លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៥

ចូរឲ្យតម្លៃឯកសិទ្ធិរបស់អ្នកដើម្បីគោរពប្រណិប័តន៍នៅវិហាររបស់ព្រះយេហូវ៉ាក្នុងន័យធៀប

ចូរឲ្យតម្លៃឯកសិទ្ធិរបស់អ្នកដើម្បីគោរពប្រណិប័តន៍នៅវិហាររបស់ព្រះយេហូវ៉ាក្នុងន័យធៀប

​«​ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ [​និង​]​ផែន​ដី​»។—បប. ១៤:៧

ចម្រៀង​លេខ​៩៣ សូម​ឲ្យ​ពរ​ដល់​កិច្ច​ប្រជុំ​របស់​យើង

សេចក្ដី​សង្ខេប a

១. តើ​ទេវតា​មួយ​រូប​កំពុង​និយាយ​អ្វី ហើយ​តើ​នោះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

 បើ​ទេវតា​មួយ​រូប​និយាយ​ទៅ​កាន់​អ្នក តើ​អ្នក​នឹង​ស្ដាប់​អ្វី​ដែល​គាត់​និយាយ​ឬ​ទេ? សព្វ​ថ្ងៃ​នេះ ទេវតា​មួយ​រូប​និយាយ​ទៅ​កាន់​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជន​ជាតិ​»។ តើ​គាត់​និយាយ​អ្វី? គាត់​និយាយ​ថា​៖ ​«​ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​តម្កើង​លោក . . . ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ [​និង​]​ផែន​ដី​»។ (​បប. ១៤:៦, ៧​) ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​ដែល​បុគ្គល​គ្រប់​រូប​គួរ​គោរព​ប្រណិប័តន៍។ យើង​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ដែល​លោក​បាន​ផ្ដល់​ឱកាស​វិសេស​វិសាល​ឲ្យ​យើង​ដើម្បី​គោរព​ប្រណិប័តន៍​លោក​ក្នុង​វិហារ​ដ៏​រុង​រឿង​របស់​លោក​ក្នុង​ន័យ​ធៀប!

២. តើ​អ្វី​ជា​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ វិហារ​ក្នុង​ន័យ​ធៀប​មិន​មែន​ជា . . . ​»​)

តើ​វិហារ​ក្នុង​ន័យ​ធៀប​គឺ​ជា​អ្វី ហើយ​តើ​យើង​អាច​រក​ព័ត៌មាន​ដែល​ពន្យល់​អំពី​វិហារ​នេះ​នៅ​កន្លែង​ណា? វិហារ​នេះ​មិន​មែន​ជា​អគារ​ពិត​ប្រាកដ​ទេ តែ​គឺ​ជា​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​ពេញ​ចិត្ត​ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ សាវ័ក​ប៉ូល​បាន​ពន្យល់​អំពី​របៀប​រៀប​ចំ​នេះ​ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ដែល​រស់​នៅ​តំបន់​យូឌា​នា​សតវត្សរ៍​ទី​១។ b

៣​-​៤. តើ​ប៉ូល​មាន​ការ​ព្រួយ​បារម្ភ​អ្វី​អំពី​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​នៅ​តំបន់​យូឌា ហើយ​តើ​គាត់​បាន​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ប៉ូល​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​នៅ​តំបន់​យូឌា? ទំនង​ជា​មាន​មូលហេតុ​សំខាន់​ចម្បង​ពីរ។ ទី​១ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ពួក​គេ​ភាគ​ច្រើន​បាន​ធំ​ឡើង​ក្នុង​សាសនា​យូដា។ បុគ្គល​ដែល​ធ្លាប់​ជា​អ្នក​ដឹក​នាំ​សាសនា​របស់​ពួក​គេ​ប្រហែល​ជា​រិះ​គន់​ពួក​គេ​ចំពោះ​ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក។ ហេតុ​អ្វី? ពីព្រោះ​គ្រិស្ត​សាសនិក​មិន​មាន​វិហារ​ដើម្បី​ទៅ​គោរព​ប្រណិប័តន៍ គ្មាន​ទី​បូជា​ដើម្បី​ជូន​គ្រឿង​បូជា​ទៅ​ព្រះ និង​គ្មាន​សង្ឃ​ដើម្បី​បំពេញ​កិច្ច​បម្រើ​ឲ្យ​ពួក​គេ​ទេ។ នេះ​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ធ្លាក់​ទឹក​ចិត្ត ហើយ​នាំ​ឲ្យ​ជំនឿ​របស់​ពួក​គេ​ចុះ​ខ្សោយ។ (​ហេ. ២:១; ៣:១២, ១៤​) ពួក​គេ​ខ្លះ​ប្រហែល​ជា​ថែម​ទាំង​បាន​គិត​អំពី​ការ​ត្រឡប់​ទៅ​កាន់​សាសនា​យូដា​វិញ​ទៀត​ផង។

ទី​២ ប៉ូល​បាន​លើក​ឡើង​ទៅ​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ទាំង​នោះ​ថា ពួក​គេ​មិន​ខំ​ព្យាយាម​ដើម្បី​យល់​សេចក្ដី​បង្រៀន​ថ្មី​ឬ​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ ពោល​គឺ​«​អាហារ​រឹង​»​ក្នុង​បណ្ដាំ​របស់​ព្រះ​ទេ។ (​ហេ. ៥:១១​-​១៤​) តាម​មើល​ទៅ​ពួក​គេ​ខ្លះ​នៅ​តែ​កាន់​តាម​ច្បាប់​ម៉ូសេ។ ប៉ុន្តែ​ប៉ូល​បាន​ពន្យល់​ពួក​គេ​ថា​គ្រឿង​បូជា​ដែល​ច្បាប់​នោះ​តម្រូវ មិន​អាច​ជម្រះ​ភាព​ខុស​ឆ្គង​ទាំង​ស្រុង​បាន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ច្បាប់​នោះ​បាន​ត្រូវ​«​ទៅ​ជា​មោឃ​»។ បន្ទាប់​មក​ប៉ូល​បាន​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​បង្រៀន​ដែល​ជ្រាល​ជ្រៅ​ជាង។ គាត់​បាន​រំលឹក​ពួក​គេ​អំពី​«​សេចក្ដី​សង្ឃឹម​ដែល​ប្រសើរ​ជាង​»​ដែល​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ សេចក្ដី​សង្ឃឹម​នោះ​ពិត​ជា​អាច​ជួយ​ពួក​គេ​ឲ្យ​«​ចូល​ទៅ​ជិត​ព្រះ​»។—ហេ. ៧:១៨, ១៩

៥. តើ​យើង​ត្រូវ​យល់​អ្វី​ពី​សៀវភៅ​ហេប្រឺ ហើយ​ហេតុ​អ្វី?

ប៉ូល​បាន​ពន្យល់​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ជន​ជាតិ​ហេប្រឺ​អំពី​មូលហេតុ​ដែល​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ជា​គ្រិស្ត​សាសនិក គឺ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ពី​ការ​គោរព​ប្រណិប័តន៍​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​នៅ​អតីតកាល។ របៀប​ដែល​ជន​ជាតិ​យូដា​គោរព​ប្រណិប័តន៍​ស្រប​តាម​ច្បាប់ គឺ​គ្រាន់​តែ​«​ជា​ស្រមោល​នៃ​អ្វី​ៗ​ដែល​នឹង​មក តែ​រូប​ពិត​គឺ​ជា​គ្រិស្ត​»។ (​កូឡ. ២:១៧​) ស្រមោល​គ្រាន់​តែ​ជា​រូប​រាង​ព្រាង​ៗ​នៃ​អ្វី​ណា​មួយ តែ​វា​មិន​មែន​ជា​រូប​ពិត​ប្រាកដ​ទេ។ ស្រដៀង​គ្នា​ដែរ របៀប​ដែល​ជន​ជាតិ​យូដា​គោរព​ប្រណិប័តន៍​ព្រះ​នៅ​អតីតកាល​ជា​ស្រមោល ដោយ​សារ​នឹង​មាន​របៀប​គោរព​ប្រណិប័តន៍​ដែល​ល្អ​ប្រសើរ​ជាង។ យើង​ត្រូវ​យល់​អំពី​ការ​រៀប​ចំ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង​ដែល​បើក​ឱកាស​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដើម្បី​យើង​អាច​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ សូម​យើង​ប្រៀប​ធៀប​«​ស្រមោល​»​(​របៀប​គោរព​ប្រណិប័តន៍​របស់​ជន​ជាតិ​យូដា​នៅ​សម័យ​បុរាណ​) ទៅ​នឹង​«​រូប​ពិត​»​(​របៀប​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍​) ដូច​ដែល​បាន​ពន្យល់​ក្នុង​សៀវភៅ​ហេប្រឺ។ ដោយ​ធ្វើ​ដូច្នេះ យើង​អាច​យល់​ច្បាស់​ជាង​អំពី​វិហារ​ក្នុង​ន័យ​ធៀប និង​របៀប​ដែល​នោះ​ជាប់​ទាក់​ទង​នឹង​យើង។

ត្រសាល

៦. តើ​ត្រសាល​បាន​ត្រូវ​ប្រើ​សម្រាប់​អ្វី​ខ្លះ?

គំរូ​សម័យ​បុរាណ។ ការ​ពិគ្រោះ​របស់​ប៉ូល​មាន​មូលដ្ឋាន​ទៅ​លើ​ត្រសាល​ដែល​ម៉ូសេ​បាន​ធ្វើ​នៅ​ឆ្នាំ​១៥១២ មុន​គ.ស.។ (​សូម​មើល​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​ស្រមោល​និង​រូប​ពិត​»​) ត្រសាល​នោះ​មាន​រាង​ដូច​ជា​តង់​ដែល​ដំបូង​ជន​ជាតិ​អ៊ីស្រាអែល​រើ​យក​ទៅ​ជា​មួយ​ពេល​ដែល​ពួក​គេ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ពួក​គេ​បាន​ប្រើ​ត្រសាល​នោះ​ជិត​៥០០​ឆ្នាំ រហូត​ដល់​វិហារ​បាន​ត្រូវ​សង់​ឡើង​នៅ​ក្រុង​យេរូសាឡិម។ (​ដច. ២៥:៨, ៩; ជប. ៩:២២​) ​«​ត្រសាល​ជំនុំ​»​នេះ គឺ​ជា​មណ្ឌល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​ចូល​មក​ជិត​ព្រះ​និង​គោរព​ប្រណិប័តន៍​លោក ព្រម​ទាំង​ជូន​គ្រឿង​បូជា​របស់​ពួក​គេ​ទៅ​លោក។ (​ដច. ២៩:៤៣​-​៤៦​) ប៉ុន្តែ ត្រសាល​ក៏​ជា​តំណាង​អ្វី​ដ៏​អស្ចារ្យ​ជាង​ដែល​នឹង​មក​សម្រាប់​គ្រិស្ត​សាសនិក​ផង​ដែរ។

៧. តើ​វិហារ​ក្នុង​ន័យ​ធៀប​ចាប់​ផ្ដើម​មាន​នៅ​ពេល​ណា?

របៀប​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍។ ត្រសាល​នៅ​សម័យ​បុរាណ​«​ជា​ស្រមោល​នៃ​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​»​ ហើយ​ជា​តំណាង​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប។ ប៉ូល​បាន​និយាយ​ថា​៖ ​«​ត្រសាល​នោះ​ឯង​ជា​និមិត្តរូប​ដែល​ទាក់​ទង​នឹង​ពេល​បច្ចុប្បន្ន​»។ (​ហេ. ៨:៥; ៩:៩​) ដូច្នេះ ពេល​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ វិហារ​ក្នុង​ន័យ​ធៀប​នោះ​មាន​រួច​ហើយ គឺ​ចាប់​ផ្ដើម​មាន​នៅ​ឆ្នាំ​២៩ គ.ស.។ នៅ​ឆ្នាំ​នោះ លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក បាន​ត្រូវ​រើស​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ និង​ចាប់​ផ្ដើម​បម្រើ​ជា​«​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​»​នៅ​វិហារ​ក្នុង​ន័យ​ធៀប។ cហេ. ៤:១៤; សកម្ម. ១០:៣៧, ៣៨

សម្ដេច​សង្ឃ

៨​-​៩. យោង​ទៅ​តាម​ហេប្រឺ ៧:២៣​-​២៧ តើ​មាន​ភាព​ខុស​គ្នា​ដ៏​ធំ​អ្វី​រវាង​សម្ដេច​សង្ឃ​របស់​ពួក​អ៊ីស្រាអែល​និង​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត?

គំរូ​សម័យ​បុរាណ។ សម្ដេច​សង្ឃ​ជា​តំណាង​បណ្ដា​ជន​នៅ​ចំពោះ​មុខ​ព្រះ។ អេរ៉ុន​ដែល​ជា​សម្ដេច​សង្ឃ​មុន​គេ​បង្អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​យេហូវ៉ា​ពេល​ត្រសាល​បាន​ត្រូវ​សម្ពោធ។ ប៉ុន្តែ ដូច​ប៉ូល​បាន​ពន្យល់​«​មនុស្ស​ជា​ច្រើន​ត្រូវ​ធ្វើ​ជា​សង្ឃ​ត​ៗ​គ្នា ព្រោះ​ពួក​គេ​រមែង​ស្លាប់ ហើយ​មិន​អាច​កាន់​តំណែង​ជា​ដរាប​បាន​ទេ​»។ d (​សូម​អាន ហេប្រឺ ៧:២៣​-​២៧) ម្យ៉ាង​ទៀត សម្ដេច​សង្ឃ​ទាំង​នោះ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ពួក​គេ​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​របស់​ខ្លួន។ នេះ​គឺ​ជា​ភាព​ខុស​គ្នា​ដ៏​ធំ​រវាង​សម្ដេច​សង្ឃ​របស់​ពួក​អ៊ីស្រាអែល និង​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។

របៀប​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍។ ក្នុង​នាម​ជា​សម្ដេច​សង្ឃ​របស់​យើង លោក​យេស៊ូ​គ្រិស្ត​«​ជា​អ្នក​បម្រើ​ដែល​បំពេញ​ការ​ងារ​ក្នុង . . . ត្រសាល​ដ៏​ពិត ជា​ត្រសាល​ដែល​ព្រះ​យេហូវ៉ា​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ​»។ (​ហេ. ៨:១, ២​) ប៉ូល​បាន​ពន្យល់​ថា​«​ដោយ​សារ​លោក​[​យេស៊ូ​]​រស់​ជា​រៀង​រហូត នោះ​លោក​កាន់​តំណែង​ជា​សង្ឃ​ដោយ​មិន​ត្រូវ​ការ​អ្នក​ណា​បន្ត​តំណែង​ឡើយ​»។ ប៉ូល​បាន​បន្ថែម​ថា​លោក​យេស៊ូ​គឺ​«​ឥត​សៅហ្មង ខុស​ពី​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»​ ហើយ​ថា​ខុស​ពី​សម្ដេច​សង្ឃ​នៅ​អ៊ីស្រាអែល ​«​លោក​មិន​ចាំ​បាច់​ជូន​គ្រឿង​បូជា​រៀង​រាល់​ថ្ងៃ​»​សម្រាប់​ការ​ខុស​ឆ្គង​របស់​លោក​ផ្ទាល់​ទេ។ ឥឡូវ សូម​ពិចារណា​អំពី​ភាព​ខុស​គ្នា​នៃ​ទី​បូជា​និង​គ្រឿង​បូជា​រវាង​ស្រមោល និង​រូប​ពិត។

ទី​បូជា​និង​គ្រឿង​បូជា

១០. តើ​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​ធ្វើ​ពី​ស្ពាន់​បង្ហាញ​អំពី​អ្វី?

១០ គំរូ​សម័យ​បុរាណ។ នៅ​មុខ​ទ្វារ​ត្រសាល មាន​ទី​បូជា​ធ្វើ​ពី​ស្ពាន់​សម្រាប់​ជូន​គ្រឿង​បូជា​ជា​សត្វ​ដល់​ព្រះ​យេហូវ៉ា។ (​ដច. ២៧:១, ២; ៤០:២៩​) ប៉ុន្តែ​គ្រឿង​បូជា​ទាំង​នោះ​មិន​អាច​ជម្រះ​ការ​ខុស​ឆ្គង​របស់​បណ្ដា​ជន​ទាំង​ស្រុង​បាន​ទេ។ (​ហេ. ១០:១​-​៤​) គ្រឿង​បូជា​ជា​សត្វ​ដែល​បាន​ត្រូវ​ជូន​ជា​បន្ដ​បន្ទាប់​នៅ​ត្រសាល​បង្ហាញ​អំពី​គ្រឿង​បូជា​មួយ​ដែល​នឹង​ជម្រះ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ទាំង​ស្រុង។

១១. តើ​លោក​យេស៊ូ​បាន​ឲ្យ​ខ្លួន​ជា​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​អ្វី? (​ហេប្រឺ ១០:៥​-​៧, ១០​)

១១ របៀប​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍។ លោក​យេស៊ូ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​ជូន​ជីវិត​ខ្លួន​ជា​មនុស្ស​ជា​គ្រឿង​បូជា​លោះ​សម្រាប់​មនុស្សជាតិ។ (​ម៉ាថ. ២០:២៨​) នៅ​ពេល​ដែល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​បង្ហាញ​ថា​លោក​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ៦:៣៨; កាឡ. ១:៤​) លោក​យេស៊ូ​បាន​ឲ្យ​ជីវិត​ខ្លួន​លើ​ទី​បូជា​ក្នុង​ន័យ​ធៀប ដែល​ជា​តំណាង​«​បំណង​ប្រាថ្នា​»​របស់​ព្រះ​ចំពោះ​បុត្រ​លោក​ឲ្យ​ជូន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​គ្រឿង​បូជា។ ជីវិត​របស់​លោក​យេស៊ូ​បាន​ត្រូវ​ជូន​«​មួយ​ដង​ជា​ការ​ស្រេច​»​ដើម្បី​ជម្រះ​ឬ​គ្រប​បាំង​ទាំង​ស្រុង​លើ​ការ​ខុស​ឆ្គង​របស់​បុគ្គល​គ្រប់​រូប​ដែល​បង្ហាញ​ជំនឿ​លើ​គ្រិស្ត។ (​សូម​អាន ហេប្រឺ ១០:៥​-​៧, ១០) បន្ទាប់​មក សូម​យើង​ពិចារណា​អំពី​អត្ថន័យ​នៃ​លក្ខណៈ​ខាង​ក្នុង​នៃ​ត្រសាល។

ទី​បរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត

១២. តើ​អ្នក​ណា​អាច​ចូល​បន្ទប់​នីមួយ​ៗ​នៃ​ត្រសាល?

១២ គំរូ​សម័យ​បុរាណ។ ត្រសាល​និង​វិហារ​ដែល​បាន​ត្រូវ​សង់​ឡើង​ក្រោយ​មក​នៅ​ក្រុង​យេរូសាឡិម​មាន​ប្លង់​ខាង​ក្នុង​ស្រដៀង​គ្នា​ណាស់។ នៅ​ខាង​ក្នុង​នោះ​មាន​បន្ទប់​ពីរ​គឺ​«​កន្លែង​បរិសុទ្ធ​»​និង​«​កន្លែង​បរិសុទ្ធ​បំផុត​»​ដែល​បាន​ត្រូវ​ខណ្ឌ​ដោយ​វាំងនន​ប៉ាក់។ (​ហេ. ៩:២​-​៥; ដច. ២៦:៣១​-​៣៣​) នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ មាន​ជើង​ចង្កៀង​មាស ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​តុ​ដាក់​នំ​ប៉័ង​តាំង​ទុក។ មាន​តែ​បុគ្គល​«​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​សង្ឃ​»​ប៉ុណ្ណោះ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ខាង​ក្នុង​ទី​បរិសុទ្ធ​ដើម្បី​បំពេញ​ភារកិច្ច​ដ៏​ពិសិដ្ឋ​របស់​ពួក​គេ។ (​ជប. ៣:៣, ៧, ១០​) ទី​បរិសុទ្ធ​បំផុត​មាន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​ពី​មាស ដែល​ជា​តំណាង​វត្តមាន​របស់​ព្រះ​យេហូវ៉ា។ (​ដច. ២៥:២១, ២២​) មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​វាំងនន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​មួយ​ឆ្នាំ​ម្ដង​នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង។ (​ចល. ១៦:២, ១៧​) ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គាត់​ចូល​ទៅ​ដោយ​យក​ឈាម​ទៅ​ជា​មួយ​ដើម្បី​ជម្រះ​ការ​ខុស​ឆ្គង​របស់​គាត់​ផ្ទាល់​និង​របស់​ប្រជា​ជាតិ​ទាំង​មូល។ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ច្បាស់​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​អំពី​សារៈ​សំខាន់​នៃ​លក្ខណៈ​ទាំង​នេះ​របស់​ត្រសាល។—ហេ. ៩:៦​-​៨

១៣. ស្ដី​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍ តើ​ទី​បរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត​នៃ​ត្រសាល​ជា​តំណាង​អ្វី?

១៣ របៀប​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍។ អ្នក​កាន់​តាម​មួយ​ចំនួន​តូច​របស់​គ្រិស្ត​បាន​ត្រូវ​រើស​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ហើយ​ពួក​គេ​មាន​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​មួយ​ព្រះ​យេហូវ៉ា។ ពួក​១៤៤.០០០​នាក់​ទាំង​នេះ​នឹង​បម្រើ​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌​ជា​មួយ​លោក​យេស៊ូ។ (​បប. ១:៦; ១៤:១​) ទី​បរិសុទ្ធ​នៃ​ត្រសាល​ជា​តំណាង​ថា​ពួក​គេ​បាន​ត្រូវ​ទទួល​ជា​កូន​ព្រះ​កាល​ដែល​ពួក​គេ​នៅ​តែ​នៅ​ផែន​ដី។ ព្រះ​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​រើស​តាំង​ពួក​គេ។ (​រ៉ូម ៨:១៥​-​១៧​) ទី​បរិសុទ្ធ​បំផុត​នៃ​ត្រសាល​ជា​តំណាង​ស្ថាន​សួគ៌​ជា​ទី​លំនៅ​របស់​ព្រះ​យេហូវ៉ា។ ​«​វាំងនន​»​ដែល​ខណ្ឌ​រវាង​ទី​បរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត ជា​តំណាង​រូប​កាយ​ជា​សាច់​ឈាម​របស់​លោក​យេស៊ូ​ដែល​រា​រាំង​លោក​មិន​ឲ្យ​ចូល​ទៅ​ស្ថាន​សួគ៌​ជា​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៃ​វិហារ​ក្នុង​ន័យ​ធៀប។ ដោយ​លះ​បង់​រូប​កាយ​ជា​សាច់​ឈាម​របស់​លោក​ជា​គ្រឿង​បូជា​ដើម្បី​មនុស្សជាតិ លោក​យេស៊ូ​បាន​បើក​ផ្លូវ​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់​មាន​ជីវិត​នៅ​ស្ថាន​សួគ៌។ ពួក​គេ​ក៏​ត្រូវ​លះ​បង់​រូប​កាយ​ជា​សាច់​ឈាម​របស់​ពួក​គេ​ដើម្បី​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​ដែរ។ (​ហេ. ១០:១៩, ២០; ១កូ. ១៥:៥០​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ចូល​ទី​បរិសុទ្ធ​បំផុត​នៃ​វិហារ​ក្នុង​ន័យ​ធៀប។ នៅ​ទី​បំផុត ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់​នឹង​នៅ​ទី​នេះ​ជា​មួយ​លោក។

១៤. យោង​ទៅ​តាម​ហេប្រឺ ៩:១២, ២៤​-​២៦ ហេតុ​អ្វី​របៀប​គោរព​ប្រណិប័តន៍​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប​គឺ​ល្អ​ប្រសើរ?

១៤ យើង​អាច​ឃើញ​ច្បាស់​អំពី​ភាព​ដ៏​ប្រសើរ​នៃ​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ដែល​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​លោះ​និង​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​សម្ដេច​សង្ឃ ពោល​គឺ​គ្រិស្ត។ សម្ដេច​សង្ឃ​នៅ​អ៊ីស្រាអែល​បាន​ចូល​ទី​បរិសុទ្ធ​បំផុត​ដែល​ធ្វើ​ពី​ដៃ​មនុស្ស ដោយ​យក​ឈាម​សត្វ​ដែល​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ទៅ​ជា​មួយ តែ​លោក​យេស៊ូ​បាន​«​ចូល​ក្នុង​ស្ថាន​សួគ៌​តែ​ម្ដង​»​គឺ​កន្លែង​បរិសុទ្ធ​ជាង​គេ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ នៅ​ទី​នោះ​លោក​បាន​ឲ្យ​តម្លៃ​នៃ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​មនុស្ស​ជា​ប្រយោជន៍​ដល់​យើង​«​ដើម្បី​បំបាត់​ភាព​ខុស​ឆ្គង​ដោយ​ប្រគល់​ខ្លួន​លោក​ជា​គ្រឿង​បូជា​»។ (​សូម​អាន ហេប្រឺ ៩:១២, ២៤​-​២៦) គ្រឿង​បូជា​របស់​លោក​យេស៊ូ​ផ្ដល់​ការ​អភ័យ​ទោស​ទាំង​ស្រុង​ជា​រៀង​រហូត​ចំពោះ​ការ​ខុស​ឆ្គង។ ដូច​ដែល​យើង​នឹង​រៀន​បន្ទាប់​មក មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី យើង​ទាំង​អស់​គ្នា​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​វិហារ​របស់​លោក​ក្នុង​ន័យ​ធៀប។

ទី​ធ្លា

១៥. តើ​អ្នក​ណា​បម្រើ​នៅ​ទី​ធ្លា​ត្រសាល?

១៥ គំរូ​សម័យ​បុរាណ។ ត្រសាល​មាន​ទី​ធ្លា​មួយ​ដែល​ធំ​ទូលាយ ហើយ​មាន​របង​ព័ទ្ធ​ជុំ​វិញ​ជា​កន្លែង​ដែល​ពួក​សង្ឃ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។ ទី​បូជា​ធ្វើ​ពី​ស្ពាន់​សម្រាប់​គ្រឿង​បូជា​ដុត​បាន​ត្រូវ​ដាក់​នៅ​ទី​ធ្លា​នោះ ព្រម​ជា​មួយ​នឹង​អាង​ទឹក​ធ្វើ​ពី​ស្ពាន់​ដែល​ពួក​សង្ឃ​ប្រើ​ដើម្បី​សម្អាត​ខ្លួន​មុន​ពួក​គេ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ។ (​ដច. ៣០:១៧​-​២០; ៤០:៦​-​៨​) ប៉ុន្តែ វិហារ​ដែល​បាន​ត្រូវ​សង់​នៅ​ពេល​ក្រោយ​មក​ក៏​មាន​ទី​ធ្លា​ខាង​ក្រៅ ជា​កន្លែង​ដែល​ពួក​អ្នក​ដែល​មិន​មែន​ជា​សង្ឃ​អាច​ឈរ​និង​គោរព​ប្រណិប័តន៍​ព្រះ​បាន។

១៦. តើ​អ្នក​ណា​បម្រើ​នៅ​ទី​ធ្លា​នីមួយ​ៗ​នៃ​វិហារ​ក្នុង​ន័យ​ធៀប?

១៦ របៀប​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍។ មុន​ទៅ​បម្រើ​ជា​សង្ឃ​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ បង​ប្អូន​របស់​លោក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់ បម្រើ​យ៉ាង​ស្មោះ​ត្រង់​នៅ​ទី​ធ្លា​ខាង​ក្នុង​នៅ​ផែន​ដី​នៃ​វិហារ​ក្នុង​ន័យ​ធៀប។ អាង​ទឹក​ដ៏​ធំ​គឺ​ជា​ការ​រំលឹក​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​គេ ព្រម​ទាំង​សម្រាប់​គ្រិស្ត​សាសនិក​ទាំង​អស់ ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ តើ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត​យ៉ាង​ស្មោះ​ភក្ដី​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា? សាវ័ក​យ៉ូហាន​បាន​ឃើញ​ពួក​គេ​«​ឈរ​នៅ​មុខ​បល្ល័ង្ក​»​ ជា​កន្លែង​ដែល​សំដៅ​ទៅ​លើ​ទី​ធ្លា​ខាង​ក្រៅ​នៅ​ផែន​ដី។ នៅ​ទី​នោះ​ពួក​គេ​«​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​[​ព្រះ​]​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​វិហារ​របស់​លោក​»។ (​បប. ៧:៩, ១៣​-​១៥​) យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​ឱកាស​ដ៏​ពិសេស​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក​នៅ​វិហារ​ដ៏​រុង​រឿង​របស់​លោក​ក្នុង​ន័យ​ធៀប!

ឯកសិទ្ធិ​ដែល​យើង​មាន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា

១៧. តើ​យើង​មាន​ឯកសិទ្ធិ​ជូន​គ្រឿង​បូជា​បែប​ណា​ទៅ​ព្រះ​យេហូវ៉ា?

១៧ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ទាំង​អស់​មាន​ឯកសិទ្ធិ​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​ពេល​វេលា កម្លាំង និង​ធន​ធាន​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការ​រាជាណាចក្រ​ព្រះ​ជឿន​ទៅ​មុខ។ ដូច​សាវ័ក​ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ យើង​អាច​«​ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ជា​និច្ច ពោល​គឺ​ផល​នៃ​បបូរ​មាត់ ដែល​ប្រកាស​ប្រាប់​នាម​របស់​លោក​ដល់​អ្នក​ឯ​ទៀត​»។ (​ហេ. ១៣:១៥​) យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​របស់​យើង​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​ជូន​លោក​នូវ​គ្រឿង​បូជា​ដ៏​ល្អ​បំផុត​របស់​យើង។

១៨. យោង​ទៅ​តាម​ហេប្រឺ ១០:២២​-​២៥ តើ​យើង​តែង​តែ​គួរ​ធ្វើ​អ្វី​ខ្លះ ហើយ​តើ​យើង​មិន​គួរ​ភ្លេច​អំពី​អ្វី?

១៨ សូម​អាន ហេប្រឺ ១០:២២​-​២៥ នៅ​ជិត​ចុង​បញ្ចប់​នៃសំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ គាត់​បាន​សរសេរ​អំពី​អ្វី​ផ្សេង​ៗ​ដែល​យើង​គួរ​ធ្វើ​ជា​និច្ច កាល​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ អ្វី​ទាំង​នេះ​រួម​មាន​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ការ​ប្រកាស​ប្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ដល់​មនុស្ស​ទាំង​អស់ ការ​ប្រជុំ​គ្នា​ជា​ក្រុម​ជំនុំ និង​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​«​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​[​យើង​]​ឃើញ​ថ្ងៃ​[​របស់​ព្រះ​យេហូវ៉ា​]​កាន់​តែ​ខិត​ចូល​មក​ដល់​»។ នៅ​ជិត​ចុង​បញ្ចប់​នៃ​សៀវភៅ​ការ​បើក​បង្ហាញ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ថា​៖ ​«​ចូរ​គោរព​ប្រណិប័តន៍​ព្រះ!​»។ (​បប. ១៩:១០; ២២:៩​) គាត់​បាន​និយាយ​ពាក្យ​នេះ​ពីរ​ដង​ដើម្បី​បង្ហាញ​ថា​នេះ​គឺ​សំខាន់​ណាស់។ សូម​យើង​ចាំ​ជា​និច្ច​អំពី​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ដែល​យើង​បាន​រៀន​អំពី​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប និង​ឯកសិទ្ធិ​ដ៏​ពិសេស​ដែល​យើង​មាន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​របស់​យើង!

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

a សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​មួយ​ក្នុង​បណ្ដាំ​របស់​ព្រះ គឺ​អំពី​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប។ តើ​វិហារ​នោះ​ជា​អ្វី? ក្នុង​អត្ថបទ​នេះ យើង​នឹង​រុក​រក​ព័ត៌មាន​ក្នុង​សៀវភៅ​ហេប្រឺ​ស្ដី​អំពី​វិហារ​នេះ។ អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​តម្លៃ​ថែម​ទៀត​ចំពោះ​ឯកសិទ្ធិ​ដែល​អ្នក​មាន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

b ដើម្បី​មើល​សេចក្ដី​សង្ខេប​ពី​សៀវភៅ​ហេប្រឺ សូម​ទស្សនា​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា គោល​សំខាន់​ពី​សៀវភៅ​ហេប្រឺ​ក្នុង​គេហទំព័រ​jw.org/km។

c សៀវភៅ​ហេប្រឺ​ជា​សៀវភៅ​តែ​មួយ​គត់​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ដែល​ហៅ​លោក​យេស៊ូ​ថា​ជា​សម្ដេច​សង្ឃ។

d តាម​ឯកសារ​យោង​មួយ ប្រហែល​ជា​មាន​សម្ដេច​សង្ឃ​សរុប​ទៅ​រហូត​ដល់​៨៤​នាក់​នៅ​ស្រុក​អ៊ីស្រាអែល​ពេល​វិហារ​នៅ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​នៅ​ឆ្នាំ​៧០ គ.ស.។

f សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​សកម្មពល​ព្រះ​បាន​បើក​បង្ហាញ​យ៉ាង​ដូច​ម្ដេច​នូវ​អត្ថន័យ​នៃ​វិហារ​ក្នុង​ន័យ​ធៀប?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១០ ទំ.៣០។