ជីវប្រវត្ដិ
«ខ្ញុំមិនដែលនៅម្នាក់ឯងឡើយ»
ស្ថានភាពជាច្រើននៅក្នុងជីវិតអាចធ្វើឲ្យយើងមានអារម្មណ៍ឯកោ ដូចជាការបាត់បង់មនុស្សជាទីស្រឡាញ់ ការរើទៅកន្លែងថ្មី និងការនៅឆ្ងាយពីអ្នកឯទៀត។ ខ្ញុំធ្លាប់ឆ្លងកាត់រឿងទាំងអស់នេះ។ ប៉ុន្តែ ពេលខ្ញុំគិតអំពីជីវិតរបស់ខ្ញុំ ឥឡូវខ្ញុំទទួលស្គាល់ថា តាមពិតខ្ញុំមិននៅម្នាក់ឯងទេ។ សូមឲ្យខ្ញុំប្រាប់អំពីមូលហេតុដែលខ្ញុំមានអារម្មណ៍ដូច្នេះ។
គំរូរបស់ឪពុកម្ដាយខ្ញុំ
ឪពុកម្ដាយរបស់ខ្ញុំជាអ្នកកាន់សាសនាកាតូលិកយ៉ាងស្មោះត្រង់។ ប៉ុន្តែ ពេលពួកគាត់រៀនពីគម្ពីរថាព្រះមាននាមយេហូវ៉ា ក្រោយមកពួកគាត់បានទៅជាសាក្សីព្រះយេហូវ៉ាដ៏ខ្នះខ្នែង។ ឪពុកខ្ញុំឈប់ឆ្លាក់រូបលោកយេស៊ូ តែគាត់បានប្រើជំនាញជាជាងឈើដើម្បីកែជាន់ផ្ទាល់ដីក្នុងផ្ទះរបស់យើងឲ្យទៅជាសាលប្រជុំដំបូងក្នុងតំបន់សាន់វ័នដិលម៉ុនថេ នាក្រុងម៉ានីលដែលជារដ្ឋធានីប្រទេសហ្វីលីពីន។
ខ្ញុំបានកើតនៅឆ្នាំ១៩៥២។ ពេលនោះ ឪពុកម្ដាយរបស់ខ្ញុំចាប់ផ្ដើមបង្រៀនខ្ញុំអំពីព្រះយេហូវ៉ាដូចដែលពួកគាត់បានបង្រៀនបងប្រុសបួននាក់ និងបងស្រីបីនាក់របស់ខ្ញុំ។ កាលដែលខ្ញុំកាន់តែធំឡើង ឪពុករបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យអានគម្ពីរមួយជំពូករាល់ថ្ងៃ ហើយគាត់បានបង្រៀនខ្ញុំដោយប្រើសៀវភៅជាច្រើនរបស់អង្គការយើង។ ម្ដងម្កាល ឪពុកម្ដាយរបស់ខ្ញុំបានអញ្ជើញអ្នកធ្វើដំណើរត្រួតពិនិត្យ និងតំណាងការិយាល័យសាខាឲ្យស្នាក់នៅផ្ទះរបស់យើង។ ក្រុមគ្រួសារខ្ញុំមានអំណរយ៉ាងខ្លាំងនិងទទួលការលើកទឹកចិត្ត ពេលស្ដាប់បទពិសោធន៍ដែលពួកគេបានរៀបរាប់ ហើយនោះជំរុញចិត្តយើងឲ្យចាត់ទុកការបម្រើព្រះយេហូវ៉ាថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។
ខ្ញុំបានរៀនច្រើនពីគំរូរបស់ឪពុកម្ដាយខ្ញុំដែលពិតជាមនុស្សស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ នៅឆ្នាំ១៩៧១ ក្រោយពីម្ដាយជាទីស្រឡាញ់របស់ខ្ញុំបានស្លាប់ដោយសារជំងឺ ខ្ញុំនិងឪពុកខ្ញុំចាប់ផ្ដើមត្រួសត្រាយជាមួយគ្នា។ ប៉ុន្តែនៅឆ្នាំ១៩៧៣ ពេលខ្ញុំមានអាយុ២០ឆ្នាំ ឪពុករបស់ខ្ញុំក៏បានស្លាប់។ ការបាត់បង់ឪពុកម្ដាយធ្វើឲ្យខ្ញុំមានអារម្មណ៍តែលតោល និងឯកា។ ទោះជាដូច្នោះក៏ដោយ សេចក្ដីសង្ឃឹម«រឹងមាំនិងពិតប្រាកដ»ពីគម្ពីរជួយខ្ញុំឲ្យរក្សាទស្សនៈត្រឹមត្រូវ ជាជាងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយជួយខ្ញុំឲ្យរក្សាខ្លួននៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ (ហេ. ៦:១៩) មិនយូរក្រោយពីឪពុកខ្ញុំបានស្លាប់ ខ្ញុំបានទទួលភារកិច្ចជាអ្នកត្រួសត្រាយពិសេសនៅកោះកូរ៉ូន ដែលជាកោះដាច់ស្រយាលមួយក្នុងខេត្តប៉ាឡាវ៉ាន។
ខ្ញុំនៅម្នាក់ឯងពេលខ្ញុំមានភារកិច្ចដ៏ពិបាក
ពេលខ្ញុំទៅដល់កោះកូរ៉ូន ខ្ញុំមានអាយុ២១ឆ្នាំ។ ដោយសារខ្ញុំធំឡើងនៅទីក្រុង ខ្ញុំភ្ញាក់ផ្អើលពេលដឹងថានៅកោះនោះមិនសូវមានអគ្គិសនី ឬប្រព័ន្ធទឹក ហើយមិនសូវមានឡាននិងម៉ូតូ។ ទោះបីជានៅ
កោះនោះមានបងប្អូនខ្លះក្ដី ខ្ញុំមិនមានដៃគូត្រួសត្រាយទេ ហើយជួនកាលត្រូវផ្សព្វផ្សាយម្នាក់ឯង។ អស់មួយខែដំបូង ខ្ញុំនឹកក្រុមគ្រួសារនិងមិត្តភក្តិខ្ញុំខ្លាំងណាស់។ ពេលយប់ ខ្ញុំសម្លឹងមើលផ្កាយ ហើយយំ។ ពេលនោះខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់បោះបង់ភារកិច្ចរបស់ខ្ញុំ ហើយត្រឡប់ទៅផ្ទះវិញ។ក្នុងអំឡុងពេលនោះ ខ្ញុំប្រាប់ព្រះយេហូវ៉ាអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំក៏នឹកចាំពាក្យដ៏លើកទឹកចិត្តដែលខ្ញុំបានអានពីគម្ពីរ និងសៀវភៅរបស់យើង។ ខ្ញុំច្រើនតែគិតអំពីចម្រៀងសរសើរព្រះ ១៩:១៤ ហើយទទួលស្គាល់ថាព្រះយេហូវ៉ានឹងធ្វើជា«ថ្មដា និងជាអ្នកលោះខ្ញុំ» បើខ្ញុំរំពឹងគិតអំពីអ្វីដែលធ្វើឲ្យលោកពេញចិត្ត ដូចជាគុណសម្បត្តិរបស់លោក និងអ្វីដែលលោកធ្វើ។ អត្ថបទទស្សនាវដ្ដីប៉មយាមមួយដែលមានចំណងជើងថា«អ្នកមិននៅម្នាក់ឯងឡើយ» បានជួយខ្ញុំច្រើនណាស់។ ខ្ញុំអានអត្ថបទនោះម្ដងហើយម្ដងទៀត។ ក្នុងន័យម្យ៉ាង គឺពេលបែបនោះហើយដែលខ្ញុំនៅជាមួយព្រះយេហូវ៉ាតែពីរនាក់ប៉ុណ្ណោះ ហើយនេះបើកឱកាសដ៏ពិសេសឲ្យខ្ញុំអធិដ្ឋាន សិក្សា និងរំពឹងគិត។
មិនយូរក្រោយពីខ្ញុំទៅដល់កោះកូរ៉ូន ខ្ញុំបានត្រូវតែងតាំងជាអ្នកចាស់ទុំ។ ដោយសារខ្ញុំជាអ្នកចាស់ទុំតែម្នាក់នៅទីនោះ ខ្ញុំចាប់ផ្ដើមដឹកនាំសាលាកិច្ចបម្រើផ្សាយ ការប្រជុំអប់រំកិច្ចបម្រើ ការសិក្សាសៀវភៅតាមក្រុមជំនុំ និងការសិក្សាទស្សនាវដ្ដីប៉មយាមរាល់សប្ដាហ៍។ ខ្ញុំក៏ថ្លែងសុន្ទរកថាសាធារណៈជារៀងរាល់សប្ដាហ៍ដែរ។ ខ្ញុំជាប់រវល់នឹងកិច្ចការទាំងអស់នោះ ដូច្នេះខ្ញុំភ្លេចអារម្មណ៍ឯកោ!
កិច្ចបម្រើផ្សាយរបស់ខ្ញុំនៅកោះកូរ៉ូនទទួលលទ្ធផលល្អ ហើយសិស្សគម្ពីរខ្លះរបស់ខ្ញុំបានទទួលការជ្រមុជទឹកនៅពេលក្រោយមក។ ប៉ុន្តែ ខ្ញុំក៏មានការពិបាកដែរ។ ជួនកាល ខ្ញុំត្រូវដើរកន្លះថ្ងៃដើម្បីទៅដល់តំបន់ផ្សាយ ទាំងមិនដឹងថាខ្ញុំនឹងគេងនៅកន្លែងណាទេពេលទៅដល់។ តំបន់ផ្សាយរបស់ក្រុមជំនុំក៏រួមបញ្ចូលកោះតូចៗជាច្រើន។ ខ្ញុំច្រើនតែធ្វើដំណើរដោយអូប័រឆ្លងកាត់ព្យុះនៅសមុទ្រដើម្បីទៅដល់កោះទាំងនោះ ទោះបីជាខ្ញុំមិនចេះហែលទឹកក្ដី! ក្នុងអំឡុងគ្រាពិបាកទាំងនោះ ព្រះយេហូវ៉ាបានការពារនិងជួយខ្ញុំ។ ក្រោយមកខ្ញុំទទួលស្គាល់ថា ព្រះយេហូវ៉ាជួយខ្ញុំឲ្យត្រៀមខ្លួនសម្រាប់ការពិបាកធំជាងនៅក្នុងភារកិច្ចបន្ទាប់របស់ខ្ញុំ។
ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ
នៅឆ្នាំ១៩៧៨ ខ្ញុំបានត្រូវចាត់ឲ្យបម្រើនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលនៅខាងជើងប្រទេសអូស្ត្រាលី។ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេមានភ្នំជាច្រើន។ ខ្ញុំភ្ញាក់ផ្អើលដែលដឹងថា មនុស្សបីលាននាក់ដែលរស់នៅទីនោះនិយាយជាង៨០០ភាសា តែគឺជាការល្អដែលមនុស្សភាគច្រើនអាចនិយាយភាសាភីជិននាតំបន់មីលាននីស៊ី ដែលតាមធម្មតាគេហៅថាភាសាតុកពីស៊ីន។
ខ្ញុំបានត្រូវចាត់ឲ្យបម្រើបណ្ដោះអាសន្ននៅក្រុមជំនុំភាសាអង់គ្លេសនារដ្ឋធានីព័រម៉ូរេសប៊ី។ ប៉ុន្តែក្រោយមក ខ្ញុំបានរើទៅបម្រើនៅក្រុមជំនុំភាសាតុកពីស៊ីន ហើយចាប់ផ្ដើមវគ្គសិក្សាភាសានោះ។ ខ្ញុំបានប្រើអ្វីដែលខ្ញុំបានរៀននៅវគ្គសិក្សានោះក្នុងកិច្ចបម្រើផ្សាយ។ នេះជួយខ្ញុំឲ្យឆាប់ចេះភាសានោះជាង។ មិនយូរក្រោយមក ខ្ញុំអាចថ្លែងសុន្ទរកថាសាធារណៈជាភាសាតុកពីស៊ីន។ ខ្ញុំពិតជាភ្ញាក់ផ្អើល មិនដល់មួយឆ្នាំផងក្រោយពីខ្ញុំបានទៅដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ខ្ញុំបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលសម្រាប់ភាសាតុកពីស៊ីននៅខេត្តធំៗមួយចំនួន។
ដោយសារក្រុមជំនុំនីមួយៗនៅឆ្ងាយពីគ្នា ខ្ញុំត្រូវរៀបចំសន្និបាតប្រចាំមណ្ឌលជាច្រើន ហើយត្រូវធ្វើដំណើរច្រើនដែរ។ ដំបូង ខ្ញុំមានអារម្មណ៍ឯកោ ដោយសារខ្ញុំរស់នៅប្រទេសថ្មី ហើយមនុស្សនិយាយភាសានិងមានវប្បធម៌ផ្សេងពីខ្ញុំ។ ខ្ញុំមិនអាចធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយតាមផ្លូវគោកបានទេ ដោយសារមានភ្នំច្រើន ហើយដីរដិបរដុប។ ដូច្នេះស្ទើរតែរាល់សប្ដាហ៍ ខ្ញុំត្រូវធ្វើដំណើរតាមយន្ត
ហោះ។ ជួនកាល មានតែខ្ញុំប៉ុណ្ណោះដែលជាអ្នកដំណើរលើយន្តហោះខ្នាតតូចដែលមានសភាពទ្រុឌទ្រោម។ ការធ្វើដំណើរទាំងនេះធ្វើឲ្យខ្ញុំភ័យខ្លាចដូចដែលធ្វើដំណើរតាមទូក!នៅពេលនោះ មនុស្សមិនសូវមានទូរស័ព្ទទេ។ ដូច្នេះ ខ្ញុំត្រូវទាក់ទងជាមួយក្រុមជំនុំតាមរយៈការសរសេរសំបុត្រ។ ខ្ញុំច្រើនតែទៅដល់ក្រុមជំនុំមុនសំបុត្រនោះទៅដល់ ហើយត្រូវសួរអ្នករស់នៅតំបន់នោះថាតើសាក្សីរស់នៅទីណា។ ប៉ុន្តែ រាល់ដងដែលខ្ញុំរកបងប្អូនឃើញ ពួកគេបានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ ហើយនោះធ្វើឲ្យខ្ញុំចាំអំពីមូលហេតុដែលខ្ញុំធ្វើការលះបង់ទាំងនេះ។ ខ្ញុំទទួលការគាំទ្រពីព្រះយេហូវ៉ាតាមរបៀបផ្សេងៗជាច្រើន ហើយចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹងលោកកាន់តែរឹងមាំឡើង។
នៅកិច្ចប្រជុំដំបូងរបស់ខ្ញុំនៅកោះប៊ូហ្គេនវីល មានប្ដីប្រពន្ធមួយគូមកជួបខ្ញុំទាំងញញឹមពព្រាយ។ ពួកគេសួរខ្ញុំថា៖ «តើបងចាំយើងទេ?»។ ខ្ញុំចាំថាខ្ញុំធ្លាប់ផ្សព្វផ្សាយឲ្យប្ដីប្រពន្ធនេះ ពេលខ្ញុំទើបទៅដល់ក្រុងព័រម៉ូរេសប៊ី។ ខ្ញុំបានចាប់ផ្ដើមការសិក្សាជាមួយពួកគេ ហើយក្រោយមកខ្ញុំបានសុំបងប្រុសម្នាក់ដែលរស់នៅតំបន់នោះឲ្យបន្តបង្រៀនពួកគេ។ ឥឡូវពួកគេបានទទួលការជ្រមុជទឹក! នេះគឺជាពរមួយក្នុងចំណោមពរជាច្រើនដែលខ្ញុំបានទទួល ក្នុងអំឡុងបីឆ្នាំដែលខ្ញុំបម្រើនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។
ក្រុមគ្រួសារតូចមួយដែលជាប់រវល់
មុនចាកចេញពីកោះកូរ៉ូននៅឆ្នាំ១៩៧៨ ខ្ញុំបានជួបប្អូនស្រីម្នាក់ដែលមានភាពទាក់ទាញ និងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន។ នាងមានឈ្មោះថាអាឌេល។ នាងត្រួសត្រាយពេញពេលផង ចិញ្ចឹមអប់រំកូនពីរនាក់ផង គឺសាំយូអែល និងស៊ើលី។ នៅដំណាលគ្នានោះ នាងក៏មើលថែម្ដាយដែលមានវ័យចាស់របស់នាងដែរ។ នៅខែឧសភា ឆ្នាំ១៩៨១ ខ្ញុំបានត្រឡប់ទៅប្រទេសហ្វីលីពីនវិញដើម្បីរៀបការជាមួយអាឌេល។ ក្រោយពីយើងរៀបការ យើងត្រួសត្រាយជាមួយគ្នា ហើយមើលថែគ្រួសាររបស់យើងជាមួយគ្នា។
នៅឆ្នាំ១៩៨៣ ទោះបីជាខ្ញុំមានគ្រួសារក៏ដោយ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេសម្ដងទៀត ហើយបានត្រូវចាត់ឲ្យទៅបម្រើនៅកោះលីណាផាកាន់ ក្នុងខេត្តប៉ាឡាវ៉ាន។ ក្រុមគ្រួសាររបស់យើងរើទៅកោះដាច់ស្រយាលនោះជាកន្លែងដែលគ្មានសាក្សី។ ម្ដាយរបស់អាឌេលបានស្លាប់ប្រហែលមួយឆ្នាំក្រោយមក។ ទោះជាយ៉ាងនោះក្ដី យើងបន្តជាប់រវល់ក្នុងកិច្ចបម្រើផ្សាយដែលជួយយើងក្នុងគ្រាដែលយើងកើតទុក្ខនោះ។ ដោយសារយើងចាប់ផ្ដើមការសិក្សាគម្ពីរជាមួយមនុស្សជាច្រើនដែលចង់ចូលរួមកិច្ចប្រជុំ នោះយើងត្រូវការសាលប្រជុំតូចមួយ។ ដូច្នេះ យើងបានសាងសង់សាលប្រជុំមួយ។ គ្រាន់តែបីឆ្នាំក្រោយពីយើងទៅដល់កោះលីណាផាកាន់ យើងសប្បាយដែលឃើញមនុស្ស១១០នាក់ចូលរួមពិធីរំលឹក ហើយពួកគេជាច្រើននាក់បានទទួលការជ្រមុជទឹកនៅពេលក្រោយមក។
នៅឆ្នាំ១៩៨៦ ខ្ញុំបានត្រូវចាត់ឲ្យបម្រើនៅកោះឃូលីយ៉ូន ជាកោះមួយដែលមានសហគមន៍អ្នកកើតជំងឺឃ្លង់។ ក្រោយមក អាឌេលក៏បានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេសដែរ។ ដំបូង យើងភ័យខ្លាចអំពីការផ្សព្វផ្សាយដល់មនុស្សដែលកើតជំងឺឃ្លង់។ ប៉ុន្តែ អ្នកផ្សាយនៅតំបន់នោះបានពង្រឹងទំនុកចិត្តយើងថា ពួកអ្នកដែលមានជំងឺនេះបានទទួលការព្យាបាល ហើយនោះនឹងមិនងាយឆ្លងដល់យើងទេ។ អ្នកជំងឺនោះមួយចំនួនបានចូលរួមកិច្ចប្រជុំនៅផ្ទះរបស់បងស្រីម្នាក់។ មិនយូរក្រោយមក យើងមានអារម្មណ៍ស្រួលផ្សព្វផ្សាយដល់មនុស្សបែបនេះ។ យើងអរសប្បាយប្រាប់សេចក្ដីសង្ឃឹមពីគម្ពីរដល់បុគ្គលដែលមានអារម្មណ៍ថាបានត្រូវព្រះ និងមនុស្សបោះបង់លូក. ៥:១២, ១៣
ចោលពួកគេ។ យើងពិតជាសប្បាយឃើញមនុស្សដែលឈឺធ្ងន់ធ្ងរ អរសប្បាយពេលរៀនថាថ្ងៃមួយពួកគេនឹងមានសុខភាពល្អឥតខ្ចោះ។—តើកូនៗរបស់យើងបានសម្របខ្លួននឹងជីវិតនៅកោះឃូលីយ៉ូនយ៉ាងដូចម្ដេច? ខ្ញុំនិងអាឌេលបានអញ្ជើញប្អូនស្រីវ័យក្មេងពីរនាក់ពីកោះកូរ៉ូនឲ្យមកកោះឃូលីយ៉ូន ដើម្បីកូនៗរបស់យើងអាចមានការសេពគប់ល្អ។ សាំយូអែល ស៊ើលី និងប្អូនស្រីវ័យក្មេងទាំងពីរនេះសប្បាយជួយអ្នកឯទៀតឲ្យរៀនសេចក្ដីពិត ហើយបានសិក្សាជាមួយក្មេងៗជាច្រើន កាលដែលខ្ញុំនិងអាឌេលបង្រៀនឪពុកម្ដាយរបស់ពួកគេ។ តាមពិត នៅពេលមួយយើងបង្រៀន១១ក្រុមគ្រួសារ។ មិនយូរក្រោយមក យើងដឹកនាំការសិក្សាជាមួយមនុស្សជាច្រើនដែលកំពុងរីកចម្រើន។ ហេតុនេះហើយ យើងអាចបង្កើតក្រុមជំនុំថ្មីមួយ!
ដំបូង នៅតំបន់នោះមានតែខ្ញុំប៉ុណ្ណោះដែលជាអ្នកចាស់ទុំ។ ដូច្នេះ ការិយាល័យសាខាបានសុំខ្ញុំឲ្យដឹកនាំកិច្ចប្រជុំជារៀងរាល់សប្ដាហ៍សម្រាប់អ្នកផ្សាយ៨នាក់នៅកោះឃូលីយ៉ូន ហើយក្រោយមក សម្រាប់អ្នកផ្សាយ៩នាក់នៅភូមិម៉ារីលីដែលមានចម្ងាយបីម៉ោងតាមផ្លូវទឹកពីនោះ។ ក្រោយកិច្ចប្រជុំនៅទីនោះ ក្រុមគ្រួសារយើងដើរកាត់តំបន់ភ្នំអស់ជាច្រើនម៉ោង ដើម្បីបង្រៀនគម្ពីរនៅភូមិហាល់ស៊ី។
ក្រោយមក ដោយសារមនុស្សជាច្រើននៅភូមិម៉ារីលីនិងភូមិហាល់ស៊ីបានចូលសេចក្ដីពិត នោះយើងបានសាងសង់សាលប្រជុំនៅទីតាំងទាំងពីរនោះ។ ដូចនៅកោះលីណាផាកាន់ដែរ បងប្អូននិងអ្នកចាប់អារម្មណ៍បានផ្ដល់សម្ភារៈភាគច្រើនដើម្បីសាងសង់ ហើយពួកគេភាគច្រើនចូលរួមកិច្ចការសាងសង់។ សាលប្រជុំនៅភូមិម៉ារីលីអាចដាក់មនុស្សបាន២០០នាក់ ហើយអាចពង្រីកបាន ដូច្នេះយើងអាចធ្វើសន្និបាតនៅទីនោះ។
ការកើតទុក្ខ ភាពឯកោ និងការមានអំណរឡើងវិញ
នៅឆ្នាំ១៩៩៣ ពេលកូនរបស់យើងធំពេញវ័យ ខ្ញុំនិងអាឌេលបានចាប់ផ្ដើមកិច្ចការត្រួតពិនិត្យមណ្ឌលនៅប្រទេសហ្វីលីពីន។ ក្រោយមកនៅឆ្នាំ២០០០ ខ្ញុំចូលរួមសាលាបង្ហាត់ខាងកិច្ចបម្រើដើម្បីទទួលការបង្ហាត់បង្រៀនឲ្យធ្វើជាអ្នកបង្រៀនសាលានោះ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានសមត្ថភាពទៅជាអ្នកបង្រៀននៅសាលានោះទេ ប៉ុន្តែអាឌេលតែងតែលើកទឹកចិត្តខ្ញុំ។ នាងរំលឹកខ្ញុំថា ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យខ្ញុំដើម្បីបំពេញភារកិច្ចថ្មីនេះ។ (ភី. ៤:១៣) អាឌេលបានពិសោធដោយខ្លួនគាត់ផ្ទាល់ថានេះជាការពិត ដោយសារនាងអាចបំពេញភារកិច្ចរបស់នាង ទោះជានាងប្រឈមមុខនឹងបញ្ហាសុខភាពក្ដី។
នៅឆ្នាំ២០០៦ ពេលខ្ញុំបង្រៀនសាលាមួយ អាឌេលបានត្រូវគេរកឃើញថាមានជំងឺដែលបង្ខូចប្រព័ន្ធសរសៃប្រសាទ(Parkinson’s disease)។ យើងស្លុតចិត្តណាស់! ប៉ុន្តែ ពេលខ្ញុំលើកឡើងថាយើងប្រហែលជាគួរលះបង់ភារកិច្ចរបស់យើងដើម្បីមើលថែនាង អាឌេលនិយាយថា៖ «ទេបង! សូមស្វែងរកគ្រូពេទ្យដែលអាចជួយអូន ហើយអូនដឹងថាព្រះយេហូវ៉ានឹងជួយយើងឲ្យបន្តបំពេញភារកិច្ចរបស់យើង»។ អាឌេលបានបន្តបម្រើព្រះយេហូវ៉ាអស់៦ឆ្នាំទៀតដោយមិនត្អូញត្អែរឡើយ។ នៅពេលនោះ ទោះជាពេលនាងដើរលែងរួចក្ដី នាងផ្សព្វផ្សាយដោយអង្គុយលើកៅអីរុញ ហើយទោះជាពេលនាងពិបាកនិយាយក្ដី នាងឆ្លើយចម្លើយនៅកិច្ចប្រជុំមួយម៉ាត់ពីរម៉ាត់។ រហូតដល់អាឌេលស្លាប់នៅឆ្នាំ២០១៣ គាត់បានទទួលសារជាច្រើនពីបងប្អូនដែលបង្ហាញថា ពួកគេឲ្យតម្លៃចំពោះគំរូដ៏អស្ចារ្យរបស់នាងក្នុងការស៊ូទ្រាំ។ ខ្ញុំបានចំណាយពេលជាង៣០ឆ្នាំជាមួយអាឌេលជាប្រពន្ធដ៏ស្មោះត្រង់និងដែលមានសេចក្ដីស្រឡាញ់។ ដូច្នេះពេលនាងស្លាប់ ខ្ញុំចាប់ផ្ដើមកើតទុក្ខ និងឯកោម្ដងទៀត។
អាឌេលចង់ឲ្យខ្ញុំបន្តភារកិច្ចរបស់ខ្ញុំ ដូច្នេះនោះជាអ្វីដែលខ្ញុំបានធ្វើមែន។ ដោយសារខ្ញុំជាប់រវល់ នេះជួយខ្ញុំឲ្យលែងសូវឯកោ។ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ ខ្ញុំបានត្រូវចាត់ឲ្យទៅទស្សនកិច្ចក្រុមជំនុំភាសាតាកាឡុកនៅប្រទេសដែលដាក់កម្រិតលើសកម្មភាពរបស់យើង។ ក្រោយមក ខ្ញុំទៅទស្សនកិច្ចក្រុមជំនុំភាសាតាកាឡុកនៅតៃវ៉ាន់ សហរដ្ឋអាម៉េរិក និងប្រទេសកាណាដា។ នៅឆ្នាំ២០១៩ ខ្ញុំបម្រើជាអ្នកបង្រៀនសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះជាភាសាអង់គ្លេសនៅប្រទេសឥណ្ឌា និងប្រទេសថៃ។ ខ្ញុំមានអំណរខ្លាំងណាស់ក្នុងការបំពេញភារកិច្ចទាំងអស់ នេះ។ ខ្ញុំសប្បាយខ្លាំងបំផុតពេលខ្ញុំជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។
យើងតែងតែមានជំនួយដែលយើងត្រូវការ
នៅក្នុងភារកិច្ចថ្មីនីមួយៗ ខ្ញុំបានចូលទៅជិតបងប្អូនដែលខ្ញុំបានជួប ដូច្នេះការចាកចេញពីពួកគេមិនងាយស្រួលទេ។ នៅពេលបែបនោះ ខ្ញុំបានរៀនឲ្យទុកចិត្តព្រះយេហូវ៉ាទាំងស្រុង។ ព្រះយេហូវ៉ាតែងតែគាំទ្រខ្ញុំ ហើយនោះជួយខ្ញុំឲ្យទទួលយកយ៉ាងអស់ពីចិត្តនូវការផ្លាស់ប្ដូរណាក៏ដោយដែលកើតឡើងក្នុងជីវិតរបស់ខ្ញុំ។ នៅសព្វថ្ងៃនេះ ខ្ញុំបម្រើជាអ្នកត្រួសត្រាយពិសេសនៅប្រទេសហ្វីលីពីន។ ខ្ញុំសប្បាយនៅក្នុងក្រុមជំនុំថ្មីរបស់ខ្ញុំ ហើយបងប្អូនក្នុងក្រុមជំនុំថ្មីនោះបានទៅជាក្រុមគ្រួសារដែលគាំទ្រ និងយកចិត្តទុកដាក់ចំពោះខ្ញុំ។ ខ្ញុំក៏មានមោទនភាពដែរ ដែលឃើញសាំយូអែលនិងស៊ើលីមានជំនឿដូចម្ដាយរបស់ពួកគាត់។—៣យ៉ូន. ៤
ពិតណាស់ ខ្ញុំឆ្លងកាត់ទុក្ខលំបាកជាច្រើនក្នុងជីវិតរបស់ខ្ញុំ រួមទាំងការឃើញប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំរងទុក្ខ និងស្លាប់ដោយសារ ជំងឺដ៏កាចសាហាវ។ ខ្ញុំក៏ត្រូវសម្របខ្លួននឹងស្ថានភាពថ្មីៗជាច្រើន។ ប៉ុន្តែ ខ្ញុំបានឃើញថាព្រះយេហូវ៉ា«មិននៅឆ្ងាយពីយើងម្នាក់ៗទេ»។ (សកម្ម. ១៧:២៧) ដៃរបស់ព្រះយេហូវ៉ា«មិនមែនខ្លីពេក»ដើម្បី គាំទ្រ និងពង្រឹងកម្លាំងអ្នកបម្រើរបស់លោកឡើយ សូម្បីតែពួកគេនៅកន្លែងដាច់ស្រយាលក្ដី។ (អេ. ៥៩:១) ព្រះយេហូវ៉ាដែលជាថ្មដារបស់ខ្ញុំបាននៅជាមួយខ្ញុំពេញមួយជីវិត ហើយខ្ញុំដឹងគុណលោកខ្លាំងណាស់។ ខ្ញុំមិនដែលនៅម្នាក់ឯងឡើយ។