លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៣៦

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរ​បវរ

​«​ចូរ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ​»​

​«​ចូរ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ​»​

‹ចូរ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ ហើយ​កុំ​គ្រាន់​តែ​ឮ›។​យ៉ា. ១:២២

ចំណុច​ផ្ដោត

អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង មិន​គ្រាន់​តែ​ដើម្បី​អាន​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​យើង​ឲ្យ​គិត​និង​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​បាន​អាន​យ៉ាង​ពេញ​លេញ។

១​-​២. ហេតុ​អ្វី​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​សុភមង្គល? (​យ៉ាកុប ១:២២​-​២៥​)

 ព្រះ​យេហូវ៉ា​និង​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ចង់​ឲ្យ​យើង​សប្បាយ។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ១១៩:២​និយាយ​ថា​៖ ​«​មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​រំលឹក​របស់​លោក គឺ​អ្នក​ដែល​ស្វែង​រក​លោក​យ៉ាង​អស់​ពី​ចិត្ត​»។ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។—លូក. ១១:២៨

ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា យើង​តែង​តែ​មាន​សុភមង្គល។ ហេតុ​អ្វី? មាន​មូលហេតុ​ជា​ច្រើន។ មូលហេតុ​ដ៏​សំខាន់​មួយ​គឺ​ដោយ​សារ​យើង​អាន​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ និង​ព្យាយាម​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន។—សូម​អាន យ៉ាកុប ១:២២​-​២៥

៣. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​អាន​ក្នុង​បណ្ដាំ​របស់​ព្រះ?

យើង​ទទួល​ប្រយោជន៍​ជា​ច្រើន​ពេល​យើង​«​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ​»។ ជា​ឧទាហរណ៍ ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​បណ្ដាំ​របស់​ព្រះ យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ។ (​អទ. ១២:១៣​) ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​អាន​ពី​បណ្ដាំ​របស់​ព្រះ យើង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​យើង​មាន​សុភមង្គល​ជាង ហើយ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ក៏​កាន់​តែ​រឹង​មាំ​ដែរ។ នោះ​ទំនង​ជា​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក។ ម្យ៉ាង​ទៀត យើង​ជៀស​វាង​ពី​បញ្ហា​ជា​ច្រើន​ដែល​មនុស្ស​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជួប​ប្រទះ។ យើង​ពិត​ជា​យល់​ស្រប​នឹង​ពាក្យ​របស់​ស្ដេច​ដាវីឌ។ ក្រោយ​ពី​គាត់​បាន​លើក​ឡើង​អំពី​ច្បាប់ សេចក្ដី​បង្គាប់ និង​សេចក្ដី​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា គាត់​ក៏​បាន​បន្ថែម​ថា​៖ ​«​អ្នក​ណា​ដែល​បន្ត​ធ្វើ​តាម អ្នក​នោះ​នឹង​បាន​រង្វាន់​ដ៏​ធំ​»។—ចសព. ១៩:៧​-​១១

៤. ហេតុ​អ្វី​ការ​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ​មិន​តែង​តែ​ស្រួល?

តាម​ពិត មិន​តែង​តែ​ស្រួល​ឲ្យ​យើង​អាន​បណ្ដាំ​របស់​ព្រះ​និង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន​នោះ​ទេ។ ទោះ​បី​ជា​យើង​រវល់​នឹង​កិច្ច​ការ​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ​ក្ដី យើង​ត្រូវ​លៃ​ទុក​ពេល​ដើម្បី​អាន​និង​សិក្សា​គម្ពីរ ដើម្បី​យល់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​យោបល់​ខ្លះ​ៗ​ដែល​អាច​ជួយ​យើង​ឲ្យ​អាន​គម្ពីរ​ជា​ទៀង​ទាត់។ យើង​ក៏​នឹង​ពិចារណា​ចំណុច​មួយ​ចំនួន​ដែល​នឹង​ជួយ​យើង​ឲ្យ​គិត​អំពី​អ្វី​ដែល​យើង​អាន ហើយ​ឃើញ​របៀប​ផ្សេង​ៗ​ដែល​យើង​អាច​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ។

ចូរ​លៃ​ទុក​ពេល​អាន​បណ្ដាំ​របស់​ព្រះ

៥. តើ​យើង​ជាប់​រវល់​នឹង​ភារកិច្ច​អ្វី​ខ្លះ?

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​គឺ​រវល់​ណាស់។ យើង​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ដែល​គម្ពីរ​ប្រាប់​ថា​សំខាន់។ ជា​ឧទាហរណ៍ យើង​ភាគ​ច្រើន​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​និង​ក្រុម​គ្រួសារ។ (​១ធី. ៥:៨​) គ្រិស្ត​សាសនិក​ជា​ច្រើន​ត្រូវ​មើល​ថែ​សាច់​ញាតិ​ដែល​ឈឺ​ឬ​ដែល​មាន​វ័យ​ចាស់។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ត្រូវ​ចំណាយ​ពេល​ដើម្បី​ថែ​រក្សា​សុខភាព​របស់​យើង។ ក្រៅ​ពី​ភារកិច្ច​ទាំង​នេះ យើង​ក៏​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ដែរ។ ភារកិច្ច​ដ៏​សំខាន់​មួយ​គឺ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ដោយ​សារ​អ្នក​មាន​ភារកិច្ច​ទាំង​អស់​នេះ តើ​តាម​របៀប​ណា​អ្នក​អាច​លៃ​ពេល​ដើម្បី​អាន​គម្ពីរ​ជា​ទៀត​ទាត់ រំពឹង​គិត​លើ​អ្វី​ដែល​អ្នក​អាន និង​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង?

៦. តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​អាន​គម្ពីរ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ការ​អាន​គម្ពីរ​គឺ​ជា​អ្វី​សំខាន់​មួយ​ក្នុង​ចំណោម​«​អ្វី​ដែល​សំខាន់​ជាង​»​ចំពោះ​យើង​ជា​គ្រិស្ត​សាសនិក។ ដូច្នេះ យើង​ត្រូវ​ចាត់​ទុក​ថា​ការ​អាន​គម្ពីរ​ជា​អាទិភាព។ (​ភី. ១:១០​) ចម្រៀង​សរ​សើ​ព្រះ បទ​ទី​១​ចែង​អំពី​មនុស្ស​ដែល​មាន​សុភមង្គល​ថា​៖ ​«​គាត់​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា គាត់​រំពឹង​គិត​អំពី​ច្បាប់​របស់​លោក​ទាំង​ថ្ងៃ​ទាំង​យប់​»។ (​ចសព. ១:១, ២​) នោះ​មាន​ន័យ​ថា យើង​គួរ​ចំណាយ​ពេល​អាន​គម្ពីរ។ តើ​ពេល​ណា​គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​អាន​គម្ពីរ? នេះ​គឺ​អាស្រ័យ​ទៅ​លើ​យើង​ម្នាក់​ៗ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ពេល​ណា​ក៏​បាន​ដែល​អ្នក​គិត​ថា អ្នក​អាច​អាន​ជា​ទៀង​ទាត់។ បង​ប្រុស​ម្នាក់​ឈ្មោះ​វីកទ័រ​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​អាន​គម្ពីរ​នៅ​ពេល​ព្រឹក ទោះ​បី​ជា​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ក្រោក​ពី​ព្រលឹម​ក្ដី។ ព្រោះ​នោះ​ជា​ពេល​វេលា​ដែល​មិន​សូវ​មាន​អ្វី​មក​រំខាន​ខ្ញុំ ហើយ​ពេល​នោះ​ខួរ​ក្បាល​របស់​ខ្ញុំ​ស្រឡះ​ល្អ​»។ ចុះ​យ៉ាង​ណា​អ្នក​វិញ? សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ពេល​ណា​គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ដើម្បី​អាន​គម្ពីរ?›។

តើ​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ឲ្យ​អាន​គម្ពីរ? តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​ជា​ទៀង​ទាត់​នៅ​ពេល​ណា? ​(​សូម​មើល​វគ្គ​៦​)​


ចូរ​គិត​អំពី​អ្វី​ដែល​អ្នក​អាន

៧​-​៨. តើ​អ្វី​ប្រហែល​ជា​រា​រាំង​យើង​ពី​ការ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​អ្វី​ដែល​យើង​អាន? សូម​លើក​ឧទាហរណ៍។

តាម​ពិត យើង​ប្រហែល​ជា​អាន​ច្រើន តែ​ព័ត៌មាន​នោះ​មិន​សូវ​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​យើង។ តើ​អ្នក​ធ្លាប់​អាន​អ្វី​មួយ ហើយ​ក្រោយ​មក​មិន​សូវ​ចាំ​អ្វី​ដែល​អ្នក​អាន​ឬ​ទេ? នេះ​បាន​កើត​ឡើង​ចំពោះ​យើង​ទាំង​អស់​គ្នា។ គួរ​ឲ្យ​ស្ដាយ​ណាស់ នេះ​ក៏​អាច​កើត​ឡើង​ពេល​យើង​អាន​គម្ពីរ​ដែរ។ យើង​ប្រហែល​ជា​កំណត់​គោល​ដៅ​អាន​ប៉ុន្មាន​ជំពូក​ពី​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ នោះ​គឺ​គួរ​ឲ្យ​សរសើរ​មែន។ យើង​គួរ​កំណត់​គោល​ដៅ​និង​ព្យាយាម​សម្រេច​គោល​ដៅ​នោះ។ (​១កូ. ៩:២៦​) ប៉ុន្តែ យើង​ត្រូវ​ធ្វើ​លើស​ពី​ការ​គ្រាន់​តែ​អាន​គម្ពីរ បើ​យើង​ចង់​ទទួល​ប្រយោជន៍​ច្រើន​បំផុត។

សូម​គិត​អំពី​ឧទាហរណ៍​នេះ។ រុក្ខជាតិ​ត្រូវ​ការ​ទឹក​ដើម្បី​រស់។ ប៉ុន្តែ បើ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ក្នុង​រយៈ​ពេល​ខ្លី ទឹក​នឹង​ជន់​ពេក​រហូត​មិន​អាច​ជ្រាប​ចូល​ក្នុង​ដី​ទេ។ យ៉ាង​នេះ រុក្ខជាតិ​នឹង​មិន​អាច​ស្រូប​យក​ទឹក​បាន​ឡើយ។ តាម​ធម្មតា ដី​ត្រូវ​ការ​ពេល​ដើម្បី​ស្រូប​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​តិច​ៗ ហើយ​ផ្ដល់​ជីវជាតិ​ដល់​រុក្ខជាតិ។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​អាន​គម្ពីរ​លឿន​ពេក រហូត​ដល់​យើង​មិន​មាន​ពេល​ដើម្បី​គិត ចង​ចាំ និង​ធ្វើ​តាម​អ្វី​ដែល​យើង​អាន។—យ៉ា. ១:២៤

ដូច​ដី​ត្រូវ​ការ​ពេល​ឲ្យ​ទឹក​ជ្រាប​ចូល យើង​ក៏​ត្រូវ​ការ​ពេល​ដើម្បី​រំពឹង​គិត​និង​ធ្វើ​តាម​អ្វី​ដែល​យើង​អាន​ពី​បណ្ដាំ​របស់​ព្រះ ​(​សូម​មើល​វគ្គ​៨​)​


៩. តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​ឃើញ​ថា​យើង​អាន​គម្ពីរ​លឿន​ៗ​?

តើ​អ្នក​ធ្លាប់​អាន​គម្ពីរ​លឿន​ៗ​តែ​មិន​បាន​គិត​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​អ្នក​បាន​អាន​ឬ​ទេ? បើ​ដូច្នោះ តើ​អ្នក​គួរ​ធ្វើ​អ្វី? សូម​អាន​យឺត​ជាង​ឬ​ទុក​ពេល​ខ្លះ​ក្រោយ​ពី​អាន​ចប់ ដើម្បី​អ្នក​អាច​គិត​អំពី​អ្វី​ដែល​អ្នក​អាន។ ការ​ធ្វើ​ដូច្នេះ​មិន​មែន​ជា​អ្វី​ពិបាក​ទេ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​ចំណាយ​ពេល​ច្រើន​ជាង​ទៅ​លើ​ការ​សិក្សា ដើម្បី​អ្នក​អាច​មាន​ពេល​រំពឹង​គិត​ទៅ​លើ​អ្វី​ដែល​អ្នក​អាន ឬ​អ្នក​ប្រហែល​ជា​ជ្រើស​រើស​អាន​ប៉ុន្មាន​ខ ហើយ​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​ដើម្បី​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន។ បង​វីកទ័រ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​អាន​គម្ពីរ ខ្ញុំ​មិន​សូវ​អាន​ច្រើន​ទេ ប្រហែល​មួយ​ជំពូក​ប៉ុណ្ណោះ។ ដោយ​សារ​ខ្ញុំ​អាន​គម្ពីរ​នៅ​ពេល​ព្រឹក ពេញ​មួយ​ថ្ងៃ​ខ្ញុំ​អាច​បន្ត​គិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​អាន​»។ មិន​ថា​អ្នក​ប្រើ​វិធី​ណា​ក៏​ដោយ​ដើម្បី​អាន​គម្ពីរ គឺ​សំខាន់​ដែល​អ្នក​អាន​ដោយ​មាន​ល្បឿន​ល្មម ដើម្បី​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​អ្វី​ដែល​អ្នក​អាន (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ សំណួរ​ដែល​អាច​គិត​ពិចារណា​»​)។—ចសព. ១១៩:៩៧

១០. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​អ្វី​ដែល​អ្នក​អាន។ (​ថែស្សាឡូនិច​ទី​១ ៥:១៧, ១៨​)

១០ មិន​ថា​អ្នក​អាន​គម្ពីរ​នៅ​ពេល​ណា​ឬ​អាន​គម្ពីរ​យូរ​ប៉ុណ្ណា សូម​រក​មើល​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​អ្វី​ដែល​អ្នក​អាន។ ពេល​អ្នក​អាន​បណ្ដាំ​របស់​ព្រះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ធ្វើ​តាម​ខ​គម្ពីរ​នេះ​នៅ​ឥឡូវ​ឬ​នៅ​ថ្ងៃ​ខាង​មុខ?›។ ឧបមា​ថា អ្នក​អាន​ថែស្សាឡូនិច​ទី​១ ៥:១៧, ១៨។ (​សូម​អាន​) ក្រោយ​ពី​បាន​អាន​ខ​ទាំង​ពីរ​នេះ​អ្នក​អាច​ផ្អាក​បន្តិច ហើយ​គិត​អំពី​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ថា​អ្នក​បាន​អធិដ្ឋាន​ច្រើន​ប៉ុណ្ណា​និង​ចេញ​ពី​ចិត្ត​ដល់​កម្រិត​ណា។ អ្នក​ក៏​អាច​គិត​អំពី​អ្វី​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​កតញ្ញូ។ អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​នឹង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​បី​យ៉ាង។ សូម្បី​តែ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​គិត​អំពី​មេ​រៀន​ដែល​អ្នក​រៀន​ពី​គម្ពីរ នោះ​នឹង​ជួយ​អ្នក​ឲ្យ​ទៅ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម​បណ្ដាំ​នោះ។ សូម​គិត​អំពី​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​ពី​ការ​រំពឹង​គិត​ពេល​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ យ៉ាង​នេះ អ្នក​នឹង​រីក​ចម្រើន​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ។ ប៉ុន្តែ បើ​អ្នក​ឃើញ​ថា​មាន​អ្វី​ជា​ច្រើន​ដែល​អ្នក​ត្រូវ​រីក​ចម្រើន តើ​អ្នក​គួរ​ធ្វើ​អ្វី?

ចូរ​កំណត់​គោល​ដៅ​ដែល​សម​ហេតុ​សម​ផល

១១. ហេតុ​អ្វី​ជួន​កាល​អ្នក​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត? សូម​លើក​ឧទាហរណ៍។

១១ ពេល​អ្នក​អាន​គម្ពីរ ហើយ​ស្វែង​រក​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ ជួន​កាល​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​អ្នក​ឃើញ​ថា​មាន​អ្វី​ជា​ច្រើន​ដែល​អ្នក​ត្រូវ​រីក​ចម្រើន។ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ សូម​ស្រមៃ​គិត​ថា ថ្ងៃ​មួយ​អ្នក​អាន​ខ​គម្ពីរ​ដែល​មាន​យោបល់​ឲ្យ​ជៀស​វាង​ប្រព្រឹត្ត​ដោយ​លម្អៀង​ចំពោះ​អ្នក​ឯ​ទៀត។ (​យ៉ា. ២:១​-​៨​) អ្នក​ឃើញ​ថា​អ្នក​អាច​រីក​ចម្រើន​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត ដូច្នេះ​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ។ នេះ​គឺ​ល្អ​មែន​ទែន! ស្អែក​ឡើង អ្នក​អាន​ខ​គម្ពីរ​ដែល​បង្ហាញ​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​អ្នក​និយាយ។ (​យ៉ា. ៣:១​-​១២​) អ្នក​ទទួល​ស្គាល់​ថា​ពេល​ខ្លះ​អ្នក​និយាយ​អ្វី​ដែល​មិន​សប្បុរស​ឬ​ដែល​មិន​លើក​ទឹក​ចិត្ត។ ដូច្នេះ អ្នក​តាំង​ចិត្ត​ព្យាយាម​និយាយ​ពាក្យ​ដែល​លើក​ទឹក​ចិត្ត​ជាង។ ខាន​ស្អែក អ្នក​អាន​ក្នុង​គម្ពីរ​អំពី​ការ​ព្រមាន​មិន​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ។ (​យ៉ា. ៤:៤​-​១២​) អ្នក​កត់​សម្គាល់​ថា​អ្នក​ត្រូវ​ប្រយ័ត្ន​ច្រើន​ជាង​អំពី​ការ​កម្សាន្ត​ដែល​អ្នក​ជ្រើស​រើស។ ដូច្នេះ មក​ដល់​ថ្ងៃ​ទី​៤ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មាន​អ្វី​ច្រើន​ពេក​ដែល​ខ្លួន​ត្រូវ​កែ​ប្រែ។

១២. ហេតុ​អ្វី​អ្នក​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ពេល​អ្នក​អាន​គម្ពីរ ហើយ​ឃើញ​ថា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

១២ បើ​អ្នក​ត្រូវ​រីក​ចម្រើន​ឬ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត។ នេះ​បង្ហាញ​ថា​អ្នក​មាន​ចិត្ត​ស្មោះ។ ពេល​យើង​អាន​គម្ពីរ​ដោយ​មាន​ចិត្ត​រាប​ទាប យើង​នឹង​ស្វែង​រក​របៀប​ដែល​យើង​អាច​រីក​ចម្រើន។ a សូម​ចាំ​ដែរ​ថា​ការ​បំពាក់​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ជា​អ្វី​ដែល​ត្រូវ​បន្ដ​ធ្វើ​ជា​និច្ច។ (​កូឡ. ៣:១០​) តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ?

១៣. តើ​អ្នក​អាច​កំណត់​គោល​ដៅ​មួយ​ចំនួន​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ ជា​ជាង​ព្យាយាម​ធ្វើ​អ្វី​ទាំង​អស់​ក្នុង​ពេល​តែ​មួយ សូម​កំណត់​គោល​ដៅ​ដែល​សម​ហេតុ​សម​ផល។ (​សុភ. ១១:២​) សូម​ព្យាយាម​ធ្វើ​តាម​យោបល់​នេះ។ សូម​សរសេរ​បញ្ជី​អំពី​អ្វី​ដែល​អ្នក​ចង់​រីក​ចម្រើន ហើយ​ក្រោយ​មក​ជ្រើស​រើស​ចំណុច​មួយ​ឬ​ពីរ​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ ហើយ​ទុក​អ្វី​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ។ ដូច្នេះ តើ​អ្នក​គួរ​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច?

ជា​ជាង​ព្យាយាម​សម្រេច​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​អាន​ក្នុង​គម្ពីរ​ក្នុង​ពេល​តែ​មួយ សូម​កំណត់​គោល​ដៅ​ដែល​សម​ហេតុ​សម​ផល។ ប្រហែល​ជា​ដោយ​ផ្ដោត​អារម្មណ៍​លើ​ចំណុច​មួយ​ឬ​ពីរ។ ​(​សូម​មើល​វគ្គ​១៣​-​១៤​)​


១៤. តើ​អ្នក​អាច​ចាប់​ផ្ដើម​ពី​គោល​ដៅ​អ្វី​ខ្លះ?

១៤ អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​ចាប់​ផ្ដើម​ពី​គោល​ដៅ​ដែល​ងាយ​ស្រួល​ជាង​គេ ឬ​គោល​ដៅ​មួយ​ដែល​អ្នក​ត្រូវ​រីក​ចម្រើន​ខ្លាំង​ជាង​គេ។ ពេល​អ្នក​បាន​សម្រេច​ចិត្ត​ថា​ចង់​សម្រេច​គោល​ដៅ​ណា​មួយ សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដោយ​ប្រើ​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម ឬ​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។ សូម​អធិដ្ឋាន​អំពី​គោល​ដៅ​របស់​អ្នក​ដោយ​សុំ​ព្រះ​យេហូវ៉ា​‹ឲ្យ​អ្នក​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត›។ (​ភី. ២:១៣​) បន្ទាប់​មក​សូម​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​រៀន។ ពេល​អ្នក​ឃើញ​ថា​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឬ​រីក​ចម្រើន​ក្នុង​ការ​បង្ហាញ​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក អ្នក​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ធ្វើ​ការ​ផ្លាស់​ប្ដូរ ហើយ​អ្នក​នឹង​ទំនង​ជា​កាន់​តែ​ងាយ​ស្រួល​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត។

សូម​ឲ្យ​បណ្ដាំ​របស់​ព្រះ​«​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​»​

១៥. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា​ពី​មនុស្ស​ជា​ច្រើន​ដែល​អាន​គម្ពីរ? (​ថែស្សាឡូនិច​ទី​១ ២:១៣​)

១៥ មនុស្ស​ខ្លះ​បាន​អាន​គម្ពីរ​ជា​ច្រើន​ដង ប៉ុន្តែ​តើ​ពួក​គេ​ពិត​ជា​ជឿ​អ្វី​ដែល​គម្ពីរ​បង្រៀន​ឬ​ទេ? តើ​ពួក​គេ​ព្យាយាម​រស់​នៅ​សម​ស្រប​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន ហើយ​កែ​ប្រែ​ជីវិត​របស់​ពួក​គេ​ឬ​ទេ? គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ភាគ​ច្រើន​មិន​ធ្វើ​ដូច្នោះ​ទេ។ ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ពួក​គេ! ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ យើង​ទទួល​យក​បណ្ដាំ​របស់​ព្រះ​«​តាម​ភាព​ពិត​នៃ​បណ្ដាំ​នោះ​»។ ម្យ៉ាង​ទៀត យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ក្នុង​ជីវិត​របស់​យើង។—សូម​អាន ថែស្សាឡូនិច​ទី​១ ២:១៣

១៦. តើ​អ្វី​អាច​ជួយ​យើង​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ?

១៦ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​យើង​អាន​និង​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​ទេ។ យើង​ប្រហែល​ជា​ពិបាក​ស្វែង​រក​ពេល​អាន​គម្ពីរ ឬ​យើង​ប្រហែល​ជា​អាន​គម្ពីរ​លឿន​ពេក ហើយ​មិន​បាន​គិត​អំពី​អ្វី​ដែល​យើង​អាន។ មួយ​វិញ​ទៀត យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​យើង​ឃើញ​ថា​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ត្រូវ​កែ​ប្រែ។ មិន​ថា​អ្នក​មាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​អ្នក​អាច​យក​ឈ្នះ​ការ​ពិបាក​នោះ​បាន។ សូម​តាំង​ចិត្ត​ទទួល​ជំនួយ​ពី​លោក ហើយ​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ មិន​មែន​ជា​អ្នក​ដែល​ឮ រួច​ភ្លេច​ទៅ​វិញ​ទេ។ ច្បាស់​ណាស់ កាល​ដែល​យើង​កាន់​តែ​អាន​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម​ក្នុង​ជីវិត​របស់​យើង យើង​កាន់​តែ​មាន​សុភមង្គល។—យ៉ា. ១:២៥

ចម្រៀង​លេខ​៩៤ ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ដែល​បាន​ឲ្យ​បណ្ដាំ​លោក

a សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន ការ​អាន​គម្ពីរ ក្នុង​គេហទំព័រ​jw.org/km។