អត្ថបទសិក្សា៣៨
ប្អូនៗវ័យក្មេង តើប្អូនចង់បានជីវិតបែបណា?
«សមត្ថភាពវែកញែកនឹងឃុំគ្រងកូន»។—សុភ. ២:១១
ចម្រៀងលេខ១៣៥ ពាក្យអង្វររបស់ព្រះយេហូវ៉ា៖ «កូនអើយ ចូរមានប្រាជ្ញា»
សេចក្ដីសង្ខេប a
១. តើយេហូអាស អូសៀស និងយ៉ូសៀសជួបការពិបាកអ្វី?
សូមស្រមៃគិតថាប្អូនទៅជាស្ដេចលើរាស្ត្រព្រះពេលប្អូននៅតូចឬនៅវ័យជំទង់! ដូច្នេះ តើប្អូននឹងប្រើអំណាចរបស់ប្អូនយ៉ាងណា? គម្ពីរប្រាប់យើងអំពីមនុស្សវ័យក្មេងមួយចំនួនដែលបានទៅជាស្ដេចនៃស្រុកយូដា។ ជាឧទាហរណ៍ យេហូអាសមានអាយុត្រឹមតែ៧ឆ្នាំ អូសៀសអាយុ១៦ឆ្នាំ និងយ៉ូសៀសមានអាយុ៨ឆ្នាំ។ នេះច្បាស់ជាពិបាកខ្លាំងណាស់! ទោះជាយ៉ាងនេះក្ដី ពួកគាត់មានជំនួយដែលពួកគាត់ត្រូវការដើម្បីយកឈ្នះការពិបាក ហើយមានជីវិតល្អ។
២. ហេតុអ្វីយើងគួរយកចិត្តទុកដាក់ចំពោះគំរូរបស់យេហូអាស អូសៀស និងយ៉ូសៀស?
២ យើងមិនមែនជាស្ដេចឬមហាក្សត្រីទេ ប៉ុន្តែយើងអាចរៀនមេរៀនដ៏មានតម្លៃពីបុគ្គលបីនាក់នេះដែលបានត្រូវរៀបរាប់ក្នុងគម្ពីរ។ ពួកគាត់បានធ្វើការសម្រេចចិត្តល្អ ប៉ុន្តែពួកគាត់ក៏បានធ្វើការសម្រេចចិត្តមិនល្អដែរ។ ដោយប្រើគំរូរបស់ពួកគាត់ យើងនឹងឃើញមូលហេតុដែលយើងត្រូវជ្រើសរើសមិត្តល្អ រក្សាចិត្តរាបទាប និងបន្ដស្វែងរកព្រះយេហូវ៉ា។
ចូរជ្រើសរើសមិត្តល្អ
៣. តើការណែនាំរបស់សម្ដេចសង្ឃយេហូយ៉ាដាបានជួយស្ដេចយេហូអាសឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃយ៉ាងដូចម្ដេច?
៣ ចូរធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដូចយេហូអាស។ ពេលយេហូអាសនៅក្មេង ឪពុករបស់គាត់បានស្លាប់។ សម្ដេចសង្ឃយេហូយ៉ាដាបានចិញ្ចឹមអប់រំគាត់ ហើយបង្រៀនគាត់អំពីព្រះយេហូវ៉ា។ យេហូអាសមានប្រាជ្ញា ពីព្រោះគាត់បានស្ដាប់យោបល់ដែលយេហូយ៉ាដាបានឲ្យគាត់។ ដោយសារគំរូរបស់យេហូយ៉ាដា យេហូអាសបានសម្រេចចិត្តបម្រើព្រះយេហូវ៉ា ហើយជួយបណ្ដាជនឲ្យបម្រើលោកដែរ។ យេហូអាសថែមទាំងបានរៀបចំជួសជុលវិហាររបស់ព្រះយេហូវ៉ាផងដែរ។—២ប្រ. ២៤:១, ២, ៤, ១៣, ១៤
៤. តើយើងទទួលប្រយោជន៍យ៉ាងណាពេលយើងស្រឡាញ់ព្រះយេហូវ៉ានិងធ្វើតាមបង្គាប់របស់លោក? (សុភាសិត ២:១, ១០-១២)
៤ បើប្អូនកំពុងទទួលការបង្ហាត់បង្រៀនឲ្យស្រឡាញ់ព្រះយេហូវ៉ា និងឲ្យមានរបៀបរស់នៅស្របតាមខ្នាតតម្រារបស់លោក ប្អូនកំពុងទទួលអំណោយដ៏មានតម្លៃ។ (សូមអាន សុភាសិត ២:១, ១០-១២) ឪពុកម្ដាយអាចផ្ដល់ការបង្ហាត់បង្រៀនតាមរបៀបផ្សេងៗ។ សូមគិតអំពីរបៀបដែលឪពុករបស់បងស្រីម្នាក់ឈ្មោះខាធីយ៉ាបានជួយគាត់ឲ្យធ្វើការសម្រេចចិត្តល្អ។ រាល់ថ្ងៃកាលដែលឪពុកគាត់ជូនគាត់ទៅសាលា ឪពុកគាត់ពិគ្រោះបទគម្ពីរប្រចាំថ្ងៃជាមួយគាត់។ បងខាធីយ៉ានិយាយថា៖ «ការពិគ្រោះទាំងនោះបានជួយខ្ញុំឲ្យធ្វើអ្វីដែលត្រឹមត្រូវពេលមានបញ្ហាក្នុងអំឡុងថ្ងៃនោះ»។ ប៉ុន្តែ ចុះយ៉ាងណាបើការណែនាំដែលមានមូលដ្ឋានលើគម្ពីរដែលឪពុកម្ដាយរបស់ប្អូនឲ្យប្អូន មើលទៅបិទសិទ្ធិសេរីភាពរបស់ប្អូន? តើអ្វីអាចជួយប្អូនឲ្យទទួលយកការណែនាំពីពួកគេ? បងស្រីម្នាក់ឈ្មោះអាណាស្តាស៊ីយ៉ានឹកចាំថា ឪពុកម្ដាយរបស់គាត់បានលៃទុកពេលដើម្បីពន្យល់មូលហេតុដែលពួកគេបង្កើតច្បាប់។ គាត់និយាយថា៖ «នេះបានជួយខ្ញុំឲ្យយល់ថាពួកគាត់មិនមែនបង្កើតច្បាប់ទាំងនោះដើម្បីគ្រប់គ្រងខ្ញុំទេ តែដើម្បីការពារខ្ញុំដោយសារពួកគាត់ស្រឡាញ់ខ្ញុំ»។
៥. តើការប្រព្រឹត្តរបស់ប្អូននឹងមានឥទ្ធិពលយ៉ាងណាទៅលើឪពុកម្ដាយនិងព្រះយេហូវ៉ា? (សុភាសិត ២២:៦; ២៣:១៥, ២៤, ២៥)
៥ កាលដែលប្អូនធ្វើតាមយោបល់ដែលមានមូលដ្ឋានលើគម្ពីរដែលប្អូនទទួល ប្អូននឹងធ្វើឲ្យឪពុកម្ដាយរបស់ប្អូនសប្បាយរីករាយ។ សំខាន់ជាងនេះទៅទៀត ប្អូននឹងធ្វើឲ្យព្រះសប្បាយរីករាយ ហើយប្អូននឹងមានចំណងមិត្តភាពកាន់តែរឹងមាំជាមួយលោក។ (សូមអាន សុភាសិត ២២:៦; ២៣:១៥, ២៤, ២៥) អ្វីទាំងនេះគឺជាមូលហេតុល្អឲ្យប្អូនធ្វើតាមគំរូរបស់យេហូអាសពេលដែលគាត់នៅក្មេង មែនទេ?
៦. តើយេហូអាសបានចាប់ផ្ដើមស្ដាប់យោបល់ពីអ្នកណា ហើយតើនោះមានលទ្ធផលអ្វី? (ប្រវត្តិហេតុទី២ ២៤:១៧, ១៨)
៦ ចូរទាញមេរៀនពីការសម្រេចចិត្តមិនល្អរបស់យេហូអាស។ ក្រោយពីយេហូយ៉ាដាបានស្លាប់ យេហូអាសបានជ្រើសរើសមិត្តភក្តិមិនល្អ។ (សូមអាន ប្រវត្តិហេតុទី២ ២៤:១៧, ១៨) គាត់បានសម្រេចចិត្តស្ដាប់តាមយោបល់របស់ពួកអ្នកគ្រប់គ្រងនៅស្រុកយូដាដែលមិនស្រឡាញ់ព្រះយេហូវ៉ា។ ប្អូនទំនងជាយល់ស្របថាយេហូអាសគួរជៀសវាងពីពួកគេ ដោយសារពួកគេធ្វើអ្វីដែលខុស។ (សុភ. ១:១០) ផ្ទុយទៅវិញ គាត់បានស្ដាប់តាមយោបល់មិនល្អរបស់ពួកគេ។ តាមពិត ពេលសាការីដែលជាបងប្អូនជីដូនមួយរបស់យេហូអាសបានព្យាយាមកែតម្រង់យេហូអាស យេហូអាសបានឲ្យគេសម្លាប់គាត់។ (២ប្រ. ២៤:២០, ២១; ម៉ាថ. ២៣:៣៥) នេះពិតជាអាក្រក់និងល្ងង់ខ្លៅមែន! យេហូអាសជាបុគ្គលល្អពេលនៅក្មេង ប៉ុន្តែគួរឲ្យស្ដាយ ក្រោយមកគាត់បានទៅជាអ្នកក្បត់ជំនឿនិងឃាតករ។ នៅទីបំផុត ពួកអ្នកបម្រើរបស់គាត់បានសម្លាប់គាត់។ (២ប្រ. ២៤:២២-២៥) ជីវិតរបស់គាត់នឹងខុស គ្នាឆ្ងាយណាស់ បើគាត់បន្ដស្ដាប់ព្រះយេហូវ៉ានិងពួកអ្នកដែលស្រឡាញ់លោក! តើប្អូនចង់ទាញយកមេរៀនអ្វីពីគំរូនេះ?
៧. តើប្អូនគួរជ្រើសរើសអ្នកណាជាមិត្ត? (សូមមើលរូបភាពផងដែរ)
៧ មេរៀនមួយដែលយើងអាចរៀនពីការសម្រេចចិត្តមិនល្អរបស់យេហូអាសគឺថាយើងត្រូវជ្រើសរើសមិត្តភក្ដិដែលនឹងជះឥទ្ធិពលល្អមកលើយើង គឺមិត្តដែលស្រឡាញ់ព្រះយេហូវ៉ានិងដែលចង់ធ្វើឲ្យលោកសប្បាយចិត្ត។ មិត្តភក្ដិមិនប្រកាន់អាយុ យើងអាចមានមិត្តភក្ដិដែលចាស់ជាង ឬក្មេងជាងយើងក៏បាន។ សូមចាំថាយេហូអាសក្មេងជាងមិត្តរបស់គាត់គឺយេហូយ៉ាដាឆ្ងាយណាស់។ ស្ដីអំពីការជ្រើសរើសមិត្តភក្ដិ សូមប្អូនសួរខ្លួននូវសំណួរដូចតទៅនេះ៖ ‹តើពួកគេជួយខ្ញុំឲ្យពង្រឹងជំនឿរបស់ខ្ញុំទៅលើព្រះយេហូវ៉ាឬទេ? តើពួកគេលើកទឹកចិត្តខ្ញុំឲ្យរស់នៅស្របតាមខ្នាតតម្រារបស់ព្រះឬ? តើពួកគេនិយាយអំពីព្រះយេហូវ៉ា និងសេចក្ដីពិតដ៏មានតម្លៃពីលោកឬទេ? តើពួកគេបង្ហាញការគោរពចំពោះខ្នាតតម្រារបស់ព្រះឬ? តើពួកគេប្រាប់ខ្ញុំតែអ្វីដែលខ្ញុំចង់ឮប៉ុណ្ណោះ ឬតើពួកគេហ៊ានកែតម្រង់ខ្ញុំពេលខ្ញុំពិតជាត្រូវការ?›។ (សុភ. ២៧:៥, ៦, ១៧) តាមពិត បើមិត្តភក្ដិរបស់ប្អូនមិនស្រឡាញ់ព្រះយេហូវ៉ា ប្អូនមិនត្រូវការពួកគេទេ។ ប៉ុន្តែ បើប្អូនមានមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ា ពួកគេនឹងតែងតែជួយប្អូន។—សុភ. ១៣:២០
៨. បើយើងប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា តើយើងគួរគិតអំពីអ្វី?
៨ បណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាអាចជារបៀបដ៏ស្រួលមួយ ដើម្បីប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។ ប៉ុន្តែ មនុស្សជាច្រើនប្រើរបៀបប្រាស្រ័យទាក់ទងបែបនេះដើម្បីធ្វើឲ្យអ្នកឯទៀតកោតស្ងើច ដោយបង្ហោះរូបថត និងវីដេអូអំពីអ្វីដែលពួកគេបានទិញឬបានធ្វើ។ បើប្អូនប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា សូមសួរខ្លួនថា ‹តើខ្ញុំមានបំណងចិត្តចង់ឲ្យអ្នកឯទៀតកោតស្ងើចឬ? តើខ្ញុំចង់លើកទឹកចិត្តអ្នកឯទៀត ឬតើខ្ញុំចង់ឲ្យពួកគេសរសើរខ្ញុំ? តើខ្ញុំឲ្យទស្សនៈរបស់អ្នកឯទៀតជះឥទ្ធិពលមិនល្អមកលើការគិតគូរ ពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្ញុំឬ?›។ បងប្រុសណេថិន ន័រដែលធ្លាប់បម្រើជាសមាជិកគណៈអភិបាល បានឲ្យយោបល់នេះថា៖ «សូមកុំព្យាយាមផ្គាប់ចិត្តមនុស្ស។ បើអ្នកធ្វើដូច្នេះ អ្នកនឹងមិនធ្វើឲ្យអ្នកណាពេញចិត្តទេ។ សូមផ្គាប់ចិត្តព្រះយេហូវ៉ា យ៉ាងនេះអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានឹងពេញចិត្តអ្នក»។
យើងត្រូវរក្សាចិត្តរាបទាប
៩. តើព្រះយេហូវ៉ាបានជួយអូសៀសឲ្យធ្វើអ្វី? (ប្រវត្តិហេតុទី២ ២៦:១-៥)
៩ ចូរធ្វើការសម្រេចចិត្តល្អដូចអូសៀស។ កាលនៅក្មេង ស្ដេចអូសៀសមានចិត្តរាបទាប។ គាត់បានរៀនឲ្យ«កោតខ្លាចព្រះពិត»។ គាត់បានរស់នៅរហូតដល់គាត់មានអាយុ៦៨ឆ្នាំ ហើយព្រះយេហូវ៉ាបានឲ្យពរគាត់ស្ទើរតែពេញមួយជីវិតគាត់។ (សូមអាន ប្រវត្តិហេតុទី២ ២៦:១-៥) អូសៀសបានច្បាំងឈ្នះសត្រូវជាច្រើន ហើយបានពង្រឹងក្រុងយេរូសាឡិម។ (២ប្រ. ២៦:៦-១៥) អូសៀសប្រាកដជាសប្បាយនឹងអ្វីទាំងអស់ដែលព្រះបានជួយគាត់ឲ្យសម្រេច។—អទ. ៣:១២, ១៣
១០. តើអ្វីបានកើតឡើងក្នុងជីវិតអូសៀស?
១០ ចូរទាញមេរៀនពីការសម្រេចចិត្តមិនល្អរបស់អូសៀស។ ស្ដេចអូសៀសមានទម្លាប់បញ្ជាគេឆ្វេងស្ដាំ។ តើនោះធ្វើឲ្យគាត់គិតថាគាត់អាចធ្វើអ្វីណាក៏ដោយតាមចិត្តគាត់ឬ? នៅថ្ងៃមួយ អូសៀសបានសម្រេចចិត្តចូលវិហាររបស់ព្រះយេហូវ៉ា ហើយធ្វើលើសពីសិទ្ធិរបស់ខ្លួនដោយព្យាយាមដុតគ្រឿងក្រអូបនៅលើទីបូជា។ នេះជាអ្វីដែលស្ដេចមិនបានត្រូវអនុញ្ញាតឲ្យធ្វើ។ (២ប្រ. ២៦:១៦-១៨) សម្ដេចសង្ឃអាសារៀបានព្យាយាមកែតម្រង់គាត់ ប៉ុន្តែអូសៀសខឹងជាខ្លាំង។ គួរឲ្យស្ដាយ អូសៀសមិនបានរក្សាចិត្តស្មោះត្រង់ទេ ហើយព្រះយេហូវ៉ាបានដាក់ទោសគាត់ដោយធ្វើឲ្យគាត់កើតជំងឺឃ្លង់។ (២ប្រ. ២៦:១៩-២១) ជីវិតរបស់គាត់នឹងខុសគ្នាឆ្ងាយណាស់បើគាត់បានរក្សាចិត្តរាបទាប!
១១. តើអ្វីអាចបង្ហាញថាយើងមានចិត្តរាបទាបឬមិនមាន? (សូមមើលរូបភាពផងដែរ)
១១ ពេលអូសៀសមានអំណាច គាត់បានភ្លេចថាព្រះយេហូវ៉ាជាប្រភពនៃកម្លាំងនិងភាពចម្រុងចម្រើនរបស់គាត់។ តើមានមេរៀនអ្វី? គឺជាការល្អឲ្យយើងរំលឹកខ្លួនថា ពរនិងឯកសិទ្ធិដែលយើងមានគឺមកពីព្រះយេហូវ៉ា។ ជាជាងអួតអំពីអ្វី ដែលយើងបានសម្រេច យើងគួរឲ្យកិត្តិយសទៅព្រះយេហូវ៉ាចំពោះអ្វីដែលយើងអាចធ្វើ។ (១កូ. ៤:៧) យើងត្រូវទទួលស្គាល់ដោយចិត្តរាបទាបថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយត្រូវការការប្រៀនប្រដៅ។ បងប្រុសម្នាក់ដែលមានអាយុខ្ទង់៦០ឆ្នាំសរសេរថា៖ «ខ្ញុំបានរៀនមិនឲ្យចាត់ទុកខ្លួនថាសំខាន់ហួសហេតុពេក។ ពេលខ្ញុំទទួលការប្រៀនប្រដៅចំពោះកំហុសដ៏ល្ងង់ខ្លៅដែលខ្ញុំធ្វើនៅពេលខ្លះ ខ្ញុំព្យាយាមងើបឡើងវិញ ហើយបន្ដទៅមុខទៀត»។ ពេលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា និងរក្សាចិត្តរាបទាប យើងនឹងមានជីវិតសប្បាយពិតប្រាកដ។—សុភ. ២២:៤
ចូរបន្ដស្វែងរកព្រះយេហូវ៉ា
១២. ពេលយ៉ូសៀសនៅវ័យជំទង់ តើគាត់បានស្វែងរកព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ប្រវត្តិហេតុទី២ ៣៤:១-៣)
១២ ចូរធ្វើការសម្រេចចិត្តល្អដូចយ៉ូសៀស។ ពេលយ៉ូសៀសនៅវ័យជំទង់ គាត់បានចាប់ផ្ដើមស្វែងរកព្រះយេហូវ៉ា។ គាត់ចង់រៀនអំពីព្រះយេហូវ៉ា និងធ្វើតាមបំណងប្រាថ្នារបស់លោក។ ប៉ុន្តែ ជីវិតរបស់ស្ដេចដ៏វ័យក្មេងនេះគឺមិនស្រួលទេ។ គាត់ត្រូវកាន់ជំហរមាំមួនចំពោះការគោរពប្រណិប័តន៍ពិត នៅពេលដែលមនុស្សភាគច្រើនគោរពបូជាព្រះមិនពិត។ គាត់បង្ហាញចិត្តក្លាហានមែន! មុនយ៉ូសៀសមានអាយុ២០ឆ្នាំ គាត់បានចាប់ផ្ដើមបំបាត់ចោលការគោរពបូជាមិនពិតចេញពីប្រជាជាតិនោះ។—សូមអាន ប្រវត្តិហេតុទី២ ៣៤:១-៣
១៣. តើការប្រគល់ខ្លួនជូនព្រះយេហូវ៉ាមានន័យយ៉ាងណាចំពោះអ្នក?
១៣ ទោះជាប្អូននៅក្មេងណាស់ក្ដី ប្អូនអាចសម្រេចចិត្តយកតម្រាប់យ៉ូសៀសដោយស្វែងរកព្រះយេហូវ៉ា និងដោយរៀនឲ្យតម្លៃគុណសម្បត្តិរបស់លោក។ ពេលប្អូនធ្វើដូច្នេះ ប្អូននឹងចង់ប្រគល់ខ្លួនជូនលោក។ តើការប្រគល់ខ្លួននោះនឹងមានន័យយ៉ាងណាក្នុងជីវិតប្រចាំថ្ងៃរបស់ប្អូន? ប្អូនប្រុសលូកដែលបានទទួលការជ្រមុជទឹកពេលអាយុ១៤ឆ្នាំ និយាយថា៖ «ចាប់ពីឥឡូវ ខ្ញុំនឹងចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ ហើយនឹងព្យាយាមធ្វើឲ្យលោកសប្បាយរីករាយ»។ (ម៉ាក. ១២:៣០) ពិតជាពរដ៏អស្ចារ្យមែនចំពោះប្អូន បើប្អូនចង់ធ្វើដូចនេះដែរ!
១៤. សូមលើកឧទាហរណ៍អំពីរបៀបដែលប្អូនៗវ័យជំទង់ខ្លះកំពុងយកតម្រាប់ស្ដេចយ៉ូសៀស។
១៤ តើអ្នកបម្រើវ័យក្មេងរបស់ព្រះយេហូវ៉ាជួបការពិបាកអ្វីខ្លះ? ជាឧទាហរណ៍ ប្អូនប្រុសឈ្មោះចូហានដែលបានទទួលការជ្រមុជទឹកនៅអាយុ១២ឆ្នាំ ប្រាប់ថាសិស្សរួមថ្នាក់របស់គាត់ព្យាយាមបង្ខំគាត់ឲ្យជក់បារីអេឡិចត្រូនិក។ ដើម្បីទប់ទល់នឹងការបង្ខិតបង្ខំនេះ គាត់គិតអំពីឥទ្ធិពលអាក្រក់ដែលវាអាចមានទៅលើសុខភាពរបស់គាត់ និងចំពោះចំណងមិត្តភាពរបស់ គាត់ជាមួយព្រះយេហូវ៉ា។ ប្អូនស្រីឈ្មោះរេឆឺលដែលបានទទួលការជ្រមុជទឹកនៅអាយុ១៤ឆ្នាំ ពន្យល់អំពីអ្វីដែលជួយគាត់ឲ្យយកឈ្នះនឹងការពិបាកដែលគាត់ជួបនៅឯសាលា។ គាត់និយាយថា៖ «ខ្ញុំព្យាយាមរកមើលអ្វីដែលអាចរំលឹកខ្ញុំអំពីគម្ពីរនិងព្រះយេហូវ៉ា។ ជាឧទាហរណ៍ មេរៀនប្រវត្តិសាស្ត្រមួយប្រហែលជាធ្វើឲ្យខ្ញុំនឹកឃើញអំពីកំណត់ហេតុក្នុងគម្ពីរ ឬទំនាយណាមួយ។ ឬក៏ពេលខ្ញុំសន្ទនាជាមួយអ្នកណាម្នាក់ ខ្ញុំប្រហែលជានឹកឃើញបទគម្ពីរដ៏ល្អមួយដើម្បីចែករំលែកជាមួយបុគ្គលនោះ»។ ការពិបាកដែលប្អូនជួបប្រទះ ប្រហែលជាខុសគ្នាពីការពិបាកដែលស្ដេចយ៉ូសៀសជួប ប៉ុន្តែប្អូនអាចមានប្រាជ្ញានិងចិត្តស្មោះភក្ដីដូចគាត់បានដែរ។ ការយកឈ្នះនឹងទុក្ខលំបាកកាលដែលនៅវ័យក្មេងនឹងជួយប្អូនឲ្យត្រៀមខ្លួនចំពោះទុក្ខលំបាកដែលប្អូននឹងជួបនៅថ្ងៃខាងមុខ។
១៥. តើអ្វីបានជួយយ៉ូសៀសឲ្យបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់? (ប្រវត្តិហេតុទី២ ៣៤:១៤, ១៨-២១)
១៥ កាលដែលស្ដេចយ៉ូសៀសពេញវ័យ គាត់បានចាប់ផ្ដើមជួសជុលវិហារ។ ក្នុងអំឡុងកិច្ចការនោះ «សៀវភៅច្បាប់ដែលព្រះយេហូវ៉ាបានឲ្យតាមរយៈម៉ូសេ»បានត្រូវរកឃើញ។ ពេលស្ដេចបានឮអ្វីដែលគេអានពីសៀវភៅនោះ នេះបានជំរុញចិត្តគាត់ឲ្យចាត់វិធានការធ្វើតាមអ្វីដែលសៀវភៅនោះចែង។ (សូមអាន ប្រវត្តិហេតុទី២ ៣៤:១៤, ១៨-២១) តើអ្នកចង់អានគម្ពីរជាទៀងទាត់ឬទេ? បើអ្នកកំពុងព្យាយាមធ្វើដូច្នេះ តើអ្នកចូលចិត្តឬទេ? តើអ្នកកត់ចំណាំខគម្ពីរដែលអាចជួយអ្នកផ្ទាល់ឬទេ? ប្អូនលូកដែលបានត្រូវរៀបរាប់នៅខាងលើសរសេរចំណុចគួរឲ្យចាប់អារម្មណ៍ដែលគាត់បានរកឃើញ ទុកក្នុងសៀវភៅកំណត់មួយ។ តើការធ្វើអ្វីដែលស្រដៀងនឹងនេះអាចជួយអ្នកឲ្យចាំបទគម្ពីរឬចំណុចដែលអ្នកចូលចិត្តឬទេ? កាលដែលអ្នកកាន់តែស្គាល់និងស្រឡាញ់គម្ពីរ អ្នកនឹងកាន់តែចង់បម្រើព្រះយេហូវ៉ា ហើយដូចស្ដេចយ៉ូសៀស បណ្ដាំព្រះនឹងជំរុញចិត្តអ្នកឲ្យមានការប្រព្រឹត្ត។
១៦. ហេតុអ្វីយ៉ូសៀសបានធ្វើខុសធ្ងន់ធ្ងរ ហើយតើយើងអាចទាញមេរៀនអ្វី?
១៦ ចូរទាញមេរៀនពីការសម្រេចចិត្តមិនល្អរបស់យ៉ូសៀស។ ពេលយ៉ូសៀសមានអាយុប្រហែលជា៣៩ឆ្នាំ គាត់បានធ្វើខុសមួយដែលនាំឲ្យគាត់ស្លាប់។ គាត់បានទុកចិត្តខ្លួនឯងជាជាងសុំការណែនាំពីព្រះយេហូវ៉ា។ (២ប្រ. ៣៥:២០-២៥) យើងអាចរៀនមេរៀនពីនេះ។ មិនថាយើងមានអាយុច្រើនប៉ុណ្ណា ឬសិក្សាគម្ពីរយូរប៉ុណ្ណាក្ដី យើងត្រូវបន្ដស្វែងរកព្រះយេហូវ៉ា។ នោះរួមបញ្ចូលការអធិដ្ឋានសុំការណែនាំពីលោកជាទៀងទាត់ សិក្សាបណ្ដាំរបស់លោក និងស្ដាប់យោបល់ពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ យ៉ាងនេះ យើងទំនងជានឹងមិនធ្វើខុសធ្ងន់ធ្ងរ ហើយសប្បាយចិត្តជាង។—យ៉ា. ១:២៥
ប្អូនៗវ័យក្មេង ប្អូនអាចមានជីវិតដ៏សប្បាយ
១៧. តើយើងអាចទាញយកមេរៀនដ៏សំខាន់អ្វីខ្លះពីស្ដេចបីរូបនេះនៃស្រុកយូដា?
១៧ មានអ្វីជាច្រើនដ៏គួរឲ្យរំភើបដែលប្អូនអាចធ្វើកាលដែលប្អូននៅវ័យក្មេង។ កំណត់ហេតុអំពីយេហូអាស អូសៀស និងយ៉ូសៀសបង្ហាញថាប្អូនៗវ័យក្មេងអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយមានវិថីជីវិតដែលព្រះយេហូវ៉ាពេញចិត្ត។ ពិតមែនថាបុគ្គលវ័យក្មេងទាំងនេះបានធ្វើខុសដែលនាំឲ្យទទួលលទ្ធផលមិនល្អ។ ប៉ុន្តែ បើប្អូនធ្វើតាមអ្វីល្អដែលពួកគាត់បានធ្វើ ហើយជៀសវាងពីការធ្វើខុសដូចពួកគាត់ ប្អូនអាចមានជីវិតដ៏សប្បាយ។
១៨. តើគំរូអ្វីខ្លះក្នុងគម្ពីរដែលបង្ហាញថាប្អូនអាចមានជីវិតដ៏សប្បាយ? (សូមមើលរូបភាពផងដែរ)
១៨ គម្ពីរមានកំណត់ហេតុអំពីបុគ្គលវ័យក្មេងឯទៀតដែលបានចូលទៅជិតព្រះយេហូវ៉ា ទទួលការពេញចិត្តពីលោក និងមានជីវិតដ៏ស្កប់ចិត្ត។ ដាវីឌគឺជាបុគ្គលម្នាក់ក្នុងចំណោមពួកគេ។ ពេលដែលគាត់នៅក្មេង គាត់បានសម្រេចចិត្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយក្រោយមកបានទៅជាស្ដេចដ៏ស្មោះភក្ដី។ ពិតមែនថាពេលខ្លះគាត់បានធ្វើខុស ប៉ុន្តែព្រះបានចាត់ទុកដាវីឌជាបុគ្គលដ៏ស្មោះត្រង់។ (១បស. ៣:៦; ៩:៤, ៥; ១៤:៨) ប្អូនអាចទទួលការលើកទឹកចិត្តនិងការជំរុញចិត្តដោយសិក្សាអំពីជីវិតនិងកិច្ចបម្រើដ៏ស្មោះត្រង់របស់ដាវីឌ ឬប្អូនអាចរៀនថែមទៀតអំពីម៉ាកុសឬធីម៉ូថេ។ ប្អូននឹងឃើញថាពួកគាត់បានចាប់ផ្ដើមបម្រើព្រះយេហូវ៉ាពេលដែលពួកគាត់នៅក្មេង ហើយបានបន្ដបម្រើលោកយ៉ាងស្មោះត្រង់។ ការសម្រេចចិត្តរបស់ពួកគាត់ឲ្យបម្រើព្រះយេហូវ៉ាបានធ្វើឲ្យលោករីករាយ ហើយពួកគាត់ផ្ទាល់ក៏សប្បាយរីករាយដែរ។
១៩. តើប្អូនអាចមានជីវិតបែបណា?
១៩ របៀបដែលប្អូនប្រើជីវិតនៅឥឡូវនេះ នឹងមានឥទ្ធិពលទៅលើជីវិតរបស់ប្អូននៅថ្ងៃអនាគត។ បើប្អូនទុកចិត្តព្រះយេហូវ៉ា មិនមែនពឹងផ្អែកទៅលើការយល់ដឹងរបស់ខ្លួន លោកនឹងជួយប្អូនឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ (សុភ. ២០:២៤) ប្អូនអាចមានជីវិតសប្បាយដែលមានន័យខ្លឹមសារ។ សូមចាំថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្វីដែលប្អូនធ្វើសម្រាប់លោក។ គ្មានរបៀបរស់នៅណាដែលល្អប្រសើរជាងការប្រើជីវិតដើម្បីបម្រើបិតារបស់យើងនៅស្ថានសួគ៌ឡើយ។
ចម្រៀងលេខ១៤៤ ចូរផ្ដោតអារម្មណ៍លើរង្វាន់!
a ប្អូនៗវ័យក្មេង ព្រះយេហូវ៉ាដឹងថាប្អូនជួបការពិបាកដែលអាចសាកល្បងចំណងមិត្តភាពរបស់ប្អូនជាមួយនឹងលោក។ តើតាមរបៀបណាប្អូនអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលនឹងនាំឲ្យបិតារបស់ប្អូននៅស្ថានសួគ៌ពេញចិត្ត? យើងនឹងពិចារណាគំរូរបស់បុគ្គលវ័យក្មេងបីនាក់ដែលទៅជាស្ដេចនៃស្រុកយូដា។ សូមមើលអ្វីដែលប្អូនអាចរៀនពីការសម្រេចចិត្តរបស់ពួកគាត់។