​សម្រេច​ក្ដី ១៥:១៩) តាម​មើល​ទៅ ប្រភព​ទឹក​ដែល​ថ្មី​នោះ​នៅ​តែ​មាន​ច្រើន​ឆ្នាំ​ក្រោយ​មក​ពេល​ដែល​អ្នក​ប្រកាស​ទំនាយ​សាំយូអែល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​សៀវភៅ​អ្នក​សម្រេច​ក្ដី។ ទឹក​ដែល​ហូរ​នោះ​ប្រហែល​ជា​បាន​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា បើ​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា លោក​នឹង​ជួយ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។

សាំសុន​ទទួល​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ក្រោយ​ពី​គាត់​ផឹក​ទឹក​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ។ ជា​ការ​ល្អ​ឲ្យ​យើង​ប្រើ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​ដើម្បី​រក្សា​ជំនឿ​រឹង​មាំ (​សូម​មើល​វគ្គ​១០​)​

១០. តើ​ការ​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ យើង​ក៏​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដែរ មិន​ថា​យើង​មាន​ទេព​កោសល្យ​ឬ​សមត្ថភាព​អ្វី ឬ​យើង​បាន​សម្រេច​អ្វី​ក្នុង​កិច្ច​បម្រើ​លោក​ក៏​ដោយ។ យើង​គួរ​ទទួល​យក​ការ​ពិត​ដោយ​ចិត្ត​សុភាព​ថា​ការ​ជោគ​ជ័យ​ពិត​ប្រាកដ​អាច​កើត​ឡើង​បាន លុះ​ត្រា​តែ​យើង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។ ដូច​សាំសុន​មាន​កម្លាំង​កំហែង​ពេល​គាត់​ផឹក​ទឹក​ដែល​ព្រះ​យេហូវ៉ា​ឲ្យ យើង​នឹង​មាន​ជំនឿ​រឹង​មាំ​ពេល​ដែល​យើង​ប្រើ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង។—ម៉ាថ. ១១:២៨

១១. តើ​យើង​អាច​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ធ្វើ​អ្វី?

១១ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​អាឡិកសី ជា​បង​ប្អូន​ម្នាក់​របស់​យើង​នៅ​ប្រទេស​រុស្ស៊ី​ដែល​កំពុង​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​ដ៏​ខ្លាំង។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក​ណាស់? គាត់​និង​ប្រពន្ធ​គាត់​មាន​កាល​វិភាគ​ល្អ​ក្នុង​ការ​សិក្សា​គម្ពីរ​និង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ធ្វើ​តាម​កាល​វិភាគ​របស់​ខ្ញុំ​អំពី​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​អាន​គម្ពីរ​រាល់​ថ្ងៃ។ រាល់​ព្រឹក ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ពិគ្រោះ​គ្នា​អំពី​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ និង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​»។ តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា? ជា​ជាង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង យើង​គួរ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា? ដោយ​ធ្វើ​អ្វី​ៗ​ជា​ទៀង​ទាត់​ដែល​ពង្រឹង​ជំនឿ​របស់​យើង ដូច​ជា​សិក្សា​គម្ពីរ អធិដ្ឋាន ចូល​រួម​កិច្ច​ប្រជុំ និង​ផ្សព្វ​ផ្សាយ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​បន្ដ​បម្រើ​លោក។ ព្រះ​បាន​ពង្រឹង​កម្លាំង​សាំសុន ហើយ​លោក​ច្បាស់​ជា​អាច​ពង្រឹង​កម្លាំង​យើង​ដែរ។

សាំសុន​មិន​បាន​ឈប់​ព្យាយាម

១២. តើ​សាំសុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​អ្វី ហើយ​តើ​នោះ​ខុស​គ្នា​យ៉ាង​ណា​ពី​បទ​ពិសោធន៍​របស់​គាត់​ពី​មុន?

១២ សាំសុន​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​យើង​ដែរ ដូច្នេះ​ជួន​កាល​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ។ ជា​ពិសេស ការ​សម្រេច​ចិត្ត​មួយ​របស់​គាត់​បាន​នាំ​ឲ្យ​មាន​ផល​ពិបាក​ដ៏​ខ្លោច​ផ្សា។ ក្រោយ​ពី​សាំសុន​បាន​បម្រើ​ជា​អ្នក​សម្រេច​ក្ដី​អស់​មួយ​រយៈ គាត់​«​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នារី​ម្នាក់​ដែល​រស់​នៅ​ជិត​ជ្រលង​សូរេក។ នាង​មាន​ឈ្មោះ​ថា​ដេលីឡា​»។ (​អសក. ១៦:៤​) មុន​នោះ សាំសុន​ធ្លាប់​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​ស្ត្រី​ជន​ជាតិ​ភីលីស្ទីន​ម្នាក់ ប៉ុន្តែ​នោះ​គឺ​ជា​ការ​ផ្សំផ្គុំ​«​មក​ពី​ព្រះ​យេហូវ៉ា​»​ក្នុង​បំណង​«​រក​ឱកាស​ដើម្បី​ចាត់​ការ​ជន​ជាតិ​ភីលីស្ទីន​»។ ក្រោយ​មក សាំសុន​បាន​ស្នាក់​នៅ​ផ្ទះ​របស់​ស្ត្រី​ពេស្យា​ម្នាក់​នៅ​ក្រុង​កាសា នា​ស្រុក​ភីលីស្ទីន។ នៅ​ពេល​នោះ ព្រះ​បាន​ធ្វើ​ឲ្យ​សាំសុន​មាន​កម្លាំង​ខ្លាំង​ក្លា​ដើម្បី​ដក​ទ្វារ​កំពែង​ក្រុង​ចេញ ដែល​ធ្វើ​ឲ្យ​ក្រុង​នោះ​ងាយ​វាយ​លុក។ (​អសក. ១៤:១​-​៤; ១៦:១​-​៣​) ប៉ុន្តែ​ដេលីឡា​ទំនង​ជា​ជន​ជាតិ​អ៊ីស្រាអែល ដូច្នេះ​ចំណង​ស្នេហា​របស់​សាំសុន​ជា​មួយ​នឹង​នាង​មិន​ផ្ដល់​ឱកាស​ឲ្យ​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន​ទេ។

១៣. តើ​ដេលីឡា​បាន​ធ្វើ​អ្វី​លើ​សាំសុន?

១៣ ដេលីឡា​ព្រម​ទទួល​លុយ​ជា​ច្រើន​ពី​ពួក​ភីលីស្ទីន ដើម្បី​ក្បត់​នឹង​សាំសុន។ ប្រហែល​ជា​សាំសុន​ស្រឡាញ់​នាង​ខ្លាំង​ណាស់​បាន​ជា​គាត់​មិន​កត់​សម្គាល់​អ្វី​ដែល​ដេលីឡា​ចង់​ធ្វើ​ទេ។ ដេលីឡា​បាន​បង្ខំ​សាំសុន​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ប្រាប់​នាង​អំពី​មូលហេតុ​ដែល​គាត់​មាន​កម្លាំង​ខ្លាំង​មហិមា ហើយ​ទី​បំផុត​សាំសុន​បាន​ប្រាប់​នាង។ គួរ​ឲ្យ​ស្ដាយ សាំសុន​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​គាត់​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​មួយ​ដែល​នាំ​ឲ្យ​គាត់​បាត់​បង់​កម្លាំង ហើយ​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ​ពេល។—អសក. ១៦:១៦​-​២០

១៤. តើ​សាំសុន​បាន​រង​ផល​ពិបាក​អ្វី​ដោយ​សារ​គាត់​បាន​ទុក​ចិត្ត​ដេលីឡា?

១៤ សាំសុន​បាន​រង​ទុក្ខ​លំបាក​ដោយ​សារ​គាត់​ទុក​ចិត្ត​ដេលីឡា​ជា​ជាង​ព្រះ​យេហូវ៉ា។ ពួក​ភីលីស្ទីន​បាន​ចាប់​សាំសុន ហើយ​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ភ្នែក។ គាត់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​ក្នុង​ក្រុង​កាសា ជា​ក្រុង​ដែល​គាត់​ធ្លាប់​ធ្វើ​ឲ្យ​គេ​អាម៉ាស់​មុខ ហើយ​គេ​ឲ្យ​គាត់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដែល​បង្វិល​ត្បាល់​កិន​គ្រាប់​ធញ្ញជាតិ។ បន្ទាប់​មក ពួក​ភីលីស្ទីន​បាន​នាំ​គាត់​ទៅ​កន្លែង​ពិធី​ជប់​លៀង​មួយ​របស់​ពួក​គេ។ នៅ​ទី​នោះ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​សន្ធឹក​សន្ធាប់​ដល់​ដាកុន​ជា​ព្រះ​របស់​ពួក​គេ​ដែល​ជា​ព្រះ​មិន​ពិត ហាក់​ដូច​ជា​ព្រះ​នោះ​បាន​ប្រគល់​សាំសុន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ ពួក​គេ​បាន​នាំ​សាំសុន​ចេញ​ពី​គុក​ទៅ​កន្លែង​ពិធី​ជប់​លៀង​ដើម្បី​«​បាន​សើច​សប្បាយ​»​ ក្នុង​បំណង​សើច​ចំអក​គាត់។—អសក. ១៦:២១​-​២៥

ព្រះ​យេហូវ៉ា​បាន​ឲ្យ​កម្លាំង​សាំសុន​ដើម្បី​សម្រេច​កិច្ច​ការ​ដែល​គាត់​បាន​ទទួល​ពី​លោក ហើយ​ច្បាំង​ឈ្នះ​ពួក​ភីលីស្ទីន (​សូម​មើល​វគ្គ​១៥​)​

១៥. តើ​តាម​របៀប​ណា​សាំសុន​បាន​បង្ហាញ​ថា​គាត់​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា​ម្ដង​ទៀត? (​អ្នក​សម្រេច​ក្ដី ១៦:២៨​-​៣០​) (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៥ សាំសុន​បាន​ធ្វើ​ខុស​ដ៏​ធ្ងន់​ធ្ងរ ប៉ុន្តែ​គាត់​មិន​ឈប់​ព្យាយាម​ទេ។ គាត់​បាន​ស្វែង​រក​ឱកាស​បំពេញ​ភារកិច្ច​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។ (​សូម​អាន អ្នក​សម្រេច​ក្ដី ១៦:២៨​-​៣០) សាំសុន​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ‹សូម​លោក​ឲ្យ​ខ្ញុំ​សង​សឹក​ពួក​ភីលីស្ទីន›។ ព្រះ​ពិត​បាន​តប​ឆ្លើយ​ចំពោះ​ការ​អង្វរ​សុំ​របស់​សាំសុន ហើយ​បាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ដ៏​ពិសេស​ឡើង​វិញ។ ជា​លទ្ធផល សាំសុន​បាន​សម្លាប់​ពួក​ភីលីស្ទីន​នៅ​លើក​នេះ​ច្រើន​ជាង​គាត់​ធ្លាប់​សម្លាប់​ពី​មុន។

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​កំហុស​របស់​សាំសុន?

១៦ ទោះ​ជា​សាំសុន​បាន​រង​ទុក្ខ​លំបាក​ដោយ​សារ​កំហុស​របស់​គាត់​ក្ដី គាត់​មិន​បាន​ឈប់​ព្យាយាម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ទេ។ ទោះ​ជា​យើង​ធ្វើ​ខុស​និង​ត្រូវ​កែ​តម្រង់​ឬ​បាត់​បង់​ឯកសិទ្ធិ​ណា​មួយ​ក្ដី យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ឡើយ។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​យើង។ (​ចសព. ១០៣:៨​-​១០​) មិន​ថា​យើង​ធ្វើ​ខុស​ក្ដី ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ដូច​លោក​បាន​ធ្វើ​ចំពោះ​សាំសុន។

សាំសុន​ទំនង​ជា​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង​ចំពោះ​កំហុស​របស់​គាត់ ប៉ុន្តែ​គាត់​មិន​ឈប់​ព្យាយាម​ទេ ហើយ​យើង​ក៏​មិន​គួរ​ឈប់​ព្យាយាម​ដែរ (​សូម​មើល​វគ្គ​១៧​-​១៨​)​

១៧​-​១៨. ហេតុ​អ្វី​បទ​ពិសោធន៍​របស់​បង​ម៉ៃឃឺល​លើក​ទឹក​ចិត្ត​អ្នក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ម៉ៃឃឺល។ គាត់​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ដោយ​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ និង​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ គាត់​បាន​ធ្វើ​ខុស​ដែល​នាំ​ឲ្យ​គាត់​បាត់​បង់​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ។ គាត់​និយាយ​ថា​៖ ​«​រហូត​ដល់​ពេល​នោះ ខ្ញុំ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា តែ​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ខ្ញុំ​ទាល់​ច្រក។ ខ្ញុំ​មិន​ដែល​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​បោះ​បង់​ចោល​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្ងល់​ថា​តើ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​លោក​នឹង​មាន​ដូច​មុន​ម្ដង​ទៀត​ឬ​យ៉ាង​ណា ឬ​ថា​តើ​ខ្ញុំ​នឹង​អាច​បម្រើ​លោក​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បាន​ពេញ​លេញ​ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ឬ​ទេ?​»។

១៨ គួរ​ឲ្យ​សរសើរ​មែន បង​ម៉ៃឃឺល​មិន​បាន​ឈប់​ព្យាយាម​ទេ។ គាត់​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ទៅ​លោក​យ៉ាង​អស់​ពី​ចិត្ត សិក្សា​និង​រំពឹង​គិត​ជា​រឿយ​ៗ​»។ យូរ​ៗ​ទៅ បង​ម៉ៃឃឺល​បាន​ទទួល​ឯកសិទ្ធិ​ឡើង​វិញ​ក្នុង​ក្រុម​ជំនុំ។ ឥឡូវ គាត់​បម្រើ​ជា​អ្នក​ចាស់​ទុំ​និង​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ គាត់​និយាយ​ថា​៖ ​«​ការ​គាំទ្រ​និង​ការ​លើក​ទឹក​ចិត្ត​ដែល​ខ្ញុំ​បាន​ទទួល ជា​ពិសេស​ពី​ពួក​អ្នក​ចាស់​ទុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ស្រឡាញ់​ខ្ញុំ។ ខ្ញុំ​អាច​បម្រើ​ម្ដង​ទៀត​ក្នុង​ក្រុម​ជំនុំ​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ បទ​ពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​ថា ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ណា​ក៏​ដោយ​ដែល​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​»។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រើ​យើង និង​ឲ្យ​ពរ​យើង​ផង​ដែរ ទោះ​ជា​យើង​បាន​ធ្វើ​ខុស​ក្ដី ឲ្យ​តែ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​កែ​តម្រង់​ផ្លូវ​របស់​យើង ហើយ​បន្ដ​ពឹង​ផ្អែក​លើ​លោក។—ចសព. ៨៦:៥; សុភ. ២៨:១៣

១៩. តើ​គំរូ​របស់​សាំសុន​បាន​ពង្រឹង​កម្លាំង​អ្នក​យ៉ាង​ដូច​ម្ដេច?

១៩ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​អំពី​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​សាំសុន។ គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​គាត់​មិន​បាន​ឈប់​ព្យាយាម​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ក្រោយ​ពី​គាត់​បាន​ធ្វើ​ខុស​ក្នុង​រឿង​ដេលីឡា​ក្ដី។ ចំណែក​ព្រះ​យេហូវ៉ា លោក​មិន​បោះ​បង់​ចោល​សាំសុន​ទេ។ ព្រះ​បាន​ប្រើ​សាំសុន​ម្ដង​ទៀត​ឲ្យ​សម្រេច​ការ​យ៉ាង​ធំ។ ព្រះ​យេហូវ៉ា​នៅ​តែ​ចាត់​ទុក​គាត់​ជា​បុរស​ម្នាក់​ដែល​មាន​ជំនឿ​មុត​មាំ ដោយ​រួម​បញ្ចូល​គាត់​ក្នុង​បញ្ជី​ពួក​អ្នក​ស្មោះ​ត្រង់​នៅ​ក្នុង​ហេប្រឺ ជំពូក​១១។ គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន​ដោយ​ដឹង​ថា​យើង​បម្រើ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ចង់​ពង្រឹង​កម្លាំង​យើង ជា​ពិសេស​ពេល​យើង​ខ្សោយ! ដូច្នេះ​ដូច​សាំសុន សូម​យើង​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​លោក​មេត្តា​នឹក​ចាំ​ខ្ញុំ​ផង សូម​លោក​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—អសក. ១៦:២៨

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

a សាំសុន​គឺ​ជា​ឈ្មោះ​របស់​បុគ្គល​ក្នុង​គម្ពីរ​ដែល​មនុស្ស​ជា​ច្រើន​ស្គាល់ សូម្បី​តែ​មនុស្ស​ដែល​មិន​សូវ​មាន​ចំណេះ​ខាង​គម្ពីរ​ក៏​ស្គាល់​គាត់​ដែរ។ រឿង​របស់​គាត់​បាន​ត្រូវ​រៀប​រាប់​ក្នុង​រឿង​ល្ខោន បទ​ចម្រៀង និង​ភាពយន្ត។ ប៉ុន្តែ ជីវិត​គាត់​មិន​គ្រាន់​តែ​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ តែ​ក៏​មាន​មេ​រៀន​ជា​ច្រើន​ដែល​យើង​អាច​រៀន​ពី​បុរស​ដែល​មាន​ជំនឿ​ដ៏​ខ្លាំង​នេះ។