លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ សិក្សា ៧

ចម្រៀង​លេខ​១៥ ចូរ​សរសើរ​បុត្រ​ច្បង​របស់​ ព្រះ​យេហូវ៉ា!

តើ​អ្នក​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា?

តើ​អ្នក​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា?

«​លោក​អភ័យ​ទោស​ឲ្យ​មនុស្ស​យ៉ាង​ពិត​ប្រាកដ​»។ចសព. ១៣០:៤

ចំណុច​ផ្ដោត

យើង​នឹង​ពិចារណា​ឧទាហរណ៍​ខ្លះ​ក្នុង​គម្ពីរ​ដែល​រៀប​រាប់​អំពី​របៀប​ដ៏​ល្អ​ឯក​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​អភ័យ​ទោស​ពី​លោក។

១. ហេតុ​អ្វី​គឺ​ពិបាក​ឲ្យ​ដឹង​ថា​បុគ្គល​ម្នាក់​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​គាត់​និយាយ​ថា​គាត់​អភ័យ​ទោស​ឲ្យ​អ្នក?

 អ្នក​ទំនង​ជា​ធូរ​ចិត្ត​ណាស់​ពេល​អ្នក​ឮ​អ្នក​ណា​ម្នាក់​និយាយ​ថា​៖ ​«​ខ្ញុំ​អភ័យ​ទោស​ឲ្យ​»​ ជា​ពិសេស​បើ​អ្នក​ដឹង​ថា​អ្នក​បាន​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គេ​ឈឺ​ចិត្ត។ ប៉ុន្តែ តើ​ពាក្យ​«​ខ្ញុំ​អភ័យ​ទោស​ឲ្យ​»​ពិត​ជា​មាន​ន័យ​យ៉ាង​ណា? តើ​បុគ្គល​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​នោះ​ចង់​មាន​ន័យ​ថា​មិត្តភាព​របស់​អ្នក​ទាំង​ពីរ​ល្អ​វិញ​ឬ​ទេ? ឬ​ក៏​តើ​គាត់​គ្រាន់​តែ​មាន​ន័យ​ថា​គាត់​មិន​ចង់​និយាយ​អំពី​រឿង​នេះ​ទៀត? តាម​ការ​ពិត ពេល​មនុស្ស​ណា​ម្នាក់​និយាយ​ថា​ពួក​គេ​អភ័យ​ទោស​ឲ្យ​នេះ​អាច​មាន​អត្ថន័យ​ផ្សេង​ៗ។

២. តើ​បទ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​អភ័យ​របស់​ព្រះ​យេហូវ៉ា? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

របៀប​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​របៀប​ដែល​យើង​អភ័យ​ទោស​ឲ្យ​គ្នា។ គ្មាន​អ្នក​ណា​ម្នាក់​អាច​អភ័យ​ទោស​ដូច​ព្រះ​យេហូវ៉ា​ទេ។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​អភ័យ​ទោស​ឲ្យ​មនុស្ស​យ៉ាង​ពិត​ប្រាកដ ដើម្បី​ឲ្យ​ពួក​គេ​អាច​គោរព​កោត​ខ្លាច​លោក​»។ a (​ចសព. ១៣០:៤​) ពិត​មែន​ហើយ ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​ពិត​ប្រាកដ។ លោក​គឺ​ជា​អ្នក​ដែល​បង្ហាញ​ថា​ការ​អភ័យ​ទោស​ពិត​ជា​មាន​ន័យ​យ៉ាង​ណា។ នៅ​ក្នុង​ខ​គម្ពីរ​ខ្លះ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ អ្នក​សរសេរ​គម្ពីរ​បាន​ប្រើ​ពាក្យ​ចំពោះ​ការ​អភ័យ​ទោស​ដែល​មិន​ដែល​ប្រើ​ដើម្បី​រៀប​រាប់​អំពី​ការ​អភ័យ​ទោស​របស់​មនុស្ស​ទេ។

៣. តើ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា​ពី​ការ​អភ័យ​ទោស​របស់​យើង? (​អេសាយ ៥៥:៦, ៧​)

ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់ ការ​ខុស​ឆ្គង​របស់​បុគ្គល​នោះ​បាន​ត្រូវ​លុប​ចោល។ ចំណង​មិត្តភាព​ដែល​ប្រេះ​ឆា​បាន​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ។ គឺ​គួរ​ឲ្យ​កោត​ស្ងើច​មែន ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ទាំង​ស្រុង ហើយ​លោក​ធ្វើ​ដូច្នេះ​ម្ដង​ហើយ​ម្ដង​ទៀត។—សូម​អាន អេសាយ ៥៥:៦, ៧

៤. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​អភ័យ​ទោស​យ៉ាង​ពិត​ប្រាកដ?

បើ​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​ខុស​ពី​ការ​អភ័យ​ទោស​របស់​យើង តើ​តាម​របៀប​ណា​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​យល់​អត្ថន័យ​ពិត​ប្រាកដ​នៃ​ការ​អភ័យ​ទោស? ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​យល់​ដោយ​ប្រើ​ការ​ប្រៀប​ប្រដូច​ផ្សេង​ៗ​ដើម្បី​រៀប​រាប់​អំពី​ការ​អភ័យ​ទោស​របស់​លោក។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ប្រៀប​ប្រដូច​ខ្លះ​ៗ។ ការ​ប្រៀប​ប្រដូច​ទាំង​នេះ​នឹង​បង្ហាញ​យើង​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​ដក​ចេញ​ការ​ខុស​ឆ្គង​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​យើង​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​ម្ដង​ទៀត។ កាល​ដែល​យើង​ពិចារណា​ការ​ប្រៀប​ប្រដូច​ទាំង​នេះ យើង​នឹង​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​បិតា​ដ៏​សែន​កក់​ក្ដៅ ដែល​អភ័យ​ទោស​ឲ្យ​យើង​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។

ព្រះ​យេហូវ៉ា​ដក​ចេញ​ការ​ខុស​ឆ្គង

៥. តើ​អ្វី​កើត​ឡើង​ពេល​ព្រះ​យេហូវ៉ា​លើក​លែង​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង?

ក្នុង​គម្ពីរ ការ​ខុស​ឆ្គង​ច្រើន​តែ​ប្រដូច​ទៅ​នឹង​បន្ទុក​ដ៏​ធ្ងន់។ ស្ដេច​ដាវីឌ​បាន​រៀប​រាប់​អំពី​អំពើ​ខុស​ឆ្គង​របស់​គាត់​ថា​៖ ​«​កំហុស​របស់​ខ្ញុំ​ឡើង​លិច​ក្បាល​ខ្ញុំ ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ​»។ (​ចសព ៣៨:៤​) ប៉ុន្តែ ព្រះ​យេហូវ៉ា​លើក​លែង​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ធ្វើ​ខុស​ដែល​បាន​ប្រែ​ចិត្ត។ (​ចសព. ២៥:១៨; ៣២:៥​) ពាក្យ​ជា​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​លើក​លែង​»​ មាន​ន័យ​ថា​«​លើក​ឡើង​»​ឬ​«​យក​ចេញ​»។ យើង​ប្រហែល​ជា​ស្រមៃ​ឃើញ​ព្រះ​យេហូវ៉ា​ថា​ជា​បុរស​ខ្លាំង​ក្លា​ដែល​ហាក់​ដូច​ជា​លើក​បន្ទុក​នៃ​ការ​ខុស​ឆ្គង​ចេញ​ពី​ស្មា​របស់​យើង ហើយ​យក​វា​ចេញ។

​«​លើក​លែង​ទោស​»​(​ចសព. ៣២:៥​)


៦. តើ​ព្រះ​យេហូវ៉ា​ដក​ការ​ខុស​ឆ្គង​របស់​យើង​ចេញ​ឆ្ងាយ​ប៉ុណ្ណា?

គម្ពីរ​ប្រើ​ការ​ប្រៀប​ប្រដូច​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ដក​ការ​ខុស​ឆ្គង​របស់​យើង​ចេញ​ឆ្ងាយ​យ៉ាង​ណា​ពី​យើង។ ចម្រៀង​សរសើរ​ព្រះ ១០៣:១២ ចែង​ថា​៖ ​«​ដូច​ទិស​ខាង​លិច​ឆ្ងាយ​ពី​ទិស​ខាង​កើត​យ៉ាង​ណា នោះ​លោក​ក៏​ដក​អំពើ​រំលង​របស់​យើង​ឲ្យ​ចេញ​ឆ្ងាយ​យ៉ាង​នោះ​ដែរ​»។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​បំផុត​ពី​ទិស​ខាង​លិច។ ទិស​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​ទេ។ នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ដក​ការ​ខុស​ឆ្គង​ចេញ​ឆ្ងាយ​ពី​យើង គឺ​ឆ្ងាយ​បំផុត​ដែល​យើង​មិន​អាច​គិត​ដល់។ នេះ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​អភ័យ​ទោស​ឲ្យ​យើង​ទាំង​ស្រុង។

​«​ដូច​ទិស​ខាង​លិច​ឆ្ងាយ​ពី​ទិស​ខាង​កើត​យ៉ាង​ណា​»​(​ចសព. ១០៣:១២​)​


៧. តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង? (​មីកា ៧:១៨, ១៩​)

ទោះ​ជា​ព្រះ​យេហូវ៉ា​យក​ការ​ខុស​ឆ្គង​របស់​យើង​ចេញ​ឆ្ងាយ​ក្ដី តើ​លោក​មិន​បោះ​ចោល​ការ​ខុស​ឆ្គង​ទាំង​នោះ​ឬ? មិន​មែន​ទេ។ ស្ដេច​ហេសេគា​បាន​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​បាន​យក​អំពើ​ខុស​ឆ្គង​ទាំង​អស់​របស់​ខ្ញុំ​គ្រវាត់​ទៅ​ខាង​ក្រោយ​លោក​»។ (​អេ. ៣៨:៩, ១៧​) ការ​ប្រៀប​ប្រដូច​នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​យក​ការ​ខុស​ឆ្គង​របស់​អ្នក​ដែល​ប្រែ​ចិត្ត​ទៅ​បោះ​ចោល​ឲ្យ​បាត់​ពី​មុខ​លោក។ ឃ្លា​នេះ​ក៏​អាច​ត្រូវ​បក​ប្រែ​ថា​៖ ​«​លោក​បាន​ធ្វើ​ឲ្យ​[​ការ​ខុស​ឆ្គង​របស់​ខ្ញុំ​]​ហាក់​ដូច​ជា​មិន​បាន​កើត​ឡើង​»។ គម្ពីរ​បញ្ជាក់​ថែម​ទៀត​អំពី​ចំណុច​នេះ ក្នុង​ការ​ប្រៀប​ប្រដូច​មួយ​ទៀត​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​មីកា ៧:១៨, ១៩។ (​សូម​អាន​) ខ​ទាំង​នោះ​ចែង​ថា​ព្រះ​យេហូវ៉ា​បោះ​អំពើ​ខុស​ឆ្គង​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ។ នៅ​សម័យ​បុរាណ អ្វី​ដែល​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជ្រៅ​គឺ​មិន​អាច​រក​ឃើញ​វិញ​ទេ។

​«​លោក​បាន​យក​អំពើ​ខុស​ឆ្គង​ទាំង​អស់​របស់​ខ្ញុំ​គ្រវាត់​ទៅ​ខាង​ក្រោយ​លោក​»​ (​អេ. ៣៨:១៧​)

​«​លោក​នឹង​បោះ​អំពើ​ខុស​ឆ្គង​ទាំង​អស់​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ​»​(​មីកា ៧:១៩​)​


៨. មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី?

តាម​រយៈ​ការ​ប្រៀប​ប្រដូច​ទាំង​នេះ​យើង​រៀន​ថា ពេល​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង លោក​ដក​ចេញ​ការ​ខុស​ឆ្គង​របស់​យើង​ទាំង​ស្រុង។ ដូច្នេះ យើង​មិន​ចាំ​បាច់​បន្ទោស​ខ្លួន​ទៀត​ឡើយ។ នេះ​គឺ​ដូច​ស្ដេច​ដាវីឌ​បាន​និយាយ ​«​អ្នក​ណា​ដែល​បាន​ត្រូវ​លើក​លែង​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​អាក្រក់ ហើយ​ការ​ខុស​ឆ្គង​របស់​ខ្លួន​បាន​ត្រូវ​គ្រប​បាំង អ្នក​នោះ​មាន​សុភមង្គល​ហើយ។ អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​កត់​ទុក​ការ​ខុស​ឆ្គង​របស់​គាត់ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។ (​រ៉ូម ៤:៧, ៨​) នេះ​ហើយ​គឺ​ជា​ការ​អភ័យ​ទោស​ពិត​ប្រាកដ!

ព្រះ​យេហូវ៉ា​លុប​ចោល​ ការ​ខុស​ឆ្គង

៩. តើ​ព្រះ​យេហូវ៉ា​ប្រើ​ការ​ប្រៀប​ប្រដូច​អ្វី​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ថា​លោក​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង?

ព្រះ​យេហូវ៉ា​ប្រើ​ការ​ប្រៀប​ប្រដូច​ផ្សេង​ទៀត​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ថា តាម​រយៈ​គ្រឿង​បូជា​លោះ លោក​លុប​ចោល​ការ​ខុស​ឆ្គង​របស់​ពួក​អ្នក​ដែល​ប្រែ​ចិត្ត។ គម្ពីរ​ប្រាប់​ថា ព្រះ​យេហូវ៉ា​លាង​សម្អាត​និង​ជម្រះ​ការ​ខុស​ឆ្គង។ នេះ​នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​ការ​ខុស​ឆ្គង​ជ្រះ​ស្អាត​បរិសុទ្ធ។ (​ចសព. ៥១:៧; អេ. ៤:៤; យេ. ៣៣:៨​) ព្រះ​យេហូវ៉ា​ផ្ទាល់​រៀប​រាប់​អំពី​លទ្ធផល​នៃ​ការ​រៀប​ចំ​នេះ​ថា​៖ ​«​ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី​ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ។ ទោះ​ជា​កំហុស​របស់​អ្នក​ដូច​ជា​ក្រណាត់​ក្រហម​ទែង​ក្ដី​ក៏​នឹង​ប្រែ​ទៅ​ជា​ស​ដូច​រោម​ចៀម​បាន​ដែរ​»។ (​អេ. ១:​១៨​) គឺ​ពិបាក​ណាស់​ឲ្យ​យក​ស្នាម​ពណ៌​ក្រហម​ឆ្អៅ​ឬ​ស្នាម​ពណ៌​ក្រហម​ទែង​ចេញ​ពី​ក្រណាត់។ ប៉ុន្តែ តាម​រយៈ​ការ​ប្រៀប​ប្រដូច​នេះ​ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ការ​ខុស​ឆ្គង​របស់​យើង​អាច​ត្រូវ​សម្អាត​យ៉ាង​សព្វ​រហូត​ដល់​មើល​លែង​ឃើញ។

​«​ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ​»​ (​អេ. ១:១៨​)​


១០. តើ​ព្រះ​យេហូវ៉ា​ប្រើ​ការ​ប្រៀប​ប្រដូច​អ្វី​ទៀត​ដើម្បី​បង្ហាញ​អំពី​ចិត្ត​ទូលាយ​របស់​លោក​ក្នុង​ការ​អភ័យ​ទោស?

១០ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន ​«​ការ​ខុស​ឆ្គង​»​ក៏​អាច​ប្រដូច​ទៅ​នឹង​បំណុល។ (​ម៉ាថ. ៦:១២; លូក. ១១:៤​) ដូច្នេះ រាល់​ដង​ដែល​យើង​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា នេះ​ហាក់​ដូច​ជា​យើង​ជាប់​បំណុល​កាន់​តែ​ច្រើន។ យើង​ជំពាក់​បំណុល​លោក​ច្រើន​ណាស់! ប៉ុន្តែ ពេល​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង គឺ​ហាក់​ដូច​ជា​លោក​ឲ្យ​យើង​រួច​បំណុល លោក​មិន​ទាម​ទារ​ឲ្យ​សង​ចំពោះ​ការ​ខុស​ឆ្គង​ដែល​លោក​អភ័យ​ទោស​ឲ្យ​ហើយ​នោះ​ទេ។ ដូច្នេះ ដូច​បុគ្គល​ម្នាក់​ធូរ​ចិត្ត​ពេល​រួច​បំណុល នោះ​យើង​ក៏​ធូរ​ស្រាល​ចិត្ត​ដែរ​ពេល​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង!

​«​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​[​លុប​បំណុល​]​របស់​យើង​»​(​ម៉ាថ. ៦:១២; កំ.ស.​)​


១១. ពេល​គម្ពីរ​ចែង​ថា​ការ​ខុស​ឆ្គង​របស់​យើង​បាន​ត្រូវ​«​លុប​ចោល​»​ តើ​នោះ​មាន​អត្ថន័យ​យ៉ាង​ណា? (​សកម្មភាព ៣:១៩​)

១១ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ឲ្យ​យើង​រួច​បំណុល​ឬ​ការ​ខុស​ឆ្គង​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​លុប​វា​ចោល​តែ​ម្ដង។ (​សូម​អាន សកម្មភាព ៣:១៩) ដើម្បី​យល់​ចំណុច​នេះ​សូម​ស្រមៃ​គិត​ថា មនុស្ស​ម្នាក់​គូស​សញ្ញា​ខ្វែង​លើ​ចំនួន​លុយ​ដែល​អ្នក​ជំពាក់។ ប៉ុន្តែ ចំនួន​លុយ​ដែល​នៅ​ក្រោម​សញ្ញា​ខ្វែង​នៅ​តែ​មើល​ឃើញ​បាន។ ការ​លុប​អ្វី​មួយ​ចោល​គឺ​ផ្សេង​ពី​នេះ។ ដើម្បី​យល់​អំពី​ការ​ប្រៀប​ប្រដូច​នេះ យើង​ត្រូវ​ចាំ​ថា​នៅ​សម័យ​បុរាណ​ពេល​គេ​សរសេរ​អ្វី​មួយ គេ​ប្រើ​ទឹក​ថ្នាំ​ដែល​បាន​ត្រូវ​លាយ​ពី​កាបូន ជ័រ និង​ទឹក។ បុគ្គល​ម្នាក់​អាច​យក​អេប៉ុង​សើម​ដើម្បី​ជូត​ឬ​លុប​អក្សរ​ចេញ​បាន។ ដូច្នេះ ពេល​បំណុល​បាន​ត្រូវ​«​លុប​ចោល​»​គឺ​វា​បាត់​តែ​ម្ដង។ គេ​មិន​អាច​មើល​ឃើញ​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ពី​មុន​ទេ គឺ​ហាក់​ដូច​ជា​គ្មាន​បំណុល​នោះ។ ស្រដៀង​គ្នា​ដែរ យើង​មាន​ចិត្ត​កតញ្ញូ​ណាស់​ដោយ​ដឹង​ថា ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង គឺ​ហាក់​ដូច​ជា​យើង​មិន​ដែល​ប្រព្រឹត្ត​ការ​ខុស​ឆ្គង​ទាំង​នោះ!—ចសព. ៥១:៩

​«​ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ត្រូវ​លុប​ចោល​»​(​សកម្ម. ៣:១៩​)​


១២. តើ​យើង​រៀន​អ្វី​ពី​ការ​ប្រៀប​ប្រដូច​អំពី​ពពក​យ៉ាង​ក្រាស់?

១២ ព្រះ​យេហូវ៉ា​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ដែល​ស្រដៀង​នឹង​នេះ ដើម្បី​ពន្យល់​អំពី​របៀប​ដែល​លោក​លុប​ចោល​ការ​ខុស​ឆ្គង​របស់​យើង។ លោក​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​លុប​អំពើ​រំលង​របស់​អ្នក​ដោយ​ពពក ហើយ​គ្រប​បាំង​អំពើ​ខុស​ឆ្គង​របស់​អ្នក​ដោយ​ពពក​យ៉ាង​ក្រាស់​»។ (​អេ. ៤៤:២២​) ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស គឺ​ហាក់​ដូច​ជា​លោក​ប្រើ​ពពក​យ៉ាង​ក្រាស់​ដើម្បី​គ្រប​បាំង​អំពើ​ខុស​ឆ្គង​របស់​យើង​ឲ្យ​បាត់​ពី​មុខ​តែ​ម្ដង។

​«​ខ្ញុំ​នឹង​លុប​អំពើ​រំលង​របស់​អ្នក​ដោយ​ពពក​»​(​អេ. ៤៤:២២​)​


១៣. ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា?

១៣ តើ​ឧទាហរណ៍​ទាំង​នេះ​បង្រៀន​យើង​អ្វី? ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង យើង​មិន​គួរ​បន្ទោស​ខ្លួន​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង​រហូត​អស់​មួយ​ជីវិត​ទេ។ តាម​រយៈ​ឈាម​របស់​លោក​យេស៊ូ​គ្រិស្ត បំណុល​របស់​យើង​បាន​ត្រូវ​លុប​ចោល​ទាំង​ស្រុង។ ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ណា​មួយ គឺ​ហាក់​ដូច​ជា​យើង​មិន​ដែល​ប្រព្រឹត្ត​ការ​ខុស​ឆ្គង​នោះ​ទេ។ នេះ​គឺ​ជា​អត្ថន័យ​នៃ​ការ​អភ័យ​ទោស​ពិត​ប្រាកដ​ពី​ព្រះ​យេហូវ៉ា​ពេល​យើង​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង​របស់​យើង។

ព្រះ​យេហូវ៉ា​ទទួល​យក​យើង​ ជា​មិត្ត​ជិត​ស្និទ្ធ​ម្ដង​ទៀត

ការ​អភ័យ​ទោស​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ បើក​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ ​(​សូម​មើល​វគ្គ​១៤​)​


១៤. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា? (​សូម​មើលរូប​ភាពផង​ដែរ​)

១៤ ការ​អភ័យ​ទោស​ពិត​ប្រាកដ​ដែល​មក​ពី​ព្រះ​យេហូវ៉ា បើក​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ នេះ​ជួយ​យើង​មិន​ឲ្យ​បន្ត​បន្ទោស​ខ្លួន។ យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ខឹង​នឹង​យើង ហើយ​ចាំ​រក​វិធី​ដើម្បី​ដាក់​ទោស​យើង​នោះ​ទេ។ លោក​នឹង​មិន​ធ្វើ​ដូច្នេះ​ជា​ដាច់​ខាត។ ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ពេល​លោក​មាន​ប្រសាសន៍​ថា​លោក​អភ័យ​ទោស​ឲ្យ​យើង? អ្នក​ប្រកាស​ទំនាយ​យេរេមា​បាន​ដក​ស្រង់​ពាក្យ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ ហើយ​ខ្ញុំ​ក៏​នឹង​លែង​នឹក​ចាំ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ត​ទៅ​ទៀត​ដែរ​»។ (​យេ. ៣១:៣៤​) ប៉ូល​ដក​ស្រង់​ពាក្យ​ទាំង​នេះ​ពេល​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​នឹក​ចាំ​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ឡើយ​»។ (​ហេ. ៨:១២​) ប៉ុន្តែ តើ​នេះ​ពិត​ជា​មាន​ន័យ​យ៉ាង​ណា?

​‹ខ្ញុំ​នឹង​លែង​នឹក​ចាំ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ត​ទៅ​ទៀត›​(​យេ. ៣១:៣៤​)​


១៥. តើ​ព្រះ​យេហូវ៉ា​លែង​នឹក​ចាំ​ការ​ខុស​ឆ្គង​របស់​យើង​ក្នុង​ន័យ​អ្វី?

១៥ នៅ​ក្នុង​គម្ពីរ ពាក្យ​«​នឹក​ចាំ​»​មិន​តែង​តែ​សំដៅ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​អាច​រួម​បញ្ចូល​បុគ្គល​ណា​ម្នាក់​ចាត់​វិធានការ​អ្វី​មួយ។ ឧក្រិដ្ឋជន​ដែល​ព្យួរ​លើ​បង្គោល​ទារុណកម្មក្បែរ​លោក​យេស៊ូ​បាន​សំណូម​ពរ​លោក​ថា​៖ ​«​លោកយេស៊ូ សូម​នឹក​ឃើញ​ខ្ញុំ ពេល​ដែល​លោក​ទៅ​ជា​ស្ដេច​»។ (​លូក. ២៣:៤២, ៤៣​) គាត់​មិន​គ្រាន់​តែ​សុំ​លោក​យេស៊ូ​ឲ្យ​គិត​អំពី​គាត់​នៅ​ពេល​នោះ​ទេ។ ការ​តប​ឆ្លើយ​របស់​លោក​យេស៊ូ​បាន​បង្ហាញ​ថា លោក​នឹង​ចាត់​វិធានការ​ប្រោស​ឧក្រិដ្ឋជន​នេះ​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​លោក​លែង​នឹក​ចាំ​ការ​ខុស​ឆ្គង​របស់​យើង លោក​ចង់​មាន​ន័យ​ថា លោក​បាន​អភ័យ​ទោស​ឲ្យ​យើង ហើយ​លោក​នឹង​មិន​ដាក់​ទោស​យើង​នៅ​ពេល​ក្រោយ​មក​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​នោះ​ទេ។

១៦. តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​សេរី​ភាព​ដែល​មក​ពី​ការ​អភ័យ​ទោស​យ៉ាង​ពិត​ប្រាកដ?

១៦ គម្ពីរ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ផ្សេង​ទៀត​ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​សេរី​ភាព​ដែល​មក​ពី​ការ​អភ័យ​ទោស​យ៉ាង​ពិត​ប្រាកដ។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​«​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​»។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង យើង​ដូច​ជា​ខ្ញុំ​បម្រើ​ដែល​បាន​ត្រូវ​«​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​»។ (​រ៉ូម ៦:១៧, ១៨; បប. ១:៥​) ពេល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង យើង​អាច​អរ​សប្បាយ​ដូច​ជា​ខ្ញុំ​បម្រើ​ដែល​បាន​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព។

​«​អ្នក​រាល់​គ្នា​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​»​(​រ៉ូម ៦:១៨​)​


១៧. តើ​ការ​អភ័យ​ទោស​នាំ​ឲ្យ​ជា​សះ​ស្បើយ​យ៉ាង​ដូច​ម្ដេច? (​អេសាយ ៥៣:៥​)

១៧ សូម​អាន អេសាយ ៥៣:៥ គម្ពីរ​ចែង​ថា​ដោយ​សារ​យើង​មាន​ភាព​ខុស​ឆ្គង យើង​ប្រៀប​ដូច​ជា​មនុស្ស​ដែល​មាន​ជំងឺ​ដែល​នាំ​ឲ្យ​ស្លាប់។ ប៉ុន្តែ ដោយ​សារ​គ្រឿង​បូជា​លោះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​តាម​រយៈ​បុត្រ​លោក យើង​ហាក់​ដូច​ជា​បាន​ជា​សះ​ស្បើយ។ (​១ពេ. ២:២៤​) ពេល​យើង​ធ្វើ​ខុស យើង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ដោយ​សារ​ថ្លៃ​លោះ លោក​អាច​អភ័យ​ទោស​ឲ្យ​យើង ហើយ​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក​ម្ដង​ទៀត។ ដូច​បុគ្គល​ម្នាក់​អរ​សប្បាយ​ក្រៃ​លែង​ពេល​ដែល​គាត់​ជា​ពី​ជំងឺ​ធ្ងន់​ធ្ងរ នោះ​យើង​ក៏​អរ​សប្បាយ​ពេល​យើង​បាន​ជា​នា​នឹង​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​ឡើង​វិញ។

​«​យើង​បាន​ជា​សះ​ស្បើយ​ដោយ​សារ​គាត់​បាន​រង​របួស​»​(​អេ. ៥៣:៥​)​


តើ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ យ៉ាង​ណា​មក​លើ​ជីវិត​យើង?

១៨. តើ​យើង​រៀន​អ្វី​ពី​ការ​ពិចារណា​ការ​ប្រៀប​ប្រដូច​ផ្សេង​ៗ​នៅ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​របៀប​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​»​)

១៨ តើ​យើង​បាន​រៀន​អ្វី​ពី​ការ​ប្រៀប​ប្រដូច​ផ្សេង​ៗ​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា? ពេល​លោក​អភ័យ​ទោស​ឲ្យ​យើង លោក​អភ័យ​ទោស​ទាំង​ស្រុង ហើយ​មិន​លើក​ឡើង​ម្ដង​ទៀត​ទេ។ នេះ​បើក​ឱកាស​ឲ្យ​យើង​ធ្វើ​ជា​មិត្ត​របស់​បិតា​ស្ថាន​សួគ៌។ នៅ​ដំណាល​គ្នា​នោះ យើង​ក៏​ចាំ​ថា​ការ​អភ័យ​ទោស​យ៉ាង​ពិត​ប្រាកដ​គឺ​ជា​អំណោយ។ ការ​អភ័យ​ទោស​នេះ គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​និង​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ដែល​លោក​បង្ហាញ​ចំពោះ​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង ហើយ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទេ។—រ៉ូម ៣:២៤

១៩. (​ក​) តើ​យើង​គួរ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី? (​រ៉ូម ៤:៨​) (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៩ សូម​អាន រ៉ូម ៤:៨ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​មែន​ដែល​ព្រះ​យេហូវ៉ា គឺ​ជា​ព្រះ​ដែល​‹អភ័យ​ទោស​យ៉ាង​ពិត​ប្រាកដ›។ (​ចសព. ១៣០:៤​) ប៉ុន្តែ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដ៏​សំខាន់​មួយ។ លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​បើ​អ្នក​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ។​»​ (​ម៉ាថ. ៦:១៤, ១៥​) ដូច្នេះ យើង​ត្រូវ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​នេះ។

ចម្រៀង​លេខ​៤៦ យើង​អរគុណ​ព្រះ​យេហូវ៉ា

a ពាក្យ​ដើម​ជា​ភាសា​ហេប្រឺ​បង្កប់​អត្ថន័យ​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​ស្រុង។ សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ច្រើន​មិន​បាន​បញ្ជាក់​ចំណុច​សំខាន់​នេះ​ក្នុង​ខ​នេះ​ទេ។