លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា៤១

តើយើងអាចរៀនអ្វីពីសំបុត្រទាំងពីររបស់ពេត្រុស?

តើយើងអាចរៀនអ្វីពីសំបុត្រទាំងពីររបស់ពេត្រុស?

​«​ខ្ញុំ​ប្រុង​ប្រៀប​រំលឹក​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​ជា​និច្ច​»។—២ពេ. ១:១២

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

សេចក្ដី​សង្ខេប a

១. មិន​យូរ​មុន​សាវ័ក​ពេត្រុស​ស្លាប់ តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​ធ្វើ​អ្វី?

 សាវ័ក​ពេត្រុស​បាន​ដឹង​ថា​មិន​យូរ​ទៀត​គាត់​នឹង​ស្លាប់។ ក្នុង​អំឡុង​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ពេត្រុស​អស់​រាប់​ទសវត្សរ៍ គាត់​បាន​ដើរ​ជា​មួយ​លោក​យេស៊ូ បាន​ចាប់​ផ្ដើម​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ថ្មី និង​បាន​បម្រើ​ជា​សមាជិក​គណៈ​អភិបាល។ ប៉ុន្តែ កិច្ច​បម្រើ​របស់​ពេត្រុស​មិន​បាន​ឈប់​នៅ​ពេល​នោះ​ទេ។ ប្រហែល​ជា​នៅ​ឆ្នាំ​៦២​-​៦៤ គ.ស. ព្រះ​បាន​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​សំបុត្រ​ពីរ​ក្នុង​គម្ពីរ​គឺ​សៀវភៅ​ពេត្រុស​ទី​១​និង​ទី​២។ ពេត្រុស​បាន​សង្ឃឹម​ថា​សំបុត្រ​ទាំង​នេះ​នឹង​ជួយ​គ្រិស្ត​សាសនិក​ក្រោយ​ពី​គាត់​ស្លាប់។—២ពេ. ១:១២​-​១៥

២. ហេតុ​អ្វី​សំបុត្រ​របស់​ពេត្រុស​គឺ​ត្រូវ​ពេល?

ពេត្រុស​បាន​សរសេរ​សំបុត្រ​របស់​គាត់​នៅ​ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​«​ព្រួយ​ចិត្ត . . . ដោយ​សារទុក្ខ​លំបាក​ផ្សេង​ៗ​»។ (​១ពេ. ១:៦​) មនុស្ស​អាក្រក់​ព្យាយាម​នាំ​សេចក្ដី​បង្រៀន​មិន​ពិត​និង​ការ​ប្រព្រឹត្ត​មិន​ស្អាត​ស្អំ​ឲ្យ​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (​២ពេ. ២:១, ២, ១៤​) មិន​យូរ​ទៀត គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​នឹង​ជួប​«​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​»​ ពោល​គឺ​ការ​បំផ្លាញ​ក្រុង​នោះ​និង​វិហារ​ក្នុង​ក្រុង​នោះ​ដោយ​កង​ទ័ព​រ៉ូម។ (​១ពេ. ៤:៧​) សំបុត្រ​របស់​ពេត្រុស​ច្បាស់​ជា​បាន​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ឃើញ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​គ្រា​នោះ និង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក​នៅ​ថ្ងៃ​អនាគត។ b

៣. ហេតុ​អ្វី​យើង​គួរ​ពិចារណា​សំបុត្រ​របស់​ពេត្រុស?

ទោះ​ជា​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទាំង​ពីរ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក្ដី ព្រះ​យេហូវ៉ា​បាន​ឲ្យ​សំបុត្រ​ទាំង​នេះ​មាន​នៅ​ក្នុង​បណ្ដាំ​របស់​លោក។ ដូច្នេះ ឥឡូវ​យើង​អាច​ទទួល​ប្រយោជន៍​ពី​សំបុត្រ​ទាំង​នេះ​បាន។ (​រ៉ូម ១៥:៤​) ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ពេញ​ទៅ​ដោយ​ការ​ប្រព្រឹត្ត​មិន​ស្អាត​ស្អំ យើង​ក៏​អាច​ជួប​ទុក្ខ​លំបាក​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ បន្ថែម​ទៅ​ទៀត នៅ​ឆាប់​ៗ​ខាង​មុខ យើង​នឹង​ជួប​ទុក្ខ​វេទនា​ដែល​ខ្លាំង​ជាង​ទុក្ខ​វេទនា​ដែល​ពួក​យូដា​បាន​ជួប ក្នុង​អំឡុង​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម​និង​វិហារ​ក្នុង​ក្រុង​នោះ។ យើង​អាច​ទទួល​ការ​រំលឹក​សំខាន់​ៗ​ពី​សំបុត្រ​ពីរ​របស់​ពេត្រុស។ ការ​រំលឹក​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ដ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា យក​ឈ្នះ​ការ​ខ្លាច​មនុស្ស ហើយ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​រំលឹក​បែប​នេះ​ក៏​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ឃើញ​អំពី​របៀប​ដែល​ពួក​គេ​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​នៅ​មាំ​មួន។

ចូរ​បន្ដ​ទន្ទឹង​រង់​ចាំ

៤. ដូច​បង្ហាញ​នៅ​ពេត្រុស​ទី២ ៣:៣, ៤ តើ​អ្វី​អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​រង្គោះ​រង្គើ?

មនុស្ស​នៅ​ជុំ​វិញ​យើង​មិន​មាន​ជំនឿ​ទៅ​លើ​ទំនាយ​ក្នុង​គម្ពីរ​ទេ។ ពួក​អ្នក​ប្រឆាំង​ប្រហែល​ជា​សើច​ចំអក​យើង ដោយ​សារ​យើង​និយាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ទី​បញ្ចប់​នឹង​មក​ដល់។ មនុស្ស​ខ្លះ​ទៀត​អះអាង​ថា​ទី​បញ្ចប់​នឹង​មិន​មក​ទេ។ (​សូម​អាន ពេត្រុស​ទី២ ៣:៣, ៤) បើ​យើង​ឮ​ពាក្យ​សម្ដី​បែប​នេះ​ពី​ម្ចាស់​ផ្ទះ អ្នក​រួម​ការ​ងារ ឬ​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​យើង ជំនឿ​របស់​យើង​អាច​រង្គោះ​រង្គើ។ ពេត្រុស​បាន​ពន្យល់​អំពី​អ្វី​ដែល​អាច​ជួយ​យើង។

៥. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ស្ដី​អំពី​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ? (​ពេត្រុស​ទី២ ៣:៨, ៩​)

ចំពោះ​អ្នក​ខ្លះ ប្រហែល​ជា​មើល​ទៅ​ព្រះ​យេហូវ៉ា​ក្រ​នឹង​បញ្ចប់​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នៅ​បច្ចុប្បន្ន​នេះ។ ពាក្យ​របស់​ពេត្រុស​អាច​ជួយ​យើង​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ ដោយ​រំលឹក​យើង​ថា​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​ពេល​វេលា​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ទស្សនៈ​របស់​មនុស្ស។ (​សូម​អាន ពេត្រុស​ទី២ ៣:៨, ៩) មួយ​ពាន់​ឆ្នាំ​ស្មើ​នឹង​មួយ​ថ្ងៃ​ចំពោះ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់ ហើយ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ ប៉ុន្តែ​ពេល​ដែល​ថ្ងៃ​របស់​លោក​មក​ដល់ របៀប​របប​ពិភព​លោក​នេះ​នឹង​មក​ដល់​ទី​បញ្ចប់។ យើង​មាន​ឯកសិទ្ធិ​ប្រើ​ពេល​ដែល​នៅ​សល់​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ជាតិ​សាសន៍។

៦. តើ​យើង​«​ចាំ​ជាប់​ជា​និច្ច​»​នូវ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? (​ពេត្រុស​ទី២ ៣:១១, ១២​)

ពេត្រុស​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ចាំ​ជាប់​ជា​និច្ច​»​នូវ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ (​សូម​អាន ពេត្រុស​ទី២ ៣:១១, ១២) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ព្យាយាម​រំពឹង​គិត​អំពី​ពរ​នៅ​ក្នុង​ពិភព​លោក​ថ្មី។ សូម​ស្រមៃ​ឃើញ​ខ្លួន​អ្នក​កំពុង​ដក​ដង្ហើម​ស្រូប​យក​ខ្យល់​ដ៏​បរិសុទ្ធ បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ ស្វាគមន៍​មនុស្ស​ជា​ទី​ស្រឡាញ់​កាល​ដែល​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ និង​បង្រៀន​មនុស្ស​ដែល​បាន​រស់​នៅ​រាប់​រយ​ឆ្នាំ​មុន​អំពី​ការ​សម្រេច​នៃ​ទំនាយ​ក្នុង​គម្ពីរ។ ការ​រំពឹង​គិត​បែប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ទន្ទឹង​រង់​ចាំ​ពេល​នោះ ហើយ​ជឿ​ប្រាកដ​ថា​ទី​បញ្ចប់​នឹង​មក​ដល់​មិន​យូរ​ទៀត។ ដោយ​«​ដឹង​អំពី​»​អនាគត​របស់​យើង​«​ជា​មុន​»​ យើង​នឹង​មិន​«​វង្វេង​ចេញ​»​ដោយ​អ្នក​បង្រៀន​មិន​ពិត​ឡើយ។—២ពេ. ៣:១៧

ចូរ​យក​ឈ្នះ​ការ​ខ្លាច​មនុស្ស

៧. តើ​ការ​ភ័យ​ខ្លាច​មនុស្ស​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

កាល​ដែល​យើង​ចាំ​ជាប់​ជា​និច្ច​នូវ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ ប៉ុន្តែ ជួន​កាល​យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​និយាយ​ប្រាប់​ពួក​គេ។ ហេតុ​អ្វី? ពីព្រោះ​យើង​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​មនុស្ស​ឯ​ទៀត​អាច​គិត​អំពី​យើង ឬ​ធ្វើ​មក​លើ​យើង។ នេះ​បាន​កើត​ឡើង​ចំពោះ​ពេត្រុស។ នៅ​យប់​ដែល​លោក​យេស៊ូ​ត្រូវ​គេ​វិនិច្ឆ័យ​ក្ដី ពេត្រុស​មិន​ហ៊ាន​និយាយ​ថា​គាត់​គឺ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក ហើយ​ថែម​ទាំង​បាន​បដិសេធ​មិន​ស្គាល់​លោក​ប៉ុន្មាន​ដង​ទៀត​ផង។ (​ម៉ាថ. ២៦:៦៩​-​៧៥​) ប៉ុន្តែ ពេត្រុស​បាន​យក​ឈ្នះ​ការ​ខ្លាច​មនុស្ស ហើយ​ក្រោយ​មក​និយាយ​ដោយ​ជឿ​ជាក់​ថា​៖ ​«​កុំ​ខ្លាច​អ្វី​ដែល​មនុស្ស​ឯ​ទៀត​ខ្លាច​ឡើយ ហើយ​កុំ​ព្រួយ​បារម្ភ​»។ (​១ពេ. ៣:១៤​) ពាក្យ​របស់​ពេត្រុស​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា យើង​ក៏​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស​ដែរ។

៨. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស? (​ពេត្រុស​ទី១ ៣:១៥​)

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស? ពេត្រុស​ប្រាប់​យើង​ថា​៖ ​«​ចូរ​ទទួល​ស្គាល់​គ្រិស្ត​ជា​ម្ចាស់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​»។ (​សូម​អាន ពេត្រុស​ទី១ ៣:១៥) នេះ​រួម​បញ្ចូល​ការ​រំពឹង​គិត​អំពី​ឋានៈ​និង​អំណាច​ដែល​ម្ចាស់​និង​ស្ដេច​របស់​យើង គឺ​លោក​យេស៊ូ​គ្រិស្ត​មាន។ បើ​អ្នក​ភ័យ​ខ្លាច​ពេល​អ្នក​មាន​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ សូម​នឹក​ចាំ​អំពី​ស្ដេច​របស់​យើង។ សូម​ស្រមៃ​ឃើញ​លោក​កំពុង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ដោយ​មាន​ទេវតា​ច្រើន​ឥត​គណនា​នៅ​ជា​មួយ។ សូម​នឹក​ចាំ​ថា​លោក​មាន​«​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​»​ ហើយ​ថា​លោក​នឹង​‹នៅ​ជា​មួយ​នឹង​អ្នក​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ›។ (​ម៉ាថ. ២៨:១៨​-​២០​) ពេត្រុស​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ប្រុង​ប្រៀប​ជា​និច្ច​»​ដើម្បី​និយាយ​ការ​ពារ​ជំនឿ​របស់​យើង។ តើ​អ្នក​ចង់​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ឬ​ទេ? សូម​គិត​ទុក​ជា​មុន​អំពី​ពេល​ដែល​អ្នក​អាច​ធ្វើ​ដូច្នេះ រួច​មក​ត្រៀម​ពាក្យ​ដើម្បី​និយាយ។ សូម​អធិដ្ឋាន​សុំ​ចិត្ត​ក្លាហាន ដោយ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​មនុស្ស។—សកម្ម. ៤:២៩

ចូរ​មាន​សេចក្ដី​‹ស្រឡាញ់​ឲ្យ​ខ្លាំង›

ពេត្រុស​បាន​ទទួល​យក​ការ​កែ​តម្រង់​ពី​ប៉ូល។ សំបុត្រ​ពីរ​ដែល​ពេត្រុស​បាន​សរសេរ​បង្រៀន​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​យើង (​សូម​មើល​វគ្គ​៩​)​

៩. នៅ​ពេល​មួយ តើ​ពេត្រុស​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ពេត្រុស​បាន​រៀន​អំពី​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់។ គាត់​បាន​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​»។ (​យ៉ូន. ១៣:៣៤​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​ពេល​ក្រោយ​មក​ពេត្រុស​មិន​ព្រម​បរិភោគ​ជា​មួយ​គ្រិស្ត​សាសនិក​ដែល​ជា​ជន​ជាតិ​ដទៃ​ទេ ដោយ​សារ​គាត់​ខ្លាច​គ្រិស្ត​សាសនិក​ដែល​ជា​ជនជាតិ​យូដា។ សាវ័ក​ប៉ូល​បាន​ហៅ​ការ​ប្រព្រឹត្ត​នេះ​ថា​៖ ​«​ការ​ធ្វើ​ពើ​»​ឬ​ការ​លាក់​ពុត។ (​កាឡ. ២:១១​-​១៤​) ពេត្រុស​បាន​ទទួល​យក​ការ​កែ​តម្រង់​ពី​ប៉ូល ហើយ​បាន​រៀន​ពី​នោះ។ ក្នុង​សំបុត្រ​ទាំង​ពីរ​របស់​ពេត្រុស គាត់​បាន​លើក​ឡើង​ថា យើង​មិន​គ្រាន់​តែ​គួរ​មាន​អារម្មណ៍​ថា​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ដែរ។

១០. តើ​ការ​«​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​គ្មាន​ពុត​ត្បុត​»​គឺ​មក​ពី​អ្វី? សូម​ពន្យល់។ (​ពេត្រុស​ទី១ ១:២២​)

១០ ពេត្រុស​និយាយ​ថា​យើង​គួរ​មាន​សេចក្ដី​‹ស្រឡាញ់​ជា​បង​ប្អូន​ដោយ​គ្មាន​ពុត​ត្បុត›​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ (​សូម​អាន ពេត្រុស​ទី១ ១:២២) សេចក្ដី​ស្រឡាញ់​បែប​នេះ​គឺ​មក​ពី​ការ​«​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​»។ សេចក្ដី​ពិត​នេះ​រួម​បញ្ចូល​សេចក្ដី​បង្រៀន​ដែល​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ​»។ (​សកម្ម. ១០:៣៤, ៣៥​) យើង​មិន​អាច​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​អំពី​សេចក្ដី​ស្រឡាញ់​បាន​ទេ បើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​តែ​ចំពោះ​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​មិន​បង្ហាញ​ចំពោះ​អ្នក​ខ្លះ​ទៀត។ ពិត​មែន​ថា យើង​ប្រហែល​ជា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ចំពោះ​បុគ្គល​ខ្លះ ដូច​លោក​យេស៊ូ​ដែរ។ (​យ៉ូន. ១៣:២៣; ២០:២​) ប៉ុន្តែ ពេត្រុស​រំលឹក​យើង​ថា យើង​គួរ​ព្យាយាម​«​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»​ គឺ​មាន​អារម្មណ៍​បែប​កក់​ក្ដៅ​ដូច​ក្រុម​គ្រួសារ​ចំពោះ​បង​ប្អូន​ទាំង​អស់។—១ពេ. ២:១៧

១១. តើ​ការ​ស្រឡាញ់​អ្នក​ឯ​ទៀត​«​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»​រួម​បញ្ចូល​អ្វី?

១១ ពេត្រុស​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»។ ក្នុង​បរិបទ​នេះ ការ​ស្រឡាញ់​«​ឲ្យ​ខ្លាំង​»​រួម​បញ្ចូល​ការ​ស្រឡាញ់​បុគ្គល​ណា​ម្នាក់ ទោះ​ជា​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ក្ដី។ ជា​ឧទាហរណ៍ ចុះ​បើ​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត​ឬ​ឈឺ​ចិត្ត​ដោយ​ហេតុ​ណា​មួយ? ជា​ជាង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដំបូង​យើង​ប្រហែល​ជា​ចង់​ប្រព្រឹត្ត​ទៅ​លើ​គាត់ ដូច​ដែល​គាត់​ប្រព្រឹត្ត​មក​លើ​យើង។ ប៉ុន្តែ​ពេត្រុស​បាន​រៀន​ពី​លោក​យេស៊ូ​ថា​ព្រះ​មិន​ពេញ​ចិត្ត​ការ​ប្រព្រឹត្ត​បែប​នេះ​ទេ។ (​យ៉ូន. ១៨:១០, ១១​) ពេត្រុស​បាន​សរសេរ​ថា​៖ ​«​មិន​ត្រូវ​ធ្វើ​អំពើ​អាក្រក់​សង​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន ឬ​ប្រមាថ​តប​ទៅ​អ្នក​ដែល​ប្រមាថ​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ពរ​គេ​»។ (​១ពេ. ៣:៩​) ពេល​អ្នក​ស្រឡាញ់​អ្នក​ឯ​ទៀត​ឲ្យ​ខ្លាំង អ្នក​នឹង​សប្បុរស​និង​ចេះ​គិត​គូរ សូម្បី​តែ​ចំពោះ​ពួក​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ក្ដី។

១២. (​ក​) តើ​ការ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ទៀត? (​ខ​) ដូច​ដែល​បាន​បង្ហាញ​ក្នុង​វីដេអូ​ចូរ​ស្វែង​រក​សាមគ្គីភាព​ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ តើ​អ្នក​ចង់​ព្យាយាម​ធ្វើ​អ្វី?

១២ ក្នុង​សំបុត្រ​ទី​១​របស់​ពេត្រុស គាត់​បាន​និយាយ​ថា​ការ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​នឹង​ជួយ​យើង​ឲ្យ​អភ័យ​ទោស មិន​គ្រាន់​តែ​ចំពោះ​ការ​ខុស​ឆ្គង​ខ្លះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​«​ការ​ខុស​ឆ្គង​ជា​ច្រើន​»​វិញ។ (​១ពេ. ៤:៨​) ពេត្រុស​ប្រហែល​ជា​នឹក​ចាំ​មេ​រៀន​អំពី​ការ​អភ័យ​ទោស​ដែល​លោក​យេស៊ូ​បាន​បង្រៀន​គាត់​ច្រើន​ឆ្នាំ​មុន។ នៅ​ពេល​នោះ ពេត្រុស​ទំនង​ជា​គិត​ថា​គាត់​ល្អ​គ្រប់​គ្រាន់​ហើយ ដែល​គាត់​នឹង​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​គាត់​«​រហូត​ដល់​៧​ដង​»។ ប៉ុន្តែ លោក​យេស៊ូ​បាន​បង្រៀន​គាត់​និង​យើង​ឲ្យ​អភ័យ​ទោស​«​រហូត​ដល់​៧៧​ដង​»​ ពោល​គឺ​គ្មាន​កំណត់​ទេ។ (​ម៉ាថ. ១៨:២១, ២២​) បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​អ្នក​ពិបាក​ធ្វើ​តាម​យោបល់​នេះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ! ជួន​កាល អ្នក​បម្រើ​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ពិបាក​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ ប៉ុន្តែ​អ្វី​សំខាន់​នៅ​ឥឡូវ​នេះ​គឺ ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​អភ័យ​ទោស​ឲ្យ​បង​ប្អូន ហើយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​គាត់។ c

អ្នក​ចាស់​ទុំ​ទាំង​ឡាយ ចូរ​ឃ្វាល​ហ្វូង​ចៀម

១៣. តើ​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​ទុំ​ពិបាក​ឃ្វាល​ហ្វូង​ចៀម?

១៣ ពេត្រុស​ច្បាស់​ជា​ចាំ​មិន​ភ្លេច​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​គាត់​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដែល​ថា​៖ ​«​ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។ (​យ៉ូន. ២១:១៦​) បើ​អ្នក​ជា​អ្នក​ចាស់​ទុំ អ្នក​ដឹង​ថា​អ្នក​ក៏​ត្រូវ​ធ្វើ​តាម​យោបល់​នេះ​ដែរ។ ប៉ុន្តែ ជួន​កាល​ពិបាក​ឲ្យ​អ្នក​ចាស់​ទុំ​រក​ពេល​ដើម្បី​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ។ អ្នក​ចាស់​ទុំ​ត្រូវ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្លួន យក​ចិត្ត​ទុក​ដាក់​ផ្លូវ​ចិត្ត​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ នេះ​ជា​អ្វី​ដែល​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ជា​មុន​សិន។ ពួក​គេ​ក៏​នាំ​មុខ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ព្រម​ទាំង​រៀប​ចំ​និង​មាន​ផ្នែក​នៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​ផង​ដែរ។ អ្នក​ចាស់​ទុំ​ខ្លះ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ ឬ​ទទួល​ភារកិច្ច​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់។ ពួក​អ្នក​ចាស់​ទុំ​ពិត​ជា​រវល់​មែន!

ទោះ​ជា​រវល់​យ៉ាង​ណា​ក្ដី អ្នក​ចាស់​ទុំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ (​សូម​មើល​វគ្គ​១៤​-​១៥​)​

១៤. តើ​អ្វី​អាច​ជំរុញ​ចិត្ត​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ឃ្វាល​ហ្វូង​ចៀម? (​ពេត្រុស​ទី១ ៥:១​-​៤​)

១៤ ពេត្រុស​លើក​ទឹក​ចិត្ត​អ្នក​ចាស់​ទុំ​គ្នី​គ្នា​ថា​៖ ​«​ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​»។ (​សូម​អាន ពេត្រុស​ទី១ ៥:១​-​៤) បើ​អ្នក​ជា​អ្នក​ចាស់​ទុំ យើង​ដឹង​ថា​អ្នក​ស្រឡាញ់​បង​ប្អូន​និង​ចង់​ឃ្វាល​ពួក​គេ។ ប៉ុន្តែ ជួន​កាល​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​រវល់​ពេក ឬ​អស់​កម្លាំង​ពេក​រហូត​ដល់​មិន​អាច​បំពេញ​ភារកិច្ច​នេះ​បាន​ទេ។ តើ​អ្នក​អាច​ធ្វើ​អ្វី? សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ការ​ខ្វល់​ខ្វាយ​ទាំង​អស់​របស់​អ្នក។ ពេត្រុស​បាន​សរ​សេថា​៖ ​«​បើ​អ្នក​ណា​បំពេញ​កិច្ច​បម្រើ អ្នក​នោះ​ត្រូវ​បំពេញ​កិច្ច​បម្រើ​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ​»។ (​១ពេ. ៤:១១​) បង​ប្អូន​របស់​អ្នក​ប្រហែល​ជា​កំពុង​ជួប​បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​ទាំង​ស្រុង​ក្នុង​របៀប​របប​ពិភព​លោក​នេះ​ទេ។ ប៉ុន្តែ សូម​ចាំ​ថា​«​មេ​គង្វាល​»​ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត​អាច​ជួយ​ពួក​គេ​លើស​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ។ លោក​អាច​ធ្វើ​ទាំង​នៅ​សព្វ​ថ្ងៃ​នេះ ទាំង​នៅ​ពិភព​លោក​ថ្មី។ ព្រះ​គ្រាន់​តែ​សុំ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ស្រឡាញ់​ហ្វូង​ចៀម ឃ្វាល​ពួក​គេ និង​«​ធ្វើ​ជា​គំរូ​»​ដល់​ពួក​គេ។

១៥. តើ​អ្នក​ចាស់​ទុំ​ម្នាក់​ឃ្វាល​ចៀម​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ បង​ប្រុស​វីល្លាម​ដែល​ជា​អ្នក​ចាស់​ទុំ​អស់​រយៈ​ពេល​ជា​យូរ​បាន​យល់​ថា​ការ​ឃ្វាល​បង​ប្អូន​គឺ​សំខាន់​ណាស់។ ពេល​ដែល​រោគ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​-​១៩​ផ្ទុះ​ឡើង គាត់​និង​អ្នក​ចាស់​ទុំ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​បាន​យល់​ថា​ការ​ទាក់​ទង​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ផ្សាយ​របស់​ពួក​គេ​ជា​រៀង​រាល់​សប្តាហ៍​ជា​អ្វី​សំខាន់​ណាស់។ គាត់​ពន្យល់​អំពី​មូលហេតុ​ថា​៖ ​«​បង​ប្អូន​ជា​ច្រើន​នៅ​ផ្ទះ​ម្នាក់​ឯង ហើយ​ពួក​គេ​អាច​ឆាប់​មាន​គំនិត​អវិជ្ជមាន​»។ ពេល​បង​ប្អូន​ណា​ម្នាក់​មាន​បញ្ហា បង​វីល្លាម​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​និង​កង្វល់​របស់​ពួក​គេ។ ក្រោយ​មក គាត់​ព្យាយាម​រក​មើល​សៀវភៅ​និង​វីដេអូ​ខ្លះ​ពី​គេហទំព័រ​របស់​យើង​ដែល​គាត់​អាច​ប្រើ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន។ គាត់​និយាយ​ថា​៖ ​«​ការ​ឃ្វាល​បង​ប្អូន​ឥឡូវ​នេះ គឺ​សំខាន់​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ យើង​ខំ​ព្យាយាម​ដើម្បី​ជួយ​មនុស្ស​ដែល​មិន​មែន​ជា​បង​ប្អូន​របស់​យើង​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា អ៊ីចឹង​យើង​ក៏​ត្រូវ​ខំ​ព្យាយាម​ដើម្បី​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​យេហូវ៉ា ដោយ​ជួយ​ពួក​គេ​ឲ្យ​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត​ដែរ​»។

សូម​ឲ្យ​ព្រះ​យេហូវ៉ា​បង្គ្រប់​ការ​ហ្វឹកហ្វឺន​របស់​អ្នក

១៦. តើ​យើង​អាច​ធ្វើ​តាម​មេ​រៀន​ដែល​យើង​បាន​រៀន​ពី​សំបុត្រ​របស់​ពេត្រុស​តាម​របៀប​ណា​ខ្លះ?

១៦ យើង​បាន​ពិចារណា​តែ​មេ​រៀន​ខ្លះ​ពី​សំបុត្រ​ពីរ​របស់​ពេត្រុស។ ប្រហែល​ជា​អ្នក​កត់​សម្គាល់​ឃើញ​ថា​មាន​អ្វី​ដែល​ខ្លួន​ចង់​រីក​ចម្រើន។ ជា​ឧទាហរណ៍ តើ​អ្នក​ចង់​រំពឹង​គិត​ច្រើន​ជាង​អំពី​ពរ​ដែល​នឹង​មាន​នៅ​ក្នុង​ពិភព​លោក​ថ្មី​ឬ​ទេ? តើ​អ្នក​កំណត់​គោល​ដៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ឬ? តើ​អ្នក​ឃើញ​របៀប​ណា​ខ្លះ​ដែល​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឲ្យ​ខ្លាំង​ចំពោះ​បង​ប្អូន​រួម​ជំនឿ​កាន់​តែ​ប្រសើរ​ឬ​ទេ? អ្នក​ចាស់​ទុំ តើ​អ្នក​តាំង​ចិត្ត​ឃ្វាល​ចៀម​របស់​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ឬ? ការ​ពិនិត្យ​ពិចារណា​ខ្លួន​ដោយ​ស្មោះ​ប្រហែល​ជា​នឹង​បង្ហាញ​ថា​អ្នក​មាន​ចំណុច​ខ្សោយ​ណា​ខ្លះ ប៉ុន្តែ​សូម​កុំ​ធ្លាក់​ទឹក​ចិត្ត។ ដោយ​សារ​លោក​ម្ចាស់​មាន​«​សេចក្ដី​សប្បុរស​»​ លោក​នឹង​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន។ (​១ពេ. ២:៣​) ពេត្រុស​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​៖ ​«​ព្រះ . . . នឹង​បង្គ្រប់​ការ​ហ្វឹកហ្វឺន​របស់​អ្នក​រាល់​គ្នា។ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំង​ក្លា លោក​នឹង​ជួយ​អ្នក​មិន​ឲ្យ​រង្គោះ​រង្គើ​ឡើយ​»។—១ពេ. ៥:១០

១៧. បើ​យើង​ត​ស៊ូ​និង​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​យើង តើ​នឹង​មាន​លទ្ធផល​អ្វី?

១៧ ដំបូង ពេត្រុស​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​នៅ​ជា​មួយ​លោក​យេស៊ូ​ទេ។ (​លូក. ៥:៨​) ប៉ុន្តែ ដោយ​មាន​ការ​គាំទ្រ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​និង​ពី​លោក​យេស៊ូ ពេត្រុស​បាន​បន្ដ​ត​ស៊ូ​ធ្វើ​ជា​អ្នក​កាន់​តាម​របស់​គ្រិស្ត។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពេត្រុស​«​ចូល​ក្នុង​រាជាណាចក្រ​ដែល​ស្ថិត​ស្ថេរ​ជា​ដរាប​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​អ្នក​សង្គ្រោះ​និង​ជា​ម្ចាស់​របស់​យើង​»។ (​២ពេ. ១:១១​) នេះ​ពិត​ជា​រង្វាន់​ដ៏​អស្ចារ្យ​មែន! បើ​អ្នក​ត​ស៊ូ​ដូច​ពេត្រុស ហើយ​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​អ្នក អ្នក​ក៏​នឹង​ទទួល​រង្វាន់​ដែល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ផង​ដែរ។ យ៉ាង​នេះ ​«​ជំនឿ​របស់​អ្នក​នឹង​នាំ​ឲ្យ​អ្នក​ទទួល​សេចក្ដី​សង្គ្រោះ​»។—១ពេ. ១:៩

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត

a ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​របៀប​ដែល​មេ​រៀន​ពី​សំបុត្រ​របស់​ពេត្រុស​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ ពួក​អ្នក​ចាស់​ទុំ​ក៏​នឹង​ឃើញ​អំពី​របៀប​ដែល​ពួក​គេ​អាច​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ជា​គង្វាល។

b គ្រិស្ត​សាសនិក​ដែល​រស់​នៅ​តំបន់​ប៉ាឡេស្ទីន​ទំនង​ជា​បាន​ទទួល​សំបុត្រ​ទាំង​ពីរ​របស់​ពេត្រុស​មុន​ការ​វាយ​ប្រហារ​ដំបូង​លើ​ក្រុង​យេរូសាឡិម​នា​ឆ្នាំ​៦៦ គ.ស.។

c សូម​ទស្សនា​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​ចូរ​ស្វែង​រក​សាមគ្គីភាព​ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ​ក្នុង​jw.org/km។