លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៣៩

ចម្រៀង​លេខ​១២៥ ​‹អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​មាន​សុភមង្គល!›

ការ​ឲ្យ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត

ការ​ឲ្យ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត

«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។សកម្ម. ២០:៣៥

ចំណុច​ផ្ដោត

ចូរ​រៀន​អំពី​របៀប​ផ្សេង​ៗ​ដែល​យើង​អាច​ឲ្យ​អ្នក​ឯ​ទៀត និង​មូលហេតុ​ដែល​ការ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល។

១​-​២. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត​ពេល​ដែល​ឲ្យ​អ្នក​ឯ​ទៀត?

 ពេល​ដែល​មនុស្ស​ឲ្យ​អ្នក​ឯ​ទៀត នោះ​នាំ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​ច្រើន​បំផុត។ ហេតុ​អ្វី? ព្រោះ​ព្រះ​យេហូវ៉ា​បង្កើត​មនុស្ស​ឲ្យ​មាន​លក្ខណៈ​បែប​នោះ។ (​សកម្ម. ២០:៣៥​) តើ​នេះ​មាន​ន័យ​ថា​យើង​មិន​មាន​សុភមង្គល​ពេល​នរណា​ម្នាក់​ឲ្យ​អំណោយ​យើង​ឬ? មិន​មែន​ទេ។ យើង​ទាំង​អស់​គ្នា​សប្បាយ​ពេល​យើង​ទទួល​អំណោយ​ពី​អ្នក​ឯ​ទៀត។ ប៉ុន្តែ យើង​កាន់​តែ​សប្បាយ​ពេល​យើង​ឲ្យ​អ្នក​ឯ​ទៀត​ដែរ។ តាម​ពិត យើង​គួរ​មាន​ចិត្ត​ដឹង​គុណ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​លក្ខណៈ​បែប​នេះ។ ហេតុ​អ្វី?

ដោយ​សារ​ព្រះ​យេហូវ៉ា​បង្កើត​យើង​តាម​របៀប​នេះ លោក​ផ្ដល់​ឲ្យ​យើង​នូវ​ជម្រើស​ក្នុង​ការ​បង្កើន​សុភមង្គល​របស់​ខ្លួន។ យើង​អាច​មាន​អំណរ​ច្រើន​ជាង​ដោយ​ស្វែង​រក​ឱកាស​ផ្សេង​ៗ​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត។ ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បង្កើត​យើង​ឲ្យ​មាន​លក្ខណៈ​បែប​នេះ។—ចសព. ១៣៩:១៤

៣. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​?

ដោយ​សារ​គម្ពីរ​រៀប​រាប់​ថា អ្នក​ដែល​ឲ្យ​ទៅ​អ្នក​ឯ​ទៀត​មាន​សុភមង្គល នោះ​យើង​ស្រួល​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​១ធី. ១:១១​) លោក​ជា​បុគ្គល​ដំបូង​បង្អស់​ដែល​ឲ្យ​ដល់​អ្នក​ឯ​ទៀត ហើយ​លោក​ក៏​ឲ្យ​ច្រើន​ជាង​គេ​បង្អស់។ ហេតុ​នេះ​ហើយ​បាន​ជា​«​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង​»​ ដូច​សាវ័ក​ប៉ូល​បាន​បញ្ជាក់។ (​សកម្ម. ១៧:២៨​) ពិត​មែន ​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»​សុទ្ធ​តែ​មក​ពី​ព្រះ​យេហូវ៉ា។—យ៉ា. ១:១៧

៤. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មាន​សុភមង្គល​កាន់​តែ​ច្រើន?

ពេល​យើង​ឲ្យ​អ្នក​ឯ​ទៀត​យើង​មាន​សុភមង្គល។ តែ​យើង​ទាំង​អស់​គ្នា​ចង់​មាន​សុភមង្គល​ថែម​ទៀត​ពី​ការ​ធ្វើ​ដូច្នេះ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​ចិត្ត​ទូលាយ។ (​អេភ. ៥:១​) នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​គំរូ​ដ៏​ល្អ​របស់​ព្រះ​ស្ដី​អំពី​ការ​ឲ្យ​គេ ហើយ​ក៏​រៀន​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​សម្រាប់​ពួក​គេ​ក៏​ដោយ។ យោបល់​ពី​អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ដ​បង្ហាញ​ចិត្ត​ទូលាយ​ក្នុង​ការ​ឲ្យ​អ្នក​ទៀត ហើយ​មាន​សុភមង្គល​កាន់​តែ​ច្រើន។

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​ចិត្ត​ទូលាយ

៥. ស្ដី​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ តើ​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​អ្វី​ខ្លះ​ដល់​យើង?

តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​ទូលាយ​តាម​របៀប​ណា​ខ្លះ? សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។ ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ។ ពិត​មែន​តែ​យើង​ប្រហែល​ជា​មិន​មាន​របស់​ថ្លៃ​ៗ ប៉ុន្តែ​យើង​នៅ​តែ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​ភាគ​ច្រើន​មាន​អ្វី​ដែល​យើង​ត្រូវ​ការ។ ជា​ឧទាហរណ៍ លោក​ផ្គត់​ផ្គង់​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​ជម្រក​ជា​ដើម។ (​ចសព. ៤:៨; ម៉ាថ. ៦:៣១​-​៣៣; ១ធី. ៦:៦​-​៨​) ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ទាំង​អស់​នេះ​មិន​មែន​ដោយ​សារ​លោក​ត្រូវ​ធ្វើ​នោះ​ទេ។ បើ​ដូច្នេះ​មែន ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ?

៦. តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​ម៉ាថាយ ៦:២៥, ២៦?

និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​របស់​យើង ដោយ​សារ​តែ​លោក​ស្រឡាញ់​យើង។ សូម​ពិចារណា​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:២៥, ២៦។ (​សូម​អាន​) លោក​យេស៊ូ​លើក​ឧទាហរណ៍​អំពី​អ្វី​ដែល​ព្រះ​បាន​បង្កើត។ ស្ដី​អំពី​សត្វ​ស្លាប លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​វា​មិន​សាប​ព្រោះ ច្រូត​កាត់ ឬ​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក​ឡើយ​»។ ប៉ុន្តែ សូម​កត់​សម្គាល់​អ្វី​ដែល​លោក​មាន​ប្រសាសន៍​បន្ទាប់​ថា​៖ ​«​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា​»។ បន្ទាប់​មក​លោក​សួរ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទេ​ឬ?​»។ តើ​យើង​ទាញ​មេ​រៀន​អ្វី? មេ​រៀន​គឺ​ព្រះ​យេហូវ៉ា​ចាត់​ទុក​អ្នក​គោរព​ប្រណិប័តន៍​លោក​ថា​មាន​តម្លៃ​ជាង​សត្វ​ឆ្ងាយ​ណាស់។ ដូច្នេះ ប្រសិន​បើ​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​សត្វ​ត្រូវ​ការ នោះ​យើង​អាច​ដឹង​ប្រាកដ​ថា លោក​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ជាក់​ជា​មិន​ខាន! ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ឪពុក​ដែល​យក​ចិត្ត​ទុក​ដាក់​ក្រុម​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្ដី​ស្រឡាញ់។—ចសព. ១៤៥:១៦; ម៉ាថ. ៦:៣២

៧. តើ​យើង​អាច​ធ្វើ​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​ចិត្ត​ទូលាយ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? យើង​ក៏​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត ដោយ​ផ្ដល់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ដែរ។ ជា​ឧទាហរណ៍ តើ​អ្នក​ស្គាល់​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​ដែល​ត្រូវ​ការ​ម្ហូប​អាហារ​ឬ​សម្លៀក​បំពាក់​ឬ​ទេ? ព្រះ​យេហូវ៉ា​អាច​ប្រើ​យើង​ឲ្យ​ជួយ​បង​ប្អូន​នោះ ដើម្បី​គាត់​មាន​អ្វី​ដែល​គាត់​ត្រូវ​ការ។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្ស​ដែល​តែង​តែ​បង្ហាញ​ចិត្ត​សប្បុរស ជា​ពិសេស​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​រោគ​រាត​ត្បាត​កូវីដ​-​១៩ បង​ប្អូន​យើង​បាន​ចែក​រំលែក​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​សម្ភារៈ​ឯ​ទៀត​ដើម្បី​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ បង​ប្អូន​ជា​ច្រើន​ក៏​ជូន​វិភាគទាន​ដោយ​ចិត្ត​ទូលាយ​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​ផង​ដែរ។ វិភាគទាន​ទាំង​នោះ​បាន​ត្រូវ​ប្រើ​ដើម្បី​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ឯ​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក។ ពួក​គេ​ធ្វើ​តាម​ហេប្រឺ ១៣:១៦ ដែល​ថា​៖ ​«​កុំ​ភ្លេច​ធ្វើ​ការ​ល្អ ហើយ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត ព្រោះ​ព្រះ​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នេះ​»។

យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​ចិត្ត​សប្បុរស​ដូច​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​៧​)​


៨. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​យើង​អាច​ធ្វើ​អ្វី? (​ភីលីព ២:១៣​)

ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​យើង។ ព្រះ​យេហូវ៉ា​មាន​កម្លាំង​ដែល​គ្មាន​កម្រិត ហើយ​លោក​ពេញ​ចិត្ត​ឲ្យ​កម្លាំង​ដល់​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក។ (​សូម​អាន ភីលីព ២:១៣) តើ​អ្នក​ធ្លាប់​អធិដ្ឋាន​សុំ​កម្លាំង​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង​ឬ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​មួយ​ឬ​ទេ? អ្នក​ក៏​ប្រហែល​ជា​បាន​អធិដ្ឋាន​សុំ​លោក​ផ្ដល់​កម្លាំង​ដើម្បី​អាច​តស៊ូ​មួយ​ថ្ងៃ​ៗ។ ពេល​ព្រះ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន ហើយ​ផ្ដល់​កម្លាំង​ឲ្យ​អ្នក អ្នក​ប្រហែល​ជា​យល់​ស្រប​នឹង​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភី. ៤:១៣

៩. ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា តើ​យើង​អាច​ប្រើ​កម្លាំង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ខុស​ពី​ព្រះ​យេហូវ៉ា កម្លាំង​របស់​យើង​មាន​កម្រិត។ ម្យ៉ាង​ទៀត យើង​ក៏​មិន​អាច​ផ្ដល់​កម្លាំង​ដល់​អ្នក​ឯ​ទៀត​ដែរ។ ប៉ុន្តែ យើង​អាច​យក​តម្រាប់​លោក​ដោយ​ប្រើ​កម្លាំង​របស់​យើង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ យើង​អាច​ទៅ​ផ្សារ​ជួយ​ទិញ​អីវ៉ាន់​ឬ​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ​ឲ្យ​បង​ប្អូន​វ័យ​ចាស់ ឬ​បង​ប្អូន​ដែល​មាន​បញ្ហា​សុខភាព។ បើ​យើង​អាច​ធ្វើ​បាន យើង​ជួយ​សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ។ តាម​វិធី​ទាំង​អស់​នេះ យើង​អាច​ប្រើ​កម្លាំង​របស់​យើង​ដើម្បី​ប្រយោជន៍​បង​ប្អូន។

យើង​អាច​ប្រើ​កម្លាំង​របស់​យើង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ​(​សូម​មើល​វគ្គ​៩​)​


១០. តើ​យើង​អាច​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​យើង​តាម​រយៈ​ពាក្យ​សម្ដី​យ៉ាង​ដូច​ម្ដេច?

១០ សូម​ចាំ​ដែរ​ថា ពាក្យ​សម្ដី​របស់​អ្នក​ក៏​អាច​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត​ដែរ។ បង​ប្អូន​ខ្លះ​ធ្លាក់​ទឹក​ចិត្ត​ហើយ​ត្រូវ​ការ​ការ​សរសើរ ហើយ​បង​ប្អូន​ខ្លះ​ទៀត​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ បើ​អ្នក​ស្គាល់​បង​ប្អូន​ដែល​មាន​ស្ថានភាព​ដូច​នោះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ អ្នក​អាច​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ដោយ​ផ្ទាល់ ទូរស័ព្ទ​ទៅ​គាត់ ឬ​ក៏​សរសេរ​កាត អ៊ីមែល ឬ​ផ្ញើ​សារ​ខ្លី​មួយ។ សូម​កុំ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​និយាយ​ឡើយ។ ពាក្យ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ សូម្បី​តែ​ប៉ុន្មាន​ម៉ាត់​ក៏​ដោយ ប្រហែល​ជា​ចំ​នឹង​អ្វី​ដែល​បង​ប្អូន​ត្រូវ​ការ។ នោះ​អាច​ជួយ​ពួក​គាត់​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ និង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។—សុភ. ១២:២៥; អេភ. ៤:២៩

១១. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ដល់​យើង។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ចាប់​កំហុស​ឡើយ​»។ (​យ៉ា. ១:៥; កំ.ស.​) ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​ខ​នេះ ព្រះ​យេហូវ៉ា​មិន​បាន​បង្ខាំង​ទុក​ប្រាជ្ញា​សម្រាប់​តែ​ខ្លួន​លោក​ឡើយ។ ក៏​ប៉ុន្តែ លោក​ផ្ដល់​ដោយ​ចិត្ត​ទូលាយ​ដល់​អ្នក​ឯ​ទៀត។ សូម​កត់​សម្គាល់​ដែរ​ថា ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា លោក​«​មិន​ស្ដី​បន្ទោស​»​ឬ​«​មិន​ចាប់​កំហុស​ឡើយ​»។ ពេល​យើង​សុំ​ការ​ណែនាំ​ពី​លោក លោក​មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អៀន​ខ្មាស​ទេ។ ផ្ទុយ​ទៅ​វិញ លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្វែង​រក​ប្រាជ្ញា។—សុភ. ២:១​-​៦

១២. តើ​យើង​ចែក​រំលែក​ប្រាជ្ញា​ដែល​យើង​មាន​យ៉ាង​ដូច​ម្ដេច?

១២ ចុះ​យ៉ាង​ណា​យើង​វិញ? យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​ចែក​រំលែក​ប្រាជ្ញា​ដែល​យើង​មាន។ (​ចសព. ៣២:៨​) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ចែក​រំលែក​អ្វី​ដែល​ពួក​គេ​បាន​រៀន។ ជា​ឧទាហរណ៍ យើង​ច្រើន​តែ​បង្ហាត់​បង្រៀន​អ្នក​ផ្សព្វ​ផ្សាយ​ថ្មី​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ អ្នក​ចាស់​ទុំ​សប្បាយ​ចិត្ត​ជួយ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ឲ្យ​រៀន​អំពី​របៀប​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ក្នុង​ក្រុម​ជំនុំ។ ម្យ៉ាង​ទៀត បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ខាង​កិច្ច​ការ​សាង​សង់​និង​ថែ​ទាំ​អគារ​ផ្សេង​ៗ​សម្រាប់​គោរព​ប្រណិប័តន៍​ព្រះ ព្យាយាម​បង្ហាត់​បង្រៀន​បង​ប្អូន​ឯ​ទៀត​អំពី​កិច្ចការ​ទាំង​នោះ។

១៣. ពេល​ដែល​យើង​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត តើ​យើង​អាច​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ក្នុង​ការ​ចែក​រំលែក​ប្រាជ្ញា​ដែល​យើង​មាន​យ៉ាង​ដូច​ម្ដេច?

១៣ បង​ប្អូន​ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​អាច​រៀន​ច្រើន​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​របៀប​ចែក​រំលែក​ប្រាជ្ញា​ដែល​ខ្លួន​មាន។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​របស់​លោក​ដោយ​ចិត្ត​ទូលាយ។ ដូច​គ្នា​ដែរ យើង​ចង់​ចែក​រំលែក​ចំណេះ​និង​បទ​ពិសោធន៍​ដែល​យើង​មាន​ដោយ​ឥត​លាក់​លៀម​ដល់​អ្នក​ដែល​យើង​កំពុង​បង្រៀន ហើយ​យើង​មិន​គួរ​លាក់​ទុក​ចំណេះ​ដឹង​របស់​យើង​ដោយ​បារម្ភ​ថា អ្នក​ដែល​យើង​បង្រៀន​នឹង​ជំនួស​កន្លែង​យើង​នៅ​ថ្ងៃ​ណា​មួយ​ឡើយ។ យើង​ក៏​មិន​គួរ​មាន​ទស្សនៈ​ថា ‹គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ អ៊ីចឹង​ខ្ញុំ​ក៏​មិន​បង្ហាត់​បង្រៀន​គាត់​ដែរ! ទុក​ឲ្យ​គាត់​រៀន​ដោយ​ខ្លួន​ឯង​ទៅ›។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​ត្រូវ​មាន​ចិត្ត​គំនិត​បែប​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​មិន​ត្រឹម​តែ​សប្បាយ​ផ្ដល់​ចំណេះ​ដឹង​ប៉ុណ្ណោះ​ទេ ​«​តែ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង​»​ដល់​ពួក​អ្នក​ដែល​យើង​បង្ហាត់​បង្រៀន។ (​១ថែ. ២:៨​) យើង​សង្ឃឹម​ថា​ពួក​គាត់​«​នឹង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​អ្នក​ឯ​ទៀត​»។ (​២ធី. ២:១, ២​) ដូច្នេះ ប្រសិន​បើ​យើង​ចែក​រំលែក​ប្រាជ្ញា​ដែល​យើង​មាន​ដោយ​ចិត្ត​ទូលាយ នោះ​ទាំង​យើង​ទាំង​អ្នក​ឯ​ទៀត​នឹង​កាន់​តែ​មាន​ប្រាជ្ញា ហើយ​កាន់​តែ​មាន​សុភមង្គល។

ពេល​យើង​គិត​ថា​អ្នក​ឯ​ទៀត​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ

១៤. ពេល​យើង​បង្ហាញ​ចិត្ត​ទូលាយ តើ​មនុស្ស​ភាគ​ច្រើន​មាន​ប្រតិកម្ម​បែប​ណា?

១៤ ពេល​យើង​បង្ហាញ​ចិត្ត​ទូលាយ ជា​ពិសេស​ចំពោះ​បង​ប្អូន​រួម​ជំនឿ ពួក​គេ​ច្រើន​តែ​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ។ ពួក​គេ​ប្រហែល​ជា​សរសេរ​កាត​ដើម្បី​ថ្លែង​អំណរ​គុណ​យើង ឬ​បង្ហាញ​តាម​របៀប​ផ្សេង​ទៀត។ (​កូឡ. ៣:១៥​) ពេល​ពួក​គេ​ធ្វើ​ដូច្នេះ យើង​កាន់​តែ​មាន​អំណរ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ។

១៥. តើ​យើង​គួរ​ចាំ​អ្វី​ពេល​មនុស្ស​ខ្លះ​មិន​បង្ហាញ​អំណរ​គុណ?

១៥ ប៉ុន្តែ ពេល​ខ្លះ​មនុស្ស​មិន​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ទេ។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពួក​គេ​ហាក់​ដូច​ជា​មើល​មិន​ឃើញ​ការ​ខំ​ប្រឹង​របស់​យើង ឬ​យើង​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​កត់​សម្គាល់​ថា​យើង​ចំណាយ​ពេល​វេលា កម្លាំង ធន​ធាន​ប៉ុណ្ណា​ដើម្បី​ជួយ​ពួក​គេ​ទេ។ បើ​រឿង​នោះ​កើត​ឡើង តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​បាត់​បង់​អំណរ​ឬ​ធ្លាក់​ទឹក​ចិត្ត? សូម​ចង​ចាំ​បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ​នៅ​សកម្មភាព ២០:៣៥។ អំណរ​របស់​យើង​ដែល​មក​ពី​ការ​ឲ្យ​មិន​អាស្រ័យ​លើ​ប្រតិកម្ម​របស់​អ្នក​ឯ​ទៀត​ទេ។ យើង​នៅ​តែ​អាច​មាន​អំណរ​ពេល​ឲ្យ​អ្នក​ឯ​ទៀត ទោះ​បី​ជា​ពួក​គេ​មិន​បង្ហាញ​អំណរ​គុណ​ក្ដី។ តើ​តាម​របៀប​ណា? សូម​ពិចារណា​ចំណុច​ដូច​ត​ទៅ។

១៦. តើ​អ្វី​អាច​ជួយ​យើង​បន្ត​ឲ្យ​ដោយ​អំណរ?

១៦ សូម​ចង​ចាំ​ថា ពេល​អ្នក​ឲ្យ​អ្នក​ឯ​ទៀត​អ្នក​កំពុង​យក​តម្រាប់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ល្អ​ៗ​ដល់​មនុស្ស មិន​ថា​ពួក​គេ​បង្ហាញ​អំណរ​គុណ​ឬ​មិន​បង្ហាញ​ក្ដី។ (​ម៉ាថ. ៥:៤៣​-​៤៨​) ព្រះ​យេហូវ៉ា​សន្យា​ថា ពេល​យើង​ឲ្យ​«​ដោយ​មិន​សង្ឃឹម​ថា​គេ​នឹង​សង​វិញ​»​ នោះ​យើង​«​នឹង​មាន​រង្វាន់​យ៉ាង​ធំ​»។ (​លូក. ៦:៣៥​) ការ​«​មិន​សង្ឃឹម​ថា​គេ​នឹង​សង​វិញ​»​នោះ អាច​រួម​បញ្ចូល​ការ​មិន​សង្ឃឹម​ថា​គេ​នឹង​បង្ហាញ​អំណរ​គុណ។ មិន​ថា​យើង​បាន​ទទួល​ឬ​មិន​ទទួល​អំណរ​គុណ​ក្ដី ព្រះ​យេហូវ៉ា​នឹង​តែង​តែ​តប​ស្នង​យើង​វិញ​ចំពោះ​អ្វី​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​ឯ​ទៀត ព្រោះ​យើង​ឲ្យ​ដោយ​ចិត្ត​សប្បាយ។—សុភ. ១៩:១៧; ២កូ. ៩:៧

១៧. តើ​អ្វី​ជា​មូលហេតុ​សំខាន់​ដែល​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត? (​លូកា ១៤:១២​-​១៤​)

១៧ របៀប​មួយ​ទៀត​ដែល​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ពេល​យើង​ឲ្យ​អ្នក​ឯ​ទៀត គឺ​ដោយ​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​លូកា ១៤:១២​-​១៤។ (​សូម​អាន​) បើ​យើង​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​ពួក​អ្នក​ដែល​អាច​តប​ស្នង​យើង​វិញ នោះ​មិន​មែន​ជា​ការ​ខុស​ទេ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​តែង​តែ​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​តប​ស្នង​យើង​វិញ? បើ​ដូច្នោះ​មែន សូម​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ។ យើង​អាច​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ណា​ម្នាក់​ដែល​យើង​ដឹង​ថា ពួក​គេ​មិន​អាច​តប​ស្នង​យើង​វិញ​បាន។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​អំណរ​ដោយ​សារ​យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា។ បើ​យើង​មិន​រំពឹង​ថា​នឹង​បាន​អ្វី​តប​ស្នង​មក​វិញ យើង​នឹង​តែង​តែ​មាន​អំណរ​ពេល​យើង​ឲ្យ​អ្នក​ឯ​ទៀត សូម្បី​តែ​ពួក​គេ​មិន​បង្ហាញ​អំណរ​គុណ​ក្ដី។

១៨. តើ​យើង​មិន​គួរ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៨ សូម​ជៀស​វាង​ពី​ការ​សង្ស័យ​បំណង​ចិត្ត​អ្នក​ឯ​ទៀត។ (​១កូ. ១៣:៧​) បើ​អ្នក​ឯ​ទៀត​មិន​បង្ហាញ​អំណរ​គុណ​ចំពោះ​យើង យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ពួក​គេ​ពិត​ជា​មិន​មាន​អំណរ​គុណ ឬ​ក៏​តើ​ពួក​គេ​គ្រាន់​តែ​ភ្លេច​បង្ហាញ​អំណរ​គុណ?›។ ប្រហែល​ជា​មាន​មូលហេតុ​ផ្សេង​ៗ​ដែល​ពួក​គេ​មិន​បង្ហាញ​អំណរ​គុណ​ដូច​ដែល​យើង​រំពឹង​ទុក។ មនុស្ស​ខ្លះ​ពិត​ជា​មាន​អំណរ​គុណ ប៉ុន្តែ​ពិបាក​បង្ហាញ​អារម្មណ៍។ ពួក​គេ​ប្រហែល​ជា​ខ្មាស​ក្នុង​ការ​ទទួល​ជំនួយ ជា​ពិសេស​បើ​ពួក​គេ​ធ្លាប់​ជួយ​អ្នក​ឯ​ទៀត​ពី​មុន​មក។ មិន​ថា​មាន​មូលហេតុ​អ្វី​ក៏​ដោយ បើ​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ យើង​នឹង​ជៀស​វាង​ពី​ការ​សង្ស័យ​បំណង​ចិត្ត​របស់​ពួក​គេ ហើយ​បន្ត​ឲ្យ​ដោយ​អំណរ។​—អេភ. ៤:២

១៩​-​២០. ហេតុ​អ្វី​ការ​មាន​ចិត្ត​អត់​ធ្មត់​មាន​ប្រយោជន៍​ពេល​យើង​ឲ្យ​ដល់​អ្នក​ឯ​ទៀត? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៩ សូម​មាន​ចិត្ត​អត់​ធ្មត់។ ស្ដី​អំពី​ការ​បង្ហាញ​ចិត្ត​សប្បុរស ស្ដេច​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​សរសេរ​ថា​៖ ​«​ចូរ​បោះ​នំ​ប៉័ង​របស់​អ្នក​ទៅ​លើ​ទឹក ព្រោះ​ច្រើន​ថ្ងៃ​ក្រោយ​មក អ្នក​នឹង​ឃើញ​នំ​ប៉័ង​នោះ​ម្ដង​ទៀត​»។ (​អទ. ១១:១​) ខ​គម្ពីរ​នេះ​ជួយ​យើង​ឲ្យ​ដឹង​ថា ពេល​ខ្លះ​មនុស្ស​បង្ហាញ​អំណរ​គុណ​«​ច្រើន​ថ្ងៃ​ក្រោយ​មក​»។ សូម​ពិចារណា​អំពី​បទ​ពិសោធន៍​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ម្នាក់។

២០ ប៉ុន្មាន​ឆ្នាំ​មុន ប្រពន្ធ​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​បាន​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ទៅ​ប្អូន​ស្រី​ម្នាក់​ដែល​ទើប​ទទួល​ការ​ជ្រមុជ​ទឹក។ ក្នុង​សំបុត្រ​នោះ​គាត់​បាន​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ប្រហែល​៨​ឆ្នាំ​ក្រោយ​មក ប្អូន​ស្រី​នោះ​បាន​សរសេរ​សំបុត្រ​តប​វិញ​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​ចង់​សរសេរ​សំបុត្រ ហើយ​ប្រាប់​បង​ថា​សំបុត្រ​ដែល​បង​បាន​សរសេរ​ឲ្យ​ខ្ញុំ ពិត​ជា​បាន​ជួយ​ខ្ញុំ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​»។ ប្អូន​ស្រី​នោះ​បាន​បន្ត​ទៀត​ថា​៖ ​«​[​សំបុត្រ​របស់​បង​]​ពិត​ជា​កក់​ក្ដៅ ហើយ​អ្វី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​បំផុត​គឺ​បទ​គម្ពីរ​ក្នុង​សំបុត្រ​នោះ។ ខ្ញុំ​មិន​ដែល​ភ្លេច​បទ​គម្ពីរ​នោះ​ទេ​»។ a ក្រោយ​ពី​បាន​រៀប​រាប់​អំពី​បញ្ហា​មួយ​ចំនួន​ដែល​គាត់​បាន​ជួប​ប្រទះ គាត់​ក៏​បន្ត​ទៀត​ថា​៖ ​«​ពេល​ខ្លះ ខ្ញុំ​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់ គឺ​ចង់​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​តែ​ម្ដង។ ប៉ុន្តែ ខ្ញុំ​តែង​តែ​នឹក​ឃើញ​បទ​គម្ពីរ​ដែល​បង​បាន​សរសេរ​ឲ្យ​ខ្ញុំ ហើយ​បទ​គម្ពីរ​នោះ​បាន​ពង្រឹង​កម្លាំង​ខ្ញុំ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​»។ គាត់​ក៏​បន្ថែម​ថា​៖ ​«​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​កន្លង​ទៅ​នេះ មាន​តែ​សំបុត្រ​ដែល​បង​បាន​សរសេរ​និង​បទ​គម្ពីរ​ក្នុង​សំបុត្រ​នោះ​ប៉ុណ្ណោះ ដែល​ពិត​ជា​លើក​ទឹក​ចិត្ត​ខ្ញុំ​»។ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ប្រពន្ធ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នោះ​ថា​គាត់​សប្បាយ​យ៉ាង​ណា ក្រោយ​ពី​បាន​ទទួល​សំបុត្រ​អំណរ​គុណ​«​ច្រើន​ថ្ងៃ​ក្រោយ​មក​»​! ដូច​គ្នា​ដែរ យើង​ប្រហែល​ជា​មិន​អាច​ទទួល​អំណរ​គុណ​ភ្លាម​ៗ​ទេ ក្រោយ​ពី​បាន​ធ្វើ​អ្វី​ល្អ​សម្រាប់​បុគ្គល​ណាម្នាក់។

យើង​ប្រហែល​ជា​ទទួល​ពាក្យ​អរគុណ​មួយ​រយៈ​ពេល​យូរ​ក្រោយ​ពី​បាន​ធ្វើ​អ្វី​ល្អ​សម្រាប់​បុគ្គល​ណា​ម្នាក់ ​(​សូម​មើល​វគ្គ​២០​)​ b


២១. ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​បង្ហាញ​ចិត្ត​សប្បុរស​ដូច​ព្រះ​យេហូវ៉ា?

២១ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ ព្រះ​យេហូវ៉ា​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​ពិសេស ពោល​គឺ​ការ​ឲ្យ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ជាង​ការ​ទទួល។ យើង​សប្បាយ​ដែល​យើង​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង ហើយ​យើង​កាន់​តែ​ត្រេក​អរ​ពេល​ពួក​គេ​បង្ហាញ​អំណរ​គុណ។ មិន​ថា​យើង​ទទួល​ឬ​មិន​ទទួល​អំណរ​គុណ​ក្ដី យើង​អាច​សប្បាយ​ដែល​យើង​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សូម​ចាំ​មិន​ភ្លេច​ថា​អ្វី​ក៏​ដោយ​ដែល​អ្នក​ឲ្យ ​«​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​[​អ្នក​]​ច្រើន​ជាង​នោះ​ទៅ​ទៀត​»។ (​២ប្រ. ២៥:៩​) អ្នក​មិន​អាច​ឲ្យ​អ្នក​ណា​ម្នាក់​ច្រើន​ជាង​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​ទេ! ម្យ៉ាង​ទៀត គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ច្រើន​ជាង ពេល​យើង​ទទួល​រង្វាន់​ពី​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ សូម​យើង​តាំង​ចិត្ត​បន្ត​យក​តម្រាប់​បិតា​ស្ថាន​សួគ៌​របស់​យើង​ដែល​ប្រកប​ដោយ​ចិត្ត​សប្បុរស។

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្តា​ដូច​គ្រិស្ត

a ខ​គម្ពីរ​ដែល​ប្រពន្ធ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​សរសេរ​ឲ្យ​ប្អូន​ស្រី​នោះ​គឺ​នៅ​យ៉ូហាន​ទី​២ ៨​ដែល​ចែង​ថា​៖ ​«​ចូរ​ប្រយ័ត្ន! ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​ប្រយោជន៍​ពី​កិច្ចការ​ដែល​យើង​ខំ​ប្រឹង​ធ្វើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ពេញ​លេញ​វិញ​»។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ ក្នុង​ការ​សម្ដែង​នេះ ប្រពន្ធ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បង្ហាញ​ចិត្ត​សប្បុរស ដោយ​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ប្អូន​ស្រី​ម្នាក់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​បាន​ទទួល​សំបុត្រ​អរគុណ​ពី​ប្អូន​ស្រី​នោះ។