អត្ថបទសិក្សា៤០
ដូចពេត្រុស អ្នកអាចតស៊ូបាន
«លោកម្ចាស់ សូមចេញពីខ្ញុំទៅ ពីព្រោះខ្ញុំជាមនុស្សមានភាពខុសឆ្គង»។—លូក. ៥:៨
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
សេចក្ដីសង្ខេប a
១. តើពេត្រុសមានអារម្មណ៍យ៉ាងណាក្រោយពីលោកយេស៊ូបានធ្វើអព្ភូតហេតុជួយគាត់ឲ្យចាប់ត្រីបានច្រើន?
ពេត្រុសបានចំណាយពេលពេញមួយយប់ដើម្បីនេសាទត្រី ប៉ុន្តែចាប់មិនបានអ្វីសោះ។ គួរឲ្យភ្ញាក់ផ្អើល លោកយេស៊ូបានមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅកន្លែងដែលមានទឹកជ្រៅ ហើយទម្លាក់អួននៅទីនោះ»។ (លូក. ៥:៤) ពេត្រុសសង្ស័យថាគាត់នឹងមិនអាចចាប់ត្រីបានទេ ប៉ុន្តែគាត់បានធ្វើតាមអ្វីដែលលោកយេស៊ូបានប្រាប់គាត់។ ជាលទ្ធផល ពេត្រុសនិងពួកបុរសដែលនេសាទជាមួយគាត់ ចាប់បានត្រីយ៉ាងច្រើនសន្ធឹករហូតដល់អួនរបស់ពួកគេចាប់ផ្ដើមធ្លាយ។ ពេលពួកគេយល់ថាលោកយេស៊ូទើបតែបានធ្វើអព្ភូតហេតុមួយ ពួកគេ«បាននឹកអស្ចារ្យក្នុងចិត្តក្រៃលែង»។ ពេត្រុសបានបន្លឺសំឡេងថា៖ «លោកម្ចាស់ សូមចេញពីខ្ញុំទៅ ពីព្រោះខ្ញុំជាមនុស្សមានភាពខុសឆ្គង»។ (លូក. ៥:៦-៩) ពេត្រុសទំនងជាមានអារម្មណ៍ថាខ្លួនមិនសមនៅជាមួយនឹងលោកយេស៊ូទេ។
២. ហេតុអ្វីការពិចារណាអំពីគំរូរបស់ពេត្រុសមានប្រយោជន៍ចំពោះយើង?
២ ពេត្រុសនិយាយត្រូវមែន គាត់ជា«មនុស្សមានភាពខុសឆ្គង»។ បទគម្ពីរបង្ហាញថាពេលខ្លះគាត់បាននិយាយនិងបានធ្វើអ្វីដែលនាំឲ្យគាត់ស្ដាយក្រោយនៅពេលក្រោយមក។ ជួនកាល តើអ្នកមានអារម្មណ៍ដូចពេត្រុសឬទេ? តើអ្នកកំពុងតយុទ្ធនឹងគុណវិបត្តិឬទំនោរចិត្តខុសឆ្គងដែលលេចមកម្ដងហើយម្ដងទៀតឬទេ? បើដូច្នេះ អ្នកអាចទទួលការលើកទឹកចិត្តពីការសិក្សាគំរូរបស់ពេត្រុស។ ហេតុអ្វី? សូមគិតអំពីនេះ៖ ព្រះយេហូវ៉ាអាចមិនដាក់បញ្ចូលកំហុសរបស់ពេត្រុសក្នុងគម្ពីរក៏បាន។ ប៉ុន្តែ លោកបានដឹកនាំមនុស្សឲ្យកត់ទុកកំហុសទាំងនោះដើម្បីជាមេរៀនសម្រាប់យើង។ (២ធី. ៣:១៦, ១៧) ការរៀនអំពីបុរសនេះដែលមានភាពទន់ខ្សោយនិងមានអារម្មណ៍ដូចយើង អាចជួយយើងឲ្យឃើញថាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងល្អឥតខ្ចោះទេ។ លោកចង់ឲ្យយើងខំតស៊ូ ពោលគឺបន្តព្យាយាមទោះជាយើងមានភាពទន់ខ្សោយក្ដី។
៣. ហេតុអ្វីយើងត្រូវតស៊ូ?
៣ ហេតុអ្វីគឺសំខាន់ឲ្យយើងតស៊ូ? មានគេនិយាយថា រៀនច្រើនចេះច្រើន។ ជាឧទាហរណ៍ តន្ត្រីករម្នាក់ប្រហែលជាចំណាយពេលរាប់ឆ្នាំដើម្បីលេងឧបករណ៍តន្ត្រីរបស់គាត់ឲ្យបានពូកែ។ ក្នុងអំឡុងពេលនោះ គាត់ប្រហែលជាលេងខុសណោតភ្លេងរាប់ពាន់ដង ប៉ុន្តែបើគាត់បន្តហាត់រៀន គាត់នឹងរីកចម្រើន។ សូម្បីតែគាត់ទៅជាតន្ត្រីករដ៏ជំនាញ ក៏គាត់នៅតែធ្វើខុសម្ដងម្កាល។ ប៉ុន្តែ គាត់មិនឈប់ព្យាយាមទេ។ គាត់បន្តហាត់រៀនឧបករណ៍តន្ត្រីរបស់គាត់ដើម្បីឲ្យកាន់តែល្អ។ ស្រដៀងគ្នាដែរ សូម្បីតែក្រោយពីយើងមានអារម្មណ៍ថាយើងបានយកឈ្នះភាពទន់ខ្សោយណាមួយហើយ ក៏យើងប្រហែលជានៅតែធ្វើខុសនោះម្ដងទៀត។ ប៉ុន្តែ យើងនៅតែបន្តព្យាយាមរីកចម្រើន។ យើងទាំងអស់គ្នានិយាយឬធ្វើអ្វីដែលក្រោយមកយើងស្ដាយក្រោយ។ ក៏ប៉ុន្តែបើយើងមិនព្រមឈប់ព្យាយាម ព្រះយេហូវ៉ានឹងជួយយើងឲ្យបន្តរីកចម្រើន។ (១ពេ. ៥:១០) សូមយើងពិចារណាគំរូរបស់ពេត្រុសអំពីការតស៊ូ។ ចិត្តអាណិតមេត្តាដែលលោកយេស៊ូបានបង្ហាញចំពោះគាត់ទោះជាគាត់ធ្វើខុសក្ដី អាចជំរុញចិត្តយើងឲ្យបន្តបម្រើព្រះយេហូវ៉ា។
ការតស៊ូនិងពររបស់ពេត្រុស
៤. ដូចលូកា ៥:៥-១០ចែង តើពេត្រុសបាននិយាយយ៉ាងណាអំពីខ្លួនគាត់ ប៉ុន្តែតើលោកយេស៊ូបានពង្រឹងទំនុកចិត្តគាត់យ៉ាងដូចម្ដេច?
៤ គម្ពីរមិនពន្យល់អំពីមូលហេតុដែលពេត្រុសបានហៅខ្លួនគាត់ថា«មនុស្សមានភាពខុសឆ្គង» ឬថាគាត់នឹកឃើញអំពីភាពខុសឆ្គងបែបណាទេ។ (សូមអាន លូកា ៥:៥-១០) ប៉ុន្តែ គាត់ប្រហែលជាបានធ្វើខុសធ្ងន់ធ្ងរខ្លះ។ លោកយេស៊ូដឹងថាពេត្រុសភ័យខ្លាច ដែលប្រហែលជាមកពីពេត្រុសមានអារម្មណ៍ថាខ្លួនមិនល្អគ្រប់គ្រាន់។ លោកយេស៊ូក៏ដឹងថាពេត្រុសអាចរក្សាភាពស្មោះត្រង់។ ដូច្នេះ លោកបានប្រាប់ពេត្រុសដោយចិត្តសប្បុរសថា៖ «កុំខ្លាចឡើយ»។ ទំនុកចិត្តរបស់លោកយេស៊ូទៅលើពេត្រុសបានជះឥទ្ធិពលយូរអង្វែងទៅលើគាត់។ ពេត្រុសនិងប្អូនប្រុសរបស់គាត់អនទ្រេបានបោះបង់មុខរបរនេសាទរបស់ពួកគាត់នៅពេលក្រោយមក ហើយទៅជាអ្នកកាន់តាមពេញពេលរបស់មេស្ស៊ី ជាការសម្រេចចិត្តមួយដែលនាំឲ្យទទួលពរដ៏អស្ចារ្យ។—ម៉ាក. ១:១៦-១៨
៥. តើពេត្រុសបានទទួលពរអ្វីខ្លះដោយសារគាត់មិនបានឲ្យអារម្មណ៍អវិជ្ជមានបញ្ឈប់គាត់ពីការកាន់តាមលោកយេស៊ូ?
៥ ពេត្រុសមានបទពិសោធន៍ដ៏អស្ចារ្យជាច្រើនក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូ។ គាត់បានឃើញលោកយេស៊ូធ្វើឲ្យមនុស្សឈឺជាសះស្បើយ បណ្ដេញពួកវិញ្ញាណកំណាច ហើយថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ b (ម៉ាថ. ៨:១៤-១៧; ម៉ាក. ៥:៣៧, ៤១, ៤២) ពេត្រុសក៏បានឃើញក្នុងគំនិតនូវសេរីរុងរឿងរបស់លោកយេស៊ូនៅថ្ងៃអនាគតក្នុងរាជាណាចក្រ ហើយនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគាត់។ (ម៉ាក. ៩:១-៨; ២ពេ. ១:១៦-១៨) ពេត្រុសបានឃើញអ្វីៗដែលគាត់នឹកស្មានមិនដល់។ គាត់ច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ដែលគាត់បានយកឈ្នះអារម្មណ៍អវិជ្ជមានរបស់គាត់ចំពោះខ្លួនឯង ហើយទទួលពរទាំងអស់នេះ។
៦. តើពេត្រុសបានយកឈ្នះភាពទន់ខ្សោយរបស់គាត់ភ្លាមៗឬទេ? សូមពន្យល់។
៦ ទោះជាពេត្រុសបានឃើញនិងឮអ្វីក្ដី គាត់នៅតែមានភាពទន់ខ្សោយដែលគាត់ត្រូវតយុទ្ធ។ សូមគិតអំពីឧទាហរណ៍ខ្លះ។ ពេលលោកយេស៊ូបានពន្យល់របៀបដែលលោកនឹងរងទុក្ខ ហើយស្លាប់ស្របតាមទំនាយក្នុងគម្ពីរ ពេត្រុសបានស្ដីបន្ទោសលោក។ (ម៉ាក. ៨:៣១-៣៣) ម្ដងហើយម្ដងទៀត ពេត្រុសនិងពួកសាវ័កឯទៀតបានឈ្លោះប្រកែកគ្នាអំពីអ្នកណាធំជាងគេ។ (ម៉ាក. ៩:៣៣, ៣៤) នៅយប់ចុងក្រោយមុនលោកយេស៊ូស្លាប់ ពេត្រុសបានកាប់ដាច់ស្លឹកត្រចៀករបស់បុរសម្នាក់។ (យ៉ូន. ១៨:១០) នៅយប់ដដែលនោះ ពេត្រុសក៏ភ័យខ្លាចជាខ្លាំងបានជាគាត់បដិសេធមិនទទួលស្គាល់លោកយេស៊ូជាមិត្តរបស់គាត់អស់បីដង។ (ម៉ាក. ១៤:៦៦-៧២) នោះនាំឲ្យពេត្រុសយំដោយនឹកស្ដាយយ៉ាងខ្លាំង។—ម៉ាថ. ២៦:៧៥
៧. តើពេត្រុសបានទទួលឱកាសអ្វីក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ?
៧ លោកយេស៊ូមិនបានបោះបង់ចោលសាវ័កដែលធ្លាក់ទឹកចិត្តម្នាក់នេះទេ។ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានផ្ដល់ឱកាសឲ្យពេត្រុសបញ្ជាក់ថាគាត់នៅតែស្រឡាញ់លោក។ លោកយេស៊ូក៏បានអញ្ជើញពេត្រុសឲ្យធ្វើជាគង្វាលនៃចៀមរបស់លោក។ (យ៉ូន. ២១:១៥-១៧) ពេត្រុសធ្វើអ្វីដែលលោកយេស៊ូប្រាប់គាត់។ ហេតុនេះ គាត់បាននៅក្រុងយេរូសាឡិមនាបុណ្យថ្ងៃទី៥០ ហើយនៅក្នុងចំណោមពួកអ្នកដំបូងដែលបានត្រូវរើសតាំងដោយឫទ្ធានុភាពបរិសុទ្ធ។
៨. តើពេត្រុសបានធ្វើខុសធ្ងន់ធ្ងរអ្វីនៅក្រុងអាន់ទីយ៉ូក?
៨ ទោះជាក្រោយពីពេត្រុសទៅជាគ្រិស្តសាសនិកដែលព្រះបានរើសតាំងក្ដី គាត់ត្រូវតយុទ្ធនឹងភាពទន់ខ្សោយរបស់គាត់។ នៅឆ្នាំ៣៦ គ.ស. ព្រះបានចាត់ពេត្រុសឲ្យទៅជួបកូនេលាសជាជនជាតិដទៃដែលមិនកាត់ចុងស្បែក។ នៅពេលនោះព្រះបានរើសតាំងកូនេលាសដោយឫទ្ធានុភាពបរិសុទ្ធ ហើយនេះបង្ហាញច្បាស់ថា«ព្រះមិនរើសមុខទេ» និងថាជនជាតិដទៃអាចចូលក្នុងក្រុមជំនុំគ្រិស្តសាសនិក។ (សកម្ម. ១០:៣៤, ៤៤, ៤៥) ក្រោយមក ពេត្រុសមានអារម្មណ៍ស្រួលបរិភោគអាហារជាមួយជនជាតិដទៃ ជាអ្វីដែលគាត់មិនដែលធ្វើពីមុន។ (កាឡ. ២:១២) ប៉ុន្តែ គ្រិស្តសាសនិកជនជាតិយូដាខ្លះមានអារម្មណ៍ថាជនជាតិយូដានិងជនជាតិដទៃមិនគួរបរិភោគជាមួយគ្នាទេ។ ពេលអ្នកខ្លះដែលមានទស្សនៈបែបនេះមកក្រុងអាន់ទីយ៉ូក ពេត្រុសបានឈប់បរិភោគជាមួយបងប្អូនជនជាតិដទៃ ទំនងជាដោយសារគាត់ខ្លាចថាគ្រិស្តសាសនិកជនជាតិយូដាទើសចិត្ត។ សាវ័កប៉ូលបានឃើញការលាក់ពុតនេះ ហើយបានស្ដីបន្ទោសពេត្រុសនៅមុខអ្នកឯទៀត។ (កាឡ. ២:១៣, ១៤) ទោះជាពេត្រុសបានធ្វើខុសនេះក្ដី គាត់បានតស៊ូ។ តើអ្វីបានជួយគាត់?
តើអ្វីបានជួយពេត្រុសឲ្យតស៊ូ?
៩. តើយ៉ូហាន ៦:៦៨, ៦៩បញ្ជាក់យ៉ាងណាអំពីភក្ដីភាពរបស់ពេត្រុស?
៩ ពេត្រុសមានភក្ដីភាព ដោយមិនឲ្យអ្វីណាក៏ដោយបញ្ឈប់គាត់ពីការកាន់តាមលោកយេស៊ូឡើយ។ គាត់បានបង្ហាញភក្ដីភាពនៅពេលមួយដែលលោកយេស៊ូបាននិយាយអ្វីដែលពួកអ្នកកាន់តាមលោកមិនយល់។ (សូមអាន យ៉ូហាន ៦:៦៨, ៦៩) ដោយមិនរង់ចាំឬស្វែងរកការពន្យល់ ពួកគេជាច្រើននាក់បានឈប់កាន់តាមលោកយេស៊ូ។ ប៉ុន្តែពេត្រុសមិនធ្វើដូច្នេះទេ។ គាត់បានទទួលស្គាល់ថាមានតែលោកយេស៊ូប៉ុណ្ណោះមានប្រសាសន៍ដែល«នាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។
១០. តើលោកយេស៊ូបានបង្ហាញទំនុកចិត្តទៅលើពេត្រុសយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១០ លោកយេស៊ូមិនបានបោះបង់ចោលពេត្រុសទេ។ នៅយប់ចុងក្រោយនៃជីវិតរបស់លោកនៅផែនដី លោកបានដឹងថាពេត្រុសនិងពួកសាវ័កឯទៀតនឹងបោះបង់ចោលលោក។ ប៉ុន្តែ លោកយេស៊ូបានបង្ហាញទំនុកចិត្តថាពេត្រុសនឹងត្រឡប់មកវិញ ហើយរក្សាចិត្តស្មោះត្រង់។ (លូក. ២២:៣១, ៣២) លោកយេស៊ូបានយល់ថា«ចិត្តប្រុងប្រៀបជាស្រេច . . . តែសាច់ឈាមគឺខ្សោយណាស់»។ (ម៉ាក. ១៤:៣៨) ដូច្នេះ សូម្បី តែក្រោយពីពេត្រុសបដិសេធមិនទទួលស្គាល់លោកយេស៊ូក្ដី ក៏លោកមិនអស់សង្ឃឹមចំពោះសាវ័កនេះ។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបពេត្រុស តាមមើលទៅនោះនៅពេលដែលគាត់នៅម្នាក់ឯង។ (ម៉ាក. ១៦:៧; លូក. ២៤:៣៤; ១កូ. ១៥:៥) នោះច្បាស់ជាបានលើកទឹកចិត្តសាវ័កដែលធ្លាក់ទឹកចិត្តម្នាក់នេះណាស់។
១១. តើលោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់ពេត្រុសយ៉ាងណាថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់គាត់?
១១ លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់ពេត្រុសថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលគាត់ត្រូវការ។ លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានធ្វើអព្ភូតហេតុឲ្យពេត្រុសនិងពួកសាវ័កឯទៀតរបស់លោកចាប់ត្រីឲ្យបានច្រើនម្ដងទៀត។ (យ៉ូន. ២១:៤-៦) អព្ភូតហេតុនេះច្បាស់ជាបានពង្រឹងទំនុកចិត្តពេត្រុសថា ការផ្គត់ផ្គង់អ្វីៗដែលគាត់ត្រូវការគឺមិនពិបាកសម្រាប់ព្រះយេហូវ៉ាទេ។ ប្រហែលជាសាវ័កពេត្រុសបាននឹកចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ពួកអ្នកដែល‹បន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុន›។ (ម៉ាថ. ៦:៣៣) អ្វីទាំងអស់នេះបានជួយពេត្រុសឲ្យចាត់ទុកកិច្ចការផ្សព្វផ្សាយថាសំខាន់បំផុតក្នុងជីវិតរបស់គាត់ មិនមែនមុខរបរនេសាទត្រីទេ។ គាត់បានផ្សព្វផ្សាយយ៉ាងក្លាហាននៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយនេះបានជួយមនុស្សរាប់ពាន់នាក់ឲ្យទទួលយកដំណឹងល្អ។ (សកម្ម. ២:១៤, ៣៧-៤១) ក្រោយមក គាត់បានជួយជនជាតិសាម៉ារីនិងជនជាតិដទៃឲ្យរៀនអំពីគ្រិស្តនិងទៅជាអ្នកកាន់តាមលោក។ (សកម្ម. ៨:១៤-១៧; ១០:៤៤-៤៨) ព្រះយេហូវ៉ាពិតជាបានប្រើពេត្រុសតាមរបៀបដ៏អស្ចារ្យដើម្បីនាំមនុស្សគ្រប់ប្រភេទឲ្យចូលមកក្នុងក្រុមជំនុំ។
តើយើងរៀនអ្វី?
១២. តើគំរូរបស់ពេត្រុសអាចជួយយើងយ៉ាងណាបើយើងកំពុងតយុទ្ធនឹងភាពទន់ខ្សោយដែលជាប់យ៉ាងយូរ?
១២ ព្រះយេហូវ៉ាអាចជួយយើងឲ្យតស៊ូ។ នេះប្រហែលជាមិនតែងតែស្រួលទេ ជាពិសេសបើយើងកំពុងតយុទ្ធនឹងភាពទន់ខ្សោយណាមួយជាយូរមកហើយ។ ជួនកាល ភាពទន់ខ្សោយរបស់យើងប្រហែលជាមើលទៅពិបាកជាងភាពទន់ខ្សោយដែលពេត្រុសមាន។ ប៉ុន្តែ ព្រះយេហូវ៉ាអាចផ្ដល់កម្លាំងឲ្យយើងដើម្បីមិនឈប់ព្យាយាម។ (ចសព. ៩៤:១៧-១៩) ជាឧទាហរណ៍ បងប្រុសម្នាក់ធ្លាប់ស្រឡាញ់ភេទដូចគ្នាអស់ជាច្រើនឆ្នាំមុនរៀនសេចក្ដីពិត។ គាត់បានកែប្រែជីវិតរបស់គាត់ទាំងស្រុង ហើយក្រោយមករស់នៅស្របតាមសេចក្ដីបង្រៀនក្នុងគម្ពីរ។ ប៉ុន្តែ ម្ដងម្កាល គាត់ត្រូវតយុទ្ធនឹងបំណងប្រាថ្នាមិនត្រឹមត្រូវ។ តើអ្វីបានជួយគាត់ឲ្យតស៊ូ? គាត់ពន្យល់ថា៖ «ព្រះយេហូវ៉ាពង្រឹងកម្លាំងខ្ញុំ»។ គាត់បន្ថែមថា៖ «ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា . . . ខ្ញុំបានរៀនថាយើងអាច[បន្ត]មានរបៀបរស់នៅដែលព្រះយេហូវ៉ាពេញចិត្ត។ . . . ព្រះយេហូវ៉ាបានប្រើខ្ញុំ ហើយទោះជាខ្ញុំជាមនុស្សមិនល្អឥតខ្ចោះក្ដី លោកបន្តពង្រឹងកម្លាំងខ្ញុំ»។
១៣. តើយើងអាចធ្វើតាមគំរូរបស់ពេត្រុសយ៉ាងដូចម្ដេច ដូចដែលបានកត់ទុកនៅសកម្មភាព ៤:១៣, ២៩, ៣១? (សូមមើលរូបភាពផងដែរ)
១៣ ដូចយើងបានឃើញ ពេត្រុសបានធ្វើខុសធ្ងន់ធ្ងរផ្សេងៗដោយសារគាត់ខ្លាចមនុស្ស។ ប៉ុន្តែ ដោយអធិដ្ឋានសុំចិត្តក្លាហាន ពេត្រុសអាចប្រព្រឹត្តដោយក្លាហាន។ (សូមអាន សកម្មភាព ៤:១៣, ២៩, ៣១) យើងក៏អាចយកឈ្នះការភ័យខ្លាចបានដែរ។ សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះបងហូសជាបុរសវ័យក្មេង ដែលរស់នៅប្រទេសអាល្លឺម៉ង់ក្រោមការគ្រប់គ្រងរបស់ពួកណាត្ស៊ី។ អស់ប៉ុន្មានដង គាត់បានចុះចាញ់ការបង្ខិតបង្ខំនៅសាលាឲ្យនិយាយថា៖ «ហ៊ែល ហ៊ីត្លែរ!» ដែលមានន័យថាហ៊ីត្លែរនឹងសង្គ្រោះយើង។ ជាជាងស្ដីបន្ទោសគាត់ ឪពុកម្ដាយបងហូសបានអធិដ្ឋានជាមួយគាត់ដោយសុំព្រះយេហូវ៉ាឲ្យផ្ដល់ចិត្តក្លាហានដល់គាត់។ ដោយមានជំនួយពីឪពុកម្ដាយរបស់គាត់ និងដោយពឹងផ្អែកទៅលើព្រះយេហូវ៉ា ទីបំផុតបងហូសបានទទួលកម្លាំងឲ្យកាន់ជំហរមាំមួន។ ក្រោយមក គាត់និយាយថា៖ «ព្រះយេហូវ៉ាមិនដែលបោះបង់ចោលខ្ញុំទេ»។
១៤. តើគង្វាលដែលយកចិត្តទុកដាក់អាចពង្រឹងទំនុកចិត្តពួកអ្នកដែលធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេច?
១៤ ព្រះយេហូវ៉ានិងលោកយេស៊ូនឹងមិនបោះបង់ចោលយើងទេ។ ពេត្រុសនៅផ្លូវបំបែកដ៏សំខាន់ក្នុងជីវិតរបស់គាត់ក្រោយពីគាត់បានបដិសេធលោកយេស៊ូ។ តើគាត់នឹងឈប់ព្យាយាម ឬក៏តស៊ូបន្តជាអ្នកកាន់តាមគ្រិស្ត? លោកយេស៊ូបានអង្វរព្រះយេហូវ៉ាសុំឲ្យជំនឿរបស់ពេត្រុសមិនចុះខ្សោយ។ លោកយេស៊ូបានប្រាប់ពេត្រុសអំពីសេចក្ដីអធិដ្ឋាននោះ ហើយបានបង្ហាញទំនុកចិត្តរបស់លោកថាពេត្រុសនឹងអាចពង្រឹងជំនឿបងប្អូនរបស់គាត់នៅពេលក្រោយមក។ (លូក. ២២:៣១, ៣២) ពេត្រុសច្បាស់ជាមានទំនុកចិត្តខ្លាំងណាស់ពេលគាត់នឹកចាំអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍! ពេលយើងនៅផ្លូវបំបែកដ៏សំខាន់ក្នុងជីវិតរបស់យើង ព្រះយេហូវ៉ាប្រហែលជានឹងប្រើគង្វាលដែលយកចិត្តទុកដាក់ចំពោះយើងឲ្យផ្ដល់ទំនុកចិត្តដែលយើងត្រូវការដើម្បីរក្សាភាពស្មោះត្រង់។ (អេភ. ៤:៨, ១១) អ្នកចាស់ទុំជាយូរឆ្នាំម្នាក់ឈ្មោះផលព្យាយាមផ្ដល់ការសម្រាលទុក្ខបែបនេះ។ គាត់លើកទឹកចិត្តពួកអ្នក ដែលមានអារម្មណ៍ថាចង់ឈប់ព្យាយាមឲ្យគិតអំពីរបៀបដែលព្រះយេហូវ៉ាបានទាញនាំពួកគេឲ្យមកសេចក្ដីពិតពីដំបូង ហើយក្រោយមកពង្រឹងទំនុកចិត្តរបស់ពួកគេថាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានឹងមិនឲ្យលោកបោះបង់ចោលពួកគេឡើយ។ គាត់និយាយថា៖ «ខ្ញុំឃើញបុគ្គលជាច្រើនដែលធ្លាក់ទឹកចិត្តនៅតស៊ូបាន ដោយសារមានជំនួយពីព្រះយេហូវ៉ា»។
១៥. តើគំរូរបស់ពេត្រុសនិងបងហូសបង្ហាញយ៉ាងណាថាម៉ាថាយ ៦:៣៣គឺជាការពិត?
១៥ ដូចព្រះយេហូវ៉ាបានផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពេត្រុសនិងពួកសាវ័កឯទៀត លោកនឹងបំពេញសេចក្ដីត្រូវការរបស់យើងពេលដែលយើងចាត់ទុកកិច្ចបម្រើផ្សាយថាសំខាន់បំផុតក្នុងជីវិតយើង។ (ម៉ាថ. ៦:៣៣) បន្ទាប់ពីសង្គ្រាមលោកលើកទី២ បងហូសដែលបានត្រូវរៀបរាប់នៅខាងលើបានគិតអំពីការធ្វើជាអ្នកត្រួសត្រាយ។ ប៉ុន្តែ គាត់ក្រណាស់ ហើយសង្ស័យថាគាត់មិនអាចរកលុយឲ្យបានគ្រប់គ្រាន់ដើម្បីបន្តក្នុងកិច្ចបម្រើពេញពេលទេ។ តើគាត់ធ្វើអ្វី? គាត់បានសម្រេចចិត្តល្បងលព្រះយេហូវ៉ា ដោយចំណាយពេលក្នុងកិច្ចបម្រើផ្សាយពេញមួយសប្ដាហ៍នៅក្នុងអំឡុងទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ នៅចុងសប្ដាហ៍ គាត់ភ្ញាក់ផ្អើលពេលអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនោះបានហុចសំបុត្រមួយពីជនអនាមិកម្នាក់ឲ្យគាត់។ ក្នុងសំបុត្រនោះមានលុយដើម្បីផ្គត់ផ្គង់គាត់ក្នុងកិច្ចបម្រើពេញពេលសម្រាប់ប៉ុន្មានខែ។ បងហូសបានចាត់ទុកអំណោយនេះថាជាការបង្ហាញថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់គាត់ ហើយពីពេលនោះទៅ គាត់បានចាត់ទុករាជាណាចក្រព្រះថាសំខាន់បំផុតក្នុងជីវិតរបស់គាត់។—ម៉ាឡ. ៣:១០
១៦. ហេតុអ្វីគឺជាការល្អឲ្យយើងរៀនថែមទៀតអំពីពេត្រុសនិងអ្វីដែលគាត់បានសរសេរក្នុងសំបុត្ររបស់គាត់?
១៦ ពេត្រុសច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ដែលលោកយេស៊ូមិនបានចេញពីគាត់ ដូចដែលគាត់ធ្លាប់បានសុំ។ លោកយេស៊ូបានបន្តបង្ហាត់បង្រៀនពេត្រុសឲ្យទៅជាសាវ័កដ៏ស្មោះត្រង់និងជាគំរូដ៏ប្រសើរចំពោះគ្រិស្តសាសនិក។ កំណត់ហេតុអំពីការបង្ហាត់បង្រៀននោះមានមេរៀនដ៏មានតម្លៃជាច្រើនដែលអាចផ្ដល់ប្រយោជន៍ដល់យើងទាំងអស់គ្នា។ ពេត្រុសបានចែករំលែកមេរៀនខ្លះទាំងនេះនិងច្រើនថែមទៀតនៅក្នុងសំបុត្រពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ដែលគាត់បានផ្ញើទៅក្រុមជំនុំនៅសតវត្សរ៍ទី១។ នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីការរំលឹកមួយចំនួនពីសំបុត្រទាំងនេះនិងរបៀបដែលយើងអាចធ្វើតាមការរំលឹកទាំងនេះនៅសព្វថ្ងៃ។
ចម្រៀងលេខ១២៦ ត្រូវដឹងខ្លួន រឹងមាំ ហើយខ្លាំងក្លា
a អត្ថបទនេះបានត្រូវរៀបចំឡើងដើម្បីពង្រឹងទំនុកចិត្តពួកអ្នកដែលតយុទ្ធនឹងភាពទន់ខ្សោយរបស់ខ្លួនថា ពួកគេអាចយកឈ្នះភាពទន់ខ្សោយទាំងនោះ ហើយតស៊ូក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។
b បទគម្ពីរជាច្រើនក្នុងអត្ថបទនេះមកពីសៀវភៅដំណឹងល្អដែលរៀបរាប់ដោយម៉ាកុស។ គាត់ទំនងជាបានកត់ទុកអ្វីដែលគាត់បានឮពីពេត្រុស ដែលជាសាក្សីម្នាក់អំពីព្រឹត្តិការណ៍ទាំងនេះ។
c ការពណ៌នាអំពីរូបភាព៖ ដូចឃើញក្នុងការសម្ដែងនេះ ឪពុកម្ដាយរបស់បងហូស ហេនសូលបានអធិដ្ឋានជាមួយគាត់ ហើយបានពង្រឹងការតាំងចិត្តរបស់គាត់ឲ្យកាន់ជំហរមាំមួន។