លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ សិក្សា ៦

ចម្រៀង​លេខ​១៨ ចូរ​ដឹង​គុណ​ព្រះ​សម្រាប់​ថ្លៃ​លោះ

ហេតុ​អ្វី​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា?

ហេតុ​អ្វី​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា?

«​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​ របស់​លោក​»។យ៉ូន. ៣:១៦

ចំណុច​ផ្ដោត

យើង​ចង់​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ ខ្លាំង​ចំពោះ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ ដើម្បី​ធ្វើ​ដូច្នេះ យើង​នឹង​រៀន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​យើង​បាន​ត្រូវ​អភ័យ​ទោស។

១​-​២. តើ​ស្ថានភាព​របស់​មនុស្សជាតិ​គឺ​ស្រដៀង​យ៉ាង​ណា​នឹង​ស្ថានភាព​របស់​បុរស​វ័យ​ក្មេង​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​វគ្គ​១?

 សូម​ស្រមៃ​គិត​ថា​មាន​បុរស​វ័យ​ក្មេង​ម្នាក់​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​អ្នក​មាន។ ស្រាប់​តែ​ថ្ងៃ​មួយ ឪពុក​ម្ដាយ​របស់​គាត់​បាន​ស្លាប់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ​ជា​ពន់​ពេក។ ប៉ុន្តែ មាន​ដំណឹង​តក់​ស្លុត​ថែម​ទៀត។ គាត់​ស្រាប់​តែ​ដឹង​ថា​ឪពុក​ម្ដាយ​របស់​គាត់​បាន​បង្ហិន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ពួក​គេ​ក៏​ជំពាក់​បំណុល​យ៉ាង​ច្រើន​ដែរ។ ដូច្នេះ ជា​ជាង​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ជា​មត៌ក គាត់​បែរ​ជា​ត្រូវ​សង​បំណុល​របស់​ពួក​គេ​វិញ។ ម្ចាស់​បំណុល​ជំរិត​ឲ្យ​គាត់​សង តែ​បំណុល​នោះ​ច្រើន​លើស​លប់​ពេក​រហូត​ដល់​គាត់​គ្មាន​លទ្ធភាព​សង​ទេ។

ស្ថានភាព​របស់​យើង​គឺ​ស្រដៀង​នឹង​ស្ថានភាព​របស់​បុរស​វ័យ​ក្មេង​នេះ។ អាដាម​និង​អេវ៉ា​ដែល​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​ធ្លាប់​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ និង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត។ (​ដក. ១:២៧; ២:៧​-​៩​) ពួក​គេ​អាច​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ​ជា​រៀង​រហូត។ ប៉ុន្តែ ស្រាប់​តែ​អ្វី​ៗ​ទាំង​អស់​បាន​ផ្លាស់​ប្ដូរ។ ពួក​គេ​បាន​បាត់​បង់​លំនៅ​ដែល​ជា​សួន​ឧទ្យាន និង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ តើ​ពួក​គេ​បាន​បន្សល់​ទុក​អ្វី​ឲ្យ​កូន​ចៅ​របស់​ពួក​គេ? គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់​[​អាដាម​] ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​មក​តាម​រយៈ​ភាព​ខុស​ឆ្គង នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។ (​រ៉ូម ៥:១២​) យើង​បាន​ទទួល​ភាព​ខុស​ឆ្គង​ពី​អាដាម ហើយ​នោះ​នាំ​ឲ្យ​ស្លាប់។ ភាព​ខុស​ឆ្គង​ដែល​យើង​បាន​ទទួល​នេះ គឺ​ប្រៀប​ដូច​ជា​បំណុល​ដ៏​ច្រើន​ដែល​គ្មាន​យើង​ណា​ម្នាក់​អាច​សង​រួច​ទេ។—ចសព. ៤៩:៨

៣. ហេតុ​អ្វី​ការ​ខុស​ឆ្គង​របស់​យើង​អាច​ប្រដូច​ទៅ​នឹង​«​បំណុល​»​?

លោក​យេស៊ូ​បាន​ប្រដូច​ការ​ខុស​ឆ្គង​ទៅ​នឹង​«​បំណុល​»។ (​ម៉ាថ. ៦:១២, កំ.ស.; លូក. ១១:៤​) ពេល​យើង​ធ្វើ​ខុស​គឺ​ហាក់​ដូច​ជា​យើង​ជំពាក់​បំណុល​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​អាច​ទាម​ទារ​ឲ្យ​យើង​សង​ចំពោះ​ការ​ខុស​ឆ្គង​នោះ។ បើ​បំណុល​នេះ​មិន​បាន​ត្រូវ​សង គឺ​មាន​តែ​ស្លាប់​ទើប​អាច​រួច​បំណុល​នេះ​បាន។—រ៉ូម ៦:៧, ២៣

៤. (​ក​) បើ​គ្មាន​ជំនួយ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល​មាន​ការ​ខុស​ឆ្គង? (​ចម្រៀង​សរសើរ​ព្រះ ៤៩:៧​-​៩​) (​ខ​)​ ក្នុង​គម្ពីរ តើ​ពាក្យ​«​ខុស​ឆ្គង​»​សំដៅ​ទៅ​លើ​អ្វី? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ខុស​ឆ្គង​»​)

ដោយ​អាង​សមត្ថភាព​របស់​ខ្លួន តើ​យើង​អាច​ទទួល​មក​វិញ​នូវ​អ្វី​ទាំង​អស់​ដែល​អាដាម​និង​អេវ៉ា​បាន​បាត់​បង់​ឬ​ទេ? មិន​អាច​ទេ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤៩:៧​-​៩) បើ​គ្មាន​ជំនួយ យើង​នឹង​គ្មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ឬ​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ គឺ​យើង​នឹង​ស្លាប់​ដូច​សត្វ ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​រស់​ឡើង​វិញ។—អទ. ៣:១៩; ២ពេ. ២:១២

៥. តើ​បិតា​ដែល​ស្រឡាញ់​យើង​បាន​ជួយ​យើង​យ៉ាង​ណា​ឲ្យ​សង​បំណុល​នៃ​ការ​ខុស​ឆ្គង? (​សូមមើលរូបភាព​)

សូម​គិត​អំពី​បុរស​វ័យ​ក្មេង​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ តើ​គាត់​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​មាន​បុរស​អ្នក​មាន​ម្នាក់​ស្នើ​សុំ​សង​បំណុល​ទាំង​អស់​របស់​គាត់? បុរស​វ័យ​ក្មេង​នេះ​ច្បាស់​ជា​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​ជំនួយ​ដ៏​សប្បុរស​នេះ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បាន​ឲ្យ​អំណោយ​ដល់​យើង ដែល​សង​បំណុល​នៃ​ការ​ខុស​ឆ្គង​ដែល​យើង​បាន​ទទួល​ពី​អាដាម។ លោក​យេស៊ូ​បាន​ពន្យល់​អំពី​នេះ​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូន. ៣:១៦​) អំណោយ​នេះ​ក៏​បើក​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ។

លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា ដែល​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​លោះ។ (​យ៉ូន. ៣:១៦​) ក្រោយ​មក លោក​សុខ​ចិត្ត​បូជា​ជីវិត​ដើម្បី​ផ្ដល់​ថ្លៃ​លោះ​នោះ (​សូម​មើល​វគ្គ​៥​)​


៦. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​ពាក្យ​អ្វី​ខ្លះ​ពី​គម្ពីរ ហើយ​ហេតុ​អ្វី?

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​អំណោយ​ដ៏​អស្ចារ្យ​នេះ និង​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ឬ​រួច​«​បំណុល​»​? ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​នឹង​ពិចារណា​អំពី​ពាក្យ​ផ្សេង​ៗ​ពី​គម្ពីរ​ដូច​ជា ការ​ផ្សះ​ផ្សា ការ​ជម្រះ​ភាព​ខុស​ឆ្គង ថ្លៃ​លោះ ការ​លោះ និង​ការ​ប្រកាស​ថា​សុចរិត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អត្ថន័យ​នៃ​ពាក្យ​នីមួយ​ៗ​ទាំង​នេះ។ កាល​ដែល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​អភ័យ​ទោស​ឲ្យ​យើង យើង​នឹង​កាន់​តែ​ដឹង​គុណ​លោក។

ការ​ផ្សះ​ផ្សា

៧. (​ក​) តើ​អាដាម​និង​អេវ៉ា​បាន​បាត់​បង់​អ្វី​ទៀត? (​ខ​)​ ដោយ​សារ​យើង​ជា​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា តើ​យើង​ត្រូវ​ការ​អ្វី​ជា​ខ្លាំង? (​រ៉ូម ៥:១០, ១១​)

ពេល​អាដាម​និង​អេវ៉ា​បាន​ធ្វើ​ខុស ពួក​គេ​លែង​អាច​រស់​ជា​រៀង​រហូត​ទៀត ហើយ​ក៏​បាន​ទៅ​ជា​សត្រូវ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​ពួក​គេ។ នៅ​ដើម​ដំបូង អាដាម​និង​អេវ៉ា​គឺ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ។ (​លូក. ៣:៣៨​) ប៉ុន្តែ ពេល​ពួក​គេ​លែង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ពួក​គេ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​គ្រួសារ​របស់​លោក។ នេះ​បាន​កើត​ឡើង​មុន​ពួក​គេ​ចាប់​ផ្ដើម​មាន​កូន។ (​ដក. ៣:២៣, ២៤; ៤:១​) ដូច្នេះ ដោយ​សារ​យើង​ជា​កូន​ចៅ​របស់​ពួក​គេ យើង​ត្រូវ​ការ​ផ្សះ​ផ្សា​ជា​មួយ​ព្រះ​យេហូវ៉ា។ (​សូម​អាន រ៉ូម ៥:១០, ១១) និយាយ​ឲ្យ​ចំ​ទៅ យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ យោង​ទៅ​តាម​ឯកសារ​យោង​មួយ ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​ប្រើ​នៅ​ទី​នេះ​សម្រាប់​«​ផ្សះ​ផ្សា​»​ អាច​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​សត្រូវ​ទៅ​ជា​មិត្ត​»។ គួរ​ឲ្យ​អស្ចារ្យ​មែន ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​បាន​ចាត់​វិធានការ​ជា​មុន​ដើម្បី​ឲ្យ​មាន​ការ​ផ្សះ​ផ្សា​ជា​មួយ​នឹង​លោក។ តើ​តាម​របៀប​ណា?

ការ​ជម្រះ​ភាព​ខុស​ឆ្គង

៨. តើ​ការ​ជម្រះ​ភាព​ខុស​ឆ្គង​គឺ​ជា​អ្វី?

ការ​ជម្រះ​ភាព​ខុស​ឆ្គង​គឺ​ជា​ការ​រៀប​ចំ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​ឲ្យ​លោក​និង​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​មាន​ចំណង​មិត្តភាព​ឡើង​វិញ។ នេះ​រួម​បញ្ចូល​ការ​ដោះ​ដូរ​អ្វី​មួយ​ទៅ​នឹង​អ្វី​មួយ​ដែល​មាន​តម្លៃ​ស្មើ​គ្នា។ យ៉ាង​នេះ អ្វី​មួយ​ដែល​បាន​ត្រូវ​បាត់​បង់​ឬ​បាន​ត្រូវ​បំផ្លាញ អាច​បាន​មក​វិញ​ឬ​ជំនួស។ បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ក៏​លើក​ឡើង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បើក​ឱកាស​ឲ្យ​បុគ្គល​ណា​ម្នាក់​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។—រ៉ូម ៣:២៥

៩. តើ​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​អ្វី​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ពួក​គេ?

ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា លោក​បាន​ផ្ដើម​ឲ្យ​មាន​ការ​រៀប​ចំ​មួយ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​អភ័យ​ទោស​ការ​ខុស​ឆ្គង​របស់​ពួក​គេ។ នៅ​ស្រុក​អ៊ីស្រាអែល ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង​បាន​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ នៅ​ថ្ងៃ​នោះ សម្ដេច​សង្ឃ​បាន​ជូន​គ្រឿង​បូជា​ជា​សត្វ​ដល់​ព្រះ​ឲ្យ​បណ្ដា​ជន។ ពិត​មែន​ថា គ្រឿង​បូជា​ជា​សត្វ​មិន​អាច​ជម្រះ​ការ​ខុស​ឆ្គង​ទាំង​ស្រុង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​សារ​សត្វ​មាន​តម្លៃ​តិច​ជាង​មនុស្ស តែ​ដរាប​ណា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ត​ជូន​គ្រឿង​បូជា​ដែល​ព្រះ​យេហូវ៉ា​តម្រូវ ដរាប​នោះ​លោក​សុខ​ចិត្ត​អភ័យ​ទោស​ការ​ខុស​ឆ្គង​របស់​ពួក​គេ។ (​ហេ. ១០:១​-​៤​) បន្ថែម​ទៅ​ទៀត ការ​រៀប​ចំ​នោះ​និង​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែល​ពួក​គេ​ជូន​ជា​រឿយ​ៗ បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​យល់​ថា​ពួក​គេ​មាន​ភាព​ខុស​ឆ្គង ហើយ​ថា​ពួក​គេ​ត្រូវ​ការ​អ្វី​លើស​ពី​នេះ​ដើម្បី​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទាំង​ស្រុង។

១០. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​មនុស្ស​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង?

១០ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​មនុស្ស​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង? ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​‹ប្រគល់​ខ្លួន​លោក​មួយ​ដង​ជា​ការ​ស្រេច​ដើម្បី​ទទួល​យក​ការ​ខុស​ឆ្គង​របស់​មនុស្សជា​ច្រើន›។ (​ហេ. ៩:២៨​) លោក​យេស៊ូ​បាន​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​»។ (​ម៉ាថ. ២០:២៨​) តើ​ថ្លៃ​លោះ​គឺ​ជា​អ្វី?

ថ្លៃ​លោះ

១១. (​ក​) យោង​ទៅ​តាម​គម្ពីរ តើ​អ្វី​ជា​ថ្លៃ​លោះ? (​ខ​)​ តើ​មាន​តែ​បុគ្គល​បែប​ណា​អាច​បង់​ថ្លៃ​លោះ​បាន?

១១ យោង​ទៅ​តាម​គម្ពីរ ថ្លៃ​លោះ​គឺ​ជា​តម្លៃ​ដែល​បង់​ដើម្បី​ជម្រះ​ការ​ខុស​ឆ្គង​និង​ដើម្បី​ការ​ផ្សះ​ផ្សា។ តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា មនុស្ស​អាច​ទទួល​មក​វិញ​នូវ​អ្វី​ដែល​បាន​បាត់​បង់​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ​នោះ។ តើ​តាម​របៀប​ណា? សូម​នឹក​ចាំ​ថា​អាដាម​និង​អេវ៉ា​បាន​បាត់​បង់​ជីវិត​ដែល​ល្អ​ឥត​ខ្ចោះ​និង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ ដូច្នេះ ថ្លៃ​លោះ​ត្រូវ​មាន​តម្លៃ​ស្មើ​និង​អ្វី​ដែល​បាន​បាត់​បង់។ (​១ធី. ២:៦​) តម្លៃ​នេះ​អាច​ត្រូវ​បង់​ដោយ​បុរស​ពេញ​វ័យ​ម្នាក់​ដែល (​១​)​ ល្អ​ឥត​ខ្ចោះ (​២​)​ មាន​ឱកាស​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី និង​(​៣​)​ សុខ​ចិត្ត​លះ​បង់​ឬ​បូជា​ជីវិត​ដើម្បី​យើង។ យ៉ាង​នេះ ជីវិត​របស់​បុគ្គល​នោះ​អាច​ជំនួស​អ្វី​ដែល​បាន​បាត់​បង់។

១២. ហេតុ​អ្វី​លោក​យេស៊ូ​អាច​បង់​ថ្លៃ​លោះ?

១២ សូម​ពិចារណា​អំពី​មូលហេតុ​បី​ដែល​លោក​យេស៊ូ​អាច​បង់​ថ្លៃ​លោះ។ (​១​)​ លោក​គឺ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ពោល​គឺ​​«​លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សោះ​»។ (​១ពេ. ២:២២​) (​២​)​ ដោយ​សារ​លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ លោក​អាច​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ (​៣​)​ លោក​សុខ​ចិត្ត​ស្លាប់​និង​លះ​បង់​ជីវិត​របស់​លោក​ដើម្បី​យើង។ (​ហេ. ១០:៩, ១០​) លោក​យេស៊ូ​ជា​បុរស​ល្អ​ឥត​ខ្ចោះ ដូច​អាដាម​ជា​បុរស​ដំបូង​ដែល​ល្អ​ឥត​ខ្ចោះ មុន​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​១កូ. ១៥:៤៥​) ដូច្នេះ តាម​រយៈ​ការ​ស្លាប់​របស់​លោក​យេស៊ូ លោក​អាច​ជម្រះ​ការ​ខុស​ឆ្គង​ដែល​មក​ពី​អាដាម ពោល​គឺ​សង​អ្វី​ដែល​អាដាម​បាន​បាត់​បង់។ (​រ៉ូម ៥:១៩​) ហេតុ​នេះ លោក​យេស៊ូ​បាន​ទៅ​ជា​«​អាដាម​ចុង​ក្រោយ​»។ នេះ​មាន​ន័យ​ថា មិន​ត្រូវ​ការ​បុគ្គល​ល្អ​ឥត​ខ្ចោះ​ណា​ម្នាក់​ទៀត​ដើម្បី​ឲ្យ​មក​សង​អ្វី​ដែល​អាដាម​បាន​បាត់​បង់​ទេ។ លោក​យេស៊ូ​បាន​ស្លាប់​«​មួយ​ដង​ជា​ការ​ស្រេច​»។—ហេ. ៧:២៧; ១០:១២

១៣. តើ​ការ​រៀប​ចំ​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​និង​ថ្លៃ​លោះ​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច?

១៣ តើ​ការ​រៀប​ចំ​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​និង​ថ្លៃ​លោះ​ខុស​គ្នា​យ៉ាង​ណា? ការ​រៀប​ចំ​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​គឺ​ជា​អ្វី​ដែល​ព្រះ​ធ្វើ​ដើម្បី​ឲ្យ​លោក​និង​មនុស្សជាតិ​មាន​ចំណង​មិត្តភាព​ជា​មួយ​គ្នា។ ថ្លៃ​លោះ​គឺ​ជា​តម្លៃ​ដែល​បង់​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​មនុស្សជាតិ។ តម្លៃ​នេះ​តំណាង​ដោយ​ឈាម​ដ៏​ថ្លៃ​វិសេស​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​បង្ហូរ​ដើម្បី​យើង។—អេភ. ១:៧; ហេ. ៩:១៤

ការ​លោះ​និង​ការ​ប្រកាស​ថា​សុចរិត

១៤. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ឥឡូវ​នេះ ហើយ​ហេតុ​អ្វី?

១៤ តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង? ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​នឹង​ពិចារណា​អត្ថន័យ​នៃ​ពាក្យ​ពីរ​ដែល​គម្ពីរ​ប្រើ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​ទទួល​ប្រយោជន៍​ពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា។

១៥​-​១៦. (​ក​) ក្នុង​គម្ពីរ តើ​ពាក្យ​ការ​«​លោះ​»​សំដៅ​ទៅ​លើ​អ្វី? (​ខ​)​ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

១៥ គម្ពីរ​ចែង​ថា​ដោយ​សារ​ការ​បង់​ថ្លៃ​លោះ យើង​បាន​ត្រូវ​លោះ​ឬ​ដោះ​លែង។ សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ទទួល​ការ​រំដោះ​[​ន័យ​ត្រង់​«​អ្នក​រាល់​គ្នា​បាន​ត្រូវ​លោះ​»​]​ពី​ការ​ប្រព្រឹត្ត​ឥត​ប្រយោជន៍​ដែល​អ្នក​រាល់​គ្នា​បាន​មក​ពី​ពួក​បុព្វ​បុរស។ ការ​រំដោះ​នោះ​មិន​មែន​ដោយ​សារ​របស់​ដែល​អាច​ខូច​ទៅ ដូច​មាស​ឬ​ប្រាក់​នោះ​ទេ។ ប៉ុន្តែ គឺ​ដោយ​សារ​ឈាម​ដ៏​ថ្លៃ​វិសេស ដូច​ឈាម​របស់​កូន​ចៀម​ដែល​គ្មាន​ស្នាម​និង​គ្មាន​ប្រឡាក់ ពោល​គឺ​ឈាម​របស់​គ្រិស្ត​»។—១ពេ. ១:១៨, ១៩; កំ.ស.

១៦ ដោយ​សារ​គ្រឿង​បូជា​លោះ យើង​អាច​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង។ (​រ៉ូម ៥:២១​) យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ណាស់ ដែល​យើង​បាន​ត្រូវ​លោះ​ដោយ​សារ​ឈាម​ដ៏​មាន​តម្លៃ​របស់​លោក​យេស៊ូ។—១កូ. ១៥:២២

១៧​-​១៨. (​ក​) តើ​ការ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​មាន​ន័យ​យ៉ាង​ណា? (​ខ​)​ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

១៧ គម្ពីរ​ចែង​ថា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត។ នេះ​មាន​ន័យ​ថា​លោក​មិន​តម្រូវ​ឲ្យ​យើង​សង​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ទោះ​ជា​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ក្ដី លោក​មិន​បំពាន​ខ្នាត​តម្រា​យុត្តិធម៌​របស់​លោក​ទេ។ លោក​ប្រកាស​ថា​យើង​ជា​មនុស្ស​សុចរិត តែ​នោះ​មិន​មែន​ដោយ​សារ​សមត្ថភាព​របស់​យើង​ផ្ទាល់ ហើយ​ក៏​មិន​មែន​ដោយ​សារ​លោក​ពេញ​ចិត្ត​នឹង​ការ​ខុស​ឆ្គង​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​សុខ​ចិត្ត​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដោយ​សារ​យើង​បង្ហាញ​ជំនឿ​ទៅ​លើ​អ្វី​ដែល​លោក​និង​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​ផ្ដល់​ថ្លៃ​លោះ។—រ៉ូម ៣:២៤; កាឡ. ២:១៦

១៨ តើ​ការ​ប្រកាស​ថា​សុចរិត​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​ម្នាក់​ៗ​? ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ជា​កូន​ព្រះ​រួច​ហើយ។ (​ទីត. ៣:៧; ១យ៉ូន. ៣:១​) ការ​ខុស​ឆ្គង​របស់​ពួក​គេ​បាន​ត្រូវ​អភ័យ​ទោស គឺ​ហាក់​ដូច​ជា​ពួក​គេ​មិន​ដែល​ប្រព្រឹត្ត​ការ​ខុស​ឆ្គង​ទាំង​នោះ​ទេ។ យ៉ាង​នេះ ពួក​គេ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​នៅ​ក្នុង​រាជាណាចក្រ។ (​រ៉ូម ៨:១, ២, ៣០​) ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែន​ដី​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ជា​មិត្ត​របស់​ព្រះ ហើយ​ការ​ខុស​ឆ្គង​របស់​ពួក​គេ​បាន​ត្រូវ​អភ័យ​ទោស។ (​យ៉ា. ២:២១​-​២៣​) មនុស្ស​មួយ​ក្រុម​ធំ​ដែល​នឹង​រួច​ជីវិត​នៅ​សង្គ្រាម​អាម៉ាគេដូន​មាន​សេចក្ដី​សង្ឃឹម​ថា ពួក​គេ​នឹង​មិន​ស្លាប់​ទេ។ (​យ៉ូន. ១១:២៦​) ​«​មនុស្ស​សុចរិត​»​ និង​«​មនុស្ស​មិន​សុចរិត​»​ដែល​ស្លាប់ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សកម្ម. ២៤:១៥; យ៉ូន. ៥:២៨, ២៩​) នៅ​ទី​បំផុត អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ដែល​ស្ដាប់​បង្គាប់​លោក​នៅ​ផែន​ដី​នឹង​«​មាន​សេរី​ភាព​ដ៏​រុង​រឿង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:២១​) យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​យើង​អាច​មាន​ចំណង​មិត្តភាព​នេះ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង!

១៩. តើ​ស្ថានភាព​របស់​យើង​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​យើង?​»​)

១៩ ស្ថានភាព​របស់​យើង​ក៏​ធ្លាប់​អស់​សង្ឃឹម​ដូច​ស្ថានភាព​របស់​បុរស​វ័យ​ក្មេង​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​ដែល​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​បាន​ទទួល​បំណុល​ដ៏​ច្រើន​ដែល​គាត់​គ្មាន​លទ្ធភាព​សង។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង។ ស្ថានភាព​របស់​យើង​បាន​ផ្លាស់​ប្ដូរ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​វិធី​មួយ​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ហើយ​លោក​យេស៊ូ​បាន​បង់​ថ្លៃ​លោះ។ ជំនឿ​របស់​យើង​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​បើក​ឱកាស​ឲ្យ​យើង​បាន​ត្រូវ​លោះ​ឬ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង គឺ​ប្រៀប​ដូច​ជា​យើង​មិន​ដែល​ប្រព្រឹត្ត​ការ​ខុស​ឆ្គង​ទាំង​នោះ​ទេ។ ប៉ុន្តែ សំខាន់​បំផុត ឥឡូវ​យើង​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង។

២០. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២០ យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ពេល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​យើង។ (​២កូ. ៥:១៥​) បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ យើង​គ្មាន​សេចក្ដី​សង្ឃឹម​ទាល់​តែ​សោះ! ប៉ុន្តែ តើ​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​ម្នាក់​ៗ​? នេះ​ជា​អ្វី​ដែល​យើង​នឹង​ពិចារណា​ក្នុង​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​១០ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង!