លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ដំណើរ​ជីវិត​ដ៏​គួរ​ឲ្យ​រំភើប​និង​ស្កប់​ចិត្ត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

ដំណើរ​ជីវិត​ដ៏​គួរ​ឲ្យ​រំភើប​និង​ស្កប់​ចិត្ត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

នៅ​ឆ្នាំ​១៩៥១ ខ្ញុំ​ទើប​ទៅ​ដល់​ទី​ក្រុង​រូអិន​ដែល​ជា​ក្រុង​តូច​មួយ​ក្នុង​ខេត្ត​កេបិក ប្រទេស​កាណាដា។ ខ្ញុំ​បាន​ទៅ​ផ្ទះ​តាម​អាសយដ្ឋាន​ដែល​ខ្ញុំ​បាន​ទទួល។ ពេល​ទៅ​ដល់ ខ្ញុំ​បាន​គោះ​ទ្វារ​ផ្ទះ​នោះ ហើយ​អ្នក​បើក​ទ្វារ​គឺ​បង​ប្រុស​ជា​សាសនទូត​ឈ្មោះ​ម៉ាសេល ហ្វីលតូ​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​គីលាត។ គាត់​មាន​អាយុ​២៣​ឆ្នាំ ហើយ​កម្ពស់​ខ្ពស់ រីឯ​ខ្ញុំ​វិញ​អាយុ​១៦​ឆ្នាំ ហើយ​ទាប​ជាង​គាត់។ ខ្ញុំ​បាន​បង្ហាញ​គាត់​សំបុត្រ​អំពី​ភារកិច្ច​ថ្មី​របស់​ខ្ញុំ។ គាត់​អាន​សំបុត្រ​នោះ ហើយ​មើល​មក​ខ្ញុំ រួច​និយាយ​លេង​ថា​៖ ​«​ក្មេង​ម្ល៉េះ ហើយ​មក​ទី​នេះ​ម្ដាយ​ប្អូន​ដឹង​អត់?​»។

ខ្ញុំ​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជំនឿ​ផ្សេង​ពី​គ្នា

ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៣៤។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ស្វីស។ ក្រុម​គ្រួសារ​យើង​រស់​នៅ​ក្រុង​ធី​មិន ដែល​ជា​កន្លែង​ជីក​រក​រ៉ែ​ក្នុង​ខេត្ត​អនតារីយ៉ូ ប្រទេស​កាណាដា។ ប្រហែល​នៅ​ឆ្នាំ​១៩៣៩ ម្ដាយ​របស់​ខ្ញុំ​ចាប់​ផ្ដើម​អាន​ទស្សនាវដ្ដី​ប៉ម​យាម និង​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​បាន​យក​ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ​ទាំង​៦​នាក់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ដែរ។ មិន​យូរ​ក្រោយ​មក ម្ដាយ​របស់​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។

ពេល​ម្ដាយ​ខ្ញុំ​ទៅ​ជា​សាក្សី ឪពុក​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ម្ដាយ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​សេចក្ដី​ពិត ហើយ​តាំង​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ សូម្បី​តែ​ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៤០ ពេល​កិច្ច​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដាក់​បម្រាម​នៅ​ប្រទេស​កាណាដា ក៏​គាត់​បន្ត​រក្សា​ភាព​ស្មោះ​ត្រង់​ដែរ។ ម្ដាយ​របស់​ខ្ញុំ​តែង​តែ​គោរព​និង​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​ឪពុក​របស់​ខ្ញុំ​ជា​និច្ច ទោះ​បី​ជា​ឪពុក​ប្រើ​ពាក្យ​សម្ដី​គ្រោត​គ្រាត​ទៅ​កាន់​ម្ដាយ​ខ្ញុំ​ក៏​ដោយ។ គំរូ​ដ៏​ល្អ​របស់​ម្ដាយ​ខ្ញុំ​បាន​ជួយ​ខ្ញុំ​និង​បង​ប្អូន​របស់​ខ្ញុំ​ឲ្យ​ទទួល​យក​សេចក្ដី​ពិត។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​ក្រោយ​មក​ឪពុក​របស់​យើង​បាន​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ចាប់​ផ្ដើម​ប្រព្រឹត្ត​សប្បុរស​ជាង​ចំពោះ​ក្រុម​គ្រួសារ។

ខ្ញុំ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល

នៅ​ខែ​សីហា ឆ្នាំ​១៩៥០ ខ្ញុំ​បាន​ចូល​រួម​សន្និបាត​មួយ​ដ៏​រំភើប​ចិត្ត​ដែល​ធ្វើ​ឡើង​នៅ​ក្រុង​ញូវយ៉ក។ នៅ​ទី​នោះ ខ្ញុំ​បាន​ជួប​បង​ប្អូន​ប្រុស​ស្រី​ដែល​មក​ពី​ទូ​ទាំង​ពិភព​លោក ព្រម​ទាំង​បាន​ស្ដាប់​បទ​សម្ភាសន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​របស់​បង​ប្អូន​ដែល​បញ្ចប់​ការ​សិក្សា​សាលា​គីលាត។ អ្វី​ទាំង​នោះ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ហេតុ​នេះ ខ្ញុំ​បាន​តាំង​ចិត្ត​ខ្លាំង​ជាង​មុន​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល។ ដូច្នេះ ក្រោយ​ពី​ខ្ញុំ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ភ្លាម​ៗ​ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ប៉ុន្តែ ការិយាល័យ​សាខា​កាណាដា​បាន​សរសេរ​សំបុត្រ​តប​មក​ខ្ញុំ​វិញ ដោយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​មុន​សិន។ ដូច្នេះ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៩៥០។ មួយ​ខែ​ក្រោយ​មក ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​ភារកិច្ច​ដំបូង​ដែល​ខ្ញុំ​បាន​ទទួល​គឺ​នៅ​ក្រុង​កាផិសខេស៊ីង។ ទី​ក្រុង​នោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ខ្ញុំ។

កិច្ច​បម្រើ​របស់​ខ្ញុំ​នៅ​ខេត្ត​កេបិក

នៅ​ឆ្នាំ​១៩៥១ ការិយាល័យ​សាខា​បាន​សុំ​បង​ប្អូន​ដែល​អាច​និយាយ​ភាសា​បារាំង​ឲ្យ​គិត​អំពី​ការ​រើ​ទៅ​បម្រើ​នៅ​ខេត្ត​កេបិក​ដែល​នៅ​ទី​នោះ​មនុស្ស​និយាយ​ភាសា​បារាំង ហើយ​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ ខ្ញុំ​ចេះ​និយាយ​ភាសា​បារាំង​និង​ភាសា​អង់គ្លេស ដូច្នេះ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​បម្រើ​នៅ​ទី​នោះ ហើយ​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ក្រុង​រូអិន។ ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​នៅ​ទី​នោះ​ទេ ខ្ញុំ​មាន​តែ​អាសយដ្ឋាន​ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ ប៉ុន្តែ អ្វី​ទាំង​អស់​ដំណើរ​ការ​យ៉ាង​រលូន។ បង​ម៉ាសេល​និង​ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​ល្អ។ ខ្ញុំ​ពិត​ជា​សប្បាយ​បម្រើ​នៅ​ខេត្ត​កេបិក​អស់​រយ:ពេល​បួន​ឆ្នាំ ហើយ​ទី​បំផុត​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។

សាលា​គីលាត​និង​សេចក្ដី​សង្ឃឹម​ដែល​ក្រ​នឹង​កើត​ឡើង

ពេល​ខ្ញុំ​នៅ​ខេត្ត​កេបិក ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ណាស់​ដែល​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​២៦ នៅ​ក្រុង​សោតឡានស៊ីង រដ្ឋ​ញូវយ៉ក។ ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​១៩៥៦ ហើយ​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​ហ្គាណា a ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច។ ប៉ុន្តែ មុន​ដែល​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នោះ​បាន ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កាណាដា​អស់​ប៉ុន្មាន​សប្តាហ៍​សិន រហូត​ដល់​ឯកសារ​ធ្វើ​ដំណើរ​បាន​រៀប​ចំ​រួច​រាល់។

ខ្ញុំ​ត្រូវ​រង់​ចាំ​រហូត​ដល់​៧​ខែ​នៅ​ក្រុង​តូរ៉ុនតូ​ដើម្បី​ទទួល​ឯកសារ​ទាំង​នោះ។ ក្នុង​អំឡុង​ពេល​នោះ ក្រុម​គ្រួសារ​របស់​បង​ប្រុស​គ្រីប​បាន​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ ហើយ​នោះ​ជា​ពេល​ដែល​ខ្ញុំ​ស្គាល់​ហ្សិឡា​ដែល​ជា​កូន​ស្រី​របស់​គាត់។ យើង​ក៏​ចាប់​ចិត្ត​ស្រឡាញ់​គ្នា។ ពេល​ខ្ញុំ​ហៀប​សុំ​នាង​រៀប​ការ ខ្ញុំ​ស្រាប់​តែ​ទទួល​ទិដ្ឋាការ។ ហ្សិឡា​និង​ខ្ញុំ​បាន​អធិដ្ឋាន​អំពី​រឿង​នេះ ហើយ​សម្រេច​ចិត្ត​ថា ខ្ញុំ​គួរ​ទៅ​បំពេញ​ភារកិច្ច​របស់​ខ្ញុំ។ ប៉ុន្តែ យើង​នៅ​តែ​បន្ត​សរសេរ​សំបុត្រ​ទាក់​ទង​គ្នា ដើម្បី​គិត​ថា​ពេល​ណា​យើង​អាច​រៀប​ការ​បាន។ នោះ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយ​ស្រួល​ទេ ប៉ុន្តែ​ក្រោយ​មក​យើង​ទទួល​ស្គាល់​ថា នោះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។

ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​រយ:ពេល​មួយ​ខែ​តាម​រថ​ភ្លើង កប៉ាល់​ដឹក​ទំនិញ និង​យន្ត​ហោះ ទី​បំផុត​ខ្ញុំ​បាន​មក​ដល់​ក្រុង​អាក្រា ប្រទេស​ហ្គាណា។ នៅ​ទី​នោះ​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់។ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទូ​ទាំង​ប្រទេស​ហ្គាណា ហើយ​នៅ​ប្រទេស​ជិត​ខាង​ដូច​ជា​កូតឌីវ័រ​និង​តូហ្គោឡេន (​ឥឡូវ​ហៅ​ថា​តូហ្គោ​)។ ភាគ​ច្រើន ខ្ញុំ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ដោយ​ប្រើ​ឡាន​ដែល​ការិយាល័យ​សាខា​ផ្ដល់​ឲ្យ។ ខ្ញុំ​ពិត​ជា​ត្រេក​អរ​ក្រៃ​លែង​ដែល​បាន​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ទី​នោះ!

ដោយ​សារ​ខ្ញុំ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់ នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​ខ្ញុំ​តែង​តែ​មាន​ភារកិច្ច​នៅ​សន្និបាត​ប្រចាំ​មណ្ឌល។ យើង​មិន​មាន​សាល​សន្និបាត​ទេ ដូច្នេះ​បង​ប្អូន​បាន​យក​ដើម​ឫស្សី​និង​ស្លឹក​ឈើ​មក​ធ្វើ​ជា​ដំបូល​ដើម្បី​ឲ្យ​មាន​ម្លប់។ នៅ​កន្លែង​សន្និបាត​មិន​មាន​ទូរ​ទឹក​កក​ទេ ដូច្នេះ​បង​ប្អូន​បាន​យក​សត្វ​ដែល​នៅ​រស់​មក​ទុក​នៅ​ក្បែរ​ៗ​នោះ ដើម្បី​ទុក​ធ្វើ​ជា​ម្ហូប​សម្រាប់​អ្នក​ចូល​រួម​សន្និបាត។

ក្នុង​កម្ម​វិធី​សន្និបាត​ទាំង​នោះ មាន​រឿង​ខ្លះ​គួរ​ឲ្យ​ចង់​សើច​បាន​កើត​ឡើង។ មាន​ពេល​មួយ​ដែល​បង​ហឺប ជិននីង​ដែល​ជា​សាសនទូត​កំពុង​ថ្លែង​សុន្ទរកថា ស្រាប់​តែ​មាន​សត្វ​គោ​ស្ទាវ​មួយ​ក្បាល​រួច​ពី​ទ្រុង ហើយ​រត់​កាត់​មុខ​វេទិកា។ ពេល​នោះ​បង​ហឺប​បាន​ផ្អាក​ថ្លែង​សុន្ទរកថា ហើយ​សត្វ​គោ​នោះ​វិញ​មើល​ទៅ​ជ្រួល​ច្របល់​ជា​ខ្លាំង។ ដូច្នេះ បង​ប្រុស​បួន​នាក់​ដែល​មាន​កម្លាំង​ខ្លាំង​ក៏​បាន​មក​ចាប់​សត្វ​គោ​នោះ​យក​ទៅ​ទុក​នៅ​ទ្រុង​វិញ ហើយ​ពេល​ឃើញ​ដូច្នេះ បង​ប្អូន​បាន​ទះ​ដៃ​សាទរ។

ក្នុង​អំឡុង​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ខ្ញុំ​បាន​បង្ហាញ​ភាពយន្ត​សង្គម​ពិភព​លោក​ថ្មី​ដែល​កំពុង​តែ​មាន​ដំណើរ​ការ​(​The New World Society in Action​)​នៅ​ភូមិ​ដែល​ជិត​កន្លែង​សន្និបាត។ ដើម្បី​ធ្វើ​ដូច្នោះ ខ្ញុំ​បាន​ព្យួរ​ផ្ទាំង​សំពត់​ស​នៅ​ចន្លោះ​បង្គោល​ពីរ​ឬ​ដើម​ឈើ​ពីរ ហើយ​បញ្ចាំង​ភាពយន្ត​លើ​ផ្ទាំង​នោះ។ អ្នក​ភូមិ​ពិត​ជា​ចូល​ចិត្ត​ណាស់! ពួក​គេ​ភាគ​ច្រើន​មិន​ធ្លាប់​មើល​ភាពយន្ត​ទេ។ ពេល​ដល់​ឈុត​ដែល​បង្ហាញ​អំពី​មនុស្ស​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​ទះ​ដៃ​យ៉ាង​កង​រំពង។ ភាពយន្ត​នោះ​ពិត​ជា​ជួយ​ពួក​អ្នក​ដែល​ទស្សនា​ឲ្យ​ទទួល​ស្គាល់​ថា យើង​ជា​អង្គការ​ដែល​មាន​សាមគ្គីភាព​នៅ​ទូ​ទាំង​ពិភព​លោក។

យើង​បាន​រៀប​ការ​នៅ​ប្រទេស​ហ្គាណា​នា​ឆ្នាំ​១៩៥៩

ក្រោយ​ពី​បម្រើ​នៅ​អាហ្វ្រិក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ខ្ញុំ​រំភើប​ចិត្ត​ចូល​រួម​មហា​សន្និបាត​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ក្រុង​ញូវយ៉ក​ក្នុង​ឆ្នាំ​១៩៥៨។ ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ជួប​ហ្សិឡា​នៅ​ទី​នោះ។ ពេល​នោះ នាង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ខេត្ត​កេបិក។ អស់​មួយ​រយៈ យើង​បាន​សរសេរ​សំបុត្រ​ឲ្យ​គ្នា ប៉ុន្តែ​ឥឡូវ​យើង​បាន​ជួប​គ្នា។ ដូច្នេះ​ខ្ញុំ​ក៏​សុំ​នាង​រៀប​ការ ហើយ​នាង​បាន​យល់​ព្រម។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​បង​ន័រ b ហើយ​សួរ​គាត់​ថា​តើ​ហ្សិឡា​អាច​ចូល​រួម​សាលា​គីលាត ហើយ​បម្រើ​នៅ​អាហ្វ្រិក​ជា​មួយ​ខ្ញុំ​បាន​ទេ? គាត់​យល់​ព្រម។ ក្រោយ​មក ហ្សិឡា​បាន​ទៅ​ដល់​ប្រទេស​ហ្គាណា។ យើង​បាន​រៀប​ការ​ជា​មួយ​គ្នា​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​១៩៥៩ នា​ក្រុងអាក្រា។ យើង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ឲ្យ​យើង​យ៉ាង​ពិត​ប្រាកដ ដោយ​សារ​យើង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

យើង​បម្រើ​ជា​មួយ​គ្នា​នៅ​ប្រទេស​កាមេរូន

ខ្ញុំ​ធ្វើ​ការ​នៅ​ការិយាល័យ​សាខា​កាមេរូន

នៅ​ឆ្នាំ​១៩៦១ យើង​បាន​ទទួល​ភារកិច្ច​បម្រើ​នៅ​ប្រទេស​កាមេរូន។ នៅ​ទី​នោះ​ខ្ញុំ​រវល់​ខ្លាំង​ណាស់ ដោយ​សារ​ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​ជួយ​បង្កើត​ការិយាល័យ​សាខា​ថ្មី។ ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​ថ្មី ខ្ញុំ​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​រៀន។ ប៉ុន្តែ​ក្រោយ​មក នៅ​ឆ្នាំ​១៩៦៥ ហ្សិឡា​ក៏​មាន​ផ្ទៃ​ពោះ។ ខ្ញុំ​សារភាព​ថា​យើង​ពិបាក​ជឿ​ថា​យើង​នឹង​ទៅ​ជា​ឪពុក​ម្ដាយ។ តែ​ពេល​យើង​ចាប់​ផ្ដើម​រំភើប​ចិត្ត​នឹង​តួ​នាទី​ថ្មី​ជា​ឪពុក​ម្ដាយ ហើយ​រៀប​ចំ​គម្រោង​ត្រឡប់​ទៅ​កាណាដា​វិញ យើង​ស្រាប់​តែ​ជួប​ប្រទះ​នឹង​រឿង​ដ៏​ខ្លោច​ផ្សា​មួយ។

ហ្សិឡា​បាន​រលូត​កូន។ គ្រូ​ពេទ្យ​បាន​ប្រាប់​យើង​ថា កូន​របស់​យើង​ជា​កូន​ប្រុស។ រឿង​នោះ​បាន​កន្លង​ទៅ​ជាង​៥០​ឆ្នាំ​មក​ហើយ តែ​យើង​មិន​ដែល​ភ្លេច​រឿង​នោះ​សោះ។ ទោះ​ជា​រឿង​នោះ​ធ្វើ​ឲ្យ​យើង​ក្រៀម​ក្រំ​ចិត្ត​ខ្លាំង​ក៏​ដោយ យើង​មិន​បាន​បោះ​បង់​ភារកិច្ច​នៅ​ប្រទេស​ក្រៅ​ទេ ដោយ​សារ​យើង​ស្រឡាញ់​ភារកិច្ច​នោះ។

ខ្ញុំ​និង​ហ្សិឡា​នៅ​ប្រទេស​កាមេរូន​នា​ឆ្នាំ​១៩៦៥

បង​ប្អូន​នៅ​ប្រទេស​កាមេរូន​ជួប​ការ​បៀតបៀន​ជា​ញឹក​ញយ ដោយ​សារ​ពួក​គាត់​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ។ ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ក្នុង​អំឡុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។ អ្វី​ដែល​យើង​ខ្លាច​បំផុត​ពិត​ជា​បាន​កើត​ឡើង​មែន គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​១៩៧០ សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ដាក់​បម្រាម។ ការិយាល័យ​សាខា​ដ៏​ស្រស់​ស្អាត​របស់​យើង​ដែល​យើង​ទើប​តែ​រើ​ចូល​បាន​ប្រាំ​ខែ​ប៉ុណ្ណោះ​បាន​ត្រូវ​រដ្ឋាភិបាល​រឹប​អូស​យក។ មិន​ដល់​មួយ​សប្ដាហ៍​ផង សាសនទូត​ទាំង​អស់ រួម​ទាំង​ខ្ញុំ​និង​ហ្សិឡា​បាន​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ប្រទេស។ យើង​មិន​ចង់​ចាក​ចេញ​ពី​បង​ប្អូន​ទេ ពីព្រោះ​យើង​ស្រឡាញ់​ពួក​គាត់ ហើយ​បារម្ភ​ពី​ពួក​គាត់​ខ្លាំង​ណាស់។

ក្រោយ​មក​អស់​រយៈ​ពេល​៦​ខែ យើង​បាន​បម្រើ​នៅ​ការិយាល័យ​សាខា​បារាំង។ នៅ​ទី​នោះ ខ្ញុំ​ខំ​ព្យាយាម​បន្ត​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​នៅ​ប្រទេស​កាមេរូន។ នៅ​ខែ​ធ្នូ​ក្នុង​ឆ្នាំ​ដដែល​នោះ យើង​បាន​ទទួល​ភារកិច្ច​បម្រើ​នៅ​ការិយាល័យ​សាខា​នីហ្សេរីយ៉ា ដែល​ចាប់​ផ្ដើម​មើល​ការ​ខុស​ត្រូវ​កិច្ច​ការ​ក្នុង​ប្រទេស​កាមេរូន។ បង​ប្អូន​នៅ​ប្រទេស​នីហ្សេរីយ៉ា​បាន​ស្វាគមន៍​យើង​យ៉ាង​កក់​ក្ដៅ ហើយ​យើង​សប្បាយ​បម្រើ​នៅ​ទី​នោះ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ។

ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ

នៅ​ឆ្នាំ​១៩៧៣ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ណាស់។ ហ្សិឡា​បាន​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដ៏​ធ្ងន់​ធ្ងរ​អស់​មួយ​រយៈ​ពេល។ ពេល​យើង​ចូល​រួម​មហា​សន្និបាត​នៅ​ញូវយ៉ក នាង​បាន​យំ​ប្រាប់​ខ្ញុំ​ថា​៖ ​«​អូន​ទៅ​មុខ​លែង​រួច​ហើយ។ អូន​ឈឺ​ច្រើន ហើយ​អស់​កម្លាំង​ខ្លាំង​ណាស់​»។ នាង​បាន​បម្រើ​ជា​មួយ​ខ្ញុំ​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច​អស់​រយៈ​ពេល​១៤​ឆ្នាំ។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​នាង ដោយ​សារ​នាង​បម្រើ​យ៉ាង​ស្មោះ​ត្រង់ តែ​យើង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ។ ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​របស់​យើង និង​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​អំពី​រឿង​នេះ យើង​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​កាណាដា​វិញ ដើម្បី​អាច​មើល​ថែ​សុខភាព​របស់​នាង​បាន​ល្អ​ជាង។ ការ​សម្រេច​ចិត្ត​ឈប់​ធ្វើ​ជា​សាសនទូត​និង​ឈប់​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​និង​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​បំផុត​ក្នុង​ជីវិត​របស់​យើង។

ក្រោយ​មក​ដល់​ប្រទេស​កាណាដា មិត្ត​ភក្តិ​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​ជា​យូរ​មក​ហើយ​ហៅ​ខ្ញុំ​ឲ្យ​មក​ធ្វើ​ការ​ជា​មួយ​គាត់។ គាត់​ជា​អ្នក​លក់​ឡាន​ក្នុង​ក្រុង​តូច​មួយ​ដែល​នៅ​ខាង​ជើង​ក្រុង​តូរ៉ុនតូ។ ខ្ញុំ​និង​ហ្សិឡា​បាន​ជួល​អាផាតមិន​ដើម្បី​រស់​នៅ ព្រម​ទាំង​ទិញ​គ្រឿង​សង្ហារិម​មួយ​ទឹក​ដើម្បី​យក​មក​ប្រើ​ប្រាស់។ ដោយ​ធ្វើ​ដូច្នេះ យើង​មិន​ចាំ​បាច់​ជំពាក់​បំណុល​គេ​ឡើយ។ យើង​ចង់​រក្សា​ជីវិត​ថ្មី​របស់​យើង​ឲ្យ​សាមញ្ញ​ដោយ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​យើង​អាច​ត្រឡប់​ទៅ​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល​ម្ដង​ទៀត។ យើង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ដោយ​សារ​សេចក្ដី​សង្ឃឹម​របស់​យើង​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​លឿន​ជាង​អ្វី​ដែល​យើង​រំពឹង​ទុក។

ខ្ញុំ​ចាប់​ផ្ដើម​ស្ម័គ្រ​ចិត្ត​ជួយ​នៅ​ការដ្ឋាន​សាង​សង់​សាល​សន្និបាត​ថ្មី​នៅ​តំបន់​ណូវិល​ក្នុង​ខេត្ត​អនតារីយ៉ូ។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​សាល​សន្និបាត។ ពេល​នោះ​សុខភាព​របស់​ហ្សិឡា​គ្រាន់​បើ​ជាង​មុន ហើយ​យើង​គិត​ថា​នាង​អាច​បំពេញ​ភារកិច្ច​ថ្មី​នោះ​បាន។ ដូច្នេះ យើង​បាន​រើ​ទៅ​បន្ទប់​ស្នាក់​នៅ​មួយ​ក្នុង​សាល​សន្និបាត នៅ​ខែ​មិថុនា ឆ្នាំ​១៩៧៤។ យើង​រីករាយ​ណាស់​ដែល​អាច​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​ម្ដង​ទៀត!

យើង​សប្បាយ​ចិត្ត​ណាស់​ដែល​សុខភាព​របស់​ហ្សិឡា​កាន់​តែ​ធូរ​ទៅ​ៗ។ ពីរ​ឆ្នាំ​ក្រោយ​មក យើង​អាច​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ មណ្ឌល​របស់​យើង​គឺ​នៅ​ខេត្ត​ម៉ានីថូបា ប្រទេស​កាណាដា ហើយ​ខេត្ត​នោះ​ជា​កន្លែង​ដែល​គេ​ស្គាល់​ថា​ត្រជាក់​យ៉ាង​ខ្លាំង​នៅ​រដូវ​រងារ។ ប៉ុន្តែ បង​ប្អូន​នៅ​ទី​នោះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ។ យើង​បាន​រៀន​ថា​កន្លែង​ណា​ក៏​ដោយ​ដែល​យើង​បម្រើ​គឺ​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​យើង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។

ខ្ញុំ​រៀន​មេ​រៀន​ដ៏​សំខាន់​មួយ

ក្រោយ​ពី​បាន​បំពេញ​កិច្ច​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​អស់​ប៉ុន្មាន​ឆ្នាំ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល​កាណាដា​នា​ឆ្នាំ​១៩៧៨។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​រៀន​មេ​រៀន​ដ៏​សំខាន់​មួយ តែ​មិន​ស្រួល​ទទួល​យក​ទេ។ ជា​ឧទាហរណ៍ មាន​ពេល​មួយ ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​ថ្លែង​សុន្ទរកថា​មួយ​ម៉ោង​កន្លះ​ជា​ភាសា​បារាំង នៅ​កិច្ច​ប្រជុំ​ពិសេស​មួយ​នា​ក្រុង​ម៉ុងរ៉េអាល។ គួរ​ឲ្យ​ស្ដាយ​របៀប​ដែល​ខ្ញុំ​ថ្លែង ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ពិបាក​ផ្ចង់​អារម្មណ៍​លើ​សុន្ទរកថា​របស់​ខ្ញុំ។ ក្រោយ​មក បង​ប្រុស​ម្នាក់​ពី​ផ្នែក​ការិយាល័យ​ខាង​កិច្ច​បម្រើ​បាន​មក​ជូន​យោបល់​ខ្ញុំ។ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​គួរ​តែ​ទទួល​ស្គាល់​នៅ​ពេល​នោះ​ថា ខ្ញុំ​មិន​សូវ​ពូកែ​ថ្លែង​សុន្ទរកថា​ទេ។ ប៉ុន្តែ ខ្ញុំ​ពិបាក​ទទួល​យក​យោបល់​នោះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​ឆាប់​ចាប់​កំហុស ហើយ​មិន​បាន​សរសើរ​ខ្ញុំ​សោះ។ ណា​មួយ​ទៀត ពីរ​នាក់​យើង​មិន​សូវ​ត្រូវ​គ្នា​ផង។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​ដោយ​សារ​ខ្ញុំ​គិត​ហួស​ហេតុ​ពេក​អំពី​របៀប​ដែល​គាត់​ឲ្យ​យោបល់ និង​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​អ្នក​ដែល​ឲ្យ​យោបល់។

ខ្ញុំ​រៀន​មេ​រៀន​ដ៏​សំខាន់​មួយ​ក្រោយ​ពី​ថ្លែង​សុន្ទរកថា​ជា​ភាសា​បារាំង

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ម្នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​និយាយ​អំពី​រឿង​នោះ។ ខ្ញុំ​បាន​សារភាព​ថា ខ្ញុំ​មិន​មាន​ប្រតិកម្ម​ល្អ​ពេល​ទទួល​យោបល់​នោះ​ទេ ហើយ​ខ្ញុំ​ពិត​ជា​ស្ដាយ​ក្រោយ។ បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ជា​មួយ​បង​ប្រុស​ដែល​បាន​ឲ្យ​យោបល់​ខ្ញុំ។ គាត់​ព្រម​អភ័យ​ទោស​ឲ្យ​ខ្ញុំ។ បទ​ពិសោធន៍​នេះ​បង្រៀន​ខ្ញុំ​ថា ការ​មាន​ចិត្ត​រាប​ទាប​គឺ​សំខាន់​ណាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ្លេច​អំពី​មេ​រៀន​នេះ​ទេ។ (​សុភ. ១៦:១៨​) ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ដង​អំពី​រឿង​នេះ ហើយ​ខ្ញុំ​តាំង​ចិត្ត​កុំ​ឲ្យ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ពេល​ទទួល​យោបល់​ឡើយ។

ឥឡូវ​ខ្ញុំ​បាន​បម្រើ​នៅ​បេតអែល​កាណាដា​អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ហើយ ហើយ​ចាប់​ពី​ឆ្នាំ​១៩៨៥ ខ្ញុំ​មាន​ឯកសិទ្ធិ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ហ្សិឡា​ដែល​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ស្លាប់។ ខ្ញុំ​មិន​គ្រាន់​តែ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​ឈឺ​ចិត្ត​ដែល​មក​ពី​ការ​បាត់​បង់​ប្រពន្ធ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ក៏​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែរ។ ក៏​ប៉ុន្តែ កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​រវល់​និង​រីករាយ​ជា​ខ្លាំង​រហូត​ដល់​ខ្ញុំ​«​មិន​គិត​ច្រើន​ពេក​អំពី​បញ្ហា​ដែល​កើត​ឡើង​ក្នុង​ជីវិត​»។ (​អទ. ៥:២០​) ទោះ​ជា​ខ្ញុំ​បាន​ជួប​ការ​ពិបាក​ជា​ច្រើន​ក៏​ដោយ មាន​អ្វី​ច្រើន​ជាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​យ៉ាង​បរិបូរ។ ការ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត ហើយ​បម្រើ​លោក​ពេញ​ពេល​ដោយ​អំណរ​អស់​៧០​ឆ្នាំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដ៏​ស្កប់​ចិត្ត​ណាស់។ ខ្ញុំ​អធិដ្ឋាន​សុំ​ឲ្យ​ប្អូន​ៗ​វ័យ​ក្មេង​បន្ត​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា មាន​តែ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​នាំ​ឲ្យ​ពួក​គេ​មាន​ជីវិត​ស្កប់​ចិត្ត​និង​សប្បាយ​រីករាយ។

a រហូត​មក​ឆ្នាំ​១៩៥៧ តំបន់​នៃ​ទ្វីប​អាហ្វ្រិក​នេះ​ធ្លាប់​ជា​អាណានិគម​របស់​ចក្រភព​អង់គ្លេស ដែល​បាន​ត្រូវ​ហៅ​ថា​ហ្គូល ខូស។

b បង​ណេថិន ន័រ​បាន​នាំ​មុខ​ក្នុង​កិច្ច​ការ​របស់​អង្គការ​យើង​នៅ​សម័យ​នោះ។