អត្ថបទ សិក្សា ៨
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
តើតាមរបៀបណាអ្នកអាចចេះអភ័យទោសដូចព្រះយេហូវ៉ា?
«ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ។ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវធ្វើដូច្នោះដែរ»។—កូឡ. ៣:១៣
ចំណុចផ្ដោត
ក្នុងអត្ថបទនេះយើងនឹងពិចារណា អ្វីដែលយើងអាចធ្វើដើម្បីអភ័យទោសឲ្យអ្នកណាម្នាក់ដែលធ្វើឲ្យយើងឈឺចិត្ត។
១-២. (ក) តើពេលណាយើងប្រហែលជាពិបាកអភ័យទោសឲ្យបុគ្គលណាម្នាក់? (ខ) តើបងដឺនីសបង្ហាញការអភ័យទោសយ៉ាងដូចម្ដេច?
តើអ្នកពិបាកអភ័យទោសឲ្យអ្នកឯទៀតឬទេ? យើងជាច្រើននាក់ពិបាកធ្វើដូច្នេះ ជាពិសេសពេលអ្នកណាម្នាក់និយាយឬធ្វើអ្វីដែលនាំឲ្យយើងឈឺចិត្តយ៉ាងខ្លាំង។ ក៏ប៉ុន្តែ មានអ្វីមួយចំនួនដែលយើងអាចធ្វើដើម្បីឈប់ខឹងឬអន់ចិត្ត ហើយអភ័យទោសឲ្យអ្នកឯទៀត។ ជាឧទាហរណ៍ សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះដឺនីស aដែលបានបង្ហាញការអភ័យទោសយ៉ាងអស្ចារ្យ។ នៅឆ្នាំ២០១៧ បងដឺនីសនិងក្រុមគ្រួសាររបស់គាត់បានទៅលេងមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ាដែលទើបតែបើកដំណើរការ។ កាលដែលពួកគេធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញ ស្រាប់តែមានឡានមួយទៀតបានបុកឡានរបស់ពួកគេ។ បងដឺនីសបានសន្លប់ក្នុងហេតុការណ៍នោះ។ ពេលគាត់ដឹងខ្លួនវិញ គាត់ឃើញថាកូនរបស់គាត់បានរងរបួសយ៉ាងដំណំ ហើយប្ដីរបស់គាត់បងប្រាយអេនបានស្លាប់។ ពេលបងដឺនីសគិតអំពីពេលនោះគាត់និយាយថា៖ «ខ្ញុំខ្ទេចខ្ទាំចិត្ត ហើយមានអារម្មណ៍ច្របូកច្របល់»។ ក្រោយមកគាត់ដឹងថា គ្រោះថ្នាក់នោះមិនមែនមកពីអ្នកបើកបរស្រវឹងឬប្រើគ្រឿងញៀន ហើយក៏មិនបានត្រូវបំបែរអារម្មណ៍ដោយសារមើលទូរស័ព្ទឬអ្វីផ្សេងទៀតនោះទេ។ ទោះជាយ៉ាងនោះក្ដី បងដឺនីសនៅតែត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្តដើម្បីគ្រប់គ្រងអារម្មណ៍របស់គាត់។
២ អ្នកបើកបរនោះបានត្រូវចាប់ខ្លួនពីបទសម្លាប់មនុស្សដោយអចេតនា។ បើតុលាការកាត់ក្ដីថាគាត់មានទោស គាត់ប្រហែលជានឹងត្រូវជាប់គុក។ ប៉ុន្តែ សមាជិកម្នាក់ក្នុងតុលាការនោះបានប្រាប់បងដឺនីសថា ការបញ្ជាក់របស់គាត់នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលនៃការកាត់ក្ដីរបស់បុរសនេះ។ បងដឺនីសនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាមានគេវះថ្នេររបួស ហើយរោយអំបិលយ៉ាងច្រើន លើមុខរបួសនោះ ព្រោះខ្ញុំត្រូវរៀបរាប់អំពីរឿងដ៏ខ្លោចផ្សាបំផុតក្នុងជីវិតរបស់ខ្ញុំ»។ គ្រាន់តែប៉ុន្មានសប្ដាហ៍ក្រោយមក បងដឺនីសបានអង្គុយក្នុងសវនាការដើម្បីត្រៀមខ្លួននិយាយនៅមុខបុរសដែលបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់រងការឈឺចាប់យ៉ាងខ្លាំង។ តើគាត់បាននិយាយអ្វី? បងដឺនីសបានសុំចៅក្រមឲ្យប្រណីមេត្តាដល់បុរសនោះ។ b ពេលដែលបងដឺនីសនិយាយចប់ ចៅក្រមបានយំ ហើយនិយាយថា៖ «អស់២៥ឆ្នាំដែលខ្ញុំធ្វើជាចៅក្រម ខ្ញុំមិនដែលឮពាក្យដូចនេះក្នុងសវនាការនេះទេ។ ខ្ញុំមិនដែលឮក្រុមគ្រួសារជនរងគ្រោះអង្វរសុំឲ្យបង្ហាញចិត្តមេត្តាដល់ជនជាប់ចោទឡើយ។ ខ្ញុំកម្រឮពាក្យដែលបង្ហាញអំពីសេចក្ដីស្រឡាញ់និងការអភ័យទោសណាស់»។
៣. តើអ្វីបានជំរុញចិត្តបងដឺនីសឲ្យអភ័យទោស?
៣ តើអ្វីបានជួយបងដឺនីសឲ្យចេះអភ័យទោស? គាត់បានគិតអំពីរបៀបដែលព្រះយេហូវ៉ាអភ័យទោស។ (មីកា ៧:១៨) ពេលយើងដឹងគុណព្រះយេហូវ៉ាដែលលោកអភ័យទោសឲ្យយើង នោះនឹងជំរុញចិត្តយើងអភ័យទោសឲ្យអ្នកឯទៀត។
៤. តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី? (អេភេសូរ ៤:៣២)
៤ ព្រះយេហូវ៉ាចង់ឲ្យយើងអភ័យទោសឲ្យអ្នកឯទៀតដោយគ្មានល័ក្ខខ័ណ្ឌ ដូចលោកបានអភ័យទោសឲ្យយើងដែរ។ (សូមអាន អេភេសូរ ៤:៣២) លោកតម្រូវឲ្យយើងប្រុងប្រៀបអភ័យទោសឲ្យពួកអ្នកដែលធ្វើឲ្យយើងឈឺចិត្ត។ (ចសព. ៨៦:៥; លូក. ១៧:៤) ក្នុងអត្ថបទនេះយើងនឹងពិចារណាចំណុចបីយ៉ាងដែលនឹងជួយយើងឲ្យកាន់តែចេះអភ័យទោស។
ចូរកុំព្រងើយកន្តើយនឹងអារម្មណ៍របស់អ្នក
៥. យោងទៅតាមសុភាសិត ១២:១៨ តើយើងប្រហែលជាមានអារម្មណ៍យ៉ាងណាពេលបុគ្គលណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត?
៥ យើងប្រហែលជាឈឺចិត្តយ៉ាងខ្លាំងដោយសារអ្វីដែលបុគ្គលណាម្នាក់និយាយឬធ្វើចំពោះយើង ជាពិសេសបើបុគ្គលនោះជាមិត្តជិតស្និទ្ធឬសមាជិកក្រុមគ្រួសាររបស់យើង។ (ចសព. ៥៥:១២-១៤) ជួនកាល អារម្មណ៍ឈឺចាប់របស់យើងអាចប្រៀបដូចជាត្រូវគេចាក់ដោយកាំបិត។ (សូមអាន សុភាសិត ១២:១៨) យើងប្រហែលជាព្យាយាមលាក់ទុកឬព្រងើយកន្តើយនឹងអារម្មណ៍ឈឺចាប់របស់យើង។ ប៉ុន្តែ ការធ្វើដូច្នេះអាចប្រៀបដូចជាត្រូវគេយកកាំបិតចាក់ ហើយមិនដកកាំបិតនោះចេញ។ ស្រដៀងគ្នាដែរ យើងមិនអាចរំពឹងថាអារម្មណ៍ឈឺចាប់របស់យើងនឹងល្អប្រសើរជាងទេ បើយើងព្រងើយកន្តើយនឹងអារម្មណ៍នោះ។
៦. តើយើងប្រហែលជាមានប្រតិកម្មយ៉ាងណាពេលបុគ្គលណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត?
៦ ពេលបុគ្គលណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត ប្រហែលជាប្រតិកម្មដំបូងរបស់យើងគឺខឹង។ គម្ពីរទទួលស្គាល់ថាយើងអាចមានកំហឹង។ ប៉ុន្តែ គម្ពីរក៏ព្រមានយើងដែរថាកុំខឹងងំ។ (ចសព. ៤:៤; អេភ. ៤:២៦) ហេតុអ្វី? ពីព្រោះអារម្មណ៍របស់យើងច្រើនតែនាំឲ្យមានការប្រព្រឹត្ត ហើយការខឹងកម្រនាំឲ្យមានលទ្ធផលល្អ។ (យ៉ា. ១:២០) ចូរចាំថាការខឹងគឺជាប្រតិកម្ម តែការខឹងងំគឺជាការសម្រេចចិត្ត។
ការខឹងគឺជាប្រតិកម្ម តែការខឹងងំគឺជាការសម្រេចចិត្ត
៧. ពេលបុគ្គលណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត តើយើងប្រហែលជាមានអារម្មណ៍យ៉ាងណាខ្លះទៀត?
៧ ពេលគេប្រព្រឹត្តអាក្រក់មកលើយើង យើងប្រហែលជាមានអារម្មណ៍ឈឺចាប់ផ្សេងៗ។ ជាឧទាហរណ៍ បងស្រីម្នាក់ឈ្មោះអាននិយាយថា៖ «ពេលខ្ញុំនៅក្មេង ឪពុករបស់ខ្ញុំបានចុះចោលម្ដាយខ្ញុំ ហើយរៀបការជាមួយនឹងម៉ែដោះខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាបានត្រូវគេបោះបង់ចោល។ ពេលពួកគាត់មានកូន ខ្ញុំមានអារម្មណ៍ថាមានគេជំនួសកន្លែងខ្ញុំ។ ខ្ញុំបានធំឡើងទាំងមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការខ្ញុំទេ»។ បងស្រីម្នាក់ទៀតឈ្មោះចូចិតក៏រៀបរាប់អំពីអារម្មណ៍ដែលគាត់មានពេលដែលប្ដីរបស់គាត់ផិតក្បត់គាត់។ គាត់និយាយថា៖ «យើងធ្លាប់ជាមិត្តនឹងគ្នាតាំងពីក្មេង ហើយត្រួសត្រាយជា មួយគ្នា។ ខ្ញុំខូចចិត្តខ្លាំងណាស់»។ នៅទីបំផុតពួកគេបានលែងលះគ្នា។ បងស្រីម្នាក់ឈ្មោះណាអូមីនិយាយថា៖ «ខ្ញុំមិនធ្លាប់គិតថាប្ដីរបស់ខ្ញុំនឹងធ្វើឲ្យខ្ញុំឈឺចិត្តទេ។ ដូច្នេះ ពេលគាត់សារភាពថាគាត់បានមើលរូបអាសអាភាស ហើយបានលាក់បាំងពីខ្ញុំ ខ្ញុំមានអារម្មណ៍ថាត្រូវគេបោក ហើយក្បត់ខ្ញុំ»។
៨. (ក) តើមានមូលហេតុអ្វីខ្លះដែលយើងគួរអភ័យទោសឲ្យអ្នកឯទៀត? (ខ) តើយើងទទួលប្រយោជន៍អ្វីខ្លះពេលយើងចេះអភ័យទោស? (សូមមើលប្រអប់ដែលមានចំណងជើងថា « ចុះបើអ្នកគ្រាំគ្រាចិត្តដោយសារអ្នកណាម្នាក់?»)
៨ យើងមិនអាចគ្រប់គ្រងអ្វីដែលអ្នកឯទៀតនិយាយឬធ្វើចំពោះយើងទេ ប៉ុន្តែយើងអាចព្យាយាមគ្រប់គ្រងប្រតិកម្មរបស់យើង ហើយការអភ័យទោសច្រើនតែជាប្រតិកម្មដ៏ល្អបំផុត។ ហេតុអ្វី? ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា ហើយលោកចង់ឲ្យយើងចេះអភ័យទោស។ បើយើងខឹងងំនិងមិនអភ័យទោសឲ្យអ្នកឯទៀត យើងទំនងជានឹងប្រព្រឹត្តអ្វីដែលល្ងង់ខ្លៅ ហើយនាំទុក្ខដល់សុខភាពខ្លួន។ (សុភ. ១៤:១៧, ២៩, ៣០) សូមគិតអំពីគំរូរបស់បងស្រីម្នាក់ឈ្មោះគ្រីស្ទីន។ គាត់និយាយថា៖ «ពេលខ្ញុំខឹងឬអន់ចិត្ត ខ្ញុំអត់សូវញញឹម។ ខ្ញុំច្រើនតែញ៉ាំអីដែលអត់សូវមានជីវជាតិ។ ខ្ញុំគេងមិនគ្រប់គ្រាន់ និងកាន់តែពិបាកគ្រប់គ្រងអារម្មណ៍ ហើយនេះជះឥទ្ធិពលទៅលើអាពាហ៍ពិពាហ៍របស់ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកឯទៀត»។
៩. ហេតុអ្វីយើងគួរលះចោលការខឹងងំ?
៩ ទោះបីជាបុគ្គលដែលធ្វើឲ្យយើងឈឺចិត្តមិនដែលសុំទោសយើងក៏ដោយ យើងអាចកាត់បន្ថយការឈឺចាប់ដែលគាត់បានបង្កឡើង។ តើតាមរបៀបណា? បងចូចិតដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «គឺត្រូវការពេល តែខ្ញុំអាចលះចោលគំនុំនិងកំហឹងចំពោះអតីតប្ដីរបស់ខ្ញុំបាន។ ជាលទ្ធផល ខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្តជាខ្លាំង»។ ពេលយើងលះចោលការខឹងងំ នោះកំហឹងមិនអាចប៉ះពាល់ដល់អារម្មណ៍និងរបៀបគិតគូររបស់យើងឡើយ។ យើងក៏ធ្វើអ្វីល្អៗសម្រាប់ខ្លួនដែរ គឺឈប់គិតអំពីរឿងនោះ ហើយសប្បាយនឹងជីវិតម្ដងទៀត។ (សុភ. ១១:១៧) ប៉ុន្តែ តើអ្នកគួរធ្វើយ៉ាងណាបើអ្នកមានអារម្មណ៍ថាមិនទាន់អាចអភ័យទោសឲ្យបុគ្គលណាម្នាក់?
របៀបឈប់ខឹងងំ
១០. ហេតុអ្វីយើងគួរទុកពេលឲ្យរបួសផ្លូវចិត្តរបស់យើងជាសះស្បើយ? (សូមមើលរូបភាពផងដែរ)
១០ តើអ្វីអាចជួយអ្នកឲ្យឈប់ខឹងងំ? របៀបមួយគឺទុកពេល។ ក្រោយពីបុគ្គលម្នាក់ដែលធ្លាប់មានរបួសធ្ងន់ទទួលការព្យាបាល គាត់ត្រូវការពេលដើម្បីជាសះស្បើយ។ ស្រដៀងគ្នាដែរ យើងប្រហែលជាត្រូវការពេលឲ្យអារម្មណ៍របស់យើងល្អ ប្រសើរឡើងវិញ មុនយើងអាចអភ័យទោសឲ្យអ្នកណាម្នាក់ចេញពីចិត្ត។—អទ. ៣:៣; ១ពេ. ១:២២
១១. តើតាមរបៀបណាការអធិដ្ឋានអាចជួយអ្នកឲ្យអភ័យទោស?
១១ ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យចេះអភ័យទោស។ c បងអានដែលបានត្រូវរៀបរាប់ខាងលើពន្យល់អំពីរបៀបដែលសេចក្ដីអធិដ្ឋានបានជួយគាត់។ គាត់និយាយថា៖ «ខ្ញុំបានសុំព្រះយេហូវ៉ាអភ័យទោសឲ្យសមាជិកម្នាក់ៗក្នុងក្រុមគ្រួសាររបស់ខ្ញុំ ចំពោះអ្វីដែលយើងបានធ្វើនិងនិយាយមិនត្រឹមត្រូវ។ ក្រោយមក ខ្ញុំបានសរសេរសំបុត្រទៅឪពុកនិងប្រពន្ធថ្មីរបស់គាត់ ហើយប្រាប់ពួកគាត់ថា ខ្ញុំអភ័យទោសឲ្យពួកគាត់ហើយ»។ បងអានបានសារភាពថា ការធ្វើដូចនេះមិនស្រួលនោះទេ។ ប៉ុន្តែ គាត់និយាយថា៖ «ខ្ញុំសង្ឃឹមថាការខំព្យាយាមរបស់ខ្ញុំឲ្យចេះអភ័យទោសដូចព្រះយេហូវ៉ា នឹងជំរុញចិត្តឪពុកនិងប្រពន្ធថ្មីរបស់គាត់ឲ្យចង់រៀនអំពីព្រះយេហូវ៉ាថែមទៀត»។
១២. ហេតុអ្វីយើងគួរទុកចិត្តព្រះយេហូវ៉ាជាជាងអារម្មណ៍របស់ខ្លួន? (សុភាសិត ៣:៥, ៦)
១២ សូមទុកចិត្តព្រះយេហូវ៉ាមិនមែនអារម្មណ៍របស់ខ្លួនទេ។ (សូមអាន សុភាសិត ៣:៥, ៦) ព្រះយេហូវ៉ាតែងតែស្គាល់អ្វីដែលល្អបំផុតសម្រាប់យើង។ (អេ. ៥៥:៨, ៩) លោកនឹងមិនសុំយើងឲ្យធ្វើអ្វីដែលនឹងនាំទុក្ខដល់យើងទេ។ ដូច្នេះ ពេលលោកលើកទឹកចិត្តយើងឲ្យចេះអភ័យទោស យើងអាចមានទំនុកចិត្តថាការធ្វើដូច្នេះនឹងផ្ដល់ប្រយោជន៍ដល់យើង។ (ចសព. ៤០:៤; អេ. ៤៨:១៧, ១៨) ប៉ុន្តែ បើយើងទុកចិត្តអារម្មណ៍ខ្លួនឯង យើងប្រហែលជានឹងមិនអាចអភ័យទោសទេ។ (សុភ. ១៤:១២; យេ. ១៧:៩) បងណាអូមីដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ដំបូង ពេលខ្ញុំដឹងថាប្ដីខ្ញុំបានមើលរូបអាសអាភាស ខ្ញុំគិតថាខ្ញុំមិនចាំបាច់អភ័យទោសឲ្យគាត់ទេ ដោយសារខ្ញុំខ្លាចថាគាត់នឹងធ្វើឲ្យខ្ញុំឈឺចិត្តម្ដងទៀត ឬគាត់នឹងភ្លេចថាគាត់ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងប៉ុណ្ណា។ ខ្ញុំក៏វែកញែកថាព្រះយេហូវ៉ាយល់អារម្មណ៍ខ្ញុំ។ ប៉ុន្តែ ខ្ញុំចាប់ផ្ដើមទទួលស្គាល់ថា ការដែលព្រះយេហូវ៉ាយល់អារម្មណ៍ខ្ញុំ គឺមិនមានន័យថាលោកយល់ស្របនឹងអារម្មណ៍ទាំងនោះទេ។ លោកស្គាល់អំពីអារម្មណ៍ខ្ញុំ ហើយដឹងថាត្រូវការពេលដើម្បីឲ្យខ្ញុំជាសះស្បើយពីរបួសផ្លូវចិត្តនោះ។ ប៉ុន្តែ លោកក៏ចង់ឲ្យខ្ញុំចេះអភ័យទោសដែរ»។ d
ចូរបណ្ដុះឲ្យមានអារម្មណ៍វិជ្ជមាន
១៣. យោងទៅតាមរ៉ូម ១២:១៨-២១ តើយើងត្រូវធ្វើអ្វី?
១៣ ពេលយើងអភ័យទោសឲ្យអ្នកដែលធ្វើឲ្យយើងឈឺចិត្តយ៉ាងខ្លាំង យើងចង់ធ្វើលើសពីការគ្រាន់តែឈប់និយាយអំពីរឿងដែលបានកើតឡើងនោះ។ បើបុគ្គលដែលធ្វើឲ្យយើងឈឺចិត្តជាបងប្អូនរួមជំនឿរបស់យើង គោលដៅរបស់យើងគឺធ្វើឲ្យមានសន្តិភាព។ (ម៉ាថ. ៥:២៣, ២៤) យើងសម្រេចចិត្តជំនួសការខឹងទៅនឹងសេចក្ដីអាណិតមេត្តា ហើយជំនួសការខឹងងំទៅនឹងការអភ័យទោស។ (សូមអាន រ៉ូម ១២:១៨-២១; ១ពេ. ៣:៩) តើអ្វីអាចជួយយើងឲ្យធ្វើដូច្នេះ?
១៤. តើយើងគួរព្យាយាមធ្វើអ្វី ហើយហេតុអ្វី?
១៤ យើងគួរព្យាយាមមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបុគ្គលដែលធ្វើឲ្យយើងឈឺចិត្ត។ លោកសម្រេចចិត្តរកមើលចំណុចល្អរបស់មនុស្ស។ (២ប្រ. ១៦:៩; ចសព. ១៣០:៣) ធម្មតា បើយើងរកមើលចំណុចអ្វីពីអ្នកឯទៀត យើងនឹងឃើញចំណុចនោះ មិនថាល្អឬអាក្រក់។ ពេលយើងរកមើលចំណុចល្អរបស់អ្នកឯទៀត យើងនឹងកាន់តែងាយស្រួលអភ័យទោសឲ្យពួកគេ។ ជាឧទាហរណ៍ បងប្រុសម្នាក់ឈ្មោះចារ៉ុតនិយាយថា៖ «ខ្ញុំស្រួលអភ័យទោសឲ្យបងប្អូនជាង ពេលខ្ញុំគិតអំពីអ្វីល្អជាច្រើនដែលខ្ញុំចូលចិត្តអំពីគាត់ ជាជាងគិតអំពីកំហុសរបស់គាត់»។
១៥. ហេតុអ្វីការប្រាប់បុគ្គលណាម្នាក់ថាអ្នកបានអភ័យទោសឲ្យគាត់អាចមានប្រយោជន៍?
១៥ អ្វីដ៏សំខាន់មួយទៀតដែលអ្នកគួរគិតពិចារណា គឺប្រាប់បុគ្គលនោះថាអ្នកបានអភ័យទោសឲ្យគាត់។ ហេតុអ្វី? សូមកត់សម្គាល់អំពីអ្វីដែលបងណាអូមីដែលបានត្រូវរៀបរាប់នៅខាងលើនិយាយ។ គាត់ថា៖ «ប្ដីរបស់ខ្ញុំបានសួរខ្ញុំថា៖ ‹តើអូនបានអភ័យទោសឲ្យបងទេ?›។ ពេលខ្ញុំប្រុងហាមាត់និយាយថាខ្ញុំអភ័យទោសឲ្យគាត់ ខ្ញុំនិយាយមិនចេញ។ ភ្លាមៗខ្ញុំទទួលស្គាល់ថា ខ្ញុំមិនបានអភ័យទោសឲ្យគាត់អស់ពីចិត្តទេ។ មួយរយៈពេលក្រោយមកទើបខ្ញុំអាចនិយាយពាក្យដ៏សំខាន់ទាំងនោះគឺថា ‹អូនអភ័យទោសឲ្យបង›។ ពេលខ្ញុំបានអភ័យទោសឲ្យគាត់ ប្ដីរបស់ខ្ញុំរលីងរលោងទឹកភ្នែក។ ខ្ញុំមិននឹកស្មានថាខ្ញុំក៏មានអារម្មណ៍ធូរចិត្តយ៉ាងខ្លាំងដែរ។ តាំងពីពេលនោះមក ខ្ញុំកាន់តែទុកចិត្តប្ដីរបស់ខ្ញុំ ហើយយើងបានទៅជាមិត្តភក្តិជិតស្និទ្ធបំផុតម្ដងទៀត»។
១៦. តើអ្នកបានរៀនអ្វីអំពីការអភ័យទោស?
១៦ ព្រះយេហូវ៉ាចង់ឲ្យយើងចេះអភ័យទោស។ (កូឡ. ៣:១៣) ទោះជាដូច្នោះក្ដី យើងប្រហែលជាពិបាកអភ័យទោសឲ្យអ្នកឯទៀត។ ប៉ុន្តែ យើងអាចធ្វើដូច្នេះបាន បើយើងមិនព្រងើយកន្តើយនឹងអារម្មណ៍របស់យើង ហើយព្យាយាមឈប់ខឹង។ យ៉ាងនេះ យើងអាចបណ្ដុះឲ្យមានអារម្មណ៍វិជ្ជមាន (សូមមើលប្រអប់ដែលមានចំណងជើងថា « អ្វីបីយ៉ាងដែលអ្នកអាចធ្វើដើម្បីអភ័យទោសឲ្យអ្នកឯទៀត»)។
ចូរផ្ដោតអារម្មណ៍ទៅលើ ប្រយោជន៍ពីការអភ័យទោស
១៧. តើយើងទទួលប្រយោជន៍យ៉ាងណាពីការអភ័យទោស?
១៧ យើងមានមូលហេតុជាច្រើនឲ្យអភ័យទោស។ សូមគិតអំពីមូលហេតុខ្លះ។ ទី១ យើងយកតម្រាប់ព្រះយេហូវ៉ាជាបិតាដែលមានសេចក្ដីមេត្តាករុណា និងធ្វើឲ្យលោកពេញចិត្ត។ (លូក. ៦:៣៦) ទី២ យើងបង្ហាញថាយើងពិតជាមានចិត្តកតញ្ញូដែលព្រះយេហូវ៉ាបានអភ័យទោសឲ្យយើង។ (ម៉ាថ. ៦:១២) ទី៣ យើងមានសុខភាពល្អជាង ហើយរក្សាចំណងមិត្តភាពរឹងមាំជាមួយអ្នកឯទៀត។
១៨-១៩. តើការចេះអភ័យទោសប្រហែលជានាំឲ្យមានលទ្ធផលអ្វី?
១៨ ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងប្រហែលជាទទួលពរដែលមិននឹកស្មាន។ ជាឧទាហរណ៍ សូមកត់សម្គាល់អំពីអ្វីដែលបានកើតឡើងចំពោះបងដឺនីសដែលបានត្រូវរៀបរាប់នៅខាងលើ។ បងដឺនីសមិនបានដឹងទេថាបុគ្គលដែលបង្កគ្រោះថ្នាក់ មានគម្រោងសម្លាប់ខ្លួនក្រោយពីកាត់ក្ដី។ ប៉ុន្តែ ការអភ័យទោសរបស់បងដឺនីស បានជំរុញចិត្តបុគ្គលនោះឲ្យចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។
១៩ យើងប្រហែលជាមានអារម្មណ៍ថាការអភ័យទោសឲ្យនរណាម្នាក់គឺជាអ្វីដ៏ពិបាកបំផុតមួយដែលយើងត្រូវធ្វើ តែនេះក៏អាចមានប្រយោជន៍ជាច្រើនដែរ។ (ម៉ាថ. ៥:៧) ដូច្នេះ សូមយើងខំអស់ពីសមត្ថភាពដើម្បីចេះអភ័យទោសដូចព្រះយេហូវ៉ា។
ចម្រៀងលេខ១២៥ ‹អស់អ្នកដែលមានចិត្តមេត្តា មានសុភមង្គល!›
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b ក្នុងស្ថានភាពដូចនេះ គ្រិស្តសាសនិកម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនថានឹងធ្វើអ្វី។
c សូមមើលចម្រៀងវីដេអូដែលមានចំណងជើងថា «ចូរចេះអភ័យ» និង«ផ្ដើមធ្វើមិត្តជាថ្មី»នៅគេហទំព័រjw.org/km។
d ទោះជាការមើលរូបអាសអាភាសគឺជាអំពើខុសឆ្គង ហើយនាំឲ្យឈឺចិត្តក្ដី នោះមិនមែនជាហេតុឲ្យគូដែលគ្មានកំហុសលែងលះគ្នាស្របតាមគម្ពីរទេ។