អត្ថបទសិក្សា ៣៧
ចម្រៀងលេខ១១៨ «សូមជួយយើងឲ្យមានជំនឿថែមទៀត»
សំបុត្រមួយដែលអាចជួយយើងឲ្យស៊ូទ្រាំយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់
«យើងរក្សាទំនុកចិត្តដែលយើងមាននៅដើមដំបូងឲ្យរឹងមាំរហូតដល់ទីបញ្ចប់»។—ហេ. ៣:១៤
ចំណុចផ្ដោត
សំបុត្រទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺមានយោបល់ដែលនឹងជួយយើងឲ្យស៊ូទ្រាំយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។
១-២. (ក) ពេលសាវ័កប៉ូលសរសេរសំបុត្រទៅគ្រិស្តសាសនិកនៅតំបន់យូឌា តើពួកគេមានជីវិតបែបណា? (ខ) ហេតុអ្វីសំបុត្រនោះមានប្រយោជន៍សម្រាប់ពួកគេ?
ក្រោយពីលោកយេស៊ូស្លាប់នៅឆ្នាំ៣៣ គ.ស. គ្រិស្តសាសនិកនៅក្រុងយេរូសាឡិមនិងតំបន់យូឌាមានការពិបាកផ្សេងៗជាច្រើន។ មិនយូរក្រោយពីក្រុមជំនុំគ្រិស្តសាសនិកបានត្រូវបង្កើតឡើង ពួកគេរងការបៀតបៀនយ៉ាងខ្លាំង។ (សកម្ម. ៨:១) ប្រហែលជា២០ឆ្នាំក្រោយមក អ្នកកាន់តាមគ្រិស្តរងទុក្ខដោយសារការអត់ឃ្លាន និងភាពក្រីក្រ។ (សកម្ម. ១១:២៧-៣០) ប៉ុន្តែ ប្រមាណជានៅឆ្នាំ៦១ គ.ស. គ្រិស្តសាសនិកមានសេចក្ដីសុខសាន្តមួយកម្រិត។ ក្នុងអំឡុងពេលដែលមានសេចក្ដីសុខសាន្តនោះ ពួកគេបានទទួលសំបុត្រពីសាវ័កប៉ូល។ យោបល់ក្នុងសំបុត្រនោះគឺជាអ្វីដែលពួកគេត្រូវការដើម្បីត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងមិនយូរទៀត។
២ សំបុត្រនោះគឺចំពេល ដោយសារគ្រាសុខសាន្តដែលគ្រិស្តសាសនិកមាននៅពេលនោះមិនមែនមានរហូតទេ។ ក្នុងសំបុត្រនោះ ប៉ូលបានផ្ដល់យោបល់ដែលនឹងជួយពួកគេឲ្យស៊ូទ្រាំនឹងទុក្ខវេទនាដែលមិនយូរទៀតពួកគេនឹងជួប។ ការបំផ្លាញនៃរបៀបរបបជនជាតិយូដាដែលលោកយេស៊ូបានប្រកាសទុកជាមុនគឺជិតមកដល់ហើយ។ (លូក. ២១:២០) ប្រាកដណាស់ ទាំងប៉ូលទាំងគ្រិស្តសាសនិកនៅតំបន់យូឌាមិនដឹងច្បាស់ថាពេលណាការបំផ្លាញនោះនឹងកើតឡើងទេ។ ទោះជាយ៉ាងនោះក៏ដោយ គ្រិស្តសាសនិកទាំងនោះអាចប្រើពេលវេលាដែលពួកគេមានដើម្បីពង្រឹងជំនឿនិងកាន់តែចេះស៊ូទ្រាំ មុនការបំផ្លាញនោះមកដល់។—ហេ. ១០:២៥; ១២:១, ២
៣. ហេតុអ្វីគ្រិស្តសាសនិកនៅសព្វថ្ងៃនេះគួរយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះសំបុត្រទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ?
៣ នៅថ្ងៃអនាគត យើងនឹងជួបគ្រាទុក្ខវេទនាខ្លាំងជាងគ្រាទុក្ខវេទនាដែលគ្រិស្តសាសនិកជនជាតិហេប្រឺជួបទៅទៀត។ (ម៉ាថ. ២៤:២១; បប. ១៦:១៤, ១៦) ដូច្នេះ សូមយើងពិចារណាយោបល់ខ្លះពីសាវ័កប៉ូលដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ាដើម្បីជួយគ្រិស្តសាសនិកទាំងនោះ ហើយយើងក៏អាចទទួលប្រយោជន៍ពីយោបល់ទាំងនោះដែរ។
‹ចូរខំប្រឹងឈានទៅរកភាពចាស់ទុំ›
៤. តើគ្រិស្តសាសនិកជនជាតិយូដាជួបការពិបាកអ្វី? (សូមមើលរូបភាពផងដែរ)
៤ ជនជាតិយូដាដែលក្លាយទៅជាគ្រិស្តសាសនិកត្រូវធ្វើការផ្លាស់ប្ដូរដ៏ធំ ហើយនេះមិនស្រួលសម្រាប់ពួកគេទេ។ អស់ជាច្រើនឆ្នាំ ក្រុងយេរូសាឡិមគឺជាកន្លែងដ៏សំខាន់ ដោយសារស្ដេចដែលតំណាងព្រះយេហូវ៉ាគ្រប់គ្រងពីទីនោះ ហើយមនុស្សដែលចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ាត្រូវតែទៅវិហារនៅក្រុងយេរូសាឡិមដើម្បីគោរពប្រណិប័តន៍លោក។ ជនជាតិយូដាដ៏ស្មោះត្រង់ទាំងអស់កាន់តាមច្បាប់ម៉ូសេដែលបង្រៀនដោយពួកអ្នកដឹកនាំសាសនា។ សេចក្ដីបង្រៀនទាំងនោះជាប់ទាក់ទងនឹងអាហារ ការកាត់ចុងស្បែក និងរបៀបប្រព្រឹត្តចំពោះពួកអ្នកដែលមិនមែនជាជនជាតិយូដា។ ប៉ុន្តែ ក្រោយពីលោកយេស៊ូស្លាប់ ព្រះយេហូវ៉ាមិនទទួលគ្រឿងបូជានៅវិហារទៀតទេ។ ដូច្នេះហើយ នេះគឺជាការពិបាកមួយសម្រាប់គ្រិស្តសាសនិកជនជាតិយូដាដែលធ្លាប់កាន់តាមច្បាប់ម៉ូសេ។ (ហេ. ១០:១, ៤, ១០) សូម្បីតែគ្រិស្តសាសនិកដែលមានភាពចាស់ទុំដូចជាសាវ័កពេត្រុស ក៏ពិបាកទទួលយកការផ្លាស់ប្ដូរខ្លះទាំងនោះដែរ។ (សកម្ម. ១០:៩-១៤; កាឡ. ២:១១-១៤) ដោយសារគ្រិស្តសាសនិកជនជាតិយូដាទាំងនោះធ្វើតាមជំនឿថ្មី នេះនាំឲ្យពួកអ្នកដឹកនាំសាសនាយូដាបៀតបៀនពួកគេ។
៥. តើគ្រិស្តសាសនិកត្រូវប្រុងប្រយ័ត្ននឹងអ្វី?
៥ គ្រិស្តសាសនិកជនជាតិហេប្រឺជួបការប្រឆាំងពីមនុស្សពីរក្រុម។ ក្រុមទី១ គឺជាពួកអ្នកដឹកនាំសាសនាជនជាតិយូដាដែលចាត់ទុកគ្រិស្តសាសនិកទាំងនោះដូចជាពួកអ្នកក្បត់ជំនឿ។ ក្រុមមួយទៀត គឺជាបុគ្គលខ្លះដែលអះអាងថាខ្លួនជាគ្រិស្តសាសនិក ហើយទាមទារឲ្យពួកអ្នកកាន់តាមគ្រិស្តធ្វើតាមច្បាប់ម៉ូសេ ប្រហែលជាដោយសារបុគ្គលទាំងនោះមិន ចង់ទទួលការបៀតបៀន។ (កាឡ. ៦:១២) ដូច្នេះ តើអ្វីនឹងជួយគ្រិស្តសាសនិកស្មោះត្រង់ឲ្យកាន់ខ្ជាប់តាមសេចក្ដីពិត?
៦. តើប៉ូលបានលើកទឹកចិត្តបងប្អូនរួមជំនឿឲ្យធ្វើអ្វី? (ហេប្រឺ ៥:១៤–៦:១)
៦ នៅក្នុងសំបុត្ររបស់សាវ័កប៉ូលទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ គាត់បានលើកទឹកចិត្តពួកគេឲ្យសិក្សានិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ។ (សូមអាន ហេប្រឺ ៥:១៤–៦:១) ដោយដកស្រង់ពីបទគម្ពីរភាសាហេប្រឺ ប៉ូលបានពន្យល់នូវមូលហេតុដើម្បីបង្ហាញថារបៀបដែលគ្រិស្តសាសនិកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ប្រសើរជាងរបៀបដែលជនជាតិយូដាគោរពប្រណិប័តន៍លោក។ a ប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យព្យាយាមស្គាល់និងយល់សេចក្ដីពិតពីបទគម្ពីរឲ្យកាន់តែច្បាស់ដើម្បីពួកគេអាចចេះសម្គាល់សេចក្ដីបង្រៀនដែលខុស ហើយបដិសេធសេចក្ដីបង្រៀននោះ។
៧. តើយើងជួបការពិបាកអ្វីខ្លះនៅសព្វថ្ងៃនេះ?
៧ នៅសព្វថ្ងៃនេះ យើងប្រឈមមុខនឹងមនុស្សដែលចែកចាយព័ត៌មានឬទស្សនៈដែលប្រឆាំងនឹងខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ ជាញឹកញយ ពួកអ្នកប្រឆាំងបានយកសេចក្ដីបង្រៀនដែលមានមូលដ្ឋានលើគម្ពីរទាក់ទងនឹងខ្នាតតម្រាសីលធម៌និងការបណ្ដាច់មិត្តភាពជាអំណះអំណាងដើម្បីចោទប្រកាន់ថាសាក្សីព្រះយេហូវ៉ាជាមនុស្សរើសអើងនិងគ្មានមេត្តា។ របៀបគិតគូរនិងទស្សនៈរបស់មនុស្សក្នុងពិភពលោកនេះកាន់តែផ្ទុយស្រឡះពីទស្សនៈដ៏ល្អឥតខ្ចោះរបស់ព្រះ។ (សុភ. ១៧:១៥) ហេតុនេះហើយ ជាការសំខាន់ដែលយើងចេះសម្គាល់របៀបគិតគូរមិនត្រឹមត្រូវ ហើយចេះបដិសេធរបៀបគិតគូរនោះ។ ដោយធ្វើដូច្នេះ យើងមិនអនុញ្ញាតឲ្យពួកអ្នកប្រឆាំងណាម្នាក់ធ្វើឲ្យយើងលែងមានចិត្តក្លាហាននិងឈប់បម្រើព្រះយេហូវ៉ាឡើយ។—ហេ. ១៣:៩
៨. តើយើងអាចខំប្រឹងឈានទៅរកភាពចាស់ទុំយ៉ាងដូចម្ដេច?
៨ ប៉ូលបានប្រាប់គ្រិស្តសាសនិកជនជាតិហេប្រឺឲ្យខំប្រឹងឈានទៅរកភាពចាស់ទុំ ហើយយើងក៏ត្រូវធ្វើដូច្នេះដែរ។ នេះមានន័យថាយើងត្រូវសិក្សាគម្ពីរយ៉ាងយកចិត្តទុកដាក់ដើម្បីស្គាល់ព្រះយេហូវ៉ានិងរបៀបគិតគូររបស់លោកឲ្យកាន់តែប្រសើរឡើង។ យើងត្រូវបន្ដធ្វើដូច្នេះ សូម្បីតែក្រោយពីយើងបានទទួលការជ្រមុជទឹករួចហើយក្ដី។ មិនថាយើងនៅក្នុងសេចក្ដីពិតយូរប៉ុណ្ណា យើងទាំងអស់គ្នាត្រូវអាននិងសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់។ (ចសព. ១:២) ការសិក្សាគម្ពីរជាទៀងទាត់នឹងជួយយើងឲ្យពង្រឹងជំនឿ ជាគុណសម្បត្តិដែលប៉ូលបញ្ជាក់ក្នុងសំបុត្ររបស់គាត់ទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ។—ហេ. ១១:១, ៦
‹ចូរមានជំនឿដើម្បីរក្សាជីវិត›
៩. ហេតុអ្វីគ្រិស្តសាសនិកជនជាតិហេប្រឺត្រូវការជំនឿមាំមួន?
៩ គ្រិស្តសាសនិកជនជាតិហេប្រឺត្រូវមានជំនឿយ៉ាងរឹងមាំ ដោយសារនេះនឹងជួយពួកគេឲ្យរួចជីវិតនៅពេលដែលគ្រាទុក្ខវេទនាកើតឡើងនៅតំបន់យូឌា។ (ហេ. ១០:៣៧-៣៩) លោកយេស៊ូបានព្រមានពួកអ្នកកាន់តាមលោកថាពេលដែលឃើញកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម ពួកគេគួររត់ចេញទៅតំបន់ភ្នំ។ បង្គាប់នេះគឺសម្រាប់គ្រិស្តសាសនិកទាំងអស់ មិនថាពួកគេរស់នៅក្នុងក្រុងយេរូសាឡិមឬនៅជនបទ។ (លូក. ២១:២០-២៤) តាមធម្មតានៅសម័យនោះ មនុស្សដែលរស់នៅជនបទរត់មកក្នុងក្រុងពេលដែលមានកងទ័ពមកវាយប្រហារ ដោយសារក្រុងមានកំពែងអាចការពារពួកគេ។ ការរត់ទៅតំបន់ភ្នំមើលទៅមិនសមហេតុផលទេ ដូច្នេះពួកគេត្រូវការជំនឿយ៉ាងខ្លាំងដើម្បីស្ដាប់បង្គាប់លោកយេស៊ូ។
១០. តើការមានជំនឿរឹងមាំជំរុញគ្រិស្តសាសនិកឲ្យធ្វើអ្វី? (ហេប្រឺ ១៣:១៧)
១០ គ្រិស្តសាសនិកជនជាតិហេប្រឺក៏ត្រូវទុកចិត្តពួកអ្នកដែលលោកយេស៊ូបានប្រើដើម្បីដឹកនាំក្រុមជំនុំដែរ។ ពួកអ្នកដែលនាំមុខទំនងជាផ្ដល់ការណែនាំជាក់លាក់ស្ដីអំពីពេលណានិងរបៀបណាដែលពួកគេត្រូវរត់ចេញ។ (សូមអាន ហេប្រឺ ១៣:១៧) ពាក្យភាសាក្រិចនៅហេប្រឺ ១៣:១៧ដែលបានត្រូវបកប្រែថា«ស្ដាប់បង្គាប់»បង្កប់អត្ថន័យថា បុគ្គលម្នាក់ចុះចូលស្ដាប់បង្គាប់ដោយសារគាត់ទុកចិត្តបុគ្គលដែលផ្ដល់ការណែនាំ មិនមែនដោយសារបុគ្គលដែលផ្ដល់ការណែនាំមានសិទ្ធិធ្វើដូច្នោះទេ។ ដូច្នេះ គ្រិស្តសាសនិកជនជាតិហេប្រឺត្រូវរៀនទុកចិត្តពួកអ្នកនាំមុខមុនទុក្ខវេទនាមកដល់។ ប្រសិនបើក្នុងអំឡុងគ្រាសុខសាន្ត គ្រិស្តសាសនិកស្ដាប់បង្គាប់ដោយធ្វើតាមការណែនាំរបស់ពួកអ្នកនាំមុខ នោះពួកគេនឹងស្រួលស្ដាប់បង្គាប់ជាងនៅគ្រាដែលពិបាក។
១១. ហេតុអ្វីគ្រិស្តសាសនិកនៅសព្វថ្ងៃនេះត្រូវមានជំនឿរឹងមាំ?
១១ នៅសព្វថ្ងៃនេះ យើងក៏ត្រូវការជំនឿដូចគ្រិស្តសាសនិកជនជាតិហេប្រឺដែរ។ យើងកំពុងរស់នៅគ្រាមួយដែលមនុស្សភាគច្រើនមិនជឿថារបៀបរបបពិភពលោកនេះជិតដល់ទីបញ្ចប់ទេ ហើយពួកគេថែមទាំងសើចចំអកយើងដែលជឿដូច្នោះទៀតផង។ (២ពេ. ៣:៣, ៤) បន្ថែមទៅទៀត ទោះបីជាគម្ពីរផ្ដល់ព័ត៌មានមួយចំនួនអំពីអ្វីដែលនឹងកើតឡើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងក៏ដោយ នៅតែមានអ្វីជាច្រើនដែលយើងមិនដឹង។ ម្ល៉ោះហើយ យើងត្រូវមានជំនឿរឹងមាំថាទីបញ្ចប់នៃរបៀបរបបពិភពលោកនេះនឹងមកនៅពេលត្រឹមត្រូវ ហើយថាព្រះយេហូវ៉ានឹងថែរក្សាយើង។—ហាប. ២:៣
១២. តើអ្វីនឹងជួយយើងឲ្យរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំង?
១២ យើងក៏ត្រូវជឿថាព្រះយេហូវ៉ាកំពុងប្រើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដើម្បីណែនាំយើងនៅសព្វថ្ងៃនេះ។ (ម៉ាថ. ២៤:៤៥) ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម យើងប្រហែលជាទទួលការណែនាំជាក់លាក់អំពីរបៀបរួចរស់ជីវិត ដូចគ្រិស្តសាសនិកជនជាតិហេប្រឺប្រហែលជាបានទទួលពេលដែលកងទ័ពរ៉ូមបានមកឡោមព័ទ្ធក្រុងយេរូសាឡិម។ ឥឡូវនេះគឺជាពេលឲ្យយើងត្រូវទុកចិត្តនិងជឿជាក់កាន់តែខ្លាំងទៅលើការណែនាំដែលយើងបានទទួលពីពួកអ្នកនាំមុខនៅក្នុងអង្គការរបស់ព្រះយេហូវ៉ា។ បើយើងមិនទុកចិត្ត ហើយមិនស្ដាប់បង្គាប់ការណែនាំដែលយើងបានទទួលនៅឥឡូវនេះទេ នោះយើងច្បាស់ជាពិបាកស្ដាប់បង្គាប់ការណែនាំដែលយើងនឹងទទួលក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។
១៣. ហេតុអ្វីយោបល់ដែលបានកត់ទុកនៅហេប្រឺ ១៣:៥គឺសំខាន់?
១៣ គ្រិស្តសាសនិកជនជាតិហេប្រឺត្រូវរង់ចាំសញ្ញាសម្គាល់ដើម្បីរត់ចេញ ហើយនៅដំណាលគ្នានោះពួកគេក៏ត្រូវផ្ដោតអារម្មណ៍លើការបម្រើព្រះយេហូវ៉ា ហើយជៀសវាងពី«ការស្រឡាញ់ប្រាក់»ដែរ។ (សូមអាន ហេប្រឺ ១៣:៥) គ្រិស្តសាសនិកខ្លះធ្លាប់ឆ្លងកាត់គ្រាដែលមានភាពអត់ឃ្លាននិងភាពក្រីក្រ។ (ហេ. ១០:៣២-៣៤) អ្នកខ្លះប្រហែលជាចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើការចង់មានចង់បាន ទោះជាពួកគេធ្លាប់ស៊ូទ្រាំនឹងការពិបាកដោយសារដំណឹងល្អក្ដី។ ហេតុអ្វី? ដោយសារពួកគេគិតថាទ្រព្យសម្បត្តិអាចជួយការពារពួកគេ។ ប៉ុន្តែ មិនថាមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា ក៏មិនអាចការពារពួកគេពីការហិនវិនាសដែលនឹងមកដល់នាពេលខាងមុខឡើយ។ (យ៉ា. ៥:៣) ពិតណាស់ អ្នកដែលស្រឡាញ់ទ្រព្យសម្បត្តិទំនងជាពិបាកលះចោលផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេ ហើយរត់ចេញ។
១៤. តើតាមរបៀបណាការមានជំនឿរឹងមាំអាចមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់យើងនៅឥឡូវនេះស្ដីអំពីវត្ថុទ្រព្យ?
១៤ បើយើងជឿជាក់ថាព្រះយេហូវ៉ានឹងបំផ្លាញពិភពលោកដ៏ទុច្ចរិតនេះនាពេលខាងមុខ នោះយើងនឹងមិនគិតថាទ្រព្យសម្បត្តិឬការមានលុយច្រើនគឺជាអ្វីដ៏សំខាន់បំផុតនោះទេ។ ក្នុងន័យម្យ៉ាង មនុស្ស«នឹងបោះចោលប្រាក់នៅតាមផ្លូវ» ដោយសារពួកគេនឹងទទួលស្គាល់ថា«មាសនិងប្រាក់របស់ពួកគេមិនអាចសង្គ្រោះពួកគេនៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទេ»។ (អេគ. ៧:១៩) ជាជាងផ្ដោតអារម្មណ៍លើការចង់មានចង់បាន យើងត្រូវធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញាដែលជួយយើងផ្គត់ផ្គង់ខ្លួននិងក្រុមគ្រួសារ ហើយដំណាលគ្នានោះ នៅតែអាចបម្រើព្រះយេហូវ៉ា។ នេះរួមបញ្ចូលការជៀសវាងពីការជំពាក់បំណុលដែលមិនចាំបាច់ ឬក៏ការគិតតែចំណាយពេលទៅលើការថែទាំរបស់ទ្រព្យដែលយើងមាន។ យើងក៏ត្រូវប្រុងប្រយ័ត្នមិនងប់ងុលនឹងទ្រព្យសម្បត្តិរបស់យើង។ (ម៉ាថ. ៦:១៩, ២៤) កាលដែលទីបញ្ចប់ជិតមកដល់ប្រហែលជាមានកាលៈទេសៈជាច្រើនដែលយើងត្រូវសម្រេចចិត្តថាយើងនឹងទុកចិត្តព្រះយេហូវ៉ាឬក៏ទ្រព្យសម្បត្តិរបស់យើង។
«អ្នករាល់គ្នាត្រូវស៊ូទ្រាំ»
១៥. ហេតុអ្វីគ្រិស្តសាសនិកជនជាតិហេប្រឺត្រូវស៊ូទ្រាំយ៉ាងខ្លាំង?
១៥ គ្រិស្តសាសនិកជនជាតិហេប្រឺត្រូវស៊ូទ្រាំនឹងការល្បងលជំនឿដោយសារនៅតំបន់យូឌាមានស្ថានភាពវឹកវរ។ (ហេ. ១០:៣៦) គ្រិស្តសាសនិកជនជាតិហេប្រឺមួយចំនួនបានរងការបៀតបៀនយ៉ាងខ្លាំង តែមនុស្សជាច្រើនបានទៅជាគ្រិស្តសាសនិកក្នុងអំឡុងគ្រាសុខសាន្ត។ ដូច្នេះ សាវ័កប៉ូលរំលឹកពួកគេឲ្យត្រៀមខ្លួនចំពោះការបៀតបៀនដែលនឹងមានច្រើនថែមទៀត ហើយឲ្យប្រុងប្រៀបខ្លួនដើម្បីរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់ដូចជាលោកយេស៊ូដែរ។ (ហេ. ១២:៤) មនុស្សជាច្រើនបានទៅជាគ្រិស្តសាសនិក ហើយនេះបានធ្វើឲ្យជនជាតិយូដាជាច្រើននាក់ខឹងយ៉ាងខ្លាំង ព្រមទាំងប្រើអំពើហិង្សាទៀតផង។ ប៉ុន្មានឆ្នាំមុននោះ មនុស្សមួយក្រុមដែលខឹងសម្បាបានមកវាយធ្វើបាបប៉ូលពេលដែលគាត់កំពុងផ្សព្វផ្សាយនៅក្រុងយេរូសាឡិម។ ម្យ៉ាងទៀត ជនជាតិយូដាជាង៤០នាក់បាន«ស្បថឲ្យខ្លួនត្រូវបណ្ដាសាថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់ប៉ូល»។ (សកម្ម. ២២:២២; ២៣:១២-១៤) ទោះជាគ្រិស្តសាសនិកទាំងនោះត្រូវគេស្អប់និងបៀតបៀនក្ដី ពួកគេត្រូវបន្ដជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ផ្សព្វផ្សាយដំណឹងល្អ និងរក្សាជំនឿរបស់ពួកគេឲ្យមាំមួន។
១៦. តើសំបុត្រទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺជួយយើងយ៉ាងណាឲ្យមានទស្សនៈត្រឹមត្រូវចំពោះការប្រឆាំងបៀតបៀន? (ហេប្រឺ ១២:៧)
១៦ តើអ្វីនឹងជួយគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យស៊ូទ្រាំនឹងការប្រឆាំងដែលពួកគេជួបប្រទះ? សាវ័កប៉ូលយល់ថាគ្រិស្តសាសនិកទាំងនោះត្រូវមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាកដែលពួកគេជួប។ ដូច្នេះ គាត់ពន្យល់ថាព្រះប្រហែលជាអនុញ្ញាតឲ្យពួកគេជួបការល្បងលជំនឿដើម្បីជាឱកាសបង្ហាត់បង្រៀនពួកគេ។ (សូមអាន ហេប្រឺ ១២:៧) ទុក្ខលំបាកនោះអាចបង្រៀនពួកគេឲ្យបណ្ដុះនិងបង្កើនគុណសម្បត្តិជាគ្រិស្តសាសនិក។ ដោយគិតអំពីលទ្ធផលដែលមកពីទុក្ខលំបាក គ្រិស្តសាសនិកជនជាតិហេប្រឺទាំងនោះកាន់តែចេះស៊ូទ្រាំនឹងទុក្ខលំបាក។—ហេ. ១២:១១
១៧. តើប៉ូលបានរៀនអ្វីអំពីការស៊ូទ្រាំនឹងការបៀតបៀន?
១៧ សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យតាំងចិត្តស៊ូទ្រាំនឹងទុក្ខលំបាក។ គាត់ជាបុគ្គលដែល អាចឲ្យយោបល់ល្អអំពីរបៀបស៊ូទ្រាំនឹងការបៀតបៀន។ ហេតុអ្វី? ពីព្រោះគាត់ធ្លាប់ជាអ្នកបៀតបៀនគ្រិស្តសាសនិក ហើយគាត់ក៏ជាអ្នកដែលធ្លាប់ត្រូវគេបៀតបៀនដែរ។ ដូច្នេះ គាត់ដឹងថាការបៀតបៀនគឺសាហាវយ៉ាងណា ហើយគាត់ក៏ដឹងអំពីរបៀបស៊ូទ្រាំនឹងការបៀតបៀន។ (២កូ. ១១:២៣-២៥) ប៉ូលស្គាល់ច្បាស់អំពីអ្វីដែលអាចជួយពួកគេឲ្យស៊ូទ្រាំ។ គាត់បានរំលឹកគ្រិស្តសាសនិកទាំងនោះថាពេលស៊ូទ្រាំនឹងទុក្ខលំបាក ពួកគេត្រូវពឹងផ្អែកលើព្រះយេហូវ៉ា មិនមែនពឹងផ្អែកទៅលើខ្លួនទេ។ ដោយសារប៉ូលបានធ្វើដូច្នេះ គាត់អាចនិយាយយ៉ាងមុតមាំថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»។—ហេ. ១៣:៦
១៨. តើការដឹងអ្វីអំពីថ្ងៃអនាគតអាចជួយយើងឲ្យស៊ូទ្រាំនឹងការបៀតបៀន?
១៨ នៅសព្វថ្ងៃនេះ បងប្អូនខ្លះរបស់យើងក៏កំពុងស៊ូទ្រាំនឹងការបៀតបៀនដែរ។ របៀបមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេគឺដោយអធិដ្ឋានសម្រាប់ពួកគេ ហើយជួនកាលយើងអាចជួយពួកគេដោយផ្ដល់អ្វីដែលពួកគេត្រូវការ។ (ហេ. ១០:៣៣) គម្ពីរចែងយ៉ាងច្បាស់ថា៖ «អស់អ្នកដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន»។ (២ធី. ៣:១២) ហេតុនេះហើយបានជាយើងទាំងអស់គ្នាត្រូវត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។ ដូច្នេះ សូមយើងបន្ដទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា ហើយជឿជាក់ថាលោកនឹងជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ។ នៅទីបំផុត ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់ទាំងអស់របស់លោកលែងរងទុក្ខលំបាកទៀត។—២ថែ. ១:៧, ៨
១៩. តើយើងអាចធ្វើអ្វីដើម្បីត្រៀមខ្លួនសម្រាប់គ្រាទុក្ខវេទនាជាខ្លាំង? (សូមមើលរូបភាពផងដែរ)
១៩ សំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺច្បាស់ជាបានជួយគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ឲ្យត្រៀមខ្លួនសម្រាប់គ្រាទុក្ខវេទនាដែលពួកគេនឹងជួប។ ប៉ូលបានលើកទឹកចិត្តបងប្អូនឲ្យសិក្សានិងយល់បណ្ដាំរបស់ព្រះកាន់តែជ្រាលជ្រៅ។ ការធ្វើដូច្នេះនឹងជួយពួកគេឲ្យចេះកត់សម្គាល់សេចក្ដីបង្រៀនដែលបង្ខូចជំនឿរបស់ពួកគេ ហើយបដិសេធសេចក្ដីបង្រៀននោះ។ គាត់បានលើកទឹកចិត្តពួកគេឲ្យពង្រឹងជំនឿ ពីព្រោះនោះនឹងជួយពួកគេឲ្យឆាប់ធ្វើតាមការណែនាំពីលោកយេស៊ូនិងពីពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំ។ ប៉ូលបានជួយគ្រិស្តសាសនិកឲ្យមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាក និងចាត់ទុកទុក្ខលំបាកនោះជាឱកាសដើម្បីទទួលការបង្ហាត់បង្រៀនពីបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់។ យ៉ាងនេះពួកគេអាចចេះស៊ូទ្រាំ។ យើងក៏ត្រូវធ្វើតាមយោបល់ពីសាវ័កប៉ូលដែរ។ បើធ្វើដូច្នេះ យើងនឹងអាចស៊ូទ្រាំយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់។—ហេ. ៣:១៤
ចម្រៀងលេខ១២៦ ត្រូវដឹងខ្លួន រឹងមាំ ហើយខ្លាំងក្លា
a គ្រាន់តែជំពូកទី១ប៉ុណ្ណោះ សាវ័កប៉ូលបានដកស្រង់បទគម្ពីរភាសាហេប្រឺអស់៧ដង ដើម្បីបញ្ជាក់ថារបៀបដែលគ្រិស្តសាសនិកគោរពប្រណិប័តន៍ប្រសើរជាងរបៀបដែលជនជាតិយូដាគោរពប្រណិប័តន៍។—ហេប្រឺ ១:៥-១៣